ចូរបង្រៀនកូនរបស់អ្នក
សាំយូអែលធ្វើអ្វីៗដែលត្រឹមត្រូវជានិច្ច
តើប្អូនធ្លាប់ឃើញអ្នកឯទៀតធ្វើអាក្រក់ទេ?—a សាំយូអែលធ្លាប់ឃើញ។ គាត់រស់នៅកន្លែងដែលមិននឹកស្មានថា អាចមានអំពើអាក្រក់កើតឡើងទេ។ គាត់រស់នៅក្នុងត្រសាលឬកន្លែងគោរពបូជារបស់ព្រះនៅក្រុងសីឡូរ។ សូមឲ្យយើងពិនិត្យមើលមូលហេតុដែលសាំយូអែលបានរស់នៅកន្លែងគោរពបូជារបស់ព្រះជាងបីពាន់ឆ្នាំមុន។
មុនសាំយូអែលកើតមក ម្ដាយរបស់គាត់ឈ្មោះហាណា ចង់បានកូនខ្លាំងណាស់។ នៅថ្ងៃមួយ ពេលហាណាទៅកន្លែងគោរពបូជារបស់ព្រះ គាត់បានអធិដ្ឋានទៅព្រះអំពីរឿងនេះ។ គាត់បានអធិដ្ឋានយ៉ាងអស់ពីចិត្តដល់ម្ល៉េះដែលបបូរមាត់គាត់ចាប់ផ្ដើមញ័រ។ ពេលសម្ដេចសង្ឃឈ្មោះអេលីឃើញនោះ គាត់គិតស្មានថាហាណាស្រវឹងស្រា។ ប៉ុន្តែ នៅទីបំផុត អេលីបានដឹងថាហាណាមិនស្រវឹងទេ តែផ្ទុយទៅវិញ គាត់យល់ថាហាណាពិបាកចិត្តខ្លាំងណាស់។ ដូច្នេះ អេលីឲ្យពរដល់គាត់ដោយនិយាយថា៖ ‹សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើតាមសំណូមពររបស់នាង›។—សាំយូអែលទី១ ១:១៧
ក្រោយមក សាំយូអែលបានកើតមក ហើយហាណាសប្បាយចិត្តណាស់ដល់ម្ល៉េះដែលគាត់ប្រាប់ប្ដីឈ្មោះអែលកាណាថា៖ ‹ចាំដល់កូនលែងដោះ នោះខ្ញុំនឹងនាំកូនទៅកន្លែងបូជារបស់ព្រះ ដើម្បីឲ្យកូនបម្រើព្រះនៅទីនោះ›។ ហើយនេះជាអ្វីដែលហាណាបានធ្វើមែន! សាំយូអែលប្រហែលជាមានអាយុបួនឬប្រាំឆ្នាំ ពេលគាត់ចាប់ផ្ដើមបម្រើនៅឯកន្លែងគោរពបូជារបស់ព្រះ។
ច្រើនឆ្នាំកន្លងផុតទៅ អេលីមានអាយុច្រើនហើយ ឯកូនប្រុសរបស់គាត់ឈ្មោះហុបនីនិងភីនេហាស មិនបានគោរពបូជាព្រះតាមវិធីត្រឹមត្រូវទេ។ ពួកគេបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយស្ត្រីដែលមកកន្លែងគោរពបូជារបស់ព្រះ! តើប្អូនគិតថាឪពុករបស់ពួកគេត្រូវធ្វើអ្វីចំពោះកូនទាំងពីរនោះ?— ត្រូវហើយ គាត់ត្រូវប្រដៅតម្រង់កូនទាំងពីរ ហើយមិនឲ្យពួកគេធ្វើអំពើអាក្រក់ទាំងនោះតទៅទៀត។
សាំយូអែលកំពុងធំឡើងនៅទីនោះ ហើយទំនងជាដឹងអំពីអំពើអាក្រក់ដែលកូនរបស់អេលីបានធ្វើដែរ។ តើសាំយូអែលធ្វើតាមគំរូដ៏អាក្រក់របស់ពួកគេទេ?— មិនមែនទេ សាំយូអែលធ្វើអ្វីៗដែលត្រឹមត្រូវជានិច្ច ដូចឪពុកម្ដាយរបស់គាត់បានបង្រៀនគាត់។ ក៏ប៉ុន្តែ គឺសមហេតុសមផលដែលព្រះយេហូវ៉ាខឹងនឹងអេលី។ ព្រះយេហូវ៉ាក៏បានចាត់អ្នកប្រកាសទំនាយម្នាក់ឲ្យប្រាប់អេលីថា លោកនឹងដាក់ទោសក្រុមគ្រួសាររបស់អេលី ជាពិសេសកូនដ៏អាក្រក់របស់គាត់។—សាំយូអែលទី១ ២:២២-៣៦
សាំយូអែលបន្តបម្រើជាមួយអេលីនៅឯកន្លែងគោរពបូជារបស់ព្រះ។ នៅយប់មួយពេលដែលសាំយូអែលកំពុងតែដេកលក់ មានសំឡេងមួយហៅឈ្មោះគាត់។ ដូច្នេះ សាំយូអែលរត់ទៅឯអេលី តែអេលីប្រាប់ថា គាត់មិនបានហៅសាំយូអែលទេ។ នេះបានកើតឡើងអស់បីដង ហើយក្រោយមកអេលីប្រាប់សាំយូអែលឲ្យនិយាយថា៖ «ព្រះយេហូវ៉ាអើយ! សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ ប្រុងស្ដាប់ហើយ»។ កាលដែលសាំយូអែលធ្វើដូច្នោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅគាត់។ តើប្អូនដឹងថា ព្រះយេហូវ៉ាបានប្រាប់សាំយូអែលអំពីអ្វីខ្លះ?—
ព្រះបានប្រាប់សាំយូអែលអ្វីដែលលោកបានប្រាប់អ្នកប្រកាសទំនាយម្នាក់ពីមុន ពោលគឺលោកមានបំណងដាក់ទោសក្រុមគ្រួសាររបស់អេលី។ ដល់ព្រឹកថ្ងៃស្អែក សាំយូអែលខ្លាចមិនហ៊ានប្រាប់អេលីពីអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ឡើយ។ ប៉ុន្តែអេលីបានអង្វរសាំយូអែលថា៖ «សូមកុំលាក់នឹងអញឡើយ»។ នៅទីបំផុត សាំយូអែលប្រាប់អេលីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ថាលោកនឹងធ្វើ ដូចអ្នកប្រកាសទំនាយបានរៀបរាប់ប្រាប់អេលីពីមុន។ អេលីតបឆ្លើយថា៖ «សូមឲ្យ[ព្រះយេហូវ៉ា]សំរេចតាមតែទ្រង់គិតឃើញថាល្អចុះ»។ នៅចុងបំផុត មានគេសម្លាប់ហុបនីនិងភីនេហាស ហើយក្រោយមក អេលីក៏បានស្លាប់ដែរ។—សាំយូអែលទី១ ៣:១-១៨
រីឯសាំយូអែលវិញ គាត់«កាន់តែធំឡើង [ហើយ]ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ»គាត់។ ពេលអេលីនិងកូនទាំងពីររបស់គាត់បានស្លាប់ទៅ សាំយូអែលប្រហែលជាក្មេងជំទង់ ហើយនេះជាគ្រាដ៏សំខាន់ក្នុងជីវិតរបស់យុវវ័យ។ តើប្អូនគិតថា ស្រួលឲ្យសាំយូអែលបន្តធ្វើអ្វីដែលត្រឹមត្រូវទេ ពេលអ្នកឯទៀតធ្វើអាក្រក់នោះ?— ទោះជាមិនស្រួលក៏ដោយ សាំយូអែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់មួយជីវិត។—សាំយូអែលទី១ ៣:១៩-២១
ចុះប្អូនវិញ? ពេលប្អូនធំឡើង តើប្អូននឹងធ្វើដូចសាំយូអែលទេ? តើប្អូននឹងតែងតែធ្វើអ្វីដែលត្រឹមត្រូវទេ? តើប្អូននឹងបន្តធ្វើតាមសេចក្ដីបង្រៀនដែលមានក្នុងគម្ពីរ និងបន្តធ្វើតាមអ្វីដែលឪពុកម្ដាយប្អូនបានបង្រៀនទេ? ប្រសិនបើប្អូនធ្វើដូច្នោះមែន ប្អូននឹងធ្វើឲ្យព្រះយេហូវ៉ាហើយឪពុកម្ដាយរបស់ប្អូនសប្បាយចិត្តណាស់។
សំណួរ:
○ ហេតុអ្វីបានជាសាំយូអែលបម្រើនៅកន្លែងគោរពបូជារបស់ព្រះយេហូវ៉ា?
○ តើសាំយូអែលជួបប្រទះការពិបាកអ្វីខ្លះនៅកន្លែងគោរពបូជារបស់ព្រះ?
○ តើសាំយូអែលបានទុកគំរូអ្វីសម្រាប់ក្មេងៗទាំងឡាយ?
[កំណត់សម្គាល់]
a ប្រសិនបើអ្នកអានជាមួយកូនតូច ការអូសបន្ទាត់ជួយរំលឹកអ្នកឲ្យផ្អាក ហើយលើកទឹកចិត្តកូនឲ្យនិយាយពីអ្វីដែលគាត់យល់ឃើញ។