៣៥
ព្រះយេហូវ៉ាប្រទានក្រិត្យវិន័យរបស់ទ្រង់
ប្រហែលជាពីរខែក្រោយពីគេបានចេញពីស្រុកអេស៊ីព្ទ ប្រជាជនអ៊ីស្រាអែលក៏បានមកដល់ភ្នំស៊ីណាយ ក៏មានឈ្មោះជាហូរែបដែរ។ នេះជាកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលទៅម៉ូសេពីភ្លើងឆេះគុម្ពបន្លា។ ប្រជាជនបោះជំរំស្នាក់នៅទីនេះអស់មួយរយៈពេល។
នៅពេលដែលប្រជាជនចាំនៅខាងក្រោម ម៉ូសេក៏ឡើងទៅលើភ្នំ។ នៅពីលើភ្នំនោះ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ម៉ូសេថា ទ្រង់ចង់ឲ្យប្រជាជនអ៊ីស្រាអែលគោរពតាមទ្រង់ ហើយនឹងធ្វើជាប្រជារាស្ត្រដ៏ពិសេសរបស់ទ្រង់។ នៅពេលដែលម៉ូសេចុះមកវិញ គាត់ប្រាប់ប្រជាជនអ៊ីស្រាអែលអំពីពាក្យដែលព្រះយេហូវ៉ាបានមានបន្ទូលមក។ ហើយប្រជាជននិយាយថា គេនឹងគោរពតាមព្រះយេហូវ៉ា ពីព្រោះគេចង់ទៅជាប្រជារាស្ត្ររបស់ទ្រង់។
ឥឡូវនេះ ព្រះយេហូវ៉ាសម្ដែងអ្វីដ៏ចំឡែកមួយ។ ទ្រង់បានធ្វើឲ្យកំពូលភ្នំមានផ្សែងហុយ ហើយក៏ធ្វើឲ្យមានផ្គរលាន់យ៉ាងខ្លាំង។ ទ្រង់ក៏មានបន្ទូលទៅប្រជាជនថា៖ ‹អញនេះគឺជាយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទ›។ បន្ទាប់មកទ្រង់ក៏បញ្ជាថា៖ ‹ឯងរាល់គ្នាមិនត្រូវថ្វាយបង្គំព្រះឯណាទៀតឡើយ លើកលែងតែអញប៉ុណ្ណោះ›។
ព្រះទ្រង់ក៏ប្រទានបញ្ញត្ត ឬក៏ច្បាប់ប្រាំបួនប្រការទៀតឲ្យទៅប្រជាជនអ៊ីស្រាអែល។ ប្រជាជនទាំងឡាយមានសេចក្ដីភ័យខ្លាចណាស់។ ពួកគេប្រាប់ម៉ូសេថា៖ ‹សូមលោកមានប្រសាសន៍មកយើងខ្ញុំបានហើយ ពីព្រោះយើងខ្លាចក្រែងស្លាប់ បើព្រះទ្រង់មានបន្ទូលនឹងយើងខ្ញុំនោះ›។
ក្រោយមកព្រះយេហូវ៉ាមានបន្ទូលប្រាប់ម៉ូសេថា៖ ‹ចូរឡើងមកឯអញនៅលើភ្នំ។ អញនឹងឲ្យឯងបន្ទះថ្មពីរផ្ទាំងដែលអញបានចារឹកច្បាប់ ហើយអញចង់ឲ្យប្រជាជនរក្សាទុក›។ ដូច្នេះ ម៉ូសេក៏ឡើងទៅលើភ្នំម្ដងទៀត។ គាត់បានស្នាក់នៅទីនោះ អស់រយៈ៤០ថ្ងៃ៤០យប់។
ព្រះទ្រង់មានច្បាប់ជាច្រើនសំរាប់ប្រជារាស្ត្ររបស់ទ្រង់។ ម៉ូសេកត់ទុកច្បាប់ទាំងនោះ។ ព្រះទ្រង់ក៏ប្រទានឲ្យម៉ូសេបន្ទះថ្មពីរផ្ទាំងនោះ។ នៅលើបន្ទះថ្មទាំងនេះ ព្រះទ្រង់បានចារឹកទុកច្បាប់ទាំង១០ប្រការដែលទ្រង់បានមានបន្ទូលទៅប្រជារាស្ត្ររបស់ទ្រង់។ នេះត្រូវបានហៅថា ក្រិត្យទាំងដប់ប្រការ។
ក្រិត្យទាំងដប់ប្រការនេះជាច្បាប់ដ៏សំខាន់។ ប៉ុន្តែ ច្បាប់ឯទៀតជាច្រើនដែលព្រះប្រទានឲ្យប្រជាជនអ៊ីស្រាអែលក៏សំខាន់ដែរ។ ច្បាប់មួយនៃច្បាប់ទាំងនេះគឺ៖ ‹ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីគំនិត អស់ពីព្រលឹង ហើយអស់ពីកម្លាំងឯង›។ ហើយច្បាប់មួយទៀតគឺ៖ ‹ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ›។ ព្រះយេស៊ូវគ្រីស្ទ ជារាជបុត្រានៃព្រះបានមានបន្ទូលថា នេះជាច្បាប់ពីរដ៏សំខាន់បំផុត ដែលព្រះយេហូវ៉ាបានប្រទានដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ទ្រង់។ នៅពេលក្រោយ យើងនឹងរៀនជាច្រើនអំពីរាជបុត្រានៃព្រះនិងសេចក្ដីបង្រៀនរបស់ទ្រង់។
និក្ខមនំ ១៩:១-២៥; ២០:១-២១; ២៤:១២-១៨; ៣១:១៨; ចោទិយកថា ៦:៤-៦; លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៦-៤០