៣២
សេចក្ដីវេទនាទាំង១០ប្រការ
សូមក្រឡេកមើលរូបភាពទាំងឡាយនេះ។ រូបភាពនិមួយៗបង្ហាញនូវសេចក្ដីវេទនា ដែលព្រះយេហូវ៉ាបាននាំមកលើស្រុកអេស៊ីព្ទ។ នៅក្នុងរូបភាពទីមួយ អ្នកអាចឃើញអើរ៉ុនកំពុងតែគោះទឹកទន្លេនឹងដំបងរបស់គាត់។ នៅពេលដែលគាត់ធ្វើនោះ ទឹកនៅក្នុងទន្លេនោះក៏បានក្លាយទៅជាឈាម។ ត្រីបានស្លាប់ ហើយទន្លេនោះក៏ចាប់ផ្ដើមមានក្លិនស្អុយ។
បន្ទាប់មក ព្រះយេហូវ៉ាបណ្ដាលឲ្យកង្កែបចេញពីទន្លេ។ គឺមានកង្កែបពាសពេញ—នៅក្នុងចង្ក្រាន ឆ្នាំង នៅក្នុងគ្រែដេករបស់មនុស្ស—កន្លែងណាក៏មានដែរ។ នៅពេលកង្កែបស្លាប់អស់ទៅ ពួកសាសន៍អេស៊ីព្ទក៏ប្រមូលបានជាគំនរយ៉ាងធំ ហើយក្នុងស្រុកនោះក៏ស្អុយយ៉ាងខ្លាំង។
បន្ទាប់មក អើរ៉ុនក៏គោះដីនឹងដំបងរបស់គាត់ ហើយធូលីដីបានទៅជាសុចយ៉ាងច្រើន។ នេះជាសត្វល្អិតដែលខាំ។ សុចទាំងនេះជាសេចក្ដីវេទនាទីបីនៅស្រុកអេស៊ីព្ទ។
សេចក្ដីវេទនាដែលនៅសល់ទាំងប៉ុន្មាន ធ្វើទុក្ខទៅលើតែពួកសាសន៍អេស៊ីព្ទទេ មិនបានប៉ះពាល់ដល់ប្រជាជនអ៊ីស្រាអែលឡើយ។ សេចក្ដីវេទនាទីបួន ជារុយធំៗដែលហើរទាំងហ្វូងៗទៅផ្ទះរបស់ពួកអេស៊ីព្ទទាំងអស់។ សេចក្ដីវេទនាទីប្រាំ កើតទៅលើពួកសត្វ។ សត្វគោ និងចៀម ព្រមទាំងពពែជាច្រើនរបស់សាសន៍អេស៊ីព្ទត្រូវបានស្លាប់។
បន្ទាប់មកទៀត ម៉ូសេនិងអើរ៉ុនកើបយកផេះខ្លះ ហើយក៏បាចទៅលើអាកាស។ នោះបានធ្វើឲ្យមានដំបៅយ៉ាងអាក្រក់ទៅលើមនុស្សនិងសត្វ។ នេះជាសេចក្ដីវេទនាទីប្រាំមួយ។
ក្រោយពីនោះមក ម៉ូសេបានលើកដៃទៅលើមេឃ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានផ្គរនិងធ្លាក់ព្រិល។ នោះជាព្យុះសង្ឃរាធ្លាក់ព្រិលយ៉ាងខ្លាំងដល់ម្ល៉េះ ដែលស្រុកអេស៊ីព្ទមិនដែលធ្លាប់មានពីមុនមកសោះ។
សេចក្ដីវេទនាទីប្រាំបី ជាសត្វកណ្ដូបមួយហ្វូងយ៉ាងធំ។ តាំងពីមុនមក ឬក៏ពីពេលនេះតទៅ គឺមិនដែលមានកណ្ដូបជាច្រើនក្រៃលែងដូចនេះឡើយ។ ពួកវាបានស៊ីអ្វីៗទាំងអស់ដែលព្រិលមិនបានបំផ្លាញចោល។
សេចក្ដីវេទនាទីប្រាំបួនជាភាពងងឹត។ ភាពងងឹតយ៉ាងក្រាស់បានគ្របលើស្រុកអេស៊ីព្ទអស់រយៈបីថ្ងៃ ប៉ុន្តែមានពន្លឺនៅកន្លែងដែលប្រជាជនអ៊ីស្រាអែលរស់នៅ។
នៅចុងក្រោយបង្អស់ ព្រះបានមានបន្ទូលប្រាប់ប្រជាជនទ្រង់ឲ្យលាបឈាមកូនពពែឬក៏ឈាមកូនចៀម នៅលើមាត់ទ្វាររបស់គេ។ បន្ទាប់មក ទេវតារបស់ព្រះក៏បានឆ្លងកាត់ស្រុកអេស៊ីព្ទ។ នៅពេលដែលទេវតាបានឃើញឈាម លោកមិនបានសម្លាប់អ្នកដែលនៅក្នុងផ្ទះនោះទេ។ ប៉ុន្តែ នៅក្នុងផ្ទះទាំងអស់ណាដែលមិនមានឈាមនៅលើមាត់ទ្វារ ទេវតារបស់ព្រះបានសម្លាប់កូនច្បងរបស់មនុស្សនិងសត្វដែរ។ នេះជាសេចក្ដីវេទនាទី១០។
បន្ទាប់ពីសេចក្ដីវេទនាចុងក្រោយនេះ ស្តេចផារ៉ោនបានមានបន្ទូលប្រាប់ឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ប្រជាជនរបស់ព្រះបានត្រៀមខ្លួនជាស្រេច ហើយនៅវេលាយប់នោះ គេក៏ចាប់ផ្ដើមចេញពីស្រុកអេស៊ីព្ទទៅ។
និក្ខមនំ ជំពូកទី៧ ទៅ ជំពូកទី១២