ជំពូកទី១
ហេតុអ្វីគួរតែអានព្រះគម្ពីរ?
យើងរស់នៅក្នុងពិភពលោកដែលមានបញ្ហាជាច្រើន តែមានវិធីដោះស្រាយតិចណាស់។ មនុស្សរាប់លាននាក់តែងតែអត់បាយជារឿយៗ។ មនុស្សកាន់តែច្រើននាក់ញៀនគ្រឿងឱសថ។ គ្រួសារកាន់តែច្រើនឡើងៗក៏ត្រូវបែកបាក់គ្នា។ ការស្មន់និងអំពើឃោរឃៅក្នុងគ្រួសារ តែងតែមានជាញឹកញយតាមពត៌មាន។ ខ្យល់ដែលយើងដកដង្ហើម និងទឹកដែលយើងផឹក ក៏បានក្លាយជាកខ្វក់បន្ដិចម្ដងៗ។ ក្នុងគ្រាដដែលនេះ យើងកាន់តែច្រើននាក់បានត្រូវរងគ្រោះដោយសារបទឧក្រិដ្ឋ។ តើអ្នកគិតថា បញ្ហាទាំងនេះនឹងត្រូវដោះស្រាយបានទេ?
១. (រួមបុព្វយោគ) តើមានបញ្ហាអ្វីខ្លះនៅជំនាន់ថ្មីនេះដែលបង្ហាញថា មនុស្សជាតិត្រូវការការណែនាំ?
ម្យ៉ាងទៀតយើងរស់នៅក្នុងជំនាន់ដ៏មានការពិបាកសម្រេចចិត្តណាស់។ ជាឧទាហរណ៍ មនុស្សជាច្រើនប្រឆាំងដោយឥតឈប់ឈរ ចំពោះការពន្លូតកូន ដោយនិយាយថានេះ គឺជាឃាតកម្មដល់ទារកក្នុងផ្ទៃពោះ។ មនុស្សឯទៀតយល់យ៉ាងខ្លាំងដែរថា ស្ត្រីមានអំណាចលើរូបកាយរបស់គេ ដូច្នេះហើយគួរតែសម្រេចចិត្តអំពីរឿងនេះសម្រាប់ខ្លួនគេ។ មនុស្សជាច្រើនមានទស្សនៈថា ប្រតិព័ទ្ធមនុស្សភេទដូចគ្នា ការផិតគ្នា និងការរួមដំណេកមុនរៀបការ ជាអំពើដ៏អាក្រក់ខុសសីលធម៌។ មនុស្សឯទៀតជឿថា ការប្រព្រឹត្តទាំងនេះគឺជាការដែលគេជ្រើសរើសដោយផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើអ្នកណានឹងសម្រេចថា អ្នកណាមួយគឺត្រូវ ហើយអ្នកណាមួយគឺខុសនោះ?
២, ៣. តើមនុស្សជាច្រើនសព្វថ្ងៃនេះ មានទស្សនៈយ៉ាងណាចំពោះព្រះគម្ពីរ?
២ ព្រះគម្ពីរផ្ដល់ការណែនាំក្នុងរឿងសីលធម៌ ហើយរៀបរាប់វិធីដោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់បញ្ហាខាងបទឧក្រិដ្ឋ ការអត់បាយ និងការធ្វើឲ្យកខ្វក់។ ប៉ុន្តែមនុស្សភាគច្រើនគិតថា ព្រះគម្ពីរលែងមានអំណាចលើរឿងបែបនេះទៀតហើយ។ នៅពេលមួយ យ៉ាងហោចណាស់ក្នុងបស្ចិមប្រទេស ធ្លាប់មានគេគោរពស្ដាប់តាមព្រះគម្ពីរ។ ថ្វីបើព្រះគម្ពីរបានត្រូវសរសេរដោយមនុស្សក៏ដោយ មនុស្សភាគច្រើនក្នុងពិភពគ្រីស្ទសាសនាពីដើម បានទទួលស្គាល់ព្រះគម្ពីរជាបន្ទូលនៃព្រះ ហើយបានជឿថាព្រះទ្រង់ផ្ទាល់ បានបណ្ដាលឲ្យតែងសេចក្ដីក្នុងព្រះគម្ពីរ។
៣ ប៉ុន្តែសព្វថ្ងៃនេះ មនុស្សជាច្រើននិយមចោទសួរអំពីអ្វីៗគ្រប់យ៉ាង ដូចជា៖ ទំនៀមទម្លាប់ មតិ សីលធម៌ សូម្បីតែការមានព្រះផង។ ជាពិសេស មនុស្សមានការសង្ស័យនឹងតម្លៃនៃព្រះគម្ពីរ។ មនុស្សជាច្រើនហាក់ដូចជាគិតថា ព្រះគម្ពីរគឺហួសសម័យ ហើយគ្មានន័យទាក់ទងសោះឡើយ។ មានអ្នកប្រាជ្ញសម័យថ្មីតិចណាស់ដែលយល់ថា ព្រះគម្ពីរជាបន្ទូលនៃព្រះ។ មនុស្សភាគច្រើនបែរជាយល់ស្របនឹងអ្នកប្រាជ្ញម្នាក់ឈ្មោះ ជេម្សបារ៍វិញ ដែលបានសរសេរថា៖ «ដំណើររឿងរបស់ខ្ញុំអំពីការបង្កើតប្រពៃណីខាងព្រះគម្ពីរនោះ គឺជារឿងមួយអំពីកិច្ចការរបស់មនុស្ស ហើយជាសេចក្ដីថ្លែងរបស់មនុស្សអំពីជំនឿរបស់គេ»។1
៤, ៥. ហេតុអ្វីជាសារៈសំខាន់ ដែលយើងត្រូវដឹង ថាតើព្រះគម្ពីរពិតជាបណ្ដាលមកពីព្រះឬក៏មិននោះ? តើអ្វីជាគោលបំណងនៃសៀវភៅនេះ?
៤ តើអ្នកមានមតិដូចនេះដែរឬ? តើអ្នកគិតថា ព្រះគម្ពីរជាបន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស? ទោះជាអ្នកឆ្លើយយ៉ាងណាក៏ដោយចំពោះសំនួរនេះ សូមអ្នកពិចារណាចំណុចនេះ៖ បើព្រះគម្ពីរគ្រាន់តែជាពាក្យសំដីនៃមនុស្ស នោះច្បាស់ជាគ្មានវិធីដោះស្រាយច្បាស់លាស់ ចំពោះបញ្ហារបស់មនុស្សជាតិទេ។ មនុស្សនឹងត្រូវខំពុះពារឲ្យបានសម្រេចទាំងត្រដរ ដោយសង្ឃឹមថា គេនឹងជៀសផុតពីការបំពុលខ្លួនគេដល់ស្លាប់សាបសូន្យ ឬពីការធ្វើឲ្យវិនាសខ្លួនគេក្នុងសង្គ្រាមបរមាណូ។ ប៉ុន្តែ បើព្រះគម្ពីរជាបន្ទូលនៃព្រះ នោះយើងត្រូវការព្រះគម្ពីរ ដើម្បីជួយយើងឲ្យឆ្លងផុតពីគ្រាដ៏ពិបាកនេះ។
៥ សៀវភៅនេះនឹងបង្ហាញឲ្យឃើញទីសំអាងថា ព្រះគម្ពីរពិតជាបន្ទូលនៃព្រះ។ ហើយអ្នកបោះពុម្ពផ្សាយសង្ឃឹមថា ក្រោយពេលអ្នកបានពិចារណាមើលទីសំអាងនេះហើយ អ្នកនឹងយល់ឃើញថា មានតែព្រះគម្ពីរទេ ដែលមានវិធីដោះស្រាយដ៏ត្រឹមត្រូវសម្រាប់បញ្ហារបស់មនុស្សជាតិ។ ប៉ុន្តែជាបឋម យើងចង់បំបែរអារម្មណ៍របស់អ្នកទៅលើការណ៍ពិតខ្លះៗ ពីព្រោះការណ៍ពិតទាំងនេះ នឹងធ្វើឲ្យអ្នកគួរតែពិចារណាមើលព្រះគម្ពីរ។
សៀវភៅដែលលក់ដាច់ច្រើនជាងគេនៅគ្រប់គ្រាទាំងអស់
៦, ៧. តើមានការណ៍ពិតអ្វីដ៏អស្ចារ្យអំពីព្រះគម្ពីរ ដែលយើងគួរតែយកចិត្តទុកដាក់?
៦ ជាដំបូង ព្រះគម្ពីរជាសៀវភៅដែលលក់ដាច់ជាងគេទាំងអស់ ហើយជាសៀវភៅដែលបានត្រូវចែកចាយដ៏ច្រើនបំផុតក្នុងគ្រប់ប្រវត្ដិសាស្ត្រ។ យោងទៅតាមសៀវភៅហ្គីនណេសអំពីឯតទគ្គកម្មនៃពិភពលោក ដែលបានបោះពុម្ពនៅឆ្នាំ១៩៨៨ មានព្រះគម្ពីរចំនួនប្រហែល២.៥០០.០០០.០០០ក្បាល បានត្រូវបោះពុម្ពរវាងឆ្នាំ១៨១៥និងឆ្នាំ១៩៧៥។ នេះជាចំនួនដ៏ធំក្រៃលែង។ គ្មានសៀវភៅឯទៀត ក្នុងគ្រប់ប្រវត្ដិសាស្ត្រដែលមានចំនួនបោះពុម្ពចែកចាយ ស្មើនឹងចំនួនព្រះគម្ពីរឡើយ។
៧ ក្រៅពីនោះទៀត គ្មានសៀវភៅឯណាទៀតទេ ដែលបានត្រូវបកប្រែជាច្រើនភាសាដល់ម្ល៉េះ។ ឥឡូវនេះ គេអាចអានព្រះគម្ពីរទាំងមូលឬជាចំណែកខ្លះៗ បានជាង២.០០០ភាសាផ្សេងៗគ្នា។ សមាគមព្រះគម្ពីរអាមេរិករាយការណ៍ថា ឥឡូវនេះ ៩៨ភាគរយនៃប្រជាជននៅលើផែនដីយើងនេះអាចទទួលសារព្រះគម្ពីរ។ សូមគិតមើលពីកិច្ចការដ៏ធំសម្បើម ក្នុងការផលិតសេចក្ដីបកប្រែយ៉ាងច្រើនទាំងនេះ! តើមានសៀវភៅឯណាទៀត ដែលបានគេយកចិត្តទុកដាក់ដូចនេះទេ?
សៀវភៅមួយដ៏មានអានុភាព
៨, ៩. តើមនុស្សខ្លះបានបញ្ចេញយោបល់យ៉ាងណា ដែលបង្ហាញអំពីអានុភាពនៃព្រះគម្ពីរ?
៨ សៀវភៅសព្វវចនាធិប្បាយប៊្រីធែណនីកាថ្មីចែងថា ព្រះគម្ពីរ«គឺប្រហែលជាសៀវភៅដែលបានបញ្ចូលគ្នាដ៏មានអានុភាពបំផុត ក្នុងប្រវត្ដិសាស្ត្រមនុស្ស»។2 អ្នកនិពន្ធកំណាព្យជាតិអាល្លឺម៉ង់ឈ្មោះ ហែនរីជ្ឈ ហាញ នៃសតវត្សទី១៩ បានសារភាពថា៖ «ខ្ញុំបានទទួលការបំភ្លឺឲ្យបានចេះដឹងដោយសារការអានសៀវភៅមួយ . . . គឺព្រះគម្ពីរ។ គឺត្រឹមត្រូវណាស់ដែលសៀវភៅនេះត្រូវហៅថា បទគម្ពីរបរិសុទ្ធ។ អ្នកណាដែលបានបាត់បង់ព្រះរបស់ខ្លួន អាចរកទ្រង់ឃើញវិញ ក្នុងសៀវភៅនេះ»។3 ក្នុងសតវត្សដដែលនោះ លោក វាល្លាមស៊ូវ័ត ដែលជាអ្នកសកម្មនិយមប្រឆាំងនឹងទាសភាពបានប្រកាសថា៖ «សេចក្ដីសង្ឃឹមទាំងស្រុងនៃការចំរើនទៅមុខរបស់មនុស្ស គឺពឹងពាក់ទៅលើអានុភាពដែលកើនខ្លាំងឡើងរបស់ព្រះគម្ពីរ»។4
៩ លោកអ័ប្រាហាំលីងគិន ជាប្រធានាធិបតីទី១៦នៃសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ព្រះគម្ពីរជា«អំណោយទានដ៏ល្អបំផុតដែលព្រះបានប្រទានឲ្យមនុស្សជាតិ . . . បើមិនដោយសារព្រះគម្ពីរទេ នោះយើងមិនអាចដឹងខុសត្រូវឡើយ»។5 លោកវាល្លាមប្លែកស្ទន ជានីតិបណ្ឌិតជាតិអង់គ្លេស បានបញ្ជាក់អំពីអានុភាពនៃព្រះគម្ពីរដោយមានប្រសាសន៍ថា៖ «អស់ទាំងច្បាប់នៃមនុស្សសុទ្ធតែពឹងពាក់ទៅលើមូលដ្ឋានទាំងពីរនេះ គឺច្បាប់ខាងធម្មជាតិនិងច្បាប់ខាងសេចក្ដីបំភ្លឺ[ព្រះគម្ពីរ]។ គឺបានសេចក្ដីថា ច្បាប់នៃមនុស្សជាតិមិនត្រូវឲ្យផ្ទុយប្រឆាំងនឹងមូលដ្ឋានទាំងនេះឡើយ»។6
បានត្រូវស្អប់និងស្រឡាញ់ដែរ
១០. តើការប្រឆាំងនឹងព្រះគម្ពីរបានត្រូវសម្ដែងតាមរបៀបណាខ្លះ?
១០ ក្នុងពេលដំណាលគ្នានេះ យើងត្រូវកត់សម្គាល់ថា គ្មានសៀវភៅឯណាទៀតដែលបានទទួលការប្រឆាំងដ៏សាហាវ ព្រមទាំងសេចក្ដីស្អប់ក្នុងគ្រប់ប្រវត្ដិសាស្ត្រឡើយ។ ព្រះគម្ពីរបានត្រូវគេដុតក្នុងភ្នក់ភ្លើងនៅចំពោះមុខសាធារណៈ តាំងពីមជ្ឈិមសម័យរហូតមកដល់សតវត្សទី២០យើងនេះ។ ហើយអ្នកដែលអានឬចែកចាយព្រះគម្ពីរ បានត្រូវកាត់ទោស ដោយទទួលពិន័យនិងជាប់ឃុំឃាំង សូម្បីតែនៅក្នុងសម័យថ្មីនេះផង។ នៅសតវត្សមុនៗ «បទឧក្រិដ្ឋ»បែបនេះតែងតែបណ្ដាលឲ្យទទួលទារុណកម្មនិងសេចក្ដីស្លាប់។
១១, ១២. តើលោកធីនដេលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះគម្ពីរយ៉ាងដូចម្ដេច?
១១ ក្នុងពេលដំណាលគ្នានឹងការទាំងនេះ ព្រះគម្ពីរក៏បានបណ្ដាលឲ្យមនុស្សមានចិត្តភក្ដី។ មនុស្សជាច្រើនបានខំព្យាយាមអានព្រះគម្ពីរ ទោះជាមានការធ្វើទុក្ខបៀតបៀនដ៏ឥតឈប់ឈរក៏ដោយ។ សូមពិចារណាមើល លោកវាល្លាមធីនដេល ជាតិអង់គ្លេសនៅសតវត្សទី១៦ ដែលបានសិក្សានៅសកលវិទ្យាល័យអុក្សហ្វដ ហើយបានទៅជាគ្រូបង្រៀនម្នាក់ដ៏មានគេគោរពនៅសកលវិទ្យាល័យខែមប៊្រីច្ឆ។
១២ លោកធីនដេលស្រឡាញ់ព្រះគម្ពីរណាស់។ ប៉ុន្តែនៅជំនាន់លោក អ្នកកាន់អំណាចខាងសាសនាបានទទូចចង់ទុកព្រះគម្ពីរជាភាសាឡាតាំង ជាភាសាដែលគេលែងប្រើ។ ដូច្នេះ ដើម្បីឲ្យជនជាតិរបស់លោកអានព្រះគម្ពីរបាន លោកធីនដេលក៏ប្ដេជ្ញាចិត្តបកប្រែព្រះគម្ពីរជាភាសាអង់គ្លេស។ ដោយសារការធ្វើនេះជាខុសច្បាប់ លោកធីនដេលក៏បោះបង់ចោលនូវការងារខាងបង្រៀនដ៏ស្រណុក ហើយភៀសខ្លួនទៅនៅឯទ្វីបអឺរ៉ុប។ លោកមានជីវិតរស់នៅដ៏លំបាកជាអ្នកគេចខ្លួន តែបានយូរគ្រាន់នឹងបកប្រែបទគម្ពីរភាសាក្រិក(«សញ្ញាថ្មី»)និងបទគម្ពីរភាសាហេព្រើរ(«សញ្ញាចាស់»)ខ្លះ ចេញជាភាសារបស់លោក។ ប៉ុន្តែក្រោយមក លោកបានត្រូវគេចាប់បាន ហើយជាប់ទោសខាងអញ្ញមតិ។ គេបានរឹតកសម្លាប់លោក ហើយសពលោកក៏បានត្រូវគេដុតចោលទៅ។
១៣. តើអ្វីមួយដែលធ្វើឲ្យព្រះគម្ពីរពិតជាប្លែកពីសៀវភៅឯទៀត?
១៣ លោកធីនដេលគ្រាន់តែជាបុគ្គលម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាច្រើន ដែលបានលះបង់អ្វីៗទាំងអស់ដើម្បីអានព្រះគម្ពីរ ឬឲ្យមនុស្សឯទៀតមានព្រះគម្ពីរដែរ។ ឥតមានសៀវភៅឯទៀតណា ដែលបណ្ដាលឲ្យមនុស្សប្រុសស្រីសាមញ្ញជាច្រើន មានសេចក្ដីក្លាហានដ៏ខ្ពស់ដូចនេះទេ។ ដោយហេតុនេះ ព្រះគម្ពីរគឺពិតជាគ្មានអ្វីប្រៀបស្មើបានឡើយ។
ការអះអាងថាជាបន្ទូលនៃព្រះ
១៤, ១៥. តើអ្នកសរសេរព្រះគម្ពីរបានអះអាងអំពីអ្វីជាញឹកញយ?
១៤ ព្រះគម្ពីរគឺប្លែកពីសៀវភៅទាំងអស់ ដោយព្រោះការអះអាងរបស់អ្នកសរសេរជាច្រើននៃព្រះគម្ពីរ។ មានបុគ្គលប្រហែលជា៤០នាក់ដែលមានរួម ស្តេច អ្នកគង្វាល អ្នកនេសាទ អ្នករដ្ឋការ ពួកសង្ឃ យ៉ាងតិចក៏មានឧត្តមសេនីយម្នាក់ និងគ្រូពេទ្យម្នាក់ បានរួមដៃសរសេរចំណែកផ្សេងៗនៃព្រះគម្ពីរ។ ប៉ុន្តែ ម្ដងហើយម្ដងទៀត អ្នកសរសេរទាំងនេះបានធ្វើសេចក្ដីអះអាងដូចគ្នាថា៖ ពួកគេមិនមែនសរសេរគំនិតរបស់ខ្លួនគេទេ គឺរបស់ព្រះវិញ។
១៥ ដូច្នេះ យើងអានសេចក្ដីដូចនេះជាញឹកញយក្នុងព្រះគម្ពីរថា៖ «ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្ដាតខ្ញុំ» ឬ«ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូល»។ (សាំយូអែលទី២ ២៣:២; អេសាយ ២២:១៥) ក្នុងសំបុត្រមួយដែលបានផ្ញើទៅឲ្យអ្នកផ្សាយដំណឹងល្អគ្នាឯងម្នាក់ សាវ័កប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់ល័ក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៦,១៧
១៦. តើព្រះគម្ពីរពិគ្រោះអំពីសំនួរអ្វី?
១៦ ស្របជាមួយនឹងការអះអាងថា ព្រះគម្ពីរជាបន្ទូលនៃព្រះ មិនមែនពាក្យសំដីនៃមនុស្ស ព្រះគម្ពីរក៏មានចម្លើយចំពោះសំនួរដែលមានតែព្រះអាចឆ្លើយបាន។ ជាឧទាហរណ៍ ព្រះគម្ពីរពន្យល់ឲ្យដឹងអំពី ហេតុដែលរដ្ឋាភិបាលនៃមនុស្សមិនអាចនាំមកនូវសន្ដិភាពដ៏យឺនយូរ និងរបៀបដែលមនុស្សអាចរកឃើញសេចក្ដីគាប់ចិត្តយ៉ាងជ្រាលជ្រៅក្នុងជីវិត ហើយនិងអំពីអនាគតយ៉ាងដូចម្ដេចសម្រាប់ផែនដីនិងមនុស្សជាតិនៅលើផែនដីផង។ ឥឡូវនេះ ដោយអ្នកជាអ្នកចេះរិះគិត អ្នកច្បាស់ជាងឿងឆ្ងល់ជាច្រើនដងចំពោះសំនួរទាំងនេះ និងសំនួរស្រដៀងគ្នាដែរ។ ហេតុអ្វីក៏មិនពិចារណាមើលលទ្ធភាពដែលថាព្រះគម្ពីរជាបន្ទូលនៃព្រះ ហើយជាពិសេសអាចផ្ដល់ចម្លើយជាផ្លូវការបាននោះ?
១៧, ១៨. (ក) តើការចោទប្រកាន់អ្វីខ្លះដែលប្រឆាំងនឹងព្រះគម្ពីរ ដែលនឹងត្រូវពិគ្រោះក្នុងសៀវភៅនេះ? (ខ) តើកម្មវត្ថុអ្វីទៀតដែលនឹងត្រូវយកមកពិចារណា?
១៧ យើងសូមលើកទឹកចិត្តអ្នក ឲ្យពិនិត្យឲ្យបានច្បាស់លាស់នូវទីសំអាងដែលចែងក្នុងសៀវភៅនេះ។ ជំពូកខ្លះៗក្នុងសៀវភៅនេះ នឹងពិគ្រោះអំពីការរិះគន់ដ៏ល្បីទៅលើព្រះគម្ពីរ។ ដូចជា តើព្រះគម្ពីរមិនស្របនឹងវិទ្យាសាស្ត្រឬ? តើព្រះគម្ពីរមានសេចក្ដីផ្ទុយនឹងគ្នាទេ? តើព្រះគម្ពីរមានរឿងប្រវត្ដិសាស្ត្រពិត ឬក៏មានតែរឿងប្រឌិត? តើអព្ភូតហេតុដែលបានចែងទុកក្នុងព្រះគម្ពីរ បានកើតឡើងមែនឬទេ? ទីសំអាងយ៉ាងសមហេតុផលដែលបង្ហាញក្នុងនេះ នឹងឆ្លើយសំនួរទាំងនេះ។ ក្រោយពីនេះ ការសម្ដែងដ៏មានអានុភាពមាំមួន អំពីការដឹកនាំដោយព្រះក្នុងព្រះគម្ពីរនឹងត្រូវយកមកពិគ្រោះ៖ ទំនាយក្នុងព្រះគម្ពីរ ប្រាជ្ញាដ៏ជ្រៅជ្រះដែលមានក្នុងនោះ និងអានុភាពដ៏អស្ចារ្យដែលព្រះគម្ពីរមានទៅលើជីវិតមនុស្ស។ នៅក្រោយបង្អស់ យើងនឹងឃើញអានុភាពអ្វីដែលព្រះគម្ពីរអាចមានទៅលើជីវិតរបស់អ្នក។
១៨ ប៉ុន្តែជាបឋម យើងនឹងពិគ្រោះអំពីរបៀបដែលយើងបានទទួលព្រះគម្ពីរមក។ សូម្បីតែប្រវត្ដិសាស្ត្រនៃព្រះគម្ពីរដ៏អស្ចារ្យនេះ ផ្ដល់ភស្តុតាងថា ព្រះគម្ពីរគឺមកពីប្រភពដែលមិនមែនជាប្រភពខាងមនុស្សប៉ុណ្ណោះទេ។
[រូបភាពពេញមួយទំព័រនៅទំព័រ៤]
[រូបភាពនៅទំព័រ៦]
ព្រះគម្ពីរគឺជាសៀវភៅដែលបានត្រូវចែកចាយ ហើយបកប្រែច្រើនជាងគេបង្អស់ក្នុងគ្រប់ប្រវត្ដិសាស្ត្រ
[រូបភាពនៅទំព័រ៩]
ដូចបង្ហាញក្នុងរូបឈើឆ្លាក់នេះក្នុងសតវត្សទី១៥ មនុស្សជាច្រើនបានត្រូវគេដុតទាំងរស់ ដោយព្រោះតែ«បទឧក្រិដ្ឋ»នៃការអានព្រះគម្ពីរ
[រូបភាពនៅទំព័រ១១]
អ្នកសរសេរព្រះគម្ពីរបានអះអាងថា ព្រះបានបណ្ដាលឲ្យពួកគេសរសេរសេចក្ដីនោះ