៧២
ព្រះជួយស្តេចហេសេគា
តើអ្នកដឹងថាហេតុអ្វីបានជាបុរសនេះកំពុងតែអធិស្ឋានទៅព្រះយេហូវ៉ាទេ? ហេតុអ្វីបានជាគាត់ដាក់សំបុត្រទាំងនេះនៅពីមុខអាសនានៃព្រះយេហូវ៉ាដូច្នេះ? បុរសនេះឈ្មោះហេសេគា។ ទ្រង់ជាស្តេចនៃព្រះរាជាណាចក្រអ៊ីស្រាអែលខាងត្បូងដែលមានកុលសម្ព័ន្ធពីរ។ ហើយទ្រង់កំពុងតែមានបញ្ហាច្រើនណាស់។ តើមកពីហេតុអ្វី?
ពីព្រោះកងទ័ពសាសន៍អាសស៊ើរបានកំទេចព្រះរាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០អស់ទៅហើយ។ ព្រះយេហូវ៉ាបណ្ដោយឲ្យការនេះកើតឡើង ពីព្រោះប្រជាជនទាំងនោះសុទ្ធតែអាក្រក់ទាំងអស់។ ហើយឥឡូវនេះ សាសន៍អាសស៊ើរក៏លើកកងទ័ពមកច្បាំងនឹងព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធពីរនេះដែរ។
ស្តេចអាសស៊ើរទើបតែបានផ្ញើសំបុត្រទៅស្តេចហេសេគា។ នេះជាសំបុត្រទាំងនោះ ដែលស្តេចហេសេគាបានដាក់នៅចំពោះព្រះ។ ក្នុងសំបុត្រនោះ មានការសើចចំអកដាក់ព្រះយេហូវ៉ា ហើយក៏ចែងប្រាប់ស្តេចហេសេគាឲ្យចុះចាញ់ទៅ។ ដូច្នេះហើយបានជាស្តេចហេសេគាអធិស្ឋានថា៖ ‹ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចអាសស៊ើរផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នឹងដឹងថា មានទ្រង់តែមួយអង្គទេ ជាព្រះនោះ›។ តើព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់នឹងស្តេចហេសេគាទេ?
ហេសេគាជាស្តេចដ៏ល្អមួយអង្គ។ ទ្រង់មិនដូចស្តេចអាក្រក់ទាំងនោះនៃព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០នោះទេ ហើយក៏មិនដូចបិតាដ៏អាក្រក់របស់ទ្រង់ស្តេចអ័ហាសដែរ។ ស្តេចហេសេគាមានព្រះទ័យទុកដាក់ក្នុងការគោរពតាមច្បាប់របស់ព្រះយេហូវ៉ាទាំងអស់។ ដូច្នេះ ក្រោយពីស្តេចហេសេគាបានអធិស្ឋានរួចស្រេចហើយ ព្យាការីអេសាយបានបញ្ជូនសារពីព្រះយេហូវ៉ានេះដល់ទ្រង់ ថា៖ ‹ស្តេចនៃសាសន៍អាសស៊ើរនឹងមិនចូលមកក្នុងក្រុងយេរូសាឡិមបានឡើយ។ ពួកទាហានរបស់ទ្រង់ក៏មិនទាំងមកជិតក្រុងនេះផង។ សូម្បីតែព្រួញមួយក៏ពួកគេនឹងមិនបាញ់ដាក់ក្រុងនេះឡើយ›។
សូមក្រឡេកមើលរូបភាពនៅទំព័រនេះចុះ។ តើអ្នកដឹងពួកខ្មោចទាហានទាំងនេះជាពួកណាទេ? ពួកគេជាពួកទាហានអាសស៊ើរ។ ព្រះយេហូវ៉ាបានបញ្ជូនទេវតារបស់ទ្រង់ ហើយក្នុងតែមួយយប់ ទេវតានោះបានសម្លាប់ពួកទាហានអាសស៊ើរអស់១៨៥.០០០នាក់។ ដូច្នេះ ស្តេចអាសស៊ើរក៏ចុះចាញ់ ហើយក៏ត្រឡប់ទៅឯស្រុកវិញ។
ព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធពីរក៏ត្រូវបានសង្គ្រោះ ហើយប្រជាជនក៏មានសន្ដិភាពបានមួយរយៈទៅ។ ប៉ុន្តែ បន្ទាប់ពីស្តេចហេសេគាបានទទួលមរណភាពទៅ បុត្រារបស់ទ្រង់នាមម៉ាន៉ាសេបានឡើងសោយរាជ្យជាស្តេច។ ស្តេចម៉ាន៉ាសេនិងបុត្រារបស់ទ្រង់អាំម៉ូន ដែលឡើងសោយរាជ្យក្រោយមក ទាំងពីរអង្គជាស្តេចដ៏អាក្រក់ណាស់។ ដូច្នេះស្រុកនោះក៏ពោរពេញទៅដោយឧក្រិដ្ឋកម្មនិងអំពើឃោរឃៅជាថ្មីម្ដងទៀត។ កាលដែលស្តេចអាំម៉ូនត្រូវបានធ្វើគុតដោយអ្នកបំរើទ្រង់នោះ យ៉ូសៀសជាបុត្រារបស់ទ្រង់ក៏ត្រូវបានគេតាំងជាស្តេចលើព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធពីរទៅ។
ពង្សាវតារក្សត្រទី២ ១៨:១-៣៦; ១៩:១-៣៧; ២១:១-២៥