បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១២៤ ទំ. ២៨៤-ទំ. ២៨៥ វ. ១
  • គ្រិស្តត្រូវគេក្បត់ហើយចាប់ខ្លួន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រិស្តត្រូវគេក្បត់ហើយចាប់ខ្លួន
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ការក្បត់និងការចាប់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូបានត្រូវចាប់ខ្លួន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេស៊ូវនៅក្នុងសួនច្បារ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ពិធីអាហារល្ងាចរបស់លោកម្ចាស់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១២៤ ទំ. ២៨៤-ទំ. ២៨៥ វ. ១
លោកយេស៊ូស្តីបន្ទោសពេត្រុសដោយសារគាត់យកដាវកាប់ដាច់ស្លឹកត្រចៀករបស់ម៉ាលឃូស ពួកទាហានប្រុងប្រៀបចាប់លោកយេស៊ូ

ជំពូក​ទី​១២៤

គ្រិស្ត​ត្រូវ​គេ​ក្បត់​ហើយ​ចាប់​ខ្លួន

ម៉ាថាយ ២៦:៤៧​-​៥៦ ម៉ាកុស ១៤:៤៣​-​៥២ លូកា ២២:៤៧​-​៥៣ យ៉ូហាន ១៨:២​-​១២

  • យូដាស​ក្បត់​លោក​យេស៊ូ​នៅ​ក្នុង​សួន

  • ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បុរស​ម្នាក់

  • លោក​យេស៊ូ​បាន​ត្រូវ​ចាប់​ខ្លួន

ឥឡូវ​នេះ​គឺ​ជា​ពេល​រំលង​អធ្រាត្រ​ហើយ។ ពួក​សង្ឃ​បាន​យល់​ព្រម​ឲ្យ​ប្រាក់​ទៅ​យូដាស​ចំនួន​៣០​កាក់​ធ្វើ​ពី​ប្រាក់ ដើម្បី​ឲ្យ​គាត់​ក្បត់​លោក​យេស៊ូ។ ដូច្នេះ យូដាស​នាំ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​ដែល​រួម​មាន​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​ទៅ​រក​លោក​យេស៊ូ។ ក្នុង​ចំណោម​ពួក​គេ​ក៏​មាន​កង​ទាហាន​រ៉ូម​ដែល​ប្រដាប់​ដោយ​អាវុធ​និង​មេ​បញ្ជាការ​ផង​ដែរ។

នៅ​ពេល​ដែល​លោក​យេស៊ូ​ប្រាប់​យូដាស​ឲ្យ​ចាក​ចេញ​ពី​ពិធី​ពិសា​អាហារ​បុណ្យ​រំលង នោះ​គាត់​ច្បាស់​ជា​ទៅ​ជួប​ពួក​សង្ឃនាយក​ភ្លាម។ (​យ៉ូហាន ១៣:២៧​) នៅ​ពេល​នោះ ពួក​គេ​ក៏​ប្រមូល​ពួក​អាជ្ញាធរ​របស់​ខ្លួន រួម​ទាំង​ទាហាន​មួយ​ក្រុម​ផង​ដែរ។ នៅ​ដើម​ដំបូង យូដាស​ប្រហែល​ជា​បាន​នាំ​ពួក​គេ​ទៅ​ឯ​បន្ទប់​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​ធ្វើ​បុណ្យ​រំលង។ ប៉ុន្តែ​ឥឡូវ​នេះ មនុស្ស​មួយ​ក្រុម​នេះ​ដែល​មាន​កំហឹង​បាន​ឆ្លង​ជ្រលង​គីដ្រុន ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​សួន​ហ្គេតសេម៉ានី។ ពួក​គេ​មិន​ត្រឹម​តែ​មាន​អាវុធ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាន់​ចង្កៀង​និង​ចន្លុះ​ដែរ ក្នុង​គោល​បំណង​ស្វែង​រក​លោក​យេស៊ូ​ឲ្យ​ទាល់​តែ​ឃើញ។

កាល​ដែល​យូដាស​នាំ​ពួក​គេ​ឡើង​លើ​ភ្នំ​ដើម​អូលីវ គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា​គាត់​ស្គាល់​កន្លែង​ដែល​គាត់​អាច​រក​លោក​យេស៊ូ​ឃើញ។ ហេតុ​អ្វី? ពី​ព្រោះ​ក្នុង​អំឡុង​សប្ដាហ៍​មុន កាល​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ពី​ភូមិ​បេថានី​ទៅ​ក្រុង​យេរូសាឡិម ពួក​គាត់​តែង​តែ​បាន​ឈប់​សម្រាក​នៅ​សួន​ហ្គេតសេម៉ានី។ ឥឡូវ​នេះ​គឺ​ជា​ពេល​យប់ ហើយ​ស្រមោល​ដើម​អូលីវ​ដែល​នៅ​ក្នុង​សួន​នោះ​ប្រហែល​ជា​បាន​បាំង​លោក​យេស៊ូ​ផង​ដែរ។ ដូច្នេះ តើ​ពួក​ទាហាន​ដែល​ប្រហែល​ជា​មិន​ធ្លាប់​ឃើញ​លោក​យេស៊ូ​ពី​មុន​សោះ អាច​សម្គាល់​លោក​តាម​របៀប​ណា? យូដាស​ប្រាប់​សញ្ញា​មួយ​ដល់​ពួក​គេ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​សម្គាល់​លោក​យេស៊ូ។ គាត់​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ។ ត្រូវ​ចាប់​គាត់​ហើយ​នាំ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន​»។—ម៉ាកុស ១៤:៤៤

ពេល​ដែល​យូដាស​នាំ​ក្រុម​មនុស្ស​ចូល​ក្នុង​សួន គាត់​ឃើញ​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក ដូច្នេះ​គាត់​បាន​ដើរ​តម្រង់​ទៅ​រក​លោក។ យូដាស​និយាយ​ថា​៖ ​«​ជម្រាប​សួរ​រ៉ាប៊ី!​»។ បន្ទាប់​មក គាត់​ថើប​លោក​ដោយ​ថ្នម។ ពេល​នោះ លោក​យេស៊ូ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​មក​ទី​នេះ​ក្នុង​បំណង​អ្វី?​»។ (​ម៉ាថាយ ២៦:៤៩, ៥០​) ក្រោយ​ពី​សួរ​យូដាស​រួច លោក​យេស៊ូ​ក៏​សួរ​សំណួរ​មួយ​ទៀត​ថា​៖ ​«​យូដាស តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ថើប​លោក​ឬ?​»។ (​លូកា ២២:៤៨​) ប៉ុន្តែ លោក​មិន​បាន​ចាំ​ឲ្យ​យូដាស​ឆ្លើយ​តប​នឹង​លោក​ឡើយ!

ឥឡូវ​នេះ លោក​យេស៊ូ​ចូល​ទៅ​ជិត​ពន្លឺ​ចង្កៀង​និង​ចន្លុះ ហើយ​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?​»។ ក្រុម​មនុស្ស​ដែល​មាន​កំហឹង​នោះ​បាន​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ដោយ​ក្លាហាន​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ​»។ (​យ៉ូហាន ១៨:៤, ៥​) ពួក​មនុស្ស​ទាំង​នោះ​មិន​ដឹង​ថា​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ទេ ហើយ​ពួក​គេ​ក៏​ដួល​ដល់​ដី។

ជា​ជាង​ឆ្លៀត​យក​ឱកាស​នោះ​ដើម្បី​រត់​គេច​ខ្លួន លោក​យេស៊ូ​សួរ​ពួក​គេ​ម្ដង​ទៀត​ថា តើ​ពួក​គេ​កំពុង​រក​អ្នក​ណា? នៅ​ពេល​ដែល​គេ​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»​ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ។ ដូច្នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​កំពុង​រក​ខ្ញុំ ចូរ​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ​»។ ទោះ​បី​ជា​ស្ថិត​ក្នុង​ពេល​ដ៏​សំខាន់​នេះ​ក្ដី លោក​យេស៊ូ​នៅ​តែ​ចាំ​អំពី​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា លោក​នឹង​មិន​បាត់​បង់​អ្នក​ណា​ម្នាក់​សោះ។ (​យ៉ូហាន ៦:៣៩; ១៧:១២​) លោក​យេស៊ូ​បាន​ការពារ​ពួក​សាវ័ក​ស្មោះ​ត្រង់​របស់​លោក ហេតុ​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាត់​បង់​នោះ​ឡើយ ​«​លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ​»​ពោល​គឺ​យូដាស។ (​យ៉ូហាន ១៨:៧​-​៩​) ដូច្នេះ ឥឡូវ​នេះ​លោក​សុំ​ពួក​គេ​ឲ្យ​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​របស់​លោក​ចេញ​ទៅ។

ពេល​ដែល​ពួក​ទាហាន​ចូល​មក​ជិត​លោក​យេស៊ូ ពួក​សាវ័ក​យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ពួក​គាត់​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​គួរ​កាប់​នឹង​ដាវ​ឬ?​»។ (​លូកា ២២:៤៩​) មុន​ពេល​ដែល​លោក​យេស៊ូ​ឆ្លើយ​តប​នឹង​ពួក​គាត់ ពេត្រុស​បាន​ហូត​ដាវ​មួយ​ក្នុង​ចំណោម​ដាវ​ពីរ​ដែល​ពួក​គាត់​មាន មក​កាប់​ដាច់​ស្លឹក​ត្រចៀក​ខាង​ស្ដាំ​របស់​ម៉ាលឃូស​ដែល​ជា​ខ្ញុំ​បម្រើ​របស់​សម្ដេច​សង្ឃ។

ឃើញ​ដូច​នោះ លោក​យេស៊ូ​ក៏​ពាល់​ត្រចៀក​របស់​ម៉ាលឃូស ហើយ​ធ្វើ​ឲ្យ​របួស​នោះ​ជា​សះ​ស្បើយ​វិញ។ បន្ទាប់​មក លោក​បង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយ​ដោយ​ប្រាប់​ពេត្រុស​ថា​៖ ​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ ព្រោះ​អស់​អ្នក​ដែល​ប្រើ​ដាវ​ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។ លោក​យេស៊ូ​សុខ​ចិត្ត​ឲ្យ​គេ​ចាប់​លោក ពី​ព្រោះ​លោក​ពន្យល់​ថា​៖ ​«​តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សម្រេច​នូវ​បទ​គម្ពីរ​ថា ត្រូវ​កើត​ឡើង​ដូច្នេះ?​»។ (​ម៉ាថាយ ២៦:៥២, ៥៤​) លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​តើ​ខ្ញុំ​មិន​គួរ​ផឹក​ពី​ពែង​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឲ្យ​ខ្ញុំ​ទេ​ឬ?​»។ (​យ៉ូហាន ១៨:១១​) លោក​យេស៊ូ​យល់​ស្រប​ចំពោះ​គោល​បំណង​របស់​ព្រះ​សម្រាប់​លោក ទោះ​បី​ជា​លោក​ត្រូវ​ស្លាប់​ក៏​ដោយ។

លោក​យេស៊ូ​សួរ​ក្រុម​មនុស្ស​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ? ខ្ញុំ​ធ្លាប់​អង្គុយ​បង្រៀន​នៅ​ក្នុង​វិហារ​រៀង​រាល់​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ចាប់​ខ្ញុំ​ទេ។ ប៉ុន្តែ​ការ​ទាំង​នេះ​បាន​កើត​ឡើង ដើម្បី​សម្រេច​នូវ​បទ​គម្ពីរ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។—ម៉ាថាយ ២៦:៥៥, ៥៦

ពល​ទាហាន មេ​បញ្ជាការ ព្រម​ទាំង​ពួក​អាជ្ញាធរ​របស់​ជន​ជាតិ​យូដា​បាន​ចាប់​ចង​លោក​យេស៊ូ។ ពេល​ឃើញ​ដូច្នេះ ពួក​សាវ័ក​បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា​ទៅ។ ប៉ុន្តែ​មាន​«​យុវជន​ម្នាក់​»​ ដែល​ប្រហែល​ជា​ម៉ាកុស​ដែល​ជា​អ្នក​កាន់​តាម​លោក បាន​បន្ត​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស ហើយ​ទៅ​តាម​លោក​យេស៊ូ។ (​ម៉ាកុស ១៤:៥១​) យុវជន​ម្នាក់​នេះ​បាន​ត្រូវ​ក្រុម​មនុស្ស​ស្គាល់​ថា​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ដូច្នេះ​ពួក​គេ​ក៏​ខំ​ចាប់​គាត់​ដែរ ហេតុ​នេះ​គាត់​បាន​ចោល​សំពត់​សាច់​ល្អ​របស់​គាត់ ហើយ​គេច​ចេញ​ទៅ។

  • ហេតុ​អ្វី​យូដាស​ស្វែង​រក​លោក​យេស៊ូ​ក្នុង​សួន​ហ្គេតសេម៉ានី?

  • តើ​ពេត្រុស​បាន​ធ្វើ​អ្វី​ដើម្បី​ការពារ​លោក​យេស៊ូ ប៉ុន្តែ​តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​រឿង​នេះ?

  • តើ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​យល់​ស្រប​ចំពោះ​គោល​បំណង​របស់​ព្រះ​សម្រាប់​លោក​យ៉ាង​ដូច​ម្ដេច?

  • ពេល​ដែល​ពួក​សាវ័ក​រត់​ចោល​លោក​យេស៊ូ តើ​អ្នក​ណា​បន្ត​ដើរ​តាម​ក្រោយ​លោក ហើយ​តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​មក?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក