ភាគទី៤
ព្រះមានបន្ទូលប្រាប់យើងអំពីបំណងព្រះហឫទ័យរបស់ទ្រង់
១, ២ តើយ៉ាងណាដែលមនុស្សយើងអាចដឹងថា ព្រះពិតជាផ្ដល់ចម្លើយដល់មនុស្សដែលសួរដោយចិត្តស្មោះនោះ?
ព្រះមួយអង្គដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ប្រាកដជាសម្ដែងប្រាប់នូវបំណងព្រះហឫទ័យរបស់ទ្រង់ ដល់មនុស្សស្មោះត្រង់ណាដែលស្វែងរកទ្រង់។ ព្រះអម្ចាស់ពិតជាប្រគល់ដល់មនុស្សដែលចង់ដឹង នូវចម្លើយចំពោះសំនួរដូចជា៖ តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនា។
២ ព្រះគម្ពីរបានចែងប្រាប់ថា៖ «បើឯងរក[ព្រះ] នោះនឹងបានឃើញមែន»។ «មានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន»។ «ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង»។—របាក្សត្រទី១ ២៨:៩; ដានីយ៉ែល ២:២៨; អេម៉ុស ៣:៧
តើមានចម្លើយពីណាមក?
៣ តើយើងអាចរកចម្លើយបានពីណាមក ចំពោះហេតុដែលនាំឲ្យព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនានោះ?
៣ ចម្លើយចំពោះសំនួរដូចជា ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនា ហើយថាទ្រង់នឹងប្រព្រឹត្តដោះស្រាយយ៉ាងណាចំពោះរឿងនោះ អាចរកឃើញបាននៅក្នុងឯកសារដែលព្រះបានបញ្ចេញវិញ្ញាណទ្រង់ឲ្យតែងឡើង សម្រាប់ផលប្រយោជន៍ដល់មនុស្សយើង។ ឯកសារនោះគឺជាបន្ទូលរបស់ទ្រង់ ជាព្រះគម្ពីរបរិសុទ្ធ។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ។ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត។ ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៦, ១៧
៤, ៥ តើអ្វីដែលធ្វើឲ្យព្រះគម្ពីរជាសៀវភៅមួយដ៏ល្អប្រសើរឯកនោះ?
៤ ព្រះគម្ពីរពិតជាសៀវភៅដ៏ល្អប្រសើរឯកមួយមែន។ សៀវភៅនេះមានប្រវត្ដិសាស្ត្រមនុស្សលោកដ៏ត្រឹមត្រូវបំផុត ហើយព្រមទាំងកត់ទុកនូវព្រឹត្ដិការណ៍ដែលបានកើតឡើងមុនការបង្កើតមនុស្សលោកទៅទៀត។ ព្រះគម្ពីរក៏ទាន់សម័យដែរ ពីព្រោះបទទំនាយដែលចែងមកក្នុងនោះ សំដៅចំពោះព្រឹត្ដិការណ៍នៅក្នុងសម័យយើង ព្រមទាំងនៅក្នុងអនាគតដែលជិតមកដល់ហើយផង។
៥ គ្មានសៀវភៅឯណាទៀតមានភាពត្រឹមត្រូវដ៏គ្រប់លក្ខណ៍បែបនេះខាងប្រវត្ដិសាស្ត្រឡើយ។ ជាឧទាហរណ៍ មានតែឯកសារហត្ថខាងលោកីយពីរបីរបស់អ្នកនិពន្ធជាតិក្រិកពីសម័យបុរាណទេ ដែលនៅមាន។ ប៉ុន្តែមានឯកសារហត្ថនៃព្រះគម្ពីរជាច្រើន ខ្លះមានជាភាគ ខ្លះទៀតមានគ្រប់ភាគទាំងអស់៖ ប្រមាណ៦.០០០ច្បាប់ពីបទគម្ពីរភាសាហេព្រើរ (៣៩សៀវភៅនៃ «សញ្ញាចាស់») ហើយប្រមាណ១៣.០០០ច្បាប់ពីបទគម្ពីរគ្រីស្ទានភាសាក្រិក (២៧សៀវភៅនៃ «សញ្ញាថ្មី»)។
៦ តើហេតុអ្វីបានជាយើងអាចដឹងជាប្រាកដថា ព្រះគម្ពីរមានលក្ខណៈដូចគ្នានឹងកាលដែលព្រះទ្រង់បានបណ្ដាលវិញ្ញាណទ្រង់ឲ្យសរសេរឡើងនោះ?
៦ ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលទ្រង់បានបណ្ដាលវិញ្ញាណទ្រង់ឲ្យចែងទុកព្រះគម្ពីរ បានរ៉ាប់រងថាបូរណភាពខាងឯកសារបានត្រូវរក្សាទុកនៅក្នុងឯកសារចម្លងទាំងនោះ។ ដោយហេតុនេះបានជាព្រះគម្ពីររបស់យើងសព្វថ្ងៃនេះ មានសារៈដូចគ្នានឹងឯកសារហត្ថដើមដែលត្រូវបានចែងទុកនៅក្រោមអានុភាពនៃវិញ្ញាណរបស់ព្រះ។ កត្ដាមួយទៀតដែលជួយឲ្យយើងយល់រឿងនេះគឺថា ឯកសារចម្លងខ្លះៗនៃបទគម្ពីរក្រិកគ្រីស្ទាន មានអាយុតិចជាងមួយរយឆ្នាំពីពេលដែលឯកសារដើមនោះបាននិពន្ធមក។ រីឯឯកសារចម្លងបន្ដិចបន្តួចរបស់អ្នកនិពន្ធខាងលោកីយពីសម័យបុរាណ គឺនៅមាននៅឡើយ ប៉ុន្តែឯកសារនោះមានអាយុរហូតដល់បីបួនសតវត្សពីកំណើតនៃឯកសារដើម។
អំណោយទានរបស់ព្រះ
៧ តើព្រះគម្ពីរបានចែកចេញរហូតដល់ចំនួនប៉ុន្មានក្បាល?
៧ ព្រះគម្ពីរជាសៀវភៅដែលបានចែកចេញលើសជាងគេទាំងអស់ក្នុងប្រវត្ដិសាស្ត្រ។ ព្រះគម្ពីរត្រូវបានបោះពុម្ពចំនួនប្រមាណ៣០០កោដិក្បាល។ គ្មានសៀវភៅឯណាទៀតដែលបានបោះពុម្ពមកមានចំនួនប្រហែលនឹងព្រះគម្ពីរឡើយ។ ហើយព្រះគម្ពីរឬក៏ផ្នែកនៃព្រះគម្ពីរបានត្រូវបកប្រែជាប្រមាណ២.០០០ភាសា។ ដោយហេតុនេះ ប្រហែល៩៨ភាគរយនៃប្រជាជននៅផែនដីយើងនេះ អាចមានព្រះគម្ពីរដើម្បីនឹងអានបាន។
៨-១០ តើមានហេតុណាខ្លះដែលសម្ដែងថា ព្រះគម្ពីរពិតជាសមគួរនឹងការពិនិត្យពិច័យរបស់យើងនោះ?
៨ ពិតហើយ សៀវភៅដែលអះអាងថាមកពីព្រះ ព្រមទាំងមានភស្តុតាងពីខាងក្រៅនិងខាងក្នុងចំពោះយថាភាពនោះ គឺសមគួរនឹងការពិនិត្យពិច័យរបស់យើងជាមិនខាន។a ព្រះគម្ពីរពន្យល់អំពីគោលបំណងនៃជីវិត អត្ថន័យនៃស្ថានការណ៍ក្នុងលោកីយ ហើយអ្វីដែលនឹងកើតមានក្នុងអនាគតផង។ គ្មានសៀវភៅឯណាទៀតអាចសម្ដែងរឿងនេះបានឡើយ។
៩ ពិតមែនហើយ ព្រះគម្ពីរជាវិធីជូនដំណឹងរបស់ព្រះដល់ក្រុមគ្រួសារមនុស្សលោកទាំងឡាយ។ ព្រះអង្គបានដឹកនាំការសរសេរនៃគម្ពីរនោះតាមរយៈសកម្មពលរបស់ព្រះ ជាវិញ្ញាណបរិសុទ្ធ ដោយប្រើប្រមាណ៤០មនុស្សឲ្យធ្វើការសរសេរនោះ។ ដូច្នោះហើយ ព្រះអង្គទាក់ទងនឹងមនុស្សយើងតាមរយៈបន្ទូលរបស់ទ្រង់ ជាព្រះគម្ពីរបរិសុទ្ធនោះ។ សាវកប៉ុលបានសរសេរថា៖ «កាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេ បានទទួល តាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះ»។—ថែស្សាឡូនីចទី១ ២:១៣
១០ លោកអ័ប្រាហាំ-លីងគិន ជាប្រធានាធិបតីទី១៦នៃសហរដ្ឋអាមេរិក បានហៅព្រះគម្ពីរថាជា «អំណោយទានដ៏ល្អបំផុតដែលព្រះបានប្រគល់ដល់មនុស្សលោក . . . បើមិនដោយសារតែព្រះគម្ពីរនោះទេ ពួកយើងនឹងមិនដឹងខុសត្រូវឡើយ»។ អញ្ចឹង តើអំណោយទានដ៏វិសេសវិសាលនេះ ចែងប្រាប់យើងយ៉ាងណាអំពីរបៀបដែលសេចក្ដីទុក្ខវេទនាបានចាប់ផ្ដើមមក នឹងហេតុដែលនាំឲ្យព្រះអនុញ្ញាតឲ្យមាននោះ ហើយតើព្រះអង្គនឹងប្រព្រឹត្តដោះស្រាយយ៉ាងណាអំពីរឿងនេះ?
[កំណត់សម្គាល់]
a ចំពោះពត៌មានល្អិតល្អន់ថែមទៀតអំពីយថាភាពនៃព្រះគម្ពីរ សូមអញ្ជើញមើលសៀវភៅ៖ ព្រះគម្ពីរ—ជាបន្ទូលរបស់ព្រះ ឬក៏ពាក្យសំដីរបស់មនុស្ស? ដែលបានបោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅឆ្នាំ១៩៨៩ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋនូយ៉ក ជាសាជីវកម្ម។
[រូបភាពនៅទំព័រ១០]
ព្រះបានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងព្រះគម្ពីរដែលជាការធ្វើគមនាគមន៍របស់ទ្រង់ចំពោះក្រុមគ្រួសារមនុស្សលោក