បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៣ ទំ. ១១៨-១២៩
  • ហេតុដែលការរស់នៅតាមផ្លូវរបស់ព្រះនាំឲ្យមានសុភមង្គល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុដែលការរស់នៅតាមផ្លូវរបស់ព្រះនាំឲ្យមានសុភមង្គល
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ទៀងត្រង់​នាំ​ឲ្យ​មាន​សុភមង្គល
  • ចិត្ត​សប្បុរស​នាំ​ឲ្យ​មាន​សុភមង្គល
  • កត្ដា​ឯ​ទៀត​ដែល​ជួយ​ឲ្យ​មាន​សុភមង្គល
  • សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍
  • «មិន​មែន​ជា​របស់​លោកីយ៍​ទេ»
  • ថ្លឹង​ថ្លែង​ការ​ធ្វើ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ
  • ការងារ​និង​ការ​កំសាន្ត
  • សេចក្ដី​គោរព​ចំពោះ​ជីវិត​និង​ឈាម
  • ចូរធ្វើឲ្យក្រុមគ្រួសាររបស់អ្នកមានអនាគតជារៀងដរាបតទៅ
    គន្លឹះនៃសុភមង្គលគ្រួសារ
  • បន្ថែមការគោរពប្រណិប័តន៍ព្រះពីលើការស៊ូទ្រាំរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • សូមស្វែងរកសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សុភមង្គលពិត—តើអ្វីជាកូនសោ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៣ ទំ. ១១៨-១២៩

ជំពូក​ទី១៣

ហេតុ​ដែល​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះនាំ​ឲ្យ​មាន​សុភមង្គល

១​. ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា ផ្លូវ​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​សុភមង្គល?

ព្រះយេហូវ៉ា​ជា​‹ព្រះ​ដែល​មាន​ព្រះទ័យ​សប្បាយ› ហើយ​ទ្រង់​ក៏​ចង់​ឲ្យ​អ្នក​សប្បាយ​នឹង​ជីវិត​ដែរ។ (ធីម៉ូថេទី១ ១:⁠១១) ដោយ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ អ្នក​នឹង​បាន​ប្រយោជន៍​សំរាប់​ខ្លួន ហើយ​នឹង​មាន​សេចក្ដី​សុខ​សាន្តត្រាណ​ក្នុង​ជម្រៅ​ចិត្ត​ជា​ដរាប ដូច​ជា​ទន្លេ​ដែល​ហូរ​ទៅ​មិន​ចេះ​ដាច់។ ការ​ដើរ​តាម​ផ្លូវ​របស់​ព្រះ ក៏​ជំរុញ​បុគ្គល​ម្នាក់​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​បន្តបន្ទាប់​ជានិច្ច «ដូច​ជា​រលក​នៃ​សមុទ្រ»។ នេះ​ហើយ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត។​—⁠អេសាយ ៤៨:​១៧, ១៨

២​. តើ​ពួក​គ្រីស្ទាន​អាច​សប្បាយ​ចិត្ត​យ៉ាង​ដូច​ម្ដេច ថ្វី​បើ​ជួន​កាល​គេ​ត្រូវ​រង​អំពើ​អាក្រក់​នោះ?

២ អ្នក​ខ្លះ​ប្រហែល​ជា​ជំទាស់​ថា ‹មនុស្ស​ជួន​កាល​រង​ទុក្ខ​ពី​ការ​ធ្វើ​អំពើ​ត្រឹម​ត្រូវ›។ ពិត​មែន​ហើយ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ។ ប៉ុន្តែ ទោះ​ជា​មាន​មនុស្ស​បៀតបៀន​ក៏​ដោយ ពួក​គេ​នៅ​តែ​មាន​ចិត្ត​សប្បាយ ហើយ​នៅ​តែ​«បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ»​ត​ទៅ​ជានិច្ច។ (កិច្ចការ ៥:​៤០​-​៤២) យើង​អាច​រៀន​មេ​រៀន​ដ៏​សំខាន់​ពី​រឿង​នេះ។ មេ​រៀន​មួយ​គឺ​ថា ការ​រស់​នៅ​របស់​យើង​តាម​ផ្លូវ​ព្រះ មិន​ធានា​រ៉ាប់​រង​ថា យើង​នឹង​ត្រូវ​គេ​ប្រព្រឹត្ត​អំពើ​ល្អ​មក​លើ​ជានិច្ច​នោះ​ឡើយ។ ‹តាម​ពិត› សាវ័ក​ប៉ុល​បាន​សរសេរ​ថា «អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ»។ (ធីម៉ូថេទី២ ៣:១២) មូលហេតុ​ចំពោះ​រឿង​នេះ គឺ​ថា​សាតាំង​និង​លោកីយ៍​របស់​វា ប្រឆាំង​ពួក​អ្នក​ដែល​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ។ (យ៉ូហាន ១៥:​១៨, ១៩; ពេត្រុសទី១ ៥:⁠៨) ប៉ុន្តែ សុភមង្គល​ពិត គឺ​មិន​ស្រេច​តែ​នឹង​របស់​ខាង​ក្រៅ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សុភមង្គល​ពិត​គឺ​កើត​មាន​មក​ពី​ការ​ជឿ​ស៊ប់ ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ដូច្នេះ​ក៏​ទទួល​ការ​យល់​ព្រម​ពី​ព្រះ។​—⁠ម៉ាថាយ ៥:​១០​-​១២; យ៉ាកុប ១:​២, ៣; ពេត្រុសទី១ ៤:​១៣, ១៤

៣​. តើ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា គួរ​មាន​ឥទ្ធិពល​លើ​ជីវិត​នៃ​បុគ្គល​ម្នាក់​យ៉ាង​ដូច​ម្ដេច?

៣ មនុស្ស​ខ្លះ​យល់​ថា គេ​អាច​ទទួល​បាន​ព្រះ​គុណ​របស់​ព្រះ តាម​រយៈ​ការ​ប្រព្រឹត្ត​យូរ⁠ៗម្ដង​ដែល​សម្ដែង​នូវ​ភក្ដីភាព ប៉ុន្តែ អាច​បំភ្លេច​ទ្រង់​ចោល​នៅ​គ្រា​ឯ​ទៀត​បាន។ ការ​ថ្វាយ​បង្គំ​ពិត​ដល់​ព្រះ​យេហូវ៉ា គឺ​មិន​មែន​ដូច្នោះ​ទេ តែ​មាន​ឥទ្ធិពល​លើ​ចរិយា​របស់​បុគ្គល​នោះ ក្នុង​វេលា​ដែល​គេ​មាន​ស្មារតី​ដឹង​ខ្លួន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដូច្នេះ​ហើយ បាន​ជា​គេ​ហៅ​ការ​ថ្វាយ​បង្គំ​នេះ​ថា​ជា​«ផ្លូវ»។ (កិច្ចការ ១៩:៩; អេសាយ ៣០:⁠២១) គឺ​ជា​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ ដែល​តម្រូវ​ឲ្យ​យើង​និយាយ​និង​ប្រព្រឹត្ត​ស្រប​តាម​បន្ទូល​នៃ​ព្រះ។

៤​. ហេតុ​អ្វី​បាន​ជា​ការ​កែ​ប្រែ​ការ​រស់​នៅ ដើម្បី​ឲ្យ​ស្រប​តាម​ផ្លូវ​របស់​ព្រះ​ផ្ដល់​នូវ​ផល​ប្រយោជន៍?

៤ ពេល​ដែល​សិស្ស​ថ្មី​នៃ​ព្រះ​គម្ពីរ​ឃើញ​ថា គេ​ត្រូវ​តែ​កែ​ប្រែ​ជីវិត​របស់​គេ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា នោះ​គេ​ប្រហែល​ជា​ងឿង​ឆ្ងល់​ថា ‹តើ​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ គឺ​ពិត​ជា​ផ្ដល់​អត្ថ​ប្រយោជន៍​ណាស់​ទៅ​ឬ›? អ្នក​អាច​ដឹង​ជាក់​ថា គឺ​ពិត​ជា​អញ្ចឹង​មែន។ ហេតុ​អ្វី? ពីព្រោះ​«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់» ហើយ​ដូច្នេះ ផ្លូវ​របស់​ទ្រង់​គឺ​សំរាប់​នាំ​ផល​ប្រយោជន៍​ដល់​យើង។ (យ៉ូហានទី១ ៤:⁠៨) ព្រះ​ក៏​ប្រកប​ដោយ​ប្រាជ្ញា​ដែរ ហើយ​ទ្រង់​ក៏​ជ្រាប​នូវ​អ្វី⁠ៗដែល​ផ្ដល់​ផល​ល្អ​ជា​ទីបំផុត​សំរាប់​យើង។ ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​ខ្លាំង​បំផុត ទ្រង់​អាច​ពង្រឹង​យើង​ឲ្យ​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់ បាន​ដូច​ចិត្ត​យើង​ប្រាថ្នា ដោយ​ជម្រុះ​ទម្លាប់​អាក្រក់​ចោល។ (ភីលីព ៤:⁠១៣) ចូរ​យើង​ពិចារណា​មើល​គោលការណ៍​ខ្លះ ដែល​ទាក់ទង​នឹង​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ ហើយ​មើល​ថា​តើ​អនុវត្ត​តាម​គោលការណ៍​ទាំង​នោះ នឹង​នាំ​ឲ្យ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច។

សេចក្ដី​ទៀងត្រង់​នាំ​ឲ្យ​មាន​សុភមង្គល

៥​. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​កុហក​និង​ការ​លួច?

៥ ព្រះ​យេហូវ៉ា​ជា​«ព្រះ​នៃ​សេចក្ដី​ពិត»។ (ទំនុកដំកើង ៣១:⁠៥) ប្រាកដ​ហើយ អ្នក​ប្រាថ្នា​ចង់​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ចង់​ឲ្យ​គេ​ស្គាល់​អ្នក​ថា​ជា​មនុស្ស​ចិត្ត​ត្រង់​ផង។ សេចក្ដី​ទៀងត្រង់​នាំ​ឲ្យ​មាន​ការ​គោរព​រាប់​អាន​ខ្លួន និង​សុខុមាលភាព​ល្អ។ ប៉ុន្តែ ពីព្រោះ​សេចក្ដី​ឥត​ទៀងត្រង់ គឺ​ជា​រឿង​ធម្មតា​ទូទៅ​ក្នុង​ពិភពលោក​ដ៏​មាន​បាប​នេះ ពួក​គ្រីស្ទាន​ក៏​ត្រូវ​ការ​សេចក្ដី​រំឭក​នេះ⁠៖ «ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ . . . អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ​ហត់​ជាជាង . . . ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង»។ (អេភេសូរ ៤:២៥, ២៨) និយោជិត​គ្រីស្ទាន ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដោយ​ចិត្ត​ទៀងត្រង់។ បើ​និយោជក​មិន​អនុញ្ញាត​ឲ្យ​ទេ នោះ​ពួក​គេ​មិន​យក​អ្វី​ដែល​ជា​របស់​និយោជក​ឡើយ។ មិន​ថា​នៅ​ឯ​កន្លែង​ធ្វើ​ការ ក្នុង​សាលា ឬ​នៅ​ផ្ទះ អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​‹ទៀងត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់›។ (ហេព្រើរ ១៣:⁠១៨) អ្នក​ណា​ដែល​មាន​ទម្លាប់​និយាយ​កុហក ឬ​លួច នោះ​មិន​អាច​ទទួល​ព្រះ​គុណ​របស់​ព្រះ​បាន​ឡើយ។—ចោទិយកថា ៥:⁠១៩; វិវរណៈ ២១:៨

៦​. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ទៀងត្រង់​របស់​អ្នក​ដែល​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ នាំ​ឲ្យ​មាន​ការ​ដំកើង​ដល់​ព្រះ​យេហូវ៉ា?

៦ ការ​មាន​ចិត្ត​ទៀងត្រង់ នាំ​ឲ្យ​បាន​ពរ​ជា​ច្រើន។ ស៊ីលីណា ជា​ស្ត្រី​មេម៉ាយ​សាសន៍​អាហ្វ្រិក​ដ៏​ក្រីក្រ​ម្នាក់ ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​គោលការណ៍​ដ៏​សុចរិត​របស់​ទ្រង់។ ថ្ងៃ​មួយ នាង​បាន​រក​ឃើញ​កាតាប ដែល​មាន​ប័ណ្ណ​ធនាគារ និង​ប្រាក់​មួយ​ចំនួន​ធំ។ ដោយ​ប្រើ​សៀវភៅ​លេខ​ទូរស័ព្ទ នាង​អាច​រក​ម្ចាស់​កាតាប​នោះ​ឃើញ​—⁠ជា​ម្ចាស់​ហាង​ដែល​បាន​ត្រូវ​គេ​ប្លន់។ បុរស​ម្ចាស់​ហាង​នេះ​មាន​ចិត្ត​អស្ចារ្យ​ណាស់ ពេល​បាន​ឃើញ​ស៊ី​លី​ណា ទោះ​ជា​ឈឺ​ខ្សោយ​ខ្លាំង​ក៏​ដោយ បាន​មក​ជួប​គាត់ ហើយ​យក​របស់​ទាំង​ប៉ុន្មាន​ក្នុង​កាតាប​មក​ប្រគល់​ឲ្យ​គាត់​វិញ។ បុរស​នេះ​បាន​និយាយ​ថា «សេចក្ដី​ទៀងត្រង់​បែប​នេះ ត្រូវ​តែ​ជូន​រង្វាន់​ឲ្យ» ហើយ​ក៏​បាន​ហុច​ប្រាក់​មួយ​ចំនួន​ដល់​នាង។ សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ថា​បុរស​នេះ​បាន​សរសើរ​សាសនា​របស់​នាង​ស៊ីលីណា។ ត្រូវ​ហើយ អំពើ​ទៀងត្រង់ ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ​ឃើញ​ថា​ល្អ​ត្រចង់ លើក​ដំកើង​ព្រះ​យេហូវ៉ា ហើយ​នឹង​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​ទៀងត្រង់​របស់​ទ្រង់​ផង។​—⁠ទីតុស ២:⁠១០; ពេត្រុសទី១ ២:⁠១២

ចិត្ត​សប្បុរស​នាំ​ឲ្យ​មាន​សុភមង្គល

៧​. តើ​ការ​លេង​ល្បែង គឺ​ខុស​យ៉ាង​ណា?

៧ ការ​មាន​ចិត្ត​សប្បុរស​ក៏​នាំ​ឲ្យ​មាន​សុភមង្គល​ដែរ រីឯ​មនុស្ស​លោភ​វិញ នឹង​មិន​«គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ (កូរិនថូសទី១ ៦:១០) សេចក្ដី​លោភ​មួយ​ប្រភេទ​ដ៏​ធម្មតា​ទូទៅ គឺ​ការ​លេង​ល្បែង ដែល​ជា​ការ​ប៉ុនប៉ង​រក​ឈ្នះ​បាន​ប្រាក់​ពី​អ្នក​ឯ​ទៀត​ដែល​ចាញ់​ល្បែង។ ព្រះយេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​អ្នក​ដែល​‹រក​ប្រាក់​តាម​របៀប​ថោកទាប​ឡើយ›។ (ធីម៉ូថេទី១ ៣:⁠៨) ទោះ​ជា​នៅ​កន្លែង​ដែល​ការ​លេង​ល្បែង​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​គេ​លេង​ល្បែង​ទុក​ជា​ការ​កំសាន្ត​ក៏​ដោយ ក៏​គេ​អាច​ទៅ​ជា​ញៀន ហើយ​ជួយ​ដំកើង​ការ​ប្រព្រឹត្ត ដែល​បាន​ធ្វើ​ឲ្យ​ហិន​ហោច​ដល់​ជីវិត​របស់​មនុស្ស​ជា​ច្រើន​នាក់។ ការ​លេង​ល្បែង​តែង​នាំ​ឲ្យ​មាន​សេចក្ដី​លំបាក​វេទនា​ដល់​គ្រួសារ​របស់​អ្នក​លេង ដែល​មាន​សល់​ប្រាក់​បន្ដិច​បន្តួច ដើម្បី​ទិញ​របស់​ត្រូវ​ការ ដូច​ជា​អាហារ​និង​សំលៀកបំពាក់។​—⁠ធីម៉ូថេទី១ ៦:⁠១០

៨​. តើ​ព្រះ​យេស៊ូ​មាន​គំរូ​យ៉ាង​ណា​អំពី​សេចក្ដី​សប្បុរស ហើយ​យើង​អាច​មាន​ចិត្ត​សប្បុរស​ដូច​ម្ដេច?

៨ ដោយ​ព្រោះ​ចិត្ត​សប្បុរស​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គេ ពួក​គ្រីស្ទាន​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឯ​ទៀត ជា​ពិសេស​ពួក​អ្នក​មាន​ជំនឿ​ដូច​គ្នា​ដែល​ក្រ​ខ្សត់។ (យ៉ាកុប ២:​១៥, ១៦) មុន​ព្រះ​យេស៊ូ​យាង​មក​ផែនដី ទ្រង់​បាន​កត់​សម្គាល់​ឃើញ​សេចក្ដី​សប្បុរស​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ។ (កិច្ចការ ១៤:​១៦, ១៧) ឯ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​បាន​ប្រទាន​ពេល​វេលា ការ​ប៉ិនប្រសប់ ព្រម​ទាំង​ជីវិត​របស់​ទ្រង់​ទុក​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​ផង។ ដូច្នេះ ទ្រង់​មាន​គុណវុឌ្ឍិ​គ្រប់​សព្វ​ដើម្បី​មាន​បន្ទូល​ថ្លែង​ប្រាប់​ថា⁠៖ «ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល»។ (កិច្ចការ ២០:⁠៣៥) ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​សរសើរ​ស្រី​មេម៉ាយ​ម្នាក់ ដែល​ដាក់​កាក់​តូច​ពីរ​ក្នុង​ហិប​ប្រាក់​នៃ​ព្រះ​វិហារ ពីព្រោះ​នាង​បាន​ឲ្យ​«របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន»។ (ម៉ាកុស ១២:​៤១​-​៤៤) ពួក​អ៊ីស្រាអែល​ពីដើម​និង​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ផ្ដល់​គំរូ​អំពី​ចិត្ត​សប្បុរស​ដែល​ប្រកប​ដោយ​អំណរ ក្នុង​ការ​គាំទ្រ​ខាង​សម្ភារៈ​ដល់​ក្រុមជំនុំ​និង​កិច្ចការ​ព្រះ​រាជាណាចក្រ។ (របាក្សត្រទី១ ២៩:៩; កូរិនថូសទី២ ៩:​១១​-​១៤) ក្រៅ​ពី​ផ្ដល់​វិភាគទាន​ខាង​សម្ភារៈ​សំរាប់​បំណង​ទាំង​នេះ ពួក​គ្រីស្ទាន​សម័យ​នេះ​ក៏​សរសើរ​ដំកើង​ព្រះ​ដោយ​រីករាយ ហើយ​ចំណាយ​អាយុ​ជីវិត​របស់​គេ​ដើម្បី​បំរើ​ទ្រង់​ផង។ (រ៉ូម ១២:១; ហេព្រើរ ១៣:⁠១៥) ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​គេ​ចំពោះ​ការ​ចំណាយ​ពេល​វេលា កម្លាំង និង​ធនធាន​ឯ​ទៀត រួម​ទាំង​ប្រាក់​ដែល​គេ​ផ្ដល់ ដើម្បី​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត និង​ជួយ​ដំកើង​កិច្ចការ​ផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​រាជាណាចក្រ​ពាស​ពេញ​ពិភពលោក។​—⁠សុភាសិត ៣:​៩, ១០

កត្ដា​ឯ​ទៀត​ដែល​ជួយ​ឲ្យ​មាន​សុភមង្គល

៩​. តើ​ការ​ផឹក​ភេសជ្ជៈ​ជាតិ​ស្រា​ច្រើន​ហួស​ហេតុ គឺ​ខុស​យ៉ាង​ណា?

៩ ដើម្បី​ឲ្យ​បាន​សុភមង្គល ពួក​គ្រីស្ទាន​ត្រូវ​តែ​‹រក្សា​ការពារ​សមត្ថភាព​រិះ​គិត​របស់​គេ›។ (សុភាសិត ៥:​១, ២) នេះ​តម្រូវ​ពួក​គេ​ឲ្យ​អាន​ហើយ​សញ្ជឹង​គិត​អំពី​បន្ទូល​របស់​ព្រះ និង​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ដ៏​ល្អ​ប្រពៃ។ ប៉ុន្តែ មាន​របស់​ខ្លះ​ដែល​គេ​ត្រូវ​ជៀសវាង។ ជា​ឧទាហរណ៍ ការ​ផឹក​ភេសជ្ជៈ​ជាតិ​ស្រា​ច្រើន​ហួស​ហេតុ អាច​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​សមត្ថភាព​រក​គិត​អ្វី​មិន​ត្រូវ។ ក្នុង​សភាព​បែប​នេះ មនុស្ស​ជា​ច្រើន​ក៏​បាន​ចូល​ជាប់​ទាក់ទង​នឹង​អំពើ​ឥត​សីលធម៌ ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង។ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា ពួក​មនុស្ស​ប្រមឹក​នឹង​មិន​បាន​ទទួល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មរតក​ឡើយ! (កូរិនថូសទី១ ៦:⁠១០) ដោយ​មាន​ចិត្ត​ប្ដេជ្ញា​រក្សា​‹គំនិត​នឹង​ធឹង› ពួក​គ្រីស្ទាន​ពិត​ត្រូវ​ជៀសវាង​ការ​ប្រមឹក ហើយ​នេះ​ជួយ​ឲ្យ​មាន​សុភមង្គល​ក្នុង​ចំណោម​ពួក​គេ។​—⁠ទីតុស ២:​២​-​៦

១០​. (ក) ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​មិន​ប្រើ​ថ្នាំ​ជក់? (ខ) តើ​ជម្រុះ​ទម្លាប់​ញៀន​ចោល​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​អ្វី?

១០ រូប​កាយ​ស្អាត​ស្អំ ក៏​ជួយ​ឲ្យ​មាន​សុភមង្គល។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​ញៀន​នឹង​គ្រឿង​ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​ការ​ប្រើ​ថ្នាំ​ជក់។ អង្គការ​ពិភពលោក​ខាង​សុខភាព រាយ​ការណ៍​ថា ការ​ជក់​បារី​«សម្លាប់​មនុស្ស​បី​លាន​នាក់​រៀង​រាល់​ឆ្នាំ»។ ការ​ជម្រុះ​ទម្លាប់​ជក់​ថ្នាំ​ជក់​ចោល គឺ​ពិបាក​ណាស់ ពីព្រោះ​រោគ​លក្ខណៈ​ដែល​កើត​ឡើង​មួយ​រយៈ​ខ្លី​ពី​ការ​ផ្ដាច់​ជាតិ​គ្រឿង​ញៀន។ ផ្ទុយ​ទៅ​វិញ អ្នក​ធ្លាប់​ជក់​បារី​ពី​មុន​ជា​ច្រើន ឃើញ​ថា​គេ​មាន​សុខភាព​ល្អ​មួយ​កំរិត ហើយ​មាន​សល់​ប្រាក់​ច្រើន​ផង​សំរាប់​ទិញ​របស់​ត្រូវ​ការ​ក្នុង​គ្រួសារ។ ត្រូវ​ហើយ មាន​ជ័យជំនះ​លះបង់​ចោល​ទម្លាប់​ជក់​ថ្នាំ ឬ​ការ​ញៀន​គ្រឿង​ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព នឹង​ជួយ​ឲ្យ​បាន​រូប​កាយ​ស្អាត​ស្អំ និង​មនសិការ​ជ្រះថ្លា ព្រម​ទាំង​សុភមង្គល​ពិត។​—⁠កូរិនថូសទី២ ៧:១

សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍

១១​. តើ​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​គេ​បាន​ពេញ​ច្បាប់​ហើយ​បាន​ប្រសើរ​ដល់​គ្រប់​គ្នា​ជា​រៀង​រហូត?

១១ អ្នក​ដែល​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាពាហ៍ពិពាហ៍​របស់​គេ បាន​ត្រូវ​ចុះ​បញ្ជី​ត្រឹម​ត្រូវ​តាម​ច្បាប់​អាជ្ញាធរ​ស៊ីវិល។ (ម៉ាកុស ១២:⁠១៧) គេ​ក៏​ត្រូវ​តែ​ចាត់​ទុក​ភាព​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ជា​ភារៈ​ដ៏​ធំដុំ​មួយ​ដែរ។ ពិត​ហើយ ជួន​កាល​គឺ​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​ជា​ចាំបាច់ ក្នុង​ករណី​ដែល​គូ​អាពាហ៍ពិពាហ៍​តាំង​ចិត្ត​ឥត​គាំទ្រ ធ្វើ​ទុក្ខ​ទោស​ខ្លាំង ឬ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ពិត​ដល់​ភាព​វិញ្ញាណ។ (ធីម៉ូថេទី១ ៥:៨; កាឡាទី ៥:​១៩​-​២១) ប៉ុន្តែ ពាក្យ​របស់​សាវ័ក​ប៉ុល​នៅ​កូរិនថូសទី១ ៧:⁠១០​-​១៧ លើក​ទឹក​ចិត្ត​ប្ដី​ប្រពន្ធ​ឲ្យ​នៅ​ជា​មួយ​គ្នា។ ប្រាកដ​ហើយ ដើម្បី​ឲ្យ​បាន​សុភមង្គល​ពិត ពួក​គេ​ត្រូវ​តែ​មាន​ចិត្ត​ស្មោះ​នឹង​គ្នា។ ប៉ុល​សរសេរ​ថា⁠៖ «ចូរ​ឲ្យ​ការ​វិវាហមង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ឲ្យ​ការ​រួម​ដំណេក ជា​ការ​ឥត​សៅហ្មង​ដែរ ដ្បិត​ព្រះ​ទ្រង់​នឹង​ជំនុំជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ​ស្មន់​គ្នា»។ (ហេព្រើរ ១៣:⁠៤, ព.ថ.) ពាក្យ​«រួម​ដំណេក» គឺ​មាន​ន័យ​ថា​រួម​សង្វាស​គ្នា​រវាង​ប្រុស​និង​ស្រី ដែល​បាន​រៀប​ការ​ជា​មួយ​គ្នា​ត្រឹម​ត្រូវ​តាម​ច្បាប់។ ឥត​មាន​ការ​រួម​ដំណេក​ផ្សេង​ទៀត​ទេ ដូច​ជា​ការ​មាន​ប្រពន្ធ​លើស​ពី​ម្នាក់ ដែល​អាច​រៀប​រាប់​ថា​ជា​«ការ​ប្រសើរ​ដល់​គ្រប់​គ្នា»​ឡើយ។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ផ្ដន្ទា​ដល់​ការ​រួម​សង្វាស​គ្នា​មុន​រៀប​ការ និង​ការ​រួម​សង្វាស​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា។​—⁠រ៉ូម ១:​២៦, ២៧; កូរិនថូសទី១ ៦:⁠១៨

១២​. តើ​អ្វី​ជា​ផលផ្លែ​អាក្រក់​ខ្លះ​នៃ​ការ​សហាយ​ស្មន់?

១២ អំពើ​សហាយ​ស្មន់​ប្រហែល​ជា​ធ្វើ​ឲ្យ​រូប​កាយ​បាន​សប្បាយ​តែ​មួយ​ភ្លែត ប៉ុន្តែ​វា​មិន​មែន​នាំ​ឲ្យ​បាន​សុភមង្គល​ពិត​នោះ​ឡើយ។ នេះ​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ ហើយ​អាច​ធ្វើ​ឲ្យ​រង្កៀស​មនសិការ​របស់​មនុស្ស​ផិត​នោះ​ផង។ (ថែស្សាឡូនីចទី១ ៤:​៣​-​៥) លទ្ធផល​អាក្រក់​នៃ​ការ​រួម​ដំណេក​ឥត​ពេញ​ច្បាប់ គឺ​ប្រហែល​ជា​រោគ​អេដស៍ និង​កាម​រោគ​ឯ​ទៀត។ សេចក្ដី​រាយ​ការណ៍​វិជ្ជា​ពេទ្យ​មួយ​ថ្លែង​ថា⁠៖ «គេ​បាន​ប្រមាណ​ថា មាន​មនុស្ស​ជាង​២៥០​លាន​នាក់​ទូទាំង​ពិភពលោក ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​កើត​រោគ​ប្រមេះ ហើយ​មនុស្ស​ប្រហែល​៥០​លាន​នាក់​ត្រូវ​កើត​រោគ​ស្វាយ»។ ហើយ​ក៏​មាន​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់​បាន​ទៀត។ សហ​ព័ន្ធ​អន្តរជាតិ​ខាង​កិច្ច​មាតា​បិតា រាយ​ការណ៍​ថា ទូទាំង​ពិភពលោក មាន​ក្មេង​ស្រី​ជាង​១៥​លាន​នាក់ អាយុ​រវាង​១៥​និង​១៩​ឆ្នាំ មាន​ផ្ទៃពោះ​រៀង​រាល់​ឆ្នាំ ហើយ​មួយ​ភាគ​បី​នៃ​ចំនួន​ក្មេង​ស្រី​ទាំង​នេះ បាន​ពន្លូត​កូន​ចោល។ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា នៅ​ប្រទេស​អាហ្វ្រិក​មួយ ក្នុង​សេចក្ដី​ស្លាប់​ទាំង​អស់​នៃ​ពួក​ក្មេង​ស្រី ៧២​ភាគ​រយ​គឺ​បណ្ដាល​មក​ពី​ជម្ងឺ​ស្មុគស្មាញ​ដោយសារ​ការ​ពន្លូត​កូន។ អ្នក​ផិត​ខ្លះ​ប្រហែល​ជា​គេច​រួច​ពី​រោគ និង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​មិន​អាច​គេច​ផុត​ពី​ការ​ខូច​ចិត្ត​បាន​ឡើយ។ ពួក​គេ​ជា​ច្រើន​លែង​គោរព​រាប់​អាន​ខ្លួន ហើយ​ព្រម​ទាំង​ស្អប់​ខ្លួន​ទៀត​ផង។

១៣​. តើ​មាន​បញ្ហា​ណា​ថែម​ទៀត​ដែល​កើត​មក​ពី​ការ​ផិត​គ្នា ហើយ​នៅ​ពេល​អនាគត អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​មិន​ព្រម​ឈប់​សហាយ​ស្មន់​គ្នា?

១៣ ថ្វី​បើ​ការ​ផិត​គ្នា​អាច​ទទួល​ការ​អត់​ឱន​ទោស​ក៏​ដោយ វា​គឺ​ជា​មូលដ្ឋាន​ដ៏​ត្រឹម​ត្រូវ​តាម​បទ​គម្ពីរ សំរាប់​ការ​លែង​លះ​គ្នា ចំពោះ​គូ​អាពាហ៍ពិពាហ៍​ដែល​ឥត​មាន​ទោស។ (ម៉ាថាយ ៥:⁠៣២; ប្រៀបធៀប ហូសេ ៣:​១​-​៥) ពេល​ដែល​អំពើ​ឥត​សីលធម៌​បែប​នេះ បាន​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​បាក់​បែក នេះ​អាច​ទុក​ឲ្យ​គូ​អាពាហ៍ពិពាហ៍​ដែល​គ្មាន​ទោស ហើយ​និង​កូន​ផង មាន​ការ​ឈឺ​ចិត្ត​ជាប់​ឆ្អិ​ត​ក្នុង​ទ្រូង។ ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រួសារ​មនុស្ស បន្ទូល​របស់​ព្រះ​បាន​ចង្អុល​ប្រាប់​ថា ទ្រង់​នឹង​ជំនុំជំរះ​ជំទាស់​នឹង​ពួក​សហាយ​ស្មន់​និង​ពួក​ផិត​គ្នា ដែល​មិន​ព្រម​កែ​ប្រែ​ចិត្ត។ ម្យ៉ាង​ទៀត បន្ទូល​របស់​ព្រះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​ខាង​កាម នឹង​«មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។​—⁠កាឡាទី ៥:១៩, ២១

«មិន​មែន​ជា​របស់​លោកីយ៍​ទេ»

១៤​. (ក) តើ​សរណវត្ថុ​បូជា​ប្រភេទ​ណា​ខ្លះ ដែល​អ្នក​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ​ជៀសវាង? (ខ) តើ​យ៉ូហាន ១៧:⁠១៤ និង​អេសាយ ២:៤ ផ្ដល់​នូវ​សេចក្ដី​ណែនាំ​យ៉ាង​ណា?

១៤ អ្នក​ដែល​ប្រាថ្នា​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា ហើយ​ចង់​ទទួល​ពរ​ពី​ព្រះរាជាណាចក្រ គឺ​ត្រូវ​ជៀសវាង​សរណវត្ថុ​បូជា​គ្រប់​ប្រភេទ។ ព្រះ​គម្ពីរ​បង្ហាញ​ប្រាប់​ថា មិន​ត្រូវ​ធ្វើ​បដិមាករ​ហើយ​ថ្វាយ​បង្គំ​វា​ឡើយ គឺ​រួម​ទាំង​បដិមាករ​ព្រះ​គ្រីស្ទ និង​នាង​ម៉ារា ជា​ម្ដាយ​ព្រះ​យេស៊ូ​ផង ដ្បិត​នេះ​ជា​ការ​ខុស។ (និក្ខមនំ ២០:​៤, ៥; យ៉ូហានទី១ ៥:⁠២១) ដូច្នេះ ពួក​គ្រីស្ទាន​ពិត​មិន​ថ្វាយ​បង្គំ​រូប ឈើ​ឆ្កាង និង​បដិមាករ​ទេ។ គេ​ក៏​ជៀសវាង​ការ​ថ្វាយ​បង្គំ​សរណវត្ថុ​ម្យ៉ាង​ដែល​មិន​ងាយ​យល់ ដូច​ជា​ការ​គោរព​ទង់​ជាតិ និង​ច្រៀង​ចំរៀង​ដែល​ដំកើង​ជាតិ​សាសន៍​ដែរ។ ពេល​ត្រូវ​បង្ខំ​ឲ្យ​ប្រព្រឹត្ត​បែប​នេះ ពួក​គេ​នឹក​ដល់​បន្ទូល​របស់​ព្រះ​យេស៊ូ​ដល់​សាតាំង​ថា⁠៖ «ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ»។ (ម៉ាថាយ ៤:​៨​-​១០, ព.ថ.) ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ពួក​អ្នក​កាន់​តាម​ទ្រង់ គឺ​«មិន​មែន​ជា​របស់​លោកីយ៍​ទេ»។ (យ៉ូហាន ១៧:⁠១៤) នេះ​គឺ​មាន​ន័យ​ថា តាំង​ខ្លួន​ជា​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ ហើយ​រស់​នៅ​ដោយ​សុខសាន្ត ស្រប​តាម​អេសាយ ២:៤ ដែល​ចែង​ថា⁠៖ «ទ្រង់​[ព្រះ​យេហូវ៉ា]​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សំ​រេ​ច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។

១៥​. តើ​អ្វី​ជា​បាប៊ីឡូន​ដ៏​ធំ ហើយ​ពួក​សិស្ស​ថ្មី​នៃ​ព្រះ​គម្ពីរ​ជា​ច្រើន​ធ្វើ​យ៉ាង​ណា ដើម្បី​ចាក​ចេញ​ពី​វា​នោះ?

១៥ «មិន​មែន​ជា​របស់​លោកីយ៍» ក៏​មាន​ន័យ​ថា ឈប់​ចូល​រួម​ទាក់ទង​ជា​មួយ​«បាប៊ីឡូន​ដ៏ធំ» ដែល​ជា​ចក្រភព​សាសនា​មិន​ពិត​ទូទៅ​ក្នុង​លោក។ ការ​ថ្វាយ​បង្គំ​មិន​ស្អាត​ស្អំ​បាន​រាលដាល​ចេញ​ពី​បាប៊ីឡូន​បុរាណ​មក រហូត​ដល់​វា​មាន​អំណាច​ខាង​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទូទាំង​ពិភពលោក។ «បាប៊ីឡូន​ដ៏​ធំ» គឺ​រួម​បញ្ចូល​សាសនា​ទាំង​អស់​ដែល​មាន​លទ្ធិ​និង​អនុវត្ត ដែល​មិន​ស្រប​នឹង​ចំណេះ​នៃ​ព្រះ។ (វិវរណៈ ១៧:​១, ៥, ១៥) ឥត​មាន​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ណា​ម្នាក់ នឹង​ចូល​រួម​ក្នុង​សកម្មភាព​លាយ​ជំនឿ​គ្នា ដោយ​រួម​ចំណែក​នឹង​ការ​ថ្វាយ​បង្គំ​ជា​មួយ​សាសនា​ដទៃ ឬ​ដោយ​ចង​មិត្តភាព​ខាង​វិញ្ញាណ​ជា​មួយ​នឹង​ចំណែក​របស់​បាប៊ីឡូន​ដ៏​ធំ​ណា​មួយ​ឡើយ។ (ជនគណនា ២៥:​១​-​៩; កូរិនថូសទី២ ៦:⁠១៤) ហេតុ​ដូច្នេះ សិស្ស​ថ្មី​នៃ​ព្រះ​គម្ពីរ​ជា​ច្រើន ផ្ញើ​សំបុត្រ​សុំ​លា​ចេញ​ពី​អង្គការ​សាសនា ដែល​ខ្លួន​គេ​ជា​សមាជិក។ នេះ​បាន​នាំ​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​ពិត​ថែម​ទៀត ដូច​បាន​សន្យា​មក​ថា⁠៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ​ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោកគ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា› »។ (កូរិនថូសទី២ ៦:⁠១៧, ព​.​ថ​.; វិវរណៈ ១៨:​៤, ៥) តើ​ការ​ទទួល​បែប​នេះ​ពី​ព្រះ​វរបិតា​ស្ថានសួគ៌​របស់​យើង មិន​មែន​ជា​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ជា​ខ្លាំង​ទេ​ឬ?

ថ្លឹង​ថ្លែង​ការ​ធ្វើ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ

១៦​. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ពិត​មិន​ធ្វើ​បុណ្យ​ណូអែល?

១៦ ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ ដោះ​លែង​យើង​ឲ្យ​រួច​ពី​បន្ទុក​ធ្ងន់​ជា​ច្រើន​នៃ​ការ​ធ្វើ​ពិធី​បុណ្យ​របស់​លោកីយ៍។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​មិន​បង្ហាញ​ប្រាប់​ថ្ងៃ​កំណើត​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូ​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​លាន់​មាត់​ថា ‹ខ្ញុំ​ស្មាន​ថា ព្រះ​យេស៊ូ​បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ›! នេះ​គឺ​មិន​ត្រូវ​ទេ ពីព្រោះ​ទ្រង់​បាន​សោយទិវង្គត​ក្នុង​រដូវ​រងា នៃ​ឆ្នាំ​៣៣ ស.យ. ពេល​ទ្រង់​មាន​ព្រះ​ជន្ម​៣៣​ឆ្នាំ​កន្លះ។ ម្យ៉ាង​ទៀត ក្នុង​គ្រា​ដែល​ទ្រង់​ចាប់​កំណើត នោះ​ពួក​អ្នក​គង្វាល​«ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់»។ (លូកា ២:⁠៨) នៅ​ប្រទេស​អ៊ីស្រាអែល ចុង​ខែ​ធ្នូ​គឺ​ជា​រដូវ​ត្រជាក់​ហើយ​មាន​ភ្លៀង​ធ្លាក់ ជា​គ្រា​ដែល​គេ​ទុក​សត្វ​ចៀម​នៅ​ក្នុង​ក្រោល​នៅ​ពេល​យប់ ដើម្បី​ការពារ​វា​ពី​ធាតុ​អាកាស​រដូវ​ត្រជាក់។ តាម​ពិត ថ្ងៃ​ទី២៥ ខែ​ធ្នូ គឺ​ជា​ថ្ងៃ​ដែល​ពួក​រ៉ូម​បាន​លើក​ទុក​សំរាប់​ជា​ថ្ងៃ​កំណើត​នៃ​ព្រះ​សុរិយា​របស់​គេ។ ជា​ច្រើន​សតវត្ស​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​គង់​នៅ​លើ​ផែនដី ពួក​គ្រីស្ទាន​ដែល​ក្បត់​ជំនឿ បាន​ជ្រើស​យក​ថ្ងៃ​នេះ​សំរាប់​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​កំណើត​របស់​ព្រះ​គ្រីស្ទ។ ហេតុ​ដូច្នេះ គ្រីស្ទាន​ពិត​មិន​ធ្វើ​ពិធី​បុណ្យ​ណូអែល​ឬ​ថ្ងៃ​បុណ្យ​ណា​ទៀត ដែល​សំអាង​លើ​ជំនឿ​សាសនា​ក្លែង​ក្លាយ​នោះ​ឡើយ។ ពីព្រោះ​ពួក​គេ​មាន​ភក្ដីភាព​តែ​ចំពោះ​ព្រះ​យេហូវ៉ា ពួក​គេ​ក៏​មិន​បាន​ធ្វើ​ពិធី​បុណ្យ ដែល​គោរព​ដំកើង​មនុស្ស​ឬ​ជាតិ​សាសន៍​ដ៏​មាន​បាប​នោះ​ដែរ។

១៧​. ហេតុ​អ្វី​បាន​អ្នក​ដែល​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ​មិន​នាំ​គ្នា​ជប់លៀង​ធ្វើ​បុណ្យ​ថ្ងៃ​កំណើត ហើយ​ហេតុ​អ្វី​ក៏​ពួក​កូន​ក្មេង​គ្រីស្ទាន​នៅ​តែ​សប្បាយ​ចិត្ត?

១៧ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យ៉ាង​ជាក់លាក់ អំពី​ពិធី​បុណ្យ​ថ្ងៃ​កំណើត​តែ​ពីរ ដែល​សុទ្ធតែ​ទាក់ទង​នឹង​មនុស្ស​ដែល​មិន​បំរើ​ព្រះ។ (លោកុប្បត្តិ ៤០:​២០​-​២២; ម៉ាថាយ ១៤:​៦​-​១១) ដ្បិត​បទ​គម្ពីរ​មិន​បង្ហាញ​ប្រាប់​ថ្ងៃ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ជា​បុរស​គ្រប់​ល័ក្ខណ៍​នោះ​ផង ហេតុ​អ្វី​ក៏​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នឹង​ថ្ងៃ​កំណើត​របស់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍? (សាស្ដា ៧:⁠១) ប្រាកដ​ហើយ ឪពុក​ម្ដាយ​ដែល​គោរព​ព្រះ មិន​មែន​រង់ចាំ​ដល់​ថ្ងៃ​ពិសេស ដើម្បី​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​របស់​គេ​ឡើយ។ ក្មេង​ស្រី​គ្រីស្ទាន​អាយុ​១៣​ឆ្នាំ​ម្នាក់ ពោល​ថា⁠៖ «គ្រួសារ​របស់​ខ្ញុំ​ហើយ​និង​ខ្ញុំ​មាន​ការ​សប្បាយ​ច្រើន​ណាស់ . . . ខ្ញុំ​ជិត​ស្និទ្ធ​នឹង​ឪពុក​ម្ដាយ​ខ្ញុំ ហើយ​ពេល​ដែល​ក្មេង​ឯ​ទៀត សួរ​នូវ​ហេតុ​ដែល​ខ្ញុំ​មិន​ធ្វើ​ពិធី​បុណ្យ ខ្ញុំ​ក៏​ប្រាប់​គេ​ថា ខ្ញុំ​មាន​ធ្វើ​រាល់​តែ​ថ្ងៃ»។ គ្រីស្ទាន​វ័យ​ក្មេង​អាយុ​១៧​ឆ្នាំ​ម្នាក់ និយាយ​ថា⁠៖ «ក្នុង​ផ្ទះ​របស់​យើង យើង​ឲ្យ​អំណោយ​គ្នា​រាល់​តែ​ដង​ពេញ​មួយ​ឆ្នាំ»។ សុភមង្គល​នឹង​មាន​ច្រើន​ឡើង ពេល​ដែល​អំណោយ​បាន​ឲ្យ​ទៅ​ដោយ​មិន​បាច់​ចាំ​ដល់​ឱកាស​ពិសេស។

១៨​. តើ​អ្វី​ជា​ពិធី​បុណ្យ​មួយ ដែល​ព្រះ​យេស៊ូ​បញ្ជា​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​­រំឭក​យើង​អំពី​អ្វី?

១៨ ចំពោះ​ពួក​អ្នក​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ គឺ​មាន​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​និមួយ⁠ៗ ដែល​គេ​នឹង​ធ្វើ​ពិធី​បុណ្យ​រំឭក​ដល់​យ៉ាង​ពិសេស។ នេះ​គឺ​ជា​អាហារ​ពេល​ល្ងាច​របស់​ព្រះ​អម្ចាស់ ហើយ​តែង​ត្រូវ​គេ​ហៅ​ថា ពិធី​បុណ្យ​រំឭក​ដល់​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ។ ចំពោះ​ថ្ងៃ​នេះ ព្រះ​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា⁠៖ «ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ»។ (លូកា ២២:​១៩, ២០; កូរិនថូសទី១ ១១:​២៣​-​២៥) ពេល​ដែល​ព្រះ​យេស៊ូ​ប្រារព្ធ​ធ្វើ​ពិធី​ជប់លៀង​អាហារ​នេះ​នៅ​រាត្រី​ថ្ងៃ​ទី១៤ ខែ​ណែ​សា​ន ឆ្នាំ​៣៣ ស.យ. ទ្រង់​បាន​ប្រើ​នំប៉័ង​ឥត​ដំបែ​និង​ស្រា​ក្រហម ជា​តំណាង​រូប​កាយ​ដ៏​ឥត​បាប និង​លោហិត​ដ៏​ល្អ​បរិសុទ្ធ​របស់​ទ្រង់។ (ម៉ាថាយ ២៦:​២៦​-​២៩) របស់​តំណាង​ទាំង​នេះ គឺ​ត្រូវ​ទទួល​សេព​សោយ​ដោយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ពី​វិញ្ញាណ​បរិសុទ្ធ។ ពួក​គេ​បាន​ត្រូវ​យក​ចូល​ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី និង​កិច្ច​ព្រម​ព្រៀង​សំរាប់​ព្រះ​រាជាណាចក្រ ហើយ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ក្នុង​ស្ថានសួគ៌។ (លូកា ១២:⁠៣២; ២២:​២០, ២៨​-​៣០; រ៉ូម ៨:​១៦, ១៧; វិវរណៈ ១៤:​១​-​៥) ប៉ុន្តែ ផល​ប្រយោជន៍​ក៏​បាន​ដល់​មនុស្ស​ទាំង​អស់​ដែរ ដែល​មក​ចូល​រួម​ក្នុង​វេលា​ល្ងាច​នោះ ដែល​ត្រូវ​ជា​ថ្ងៃ​ទី១៤​ខែ​ណែ​សា​ន តាម​ប្រ​ក្រ​តិទិន​យូដា​បុរាណ។ ពួក​គេ​បាន​ត្រូវ​រំឭក​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សម្ដែង​មក​ក្នុង​យញ្ញបូជា​លោះ​សំរាប់​លុប​លាង​បាប ដែល​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មាន​ព្រះ​គុណ មាន​លទ្ធភាព​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។​—⁠ម៉ាថាយ ២០:⁠២៨; យ៉ូហាន ៣:⁠១៦

ការងារ​និង​ការ​កំសាន្ត

១៩​. តើ​ការ​ពិបាក​អ្វី​ដែល​ពួក​គ្រីស្ទាន​មាន​ក្នុង​ការ​ចិញ្ចឹម​ជីវិត?

១៩ ពួក​គ្រីស្ទាន​ពិត មាន​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​គេ​ខំ​ប្រឹង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​តាម​សេចក្ដី​ត្រូវ​ការ។ សម្រេច​ភារកិច្ច​នេះ ធ្វើ​ឲ្យ​មេ​គ្រួសារ​មាន​សេចក្ដី​ពេញ​ចិត្ត។ (ថែស្សាឡូនីចទី១ ៤:​១១, ១២) ប្រាកដ​ហើយ បើ​ការងារ​របស់​គ្រីស្ទាន​ជំទាស់​នឹង​ព្រះ​គម្ពីរ នេះ​នឹង​ធ្វើ​ឲ្យ​គាត់​លែង​មាន​សុភមង្គល។ ប៉ុន្តែ ជួន​កាល​គ្រីស្ទាន​មាន​ការ​ពិបាក​រក​ការងារ​ដែល​ស្រប​នឹង​ខ្នាត​តម្រា​ព្រះ​គម្ពីរ​ណាស់។ ជា​ឧទាហរណ៍ និយោជក​ខ្លះ​តម្រូវ​ឲ្យ​ពួក​និយោជិត បោកប្រាស់​ពួក​អ្នក​ទិញ។ ម្យ៉ាង​វិញ​ទៀត មាន​និយោជក​ជា​ច្រើន ដែល​នឹង​សុខ​ចិត្ត​ឲ្យ​អ្នក​ធ្វើ​ការ​ចិត្ត​ទៀងត្រង់​ធ្វើ​តាម​មនសិការ​របស់​ខ្លួន ដោយ​ព្រោះ​គេ​មិន​ចង់​បាត់បង់​និយោជិត​ដ៏​ទៀងត្រង់​ទាំង​នេះ។ ប៉ុន្តែ ទោះ​ជា​មាន​ហេតុ​ការណ៍​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ដឹង​ជា​ប្រាកដ​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​អ្នក ក្នុង​ការ​ស្វែង​រក​ការងារ​ដែល​ទុក​ឲ្យ​អ្នក​មាន​មនសិការ​ស្អាត​ស្អំ។—កូរិនថូសទី២ ៤:២

២០​. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ជ្រើសរើស​គ្រឿង​កំសាន្ត?

២០ ពីព្រោះ​ព្រះ​ចង់​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​សប្បាយ​ចិត្ត នោះ​យើង​ត្រូវ​ថ្លឹង​ថ្លែង​ការ​ខំ​ធ្វើ​ការ នឹង​គ្រា​សំរាប់​កំសាន្ត និង​សំរាប់​សំរាក​ខ្លួន​ប្រាណ។ (ម៉ាកុស ៦:⁠៣១; សាស្ដា ៣:​១២, ១៣) លោកីយ៍​របស់​សាតាំង​ផ្សព្វផ្សាយ​ដំកើង​គ្រឿង​កំសាន្ត​ដែល​បំពាន​លើ​ច្បាប់​ព្រះ។ ប៉ុន្តែ​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ជ្រើសរើស​សៀវភៅ​ដែល​យើង​អាន កម្មវិធី​វិទ្យុ​និង​ភ្លេង​ដែល​យើង​ស្ដាប់ និង​តន្ត្រី​ប្រគំ ភាពយន្ត ល្ខោន កម្មវិធី​ទូរទស្សន៍ និង​វីឌីអូ​ដែល​យើង​ទស្សនា។ ប្រសិន​បើ​គ្រឿង​កំសាន្ត​ដែល​យើង​ធ្លាប់​រើស​យក​កាល​ពីដើម ទាស់​នឹង​សេចក្ដី​ព្រមាន​ក្នុង​បទ​គម្ពីរ ដូច​ចែង​ក្នុង​ចោទិយកថា ១៨:​១០​-​១២, ទំនុកដំកើង ១១:​៥, និង​អេភេសូរ ៥:​៣​-​៥, នោះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ហើយ​នឹង​បាន​សប្បាយ​ចិត្ត​ខ្លាំង​ឡើង​មិន​ខាន​ឡើយ ប្រសិន​បើ​យើង​កែ​ប្រែ​ឈប់​ទាក់ទង​នឹង​របស់​ទាំង​នោះ​ទៀត។

សេចក្ដី​គោរព​ចំពោះ​ជីវិត​និង​ឈាម

២១​. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​គោរព​ចំពោះ​ជីវិត គួរ​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ការ​ពន្លូត​កូន ព្រម​ទាំង​ទម្លាប់​និង​ចរិយា​របស់​យើង?

២១ ដើម្បី​ទទួល​សុភមង្គល​ពិត យើង​ត្រូវ​តែ​ប្រតិបត្ដិ​តាម​ព្រះ​យេហូវ៉ា ដោយ​ចាត់​ទុក​ជីវិត​មនុស្ស​ជា​អ្វី​ដ៏​ពិសិដ្ឋ។ បន្ទូល​របស់​ទ្រង់​ហាម​យើង កុំ​ឲ្យ​ប្រព្រឹត្ត​ឃាតកម្ម។ (ម៉ាថាយ ១៩:​១៦​-​១៨) តាម​ពិត ច្បាប់​របស់​ព្រះ​សំរាប់​ពួក​អ៊ីស្រាអែល​បង្ហាញ​ថា ទ្រង់​ចាត់​ទុក​កូន​ក្នុង​ពោះ ជា​ជីវិត​ដ៏​មាន​តម្លៃ​—⁠មិន​មែន​ជា​អ្វី​មួយ​សំរាប់​សម្លាប់​ចោល​នោះ​ឡើយ។ (និក្ខមនំ ២១:​២២, ២៣) ចំពោះ​រឿង​នេះ យើង​មិន​ត្រូវ​ចាត់​ទុក​ជីវិត​ជា​អ្វី​ដ៏​ថោក ដោយ​ប្រើ​ថ្នាំ​ជក់ ធ្វើ​ទុក្ខ​ទោស​ដល់​រូប​កាយ​របស់​យើង ដោយ​គ្រឿង​ញៀន​ឬ​ជាតិ​ស្រា ឬ​ប្រថុយ​រងគ្រោះ​ថ្នាក់​ចំពោះ​អ្វី​មួយ​ដ៏​មិន​ចាំបាច់។ ហើយ​យើង​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​សកម្មភាព​ណា​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ឥត​អើពើ​នឹង​វិធានការ​បង្ការ​គ្រោះថ្នាក់ ដែល​អាច​ធ្វើ​ឲ្យ​យើង​ជាប់​ទោស​កំចាយ​ឈាម​នោះ​ដែរ។​—⁠ចោទិយកថា ២២:៨

២២​. (ក) តើ​អ្វី​ជា​ទស្សនៈ​របស់​ព្រះ​ចំពោះ​ឈាម​និង​ការ​ប្រើ​ឈាម​នោះ? (ខ) តើ​មាន​តែ​លោហិត​របស់​អ្នក​ណា​ម្នាក់​គត់​ដែល​ពិត​ជា​អាច​សង្គ្រោះ​ជីវិត​បាន?

២២ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​លោក​ណូអេ​និង​គ្រួសារ​របស់​លោក​ថា ឈាម​ជា​តំណាង​ព្រលឹង​ឬ​ជីវិត។ ដូច្នេះ ព្រះ​បាន​ហាម​ពួក​គេ មិន​ឲ្យ​បរិភោគ​ឈាម។ (លោកុប្បត្តិ ៩:​៣, ៤) ពីព្រោះ​យើង​ជា​កូន​ចៅ​របស់​ពួក​គេ ច្បាប់​នោះ​ក៏​ធ្លាក់​ជាប់​មក​លើ​យើង​រាល់​គ្នា​ដែរ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ពួក​អ៊ីស្រាអែល​ថា ត្រូវ​បង្ហូរ​ឈាម​ចោល​ទៅ​លើ​ដី ហើយ​មិន​ត្រូវ​ទុក​ប្រើ​សំរាប់​ប្រយោជន៍​ដល់​មនុស្ស​ឡើយ។ (ចោទិយកថា ១២:​១៥, ១៦) ច្បាប់​របស់​ព្រះ​ចំពោះ​ឈាម បាន​ត្រូវ​ចែង​ប្រាប់​សា​ឡើង​វិញ​ម្ដង​ទៀត ពេល​ដែល​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​បាន​ត្រូវ​បង្គាប់​ថា⁠៖ ‹ចូរ​ជៀសវាង​ពី​ឈាម›។ (កិច្ចការ ១៥:​២៨, ២៩) ពីព្រោះ​សេចក្ដី​គោរព​ចំពោះ​ភាព​បរិសុទ្ធ​នៃ​ជីវិត មនុស្ស​ដែល​គោរព​តាម​ព្រះ​មិន​ទទួល​យក​ការ​បញ្ចូល​ឈាម​ទេ ទោះបី​អ្នក​ឯ​ទៀត​ទទូច​ថា ទម្រង់​ការណ៍​បែប​នេះ​នឹង​សង្គ្រោះ​ជីវិត​ក៏​ដោយ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​យក​វិធី​ព្យាបាល​ពេទ្យ​ផ្សេង​ជំនួស​វិញ ដែល​ឃើញ​ថា​មាន​ប្រសិទ្ធិភាព​ណាស់ ហើយ​មិន​មាន​គ្រោះថ្នាក់​ដូច​ការ​បញ្ចូល​ឈាម​ផង។ ពួក​គ្រីស្ទាន​ដឹង​ថា មាន​តែ​លោហិត​បង្ហូរ​ឈាម​ចេញ​មក​របស់​ព្រះយេស៊ូ​ទេ ដែល​អាច​សង្គ្រោះ​ជីវិត​បាន​ជា​ពិត។ អ្នក​ណា​ដែល​មាន​ជំនឿ​លើ​លោហិត​នេះ បាន​ទទួល​សេចក្ដី​អត់​ឱន​ទោស និង​សេចក្ដី​សង្ឃឹម​រស់​នៅ​អស់កល្ប​ជានិច្ច។​—⁠អេភេសូរ ១:៧

២៣​. តើ​មាន​រង្វាន់​អ្វី​ខ្លះ ដែល​បាន​មក​ពី​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ?

២៣ ច្បាស់​ណាស់ ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ គឺ​តម្រូវ​ឲ្យ​យើង​មាន​ការ​ខំ​ប្រឹងប្រែង។ នេះ​ប្រហែល​ជា​នាំ​ឲ្យ​មាន​ការ​សើច​ចំអក​ពី​ពួក​បងប្អូន​ញាតិ​មិត្ត។ (ម៉ាថាយ ១០:​៣២​-​៣៩; ពេត្រុសទី១ ៤:⁠៤) ប៉ុន្តែ រង្វាន់​បាន​មក​ពី​ការ​រស់​នៅ​បែប​នេះ គឺ​សំខាន់​ជាង​ការ​លំបាក​ណា​ទាំង​អស់​ឆ្ងាយ​ណាស់។ នេះ​ធ្វើ​ឲ្យ​យើង​មាន​មនសិការ​ស្អាត​ស្អំ ហើយ​ឲ្យ​យើង​មាន​មិត្តភាព​ដ៏​ល្អ​ប្រពៃ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ (ម៉ាថាយ ១៩:​២៧, ២៩) រួច​មក សូម​នឹក​គិត​ផង​ដែរ​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។ (អេសាយ ៦៥:​១៧, ១៨) តើ​នឹង​មាន​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎ ដោយ​ធ្វើ​តាម​ឱវាទ​ព្រះ​គម្ពីរ ហើយ​ដូច្នេះ​ក៏​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ត្រេកអរ! (សុភាសិត ២៧:⁠១១) អញ្ចឹង​ហើយ​បាន​ជា​ការ​រស់​នៅ​តាម​ផ្លូវ​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល​មែន!​—⁠ទំនុកដំកើង ១២៨:​១, ២

សាកល្បង​ចំណេះ​របស់​អ្នក

តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល?

ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ តម្រូវ​ឲ្យ​មាន​ការ​កែ​ប្រែ​យ៉ាង​ណា​ខ្លះ?

ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ?

[រូបភាព​នៅ​ទំព័រ​១២៤, ១២៥]

សកម្មភាព​ខាង​វិញ្ញាណ ថ្លឹង​ថ្លែង​ជា​មួយ​នឹង​គ្រា​សំរាក នាំ​ឲ្យ​មាន​សុភមង្គល​ដល់​អ្នក​ដែល​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក