ដំណឹងព្រះរាជាណាចក្រ លេខ៣៥
តើមនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមកទេ?
សេចក្ដីស្រឡាញ់នៃអ្នកជិតខាងរសាយទៅ
មនុស្សរាប់លាននាក់មានអារម្មណ៍វង្វេងហើយមិនស្រួលសោះ គឺគ្មានកន្លែងណាមួយដែលគេអាចរកជំនួយបានឡើយ។ អ្នកជំនួញស្រីម្នាក់ដែលបានចូលនិវត្តន៍ បានមានប្រសាសន៍ថា៖ ‹នៅពេលល្ងាចមួយ ស្ត្រីមេម៉ាយម្នាក់ដែលរស់នៅជាន់ជាមួយខ្ញុំ បានគោះទ្វារខ្ញុំហើយនិយាយថា គាត់មានអារម្មណ៍ស្រងូតស្រងាត់។ ខ្ញុំបានប្រាប់គាត់ដោយគួរសមហើយត្រង់ៗ ថាខ្ញុំរវល់ណាស់។ គាត់សុំទោសដោយបានរំខានខ្ញុំ ហើយក៏ចេញបាត់ទៅ›។
គួរឲ្យស្ដាយណាស់ ក្នុងរាត្រីនោះ ស្ត្រីមេម៉ាយនេះបានសម្លាប់ខ្លួនឯង។ ក្រោយមកអ្នកជំនួញស្រីម្នាក់នេះមានប្រសាសន៍ថាគាត់បានរៀន«មេរៀនដ៏ពិបាកមួយ»។
ការខ្វះខាតសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងតែងតែធ្វើឲ្យមានសេចក្ដីខ្លោចផ្សា។ ក្នុងកំឡុងពេលទំនាស់រវាងក្រុមអាណិកជនក្នុងប្រទេសបុសនានិងហឺហ្សីហ្គូវិញ៉ ដែលជាផ្នែកនៃអតីតយុកូស្លាវា មានមនុស្សជាងមួយលាននាក់ដែលបានត្រូវបណ្ដេញចេញពីផ្ទះរបស់គេ ហើយរាប់ម៉ឺននាក់ទៀតបានស្លាប់។ តើការនេះប្រព្រឹត្តដោយអ្នកណា? «អ្នកជិតខាងរបស់យើង» ក្មេងស្រីដែលបានត្រូវបណ្ដេញចេញពីភូមិនាង បានបង្ហើបប្រាប់ «យើងស្គាល់ពួកគេ»។
នៅប្រទេសរ្វ៉ាន់ដារាប់រយពាន់នាក់ត្រូវគេសម្លាប់ ភាគច្រើនគឺដោយអ្នកជិតខាងគ្នាឯង។ «ហ៊ុតធូនិងធុត្ស៊ី[រស់នៅ]ជាមួយគ្នា រៀបការរវាងគ្នានឹងគ្នា ឥតខ្វល់ខ្វាយឬមិនដឹងថាអ្នកណាជាហ៊ុតធូ ហើយអ្នកណាជាធុត្ស៊ីផង» បានរាយការណ៍ដោយញូវយ៉កថែម្ស «ស្រាប់តែមានអ្វីមួយផ្ទុះឡើង»។ ហើយ«ការកាប់សម្លាប់ក៏បានចាប់ផ្ដើមឡើង»។
ស្រដៀងគ្នាដែរ ក្នុងប្រទេសអ៊ីស្រាអែលសាសន៍យូដានិងអារ៉ាប់ រស់នៅជាប់គ្នា ប៉ុន្តែពួកគេជាច្រើនស្អប់គ្នាទៅវិញទៅមក។ ស្ថានការណ៍នេះក៏មានដូចគ្នារវាងពួកកាតូលិកនិងប្រូតេស្តង់ក្នុងប្រទេសអឿកឡង់ ហើយក្នុងប្រទេសដទៃទៀត មនុស្សកាន់តែច្រើនឡើងក៏ធ្វើដូច្នេះដែរ។ ក្នុងប្រវត្ដិសាស្ត្រលោកមិនដែលមានការខ្វះសេចក្ដីស្រឡាញ់ដូចឥឡូវនេះសោះ។
ហេតុអ្វីបានជាសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរសាយទៅ?
ព្រះអាទិទេពរបស់យើងផ្ដល់ឲ្យចម្លើយនេះ។ បន្ទូលរបស់ព្រះ ព្រះគម្ពីរ ហៅគ្រាដែលយើងកំពុងតែរស់នៅនេះ ជា‹ថ្ងៃជាន់ក្រោយបង្អស់›។ នេះជាគ្រាដែលទំនាយក្នុងព្រះគម្ពីរចែងថា មនុស្សនឹង«មិនស្រឡាញ់តាមធម្មតាមនុស្ស»។ ស្តីអំពី«គ្រាលំបាកណាស់» ក្នុងព្រះគម្ពីរក៏ហៅថា ‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍› ព្រះយេស៊ូគ្រីស្ទទ្រង់បានទាយទុកថា «សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។—ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ២៤:៣, ១២
ដូច្នេះ ការខ្វះខាតសេចក្ដីស្រឡាញ់សព្វថ្ងៃនេះ គឺជាភស្តុតាងមួយបង្ហាញថាយើងរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់នៃលោកីយ៍នេះ។ គួរឲ្យសប្បាយណាស់ នេះក៏មានន័យថា មនុស្សល្មើសព្រះក្នុងលោកនេះ នឹងផ្លាស់ដោយពិភពលោកថ្មីដ៏សុចរិតដែលគ្រប់គ្រងដោយសេចក្ដីស្រឡាញ់។—ម៉ាថាយ ២៤:៣-១៤; ពេត្រុសទី២ ២:៥; ៣:៧, ១៣
ប៉ុន្តែ តើយើងពិតជាមានមូលហេតុដែលគួរឲ្យជឿថាមានការផ្លាស់ប្ដូរនេះឬ—ថាមនុស្សអាចស្រឡាញ់គ្នាទៅវិញទៅមក ហើយអាចរស់នៅដោយសុខសាន្តជាមួយគ្នានោះ?
សេចក្ដីស្រឡាញ់នៃអ្នកជិតខាង—ជាការជាក់ស្តែង
មេធាវីម្នាក់នៅសតវត្សទីមួយបានសួរព្រះយេស៊ូថា «តើអ្នកណាជាអ្នកជិតខាងខ្ញុំ»? គាត់មុខជាចង់ឲ្យព្រះយេស៊ូមានបន្ទូលថា ‹ជាសាសន៍យូដារបស់អ្នក›។ ប៉ុន្តែ ក្នុងរឿងមួយដែលស្តីអំពីសាសន៍សាម៉ារីជាអ្នកជិតខាង ព្រះយេស៊ូបានមានបន្ទូលប្រាប់ថា ជនជាតិដទៃក៏ជាអ្នកជិតខាងយើងដែរ។—លូកា ១០:២៩-៣៧; យ៉ូហាន ៤:៧-៩
ព្រះយេស៊ូបានបញ្ជាក់ទៀតថា បន្ទាប់ពីសេចក្ដីស្រឡាញ់ព្រះ ការស្រឡាញ់ដល់អ្នកជិតខាង គួរតែគ្រប់គ្រងលើជីវិតរបស់យើង។ (ម៉ាថាយ ២២:៣៤-៤០) ប៉ុន្តែ តើមានក្រុមណាដែលចេះស្រឡាញ់ដល់អ្នកជិតខាងរបស់គេដោយស្មោះទេ? គឺមានពួកគ្រីស្ទានពីសម័យដើម! ពួកគេល្បីឈ្មោះដោយសារសេចក្ដីស្រឡាញ់ដែលគេមានចំពោះអ្នកដទៃ។—យ៉ូហាន ១៣:៣៤, ៣៥
តើយ៉ាងណាដែរសព្វថ្ងៃនេះ? តើមានអ្នកណាសម្ដែងសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទទេ? សព្វវចនាធិប្បាយកាណាដាបានសង្កេតឃើញថា៖ «កិច្ចការនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា ការសម្ដែងឡើងវិញនិងជាការស្ថាបនាឡើងវិញនូវសាសនាគ្រីស្ទានពីបុរាណ ដែលបានអនុវត្តដោយព្រះយេស៊ូនិងសិស្សរបស់ទ្រង់ . . . ពួកគេទាំងអស់ជាបងប្អូននឹងគ្នា»។
តើនេះមានន័យយ៉ាងណា? នេះមានន័យថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនអនុញ្ញាតអ្វីទាំងអស់—មិនថាឡើយពូជ សញ្ជាតិ ឬក៏ប្រវត្ដិជាតិពន្ធ—មកបណ្ដាលឲ្យពួកគេស្អប់ឬសម្លាប់អ្នកជិតខាងរបស់គេឡើយ។ ពួកគេមិនសម្លាប់អ្នកណាឡើយ បើនិយាយជាប្រៀបប្រដូច ពួកគេយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គល ហើយលំពែងគេធ្វើជាដង្កាវវិញ។ (អេសាយ ២:៤) តាមការពិត ពួកស្មរបន្ទាល់ល្បីឈ្មោះជាអ្នកផ្ដើមគំនិតក្នុងការជួយអ្នកជិតខាងរបស់គេ។—កាឡាទី ៦:១០
ដូច្នោះហើយបានជាវិចារណកថាក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សាក្រាម៉ិនថូ កត់សម្គាល់ថា៖ «ជាការគ្រប់គ្រាន់ហើយក្នុងការនិយាយថា ប្រសិនបើពិភពលោករស់នៅតាមជំនឿនៃស្មរបន្ទាល់ព្រះយេហូវ៉ា នោះនឹងគ្មានការបង្ហូរឈាមនិងសេចក្ដីស្អប់ ហើយសេចក្ដីស្រឡាញ់នឹងមានពាសពេញ»។ អ្នកសរសេរទស្សនាវដ្ដី រ៉ីង នៃប្រទេសហុងហ្គ្រីបន្ថែមថា៖ «ខ្ញុំសន្និដ្ឋានថា ប្រសិនបើមានតែស្មរបន្ទាល់ព្រះយេហូវ៉ាមួយគត់រស់នៅលើផែនដីនេះ នោះនឹងលែងមានសង្គ្រាមទៀត ហើយកិច្ចការរបស់ប៉ូលិស គឺគ្រាន់តែត្រួតត្រាមើលចរាចរនិងការឲ្យលិខិតឆ្លងដែនប៉ុណ្ណោះ»។
ពិតមែនហើយ ត្រូវការការផ្លាស់ប្ដូរក្នុងលោកទាំងមូល ប្រសិនបើចង់ឲ្យមនុស្សទាំងអស់ស្រឡាញ់គ្នាទៅវិញទៅមក។ តើការផ្លាស់ប្ដូរនោះនឹងមកតាមរបៀបណា? (សូមមើលទំព័រខាងក្រោយ)
ពេលដែលមនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមក
សេចក្ដីអធិស្ឋានដែលព្រះយេស៊ូបានបង្រៀន បង្ហាញឲ្យឃើញថា ការផ្លាស់ប្ដូរដ៏រំភើបយ៉ាងខ្លាំងជិតមកដល់ហើយ។ ក្នុងធម្មទានដ៏ល្បីរបស់ទ្រង់នៅលើភ្នំ ព្រះយេស៊ូបង្រៀនឲ្យយើងអធិស្ឋាន៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០
តើអ្វីជាព្រះរាជាណាចក្រនៃព្រះ? នេះជារដ្ឋាភិបាលពិតដែលគ្រប់គ្រងពីស្ថានសួគ៌។ ម្ល៉ោះហើយបានជាត្រូវហៅថា ‹ព្រះរាជាណាចក្រនៃស្ថានសួគ៌›។ ព្រះយេស៊ូគ្រីស្ទ ជា«ម្ចាស់នៃមេត្រីភាព» ដែលបានតាំងដោយព្រះវរបិតារបស់ទ្រង់ ជាអ្នកគ្រប់គ្រង។—ម៉ាថាយ ១០:៧; អេសាយ ៩:៦, ៧; ទំនុកដំកើង ៧២:១-៨
នៅពេលដែលព្រះរាជាណាចក្រនៃព្រះបានមកដល់ តើអ្វីនឹងកើតឡើងចំពោះពិភពលោកដែលពោរពេញទៅដោយសេចក្ដីស្អប់នេះ? ‹ព្រះរាជាណាចក្រ› នឹង «បំបាក់បំបែក ហើយលេបបំបាត់»រដ្ឋាភិបាលពុករលួយទាំងអស់នៃលោកីយ៍នេះ។ (ដានីយ៉ែល ២:៤៤) ព្រះគម្ពីរពន្យល់ប្រាប់ថា៖ «លោកីយនេះកំពុងកន្លងទៅ . . . តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧
ចំពោះពិភពលោកថ្មីរបស់ព្រះ ព្រះគម្ពីរចែងថា៖ «ពួកអ្នកសុចរិតនឹងបានស្រុក[ផែនដី]ទុកជាមរដក ហើយនឹងនៅក្នុងស្រុក[ផែនដី]នោះជានិច្ច»។ (ទំនុកដំកើង ៣៧:៩-១១, ២៩; សុភាសិត ២:២១, ២២) តើពេលនោះជាគ្រាដ៏រុងរឿងយ៉ាងណាទៅហ្ន៎! «គ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។ (វិវរណៈ ២១:៤) សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ ហើយផែនដីទាំងមូលនឹងប្រែទៅជាទីមនោរម្យដ៏មែនទែនមួយ។—អេសាយ ១១:៦-៩; ៣៥:១, ២; លូកា ២៣:៤៣; កិច្ចការ ២៤:១៥
ដើម្បីរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ យើងត្រូវតែរៀនស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលព្រះបានបង្រៀនយើងឲ្យធ្វើ។ (ថែស្សាឡូនីចទី១ ៤:៩) សិស្សព្រះគម្ពីរអាស៊ីម្នាក់បានមានប្រសាសន៍ថា៖ «ខ្ញុំរង់ចាំពេលដែលព្រះគម្ពីរបានសន្យាថា មនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមក»។ ហើយយើងដឹងជាប្រាកដថា ព្រះនឹងចាំពាក្យសន្យារបស់ទ្រង់! ទ្រង់មានបន្ទូលថា «អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង»។—អេសាយ ៤៦:១១
ប៉ុន្តែ អ្នកត្រូវតែយកចំណេះពីព្រះគម្ពីរ ដើម្បីឲ្យអាចទទួលពរទាំងនេះនៅក្រោមព្រះរាជាណាចក្រនៃព្រះ ដូចមនុស្សស្មោះត្រង់រាប់លាននាក់ពាសពេញពិភពលោកកំពុងតែធ្វើ។ (យ៉ូហាន ១៧:៣) សៀវភៅស្តើង៣២ទំព័រតើព្រះតម្រូវអ្វីពីយើង? នឹងជួយអ្នក។ អ្នកអាចទទួលសៀវភៅមួយក្បាលនេះ ដោយបំពេញប័ណ្ណដែលបានផ្ដល់នៅទំព័រពីមុននេះ ហើយសូមផ្ញើទៅតាមអាស័យដ្ឋានជិតលំនៅរបស់អ្នក។
□ ខ្ញុំចង់បានសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង?
□ សូមទាក់ទងខ្ញុំអំពីការសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
Sniper and funeral in Bosnia: Reuters/Corbis-Bettmann