១០០
ព្រះយេស៊ូវនៅក្នុងសួនច្បារ
ក្រោយពីបានចាកចេញពីបន្ទប់ជាន់ខាងលើ ព្រះយេស៊ូវនិងពួកសាវករបស់ទ្រង់ក៏ចេញទៅសួនច្បារគែតសេម៉ានី។ ពួកគេធ្លាប់បានមកកន្លែងនេះជាច្រើនដងពីមុន។ ឥឡូវនេះ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេឲ្យចាំយាមហើយអធិស្ឋាន។ បន្ទាប់មក ទ្រង់ក៏យាងពីកន្លែងនោះបន្ដិច ហើយក៏ផ្កាប់ព្រះភក្ដ្រចុះដើម្បីអធិស្ឋាន។
ក្រោយមក ព្រះយេស៊ូវក៏ត្រឡប់មកកន្លែងពួកសាវកវិញ។ តើអ្នកគិតថា ពួកគេកំពុងតែធ្វើអ្វីទេ? ពួកគេកំពុងតែដេកលក់! ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេបីដងឲ្យចាំយាម ប៉ុន្តែទ្រង់ឃើញគេដេកលក់ជារៀងរាល់ដង កាលដែលទ្រង់ត្រឡប់មកវិញ។ នៅពេលទ្រង់វិលមកលើកក្រោយបំផុត ព្រះយេស៊ូវមានបន្ទូលថា៖ ‹កោតតែអ្នករាល់គ្នាដេកទៅបាននៅគ្រាយ៉ាងនេះ? ពេលវេលាមកដល់ហើយ ដែលខ្ញុំត្រូវគេប្រគល់ទៅពួកសត្រូវរបស់ខ្ញុំ›។
នៅគ្រានោះ ស្រាប់តែមានឮសម្លេងនៃហ្វូងមនុស្សយ៉ាងធំ។ មើលហ្ន៎! ពួកបុរសកំពុងតែដើរមកដោយមានដាវហើយនិងដំបងផង! ហើយពួកគេក៏កាន់ចន្លុះនៅនឹងដៃដែរ។ នៅពេលដែលគេមកជិត មានម្នាក់ដើរចេញពីហ្វូងមនុស្សមកជិតនឹងព្រះយេស៊ូវ។ គាត់ថើបទ្រង់ ដូចជាអ្នកឃើញនៅទីនេះ។ បុរសនេះជាយូដាស-អ៊ីស្ការីយ៉ុត! ហេតុអ្វីបានជាគាត់មកថើបព្រះយេស៊ូវដូច្នេះ?
ព្រះយេស៊ូវសួរថា៖ ‹យូដាស តើអ្នកនឹងក្បត់ខ្ញុំដោយថើបឬ›? ត្រូវហើយ ការថើបនេះជាសញ្ញា។ នេះធ្វើឲ្យពួកបុរសដែលនៅជាមួយយូដាសដឹងថា នេះជាព្រះយេស៊ូវ ជាបុរសដែលគេចង់ចាប់នោះ។ ដូច្នេះ សត្រូវរបស់ព្រះយេស៊ូវក៏ឈានមកចាប់ទ្រង់។ ប៉ុន្តែ ពេត្រុសមិនអនុញ្ញាតឲ្យគេចាប់យកព្រះយេស៊ូវទៅដោយគ្មានការប្រយុទ្ធឡើយ។ គាត់ក៏ហូតដាវដែលគាត់បានយកមកជាមួយ ហើយកាប់បុរសនៅជិតគាត់។ ដាវនោះបានខុសក្បាលនៃបុរសនោះ តែកាប់ដាច់ត្រចៀកស្ដាំរបស់គាត់។ ព្រះយេស៊ូវពាល់ត្រចៀករបស់បុរសនោះ ហើយក៏បានជាឡើងវិញទៅ។
ព្រះយេស៊ូវមានបន្ទូលប្រាប់ពេត្រុសថា៖ ‹ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញទៅ។ តើអ្នកមិនគិតថា ខ្ញុំអាចសូមព្រះវរបិតារបស់ខ្ញុំឲ្យចាត់ទេវតារាប់ពាន់មកជួយខ្ញុំមិនបានទេឬ›? ពិតហើយ ទ្រង់អាចធ្វើបានមែន! ប៉ុន្តែ ព្រះយេស៊ូវមិនសូមព្រះឲ្យចាត់ពួកទេវតាមកទេ ពីព្រោះទ្រង់ដឹងថា ពេលវេលាមកដល់ហើយ ដែលពួកសត្រូវរបស់ទ្រង់នឹងមកចាប់យកទ្រង់។ ដូច្នេះ ទ្រង់ក៏ឲ្យគេចាប់យកទ្រង់ទៅ។ សូមឲ្យយើងពិនិត្យមើលនូវអ្វីដែលត្រូវកើតឡើងដល់ព្រះយេស៊ូវឥឡូវនេះ។
ម៉ាថាយ ២៦:៣៦-៥៦; លូកា ២២:៣៩-៥៣; យ៉ូហាន ១៨:១-១២