ភាគទី៨
បំណងព្រះហឫទ័យរបស់ព្រះជឿនទៅកាន់សេចក្ដីសម្រេច
១, ២ តើព្រះកំពុងតែបានសម្រេចសំវិធានការដើម្បីនឹងយកសេចក្ដីទុក្ខវេទនាចេញតាមរបៀបណា?
ការគ្រប់គ្រងរបស់មនុស្សនិងពួកព្រាយបិសាចដែលជាអ្នកបះបោរនោះ បានត្រូវនាំសេចក្ដីអាក្រក់ដល់ក្រុមគ្រួសារមនុស្សអស់រយៈពេលជាច្រើនសតវត្សមកហើយ។ យ៉ាងណាក៏ដោយ ព្រះមិនបានឈប់អើពើនូវសេចក្ដីទុក្ខវេទនារបស់មនុស្សយើងទេ។ ផ្ទុយទៅវិញ ក្នុងកំលុងពេលគ្រប់សតវត្សទាំងអស់នោះ ព្រះអង្គកំពុងតែសម្រេចសំវិធានការដើម្បីនឹងរំដោះមនុស្សលោកពីកណ្ដាប់ដៃនៃអំពើអាក្រក់និងសេចក្ដីទុក្ខវេទនា។
២ ពេលដែលការបះបោរបានកើតឡើងនៅឯសួនអេដែននោះ ព្រះបានចាប់ផ្ដើមលាតសម្ដែងនូវបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងស្ថាបនាឡើងរដ្ឋាភិបាលមួយដែលនឹងធ្វើឲ្យផែនដីនេះទៅជាសួនមនោរម ឲ្យបានជាទីអាស្រ័យនៅសម្រាប់មនុស្សលោក។ (លោកុប្បត្តិ ៣:១៥) ក្រោយមក ក្នុងឋានៈជាមេនាំពាក្យរបស់ព្រះ ព្រះយេស៊ូវបានលើករដ្ឋាភិបាលរបស់ព្រះដែលកំពុងតែមកដល់ ជាសាច់រឿងនៃការបង្រៀនរបស់ទ្រង់។ ទ្រង់បានមានបន្ទូលថានេះនឹងជាវិធីតែមួយគត់ ដែលអាចសម្រេចសេចក្ដីសង្ឃឹមរបស់មនុស្សលោកបាន។—ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០; ១២:២១
៣ តើព្រះយេស៊ូវបានហៅរដ្ឋាភិបាលដែលកំពុងមកសម្រាប់ផែនដីយ៉ាងណា ហើយហេតុអ្វី?
៣ ព្រះយេស៊ូវបានហៅរដ្ឋាភិបាលដែលកំពុងមកនោះថា «នគរស្ថានសួគ៌» [ឬក៏«រាជាណាចក្ររបស់ស្ថានសួគ៌»] ពីព្រោះនឹងត្រូវគ្រប់គ្រងពីស្ថានសួគ៌។ (ម៉ាថាយ ៤:១៧) ទ្រង់ក៏បានហៅនេះទៀតថា «នគរព្រះ» (ឬក៏«រាជាណាចក្ររបស់ព្រះ») ដែរ ពីព្រោះព្រះត្រូវជាអ្នកបង្កើតនោះ។ (លូកា ១៧:២០) ក្នុងកំលុងពេលជាច្រើនសតវត្សមកនោះ ព្រះបានបញ្ចេញវិញ្ញាណរបស់ទ្រង់ដើម្បីនាំអ្នកសរសេររបស់ទ្រង់ឲ្យកត់ទុកទំនាយជាច្រើន អំពីពួកអ្នកដែលនឹងចូលរួមក្នុងអំណាចរដ្ឋាភិបាលនោះ ហើយអំពីការដែលនឹងត្រូវសម្រេចឡើងផង។
ស្តេចថ្មីលើផែនដី
៤, ៥ តើព្រះបានសម្ដែងយ៉ាងណាថា ព្រះយេស៊ូវជាស្តេចដែលពេញព្រះទ័យរបស់ទ្រង់នោះ?
៤ ជិតពីរពាន់ឆ្នាំមុននេះ គឺជាព្រះយេស៊ូវដែលបានសម្រេចទំនាយជាច្រើនអំពីអ្នកដែលនឹងត្រូវសោយរាជ្យជាស្តេចនៃព្រះរាជាណាចក្រនោះ។ ទ្រង់បានត្រូវសម្គាល់ជាអ្នកដែលព្រះបានរើសតាំងដើម្បីធ្វើជាអ្នកគ្រប់គ្រងនៃរដ្ឋាភិបាលសួគ៌ានោះ ទៅលើមនុស្សលោក។ ក្រោយពីមរណភាពរបស់ព្រះយេស៊ូវ នោះព្រះយេហូវ៉ាបានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញនៅលើស្ថានសួគ៌ ជាសត្តវិញ្ញាណដ៏ខ្លាំងពូកែ ទាំងមានជីវិតអមតៈផង។ មានសាក្សីជាច្រើននាក់ចំពោះសេចក្ដីប្រោសឲ្យរស់ឡើងវិញរបស់ទ្រង់។—កិច្ចការ ៤:១០; ៩:១-៩; រ៉ូម ១:១-៤; កូរិនថូសទី១ ១៥:៣-៨
៥ នៅពេលនោះព្រះយេស៊ូវ «បានគង់ខាងស្ដាំព្រះ»។ (ហេព្រើរ ១០:១២) នៅទីនោះទ្រង់បានរង់ចាំពេលវេលាដែលព្រះនឹងប្រគល់អំណាចដល់ទ្រង់ ដើម្បីនឹងចាប់ផ្ដើមសកម្មភាពជាស្តេចនៃរាជាណាចក្រសួគ៌ារបស់ព្រះ។ ការនេះបានសម្រេចបទទំនាយដែលបានចែងទុកនៅ ទំនុកដំកើង ១១០:១ ដែលព្រះអង្គបានមានបន្ទូលប្រាប់ព្រះយេស៊ូវថា៖ «ចូរឲ្យឯងអង្គុយនៅខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង»។
៦ តើព្រះយេស៊ូវបានបង្ហាញថា ទ្រង់មានគុណវុឌ្ឍិគ្រប់គ្រាន់ធ្វើជាស្តេចនៃរាជាណាចក្ររបស់ព្រះយ៉ាងណា?
៦ ក្នុងកាលដែលព្រះយេស៊ូវគង់នៅផែនដីនៅឡើយ ទ្រង់បានសម្ដែងថាទ្រង់មានគុណវុឌ្ឍិគ្រប់គ្រាន់នឹងឋានៈបែបនេះ។ ថ្វីបើទ្រង់ត្រូវគេបៀតបៀននោះ ព្រះយេស៊ូវបានតាំងព្រះទ័យប្ដេជ្ញានឹងកាន់ចិត្តស្មោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ចំពោះព្រះយ៉ាងខ្ជាប់ខ្ជួន។ ដោយប្រព្រឹត្តយ៉ាងនេះ ទ្រង់បានបង្ហាញថា សាតាំងបានភូតក្នុងការអះអាងរបស់វាថា គ្មានមនុស្សណាមួយនឹងកាន់ចិត្តស្មោះដ៏គ្រប់លក្ខណ៍ចំពោះព្រះឡើយ បើកាលណាគេបានត្រូវល្បងនោះ។ ព្រះយេស៊ូវ គឺបុរសដ៏ល្អឥតខ្ចោះម្នាក់ ជា ‹អ័ដាមទី២› បានសម្ដែងថាព្រះគ្មានកំហុសក្នុងការបង្កើតនូវមនុស្សលោកដ៏ល្អឥតខ្ចោះទេ។—កូរិនថូសទី១ ១៥:២២, ៤៥; ម៉ាថាយ ៤:១-១១
៧, ៨ តើព្រះយេស៊ូវបានសម្រេចសេចក្ដីល្អណាខ្លះនៅលើផែនដី ហើយទ្រង់បានសម្ដែងឲ្យឃើញអ្វីខ្លះ?
៧ តើមានអ្នកគ្រប់គ្រងណាមួយបានសម្រេចប្រយោជន៍ ស្មើនឹងការដែលព្រះយេស៊ូវបានសម្រេច ក្នុងកំលុងពេលតែពីរបីឆ្នាំនៃកិច្ចបំរើរបស់ទ្រង់ឬទេ? ដោយឥទ្ធិពលពីវិញ្ញាណបរិសុទ្ធរបស់ព្រះនោះ ព្រះយេស៊ូវបានប្រោសឲ្យជាវិញនូវមនុស្សឈឺ ពិការ ខ្វាក់ ថ្លង់ និងគជាដើម។ ទ្រង់ថែមទាំងបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង! ដោយធ្វើការនេះទ្រង់បានសម្ដែងឲ្យឃើញបន្ដិចបន្តួច អំពីការដែលទ្រង់នឹងត្រូវសម្រេចសម្រាប់មនុស្សលោកនៅពេញផែនដីទាំងមូល នៅពេលដែលទ្រង់នឹងទទួលអំណាចគ្រងព្រះរាជាណាចក្រនោះ។—ម៉ាថាយ ១៥:៣០, ៣១; លូកា ៧:១១-១៦
៨ ក្នុងកាលដែលទ្រង់គង់នៅផែនដីនៅឡើយ ព្រះយេស៊ូវបានសម្រេចសេចក្ដីល្អយ៉ាងច្រើនដល់ម្ល៉េះ បានជាសិស្សរបស់ទ្រង់ម្នាក់ឈ្មោះយ៉ូហានបានសរសេរថា៖ «មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ។ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង»។—យ៉ូហាន ២១:២៥a
៩ តើហេតុអ្វីបានជាមនុស្សចិត្តស្មោះបានផ្ដុំគ្នាជាហ្វូងមកឯព្រះយេស៊ូវ?
៩ ព្រះយេស៊ូវទ្រង់ប្រកបទៅដោយគុណធម៌និងមេត្ដាធម៌ ទាំងមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សលោក។ ទ្រង់បានជួយមនុស្សក្រនិងអ្នកដែលត្រូវគេសង្កត់សង្កិនដែរ តែទ្រង់មិនបានប្រកាន់ដល់ពួកអ្នកមានឬក៏ពួកមានឋានៈខ្ពស់ទេ។ មនុស្សចិត្តស្មោះបានតបតាមសេចក្ដីអញ្ជើញដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ពេលដែលទ្រង់បានមានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង។ ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:២៨-៣០) មនុស្សដែលកោតខ្លាចដល់ព្រះបានផ្ដុំគ្នាជាហ្វូងមកឯទ្រង់ ហើយបានទន្ទឹងចាំយ៉ាងរីករាយនូវការគ្រប់គ្រងរបស់ទ្រង់ផង។—យ៉ូហាន ១២:១៩
អ្នកគ្រប់គ្រងឯទៀតដែលចូលរួម
១០, ១១ តើអ្នកណានឹងចូលរួមជាមួយនឹងព្រះយេស៊ូវក្នុងការគ្រប់គ្រងទៅលើផែនដីនោះ?
១០ ដូចជារដ្ឋាភិបាលមនុស្សមានពួកអភិបាលចូលរួមជាមួយនោះ ព្រះរាជាណាចក្រសួគ៌ារបស់ព្រះក៏មានអញ្ចឹងដែរ។ មានអ្នកឯទៀតក្រៅពីព្រះយេស៊ូវដែលនឹងត្រូវចូលរួមក្នុងការគ្រប់គ្រងទៅលើផែនដីដែរ ដ្បិតព្រះយេស៊ូវបានសន្យាអ្នកចូលរួមនឹងទ្រង់ថា ពួកគេនឹងគ្រប់គ្រងជាស្តេចជាមួយនឹងទ្រង់ទៅលើមនុស្សលោក។—យ៉ូហាន ១៤:២, ៣; វិវរណៈ ៥:១០; ២០:៦
១១ ដូច្នេះ មនុស្សមួយចំនួននឹងត្រូវបានប្រោសឲ្យរស់ឡើងវិញទៅនៅឯស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវដែរ។ ពួកទ្រង់រួមគ្នាធ្វើជាព្រះរាជាណាចក្រ ដែលនឹងនាំឲ្យមានពរជានិរន្តរ៍ដល់មនុស្សលោក។ (កូរិនថូសទី២ ៤:១៤; វិវរណៈ ១៤:១-៣) ដូច្នេះហើយក្នុងកំលុងពេលពីដើមមកនោះ ព្រះយេហូវ៉ាបានស្ថាបនាគ្រឹះសម្រាប់ការគ្រប់គ្រង ដែលនឹងនាំឲ្យមានពរដ៏អស់កល្បជានិច្ចចំពោះក្រុមគ្រួសារមនុស្ស។
ការគ្រប់គ្រងដែលមិនពឹងទៅលើព្រះនឹងត្រូវវិនាស
១២, ១៣ តើរាជាណាចក្ររបស់ព្រះឥឡូវរៀបនឹងសម្រេចអ្វី?
១២ ក្នុងសតវត្សនេះព្រះបានជាប់ទាក់ទងផ្ទាល់ក្នុងកិច្ចការនៅផែនដី។ ដូចភាគទី៩នៃសៀវភៅស្តើងនេះនឹងពិគ្រោះនោះ បទទំនាយនៃព្រះគម្ពីរសម្ដែងថា រាជាណាចក្ររបស់ព្រះនៅក្រោមព្រះគ្រីស្ទបានត្រូវស្ថាបនាឡើងនៅឆ្នាំ១៩១៤ ហើយឥឡូវរៀបនឹងបំផ្លាញរបបទាំងមូលរបស់សាតាំង។ ព្រះរាជាណាចក្រនោះបានបម្រុងជាស្រេចនឹង «គ្រប់គ្រងនៅកណ្ដាល[«ទៅពង្រាប» ពថ]ពួកខ្មាំងសត្រូវ[របស់ព្រះគ្រីស្ទ]»។—ទំនុកដំកើង ១១០:២
១៣ ចំពោះរឿងនេះ បទទំនាយនៅក្នុងគម្ពីរដានីយ៉ែល ២:៤៤ បានចែងថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ[ដែលមាននៅសព្វថ្ងៃនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង[នៅឯស្ថានសួគ៌] ដែលមិនត្រូវបំផ្លាញឡើយ។ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ[ការគ្រប់គ្រងរបស់មនុស្សលោកនឹងមិនត្រូវអនុញ្ញាតទៀត]។ គឺ[រាជាណាចក្ររបស់ព្រះ]នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។
១៤ តើប្រយោជន៍ណាខ្លះដែលនឹងមានមកជាលទ្ធផលនៃការវិនាសនៃការគ្រប់គ្រងរបស់មនុស្ស?
១៤ ពេលដែលការគ្រប់គ្រងទាំងអស់ដែលមិនពឹងទៅលើព្រះបានបំផ្លាញអស់ទៅ ការគ្រប់គ្រងនៃព្រះរាជាណាចក្រទៅលើផែនដីនឹងត្រូវបានសម្រេចគ្រប់អស់ទាំង។ ហើយដោយព្រោះព្រះរាជាណាចក្រគ្រប់គ្រងពីស្ថានសួគ៌មក នោះមិនអាចបានពុករលួយដោយមនុស្សឡើយ។ អំណាចគ្រប់គ្រងនឹងត្រូវស្ថិតនៅដូចដើម នៅលើស្ថានសួគ៌ជាមួយនឹងព្រះវិញ។ ហើយដោយសារតែការគ្រប់គ្រងរបស់ព្រះនឹងកាន់កាប់គ្រប់ផែនដីទាំងមូលនោះ មនុស្សនឹងមិនត្រូវបំភាន់ដោយសារសាសនាមិនពិត ឬក៏ដោយទស្សនៈមនុស្សនិងទ្រឹស្តីនយោបាយដែលមិនជាទីគាប់ចិត្តទៀតឡើយ។ របស់បែបនេះនឹងមិនត្រូវអនុញ្ញាតឲ្យមានទៀតទេ។—ម៉ាថាយ ៧:១៥-២៣;វិវរណៈ ១៧:១–១៩:២១ វិវរណៈ ជំពូកទី១៧រហូតដល់ជំពូកទី១៩
[កំណត់សម្គាល់]
a ចំពោះសេចក្ដីរាយការណ៍ដ៏ពេញលេញអំពីជីវិតរបស់ព្រះយេស៊ូវ សូមអញ្ជើញមើលសៀវភៅ បុរសដ៏ឧត្តមបំផុតដែលបានរស់គង់នៅ បោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅឆ្នាំ១៩៩១ដោយសមាគមប៉មយាម។
[រូបភាពនៅទំព័រ១៨]
កាលដែលព្រះយេស៊ូវគង់នៅផែនដី ទ្រង់បានប្រោសមនុស្សឈឺឲ្យជា និងមនុស្សស្លាប់ឲ្យរស់ឡើងវិញ ដើម្បីបង្ហាញការដែលទ្រង់នឹងត្រូវធ្វើនៅក្នុងពិភពលោកថ្មី
[រូបភាពនៅទំព័រ១៩]
រាជាណាចក្រសួគ៌ារបស់ព្រះនឹងកំទេចចោលនូវការគ្រប់គ្រងគ្រប់ប្រភេទដែលមិនពឹងទៅលើទ្រង់