មេរៀនទី៥
សាំយូអែលបន្តធ្វើអ្វីដែលត្រឹមត្រូវ
ពេលសាំយូអែលនៅក្មេង គាត់រស់នៅនិងធ្វើការនៅត្រសាលជំនុំ ជាកន្លែងដែលមនុស្សមកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ តើកូនដឹងអំពីមូលហេតុដែលសាំយូអែលបានមករស់នៅត្រសាលជំនុំទេ? មុនដំបូង សូមឲ្យយើងរៀនអំពីហាណាដែលជាម្ដាយរបស់សាំយូអែល។
ជាយូរណាស់មកហើយ ហាណាមិនមានកូនសោះ ប៉ុន្តែនាងចង់មានកូនយ៉ាងខ្លាំង។ ដូច្នេះ នាងបានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយអង្វរលោកឲ្យជួយនាង។ នាងបានសន្យាថា បើនាងមានកូនប្រុសមួយ នាងនឹងឲ្យកូននោះមករស់នៅនិងធ្វើការនៅឯត្រសាលជំនុំ។ ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់នាង ហើយនាងបង្កើតបានកូនប្រុសមួយមែន។ នាងបានឲ្យឈ្មោះកូននោះថាសាំយូអែល។ ម្យ៉ាងទៀត ដូចអ្វីដែលហាណាបានសន្យា ពេលដែលសាំយូអែលអាយុបានបីឬក៏បួនឆ្នាំ នាងបានយកសាំយូអែលមកកន្លែងត្រសាលជំនុំដើម្បីបម្រើព្រះនៅទីនោះ។
អេលីគឺជាសម្ដេចសង្ឃនៅកន្លែងត្រសាលជំនុំ។ យ៉ាងនេះ គាត់ជាអ្នកតំណាងមនុស្សនៅចំពោះព្រះ។ កូនប្រុសពីរនាក់របស់គាត់ក៏បម្រើជាសង្ឃនៅទីនោះដែរ។ សូមចាំថា ត្រសាលជំនុំគឺជាដំណាក់របស់ព្រះដែលមនុស្សមកគោរពប្រណិប័តន៍ ហើយមនុស្សគួរតែប្រព្រឹត្តអ្វីដែលត្រឹមត្រូវនៅទីនោះ។ ប៉ុន្តែ កូនប្រុសរបស់អេលីបានធ្វើអ្វីដែលអាក្រក់ណាស់។ សាំយូអែលបានឃើញអ្វីដែលពួកគាត់ប្រព្រឹត្ត។ តើសាំយូអែលបានប្រព្រឹត្តអាក្រក់ដូចកូនប្រុសរបស់អេលីឬទេ?— អត់ទេ។ គាត់បានបន្តធ្វើអ្វីដែលត្រឹមត្រូវ ដូចអ្វីដែលឪពុកម្ដាយគាត់បានបង្រៀន។
តើកូនគិតថាអេលីគួរធ្វើយ៉ាងណាចំពោះកូនប្រុសពីរនាក់របស់គាត់?— អេលីគួរដាក់ទោសពួកគាត់ ហើយគួរឈប់ឲ្យពួកគាត់បម្រើនៅកន្លែងដំណាក់របស់ព្រះទៀត។ ប៉ុន្តែអេលីមិនបានធ្វើដូច្នេះទេ ហេតុនេះហើយព្រះយេហូវ៉ាខឹងអេលី និងកូនប្រុសពីរនាក់របស់គាត់។ ដូច្នេះ ព្រះយេហូវ៉ាបានសម្រេចចិត្តដាក់ទោសពួកគាត់ទាំងអស់គ្នា។
សាំយូអែលបានប្រាប់ដំណឹងពីព្រះយេហូវ៉ាដល់អេលី
នៅយប់មួយ ពេលសាំយូអែលកំពុងគេងលក់ គាត់ឮសំឡេងនរណាម្នាក់ហៅគាត់ថា៖ ‹សាំយូអែល!›។ ដូច្នេះ គាត់បានរត់ទៅរកអេលី។ ប៉ុន្តែអេលីបាននិយាយថា៖ ‹ខ្ញុំមិនបានហៅអ្នកទេ›។ រឿងនេះបានកើតឡើងពីរដងទៀត។ ក្រោយរឿងនេះបានកើតឡើងនៅលើកទី៣ អេលីបានប្រាប់សាំយូអែលថា បើគាត់ឮសំឡេងនោះម្ដងទៀត គាត់គួរឆ្លើយថា៖ ‹សូមព្រះយេហូវ៉ាមានប្រសាសន៍មក ខ្ញុំប្រុងស្ដាប់ហើយ›។ ដូច្នេះ នេះជាអ្វីដែលសាំយូអែលបានធ្វើមែន។ បន្ទាប់មក ព្រះយេហូវ៉ាបានប្រាប់សាំយូអែលថា៖ ‹សូមប្រាប់អេលីថា ខ្ញុំនឹងដាក់ទោសក្រុមគ្រួសារគាត់ដោយព្រោះអំពើអាក្រក់ដែលពួកគាត់បានធ្វើ›។ តើកូនគិតថាជាការងាយស្រួលទេឲ្យសាំយូអែលប្រាប់ដំណឹងនេះដល់អេលី?— នេះមិនងាយស្រួលទេ។ ប៉ុន្តែ ទោះជាសាំយូអែលភ័យខ្លាចក៏ដោយ គាត់បានធ្វើអ្វីដែលព្រះយេហូវ៉ាបានប្រាប់។ អ្វីដែលព្រះយេហូវ៉ាបាននិយាយពិតជាបានកើតឡើងមែន។ កូនប្រុសពីរនាក់របស់អេលីបានត្រូវគេសម្លាប់ ហើយអេលីក៏បានស្លាប់ដែរ។
សាំយូអែលជាគំរូដ៏ល្អសម្រាប់យើង។ ទោះជាគាត់បានឃើញមនុស្សឯទៀតធ្វើអាក្រក់ក៏ដោយ គាត់នៅតែបន្តធ្វើអ្វីដែលត្រឹមត្រូវ។ ចុះកូនវិញ? តើកូននឹងប្រព្រឹត្តដូចសាំយូអែល ហើយបន្តធ្វើអ្វីដែលត្រឹមត្រូវឬទេ? បើកូនធ្វើដូច្នេះ កូននឹងធ្វើឲ្យព្រះយេហូវ៉ានិងឪពុកម្ដាយរបស់កូនមានចិត្តរីករាយ។