៨៤
ទេវតាមួយមកជួបនឹងនាងម៉ារា
ស្ត្រីដ៏ស្អាតនេះជានាងម៉ារា។ នាងជាជនជាតិអ៊ីស្រាអែលដែលរស់នៅក្នុងភូមិណាសារ៉ែត។ ព្រះដឹងថានាងជាមនុស្សដ៏ល្អម្នាក់។ ដូច្នេះហើយ បានជាទ្រង់បានចាត់ទេវតារបស់ទ្រង់ឈ្មោះ កាព្រីយ៉ែលឲ្យមកនិយាយនឹងនាង។ តើអ្នកដឹងកាព្រីយ៉ែលមកប្រាប់នាងម៉ារាអំពីអ្វីទេ? សូមឲ្យយើងពិនិត្យមើល។
កាព្រីយ៉ែលនិយាយទៅនាងថា៖ ‹ជំរាបសួរ ឱនាងដែលប្រកបដោយព្រះគុណអើយ›។ ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងនាងហើយ›។ នាងម៉ារាមិនដែលឃើញបុគ្គលនេះពីមុនទេ។ នាងមានសេចក្ដីបារម្ភ ពីព្រោះនាងមិនដឹងថាលោកចង់មានប្រសាសន៍យ៉ាងណាទេ។ ប៉ុន្តែ ភ្លាមនោះកាព្រីយ៉ែលបានធ្វើឲ្យនាងស្ងប់ពីការខ្លាច។
លោកនិយាយថា៖ ‹កុំខ្លាចអីនាងម៉ារាអើយ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងអ្នកណាស់។ ហេតុនេះហើយ បានជាទ្រង់នឹងធ្វើការដ៏អស្ចារ្យដល់អ្នក។ បន្ដិចទៀត អ្នកនឹងមានបុត្រមួយ។ ហើយអ្នកត្រូវថ្វាយព្រះនាមថា យេស៊ូវ›។
កាព្រីយ៉ែលក៏ពន្យល់តទៅទៀតថា៖ ‹បុត្រនេះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត។ ព្រះយេហូវ៉ានឹងធ្វើឲ្យទ្រង់ទៅជាស្តេចដូចដាវីឌដែរ។ ប៉ុន្តែ ព្រះយេស៊ូវនឹងទៅជាស្តេចជានិរន្តរ៍ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ›!
នាងម៉ារាសួរថា៖ ‹តើនេះអាចកើតយ៉ាងណាបាន ដ្បិតខ្ញុំមិនទាន់រៀបការផងនោះ? ខ្ញុំមិនដែលបានរស់នៅជាមួយនឹងបុរសផង ដូច្នេះតើអាចឲ្យខ្ញុំមានកូនយ៉ាងណាបាន›?
កាព្រីយ៉ែលឆ្លើយថា៖ ‹ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ដូច្នេះបុត្រនោះនឹងហៅជាបុត្ររបស់ព្រះ›។ បន្ទាប់មកលោកប្រាប់នាងម៉ារាថា៖ ‹នៅចាំអេលីសាបិតជាញាតិសន្ដានរបស់អ្នកទេ។ ពួកមនុស្សគេនិយាយថា គាត់មានអាយុចាស់ណាស់ទៅហើយក្នុងការមានកូននោះ។ ប៉ុន្តែ បន្ដិចទៀតនាងនឹងមានកូនប្រុសមួយ។ ដូច្នេះ អ្នកឃើញទេ គឺគ្មានអ្វីដែលព្រះធ្វើមិនបានឡើយ›។
ភ្លាមនោះ នាងម៉ារានិយាយថា៖ ‹ខ្ញុំជាអ្នកបំរើរបស់ព្រះយេហូវ៉ា! សូមឲ្យការនេះកើតឡើងដល់ខ្ញុំ ឲ្យបានដូចពាក្យលោកចុះ›។ ទេវតាក៏ចាកចេញពីនាងទៅ។
នាងម៉ារាក៏ប្រញាប់ប្រញាល់ទៅលេងអេលីសាបិត។ នៅពេលដែលអេលីសាបិតឮសម្លេងរបស់នាងម៉ារា កូននៅក្នុងពោះនាងក៏បង្រះដោយសេចក្ដីអំណរ។ នាងអេលីសាបិតពោរពេញទៅដោយវិញ្ញាណបរិសុទ្ធ ហើយនាងក៏និយាយទៅនាងម៉ារាថា៖ ‹នាងជាស្ត្រីមានពរហើយក្នុងបណ្ដាពួកស្ត្រី›។ នាងម៉ារាស្នាក់នៅជាមួយអេលីសាបិតប្រហែលជា៣ខែ ហើយបន្ទាប់មកក៏ត្រឡប់ទៅផ្ទះនៅឯភូមិណាសារ៉ែតវិញ។
នាងម៉ារាជិតនឹងរៀបការជាមួយបុរសម្នាក់ឈ្មោះយ៉ូសែប។ ប៉ុន្តែ នៅពេលយ៉ូសែបដឹងថានាងម៉ារានឹងមានកូននោះ គាត់គិតថា គាត់មិនគួររៀបការជាមួយនាងឡើយ។ បន្ទាប់មក ទេវតារបស់ព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹កុំខ្លាចយកនាងម៉ារាធ្វើជាប្រពន្ធរបស់អ្នកឡើយ។ ដ្បិតគឺជាព្រះទេ ដែលបានធ្វើឲ្យនាងមានបុត្រនោះ›។ ដូច្នេះ នាងម៉ារានិងយ៉ូសែបក៏បានរៀបការទៅ ហើយគេរង់ចាំថ្ងៃដែលយេស៊ូវនឹងប្រសូតមក។
លូកា ១:២៦-៥៦; ម៉ាថាយ ១:១៨-២៥