ជំពូកទី១១៧
ពិធីអាហារល្ងាចរបស់លោកម្ចាស់
ម៉ាថាយ ២៦:២១-២៩ ម៉ាកុស ១៤:១៨-២៥ លូកា ២២:១៩-២៣ យ៉ូហាន ១៣:១៨-៣០
យូដាសបានត្រូវសម្គាល់ថាជាអ្នកក្បត់
លោកយេស៊ូចាប់ផ្ដើមអាហារពិធីរំលឹក
បន្ដិចមុននេះ លោកយេស៊ូបានបង្រៀនពួកសាវ័កនូវមេរៀនអំពីចិត្តរាបទាប ដោយលាងជើងពួកគាត់។ ឥឡូវនេះ តាមមើលទៅ ក្រោយពីអាហារបុណ្យរំលង លោកយេស៊ូដកស្រង់ពាក្យសម្ដីរបស់ដាវីឌដែលបានចែងទុកក្នុងគម្ពីរថា៖ «មិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ»។ បន្ទាប់មក លោកពន្យល់ថា៖ «ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។—ទំនុកតម្កើង ៤១:៩; យ៉ូហាន ១៣:១៨, ២១
ពេលឮដូចនោះ ពួកសាវ័កមើលមុខគ្នា ហើយសួរលោកថា៖ «លោកម្ចាស់ មិនមែនខ្ញុំទេ មែនទេ?»។ សូម្បីតែយូដាសអ៊ីស្ការីយ៉ុត ក៏សួរដូចនេះដែរ។ នៅពេលនោះ យ៉ូហានអង្គុយជិតលោកយេស៊ូ។ ហេតុនេះ ពេត្រុសសុំយ៉ូហានឲ្យសួរលោកថាជាអ្នកណា។ ដូច្នេះ យ៉ូហានផ្អែកខ្លួនជិតលោកយេស៊ូ ហើយសួរលោកថា៖ «លោកម្ចាស់ តើអ្នកណាទៅ?»។—ម៉ាថាយ ២៦:២២; យ៉ូហាន ១៣:២៥
លោកយេស៊ូឆ្លើយតបថា៖ «គឺជាអ្នកដែលខ្ញុំនឹងឲ្យនំប៉័ងដែលខ្ញុំជ្រលក់»។ ដូច្នេះ លោកក៏ជ្រលក់នំប៉័ងមួយដុំ រួចឲ្យទៅយូដាស ដោយមានប្រសាសន៍ថា៖ «កូនមនុស្សនឹងចាកចេញទៅ ដូចអ្វីដែលបានត្រូវសរសេរអំពីលោក។ ប៉ុន្តែបុរសដែលគេប្រើដើម្បីបញ្ជូនលោក ត្រូវវេទនាណាស់! ចំពោះអ្នកនោះ បើគាត់មិនបានកើតមកទេ នោះប្រសើរជាង»។ (យ៉ូហាន ១៣:២៦; ម៉ាថាយ ២៦:២៤) បន្ទាប់មក សាថានក៏ចូលយូដាស។ បុរសនេះមានភាពមិនស្មោះត្រង់រួចហើយ តែឥឡូវនេះគាត់បណ្ដោយឲ្យខ្លួនធ្វើតាមគោលបំណងរបស់មេកំណាចទាំងស្រុង។ ដូច្នេះ គាត់ក្លាយទៅជា«អ្នកនោះដែលនឹងត្រូវបំផ្លាញ»។—យ៉ូហាន ៦:៦៤, ៧០; ១២:៤; ១៧:១២
លោកយេស៊ូប្រាប់យូដាសថា៖ «អ្វីដែលអ្នកកំពុងធ្វើ ចូរធ្វើឲ្យឆាប់ទៅ»។ ដោយសារយូដាសជាអ្នកកាន់ប្រអប់ទុកប្រាក់ នោះសាវ័កឯទៀតនឹកស្មានថាលោកប្រាប់គាត់ថា៖ «‹ចូរទៅទិញអ្វីដែលយើងត្រូវការសម្រាប់បុណ្យនេះ› ឬប្រាប់គាត់ឲ្យទៅចែកប្រាក់ខ្លះឲ្យអ្នកក្រ»។ (យ៉ូហាន ១៣:២៧-៣០) ផ្ទុយទៅវិញ យូដាសចេញទៅដើម្បីរកឱកាសក្បត់លោកយេស៊ូ។
នៅក្នុងពិធីពិសាអាហារបុណ្យរំលងនាល្ងាចនោះ លោកយេស៊ូចាប់ផ្ដើមពិធីថ្មីមួយទៀត។ លោកយកនំប៉័ងមួយដុំ អរគុណព្រះ រួចកាច់ ហើយឲ្យពួកសាវ័កបរិភោគ ដោយពោលថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ (លូកា ២២:១៩) នំប៉័ងមួយដុំនោះបានត្រូវហុចពីសាវ័កម្នាក់ទៅសាវ័កម្នាក់ ដើម្បីពួកគាត់អាចកាច់យកមកពិសា។
ឥឡូវ លោកយេស៊ូយកពែងស្រាមួយ អរគុណព្រះ រួចហុចឲ្យពួកសាវ័ក។ ពួកគាត់ម្នាក់ៗក៏ពិសាស្រាពីពែងនោះ ហើយលោកយេស៊ូមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ ដែលនឹងត្រូវបង្ហូរចេញដើម្បីអ្នករាល់គ្នា»។—លូកា ២២:២០
ដូច្នេះ លោកយេស៊ូបានចាប់ផ្ដើមពិធីរំលឹកមរណភាពរបស់លោក ដែលពួកអ្នកកាន់តាមលោកត្រូវធ្វើរៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែណែសាន។ ពិធីនេះនឹងរំលឹកអំពីអ្វីដែលលោកយេស៊ូនិងបិតារបស់លោកបានធ្វើ ដើម្បីឲ្យមនុស្សដែលមានជំនឿអាចគេចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ បុណ្យរំលងបញ្ជាក់អំពីការរំដោះជនជាតិយូដាឲ្យមានសេរីភាព ប៉ុន្តែពិធីរំលឹកមរណភាពរបស់លោកយេស៊ូបញ្ជាក់អំពីការរំដោះមនុស្សជាតិទាំងឡាយដែលមានជំនឿឲ្យមានសេរីភាពពិត។
លោកយេស៊ូមានប្រសាសន៍ថាឈាមរបស់លោក«នឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន»។ អ្នកដែលនឹងទទួលការអភ័យទោសបែបនេះ រួមមានពួកសាវ័កស្មោះត្រង់របស់លោក និងពួកអ្នកកាន់តាមស្មោះត្រង់ឯទៀត។ ពួកគេគឺជាអ្នកដែលនឹងនៅជាមួយនឹងលោកក្នុងរាជាណាចក្ររបស់បិតាលោក។—ម៉ាថាយ ២៦:២៨, ២៩