ភាគទី៧
តើបានកើតមានលទ្ធផលយ៉ាងណាពីការបះបោរនោះ?
១-៣ តើរយៈពេលជាច្រើនកន្លងមកបានសម្ដែងយ៉ាងណាអំពីការត្រឹមត្រូវនៃព្រះយេហូវ៉ា?
ចំពោះរឿងចំណោទនៃសិទ្ធិផ្ដាច់មុខរបស់ព្រះក្នុងការគ្រប់គ្រង តើមានលទ្ធផលយ៉ាងណាពីការគ្រប់គ្រងរបស់មនុស្សដែលមិនពឹងទៅលើព្រះ ក្នុងកំលុងពេលជាច្រើនសតវត្សមកនេះ? តើមនុស្សលោកបានត្រូវសម្ដែងថាជាអ្នកគ្រប់គ្រងដែលប្រសើរជាងព្រះឬ? គឺមិនមែនទេ បើសិនណាយើងវិនិច្ឆ័យដោយពិនិត្យនូវប្រវត្ដិសាស្ត្រដែលពេញដោយអំពើអមនុស្សធម៌ដែលមនុស្សបានប្រព្រឹត្តនឹងគ្នាឯងនោះ។
២ កាលដែលឪពុកម្ដាយដើមរបស់មនុស្សយើងបានបដិសេធមិនព្រមទទួលការគ្រប់គ្រងរបស់ព្រះ សេចក្ដីមហន្តរាយក៏បានកើតឡើងជាលទ្ធផល។ ពួកគេបានបណ្ដាលឲ្យមានសេចក្ដីទុក្ខវេទនាទៅលើខ្លួនគេ ព្រមទាំងក្រុមគ្រួសារមនុស្សដែលកើតមកពីគេដែរ។ ហើយពួកគេមិនអាចបន្ទោសដល់អ្នកណាទៀតទេ គឺមានតែខ្លួនគេប៉ុណ្ណោះ។ បន្ទូលរបស់ព្រះបានចែងថា៖ «គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ»។—ចោទិយកថា ៣២:៥
៣ ប្រវត្ដិសាស្ត្របានសម្ដែងភាពត្រឹមត្រូវនៃសេចក្ដីព្រមានរបស់ព្រះទៅអ័ដាមនិងអេវ៉ាថា បើកាលណាពួកគេរើសផ្លូវដែលនាំឲ្យគេចេញពីការទំនុកបំរុងរបស់ព្រះ នោះគេនឹងត្រូវទទួលសេចក្ដីពុករលួយ ហើយតាមយថាហេតុគេនឹងត្រូវស្លាប់ជាមិនខាន។ (លោកុប្បត្តិ ២:១៧; ៣:១៩) ពួកគេបានរើសយកផ្លូវដែលនាំឲ្យគេចេញពីការគ្រប់គ្រងរបស់ព្រះ ហើយក្រោយមកគេបានទទួលសេចក្ដីពុករលួយ ហើយក៏បានស្លាប់ទៅ។
៤ តើហេតុអ្វីបានជាយើងទាំងអស់គ្នាបានកើតមកដោយមានភាពមិនល្អឥតខ្ចោះ រហ័សនឹងឈឺ ហើយរហ័សនឹងស្លាប់នោះ?
៤ សេចក្ដីដែលកើតឡើងចំពោះកូនចៅទាំងប៉ុន្មានរបស់គេ ត្រូវបានពន្យល់មកនៅរ៉ូម ៥:១២ ថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់[គឺអ័ដាម ជាមេគ្រួសារដើមរបស់មនុស្សលោក] ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»។ ដូច្នេះ កាលដែលឪពុកម្ដាយដើមរបស់យើងបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ព្រះ ពួកគេបានក្លាយទៅជាអ្នកមានបាបដែលមានខ្ចោះ។ ស្របទៅតាមច្បាប់ខាងពន្ធុវិជ្ជា ភាពមិនល្អឥតខ្ចោះដែលកើតជាលទ្ធផលនោះ ជាការដែលគេអាចឆ្លងដល់កូនចៅរបស់គេដែរ។ ដោយហេតុនេះ បានជាមនុស្សយើងទាំងអស់គ្នាបានកើតមកដោយមានខ្ចោះ រហ័សនឹងឈឺហើយរហ័សនឹងស្លាប់ទៅវិញ។
៥, ៦ តើប្រវត្ដិសាស្ត្របានសម្ដែងយ៉ាងណាចំពោះសេចក្ដីខ្នះខ្នែងរបស់មនុស្សលោកក្នុងការនាំមកនូវសន្ដិភាពនិងភាពចម្រើនរុងរឿងដ៏ពិតប្រាកដនោះ?
៥ សតវត្សជាច្រើនបានកន្លងទៅហើយ។ ចក្រភពជាច្រើនបានកើតមានឡើងហើយក៏បានបាត់ទៅវិញដែរ។ រដ្ឋាភិបាលគ្រប់ប្រភេទដែលមនុស្សអាចគិតឃើញ បានត្រូវពិសោធរួចអស់ហើយ។ ប៉ុន្តែម្ដងហើយម្ដងទៀត អំពើដែលគួរឲ្យស្ដាយបានកើតឡើងទៅលើក្រុមគ្រួសារមនុស្សលោក។ ប្រមាណប្រាំមួយពាន់ឆ្នាំមកនេះ មនុស្សម្នាក់នឹងគិតថា មនុស្សលោកមុខជាបានចម្រើនរហូតដល់មានលទ្ធភាពនឹងស្ថាបនានូវសន្ដិភាព សេចក្ដីយុត្ដិធម៌ និងភាពចម្រើនរុងរឿងនៅពេញពិភពលោកទាំងមូល ហើយថាមកដល់ឥឡូវនេះពួកគេមុខជាបានស្ទាត់ជំនាញនូវគុណសម្បទាដ៏មានប្រយោជន៍ខាងគុណធម៌ មេត្ដាធម៌ និងសហប្រតិបត្ដិការរួចហើយ។
៦ ប៉ុន្តែហេតុការណ៍ដ៏ជាក់ស្តែងគឺផ្ទុយទៅវិញ។ គ្មានប្រភេទរដ្ឋាភិបាលមនុស្សណាដែលបានប្រឌិតឡើងមក បាននាំមកនូវសន្ដិភាពនិងភាពចម្រើនរុងរឿងដ៏ពិតប្រាកដចំពោះមនុស្សទាំងអស់បានឡើយ។ គ្រាន់តែក្នុងសតវត្សទី២០នេះ យើងបានឃើញឃាតកម្មដែលបានប្រព្រឹត្តឡើងតាមផែនការដល់មនុស្សរាប់លាននាក់ក្នុងកំលុងពេលហាយនភាពណាត្ស៊ី ហើយការកាប់សម្លាប់មនុស្សជាង១០០លាននាក់ដោយសារសង្គ្រាម។ នៅសម័យយើងនេះ មនុស្សមានចំនួនរាប់ពុំអស់ បានត្រូវគេធ្វើទារុណកម្ម ត្រូវសម្លាប់ និងត្រូវចាប់ដាក់គុកដោយសារភាពគ្មានត្រាប្រណីហើយដោយសារការទាស់គំនិតគ្នាខាងនយោបាយ។
ស្ថានការណ៍នៅសព្វថ្ងៃនេះ
៧ តើស្ថានការណ៍សព្វថ្ងៃនេះរបស់គ្រួសារមនុស្សលោក អាចពណ៌នាបានយ៉ាងណា?
៧ ម្យ៉ាងទៀត សូមលោកអ្នកអញ្ជើញពិចារណានូវស្ថានការណ៍ទូទៅរបស់ក្រុមគ្រួសារមនុស្សលោកសព្វថ្ងៃនេះ។ បទឧក្រិដ្ឋនិងអំពើឃោរឃៅមានច្រើនហួសហេតុ។ ការរំលោភក្នុងការប្រើគ្រឿងឱសថបានរាលដាលយ៉ាងច្រើន។ កាមរោគបានរាលដាលយ៉ាងសន្ធឹក។ រោគអេដស៍ដែលគួរខ្លាចកំពុងមានឥទ្ធិពលលើមនុស្សរាប់លាននាក់។ មនុស្សរាប់កោដិនាក់ស្លាប់ដោយសារការអត់បាយឬក៏ជម្ងឺជារៀងរាល់ឆ្នាំ តែឯមនុស្សមួយចំនួនតូចមានទ្រព្យសម្បត្ដិយ៉ាងសម្បើមទៅវិញ។ មនុស្សលោកធ្វើឲ្យកខ្វក់ដល់ផែនដីហើយដណ្ដើមយកវត្ថុធាតុមានតម្លៃពីផែនដីដោយគ្មានប្រណី។ ជីវភាពគ្រួសារហើយតម្លៃសីលធម៌បានត្រូវបែកបាក់នៅគ្រប់ទីកន្លែងទាំងអស់។ ជាពិតប្រាកដមែន ជីវិតសព្វថ្ងៃនេះសម្ដែងគុណភាពនៃការគ្រប់គ្រងដ៏អាក្រក់របស់«ព្រះរបស់លោកីយនេះ» គឺសាតាំងនោះឯង។ លោកីយដែលវាជាចៅហ្វាយទៅលើនោះ គឺមិនប្រកបទៅដោយសេចក្ដីស្រឡាញ់ ឃោរឃៅ ហើយពោរពេញទៅដោយសេចក្ដីពុករលួយទាំងអស់ទៀតផង។—កូរិនថូសទី២ ៤:៤
៨ តើហេតុអ្វីបានជាយើងមិនអាចនិយាយថា ការសម្រេចរបស់មនុស្សលោកជាសេចក្ដីចម្រើនដ៏ពិតប្រាកដនោះ?
៨ ព្រះទ្រង់បានអនុញ្ញាតឲ្យមានរយៈពេលគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សអាចឡើងដល់កម្រិតខ្ពស់បំផុតនៃសេចក្ដីចម្រើនខាងវិទ្យាសាស្ត្រនិងខាងវត្ថុរបស់គេ។ ប៉ុន្តែ តើជាសេចក្ដីចម្រើនដ៏ពិតប្រាកដឬ កាលដែលធ្នូនិងព្រួញបានត្រូវផ្លាស់ប្ដូរទៅនឹងកាំភ្លើងយន្ត រថក្រោះ យន្តហោះទម្លាក់គ្រាប់បែក ហើយគ្រាប់បែកបរមាណូទៅវិញនោះ? តើជាសេចក្ដីចម្រើនឬ កាលដែលមនុស្សអាចធ្វើដំណើរឡើងទៅអវកាស តែមិនអាចរស់នៅជាមួយគ្នាដោយសន្ដិសុខនៅលើផែនដីនេះ? តើជាសេចក្ដីចម្រើនឬ កាលដែលមនុស្សខ្លាចមិនហ៊ានដើរតាមផ្លូវនៅពេលយប់ ឬសូម្បីតែនៅពេលថ្ងៃក្នុងទីកន្លែងជាច្រើននោះ?
ការអនុញ្ញាតនូវពេលវេលាបានសម្ដែងយ៉ាងណា
៩, ១០ (ក) តើរយៈពេលជាច្រើនសតវត្សកន្លងទៅនេះបានសម្ដែងដ៏ច្បាស់យ៉ាងណា? (ខ) តើហេតុអ្វីបានជាព្រះនឹងមិនយកចិត្តសេរីចេញពីមនុស្សយើង?
៩ ការពិសោធអស់រយៈពេលជាច្រើនសតវត្សបានសម្ដែងមកថា មនុស្សលោកមិនអាចដឹកនាំជំហានខ្លួនឲ្យបានជោគជ័យក្រៅពីការគ្រប់គ្រងរបស់ព្រះឡើយ។ គេមិនអាចធ្វើទៅបានទេ គឺដូចជាគេមិនអាចរស់នៅដោយមិនបរិភោគម្ហូប ផឹកទឹក និងដកដង្ហើមអញ្ចឹង។ សក្ខីភាពសម្ដែងយ៉ាងច្បាស់ថា៖ មនុស្សយើងបានត្រូវបង្កើតមក ដើម្បីឲ្យពឹងទៅលើម្ហូបអាហារ ទឹក និងខ្យល់ជាប្រាកដយ៉ាងណា នោះយើងក៏ត្រូវបង្កើតមកឲ្យពឹងទៅលើការដឹកនាំរបស់អ្នកបង្កើតយើងយ៉ាងនោះដែរ។
១០ ដោយសារការអនុញ្ញាតឲ្យមានអំពើអាក្រក់នោះ ព្រះទ្រង់បានសម្ដែងជាស្ថាពរ នូវលទ្ធផលដ៏គួរឲ្យស្ដាយដែលកើតពីការប្រើមិនត្រឹមត្រូវនូវចិត្តសេរីនោះ។ ហើយដោយចិត្តសេរីជាអំណោយទានដ៏វិសេសវិសាល នោះព្រះមិនបានយកចេញពីមនុស្សទេ ផ្ទុយទៅវិញ ព្រះបានអនុញ្ញាតឲ្យពួកគេយល់ឃើញលទ្ធផលពីការប្រើមិនត្រឹមត្រូវនោះវិញ។ បន្ទូលរបស់ព្រះសម្ដែងសេចក្ដីពិត កាលដែលចែងថា៖ «ដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរ» ទេ។ ហើយក៏សម្ដែងសេចក្ដីពិតទៀតថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។—យេរេមា ១០:២៣; សាស្ដា ៨:៩
១១ តើមានប្រភេទការគ្រប់គ្រងមនុស្សណាមួយដែលបានបំបាត់នូវសេចក្ដីទុក្ខវេទនាឬទេ?
១១ សេចក្ដីអនុញ្ញាតរបស់ព្រះនូវការគ្រប់គ្រងរបស់មនុស្សអស់រយៈពេលប្រមាណប្រាំមួយពាន់ឆ្នាំមកនេះ សម្ដែងយ៉ាងជាក់ស្តែងថា មនុស្សលោកគឺគ្មានសមត្ថភាពនឹងបំបាត់សេចក្ដីទុក្ខវេទនាបានទេ។ ពួកគេមិនដែលបានសម្រេចការនេះឡើយ។ ជាឧទាហរណ៍ ស្តេចសាឡូម៉ូនរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ប្រកបដោយគតិបណ្ឌិត ទ្រព្យសម្បត្ដិជាអនេក និងអំណាចយ៉ាងខ្លាំង តែមិនអាចដោះស្រាយនូវសេចក្ដីទុក្ខវេទនា ដែលកើតពីការគ្រប់គ្រងរបស់មនុស្ស នៅគ្រារបស់លោកនោះឡើយ។ (សាស្ដា ៤:១-៣) នៅសម័យយើងនេះ ក៏ដូចគ្នាដែរ។ អ្នកដឹកនាំលោកីយ សូម្បីតែមានគ្រឿងបច្ចេកទេសទំនើបបំផុតក្ដី នៅតែគេមិនអាចបំបាត់នូវសេចក្ដីទុក្ខវេទនាបានឡើយ។ ជាការអាក្រក់ទៅទៀត ប្រវត្ដិសាស្ត្របានសម្ដែងថា មនុស្សលោកដែលមិនពឹងទៅលើការគ្រប់គ្រងរបស់ព្រះ បានធ្វើឲ្យសេចក្ដីទុក្ខវេទនាបានចម្រើនឡើងជាជាងបំបាត់ការនោះទៅវិញ។
ទំនតដ៏វែងឆ្ងាយរបស់ព្រះ
១២-១៤ តើប្រយោជន៍ជានិរន្តរ៍ណា នឹងកើតមានឡើងជាលទ្ធផលពីការអនុញ្ញាតរបស់ព្រះនូវសេចក្ដីទុក្ខវេទនានោះ?
១២ ការអនុញ្ញាតរបស់ព្រះនូវសេចក្ដីទុក្ខវេទនា បាននាំឲ្យមនុស្សយើងមានសេចក្ដីលំបាកមែន។ ប៉ុន្តែទ្រង់មានទំនតដ៏វែងឆ្ងាយអំពីអនាគត ដោយទ្រង់ជ្រាបនូវលទ្ធផលដ៏ល្អដែលនឹងកើតមានឡើងដល់យូរទៅនោះ។ ទំនតរបស់ព្រះនេះនឹងនាំប្រយោជន៍ដល់ប្រជានិករគ្រប់រូប មិនគ្រាន់តែពីរបីឆ្នាំឬក៏ពីរបីពាន់ឆ្នាំប៉ុណ្ណោះទេ តែដល់រយៈពេលរាប់លានឆ្នាំ មែនហើយ ដល់រយៈពេលអនន្តភាពទៅទៀតផង។
១៣ បើកាលណាស្ថានការណ៍នេះកើតឡើងទៀតនៅពេលណាមួយក្នុងអនាគត ដែលមានអ្នកណាម្នាក់ប្រើចិត្តសេរីដោយមិនត្រឹមត្រូវដើម្បីចោទប្រឆាំងនឹងរបៀបរៀបចំរបស់ព្រះ នោះនឹងមិនចាំបាច់អនុញ្ញាតឲ្យគេមានរយៈពេលដើម្បីខ្នះខ្នែងសម្ដែងថាទស្សនៈរបស់គេត្រូវឬមិនត្រូវនោះទៀតឡើយ។ ពីព្រោះព្រះបានអនុញ្ញាតឲ្យអ្នកបះបោរមានរាប់ពាន់ឆ្នាំមកហើយ ទ្រង់បានស្ថាបនាវិនិច្ឆ័យធម៌តាំងជាមូលដ្ឋាន ដែលអាចយកមកអនុវត្តតាមគ្រប់ពេលវេលាជាអនន្ត នៅគ្រប់ទីកន្លែងក្នុងសកលលោកទាំងមូល។
១៤ ដោយព្រោះតែព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមានអំពើសហ័សនិងសេចក្ដីទុក្ខវេទនានៅពេលនេះ ការនេះត្រូវបានសម្ដែងជាភស្តុតាងយ៉ាងគ្រប់សព្វរួចហើយថា គ្មានរបស់អ្វីដែលមិនស្របនឹងទ្រង់អាចបានជោគជ័យឡើយ។ រឿងនេះក៏ត្រូវបានសម្ដែងដោយគ្មានសង្ស័យទៀតថា គ្មានគ្រោងការណ៍របស់មនុស្សឬក៏របស់ប្រជានិករវិញ្ញាណដែលមិនពឹងទៅលើព្រះ អាចនាំឲ្យបានប្រយោជន៍ជានិរន្តរ៍ឡើយ។ ដោយហេតុនេះ ព្រះបានធ្វើយុត្ដិកម្មគ្រប់សព្វក្នុងការបំផ្លាញអ្នកណាដែលបះបោរ មួយរំពេចនោះ។ «ព្រះយេហូវ៉ា . . . នឹងបំផ្លាញពួកមនុស្សអាក្រក់»។—ទំនុកដំកើង ១៤៥:២០; រ៉ូម ៣:៤
[រូបភាពនៅទំព័រ១៥]
ក្រោយពីឪពុកម្ដាយដើមរបស់យើងបានរើសយកផ្លូវមិនពឹងទៅលើព្រះជាយថាហេតុនោះ ពួកគេបានទៅជាចាស់ជរា ហើយក៏ត្រូវស្លាប់
[រូបភាពនៅទំព័រ១៦]
ការគ្រប់គ្រងរបស់មនុស្សដែលមិនពឹងទៅលើព្រះសម្ដែងឲ្យឃើញជាការមហន្តរាយ
[អ្នកផ្ដល់សិទ្ធិ]
រូបថតពី U.S. Coast Guard