បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១១ ទំ. ៩៨-១០៧
  • នេះហើយជាថ្ងៃជាន់ក្រោយបង្អស់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះហើយជាថ្ងៃជាន់ក្រោយបង្អស់!
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លក្ខណៈ​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់
  • តប​ឆ្លើយ​នឹង​ទី​សំអាង
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើនេះពិតជាគ្រា«ចុងក្រោយ»នៃពិភពលោកមែនឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • «ទីបញ្ចប់របស់លោកីយ៍» ជិតមកដល់ហើយ!
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១១ ទំ. ៩៨-១០៧

ជំពូកទី១១

នេះ​ហើយ​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់!

១​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ឡប់​គំនិត​រក​គិត​មិន​ចេញ ពេល​គេ​សញ្ជឹង​គិត​អំពី​ស្ថានការណ៍​ក្នុង​ពិភពលោក ប៉ុន្តែ​តើ​អាច​រក​សេចក្ដី​ពន្យល់​ដ៏​គួរ​ទុក​ចិត្ត​ជឿ​បាន​នៅ​ឯ​ណា?

តើ​លោកីយ៍​ដ៏​ជ្រួលច្របល់​របស់​យើង បាន​លិច​លង់​ដុនដាប​ដល់​ថ្នាក់​នេះ​យ៉ាង​ដូច​ម្ដេច? តើ​អនាគត​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​អ្នក​ដែល​បាន​សួរ​សំនួរ​បែប​នេះ​ឬ​ទេ? មនុស្ស​ជា​ច្រើន​ដូច​ជា​ឡប់​គំនិត​រក​គិត​មិន​ចេញ ពេល​គេ​ពិនិត្យ​មើល​ស្ថានការណ៍​ក្នុង​ពិភពលោក។ ហេតុ​ការណ៍​ពិត​ដូច​ជា សង្គ្រាម រោគ​ជម្ងឺ និង បទ​ឧក្រិដ្ឋ បណ្ដាល​ឲ្យ​មនុស្ស​ម្នា​ងឿង​ឆ្ងល់ ថា​អនាគត​របស់​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។ ពួក​អ្នក​ដឹក​នាំ​រដ្ឋាភិបាល ក៏​គ្មាន​សង្ឃឹម​ដោះ​ស្រាយ​អ្វី​បាន​ទេ។ ប៉ុន្តែ សេចក្ដី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ជឿ​បាន ដែល​ពន្យល់​ប្រាប់​អំពី​ជំនាន់​ដ៏​នឿយ​លំបាក​នេះ គឺ​ចេញ​មក​ពី​ព្រះ​ក្នុង​បន្ទូល​របស់​ទ្រង់។ ព្រះ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ដឹង​ច្បាស់ អំពី​ពេល​វេលា​ដែល​យើង​កំពុង​រស់​នៅ ហើយ​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា យើង​កំពុង​រស់​នៅ​ក្នុង​«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» នៃ​របប​លោកីយ៍​បច្ចុប្បន្ន​នេះ​ហើយ។—ធីម៉ូថេទី២ ៣:១

២​. តើ​សំនួរ​អ្វី​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ទូល​សួរ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

២ ជា​ឧទាហរណ៍ សូម​ពិចារណា​ចម្លើយ​ដែល​ព្រះ​យេស៊ូ​បាន​ឆ្លើយ​តប​នឹង​សំនួរ​ខ្លះ ដែល​ពួក​សិស្ស​របស់​ទ្រង់​បាន​ទូល​សួរ។ បី​ថ្ងៃ​មុន​នឹង​ទ្រង់​សោយទិវង្គត​ពួក​គេ​ទូល​សួរ​ទ្រង់​ថា៖ «តើ​មាន​ទីសម្គាល់​ណា​អំពី​វត្តមាន​នៃ​ទ្រង់ ហើយ​អំពី​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍»?a (ម៉ាថាយ ២៤:​៣, ព.ថ.) ក្នុង​ការ​ឆ្លើយ​តប ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់ អំពី​ព្រឹត្ដិការណ៍​និង​ស្ថានការណ៍​ដ៏​ជាក់លាក់​ក្នុង​ពិភពលោក ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា របប​ដែល​ទទឹង​ព្រះ​នេះ បាន​ចូល​មក​ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​របស់​វា​ហើយ។

៣. ហេតុ​អ្វី​ស្ថានភាព​លើ​ផែន​ដី​ក្លាយ​ជា​អាក្រក់​ឡើង ពេល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​គ្រប់គ្រង?

៣ ដូច​បង្ហាញ​ក្នុង​ជំពូក​មុន​នេះ ប្រវត្ដិ​តាម​លំដាប់​កាល​ក្នុង​ព្រះ​គម្ពីរ​បាន​ផ្ដល់​សេចក្ដី​សន្និដ្ឋាន​ថា ព្រះ​រាជាណាចក្រ​នៃ​ព្រះ បាន​ចាប់​ផ្ដើម​គ្រប់គ្រង​ហើយ។ ប៉ុន្តែ ម្ដេច​ក៏​ថា​ដូច្នេះ​បាន? ស្ថានភាព​បាន​ក្លាយ​ជា​អាក្រក់​ឡើង មិន​មែន​ធូរ​ស្បើយ​ឯ​ណា។ តាម​ពិត នេះ​គឺ​ជា​សញ្ញា​ដ៏​មាំមួន​មួយ ដែល​ចង្អុល​ប្រាប់​ថា ព្រះ​រាជាណាចក្រ​ព្រះ បាន​ចាប់​ផ្ដើម​គ្រប់គ្រង​ហើយ។ ហេតុ​អ្វី​ក៏​ដូច្នេះ? ទំនុកដំកើង ១១០:២ ប្រាប់​យើង​ថា ព្រះ​យេស៊ូ​នឹង​គ្រប់គ្រង ‹នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់›។ ប្រាកដ​ហើយ របស់​ទី​មួយ​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត ពេល​ទ្រង់​ឡើង​រាជ្យ​ជា​ស្តេច​នៅ​ស្ថានសួគ៌ គឺ​បោះ​ទម្លាក់​សាតាំង និង​ពួក​អារក្ស​របស់​វា ចុះ​មក​ឯ​ទី​ក្បែរ⁠ៗ​ផែនដី។ (វិវរណៈ ១២:៩) តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា? លទ្ធផល​គឺ​ដូច​វិវរណៈ ១២:⁠១២ បាន​ទាយ​ប្រាប់⁠៖ «វេទនា​ដល់​ផែន​ដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ យើង​ឥឡូវ​នេះ​កំពុង​រស់​នៅ ក្នុង​‹ពេល​វេលា​ដ៏​ខ្លី›​នេះ​ហើយ។

៤. តើ​អ្វី​ខ្លះ​ជា​លក្ខណៈ​កត់​សម្គាល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ហើយ​លក្ខណៈ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​អ្វី? (សូម​មើល​ក្នុង​ប្រអប់)

៤ ដូច្នេះ មិន​មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ឡើយ ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ប្រាប់​យ៉ាង​មុត​មាំ ពេល​គេ​ទូល​សួរ​ទ្រង់​ថា អ្វី​ជា​ទីសម្គាល់​អំពី​វត្តមាន​នៃ​ទ្រង់ ហើយ​និង​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍។ ចំណែក​ផ្សេងៗ​នៃ​ទីសម្គាល់​នេះ មាន​បង្ហាញ​ក្នុង​ប្រអប់​នៅ​ទំព័រ​ទី​១០២។ អ្នក​អាច​ឃើញ​ស្រាប់​ថា ពួក​សាវ័ក​គ្រីស្ទាន ប៉ុល ពេត្រុស និង យ៉ូហាន ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​ក្បោះក្បាយ​ថែម​ទៀត អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ ពិត​ហើយ លក្ខណៈ​ភាគ​ច្រើន​នៃ​ទីសម្គាល់ និង​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ គឺ​មាន​ជាប់​ទាក់ទង​នឹង​ស្ថានភាព​ដ៏​នឿយ​លំបាក​មែន។ ប៉ុន្តែ ការ​ត្រូវ​សម្រេច​នៃ​ទំនាយ​ទាំង​នេះ គួរ​ធ្វើ​ឲ្យ​យើង​ជឿ​ថា របប​ដ៏​អាក្រក់​នេះ ជិត​កន្លង​ផុត​ហើយ។ សូម​យើង​ពិនិត្យ​មើល​ឲ្យ​ច្បាស់​លាស់ នូវ​លក្ខណៈ​ដ៏​សំខាន់ៗខ្លះ នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។

លក្ខណៈ​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់

៥, ៦. តើ​ទំនាយ​អំពី​សង្គ្រាម​និង​ការ​អត់​បាយ​កំពុង​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

៥ «សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១»។ (ម៉ាថាយ ២៤:៧; វិវរណៈ ៦:៤) អ្នក​និពន្ធ អើនណៃស្ត ហិមមីងវេ បាន​ហៅ​សង្គ្រាម​លោក​លើក​ទី១ ថា​ជា​«ការ​កាប់​សម្លាប់​ច្រើន​ពាសពេញ យ៉ាង​សាហាវ​យង់ឃ្នង ដ៏​ឥត​ចាត់ការ​ត្រឹម​ត្រូវ ដែល​បាន​កើត​ឡើង​នៅ​លើ​ផែន​ដី»។ ស្រប​តាម​សៀវភៅ ពិភពលោក​ក្រោម​ការ​សាកល្បង​យ៉ាង​ខ្លាំង​—⁠ឆ្នាំ ១៩១៤-១៩១៩ (ភាសា​អង់គ្លេស) នេះ​គឺ​ជា​«សង្គ្រាម​ដ៏​មាន​កម្រិត​ថ្មី​មួយ ជា​សង្គ្រាម​ដែល​ប៉ះ​ពាល់​ពិភពលោក​ទាំង​មូល​ជា​លើក​ទីមួយ​ហើយ ដែល​មនុស្ស​ជាតិ​ធ្លាប់​បាន​ពិសោធ។ រយៈ​ពេល ទំហឹង និង​ទំហំ​នៃ​សង្គ្រាម​នេះ គឺ​មាន​កម្រិត​លើស​សង្គ្រាម​ណា​ទាំង​អស់ ដែល​គេ​ធ្លាប់​បាន​ស្គាល់ ឬ​បាន​គិត​ស្មាន​តាម​ធម្មតា​កាល​ពី​មុន​មក»។ រួច​មក សង្គ្រាម​លោក​លើក​ទី២ ក៏​កើត​ឡើង​តាម​ក្រោយ ដែល​ឃើញ​ថា​រឹតតែ​បំផ្លិច​បំផ្លាញ ខ្លាំង​ជាង​សង្គ្រាម​លោក​លើក​ទី​១​ទៅ​ទៀត។ សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ត្រ លោក ហ៊ូ ថូម៉ាស មាន​ប្រសាសន៍​ថា⁠៖ «សតវត្ស​ទី​២០​នេះ គឺ​សម្បូរ​ពេញ​ពាស​ទៅ​ដោយ​កាំភ្លើង​យន្ត រថក្រោះ យន្តហោះ​បេ-៥២ (B-52) គ្រាប់​បែក​បរមាណូ ហើយ​ក្រោយ​មក កាំជ្រួច។ សតវត្ស​នេះ​គឺ​កត់​ចំណាំ​ទៅ​ដោយ​សង្គ្រាម​ឈាម​ដាប​ហើយ​បំផ្លិច​បំផ្លាញ ខ្លាំង​ជាង​សង្គ្រាម​ក្នុង​សម័យ​ណា​ទាំង​អស់»។ ពិត​មែន​ហើយ មាន​គេ​ចរចា​ជា​ញឹកញយ រក​បន្ថយ​កម្លាំង​អាវុធ​មែន ក្រោយ​ពេល​សង្គ្រាម​ត្រជាក់​បាន​ចប់​ទៅ។ ប៉ុន្តែ សេចក្ដី​រាយ​ការណ៍​មួយ​ប៉ាន់​ថា ក្រោយ​ពេល​បន្ថយ​កម្លាំង​អាវុធ​តាម​ការ​ស្នើ​សុំ​ហើយ នោះ​នៅ​តែ​មាន​សល់​គ្រឿង​អាវុធ​បរមាណូ ប្រហែល​​១០.០០០​ទៅ​២០.០០០​ក្បាល​ទៀត​—⁠គឺ​ខ្លាំង​ជាង​កម្លាំង​អាវុធ​ប្រើ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដល់​ទៅ​៩០០​ដង។

៦ «នឹង​កើត​មាន​អំណត់»។ (ម៉ាថាយ ២៤:៧; វិវរណៈ ៦:​៥, ៦, ៨) តាំង​ពី​ឆ្នាំ ១៩១៤​មក ពិភពលោក​បាន​ជួបប្រទះ​នឹង​ការ​អត់​អាហារ​ខ្លាំង យ៉ាង​តិច​ណាស់​ក៏​២០​ដង។ តំបន់​ដែល​មាន​វិបត្ដិ​នេះ​គឺ​មាន​រួម​ប្រទេស បឹងក្លាដែស ប៊ុរុនឌី កម្ពុជា ចិន អេស្យូពី ក្រិក ឥណ្ឌា នីហ្សេរ្ស៉ា រុស្ស៊ី រ្វ៉ាន់ដា សូម៉ាលី និង​ស៊ូដង់។ ប៉ុន្តែ ការ​អត់​អាហារ គឺ​មិន​មែន​តែង​តែ​បណ្ដាល​មក​ពី​ការ​ខ្វះ​ចំណី​អាហារ​នោះ​ទេ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​ខាង​កសិកម្ម និង​អ្នក​សេដ្ឋ​សាស្ត្រ​មួយ​ក្រុម​បាន​សន្និដ្ឋាន​ថា៖ «ស្បៀង​អាហារ​ពិភពលោក ក្នុង​ប៉ុន្មាន​ទសវត្ស​ថ្មីៗនេះ គឺ​បាន​ចម្រើន​លូត​លាស់ លឿន​ជាង​ចំនួន​រាស្ត្រ។ ប៉ុន្តែ ពីព្រោះ​ប្រជាជន​យ៉ាង​តិច​៨០០​លាន​នាក់​មាន​ជីវភាព​ក្រីក្រ​ណាស់ . . . ម្ល៉ោះ​ហើយពួក​គេ​មិន​អាច​ទិញ​ចំណី​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​នឹង​ជួយ​យោង​គេ ឲ្យ​រួច​ពី​ការ​ឈឺ​រ៉ាំ​រៃ​ដោយ​ខ្វះ​ជាតិ​ចំណី​អាហារ»។ ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ក៏​ជាប់​ទាក់ទង​ដែរ ក្នុង​ករណី​ខ្លះ។ លោក​បណ្ឌិត អ័បឌិលកាលីល អៃលមេឃី នៃ​សកល​វិទ្យាល័យ​តូរ៉នតូ ថ្លែង​ប្រាប់​ឧទាហរណ៍​អំពី​ប្រទេស​ពីរ ដែល​ទុក​ឲ្យ​ប្រជាជន​ខ្លួន​ក្រ​ខ្សត់​អត់​បាយ ហើយ​ដឹក​ជញ្ជូន​ចំណី​អាហារ​ដ៏​ច្រើន​សន្ធឹក ទៅ​លក់​ឲ្យ​ប្រទេស​ក្រៅ​វិញ។ រដ្ឋាភិបាល​ហាក់​ដូច​ជា​ខ្វល់ខ្វាយ ចង់​បាន​ប្រាក់កាស​ពី​បរទេស មក​គាំទ្រ​ការ​ធ្វើ​សឹក​សង្គ្រាម​របស់​គេ ជាង​ផ្ដល់​ចំណី​អាហារ​ដល់​ពួក​ពលរដ្ឋ។ តើ​លោក​បណ្ឌិត អៃលមេឃី​សន្និដ្ឋាន​យ៉ាង​ដូច​ម្ដេច? ការ​អត់​អាហារ​ជា​ញឹកញយ គឺ​«សំអាង​ទៅ​លើ​របៀប​ចែក​ចាយ និង​នយោបាយ​រដ្ឋាភិបាល»។

៧. តើ​អ្វី​ខ្លះ​ជា​ហេតុ​ការណ៍​ពិត អំពី​រោគ​រាតត្បាត​ក្នុង​គ្រា​សព្វ​ថ្ងៃ​នេះ?

៧ «រោគ​រាតត្បាត»។ (លូកា ២១:​១១, ព.ថ.; វិវរណៈ ៦:៨) រោគ​ផ្ដាសាយ​អេស្ប៉ាញ៉ុល នៃ​ឆ្នាំ ១៩១៨​-​១៩ បាន​ទាមទារ​ជីវិត​មនុស្ស​យ៉ាង​តិច​២១​លាន​នាក់។ ក្នុង​សៀវភៅ រោគ​រាតត្បាត​ដ៏​ខ្លាំង​មហិមា (ភាសា​អង់គ្លេស) លោក ហ៊ូលីង សរសេរ​ថា⁠៖ «ពិភពលោក​យើង​មិន​ដែល​មាន​រោគ​ដ៏​សាហាវ មក​រាតត្បាត​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ យ៉ាង​ឆាប់​រហ័ស​ដូច​នេះ​សោះ ក្នុង​ប្រវត្ដិសាស្ត្រ»។ សព្វ​ថ្ងៃ​នេះ រោគ​រាតត្បាត​នៅ​តែ​តាម​ពាធា។ រាល់​ឆ្នាំ រោគ​មហារីក​សម្លាប់​មនុស្ស​ប្រាំ​លាន​នាក់ រោគ​ចុះ​រាគ​ទាមទារ​ជីវិត​ទារក​និង​កូន​ក្មេង​ជាង​បី​លាន​នាក់ ហើយ​ឯ​រោគ​របេង​វិញ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​បី​លាន​នាក់។ រោគ​ប្រព័ន្ធ​ដក​ដង្ហើម ជា​ពិសេស​រោគ​រលាក​សួត សម្លាប់​មនុស្ស​វ័យ​ក្មេង​អាយុ​ប្រាំ​ឆ្នាំ​ចុះ អស់​៣.៥​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ចំនួន​មនុស្ស​ច្រើន​លើស​ប្រមាណ គឺ​២៥០​កោដិ​នាក់​—⁠ស្មើ​នឹង​ពាក់​កណ្ដាល​ចំនួន​រាស្ត្រ​លើ​ផែន​ដី​—⁠បាន​ក្លាយ​ជា​ឈឺ​ដោយសារ​ការ​ខ្វះ​ទឹក ឬ​ទឹក​ក្រខ្វក់ និង​ការ​ខ្វះ​អនាម័យ។ រោគ​អេដស៍​ក៏​បាន​ផុស​ឡើង ទុក​ជា​សេចក្ដី​រំឭក​ថែម​ទៀត ថា​មនុស្ស​មិន​អាច​បំបាត់​រោគ​រាតត្បាត​បាន​ឡើយ ទោះបី​គេ​បាន​ជោគជ័យ​ខ្លាំង​ខាង​វិទ្យា​ពេទ្យ​យ៉ាង​ណា​ក៏​ដោយ។

៨. តើ​តាម​របៀប​ណា​ដែល​មនុស្ស​បង្ហាញ​ថា​គេ«ស្រឡាញ់​ប្រាក់»?

៨ «មនុស្ស​នឹង . . . ស្រឡាញ់​ប្រាក់»។ (ធីម៉ូថេទី២ ៣:២) នៅ​ប្រទេស​នានា ទូទាំង​ពិភពលោក មនុស្ស​ហាក់​ដូច​ជា​ប៉ង​ប្រាថ្នា​ចង់​បាន​មិន​ចេះ​ស្កប់​សោះ នូវ​សម្បត្ដិ​ទ្រព្យ​ច្រើន​លើស​លុប​ថែម​ទៀត។ «ជោគជ័យ» គឺ​តែង​ត្រូវ​គេ​វាស់ ដោយ​យក​ចំនួន​ប្រាក់​ខែ​គេ​មក​ប្រៀបធៀប ឯ«ការ​សម្រេច» គឺ​តែង​ត្រូវ​គេ​វាស់ ដោយ​ចំនួន​របស់​របរ​ដែល​គេ​មាន។ អនុប្រធាន​នៃ​ទីភ្នាក់ងារ​ឃោសនា​ពាណិជ្ជកម្ម​មួយ បាន​ថ្លែង​ថា៖ «វត្ថុ​និយម​នឹង​នៅ​តែ​ជា​កម្លាំង​មួយ ដែល​រុញ​ច្រាន​សង្គម​អាមេរិក . . . ហើយ​ក៏​ជា​កម្លាំង​ដ៏​រឹ​ត​តែ​សំខាន់​ខ្លាំង​ឡើង ក្នុង​ការ​លក់ដូរ​ធំៗឯ​ទៀត​ដែរ»។ តើ​នេះ​កំពុង​កើត​ឡើង​ក្នុង​កន្លែង ដែល​អ្នក​រស់​នៅ​ឬ​ទេ?

៩​. តើ​ទំនាយ​អំពី​ការ​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​បាន​ត្រូវ​សម្រេច​យ៉ាង​ណា​ខ្លះ?

៩ «មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ»។ (ធីម៉ូថេទី២ ៣:២) ឪពុក​ម្ដាយ គ្រូ​បង្រៀន និង​ពួក​អ្នក​ឯ​ទៀត ក្នុង​សម័យ​បច្ចុប្បន្ន​នេះ បាន​ឃើញ​មុន​គេ​ហើយ នូវ​ទី​សំអាង​ដែល​បង្ហាញ​ថា ពួក​ក្មេងៗជា​ច្រើន​មិន​ចេះ​គោរព មិន​ស្ដាប់​បង្គាប់​សោះ។ ពួក​ក្មេង​ខ្លះ​ទាំង​នេះ គឺ​តប​ឆ្លើយ​ចំពោះ ឬ យក​តម្រាប់​តាម​កិរិយា​មារយាទ​មិន​សមរម្យ នៃ​ឪពុក​ម្ដាយ​របស់​គេ។ ក្មេង⁠ៗ​កាន់​តែ​ច្រើន​ឡើង​លែង​ទុក​ចិត្ត​ជឿ​សាលា​រៀន ច្បាប់ សាសនា និង ឪពុក​ម្ដាយ​របស់​គេ​ទៀត​ហើយ ហើយ​ទាំង​បះបោរ​ប្រឆាំង​ផង។ គ្រូ​បង្រៀន​ជា​យូរ​ឆ្នាំ​ម្នាក់​និយាយ​ថា⁠៖ «និន្នាការ​របស់​ពួក​គេ​គឺ​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​ចេះ​គោរព​ដល់​អ្វី​ទាំង​អស់»។ តែ​គួរ​ឲ្យ​ត្រេកអរ មាន​ក្មេង​ជា​ច្រើន​នាក់​ដែល​កោត​ខ្លាច​ដល់​ព្រះ សម្ដែង​កិរិយា​មារយាទ​ដ៏​ល្អ​ត្រឹមត្រូវ។

១០, ១១. តើ​មាន​ទី​សំអាង​ណា​ខ្លះ ដែល​បង្ហាញ​ថា​មនុស្ស​គឺ​ឃោរឃៅ ហើយ​មិន​មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មតា?

១០ «ចិត្ត​សាហាវ»។ (ធីម៉ូថេទី២ ៣:៣) ពាក្យ​ក្រិក​ដែល​បកប្រែ​«ចិត្ត​សាហាវ» នោះ​មាន​ន័យ​ថា ‹មិន​សាំង ពាល ខ្វះ​អារម្មណ៍​និង​សេចក្ដី​មេត្ដា​ជា​មនុស្ស›។ អត្ថន័យ​បែប​នេះ​គឺ​សម​ម្ល៉េះ ចំពោះ​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​សម័យ​នេះ! វិចារណកថា​មួយ​មាន​យោបល់​ថា៖ «ជីវិត​គឺ​សម្បូរ​ទុក្ខ​សោក​ណាស់ គឺ​មាន​ជាប់​ដាន​លោហិត​ពី​អំពើ​អាក្រក់​ព្រៃផ្សៃ ដល់​ម្ល៉េះ​ទាល់តែ​មាន​ចិត្ត​ថ្មដា ទើប​ហ៊ាន​អាន​ពត៌មាន​ប្រចាំ​ថ្ងៃ»។ អ្នក​យាមល្បាត​គេហដ្ឋាន​ម្នាក់​បាន​កត់​សម្គាល់​ថា ជន​វ័យ​ក្មេង​ជា​ច្រើន​នាក់ ហាក់​ដូច​ជា​បិទ​ភ្នែក មិន​ព្រម​គិត​អំពី​លទ្ធផល​នៃ​អំពើ​របស់​គេ​ឡើយ។ គាត់​បាន​និយាយ​ថា៖ «ក្នុង​ចិត្ត​គេៗគិត​ថា ‹ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​មាន​រឿង​អ្វី នោះ​ខ្ញុំ​មិន​ខ្វល់​ទេ តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ខ្ញុំ​នឹង​យក​ទាល់តែ​បាន​ក្នុង​ថ្ងៃ​នេះ› »។

១១ «មិន​ស្រឡាញ់​តាម​ធម្មតា»។ (ធីម៉ូថេទី២ ៣:៣) ឃ្លា​នេះ​គឺ​បកប្រែ​ពី​ពាក្យ​ក្រិក​មួយ ដែល​មាន​ន័យ​ថា «គ្មាន​ចិត្ត​មេត្ដាករុណា ឥត​មនុស្ស​ធម៌» ហើយ​ចង្អុល​ប្រាប់​អំពី​«ការ​ខ្វះ​សេចក្ដី​ស្រឡាញ់​ក្នុង​គ្រួសារ​តាម​ធម្មតា»។ (វចនានុក្រម​អន្តរជាតិ​ថ្មី​នៃ​សាសនា​វិទ្យា​សញ្ញា​ថ្មី) (ភាសា​អង់គ្លេស) ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​គឺ​តែង​រក​មិន​មាន​សោះ ក្នុង​បរិយាកាស​ដែល​គួរ​លូត​លាស់​ពោរពេញ​—⁠គឺ​ក្នុង​ផ្ទះ​សម្បែង។ ការ​ធ្វើ​ទុក្ខ​ទោស​ដល់​គូ​អាពាហ៍ពិពាហ៍ ដល់​កូន និង​សូម្បី​ដល់​ឪពុក​ម្ដាយ​ចាស់​ជរា គឺ​មាន​ផ្សាយ​រឹ​ត​តែ​ច្រើន​ឡើង ដូច​ជា​រឿង​សាមញ្ញ​ធម្មតា។ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​មាន​យោបល់​ថា៖ «អំពើ​ឃោរឃៅ​របស់​មនុស្ស​—⁠មិន​ថា​វាយ​ទះ​ឬ​រុញ​ច្រាន យក​កាំបិត​កាប់​ចាក់​ឬ​យក​កាំភ្លើង​បាញ់​ឡើយ —គឺ​កើត​ឡើង​នៅ​ក្នុង​រង្វង់​គ្រួសារ ញឹកញាប់​ជាង​នៅ​កន្លែង​ផ្សេង⁠ៗ​ទៅ​ទៀត ក្នុង​សង្គម​យើង»។

១២. ហេតុ​អ្វី​យើង​អាច​និយាយ​បាន ថា​មនុស្ស​មាន​តែ​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ?

១២ «មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ»។ (ធីម៉ូថេទី២ ៣:៥) ព្រះ​គម្ពីរ​មាន​អនុភាព អាច​កែ​ជីវិត​មនុស្ស​ឲ្យ​ចម្រើន​ប្រសើរ​ឡើង​បាន។ (អេភេសូរ ៤:​២២​-​២៤) ប៉ុន្តែ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ប្រើ​សាសនា​របស់​គេ ទុក​ដូច​ជា​រនាំង​បាំង​បិទ មិន​ឲ្យ​នរណា​ឃើញ​គេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ ការ​កុហក ការ​លួច និង​ការ​រួម​ដំណេក​ដ៏​ខុស​សីល​ធម៌ គឺ​តែង​តែ​បណ្ដោយ​ឲ្យ​កើត​ឡើង ដោយ​ពួក​មេ​ដឹក​នាំ​សាសនា។ សាសនា​ជា​ច្រើន​ទេសនា​ប្រាប់​អំពី​សេចក្ដី​ស្រឡាញ់ តែ​គាំទ្រ​សឹក​សង្គ្រាម។ វិចារណកថា​មួយ​ក្នុង​ទស្សនាវដ្ដី​ប្រទេស​ឥណ្ឌា​សម័យ​នេះ (ភាសា​អង់គ្លេស) កត់​សម្គាល់​ថា⁠៖ «ក្នុង​នាម​ព្រះ​អាទិទេព​ដ៏​ខ្ពង់​ខ្ពស់ មនុស្ស​លោក​បាន​ប្រព្រឹត្ត​អំពើ​កំណាច​ឃោរឃៅ ដ៏​គួរ​ខ្ពើម​រអើម​ជា​ទីបំផុត ប្រឆាំង​នឹង​មនុស្ស​គ្នា​ឯង»។ តាម​ពិត ការ​ទាស់​ប្រឆាំង​គ្នា​ដ៏​សាហាវ​បំផុត ក្នុង​គ្រា​ថ្មីៗនេះ​—⁠គឺ​សង្គ្រាម​លោក​លើក​ទី១ និង​លើក​ទី២​—⁠គឺ​បាន​ផ្ទុះ​ឡើង​ក្នុង​កណ្ដាល​ពិភព​គ្រីស្ទាន​នេះ​ឯង។

១៣. តើ​មាន​ទី​សំអាង​យ៉ាង​ណា​ខ្លះ ដែល​បង្ហាញ​ថា ផែន​ដី​កំពុង​ត្រូវ​គេ​បង្ខូច?

១៣ «បង្ខូច​ផែនដី»។ (វិវរណៈ ១១:⁠១៨) អ្នកវិទ្យាសាស្ត្រ​ជាង​១,៦០០​នាក់ ដែល​មាន​រួម​អ្នក​បាន​រង្វាន់​ណូបែល​១០៤​នាក់​ផង ពី​ជុំវិញ​ពិភពលោក បាន​យល់​ស្រប​នឹង​សេចក្ដី​ព្រមាន​មួយ ដែល​សហ​ជី​ព​អ្នកវិទ្យាសាស្ត្រ​ដែល​ខ្វល់ខ្វាយ​បាន​បញ្ចេញ ដែល​ថ្លែង​ថា៖ «ដំណើរ​មនុស្ស​លោក​និង​ពិភព​ធម្មជាតិ​គឺ​នឹង​ត្រូវ​ទង្គិច​គ្នា​ហើយ។ . . . យើង​មាន​សល់​ឱកាស​តែ​ពីរបី​ទសវត្ស​ទៀត​ទេ ដើម្បី​ឃាត់​ឃាំង កុំ​ឲ្យ​មហន្តរាយ​នេះ​កើត​ឡើង»។ សេចក្ដី​រាយ​ការណ៍​នេះ​និយាយ​ថា ការ​អនុវត្ត​របស់​មនុស្ស ដែល​គំរាម​កំហែង​ដល់​ជីវិត «អាច​កែ​ប្រែ​ពិភពលោក​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​ពិភពលោក​មិន​អាច​ទ្រទ្រង់​ជីវិត តាម​របៀប​ដែល​យើង​ដឹង​ទៀត​ហើយ»។ ការ​បង្ហិន​ធាតុ​អូហ្សូន ការ​ធ្វើ​ឲ្យ​ទឹក​ក្រខ្វក់ ការ​កាប់​ជំរះ​ព្រៃ​ឈើ ការ​បាត់បង់​ជីជាតិ​ដី និង​ការ​វិនាស​ដាច់​ពូជ​នៃ​ចំ​ពូក​សត្វ​និង​រុក្ខជាតិ​ច្រើន គឺ​បាន​ត្រូវ​គេ​រាប់​ជា​វិបត្ដិ​ធំ ដែល​គេ​ត្រូវ​រក​ផ្លូវ​ដោះ​ស្រាយ​ជា​បន្ទាន់។ សហ​ជីព​នេះ​បាន​និយាយ​ថា⁠៖ «មនុស្ស​លោក​យើង​កែខៃ​សំណាញ់​ដែល​អាស្រ័យ​ពឹងពាក់​នឹង​គ្នា​នៃ​ជីវិត អាច​នាំ​ឲ្យ​កើត​មាន​ឥទ្ធិពល​សកល​ទូទៅ រួម​ទាំង​ការ​លំបាក​បែក​ដល់​ប្រព័ន្ធ​ជីវសាស្ត្រ​ដែល​មាន​ឌីណាមីក ដែល​យើង​រក​យល់​ឲ្យ​ច្បាស់​មិន​ទាំង​បាន​ផង»។

១៤. តើ​អ្នក​អាច​រក​ភស្តុតាង​បញ្ជាក់​យ៉ាង​ដូច​ម្ដេច ថា​ម៉ាថាយ ២៤:១៤ កំពុង​ត្រូវ​សម្រេច​ក្នុង​ជំនាន់​យើង​នេះ?

១៤ «ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នេះ នឹង​ត្រូវ​ផ្សាយ​ប្រកាស​ពេញ​ពាស​លើ​ផែនដី»។ (ម៉ាថាយ ២៤:​១៤, ព.ថ.) ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា ដំណឹង​ល្អ​អំពី​ព្រះរាជាណាចក្រ នឹង​ត្រូវ​ផ្សាយ​ប្រកាស​ពាស​ពេញ​លើ​ផែនដី ទុក​ជា​បន្ទាល់​ដល់​អស់​ទាំង​សាសន៍។ ដោយ​បាន​ព្រះ​ទ្រង់​ជួយ​ហើយ​ប្រទាន​ពរ​ឲ្យ ស្មរបន្ទាល់ព្រះយេហូវ៉ា​រាប់​លាន​នាក់ កំពុង​បរិច្ចាគ​ពេល​វេលា​រាប់​ពាន់​លាន​ម៉ោង សម្រាប់​កិច្ចការ​ផ្សាយ​ប្រកាស និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នេះ។ (ម៉ាថាយ ២៤:១៩, ២០) ត្រូវ​ហើយ ពួក​ស្មរបន្ទាល់​ដឹង​ថា ពួក​គេ​នឹង​ជាប់​ទោស​កំចាយ​ឈាម បើសិន​ពួក​គេ​មិន​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ​ទេ។ (អេសេគាល ៣:១៨, ១៩) ប៉ុន្តែ ពួក​គេ​ត្រេកអរ​ណាស់ ដែល​មនុស្ស​រាប់​ពាន់​នាក់​រៀង​រាល់​ឆ្នាំ តប​ឆ្លើយ​នឹង​ដំណឹង​អំពី​ព្រះ​រាជាណាចក្រ​ដោយ​អំណរគុណ ហើយ​តាំង​ចិត្ត​ធ្វើ​ជា​គ្រីស្ទាន​ពិត គឺ​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ការ​បំរើ​ព្រះ​យេហូវ៉ា ហើយ​ផ្សព្វផ្សាយ​ប្រកាស​ចំណេះ​អំពី​ព្រះ​អង្គ គឺ​ជា​ឯក​សិទ្ធិ​មួយ​ដ៏​ល្អ​ឥត​គណនា។ ហើយ​ក្រោយ​ពេល​ដំណឹង​ល្អ​នេះ ត្រូវ​ផ្សាយ​ប្រកាស​ពេញ​ពាស​លើ​ផែន​ដី ដល់​គ្រប់​ទី​ក​ន្លែង​មនុស្ស​រស់​នៅ​ហើយ នោះ​នឹង​បាន​ដល់​ចុង​បំផុត​នៃ​របប​អាក្រក់​នេះ។

តប​ឆ្លើយ​នឹង​ទី​សំអាង

១៥. តើ​របប​អាក្រក់​បច្ចុប្បន្ន​នេះ​នឹង​ត្រូវ​ចប់​ទៅ​យ៉ាង​ដូច​ម្ដេច?

១៥ តើ​របប​នេះ​នឹង​ចប់​ទៅ​យ៉ាង​ដូច​ម្ដេច? ព្រះ​គម្ពីរ​ទាយ​អំពី​«សេចក្ដី​វេទនា​ជា​ខ្លាំង» ដែល​នឹង​ចាប់​ផ្ដើម​ឡើង ពេល​ពួក​នយោបាយ​ប្រទូស្ត​វាយ​ទៅ​លើ​«បាប៊ីឡូន​ដ៏​ធំ» ដែល​ជា​ចក្រភព​ពិភពលោក នៃ​សាសនា​មិន​ពិត។ (ម៉ាថាយ ២៤:២១; វិវរណៈ ១៧:​៥, ១៦) ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ក្នុង​រយៈ​គ្រា​នេះ ‹ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក›។ (ម៉ាថាយ ២៤:២៩) នេះ​អាច​ចង្អុល​ប្រាប់​អំពី​បាតុភូត​លើ​មេឃ​មែន​ទែន។ យ៉ាង​ណា​ក៏​ដោយ ពន្លឺ​ចាំង​ចែង​របស់​ពិភព​សាសនា នឹង​ត្រូវ​បង្ហាញ​ចេញ​មក ហើយ​និង​ត្រូវ​កំចាត់​ចោល​ទៅ។ បន្ទាប់​មក សាតាំង​ដែល​ហៅ​ថា​«កុក​នៃ​ស្រុក​ម៉ាកុក» នឹង​ប្រើ​មនុស្ស​ពុក​រលួយ ឲ្យ​ទៅ​វាយ​លុក​ពួក​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ប៉ុន្តែ​សាតាំង​មិន​បាន​ជ័យជំនះ​ទេ ដ្បិត​ព្រះ​នឹង​មក​សង្គ្រោះ​ពួក​គេ។ (អេសេគាល ៣៨:១, ២, ១៤​-​២៣) «សេចក្ដី​វេទនា​ជា​ខ្លាំង»​នឹង​បាន​ដល់​ពេញ​ទំហឹង ក្នុង​អើម៉ាគេដូន ដែល​ជា​«ចំបាំង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»។ ចំបាំង​នេះ​នឹង​បោស​សំអាត​អង្គការ​សាតាំង​ចេញ​អស់​ពី​ផែន​ដី ឥត​ទុក​ឲ្យ​សល់​ដំណែល​អ្វី​ឡើយ ហើយ​នឹង​បើក​ចំហ ឲ្យ​មនុស្ស​ជាតិ​ដែល​មាន​ជីវិត​រស់​រាន ទទួល​ពរ​ហូរ​ហៀរ​ជានិច្ច​រៀង​ទៅ។​—⁠វិវរណៈ ៧:៩, ១៤; ១១:១៥; ១៦:១៤, ១៦; ២១:៣, ៤

១៦. តើ​តាម​របៀប​ណា ដែល​យើង​ដឹង​ថា​លក្ខណៈ​ដែល​ត្រូវ​ទាយ​ទុក​មក គឺ​ទាក់ទង​នឹង​ជំនាន់​យើង​នេះ?

១៦ លក្ខណៈ​ខ្លះ​នៃ​ទំនាយ ដែល​រៀប​រាប់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ បើ​ពិចារណា​ដោយ​ឡែក គឺ​ហាក់​ដូច​ជា​ទាក់ទង​នឹង​សម័យ​ផ្សេង​ក្នុង​ប្រវត្ដិសាស្ត្រ។ ប៉ុន្តែ ពេល​សរុប​បញ្ចូល​គ្នា​ទៅ ទី​សំអាង​ដែល​ទាយ​ទុក​មក​នោះ គឺ​ចង្អុល​ចំ​មក​សម័យ​យើង​នេះ។ សូម​យើង​ពន្យល់​ជា​ឧទាហរណ៍⁠៖ ម្រាម​ដៃ​មនុស្ស​ម្នាក់​មាន​ស្នាម​ស្នូត⁠ៗ ដែល​បង្កើត​ជា​ទ្រង់ទ្រាយ​ក្រយៅ​ម្រាម​ដៃ ដែល​ខុស​ពី​ក្រយៅ​ម្រាម​ដៃ​របស់​បុគ្គល​ណា​ទាំង​អស់។ គឺ​ស្រដៀង​គ្នា​ដែរ ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ក៏​មាន​ទ្រង់ទ្រាយ​ប្លែក​ដោយ​ខ្លួន​វា ដែល​កើត​ពី​ស្នាម​ចំណាំ ឬ ឧបត្ដិ​ហេតុ​នានា។ នេះ​បង្កើត​ជា​«ក្រយៅ​ម្រាម​ដៃ» ដែល​ខុស​ពី​ជំនាន់​ណា​ទាំង​អស់។ ពេល​ដែល​ពិចារណា​ជា​មួយ​នឹង​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ ដែល​បង្ហាញ​ប្រាប់​ថា ព្រះ​រាជាណាចក្រ​ស្ថានសួគ៌​របស់​ព្រះ​កំពុង​គ្រប់គ្រង​ក្នុង​គ្រា​ឥឡូវ​នេះ ទី​សំអាង​នេះ​ផ្ដល់​មូលដ្ឋាន​ដ៏​រឹង​មាំ សម្រាប់​ធ្វើ​ការ​សន្និដ្ឋាន​ថា នេះ​ពិត​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​មែន។ ថែម​ទៅ​ទៀត មាន​ភស្តុតាង​យ៉ាង​ជាក់​ច្បាស់​ពី​បទ​គម្ពីរ ដែល​បង្ហាញ​ថា​របប​ដ៏​អាក្រក់​សម័យ​បច្ចុប្បន្ន​នេះ នឹង​ត្រូវ​វិនាស​ទៅ​ក្នុង​ពេល​ឆាប់⁠ៗ​នេះ​ហើយ។

១៧. តើ​ការ​ដឹង​ថា​នេះ​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ គួរ​តែ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

១៧ តើ​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច នឹង​ទី​សំអាង​ដែល​បញ្ជាក់​ប្រាប់​ថា នេះ​ហើយ​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នោះ? សូម​ពិចារណា​អំពី​រឿង​នេះ⁠៖ បើ​មាន​ខ្យល់ព្យុះ​សង្ឃរា​ជិត​មក​ដល់ នោះ​យើង​នឹង​ចាត់​ចែង​ប្រុង​ប្រយ័ត្ន​ខ្លួន​ជា​បន្ទាន់។ អ្វីៗដែល​ព្រះ​គម្ពីរ​ទាយ​ប្រាប់​ថា នឹង​កើត​ឡើង​ដល់​របប​សម័យ​នេះ គួរ​ជំរុញ​យើង​ឲ្យ​ចាប់​សកម្ម​ភ្លាម។ (ម៉ាថាយ ១៦:១-៣) យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ថា យើង​កំពុង​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ នៃ​របប​លោកីយ៍​នេះ​ហើយ។ នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​កែ​តម្រូវ​ជា​ចាំបាច់ ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះ​គុណ​នៃ​ព្រះ។ (ពេត្រុសទី២ ៣:​៣, ១០-១២) យោង​សំដៅ​ទៅ​ខ្លួន​ទ្រង់​ថា​ជា​អ្នក​សង្គ្រោះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ប្រាប់​បញ្ជា​ដ៏​បន្ទាន់​មួយ​ថា⁠៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែន​ដី ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។​—⁠លូកា ២១:៣៤​-​៣៦

[កំណត់​សម្គាល់]

a គម្ពីរ​ខ្លះ​មិន​ប្រើ​ពាក្យ​«របប​លោកីយ៍»ទេ តែ​ប្រើ​ពាក្យ​«ពិភពលោក»​វិញ។ វចនានុក្រម​អធិប្បាយ​ពាក្យ​គម្ពីរ​សញ្ញា​ថ្មី របស់​លោក វែន៍ និយាយ​ថា ពាក្យ​ក្រិក អែ-យ៉ន «មាន​ន័យ​ថា​កំឡុង​ពេល​មួយ​ដែល​ឥត​មាន​កំណត់​រយៈ​វែង​ខ្លី ឬ គ្រា​ដែល​គេ​គ្រោង​គិត​ទាក់ទង​នឹង​ហេតុ​ការណ៍​កើត​ឡើង​ក្នុង​កំឡុង​ពេល​នោះ»។ សន្ទានុ​ក្រម​ភាសា​ក្រិក​និង​អង់គ្លេស​សម្រាប់​គម្ពីរ​សញ្ញា​ថ្មី របស់​ផ័កហឹស្ត (ទំព័រ ១៧) មាន​រួម​ប្រយោគ «របប​លោកីយ៍​នេះ» ពេល​ពិគ្រោះ​អំពី​ការ​ប្រើ​ពាក្យ អែ​-​យ៉ន្ស (ពហុស័ព្ទ) នៅ​ហេព្រើរ ១:⁠២។ ដូច្នេះ ការ​បក​ប្រែ​ពាក្យ​ជា​«របប​លោកីយ៍» គឺ​ស្រប​គ្នា​នឹង​ឯកសារ​ភាសា​ក្រិក។

សាកល្បង​ចំណេះ​របស់​អ្នក

តើ​ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​យ៉ាង​ដូច​ម្ដេច អំពី​ហេតុ​ការណ៍​ដែល​កើត​ឡើង​ក្នុង​ពិភពលោក?

តើ​អ្វី​ខ្លះ​ជា​លក្ខណៈ​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់?

តើ​អ្វី​នាំ​ចិត្ត​អ្នក​ឲ្យ​ជឿ ថា​នេះ​ហើយ​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់?

[ប្រអប់​នៅ​ទំព័រ​១០២]

លក្ខណៈ​ខ្លះ​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់

• មហា​សង្គ្រាម​ដែល​ពុំ​ដែល​មាន​ពី​មុន​មក។​—⁠ម៉ាថាយ ២៤:៧; វិវរណៈ ៦:៤

• ការ​អត់​បាយ។​—⁠ម៉ាថាយ ២៤:៧; វិវរណៈ ៦:៥, ៦, ៨

• រោគ​រាតត្បាត។​—⁠លូកា ២១:១១; វិវរណៈ ៦:៨

• បទ​ឧក្រិដ្ឋ​ដែល​មាន​កាន់​តែ​ច្រើន​ឡើង។​—⁠ម៉ាថាយ ២៤:១២

• ការ​បង្ខូច​ផែនដី។​—⁠វិវរណៈ ១១:១៨

• ការ​កក្រើក​ផែនដី។​—⁠ម៉ាថាយ ២៤:៧

• គ្រា​លំបាក​ណាស់។​—⁠ធីម៉ូថេទី២ ៣:១

• ការ​ស្រឡាញ់​ប្រាក់​ជ្រុល​ហួស​ហេតុ។​—⁠ធីម៉ូថេទី២ ៣:២

• ការ​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។​—⁠ធីម៉ូថេទី២ ៣:២

• ការ​ខ្វះ​សេចក្ដី​ស្រឡាញ់​តាម​ធម្មតា។​—⁠ធីម៉ូថេទី២ ៣:៣

• ការ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ។​—⁠ធីម៉ូថេទី២ ៣:៤

• ការ​មិន​ចេះ​ទប់​ចិត្ត។​—⁠ធីម៉ូថេទី២ ៣:៣

• ការ​មិន​ចូល​ចិត្ត​នឹង​ការ​ល្អ។​—⁠ធីម៉ូថេទី២ ៣:៣

• ការ​មិន​បាន​ចាប់​អារម្មណ៍​នឹង​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង​មក។​—⁠ម៉ាថាយ ២៤:៣៩

• មនុស្ស​ចំអក​មិន​ព្រម​ជឿ​ភស្តុតាង​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។​—⁠ពេត្រុសទី២ ៣:៣, ៤

• ការ​ផ្សាយ​ប្រកាស​ព្រះ​រាជាណាចក្រ​ព្រះ​ទូទាំង​ផែនដី។​—⁠ម៉ាថាយ ២៤:១៤

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១០១]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក