តើសព្វថ្ងៃនេះគង្វាល៧នាក់និងប្រធាន៨នាក់ជាអ្នកណា?
«យើងនឹងលើកពួកអ្នកគង្វាល៧នាក់ នឹងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ»។—មីកា ៥:៤
១. ហេតុអ្វីផែនការរបស់ស្តេចស្រុកអ៊ីស្រាអែលនិងស្តេចស្រុកស៊ីរីមិនបានសម្រេច?
នៅគ្រាមួយរវាងឆ្នាំ៧៦២ មុនគ.ស. និងឆ្នាំ៧៥៩ មុនគ.ស. ស្តេចស្រុកអ៊ីស្រាអែលនិងស្តេចស្រុកស៊ីរីបានប្រកាសសង្គ្រាមប្រឆាំងនឹងរាជាណាចក្រយូដា។ តើពួកគេមានគោលបំណងអ្វី? គឺដើម្បីវាយលុកក្រុងយេរូសាឡិម ដកស្តេចអេហាសពីបល្ល័ង្ក ហើយដាក់បុរសម្នាក់ទៀតជំនួសគាត់ ដែលប្រហែលជាមិនមកពីវង្សត្រកូលស្តេចដាវីឌទេ។ (អេ. ៧:៥, ៦) ប៉ុន្តែ ផែនការនោះមិនអាចបានជោគជ័យទេ។ ព្រះយេហូវ៉ាបានប្រកាសថា កូនចៅម្នាក់របស់ដាវីឌនឹងអង្គុយលើបល្ល័ង្ករបស់លោកជារៀងរហូត ហើយប្រសាសន៍របស់ព្រះតែងតែបានសម្រេច។—យ៉ូស. ២៣:១៤; ២សាំ. ៧:១៦
២-៤. សូមពន្យល់ថាអេសាយ ៧:១៤, ១៦បានសម្រេចយ៉ាងណា (ក) នៅសតវត្សរ៍ទី៨ មុនគ.ស.។ (ខ) នៅសតវត្សរ៍ទី១ គ.ស.។
២ មុនដំបូង តាមមើលទៅស្រុកស៊ីរីនិងស្រុកអ៊ីស្រាអែលនឹងឈ្នះសង្គ្រាម។ ក្នុងសង្គ្រាមតែមួយប៉ុណ្ណោះ អេហាសបានបាត់បង់ទាហានដ៏ក្លាហាន១២០.០០០នាក់! ម្អាសេយ៉ា ដែលជា«បុត្រាស្តេច»បានត្រូវគេសម្លាប់។ (២រប. ២៨:៦, ៧) ប៉ុន្តែ ព្រះយេហូវ៉ាកំពុងមើល។ លោកបានចាំអំពីសេចក្ដីសន្យារបស់លោកចំពោះដាវីឌ ហេតុនេះលោកបានចាត់អេសាយដែលជាអ្នកប្រកាសទំនាយឲ្យប្រាប់ដំណឹងដែលលើកទឹកចិត្តយ៉ាងខ្លាំង។
៣ អេសាយបាននិយាយថា៖ «មើល! នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល . . . មុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំង២ដែលឯងខ្ពើមនោះ[ស្រុកស៊ីរីនិងស្រុកអ៊ីស្រាអែល] នឹងត្រូវចោលស្ងាត់ទៅ»។ (អេ. ៧:១៤, ១៦) ផ្នែកដំបូងនៃទំនាយនោះគឺច្រើនតែសំដៅលើកំណើតរបស់មេស្ស៊ី ហើយនេះគឺត្រឹមត្រូវមែន។ (ម៉ាថ. ១:២៣) ប៉ុន្តែនៅសតវត្សរ៍ទី១ គ.ស. ដោយសារ«ស្តេចទាំង២»គឺស្តេចស្រុកស៊ីរីនិងស្តេចស្រុកអ៊ីស្រាអែល មិនអាចបណ្ដាលឲ្យស្រុកយូដាមានគ្រោះថ្នាក់ទៀត នោះទំនាយអំពីអេម៉ាញូអែលច្បាស់ជាបានសម្រេចមុនដំបូងនៅសម័យអេសាយ។
៤ មិនយូរប៉ុន្មានក្រោយពីអេសាយបានធ្វើសេចក្ដីប្រកាសដ៏អស្ចារ្យនោះ ប្រពន្ធរបស់គាត់មានផ្ទៃពោះ ហើយបានសម្រាលកូនប្រុសម្នាក់ឲ្យគាត់ ឈ្មោះម៉ាហេសាឡាលហាសបាស។ កូននេះប្រហែលជា«អេម៉ាញូអែល»ដែលអេសាយបានសំដៅលើ។a នៅសម័យគម្ពីរ ជួនកាលគេដាក់ឈ្មោះឲ្យកូនខ្ចីដែលទើបតែបានកើតមក ដើម្បីរំលឹកអំពីព្រឹត្ដិការណ៍ពិសេសមួយ ប៉ុន្តែឪពុកម្ដាយនិងសាច់ញាតិហៅកូននោះដោយឈ្មោះផ្សេងទៀត។ (២សាំ. ១២:២៤, ២៥) គ្មានភ័ស្តុតាងណាដែលបញ្ជាក់ថា លោកយេស៊ូបានត្រូវហៅដោយឈ្មោះអេម៉ាញូអែលឡើយ។—សូមអាន អេសាយ ៧:១៤; ៨:៣, ៤
៥. តើស្តេចអេហាសបានធ្វើការសម្រេចចិត្តដ៏ល្ងង់ខ្លៅអ្វី?
៥ កាលដែលស្រុកអ៊ីស្រាអែលនិងស្រុកស៊ីរីកំពុងផ្ដោតអារម្មណ៍ទៅលើស្រុកយូដា ប្រជាជាតិមួយទៀតដែលពង្រឹងកម្លាំងកងទ័ពរបស់ខ្លួន ក៏មានមហិច្ឆតាចង់បានតំបន់នោះដែរ។ ប្រជាជាតិនោះគឺមហាអំណាចអាសស៊ើរ ដែលកំពុងលេចឡើង។ ស្របតាមអេសាយ ៨:៣, ៤ ជនជាតិអាសស៊ើរនឹងដឹកយក«ទ្រព្យសម្បត្ដិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី» មុននឹងវាយប្រហាររាជាណាចក្រយូដាដែលនៅខាងត្បូង។ អេហាសដែលជាស្តេចស្រុកយូដាគួរតែបានទុកចិត្តលើប្រសាសន៍របស់ព្រះដែលមកតាមរយៈអេសាយ។ ផ្ទុយទៅវិញ គាត់បានធ្វើកិច្ចព្រមព្រៀងដ៏ល្ងង់ខ្លៅជាមួយនឹងជនជាតិអាសស៊ើរ។ ដូច្នេះក្រោយមក ជនជាតិអាសស៊ើរបានក្លាយទៅជាអ្នកគ្រប់គ្រងដ៏ឃោរឃៅលើស្រុកយូដា។ (២ព. ១៦:៧-១០) ក្នុងនាមជាអ្នកដឹកនាំឬជាគង្វាលនៃស្រុកយូដា អេហាសគួរតែការពារប្រជារាស្ត្ររបស់គាត់។ ប៉ុន្តែគាត់មិនបានធ្វើដូច្នេះឡើយ។ យើងអាចសួរខ្លួនយើងថា ‹កាលណាខ្ញុំត្រូវធ្វើការសម្រេចចិត្តសំខាន់ៗ តើខ្ញុំទីពឹងដល់ព្រះឬមនុស្ស?›។—សុភ. ៣:៥, ៦
គង្វាលថ្មីប្រើវិធីផ្សេង
៦. សូមប្រៀបធៀបរជ្ជកាលរបស់អេហាសនិងហេសេគា?
៦ អេហាសបានស្លាប់នៅឆ្នាំ៧៤៦ មុនគ.ស. ហើយហេសេគា ជាបុត្ររបស់គាត់បានទៅជាស្តេចជំនួសគាត់។ ឥឡូវនេះ បណ្ដាជនយូដាក្រីក្រ ហើយពួកគេបានឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។ កាលដែលស្តេចវ័យក្មេងអង្គនេះឡើងគ្រងរាជ្យ តើគាត់នឹងធ្វើអ្វីមុនបង្អស់? តើគាត់ធ្វើឲ្យសេដ្ឋកិច្ចអន់ខ្សោយរបស់ស្រុកយូដាបានប្រសើរឡើងឬ? មិនមែនទេ។ ហេសេគាគឺជាមនុស្សដែលស្រឡាញ់ព្រះយេហូវ៉ា ជាគង្វាលដ៏ល្អសម្រាប់ប្រជាជាតិនោះ។ អ្វីដំបូងបង្អស់ដែលគាត់បានធ្វើ គឺរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ ហើយពង្រឹងចំណងមិត្តភាពអន់ខ្សោយរបស់ប្រជាជាតិដែលរឹងចចេសនោះជាមួយនឹងព្រះយេហូវ៉ា។ ពេលដែលគាត់យល់អំពីបំណងប្រាថ្នារបស់ព្រះចំពោះគាត់ ហេសេគាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ គាត់ពិតជាគំរូល្អសម្រាប់យើងមែន!—២រប. ២៩:១-១៩
៧. ហេតុអ្វីពួកលេវីត្រូវការការគាំទ្រពីស្តេចថ្មី?
៧ ពួកលេវីមានភារកិច្ចធ្ងន់ធ្ងរក្នុងការជួយបណ្ដាជនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាម្ដងទៀត។ អាស្រ័យហេតុនេះ ហេសេគាបានមកជួបពួកគាត់ ហើយបានសន្យាថាគាំទ្រពួកគាត់។ សូមស្រមៃគិតថា ពួកលេវីដ៏ស្មោះត្រង់ដែលមានវត្តមាននៅកិច្ចប្រជុំនោះ បានស្រក់ទឹកភ្នែកដោយអំណរកាលដែលពួកគាត់បានឮស្តេចប្រកាសថា៖ «ព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់»។ (២រប. ២៩:១១) មែនហើយ ពួកលេវីបានទទួលបង្គាប់ច្បាស់លាស់ឲ្យលើកតម្កើងការគោរពប្រណិប័តន៍បរិសុទ្ធ!
៨. តើហេសេគាបានធ្វើអ្វីទៀតដើម្បីជួយបណ្ដាជនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើងវិញ? តើមានលទ្ធផលយ៉ាងណា?
៨ ហេសេគាបានអញ្ជើញបណ្ដាជនទាំងអស់នៅស្រុកយូដានិងស្រុកអ៊ីស្រាអែលឲ្យមកបុណ្យរំលងដ៏ធំមួយ បន្ទាប់មកមានបុណ្យនំឥតដំបែដែលមានរយៈពេល៧ថ្ងៃ។ បណ្ដាជនបានអរសប្បាយនឹងបុណ្យនោះដល់ម្ល៉េះបានជាពួកគេបានធ្វើបុណ្យនោះអស់រយៈពេល៧ថ្ងៃទៀត។ គម្ពីររៀបរាប់ថា៖ «មានសេចក្ដីអំណរជាខ្លាំងនៅក្នុងក្រុងយេរូសាឡិម ដ្បិតចាប់តាំងពីគ្រាសាឡូម៉ូន បុត្រដាវីឌ ជាស្តេចអ៊ីស្រាអែលមក នោះមិនដែលមានការយ៉ាងនោះនៅក្នុងក្រុងយេរូសាឡិមឡើយ»។ (២រប. ៣០:២៥, ២៦) បុណ្យនោះច្បាស់ជាបានលើកទឹកចិត្តបណ្ដាជនទាំងអស់គ្នា។ យោងទៅតាមសៀវភៅរបាក្សត្រទី២ ៣១:១ យើងដឹងថា៖ «វេលាដែលការទាំងនោះបានរួចជាស្រេចហើយ នោះពួកអ៊ីស្រាអែល . . . បំបាក់បំបែកបង្គោលថ្មទាំងប៉ុន្មានដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះ ព្រមទាំងបំផ្លាញទីខ្ពស់នឹងអាសនាទាំងប៉ុន្មាន»។ ប្រជាជាតិនោះបានត្រឡប់មកព្រះយេហូវ៉ាវិញ។ នេះបានជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់ពេលមានទុក្ខលំបាកដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។
ស្តេចអង្គនេះរៀបចំសម្រាប់ពេលមានទុក្ខលំបាក
៩. (ក) តើផែនការរបស់អ៊ីស្រាអែលបានត្រូវបំផ្លាញយ៉ាងដូចម្ដេច? (ខ) តើសានហេរីបបានជ័យជម្នះដំបូងអ្វី លើស្រុកយូដា?
៩ ដូចអេសាយបាននិយាយ ជនជាតិអាសស៊ើរបានច្បាំងឈ្នះរាជាណាចក្រអ៊ីស្រាអែល ហើយបានចាប់យកបណ្ដាជននៃរាជាណាចក្រនោះចេញពីស្រុករបស់ពួកគេជាឈ្លើយ។ នេះបានបំផ្លាញផែនការរបស់អ៊ីស្រាអែលដែលប៉ុនប៉ងជ្រើសរើសស្តេចមួយអង្គដែលមិនមែនជាវង្សត្រកូលដាវីឌឲ្យជនជាតិយូដា។ ប៉ុន្តែ តើជនជាតិអាសស៊ើរមានផែនការអ្វី? ឥឡូវនេះពួកគេផ្ដោតអារម្មណ៍មកលើស្រុកយូដា។ «ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីបជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា»។ មានព័ត៌មានដែលបញ្ជាក់ថា សានហេរីបបានវាយយកក្រុង៤៦របស់ជនជាតិយូដា។ សូមស្រមៃគិតថាអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកបានរស់នៅក្រុងយេរូសាឡិមនៅពេលនោះ។ ក្រុងរបស់ជនជាតិយូដាបានរលំម្ដងមួយៗនៅមុខកងទ័ពអាសស៊ើរដែលកំពុងចូលមក!—២ព. ១៨:១៣
១០. ហេតុអ្វីពាក្យនៅមីកា ៥:៤, ៥បានលើកទឹកចិត្តហេសេគា?
១០ ហេសេគាប្រាកដជាបានដឹងអំពីគ្រោះថ្នាក់ ប៉ុន្តែគាត់មិនតក់ស្លុត ហើយសុំជំនួយពីប្រជាជាតិដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដូចអេហាសដែលជាឪពុកមិនស្មោះត្រង់របស់គាត់បានធ្វើនោះទេ។ ហេសេគាបានទុកចិត្តព្រះយេហូវ៉ា។ (២រប. ២៨:២០, ២១) គាត់ប្រហែលជាបានដឹងអំពីពាក្យរបស់អ្នកប្រកាសទំនាយនៅជំនាន់គាត់ឈ្មោះមីកា បានទាយស្តីអំពីជនជាតិអាសស៊ើរថា៖ «យើងនឹងលើកពួកអ្នកគង្វាល៧នាក់ នឹងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ។ ពួកនោះនឹងបំផ្លាញស្រុកអាសស៊ើរដោយដាវ»។ (មីកា ៥:៤, ៥) ពាក្យទាំងនេះដែលមកពីព្រះយេហូវ៉ាច្បាស់ជាបានលើកទឹកចិត្តហេសេគា។ ពាក្យទាំងនេះបង្ហាញថា ព្រះយេហូវ៉ានឹងប្រើកងទ័ពខុសពីធម្មតាមួយដើម្បីយកជ័យជម្នះលើជនជាតិអាសស៊ើរ។
១១. តើការសម្រេចធំបំផុតនៃទំនាយស្តីអំពីគង្វាល៧នាក់និងប្រធាន៨នាក់នឹងកើតឡើងនៅពេលណា?
១១ ទំនាយស្តីអំពីគង្វាល៧នាក់និងប្រធាន៨នាក់ បានសម្រេចក្នុងកម្រិតធំបំផុត ជាយូរក្រោយកំណើតលោកយេស៊ូ ដែលជា‹អ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដែលមានដើមកំណើតចាប់តាំងពីបុរាណ›។ (សូមអាន មីកា ៤:១៤; ៥:១) តាមការពិត ការសម្រេចនេះគឺនៅអនាគតកាល ពេល«ពួកអាសស៊ើរ»ឬសត្រូវវាយប្រហារអ្នកបម្រើរបស់ព្រះយេហូវ៉ា។ តើកងទ័ពអ្វីដែលព្រះយេហូវ៉ានឹងដឹកនាំតាមរយៈបុត្ររបស់លោកដែលកំពុងគ្រងរាជ្យ ដើម្បីប្រឈមមុខនឹងសត្រូវគួរឲ្យស្ញែងខ្លាចនោះ? ក្រោយមក យើងនឹងដឹង។ ប៉ុន្តែមុនដំបូង សូមយើងពិចារណាអំពីអ្វីដែលយើងអាចរៀនពីវិធានការដែលហេសេគាបានចាត់ ពេលប្រឈមមុខនឹងការគំរាមកំហែងនៃជនជាតិអាសស៊ើរ។
ហេសេគាចាត់វិធានការដែលចាំបាច់
១២. តើហេសេគានិងពួកអ្នកដែលនៅជាមួយនឹងគាត់បានចាត់វិធានការអ្វីខ្លះ ដើម្បីការពាររាស្ត្ររបស់ព្រះ?
១២ ពេលយើងមានអារម្មណ៍ថាយើងមិនអាចដោះស្រាយបញ្ហាមួយបាន ព្រះយេហូវ៉ាតែងតែសុខចិត្តផ្ដល់ជំនួយដែលយើងត្រូវការ។ ប៉ុន្តែ លោកពិតជារំពឹងថាយើងខំអស់ពីសមត្ថភាពរបស់យើង ដើម្បីដោះស្រាយបញ្ហានោះ។ ហេសេគាបានសួរយោបល់«ពួកអ្នកជាប្រធាន ហើយនឹងពួកមនុស្សខ្លាំងពូកែ»របស់លោក ហើយពួកគាត់បានសម្រេចចិត្តជាមួយគ្នាថា«ទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង . . .។ [ហេសេគា]មានព្រះទ័យក្លាឡើង ក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀតនៅខាងក្រៅ ហើយ . . . ក៏ធ្វើគ្រឿងសស្ដ្រាវុធនឹងខែលជាបរិបូរ»។ (២រប. ៣២:៣-៥) ព្រះយេហូវ៉ាបានប្រើបុរសក្លាហានមួយចំនួន ពោលគឺហេសេគា ពួកអ្នកជាប្រធាននិងអ្នកប្រកាសទំនាយដែលមានជំនឿមាំមួន ដើម្បីការពារព្រមទាំងឃ្វាលរាស្ត្ររបស់លោក។
១៣. តើអ្វីជាវិធានការសំខាន់បំផុតដែលហេសេគាបានចាត់ដើម្បីជួយបណ្ដាជនឲ្យត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដែលជិតមកដល់? សូមពន្យល់។
១៣ អ្វីដែលហេសេគាបានធ្វើបន្ទាប់មក គឺសំខាន់ជាងការទប់ទឹកឬការពង្រឹងកំពែងក្រុងទៅទៀត។ ហេសេគាដែលជាគង្វាលដែលយកចិត្តទុកដាក់ បានប្រមូលបណ្ដាជន ហើយបានពង្រឹងជំនឿរបស់ពួកគេ ដោយពាក្យទាំងនេះថា៖ «កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ . . . ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត។ ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង»។ ព្រះយេហូវ៉ានឹងច្បាំងជំនួសរាស្ត្ររបស់លោក នេះពិតជាសេចក្ដីរំលឹកដែលពង្រឹងជំនឿមែន! ពេលឮពាក្យទាំងនេះ ជនជាតិយូដា«ក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា»។ សូមកត់សម្គាល់ថា គឺ«បន្ទូលនៃហេសេគា»ដែលបានបណ្ដាលឲ្យបណ្ដាជនមានកម្លាំងចិត្ត។ ហេសេគា ពួកអ្នកជាប្រធាន និងពួកបុរសខ្លាំងពូកែ ព្រមទាំងមីកានិងអេសាយដែលជាអ្នកប្រកាសទំនាយ បានបង្ហាញឲ្យឃើញថាពួកគាត់ជាគង្វាលដែលមានសមត្ថភាព ដូចព្រះយេហូវ៉ាបានទាយតាមរយៈអ្នកប្រកាសទំនាយរបស់លោក។—២រប. ៣២:៧, ៨; សូមអាន មីកា ៥:៤, ៥
១៤. តើរ៉ាបសាកេមានតួនាទីអ្វី ហើយតើបណ្ដាជនមានប្រតិកម្មយ៉ាងណា?
១៤ ស្តេចជនជាតិអាសស៊ើរបានបោះជំរំនៅក្រុងឡាគីស ខាងត្បូងឆៀងខាងលិចក្រុងយេរូសាឡិម។ ពីកន្លែងនោះ គាត់បានចាត់ទូតបីនាក់ឲ្យទៅក្រុងយេរូសាឡិម ដើម្បីប្រាប់បណ្ដាជននៅក្រុងនោះឲ្យចុះចាញ់។ អ្នកនាំពាក្យរបស់គាត់ ដែលមានងារជារ៉ាបសាកេ បានប្រើកលល្បិចផ្សេងៗ។ ដោយនិយាយជាភាសាហេប្រឺ រ៉ាបសាកេបានដាស់តឿនបណ្ដាជននៅក្រុងនោះឲ្យក្បត់ស្តេច ហើយចុះចូលក្រោមអំណាចជនជាតិអាសស៊ើរ ដោយសន្យាមិនពិតថាឲ្យពួកគេរើទៅនៅលើទឹកដីដែលពួកគេអាចមានជីវិតសុខស្រួល។ (សូមអាន ពង្សាវតារក្សត្រទី២ ១៨:៣១, ៣២) បន្ទាប់មក រ៉ាបសាកេបានអះអាងថា ដូចព្រះនៃប្រជាជាតិនានាមិនអាចការពារពួកអ្នកគោរពបូជារបស់ពួកគេ នោះព្រះយេហូវ៉ានឹងមិនអាចសង្គ្រោះជនជាតិយូដាពីកណ្ដាប់ដៃជនជាតិអាសស៊ើរបានឡើយ។ ដោយមានគំនិតឈ្លាសវៃ បណ្ដាជននៅក្រុងនោះបានសម្រេចចិត្តមិនអើពើនឹងពាក្យកុហកនិងការចោទប្រកាន់មិនពិតទាំងនេះ។ សព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាច្រើនតែធ្វើតាមគំរូរបស់ពួកគាត់។—សូមអាន ពង្សាវតារក្សត្រទី២ ១៨:៣៥, ៣៦
១៥. តើបណ្ដាជនក្រុងយេរូសាឡិមត្រូវធ្វើអ្វី ហើយតើព្រះយេហូវ៉ាបានសង្គ្រោះក្រុងនោះយ៉ាងដូចម្ដេច?
១៥ ហេសេគាពិតជាព្រួយបារម្ភមែន។ ប៉ុន្តែ ជាជាងសុំជំនួយពីប្រជាជាតិផ្សេងទៀត គាត់បានសុំជំនួយពីព្រះយេហូវ៉ាតាមរយៈអេសាយ។ អេសាយបានប្រាប់ហេសេគាថា៖ «[សានហេរីប]នឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ . . . នៅមុខទីក្រុងនេះ»។ (២ព. ១៩:៣២) អ្វីដែលបណ្ដាជននៅក្រុងយេរូសាឡិមត្រូវធ្វើគឺពួកគេត្រូវមានចិត្តក្លាហាន ហើយមិនចុះចាញ់។ ព្រះយេហូវ៉ានឹងតយុទ្ធជំនួសជនជាតិយូដា ហើយលោកពិតជាបានធ្វើដូច្នេះមែន! «នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់»។ (២ព. ១៩:៣៥) ជនជាតិយូដាបានត្រូវសង្គ្រោះមិនមែនដោយសារហេសេគាបានទប់រន្ធទឹកនៃក្រុងនោះ ឬពង្រឹងកំពែងក្រុងនោះឡើយ ប៉ុន្តែដោយសារអន្តរាគមន៍របស់ព្រះវិញ។
មេរៀនសម្រាប់សព្វថ្ងៃនេះ
១៦. សព្វថ្ងៃនេះ តើអ្នកណាបានត្រូវតំណាងដោយ (ក) បណ្ដាជនក្រុងយេរូសាឡិម (ខ) «ពួកអាសស៊ើរ» (គ) គង្វាល៧នាក់និងប្រធាន៨នាក់?
១៦ ទំនាយស្តីអំពីគង្វាល៧នាក់និងប្រធាន៨នាក់បានសម្រេចក្នុងកម្រិតធំបំផុតនៅសម័យយើងនេះ។ បណ្ដាជនក្រុងយេរូសាឡិមបានត្រូវជនជាតិអាសស៊ើរវាយប្រហារ។ មិនយូរទៀត រាស្ត្ររបស់ព្រះយេហូវ៉ា នឹងត្រូវ«ពួកអាសស៊ើរ»ឬសត្រូវដែលព្យាយាមបំផ្លាញពួកគេ វាយប្រហារម្ដងទៀត។ បទគម្ពីរបានសំដៅលើការវាយប្រហារនោះ ព្រមទាំងការវាយប្រហាររបស់‹កុកនៃម៉ាកុក› ការវាយប្រហាររបស់«ស្តេចខាងជើង»និងការវាយប្រហាររបស់«ស្តេចទាំងឡាយនៅផែនដី»។ (អេស. ៣៨:២, ១០-១៣; ដាន. ១១:៤០, ៤៤, ៤៥; បប. ១៧:១៤; ១៩:១៩) តើការវាយប្រហារទាំងនេះជាតំណាងការវាយប្រហារផ្សេងពីគ្នាឬ? យើងមិនដឹងទេ។ គម្ពីរអាចសំដៅលើការវាយប្រហារដដែល តែប្រើឈ្មោះផ្សេងៗ។ តើព្រះយេហូវ៉ានឹងប្រើកងទ័ពអ្វី ដើម្បីប្រឆាំងនឹងសត្រូវដ៏ឃោរឃៅនេះ ដែលហៅថា«ពួកអាសស៊ើរ»? គឺកងទ័ពមួយដែលខុសពីធម្មតា។ គម្ពីរចែងថា៖ «គង្វាល៧នាក់»និង«ប្រធាន៨នាក់»រួមគ្នាជាកងទ័ពនេះ។ (មីកា ៥:៤) គង្វាលនិងប្រធាននៅក្នុងកងទ័ពចម្លែកនេះគឺអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ។ (១ពេ. ៥:២) សព្វថ្ងៃនេះ ព្រះយេហូវ៉ាច្បាស់ជាបានផ្ដល់យ៉ាងបរិបូរនូវបុរសដែលមានចំណងមិត្តភាពជាមួយនឹងលោក ដើម្បីឲ្យឃ្វាលចៀមដ៏មានតម្លៃរបស់លោក និងពង្រឹងរាស្ត្ររបស់លោកសម្រាប់ការវាយប្រហាររបស់«ពួកអាសស៊ើរ»នាសម័យនេះ ដែលនឹងកើតឡើងនៅពេលអនាគត។b ទំនាយរបស់មីកាចែងថាពួកគាត់នឹង«បំផ្លាញស្រុកអាសស៊ើរដោយដាវ»។ (មីកា ៥:៥) អាវុធមួយក្នុងចំណោមអាវុធដែលពួកគាត់ប្រើដើម្បីយកជ័យជម្នះលើសត្រូវ គឺ«ដាវនៃសកម្មពល» ពោលគឺបណ្ដាំរបស់ព្រះ។—២កូ. ១០:៤; អេភ. ៦:១៧
១៧. តើអ្នកចាស់ទុំអាចទាញមេរៀនបួនយ៉ាងអ្វី ពីកំណត់ហេតុដែលយើងបានពិភាក្សា?
១៧ អ្នកចាស់ទុំទាំងឡាយ អ្នកអាចទាញមេរៀនខ្លះដែលមានប្រយោជន៍ពីអ្វីដែលយើងទើបនឹងបានពិភាក្សាគឺ (១) យើងអាចចាត់វិធានការដែលមានប្រសិទ្ធភាពបំផុត ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដែលជិតដល់របស់«ពួកអាសស៊ើរ» ដោយពង្រឹងជំនឿរបស់យើងលើព្រះ ហើយជួយបងប្អូនយើងឲ្យធ្វើដូច្នេះដែរ។ (២) ពេល«ពួកអាសស៊ើរ»វាយប្រហារ អ្នកចាស់ទុំត្រូវតែជឿជាក់ជាដាច់ខាតថាព្រះយេហូវ៉ានឹងសង្គ្រោះយើង។ (៣) នៅពេលនោះ ការណែនាំសម្រាប់សង្គ្រោះជីវិតដែលយើងបានទទួលពីអង្គការព្រះយេហូវ៉ាអាចមើលទៅគ្មានប្រសិទ្ធភាពទេតាមទស្សនៈរបស់មនុស្ស។ ទោះជាការណែនាំទាំងនេះមើលទៅសមហេតុសមផលឬមិនសមហេតុសមផលតាមទស្សនៈរបស់មនុស្សក៏ដោយ យើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនដើម្បីធ្វើតាមការណែនាំណាដែលយើងទទួល។ (៤) ប្រសិនបើអ្នកណាទុកចិត្តលើការអប់រំក្នុងពិភពលោកនេះ លើទ្រព្យសម្បត្ដិ ឬអង្គការរបស់មនុស្ស នោះពួកគេត្រូវតែកែប្រែរបៀបគិតគូរឥឡូវនេះ។ អ្នកចាស់ទុំត្រូវតែត្រៀមខ្លួនដើម្បីជួយអ្នកណាដែលឥឡូវនេះមិនមានជំនឿមាំមួន។
១៨. តើការរំពឹងគិតអំពីកំណត់ហេតុនេះនឹងផ្ដល់ប្រយោជន៍អ្វីដល់យើងនៅអនាគត?
១៨ វេលានឹងមកដល់ ពេលដែលអ្នកបម្រើព្រះនៅសម័យនេះនឹងមើលទៅដូចជាគ្មានអ្វីការពារខ្លួន ដូចជនជាតិយូដានៅសម័យហេសេគាដែលជាប់នៅក្នុងក្រុងយេរូសាឡិមរកផ្លូវចេញមិនរួច។ នៅពេលនោះ យើងទាំងអស់គ្នាអាចទទួលកម្លាំងពីពាក្យរបស់ហេសេគា។ សូមយើងចាំថា សត្រូវរបស់យើង«មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញមានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាសំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង»!—២រប. ៣២:៨
a ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«នាងព្រហ្មចារី»នៅអេសាយ ៧:១៤ អាចមានន័យថាស្ត្រីដែលបានរៀបការហើយ ឬស្ត្រីក្រមុំបរិសុទ្ធ។ ហេតុនេះ ពាក្យដដែលនេះអាចសំដៅលើប្រពន្ធរបស់អេសាយផងនិងម៉ារៀដែលជាស្ត្រីក្រមុំបរិសុទ្ធជនជាតិយូដាផងដែរ។
b ចំនួន៧បានត្រូវប្រើជាញឹកញាប់នៅក្នុងបទគម្ពីរ ដើម្បីបញ្ជាក់ភាពពេញលេញ។ ចំនួន៨ (៧ថែម១) ជួនកាលជាតំណាងភាពសម្បូរ។