ភាគទី៦
ហេតុដែលនាំឲ្យព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនា
១, ២ តើឪពុកម្ដាយដើមរបស់យើងបានបង្ខូចយ៉ាងណា នូវសេចក្ដីចាប់ផ្ដើមដ៏ប្រសើរដែលព្រះបានប្រគល់ដល់គេនោះ?
តើមានហេតុយ៉ាងណាកើតឡើងដែលធ្វើឲ្យមនុស្សវង្វេងនោះ? តើអ្វីបានកើតឡើងដែលបង្ខូចការចាប់ផ្ដើមដ៏ល្អប្រសើរ ដែលព្រះទ្រង់បានប្រគល់ដល់ឪពុកម្ដាយដើមរបស់យើងក្នុងសួនមនោរមអេដែននោះ? តើហេតុអ្វីបានជាមិនមានសន្ដិភាពនឹងសាមគ្គីភាពនៃសួនមនោរម តែផ្ទុយទៅវិញ ផែនដីបានពោរពេញទៅដោយអំពើសហ័សនិងសេចក្ដីទុក្ខវេទនាជាច្រើនពាន់ឆ្នាំមកនោះ?
២ មូលហេតុនេះគឺថា អ័ដាមនិងអេវ៉ាបានប្រើចិត្តសេរីរបស់គេតាមរបៀបមិនត្រឹមត្រូវ។ ពួកគេបានភ្លេចនូវហេតុការណ៍ដែលថា ពួកគេមិនត្រូវបានបង្កើតមកឲ្យបានជោគជ័យក្នុងជីវភាពទេ លើកលែងតែពួកគេចុះចូលនឹងព្រះហើយច្បាប់របស់ទ្រង់។ ពួកគេបានសម្រេចចិត្តលែងពឹងទៅលើព្រះ ព្រមទាំងគិតថា ការនេះនឹងធ្វើឲ្យជីវភាពគេបានប្រសើរផង។ ដូច្នេះ ពួកគេបានជ្រើសរើសផ្លូវខាងក្រៅព្រំដែនដែលព្រះបានកំណត់ចំពោះចិត្តសេរីនោះ។—លោកុប្បត្តិ ៣លោកុប្បត្តិ ចំពូកទី៣។
រឿងចំណោទនៃអធិបតេយ្យភាពសកលលោក
៣-៥ តើហេតុអ្វីបានជាព្រះមិនបានបំផ្លាញអ័ដាមនិងអេវ៉ា ហើយចាប់ផ្ដើមបង្កើតជាថ្មីម្ដងទៀតនោះ?
៣ តើហេតុអ្វីបានជាព្រះទ្រង់មិនបំផ្លាញអ័ដាមនិងអេវ៉ាតែម្ដងទៅ ហើយចាប់ផ្ដើមបង្កើតមនុស្សមួយគូផ្សេងទៀតជាថ្មីឡើងវិញ? គឺពីព្រោះអធិបតេយ្យភាពសកលលោករបស់ទ្រង់ ឬក៏សិទ្ធិផ្ដាច់មុខក្នុងការគ្រប់គ្រងរបស់ទ្រង់ បានត្រូវចោទប្រឆាំងឡើង។
៤ រឿងចំណោទនោះគឺថា៖ តើអ្នកណាមានសិទ្ធិគ្រប់គ្រងផ្ដាច់មុខ ហើយតើការគ្រប់គ្រងរបស់អ្នកណាជាការត្រឹមត្រូវ? ដោយទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលបានបង្កើតគ្រប់ប្រជានិករទាំងអស់ នោះទ្រង់មានសិទ្ធិនឹងគ្រប់គ្រងលើប្រជានិករទាំងអស់ជាមិនខាន។ ហើយដោយហេតុតែព្រះមានសព្វបញ្ញា នោះការគ្រប់គ្រងរបស់ទ្រង់ក៏មានប្រយោជន៍ល្អបំផុតចំពោះប្រជានិករទាំងអស់ដែរ។ ប៉ុន្តែការគ្រប់គ្រងរបស់ព្រះបានត្រូវចោទប្រឆាំងឡើង។ ម្យ៉ាងវិញទៀតនោះ តើមានអ្វីខុសនឹងសេចក្ដីបង្កើតរបស់ទ្រង់ឬ—មនុស្សលោកនោះ? ក្រោយការនេះទៀត យើងនឹងពិចារណាតើតាមរបៀបណាដែលចំណោទចំពោះចិត្តស្មោះដ៏គ្រប់លក្ខណ៍របស់មនុស្សទាក់ទងនឹងរឿងនេះដែរ។
៥ ដោយមនុស្សលែងពឹងទៅលើព្រះ នោះរឿងចំណោទមួយទៀតបានត្រូវផ្ដោះផ្ដងឲ្យដឹងថា៖ បើគេមិនចុះចូលនឹងការគ្រប់គ្រងរបស់ព្រះនោះ តើមនុស្សលោកអាចបានផលប្រយោជន៍ឬទេ? អ្នកបង្កើតពិតជាជ្រាបនូវចម្លើយនោះហើយ ប៉ុន្តែវិធីមួយដែលអាចនាំមនុស្សលោកឲ្យយល់ការនេះជាប្រាកដបាន នោះគឺត្រូវបណ្ដោយឲ្យគេមានសព្វសេរីភាពដែលគេប្រាថ្នាចង់បាន។ ពួកគេបានជ្រើសរើសផ្លូវនោះពីចិត្តសេរីរបស់គេ ដូច្នេះព្រះអង្គក៏បានអនុញ្ញាតការនោះទៅ។
៦, ៧ តើហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមនុស្សលោកមានសព្វសេរីភាពអស់រយៈពេលយូរម្ល៉េះ?
៦ ដោយអនុញ្ញាតឲ្យមនុស្សលោកមានរយៈពេលដ៏ពេញលេញដើម្បីពិសោធនឹងសព្វសេរីភាពនោះ ព្រះអង្គនឹងសម្ដែងយ៉ាងស្រេចជាស្ថាពរ ថាតើមនុស្សលោកនឹងបានផលប្រយោជន៍ពីការគ្រប់គ្រងរបស់ព្រះ ឬក៏ពីការពឹងផ្អែកទៅលើខ្លួនគេទៅវិញ។ ហើយរយៈពេលដែលទ្រង់អនុញ្ញាតឲ្យនឹងត្រូវតែមានយូរល្មម ដើម្បីមនុស្សលោកអាចមកដល់ស្ថានការណ៍ដែលគេស្មានថាជាកម្រិតដ៏ខ្ពស់បំផុតនៃការសម្រេចរបស់គេ ខាងនយោបាយ ខាងឧស្សាហកម្ម ខាងវិទ្យាសាស្ត្រ និងខាងវិជ្ជាពេទ្យ។
៧ ដោយហេតុនេះ បានជាព្រះបានអនុញ្ញាតឲ្យមនុស្សលោកមានសេរីភាពដែលគ្មានលក្ខខណ្ឌរហូតមកដល់សព្វថ្ងៃនេះ ដើម្បីនឹងសម្ដែង ដោយគ្មានសេចក្ដីសង្ស័យ ថាតើការគ្រប់គ្រងដែលមិនពឹងទៅលើទ្រង់អាចបានជោគជ័យឬទេ។ ដូច្នេះ មនុស្សអាចរើសយករវាងគុណធម៌និងអំពើកំណាច រវាងសេចក្ដីស្រឡាញ់និងសេចក្ដីស្អប់ រវាងសេចក្ដីសុចរិតនិងអំពើទុច្ចរិតជាដើម។ ប៉ុន្តែមនុស្សក៏បានត្រូវប្រទល់មុខនូវលទ្ធផលដែលមកពីការដែលគេរើសយកនោះដែរ៖ សេចក្ដីល្អនិងសន្ដិសុខ ឬក៏អំពើអាក្រក់និងសេចក្ដីទុក្ខវេទនា។
ការបះបោរនៃពួកសត្តនិករវិញ្ញាណ
៨, ៩ (ក) តើការបះបោរបានផ្ទុះឡើងនៅក្នុងពិភពវិញ្ញាណយ៉ាងណា? (ខ) ក្រៅពីអ័ដាមនិងអេវ៉ា តើសាតាំងបានជំរុញអ្នកណាទៀតឲ្យបះបោរដែរ?
៨ នៅមានកត្ដាមួយទៀតដែលយើងត្រូវពិចារណាដែរ។ មិនគ្រាន់តែឪពុកម្ដាយដើមរបស់យើងទេ ដែលបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះនោះ។ ប៉ុន្តែនៅពេលនោះ តើមានអ្នកណាទៀត? គឺសត្តនិករវិញ្ញាណ។ មុនពេលដែលព្រះទ្រង់បានបង្កើតមនុស្សលោកមក នោះទ្រង់បានបង្កើតប្រភេទជីវិតមួយខ្ពស់ជាងមនុស្សទៅទៀត គឺទេវតាជាច្រើននាក់ដើម្បីនឹងរស់នៅក្នុងវិស័យសួគ៌ា។ ពួកគេបានត្រូវបង្កើតមកដោយមានចិត្តសេរីដែរ ព្រមទាំងដោយសេចក្ដីត្រូវការឲ្យចុះចូលនឹងការគ្រប់គ្រងរបស់ព្រះផង។—យ៉ូប ៣៨:៧; ទំនុកដំកើង ១០៤:៤ពថ; វិវរណៈ ៥:១១
៩ ព្រះគម្ពីរបង្ហាញថាការបះបោរបានផ្ទុះឡើងជាមុនដំបូងនៅពិភពវិញ្ញាណ។ បុគ្គលវិញ្ញាណម្នាក់មានចិត្តប្រាថ្នានូវសព្វសេរីភាព។ វាថែមទាំងប្រាថ្នាចង់ឲ្យមនុស្សថ្វាយបង្គំវាផង។ (ម៉ាថាយ ៤:៨, ៩) អ្នកបះបោរវិញ្ញាណនេះបានទៅជាកត្ដាមួយក្នុងការជំរុញអ័ដាមនិងអេវ៉ាឲ្យបះបោរដែរ ដោយអះអាងនូវរឿងមិនពិតថា ព្រះទ្រង់លាក់កំបាំងមិនព្រមប្រគល់អ្វីៗដែលល្អដល់ពួកគេ។ (លោកុប្បត្តិ ៣:១-៥) ដូច្នេះវាបានត្រូវហៅថា អារក្ស (អ្នកនិយាយបង្ខូច) ហើយសាតាំង (អ្នកប្រឆាំង) ។ ក្រោយមកវាបានជំរុញសត្តនិករវិញ្ញាណឯទៀតឲ្យបះបោរដែរ។ ពួកវាបានត្រូវហៅថាជាព្រាយបិសាច។—ចោទិយកថា ៣២:១៧; វិវរណៈ ១២:៩; ១៦:១៤
១០ តើមានលទ្ធផលយ៉ាងណាពីការបះបោររបស់មនុស្សនិងសត្តនិករវិញ្ញាណ?
១០ មនុស្សលោក ដោយបះបោរប្រឆាំងនឹងព្រះ បានធ្លាក់នៅក្រោមអានុភាពនៃសាតាំងនិងពួកព្រាយបិសាចរបស់វា។ ដោយហេតុនេះ បានជាព្រះគម្ពីរបានហៅអារក្សសាតាំងថា៖ ជា «ព្រះរបស់លោកីយនេះ» ដែល «បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ»។ ដូច្នេះហើយ បន្ទូលរបស់ព្រះបានចែងថា «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានហៅសាតាំងជា «ចៅហ្វាយរបស់លោកីយនេះ»។—កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩; យ៉ូហាន ១២:៣១
រឿងចំណោទពីរ
១១ តើសាតាំងបានចោទប្រឆាំងព្រះចំពោះរឿងអ្វីទៀត?
១១ សាតាំងបានលើករឿងមួយទៀតមកចោទប្រឆាំងព្រះ។ បើនិយាយឲ្យចំទៅ វាបានចោទថាព្រះបានបង្កើតមនុស្សលោកតាមរបៀបមិនត្រឹមត្រូវ ហើយថាគ្មានអ្នកណានឹងចង់ប្រព្រឹត្តការត្រឹមត្រូវឡើយ បើកាលណាគេទទួលការកៀបសង្កត់នោះ។ តាមការពិត វាអះអាងថា បើកាលណាពួកគេបានត្រូវល្បងនោះ គេនឹងប្រមាថព្រះទៀតផង។ (យ៉ូប ២:១-៥) តាមវិធីនេះ សាតាំងបានចោទអំពីចិត្តស្មោះដ៏គ្រប់លក្ខណ៍របស់មនុស្សលោកទាំងអស់។
១២-១៤ តើសេចក្ដីអនុញ្ញាតឲ្យមានរយៈពេលនឹងសម្ដែងការពិតយ៉ាងណា អំពីរឿងចំណោទទាំងពីរដែលអារក្សសាតាំងបានចោទនោះ?
១២ ដូច្នេះហើយ ព្រះទ្រង់បានអនុញ្ញាតឲ្យមានរយៈពេលគ្រប់គ្រាន់ ដើម្បីឲ្យសត្តនិករដែលមានបញ្ញាទាំងអស់អាចយល់ឃើញថា តើរឿងចំណោទនេះ ព្រមទាំងរឿងចំណោទអំពីអធិបតេយ្យភាពរបស់ព្រះ នឹងត្រូវបានឆ្លើយដោះស្រាយបានតាមរបៀបណា។ (សូមប្រៀបធៀបនឹង និក្ខមនំ ៩:១៦) ការពិសោធតាមយថាហេតុ ដែលបង្ហាញក្នុងប្រវត្ដិសាស្ត្រមនុស្សលោក នឹងសម្ដែងឲ្យឃើញសេចក្ដីពិតអំពីរឿងចំណោទទាំងពីរនេះ។
១៣ ជាបឋម តើសេចក្ដីអនុញ្ញាតឲ្យមានរយៈពេលនឹងសម្ដែងយ៉ាងណា អំពីរឿងចំណោទនៃអធិបតេយ្យភាពសកលលោក ជាសិទ្ធិផ្ដាច់មុខនៃការគ្រប់គ្រងរបស់ព្រះ? តើមនុស្សលោកអាចគ្រប់គ្រងខ្លួនគេបានប្រសើរជាងព្រះបានទេ? តើរបបគ្រប់គ្រងរបស់មនុស្សដែលមិនពឹងទៅលើព្រះ អាចនាំឲ្យមានពិភពលោកដ៏សប្បាយដែលគ្មានសង្គ្រាម បទឧក្រិដ្ឋ និងអយុត្ដិធម៌បានទេ? តើមានរបបណាមួយដែលអាចបំបាត់ភាពទ័លក្រ ហើយផ្ដល់នូវភាពចម្រើនរុងរឿងសម្រាប់មនុស្សគ្រប់ៗគ្នាទេ? តើមានរបបណាមួយដែលអាចធ្វើឲ្យលែងមាននូវជម្ងឺ សេចក្ដីចាស់ជរា និងសេចក្ដីស្លាប់បានទេ? ការគ្រប់គ្រងរបស់ព្រះបានត្រូវរៀបចំឡើងដើម្បីនឹងសម្រេចនូវការទាំងអស់នេះ។—លោកុប្បត្តិ ១:២៦-៣១
១៤ ចំពោះរឿងចំណោទទីពីរវិញ តើសេចក្ដីអនុញ្ញាតឲ្យមានរយៈពេលនឹងសម្ដែងយ៉ាងណា អំពីតម្លៃនៃសេចក្ដីបង្កើតនូវមនុស្សលោករបស់ព្រះនោះ? តើរបៀបដែលព្រះបានបង្កើតមនុស្សលោកមកជាការមិនត្រឹមត្រូវឬ? បើកាលណាគេត្រូវបានល្បងនោះ តើមានអ្នកណានឹងប្រព្រឹត្តតាមសេចក្ដីត្រឹមត្រូវទេ? តើមានប្រជាជនណានឹងសម្ដែងថា គេប្រាថ្នាចង់បានការគ្រប់គ្រងរបស់ព្រះ ជាជាងការគ្រប់គ្រងរបស់មនុស្សដែលមិនពឹងទៅលើព្រះឬ?
[រូបភាពនៅទំព័រ១៣]
ព្រះបានអនុញ្ញាតឲ្យមនុស្សលោកមានពេលវេលាដើម្បីមកដល់កម្រិតខ្ពស់បំផុតនៃការសម្រេចរបស់គេ
[អ្នកផ្ដល់សិទ្ធិ]
អវកាសយានចម្លង៖ ចេញពីរូបថតរបស់NASA