មេរៀនទី១៣
តើអ្នកអាចរកឃើញសាសនាពិតយ៉ាងដូចម្ដេច?
តើសាសនាទាំងអស់សុទ្ធតែផ្គាប់ព្រះហឫទ័យនៃព្រះ ឬក៏មានតែសាសនាមួយប៉ុណ្ណោះ? (១)
ហេតុអ្វីក៏មានសាសនាច្រើនម្ល៉េះដែលអះអាងថាជាសាសនាគ្រីស្ទាន? (២)
តើអ្នកអាចសម្គាល់គ្រីស្ទានពិតយ៉ាងដូចម្ដេច? (៣-៧)
១. ព្រះយេស៊ូបានចាប់ផ្ដើមបង្កើតសាសនាគ្រីស្ទានពិតមួយ។ ដូច្នេះ សព្វថ្ងៃនេះត្រូវមានតែមនុស្សមួយពួកឬមួយក្រុមប៉ុណ្ណោះ ដែលជាអ្នកថ្វាយបង្គំពិតដល់ព្រះយេហូវ៉ា។ (យ៉ូហាន ៤:២៣, ២៤; អេភេសូរ ៤:៤, ៥) ព្រះគម្ពីរបង្រៀនថាមានមនុស្សចំនួនតិចតួចប៉ុណ្ណោះដែលដើរលើផ្លូវចង្អៀតទៅកាន់ជីវិត។—ម៉ាថាយ ៧:១៣, ១៤
២. ព្រះគម្ពីរបានទាយថា ក្រោយពេលពួកសាវ័កបានទទួលមរណភាពទៅ នោះសេចក្ដីបង្រៀនមិនពិតនិងការប្រព្រឹត្តខុសផ្ទុយពីគ្រីស្ទាននឹងជ្រាបចូលក្នុងក្រុមជំនុំគ្រីស្ទានបន្ដិចម្ដងៗ។ ពួកមនុស្សនឹងទាញយកអ្នកមានជំនឿឲ្យតាមខ្លួនគេជាជាងតាមព្រះគ្រីស្ទ។ (ម៉ាថាយ ៧:១៥, ២១-២៣; កិច្ចការ ២០:២៩, ៣០) ហេតុនេះហើយបានជាយើងឃើញមានសាសនាខុសៗគ្នាយ៉ាងច្រើនដូច្នេះ ដែលអះអាងថាជាសាសនាគ្រីស្ទាន។ តើយើងអាចសម្គាល់គ្រីស្ទានពិតយ៉ាងដូចម្ដេច?
៣. កំណត់សម្គាល់ដ៏ល្អបំផុតរបស់គ្រីស្ទានពិត គឺថាពួកគេមានសេចក្ដីស្រឡាញ់ស្មោះនឹងគ្នា។ (យ៉ូហាន ១៣:៣៤, ៣៥) ពួកគេឥតបានត្រូវបង្រៀនឲ្យគិតថា ខ្លួនគេគឺល្អប្រសើរជាងមនុស្សខាងពូជសាសន៍ឬពណ៌សម្បុរដទៃឡើយ ហើយក៏ឥតបានត្រូវបង្រៀនឲ្យស្អប់មនុស្សពីប្រទេសផ្សេងៗដែរ។ (កិច្ចការ ១០:៣៤, ៣៥) ដូច្នេះ ពួកគេមិនចូលរួមក្នុងសង្គ្រាមទេ។ គ្រីស្ទានពិតរាប់រកគ្នាទៅវិញទៅមកទុកដូចជាបងប្អូនប្រុសស្រី។—យ៉ូហានទី១ ៤:២០, ២១
៤. កំណត់សម្គាល់មួយទៀតរបស់សាសនាគ្រីស្ទានពិត គឺថាសមាជិកគេមានសេចក្ដីគោរពដ៏ជ្រាលជ្រៅចំពោះព្រះគម្ពីរ។ ពួកគេទទួលស្គាល់ព្រះគម្ពីរថាជាបន្ទូលនៃព្រះ ហើយជឿតាមអ្វីៗដែលព្រះគម្ពីរចែងប្រាប់។ (យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦, ១៧) ពួកគេចាត់ទុកថាបន្ទូលព្រះគឺសំខាន់ជាងគំនិតឬទំនៀមទម្លាប់របស់មនុស្ស។ (ម៉ាថាយ ១៥:១-៣, ៧-៩) ពួកគេខំរស់នៅតាមសេចក្ដីបង្រៀនពីព្រះគម្ពីរជានិច្ចក្នុងជីវភាពប្រចាំថ្ងៃរបស់គេ។ ដូច្នេះ ពួកគេមិនផ្សាយប្រកាសអំពីអ្វីមួយ ហើយប្រព្រឹត្តផ្ទុយទៅវិញនោះឡើយ។—ទីតុស ១:១៥, ១៦
៥. សាសនាពិតត្រូវតែលើកដំកើងព្រះនាមនៃព្រះ។ (ម៉ាថាយ ៦:៩) ព្រះយេស៊ូមានបន្ទូលប្រាប់ព្រះនាមនៃព្រះ គឺយេហូវ៉ា ឲ្យមនុស្សឯទៀតស្គាល់។ ឯគ្រីស្ទានពិតក៏ត្រូវតែធ្វើដូច្នេះដែរ។ (យ៉ូហាន ១៧:៦, ២៦; រ៉ូម ១០:១៣, ១៤) តើពួកណាក្នុងសហគមន៍អ្នក ដែលថ្លែងប្រាប់អ្នកឯទៀតអំពីព្រះនាមនៃព្រះ?
៦. គ្រីស្ទានពិតត្រូវតែផ្សាយប្រកាសអំពីព្រះរាជាណាចក្រនៃព្រះ។ ព្រះយេស៊ូទ្រង់បានធ្វើកិច្ចការនេះ គឺទ្រង់តែងមានបន្ទូលប្រាប់អំពីព្រះរាជាណាចក្រ។ (លូកា ៨:១) ទ្រង់បញ្ជាពួកសិស្សរបស់ទ្រង់ឲ្យផ្សាយប្រកាសដំណឹងដូចគ្នានេះពាសពេញលើផែនដីទាំងមូល។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) គ្រីស្ទានពិតជឿថាមានតែព្រះរាជាណាចក្រនៃព្រះទេ ដែលនឹងនាំមកនូវសន្ដិភាពនិងសន្ដិសុខពិតប្រាកដលើផែនដីនេះបាន។—ទំនុកដំកើង ១៤៦:៣-៥
៧. ពួកសិស្សរបស់ព្រះយេស៊ូត្រូវតែកុំចូលរួមចំណែកនឹងលោកីយ៍ដ៏អាក្រក់នេះ។ (យ៉ូហាន ១៧:១៦) ពួកគេមិនចូលទាក់ទងក្នុងកិច្ចការនយោបាយនិងរឿងជម្លោះខាងសង្គមរបស់លោកីយ៍នេះឡើយ។ ពួកគេជៀសវាងគំនិតមារយាទ ការប្រព្រឹត្ត និងអាកប្បកិរិយាដែលនាំឲ្យមានទុក្ខទោស ដែលជារបស់ធម្មតាទូទៅក្នុងលោកីយ៍។ (យ៉ាកុប ១:២៧; ៤:៤) តើអ្នកអាចសម្គាល់ក្រុមសាសនាមួយក្នុងសហគមន៍របស់អ្នកឬទេ ដែលមានកំណត់សម្គាល់ទាំងនេះនៃសាសនាគ្រីស្ទានពិតនោះ?
[រូបភាពនៅទំព័រ២៧]
គ្រីស្ទានពិតស្រឡាញ់គ្នាទៅវិញទៅមកគោរពតាមព្រះគម្ពីរ ហើយផ្សាយប្រកាសអំពីព្រះរាជាណាចក្រនៃព្រះ