បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៨៧ ទំ. ២០៤-ទំ. ២០៥ វ. ៣
  • អាហារល្ងាចចុងក្រោយរបស់លោកយេស៊ូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អាហារល្ងាចចុងក្រោយរបស់លោកយេស៊ូ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ពិធីអាហារល្ងាចរបស់លោកម្ចាស់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • នៅបន្ទប់ជាន់ខាងលើ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ‹ចូរធ្វើដូច្នេះដើម្បីរំលឹកពីខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • លោកយេស៊ូរៀបចំសម្រាប់បុណ្យរំលងជាលើកចុងក្រោយ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៨៧ ទំ. ២០៤-ទំ. ២០៥ វ. ៣
លោកយេស៊ូផ្ដើមធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ជាមួយនឹងសាវ័កស្មោះត្រង់១១នាក់

មេ​រៀន​ទី​៨៧

អាហារ​ល្ងាច​ចុង​ក្រោយ​របស់​លោក​យេស៊ូ

រាល់​ឆ្នាំ ជនជាតិ​យូដា​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន។ បុណ្យ​រំលង​គឺ​រំលឹក​ពួក​គេ អំពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គេ​ចេញ​ពី​ភាព​ជា​ខ្ញុំ​បម្រើ​ក្នុង​ស្រុក​អេហ្ស៊ីប ហើយ​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា។ នៅ​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​និង​ពួក​សាវ័ក​បាន​ធ្វើ​បុណ្យ​រំលង​នៅ​បន្ទប់​ខាង​លើ​មួយ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ចុង​បញ្ចប់​អាហារ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។ ឮ​ដូច្នេះ ពួក​សាវ័ក​ព្រួយ​ចិត្ត​ណាស់ ហើយ​សួរ​លោក​យេស៊ូ​ថា​៖ ‹តើ​ជា​អ្នក​ណា?›។ លោក​តប​ថា​៖ ‹អ្នក​ណា​ដែល​ខ្ញុំ​ហុច​នំប៉័ង​ឲ្យ គឺ​អ្នក​នោះ​ហើយ›។ រួច​លោក​ហុច​នំប៉័ង​មួយ​ដុំ​ឲ្យ​យូដាស​អ៊ីស្ការីយ៉ុត។ យូដាស​ក្រោក​ឡើង​ភ្លាម​ៗ ចេញ​ពី​បន្ទប់។

បន្ទាប់​មក លោក​យេស៊ូ​អធិដ្ឋាន ហើយ​កាច់​នំប៉័ង​ហុច​ឲ្យ​ពួក​សាវ័ក​ឯ​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​បរិភោគ​ចុះ។ នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា›។ រួច​មក លោក​យេស៊ូ​យក​ស្រា​ទំពាំង​បាយ​ជូរ ក៏​អធិដ្ឋាន ហើយ​ហុច​ឲ្យ​ពួក​សាវ័ក។ លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ពិសា​ចុះ។ នេះ​ជា​តំណាង​ឈាម​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​ប្រគល់​សម្រាប់​ជា​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង។ ខ្ញុំ​សន្យា​ថា អ្នក​រាល់​គ្នា​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​ខ្ញុំ​នៅ​ស្ថាន​សួគ៌។ ចូរ​ធ្វើ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​អំពី​ខ្ញុំ›។ សព្វ​ថ្ងៃ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​តែ​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​នេះ​រាល់​ឆ្នាំ។ ពិធី​នេះ​ហៅ​ថា អាហារ​ល្ងាច​របស់​លោក​ម្ចាស់។

បន្ទាប់​ពី​អាហារ​ល្ងាច ពួក​សាវ័ក​បាន​ប្រកែក​គ្នា​អំពី​អ្នក​ណា​សំខាន់​ជាង​គេ។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ‹អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​ត្រូវ​ចាត់​ទុក​ខ្លួន​ថា​សំខាន់​ជាង​គេ​ឡើយ។

‹អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​ខ្ញុំ។ ខ្ញុំ​ប្រាប់​អំពី​អ្វី​ទាំង​អស់​ដែល​បិតា​ចង់​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​ទៅ​ឯ​បិតា​របស់​ខ្ញុំ​នៅ​ស្ថាន​សួគ៌។ អ្នក​រាល់​គ្នា​នឹង​បន្ត​នៅ​ក្នុង​ពិភព​លោក​នេះ ហើយ​មនុស្ស​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ ដោយ​សារ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា ដូច​ដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា›។

ចុង​ក្រោយ លោក​យេស៊ូ​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ការ​ពារ​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក និង​សូម​ឲ្យ​ពួក​គាត់​ធ្វើ​ការ​រួម​គ្នា​ដោយ​សន្តិភាព។ លោក​ក៏​បាន​អធិដ្ឋាន​សូម​ឲ្យ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ បន្ទាប់​មក លោក​យេស៊ូ​និង​ពួក​សាវ័ក​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា រួច​ចេញ​ទៅ។ ជិត​ដល់​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​គេ​ចាប់​ខ្លួន។

​«​ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ពីព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក​»។—លូកា ១២:៣២

សំណួរ​៖ តើ​លោក​យេស៊ូ​បាន​សន្យា​អ្វី​នឹង​ពួក​សាវ័ក? តើ​នៅ​អាហារ​ល្ងាច​ចុង​ក្រោយ លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​សំខាន់​អ្វី​ដល់​ពួក​គាត់?

ម៉ាថាយ ២៦:២០​-​៣០; លូកា ២២:១៤​-​២៦; យ៉ូហាន ១៣:១, ២, ២៦, ៣០, ៣៤, ៣៥; ១៥:១២​-​១៩; ១៧:៣​-​២៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក