ព្រះយេហូវ៉ា តើទ្រង់ជាអ្នកណា?
លោកអន្រី មួហុត ដែលជាអ្នកស្វះស្វែងជាតិបារាំងនៅសតវត្សទី១៩ បានដើរកាត់ព្រៃក្នុងប្រទេសកម្ពុជា មកដល់ស្នាមភ្លោះដ៏ធំនៅជុំវិញព្រះវិហារមួយ។ នេះជាប្រាសាទអង្គវត្ត ដែលជាវិមានដ៏ធំជាងគេខាងសាសនានៅលើផែនដី។ ដោយក្រឡេកមើលពីចម្ងាយ លោកមួហុតអាចដឹងថា រចនាសម្ព័ន្ធដែលមានគ្របដោយស្លែ គឺជាស្នាដៃរបស់មនុស្ស។ លោកបានសរសេរថា៖ «ដែលបានសង់ដោយមេជាងពីបុរាណដ៏ប៉ិនប្រសប់ដូចជាលោកមិខិលអាន្ចេឡូដែរ នោះរចនាសម្ព័ន្ធនេះគឺធំអស្ចារ្យជាងអ្វីដែលបានសង់ដោយពួកក្រិកឬពួករ៉ូមទៅទៀត»។ ទោះជាព្រះវិហារនេះបានត្រូវគេឥតអើពើជាច្រើនសតវត្សមកហើយក៏ដោយ លោកបានដឹងយ៉ាងច្បាស់ថា រចនាសម្ព័ន្ធដ៏អស្ចារ្យនេះ គឺមានអ្នកគូរប្លង់ម្នាក់មែន។
គួរឲ្យចាប់អារម្មណ៍ណាស់ សៀវភៅមួយដែលពេញដោយពាក្យប្រាជ្ញ ដែលបានសរសេរជាច្រើនសតវត្សមកហើយ បានប្រើការវែកញែកដូចនេះ ដោយចែងថា៖ «ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»។ (ហេព្រើរ ៣:៤) អ្នកខ្លះប្រហែលជានិយាយថា ‹ប៉ុន្តែសហប្រតិបត្ដិការនៃធម្មជាតិ គឺខុសពីអ្វីដែលមនុស្សលោកបានបង្កើត›។
ប៉ុន្តែ មិនមែនពួកអ្នកវិទ្យាសាស្ត្រទាំងអស់យល់ស្របនឹងការជំទាស់នោះទេ។ ក្រោយពីបានសុខចិត្តសារភាពថា«ប្រព័ន្ធជីវគីមីមិនមែនជាវត្ថុដែលអជីវចល» នោះលោកម៉ីកែល ប៊ីហ៊ី ដែលជាសាស្ដ្រាចារ្យនៃជីវគីមីនៅសកលវិទ្យាល័យលីហៃ រដ្ឋប៉ិនស៊ីវ៉ានី ស.រ.អ. សួរថា៖ «តើប្រព័ន្ធជីវគីមីដែលនៅរស់ អាចគូរប្លង់ដោយប្រាជ្ញាបានទេ»? លោកបង្ហាញថែមទៀតថា ពួកអ្នកវិទ្យាសាស្ត្រ ឥឡូវនេះតាមរបៀបពន្ធុវិជ្ជា កំពុងតែគូរប្លង់នូវការកែប្រែជាបឋមក្នុងសរីរៈដែលនៅរស់។ ត្រូវហើយ គឺអាច«គូរប្លង់»បាន នូវរបស់ដែលមានជីវចលនិងរបស់ដែលមិនរស់នៅនោះ! ការស្រាវជ្រាវទៅក្នុងវិស័យដ៏តូចក្រៃលែងខាងកោសិកាដែលនៅរស់ លោកប៊ីហ៊ីបានសង្កេតឃើញប្រព័ន្ធដ៏ស្មុគស្មាញអស្ចារ្យ ដែលពឹងពាក់គ្នាដើម្បីឲ្យដើរបាន។ តើអ្វីជាសេចក្ដីសន្និដ្ឋានរបស់គាត់? «លទ្ធផលនៃការខំប្រឹងទាំងនេះ ដើម្បីនឹងស្រាវជ្រាវកោសិកា ឬក៏ដើម្បីស្រាវជ្រាវជីវិតនៅកំរិតខាងអណូ គឺឃើញយ៉ាងច្បាស់ថា កោសិកាជាផលិតផលដែលបានគេ‹គូរប្លង់›មក»!
បើអញ្ចឹង តើអ្នកណាដែលជាអ្នកគូរប្លង់ប្រព័ន្ធដ៏ស្មុគស្មាញទាំងនេះ?
តើអ្នកណាដែលជាអ្នកគូរប្លង់?
ចម្លើយគឺអាចរកឃើញក្នុងសៀវភៅដ៏ចាស់ពីបុរាណ ដែលមានពាក្យប្រាជ្ញដូចបានដកស្រង់ពីមុននោះ ដែលជាព្រះគម្ពីរ។ ក្នុងពាក្យផ្ដើម ព្រះគម្ពីរឆ្លើយយ៉ាងស្រួល ហើយច្បាស់ទៀតនូវសំនួរអំពីបុគ្គលដែលបានគូរប្លង់របស់ទាំងអស់ ដោយថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។—លោកុប្បត្តិ ១:១
ប៉ុន្តែ ក្នុងការសម្គាល់អង្គទ្រង់ឲ្យខុសប្លែកពីអ្នកដទៃទៀត ដែលបានអះអាងជាព្រះ នោះព្រះអាទិទេពបានសម្គាល់អង្គទ្រង់ដោយព្រះនាមជាឯកនេះ៖ «ព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ . . . គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម»។ (អេសាយ ៤២:៥, ៨) ព្រះយេហូវ៉ាជាព្រះនាមរបស់ព្រះ ដែលបានគូរប្លង់សកលលោក ហើយបានបង្កើតមនុស្សប្រុសស្រីនៅលើផែនដីនេះ។ ប៉ុន្តែ តើព្រះយេហូវ៉ាជាអ្នកណា? តើទ្រង់ជាព្រះប្រភេទណា? ហើយហេតុអ្វីក៏អ្នកត្រូវស្ដាប់តាមទ្រង់?
អត្ថន័យនៃព្រះនាមរបស់ទ្រង់
ជាដំបូង តើព្រះនាមរបស់ព្រះអាទិទេព ព្រះយេហូវ៉ាមានអត្ថន័យយ៉ាងណា? ព្រះនាមរបស់ព្រះគឺបានសរសេរជាអក្សរហេព្រើរបួនតួ (יהוה) ហើយមានជិត៧.០០០ដង ក្នុងផ្នែកនៃព្រះគម្ពីរជាភាសាហេព្រើរ។ ព្រះនាមនេះបានត្រូវគេចាត់ទុកថា ជាបែបបទបណ្ដាលឲ្យមានផលនៃកិរិយាសព្ទហេព្រើរ ហាវ៉ា («ក្លាយជា») ដូច្នេះព្រះនាមនេះមានន័យថា «ទ្រង់ដែលធ្វើឲ្យក្លាយជា»។ បើនិយាយឲ្យចំទៅ នោះដោយប្រាជ្ញា ព្រះយេហូវ៉ាធ្វើឲ្យអង្គទ្រង់ក្លាយជាអ្វីដែលទ្រង់ត្រូវការ ដើម្បីនឹងសម្រេចគោលបំណងរបស់ទ្រង់។ ទ្រង់ក្លាយជាព្រះអាទិទេព ចៅក្រម អ្នកសង្គ្រោះ និងអ្នកទ្រទ្រង់ជីវិតជាដើម ដើម្បីឲ្យទ្រង់អាចបំពេញសេចក្ដីសន្យារបស់ទ្រង់។ ថែមទៀតនោះ កិរិយាសព្ទនេះជាភាសាហេព្រើរ រួមចំណែកបែបបទដែលសំដៅទៅលើសកម្មភាព ដែលកំពុងតែសម្រេច។ នេះបង្ហាញថា ព្រះយេហូវ៉ាកំពុងតែធ្វើឲ្យអង្គទ្រង់ក្លាយជាអ្នកបំពេញសេចក្ដីសន្យារបស់ទ្រង់។ ត្រូវហើយ ទ្រង់ជាព្រះដែលមានព្រះជន្មរស់នៅ!
គុណសម្បត្ដិរបស់ព្រះយេហូវ៉ាដែលលេចចេញឡើងជាងគេ
ព្រះគម្ពីរបង្ហាញថា ព្រះអាទិទេពនេះដែលជាអ្នកបំពេញសេចក្ដីសន្យារបស់ទ្រង់ ជាបុគ្គលដ៏ជាទីទាក់ទាញចិត្តណាស់។ ព្រះយេហូវ៉ាបានបង្ហាញអំពីគុណសម្បត្ដិរបស់ទ្រង់ ហើយមានបន្ទូលថា៖ «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស[ដ៏ស្រឡាញ់] នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង និងអំពើបាប»។ (និក្ខមនំ ៣៤:៦, ៧) ព្រះយេហូវ៉ាបានត្រូវបង្ហាញមកជាព្រះដែលប្រកបដោយសេចក្ដីសប្បុរសដ៏ស្រឡាញ់។ ពាក្យហេព្រើរដែលបានប្រើនៅទីនេះ ក៏អាចបកប្រែជា«សេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រ»។ ក្នុងការសម្រេចគោលបំណងដ៏ជាអនន្តរបស់ទ្រង់ នោះព្រះយេហូវ៉ាដោយស្មោះត្រង់ ទ្រង់បន្តក្នុងការបង្ហាញសេចក្ដីស្រឡាញ់ទៅសត្តនិកររបស់ទ្រង់។ តើអ្នកមិនចូលចិត្តនឹងសេចក្ដីស្រឡាញ់បែបនេះទេឬ?
ព្រះយេហូវ៉ាក៏យឺតនឹងខ្ញាល់ ហើយរហ័សនឹងអត់ទោសកំហុសរបស់យើង។ គឺជាការដ៏កក់ក្ដៅចិត្តណាស់ ដោយនៅជិតបុគ្គលដែលមិនគិតរកតែកំហុសរបស់យើង តែសុខចិត្តអត់ឱនទោសឲ្យយើងវិញ។ ប៉ុន្តែ នេះមិនមានសេចក្ដីថា ព្រះយេហូវ៉ាបិទភ្នែកនឹងអំពើខុសទំនងឡើយ។ ទ្រង់ប្រកាសថា៖ «ដ្បិតអញ គឺព្រះយេហូវ៉ា អញស្រឡាញ់សេចក្ដីយុត្ដិធម៌ តែស្អប់ការលួចប្លន់ នឹងសេចក្ដីទុច្ចរិតវិញ»។ (អេសាយ ៦១:៨) ជាព្រះនៃសេចក្ដីយុត្ដិធម៌ ទ្រង់នឹងមិនបណ្ដោយឲ្យមនុស្សធ្វើបាបដោយគឃ្លើន ដែលទទូចធ្វើតាមផ្លូវអាក្រក់របស់គេនោះ។ ដូច្នេះ យើងអាចដឹងប្រាកដថា ដល់គ្រាកំណត់ ព្រះយេហូវ៉ានឹងកែតម្រូវសេចក្ដីអយុត្ដិធម៌ក្នុងលោកនេះ។
ការរក្សានូវតុល្យភាពដ៏គ្រប់ល័ក្ខណ៍រវាងសេចក្ដីស្រឡាញ់និងសេចក្ដីយុត្ដិធម៌ គឺត្រូវការប្រាជ្ញា។ ព្រះយេហូវ៉ាបានថ្លឹងថ្លែងគុណសម្បត្ដិទាំងពីរនេះ តាមរបៀបយ៉ាងអស្ចារ្យ នៅពេលដែលទ្រង់ប្រស្រ័យទាក់ទងជាមួយយើង។ (រ៉ូម ១១:៣៣-៣៦) ប្រាកដហើយ ប្រាជ្ញាគឺបានឃើញនៅគ្រប់កន្លែង។ ជាឧទាហរណ៍ អាចមើលឃើញក្នុងសេចក្ដីបង្កើតទាំងឡាយ ដែលនៅជុំវិញយើង។—ទំនុកដំកើង ១០៤:២៤; សុភាសិត ៣:១៩
ប៉ុន្តែ ការមានប្រាជ្ញាគឺមិនគ្រប់គ្រាន់ទេ។ ដើម្បីនឹងសម្រេចគោលបំណងរបស់ទ្រង់ ព្រះអាទិទេពត្រូវតែមានអំណាចដ៏ខ្លាំង។ ព្រះគម្ពីរបង្ហាញថា ទ្រង់គឺជាព្រះប្រភេទនេះ ដែលថា៖ «ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ . . . ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។ (អេសាយ ៤០:២៦) ប្រាកដហើយ ព្រះយេហូវ៉ាមាន«តេជានុភាពដ៏ខ្លាំងក្លា» ដើម្បីសម្រេចនូវគោលបំណងរបស់ទ្រង់។ តើគុណសម្បត្ដិបែបនេះមិនទាក់ទាញចិត្តអ្នកឲ្យទៅឯព្រះយេហូវ៉ាទេឬ?
ប្រយោជន៍ពីការស្គាល់ព្រះយេហូវ៉ា
ព្រះយេហូវ៉ា«មិនមែនបង្កើត[ផែនដី]មកឲ្យនៅទទេទេ» ប៉ុន្តែ«បានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»ដោយមនុស្សលោក ដែលមានទំនាក់ទំនងដ៏ខ្លឹមសារជាមួយនឹងទ្រង់។ (អេសាយ ៤៥:១៨; លោកុប្បត្តិ ១:២៨) ទ្រង់មានព្រះទ័យខ្វល់ខ្វាយចំពោះសត្តនិកររបស់ទ្រង់នៅលើផែនដី។ ទ្រង់បានប្រទានឲ្យមនុស្សលោកនូវការចាប់ផ្ដើមដ៏គ្រប់ល័ក្ខណ៍ ក្នុងទីលំនៅដែលមានសភាពជាសួនច្បារ គឺជាសួនមនោរម្យ។ ប៉ុន្តែ មនុស្សលោកបានធ្វើឲ្យផែនដីហិនហោច ដែលព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យទេ។ ប៉ុន្តែ ស្របទៅតាមនឹងអត្ថន័យរបស់នាមទ្រង់ ព្រះយេហូវ៉ានឹងបំពេញគោលបំណងដើមរបស់ទ្រង់ សំរាប់មនុស្សលោកនិងផែនដីនេះ។ (ទំនុកដំកើង ១១៥:១៦; វិវរណៈ ១១:១៨) ទ្រង់នឹងជួសជុលផែនដីសំរាប់អស់អ្នកណាដែលសុខចិត្តរស់នៅដោយស្ដាប់តាមទ្រង់ ដូចជាកូនទ្រង់វិញ។—សុភាសិត ៨:១៧; ម៉ាថាយ ៥:៥
សៀវភៅចុងក្រោយនៃព្រះគម្ពីរ រៀបរាប់នូវគុណភាពនៃជីវិត ដែលអ្នកអាចទទួលក្នុងសួនមនោរម្យនោះ ដែលថា៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:៣, ៤) នោះហើយជាជីវិតដ៏ពិត ដែលព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យអ្នកទទួល។ ព្រះយេហូវ៉ាគឺជាព្រះវរបិតាដ៏ល្អមែន! តើអ្នកនឹងសុខចិត្តរៀនថែមទៀតអំពីព្រះទ្រង់ ហើយអំពីអ្វីដែលទ្រង់តម្រូវពីអ្នក ដើម្បីឲ្យបានរស់នៅក្នុងសួនមនោរម្យនោះទេ?
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ បទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះបានដកស្រង់ពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។