បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៥៥
  • កុមារម្នាក់បំរើព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុមារម្នាក់បំរើព្រះ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • សាំយូអែលធ្វើអ្វីៗដែលត្រឹមត្រូវជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • សាំយូអែលបន្តធ្វើអ្វីដែលត្រឹមត្រូវ
    ចូរបង្រៀនកូនរបស់អ្នក
  • ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ហាណាអធិដ្ឋានសុំមានកូនប្រុស
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៥៥

៥៥

កុមារ​ម្នាក់​បំរើព្រះ

កុមារ​នេះ​ជា​ក្មេង​ដ៏​សង្ហា​ម្នាក់ មែន​ទេ? ក្មេង​នេះ​ឈ្មោះ​សាំយូអែល។ ហើយ​បុរស​ដែល​ដាក់​ដៃ​លើ​ក្បាល​សាំយូអែល​នោះ ជា​សម្ដេច​សង្ឃ​នៃ​សាសន៍​អ៊ីស្រាអែល​ឈ្មោះ​អេលី។ នោះ​ជា​ឪពុក​របស់​សាំយូអែល​ឈ្មោះ​អែលកាណា និង​ម្ដាយ​របស់​គាត់​ឈ្មោះ​ហាណា​ដែល​នាំ​សាំយូអែល​មក​ឲ្យ​អេលី។

សាំយូអែល​មាន​អាយុ​ប្រហែល​ជា​បួន​ឬ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ គាត់​នឹង​រស់​នៅ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា ជា​មួយ​លោក​អេលី​និង​ពួក​សង្ឃ​ឯ​ទៀត។ ហេតុ​អ្វី​បាន​ជា​អែលកាណា​និង​ហាណា​ប្រគល់​កុមារ​ដ៏​ក្មេង​យ៉ាង​នេះ ដូច​ជា​សាំយូអែល​ឲ្យ​ទៅ​បំរើ​ព្រះ​យេហូវ៉ា​នៅ​ឯ​រោង​ឧបោសថ​ដូច្នេះ? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

គ្រាន់​តែ​ពីរ​បី​ឆ្នាំ​ពី​មុន​នេះ នាង​ហាណា​មាន​ចិត្ត​ក្រៀម​ក្រំ​ណាស់។ មូលហេតុ​នោះ​គឺ​ថា​នាង​មិន​អាច​មាន​កូន​សោះ ហើយ​នាង​ចង់​បាន​កូន​មួយ​ណាស់។ ដូច្នេះ​នៅ​ថ្ងៃ​មួយ ពេល​ដែល​នាង​ហាណា​មក​ឯ​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា នាង​ក៏​អធិស្ឋាន​ថា៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​ភ្លេច​ទូល​បង្គំ​ឡើយ! បើ​ទ្រង់​ប្រទាន​កូន​ប្រុស​មក​ឲ្យ​ទូល​បង្គំ នោះ​ទូល​បង្គំ​នឹង​សន្យា​ថា​នឹង​ប្រគល់​វា​ដល់​ទ្រង់ ដើម្បី​ឲ្យ​វា​អាច​បំរើ​ទ្រង់​អស់​មួយ​ជីវិត​របស់​វា›។

ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​នាង​ហាណា ហើយ​ជា​ច្រើន​ខែ​ក្រោយ​មក នាង​សម្រាល​បាន​សាំយូអែល។ នាង​ហាណា​ស្រឡាញ់​កូន​ប្រុស​តូច​នេះ​ណាស់ ហើយ​នាង​ក៏​ចាប់​ផ្ដើម​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា​តាំង​តែ​គាត់​នៅ​ពី​តូច។ នាង​បាន​ប្រាប់​ប្ដី​របស់​នាង​ថា៖ ‹កាល​ណា​សាំយូអែល​មាន​អាយុ​ធំ​បន្ដិច​ឡើង នៅ​ពេល​ដែល​វា​លែង​ត្រូវ​ការ​មើល​ថែ​ទាំ​ទៀត ខ្ញុំ​នឹង​យក​វា​ទៅ​ឯ​រោង​ឧបោសថ​ដើម្បី​ឲ្យ​វា​បំរើ​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ›។

នៅ​ក្នុង​រូប​ភាព​នេះ យើង​ឃើញ​នាង​ហាណា និង​អែលកាណា​កំពុង​តែ​ធ្វើ​យ៉ាង​ដូច្នេះ។ ហើយ​ដោយ​សារ​តែ​សាំយូអែល បាន​ទទួល​ការ​បង្រៀន​អប់រំ​យ៉ាង​ល្អ​ពី​ឪពុក​ម្ដាយ​ខ្លួន គាត់​មាន​ចិត្ត​រីករាយ​ណាស់​ដែល​អាច​បំរើ​ព្រះ​យេហូវ៉ា​នៅ​ទី​នេះ នៅ​ឯ​ត្រ​សាល​របស់​ព្រះ​យេហូវ៉ា។ ជា​រៀង​រាល់​ឆ្នាំ នាង​ហាណា​និង​អែលកាណា​មក​ថ្វាយ​បង្គំ​នៅ​ឯ​ត្រ​សាល​ដ៏​ពិសេស​នេះ ហើយ​និង​មក​លេង​កូន​ប្រុស​តូច​របស់​គេ​ផង។ ហើយ​មួយៗ​ឆ្នាំ នាង​ហាណា​យក​អាវ​ថ្មី​ដែល​គ្មាន​ដៃ ដែល​នាង​បាន​ដេរ​មក​ឲ្យ​​សាំយូអែល។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ សាំយូអែល​នៅ​តែ​ខំ​បំរើ​នៅ​ឯ​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​និង​ប្រជាជន​ស្រឡាញ់​គាត់​ណាស់។ ប៉ុន្តែ​កូន​ប្រុស​របស់​សង្ឃ​អេលី​ឈ្មោះ ហុបនី និង​ភីនេហាស​ជា​មនុស្ស​មិន​ល្អ​ទេ។ គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់ ហើយ​បាន​នាំ​ឲ្យ​មនុស្ស​ដទៃ​ទៀត​មិន​គោរព​តាម​ព្រះ​យេហូវ៉ា​ដែរ។ លោក​អេលី​គួរ​តែ​ដក​អ្នក​ទាំង​ពីរ​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​ជា​សង្ឃ​ទៀត ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អញ្ចឹង​ទេ។

កុមារ​សាំយូអែល​មិន​បណ្ដោយ​ឲ្យ​អំពើ​ដ៏​អាក្រក់ៗ ដែល​បាន​កើត​ឡើង​នៅ​ឯ​រោង​ឧបោសថ ធ្វើ​ឲ្យ​គាត់​ឈប់​បំរើ​ព្រះ​យេហូវ៉ា​ឡើយ។ ប៉ុន្តែ ដោយ​សារ​តែ​មិន​សូវ​មាន​មនុស្ស​ច្រើន​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​បាន​ជា​ព្រះ​យេហូវ៉ា​មិន​បាន​និយាយ​ជា​មួយ​មនុស្ស​លោក​ជា​យូរ​មក។ នៅ​ពេល​សាំយូអែល​មាន​អាយុ​ចំណាស់​បន្ដិច នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង៖

សាំយូអែល​កំពុង​តែ​ដេក​នៅ​ឯ​រោង​ឧបោសថ នៅ​ពេល​ដែល​សម្លេង​មួយ​បាន​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ឡើង។ គាត់​ឆ្លើយ​ថា៖ ‹ប្រ​បាទ›។ ហើយ​គាត់​ក៏​ក្រោក​ឡើង​រត់​ទៅ​លោក​អេលី ហើយ​និយាយ​ថា៖ ‹លោក​បាន​ហៅ​ខ្ញុំ មាន​ការ​អី​លោក›។

ប៉ុន្តែ​លោក​អេលី​ឆ្លើយ​ថា៖ ‹អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ›។ ដូច្នេះ សាំយូអែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។

បន្ទាប់​មក​មាន​សម្លេង​ហៅ​ជា​លើក​ទី​ពីរ៖ ‹សាំយូអែល›! ដូច្នេះ​សាំយូអែល​ក៏​ក្រោក​ឡើង ហើយ​រត់​ទៅ​ឯ​លោក​អេលី​ម្ដង​ទៀត។ គាត់​និយាយ​ថា៖ ‹លោក​បាន​ហៅ​ខ្ញុំ មាន​ការ​អី​លោក›។ ប៉ុន្តែ​អេលី​ឆ្លើយ​ថា៖ ‹កូន​អើយ អញ​មិន​បាន​ហៅ​ឯង​ទេ។ ចូរ​ទៅ​ដេក​ម្ដង​ទៀត​ចុះ›។ ដូច្នេះ សាំយូអែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។

សម្លេង​បាន​ហៅ​ជា​លើក​ទី​បី​ថា៖ ‹សាំយូអែល›! ដូច្នេះ​សាំយូអែល​ក៏​រត់​ទៅ​លោក​អេលី។ គាត់​និយាយ​ថា៖ ‹ប្រ​បាទ មាន​ការ​អី​លោក លោក​ច្បាស់​ជា​ហៅ​ខ្ញុំ​ហើយ​ម្ដង​នេះ›។ ឥឡូវ​នេះ លោក​អេលី​បាន​ដឹង​ថា​ច្បាស់​ជា​ព្រះ​យេហូវ៉ា​ហើយ​ដែល​បាន​ហៅ​នោះ។ ដូច្នេះ លោក​ក៏​ប្រាប់​សាំយូអែល​ថា៖ ‹ចូរ​ទៅ​ដេក​វិញ​ចុះ ហើយ​បើ​ទ្រង់​ហៅ​ម្ដង​ទៀត ឯង​ត្រូវ​និយាយ​ថា៖ ‹សូម​ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក ព្រោះ​អ្នក​បំរើ​របស់​ទ្រង់​ចាំ​ស្ដាប់​ហើយ»›។

សាំយូអែល​ក៏​បាន​ធ្វើ​ដូច្នោះ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ហៅ​ម្ដង​ទៀត។ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​សាំយូអែល​ថា ទ្រង់​នឹង​ដាក់​ទណ្ឌកម្ម​ដល់​លោក​អេលី​និង​កូន​ប្រុសៗ​របស់​លោក។ ក្រោយ​មក ហុបនី និង​ភីនេហាស​បាន​ត្រូវ​ស្លាប់​ក្នុង​ចម្បាំង​ជា​មួយ​នឹង​ពួក​ភីលីស្ទីន ហើយ​នៅ​ពេល​ដែល​លោក​អេលី​ឮ​អំពី​រឿង​ដែល​បាន​កើត​ឡើង លោក​ក៏​ធ្លាក់​បាក់​ក​ស្លាប់​ទៅ។ ដូច្នេះ ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​បាន​កើត​មក​ពិត​មែន។

សាំយូអែល​បាន​មាន​វ័យ​ធំ​ឡើង ហើយ​បាន​ទៅ​ជា​ចៅហ្វាយ​ចុង​ក្រោយ​បង្អស់​នៅ​ស្រុក​អ៊ីស្រាអែល។ នៅ​ពេល​គាត់​បាន​មាន​វ័យ​ចាស់​ទៅ ប្រជាជន​សុំ​គាត់​ថា៖ ‹ចូរ​រើស​ស្តេច​មួយ​អង្គ​ដើម្បី​នឹង​គ្រប់​គ្រង​លើ​យើង›។ សាំយូអែល​មិន​ចង់​ធ្វើ​តាម​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​គឺ​ជា​ស្តេច​ពិត​របស់​គេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​លោក​ឲ្យ​ស្ដាប់​តាម​ប្រជាជន។

សាំយូអែលទី១ ១:១​-​២៨; ២:១១​-​៣៦; ៤:១៦​-​១៨; ៨:៤​-​៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក