ផ្នែកទី៦
ហេតុអ្វីក៏មានការឈឺចាប់និងអយុត្ដិធម៌ច្រើនម្ល៉េះ?
១, ២. ដោយបានឃើញការពិសោធរបស់មនុស្សហើយ តើមានសំនួរអ្វីដែលត្រូវសួរ?
១ ប៉ុន្តែ បើសិនជាព្រះអាទិទេពមានគោលបំណងចង់ឲ្យមនុស្សគ្រប់ល័ក្ខណ៍រស់នៅលើផែនដីជានិរន្តរ៍ក្នុងស្ថានភាពដ៏សែនមនោរម្យ ហើយបើព្រះអង្គនៅតែមានគោលបំណងយ៉ាងនេះមែន ហេតុអ្វីក៏ឥឡូវនេះគ្មានសួនមនោរម្យសោះអញ្ចឹង? ផ្ទុយទៅវិញ ហេតុអ្វីក៏មនុស្សលោកយើងបានជួបប្រទះតែនឹងការឈឺចាប់និងអយុត្ដិធម៌អស់ជាច្រើនសតវត្សយ៉ាងនេះ?
២ គឺគ្មានចម្ងល់ឡើយ ប្រវត្ដិសាស្ត្រមនុស្សគឺពេញទៅដោយសេចក្ដីវេទនា ដែលបណ្ដាលមកពីសង្គ្រាម ការវាយដណ្ដើមយកខាងចក្រពត្ដិនិយម ការកេងប្រវ័ញ្ចន៍ អយុត្ដិធម៌ ភាពក្រីក្រ សេចក្ដីវិនាស រោគជម្ងឺ និងសេចក្ដីស្លាប់។ ហេតុអ្វីក៏ការអាក្រក់ដ៏ច្រើនយ៉ាងនេះបានកើតឡើងដល់មនុស្សជាច្រើនដែលគ្មានកំហុសសោះអញ្ចឹង? បើព្រះមានអំណាចពេញទី ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានការឈឺចាប់ដ៏ច្រើនក្រៃលែងដល់រាប់ពាន់ឆ្នាំយ៉ាងនេះ? ដ្បិតព្រះបានបង្កើតហើយរៀបចំសកលលោកបានល្អយ៉ាងនេះ ហេតុអ្វីក៏ទ្រង់អនុញ្ញាតឲ្យមានការគ្មានសណ្ដាប់ធ្នាប់និងសេចក្ដីវិនាសលើផែនដីដូច្នេះ?
ឧទាហរណ៍មួយ
៣-៥. (ក) តើឧទាហរណ៍អ្វីដែលអាចជួយយើងឲ្យយល់នូវមូលហេតុដែលព្រះនៃសណ្ដាប់ធ្នាប់បានអនុញ្ញាតឲ្យមានការគ្មានសណ្ដាប់ធ្នាប់កើតឡើងនៅលើផែនដីនេះ? (ខ) ក្នុងចំណោមយោបល់ពីរបីនោះ តើយោបល់មួយណាដែលសមចំពោះស្ថានភាពនៃផែនដីនេះ?
៣ ចូរយើងប្រើឧទាហរណ៍មួយ ដើម្បីបង្ហាញនូវមូលហេតុដែលព្រះនៃសណ្ដាប់ធ្នាប់បានអនុញ្ញាតឲ្យសេចក្ដីវឹកវរគ្មានសណ្ដាប់ធ្នាប់កើតឡើងនៅលើផែនដី។ សូមអ្នកគិតអំពីខ្លួនអ្នកដែលកំពុងតែដើរចូលក្នុងព្រៃហើយមកដល់ផ្ទះមួយ។ ពេលអ្នកពិនិត្យមើលផ្ទះនោះ អ្នកបានឃើញថាវាគ្មានសណ្ដាប់ធ្នាប់សោះ។ បង្អួចបានបាក់បែក ដំបូលខូចធ្លុះធ្លាយ រានឈើមានប្រហោងក្រហេងក្រហូង រីឯទ្វារវិញមានត្រចៀកតែមួយ ហើយបំពង់ទឹកទាំងប៉ុន្មានក៏ខូចអស់ដែរ។
៤ ពេលអ្នកប្រទះឃើញរបស់បាក់បែកទាំងនេះ តើអ្នកនឹងសន្និដ្ឋានថាគ្មានអ្នកគូរប្លង់ណាដ៏មានប្រាជ្ញាបានសង់ផ្ទះនោះទេឬ? តើរបស់គ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យអ្នកជឿថា ផ្ទះនោះបានត្រូវសង់មកដោយចៃដន្យប៉ុណ្ណោះឬ? ឬក៏បើអ្នកបានសន្និដ្ឋានថាមានបុគ្គលណាម្នាក់បានគូរប្លង់សង់ផ្ទះនោះមែន តើអ្នកយល់ថា បុគ្គលម្នាក់នេះច្បាស់ជាមិនប៉ិនប្រសប់ ហើយមិនចេះគិតគូរឬ?
៥ ដល់ពេលអ្នកពិនិត្យមើលគម្រោងផ្ទះនេះឲ្យបានហ្មត់ចត់ទៅ នោះអ្នកឃើញថា ពីដំបូង ផ្ទះនេះបានត្រូវរៀបឡើងយ៉ាងល្អ ហើយផ្ដល់ទីសំអាងថាអ្នកសង់ផ្ទះនេះចេះគិតគូរខ្វល់ខ្វាយជាច្រើនផង។ ប៉ុន្តែ ឥឡូវផ្ទះនេះគឺត្រូវទ្រុឌទ្រោមបាក់បែកអស់។ តើការបាក់បែកនិងបញ្ហាអស់នេះអាចបង្ហាញប្រាប់អំពីអ្វី? គឺអាចឲ្យយោបល់ថា (ទី១) ម្ចាស់ផ្ទះបានស្លាប់ (ទី២) គាត់មានសមត្ថភាពសង់ផ្ទះ ប៉ុន្តែលែងយកចិត្តទុកដាក់នឹងផ្ទះនោះហើយ ឬ (ទី៣) គាត់បានជួលផ្ទះរបស់គាត់មួយរយៈពេលឲ្យអ្នកដែលគ្មានចិត្តអបអរនឹងការរស់នៅទីនោះ។ យោបល់ទី៣នេះគឺស្រដៀងនឹងស្ថានភាពនៃផែនដីមែន។
តើមានអ្វីខុសកើតឡើង
៦, ៧. តើអ្វីបានកើតឡើងដល់អ័ដាមនិងអេវ៉ា ពេលគេបានល្មើសច្បាប់ព្រះ?
៦ យើងរៀនពីឯកសារមុនៗនៅក្នុងព្រះគម្ពីរ ថាព្រះឥតមានគោលបំណងឲ្យមនុស្សឈឺចាប់ឬស្លាប់នោះទេ។ អ័ដាមនិងអេវ៉ា ដែលជាឪពុកម្ដាយដំបូងរបស់មនុស្សយើងបានស្លាប់ គឺពីព្រោះពួកគេមិនបានស្ដាប់បង្គាប់ព្រះ។ (លោកុប្បត្តិ ២, ៣ជំពូកទី២ និងទី៣) ពេលដែលពួកគេមិនបានស្ដាប់បង្គាប់នោះ ពួកគេក៏បានលែងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះទៀតដែរ។ ពួកគេបានដកខ្លួនចេញពីសេចក្ដីរក្សាការពារនៃព្រះ។ នេះគឺដូចជាពួកគេបានបណ្ដាច់ខ្លួនគេពីព្រះដែលជា «ប្រភពនៃជីវិត»។—ទំនុកដំកើង ៣៦:៩, ព.ថ.
៧ រូបកាយនិងចិត្តរបស់ពួកគេ ក៏ទៅជាខ្សោយឡើងៗ ប្រៀបដូចជាម៉ាស៊ីនដែលទៅជាយឺតហើយឈប់ដើរ នៅពេលផ្ដាច់ពីអគ្គីសនីដែលជាប្រភពនៃកម្លាំង។ ដោយហេតុនេះ អ័ដាមនិងអេវ៉ាក៏បានទ្រុឌទ្រោមចាស់ជរា ដល់ទីបំផុតក៏បានស្លាប់ទៅ។ តើអ្វីបានកើតឡើងជាបន្ទាប់មក? ពួកគេក៏វិលត្រឡប់ទៅទីដើមរបស់គេវិញ៖ «ឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ កាលណាគេមិនបានធ្វើតាមច្បាប់របស់ព្រះ នោះសេចក្ដីស្លាប់នឹងត្រូវកើតឡើង ដូចព្រះបានព្រមានថា៖ «[ឯង] នឹងត្រូវស្លាប់ជាមិនខាន»។—លោកុប្បត្តិ ២:១៧; ៣:១៩
៨. តើតាមរបៀបណាដែលបាបរបស់ឪពុកម្ដាយដំបូងរបស់យើង មានឥទ្ធិពលទៅលើគ្រួសារមនុស្ស?
៨ មិនមែនមានតែឪពុកម្ដាយដំបូងរបស់យើងប៉ុណ្ណោះទេដែលត្រូវស្លាប់ តែកូនចៅទាំងអស់របស់ពួកគេ គឺមនុស្សជាតិទាំងមូលក៏ត្រូវធ្លាក់ចូលទៅក្នុងសេចក្ដីស្លាប់ដែរ។ ហេតុអ្វី? ពីព្រោះស្របតាមច្បាប់ពន្ធុវិជ្ជា កូនគឺទទួលចរិតលក្ខណៈពីឪពុកម្ដាយ។ ហើយកូនទាំងអស់របស់ឪពុកម្ដាយដំបូងយើងបានទទួលភាពមិនល្អឥតខ្ចោះនិងសេចក្ដីស្លាប់។ រ៉ូម ៥:១២ ប្រាប់យើងថា៖ «បាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ [គឺអ័ដាម ឪពុកដំបូងរបស់មនុស្សលោក] ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ [ដោយបានទទួលភាពឥតគ្រប់ល័ក្ខណ៍ គឺចិត្តល្អៀងទៅរកអំពើបាប]»។ ហើយពីព្រោះមនុស្សបានស្គាល់តែអំពើបាប ភាពឥតគ្រប់ល័ក្ខណ៍ និងសេចក្ដីស្លាប់ ម្ល៉ោះហើយអ្នកខ្លះក៏យល់ថានេះជាការធម្មតា ជាការគេចមិនរួច។ ប៉ុន្តែ មនុស្សមុនដំបូងបានត្រូវបង្កើតមកឲ្យមានសមត្ថភាពនិងចិត្តប្រាថ្នារស់នៅជានិរន្តរ៍។ ដោយហេតុនេះហើយបានជាមនុស្សភាគច្រើនមួម៉ៅចិត្តជាខ្លាំង ដោយឃើញថាជីវិតរបស់គេ នឹងត្រូវបញ្ចប់ដោយសេចក្ដីស្លាប់យ៉ាងនេះ។
ហេតុអ្វីក៏យូរម្ល៉េះ?
៩. ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើងយូរម្ល៉េះ?
៩ ហេតុអ្វីបានជាព្រះទុកឲ្យមនុស្សរស់នៅតាមតែចិត្តគេយូរម្ល៉េះ? ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានការឈឺចាប់អស់ជាច្រើនសតវត្សយ៉ាងនេះ? មូលហេតុដ៏ចាំបាច់មួយគឺថា មានរឿងមួយដ៏សំខាន់ណាស់បានត្រូវចោទឡើង គឺថា៖ តើអ្នកណាមានសិទ្ធិគ្រប់គ្រង? តើព្រះគួរតែជាអ្នកគ្រប់គ្រងមនុស្ស ឬក៏មនុស្សអាចគ្រប់គ្រងខ្លួនគេបានដោយជោគជ័យ មិនបាច់ពឹងទៅលើទ្រង់?
១០. តើមនុស្សបានទទួលសមត្ថភាពអ្វី ហើយមានការទទួលខុសត្រូវអ្វីជាប់ជាមួយដែរ?
១០ មនុស្សបានត្រូវបង្កើតមកដោយមានចិត្តសេរី គឺថាគេមានសមត្ថភាពជ្រើសរើស។ ពួកគេមិនមែនបង្កើតមកឲ្យដូចជារូបយន្ត ឬក៏ដូចជាសត្វដែលត្រូវណែនាំភាគច្រើនដោយសភាវគតិនោះទេ។ ដូច្នេះ មនុស្សអាចជ្រើសរើសអ្នកដែលគេចង់បំរើ។ (ចោទិយកថា ៣០:១៩; កូរិនថូសទី២ ៣:១៧) ម្ល៉ោះហើយបានជាបន្ទូលរបស់ព្រះទូន្មានថា៖ «គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បី នឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ»។ (ពេត្រុសទី១ ២:១៦) ប៉ុន្តែ កាលដែលមនុស្សមានសេរីភាពអាចជ្រើសរើស ដែលជាអំណោយទានដ៏អស្ចារ្យនោះ ពួកគេក៏ត្រូវតែសុខចិត្តទទួលលទ្ធផលនៃការជ្រើសរើសរបស់គេដែរ។
១១. តើមានវិធីតែមួយណាដែលនាំឲ្យដឹងថា ផ្លូវមិនពឹងពាក់ទៅលើព្រះអាចសម្រេចជោគជ័យបានឬមិនបាននោះ?
១១ ឪពុកម្ដាយដំបូងរបស់មនុស្សយើងបានសម្រេចចិត្តខុស។ ពួកគេបានជ្រើសរើសផ្លូវដែលមិនពឹងពាក់ទៅលើព្រះ។ ប្រាកដហើយ ព្រះអាចផ្ដាច់ជីវិតរបស់មនុស្សបះបោរមួយគូដំបូងនេះបានភ្លាម ក្រោយពេលគេបានប្រើចិត្តសេរីរបស់គេដោយមិនត្រឹមត្រូវនោះ។ ប៉ុន្តែ ការនេះនឹងមិនបានដោះស្រាយសំនួរអំពីសិទ្ធិនៃព្រះ ក្នុងការគ្រប់គ្រងលើមនុស្សនោះឡើយ។ ដោយសារតែមនុស្សមួយគូដំបូងមិនចង់ពឹងពាក់ទៅលើព្រះ នោះក៏មានសំនួរមួយដែលត្រូវតែឆ្លើយ៖ តើផ្លូវនោះអាចនាំឲ្យជីវិតបានសប្បាយជោគជ័យទេ? ដើម្បី នឹងរកចម្លើយនេះគឺមានតែទុកឲ្យឪពុកម្ដាយដំបូងរបស់យើង និងកូនចៅរបស់គេរស់នៅតទៅតាមតែចិត្តខ្លួន ដ្បិតគេបានជ្រើសរើសផ្លូវនោះហើយ។ ពេលវេលានឹងបង្ហាញឲ្យឃើញ ថាតើមនុស្សបានត្រូវបង្កើតមក ឲ្យបានជោគជ័យក្នុងការគ្រប់គ្រងខ្លួនគេ ដោយមិនបាច់ពឹងពាក់ទៅលើព្រះដែលបង្កើតគេ។
១២. តើយេរេមាប្រមើលឃើញយ៉ាងដូចម្ដេចអំពីការគ្រប់គ្រងរបស់មនុស្ស ហេតុអ្វីក៏ដូច្នេះ?
១២ យេរេមាជាអ្នកសរសេរព្រះគម្ពីរបានដឹងថានឹងមានលទ្ធផលយ៉ាងណា។ ដោយវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ព្រះ ឬសកម្មពលរបស់ទ្រង់បានដឹកនាំ នោះយេរេមាក៏បានសរសេរយ៉ាងពិតត្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។ ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ»។ (យេរេមា ១០:២៣, ២៤) លោកបានដឹងថាមនុស្សត្រូវតែមានការណែនាំដោយប្រាជ្ញាសួគ៌ារបស់ព្រះ។ ហេតុអ្វី? គឺពីព្រោះព្រះមិនបានបង្កើតមនុស្សមកឲ្យបានសម្រេចជោគជ័យ ដោយគ្មានការណែនាំពីទ្រង់ឡើយ។
១៣. តើលទ្ធផលនៃការគ្រប់គ្រងរបស់មនុស្សអស់រាប់ពាន់ឆ្នាំមកនេះ បានបង្ហាញឲ្យឃើញអ្វីយ៉ាងច្បាស់អស់ពីការសង្ស័យ?
១៣ លទ្ធផលនៃការគ្រប់គ្រងរបស់មនុស្សអស់រាប់ពាន់ឆ្នាំមកនេះ បានបង្ហាញឲ្យឃើញច្បាស់អស់ពីការសង្ស័យ ថាមិនមែនស្រេចលើមនុស្សទេ ក្នុងការដឹកនាំរឿងរ៉ាវរបស់ខ្លួន មិនពឹងពាក់ទៅលើព្រះជាអ្នកបង្កើតរបស់គេនោះ។ ក្រោយពេលបានខំប្រឹងប្រែងហើយ ពួកគេអាចបន្ទោសតែខ្លួនឯងប៉ុណ្ណោះ ចំពោះផលមហន្តរាយទាំងប៉ុន្មាន។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា៖ «[ព្រះ] ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។ គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេ មិនមែនជារបស់ពួកកូនទ្រង់ទេ»។—ចោទិយកថា ៣២:៤, ៥
ព្រះនឹងចូលធ្វើអន្តរាគមន៍ក្នុងពេលឆាប់ៗនេះ
១៤. ហេតុអ្វីបានជាព្រះនឹងចូលធ្វើអន្តរាគមន៍ក្នុងរឿងរ៉ាវមនុស្សដោយលែងបង្អង់ចាំយូរទៀត?
១៤ ក្រោយពេលបានអនុញ្ញាតឲ្យឃើញគ្រប់គ្រាន់ហើយ ថាមនុស្សគ្រប់គ្រងមិនបានសម្រេចជោគជ័យទេក្នុងរយ:ជាច្រើនសតវត្សនោះ ឥឡូវនេះព្រះអាចចូលធ្វើអន្តរាគមន៍ក្នុងរឿងរ៉ាវមនុស្ស ហើយបញ្ឈប់ការឈឺចាប់ ទុក្ខព្រួយ ជម្ងឺ និងសេចក្ដីស្លាប់។ ក្រោយពេលបានអនុញ្ញាតឲ្យមនុស្សបានសម្រេចដល់កំពូល ខាងវិទ្យាសាស្ត្រ ឧស្សាហកម្ម ថ្នាំពេទ្យ និងវិស័យឯទៀតហើយ នោះក៏មិនចាំបាច់ឲ្យព្រះទុកពេលរាប់សតវត្សថែមទៀតទេ ដើម្បីឲ្យមនុស្សបង្ហាញ ថាតើពួកគេអាចឬមិនអាចនាំមកនូវពិភពលោកដ៏សែនសុខសាន្តមនោរម្យ ដោយមិនបាច់ពឹងពាក់ទៅលើព្រះជាអ្នកបង្កើតរបស់គេនោះ។ ពួកគេមិនបានសម្រេចទេ ហើយក៏មិនអាចធ្វើទៅបានដែរ។ ការមិនពឹងពាក់ទៅលើព្រះបាននាំឲ្យកើតមានពិភពលោកមួយដែលមានការអាក្រក់ ស្អប់គ្នា ស្លាប់ហិនហោចវិញ។
១៥. តើដំបូន្មានមួយណាក្នុងព្រះគម្ពីរដែលយើងគួរតែស្ដាប់តាម?
១៥ ថ្វីបើមានអ្នកគ្រប់គ្រងចិត្តស្មោះដែលបានប្រាថ្នាចង់ជួយមនុស្សលោកក៏ដោយ តែការខំប្រឹងប្រែងរបស់ពួកគេឥតបានសម្រេចជោគជ័យទេ។ នៅគ្រប់ទីកន្លែងសព្វថ្ងៃនេះ មានទីសំអាងអំពីការបាក់បែកក្នុងការគ្រប់គ្រងរបស់មនុស្ស។ ហេតុនេះហើយបានជាព្រះគម្ពីរទូន្មានថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»។—ទំនុកដំកើង ១៤៦:៣
[រូបភាពនៅទំព័រ២៤, ២៥]
សូម្បីតែពួកអ្នកគ្រប់គ្រងដោយចិត្តស្មោះនៃពិភពលោក ក៏មិនអាចនាំមកនូវពិភពលោកមួយដ៏សែនសុខសាន្តមនោរម្យឡើយ