បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៨ ទំ. ៤-៦
  • តើព្រះយេហូវ៉ាជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេហូវ៉ាជាអ្នកណា?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អត្ថន័យ​នៃ​ព្រះ​នាម​របស់​ទ្រង់
  • គុណសម្បត្ដិ​ដ៏​សំខាន់​ៗ​របស់​ព្រះ​យេហូវ៉ា
  • ព្រះ​នៃ​សាសន៍​ទាំង​ឡាយ
  • ប្រយោជន៍​ពី​ការ​ស្គាល់​ព្រះ​យេហូវ៉ា
  • ព្រះយេហូវ៉ា តើទ្រង់ជាអ្នកណា?
    ព្រះយេហូវ៉ា តើទ្រង់ជាអ្នកណា?
  • ការផ្ដើមស្គាល់ព្រះ
    របៀបទទួលបានជីវិតដ៏គាប់ចិត្ត
  • តើព្រះពិត ទ្រង់ជាអ្នកណា?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះពិតតែមួយ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៨ ទំ. ៤-៦

តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា?

ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​ទ្រង់​ថា៖ «គ្មាន​មនុស្ស​ណា​ដែល​ឃើញ​អញ ហើយ​រស់​នៅ​បាន​ឡើយ»។ (និក្ខមនំ ៣៣:២០, ព.ថ.) «ព្រះ​ទ្រង់​ជា​វិញ្ញាណ» ហើយ​មនុស្ស​មិន​អាច​មើល​ឃើញ​ទ្រង់​ឡើយ។ (យ៉ូហាន ៤:២៤) ដូច​ជា​ការ​មើល​ទៅ​ឯ​ថ្ងៃ​នៅ​ថ្ងៃ​ត្រង់​អាច​នាំ​ឲ្យ​ខូច​ភ្នែក​របស់​យើង ដូច្នេះ​ក៏​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ ដោយ​មើល​ប្រភព​នៃ​អំណាច​ដ៏​ធំ ដែល​មិន​គ្រាន់​តែ​បង្កើត​សុរិយា​ដ៏​អស្ចារ្យ​របស់​យើង ប៉ុន្តែ​សុរិយា​ជា​ច្រើន​ទៀត​នៅ​ក្នុង​សកល​លោក។

យ៉ាង​សប្បាយ​ណាស់ មិន​ចាំ​បាច់​ឲ្យ​យើង​មើល​ឃើញ​ព្រះ ដើម្បី​នឹង​ស្គាល់​ទ្រង់​នោះ​ទេ។ ព្រះ​គម្ពីរ​សម្គាល់​ព្រះ​ទ្រង់​ដែល​បាន​រៀបចំ​កញ្ចប់​ដ៏​ល្អ​នោះ​សំរាប់​យើង គឺ​ផែនដី ហើយ​ថែម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ផង។ ដូច្នេះ​ជា​ការ​សម​ហេតុ​ផល​ក្នុង​ការ​ពិនិត្យ​មើល​ក្នុង​ព្រះ​គម្ពីរ ដើម្បី​នឹង​រក​ព្រះ​វរបិតា ដែល​ប្រទាន​ជីវិត​ឲ្យ​យើង ហើយ​ដែល​បាន​ប្រទាន​លំនៅ​ដ៏​ល្អ​នេះ ដើម្បី​ឲ្យ​សប្បាយ​នឹង​ជីវិត។

អត្ថន័យ​នៃ​ព្រះ​នាម​របស់​ទ្រង់

ឈ្មោះ​ទាំង​អស់​មាន​អត្ថន័យ ទោះ​ជា​មនុស្ស​ជា​ច្រើន​ឥត​ដឹង​អត្ថន័យ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ។ ជា​ឧទាហរណ៍ ដាវីឌ ដែល​ជា​ឈ្មោះ​ភាសា​អង់គ្លេស​ដ៏​ល្បី គឺ​ចេញ​ពី​ពាក្យ​ហេព្រើរ ដែល​មាន​ន័យ​ថា «ដ៏​ស្ងួន​ភ្ងា»។ នាម​របស់​ព្រះ​អាទិទេព ព្រះ​យេហូវ៉ា ក៏​មាន​អត្ថន័យ​ដែរ។ តើ​មាន​ន័យ​យ៉ាង​ណា? ជា​ភាសា​ហេព្រើរ ដែល​ជា​ភាសា​ដំបូង​នៃ​ព្រះ​គម្ពីរ ព្រះ​នាម​របស់​ព្រះ​គឺ​បាន​សរសេរ​ជា​អក្សរ​បួន​តួ យ​ហ​វ​ហ ហើយ​មាន​ជិត៧.០០០​ដង ក្នុង​ផ្នែក​នៃ​ព្រះ​គម្ពីរ​ជា​ភាសា​ហេព្រើរ។ ព្រះ​នាម​របស់​ព្រះ​បាន​គេ​យល់​ថា​មាន​អត្ថន័យ​ជា «ទ្រង់​ដែល​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា»។ នេះ​បង្ហាញ​ថា ដោយ​ប្រាជ្ញា​ព្រះ​យេហូវ៉ា​បណ្ដាល​អង្គ​ទ្រង់ ឲ្យ​ក្លាយ​ទៅ​ជា​អ្វី​ដែល​ទ្រង់​ត្រូវ​ការ ដើម្បី​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់។ ទ្រង់​ជា​ព្រះ​អាទិទេព អ្នក​សង្គ្រោះ និង​អ្នក​ទ្រ​ទ្រង់​ជីវិត ដូច្នេះ​ទ្រង់​អាច​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់។ ថែម​ទៀត​នោះ ជា​ភាសា​ហេព្រើរ ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​ក្នុង​បែប​បទ​ជា​កិរិយា​ស័ព្ទ ដែល​សំដៅ​ទៅ​លើ​សកម្មភាព ដែល​កំពុង​តែ​សម្រេច​នោះ។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​កំពុង​តែ​បណ្ដាល​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​អ្នក​បំពេញ​គោល​បំណង​របស់​ទ្រង់។ ទ្រង់​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​នៅ!

គុណសម្បត្ដិ​ដ៏​សំខាន់​ៗ​របស់​ព្រះ​យេហូវ៉ា

ព្រះ​គម្ពីរ​រៀប​រាប់​ព្រះ​អាទិទេព​ជា«ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ»។ (និក្ខមនំ ៣៤:៦, ៧) ឃ្លា​ដែល​ថា«មេត្ដា​ករុណា​ហើយ​ទន់​សន្ដោស» គឺ​បាន​បក​ប្រែ​ពាក្យ​ហេព្រើរ​ដ៏​មាន​ន័យ​ជ្រៅ​ជ្រះ។ នេះ​បញ្ជាក់​នូវ​សេចក្ដី​សប្បុរស ដែល​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ភ្ជាប់​នូវ​របស់​ណា​មួយ រហូត​ដល់​គោល​បំណង​របស់​វា​ចំពោះ​របស់​នោះ បាន​សម្រេច​ទៅ។ ហើយ​ក៏​អាច​បក​ប្រែ​ជា«សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ»។ សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា គឺ​ភ្ជាប់​នឹង​សត្តនិករ​របស់​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​សម្រេច​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដែរ។ តើ​អ្នក​មិន​ចូល​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់​បែប​នេះ ពី​ព្រះ​អង្គ​ដែល​ប្រទាន​ជីវិត​ឲ្យ​អ្នក​ទេ​ឬ?

ព្រះ​យេហូវ៉ា​គឺ​យឺត​នឹង​ខឹង ហើយ​រហ័ស​នឹង​អត់​ទោស​កំហុស​របស់​យើង។ គឺ​ជា​ការ​ដ៏​កក់​ក្ដៅ​ចិត្ត​ណាស់ ដោយ​ស្និទ្ធ​ជា​មួយ​នឹង​បុគ្គល​បែប​នេះ។ ប៉ុន្តែ នេះ​មិន​មាន​សេចក្ដី​ថា ទ្រង់​លប់​លាង​អំពើ​ខុស​ទំនង​ឡើយ។ ទ្រង់​ប្រកាស​ថា៖ «ដ្បិត​អញ គឺ​ព្រះ​យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្ដិធម៌ តែ​ស្អប់​ការ​លួច​ប្លន់ នឹង​សេចក្ដី​ទុច្ចរិត​វិញ»។ (អេសាយ ៦១:៨) ជា​ព្រះ​នៃ​សេចក្ដី​យុត្ដិធម៌ ទ្រង់​នឹង​មិន​បណ្ដោយ​ឲ្យ​មាន​ពួក​មនុស្ស​បាប​ដែល​គឃ្លើន ដែល​ទទូច​ធ្វើ​តាម​ផ្លូវ​អាក្រក់​របស់​គេ។ ដូច្នេះ យើង​អាច​ដឹង​ប្រាកដ​ថា ដល់​គ្រា​កំណត់ ព្រះ​យេហូវ៉ា​នឹង​កែ​តម្រូវ​សេចក្ដី​អយុត្ដិធម៌​ក្នុង​លោក​នេះ។ ទ្រង់​មិន​បែរ​ខ្នង​ចេញ​ពី​ពួក​រង​ទុក្ខ​វេទនា​នោះ​ទេ។

មិន​ជា​ការ​ស្រួល​ទេ ក្នុង​ការ​រក្សា​ការ​ថ្លឹង​ថ្លែង​ដ៏​គ្រប់ល័ក្ខណ៍​រវាង​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​យុត្ដិធម៌។ ប្រសិន​បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​អ្នក​មាន​ការ​ពិបាក​នឹង​សម្រេច​ចិត្ត​ថា​នៅ​ពេល​ណា របៀប​ណា ហើយ​ដល់​កំរិត​ណា ដែល​អ្នក​នឹង​កែ​តម្រូវ​កូន​របស់​អ្នក ពេល​ដែល​គេ​ប្រព្រឹត្ត​ខុស​នោះ​ទេ? ដើម្បី​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​សេចក្ដី​យុត្ដិធម៌​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ស្រឡាញ់ គឺ​ត្រូវ​ការ​ប្រាជ្ញា​ដ៏​ឧត្តម។ ព្រះ​យេហូវ៉ា​បង្ហាញ​គុណសម្បត្ដិ​នោះ​យ៉ាង​ច្រើន​បរិបូរ នៅ​ពេល​ដែល​ទ្រង់​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​លោក។ (រ៉ូម ១១:៣៣​-​៣៦) ប្រាកដ​ហើយ ប្រាជ្ញា​របស់​ព្រះ​អាទិទេព​គឺ​បាន​ឃើញ​នៅ​គ្រប់​កន្លែង ជា​ឧទាហរណ៍ អាច​មើល​ឃើញ​ក្នុង​សេចក្ដី​បង្កើត​ទាំង​ឡាយ ដែល​នៅ​ជុំ​វិញ​យើង។—ទំនុកដំកើង ១០៤:២៤; សុភាសិត ៣:១៩

ប៉ុន្តែ ការ​មាន​ប្រាជ្ញា​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដើម្បី​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់ ព្រះ​អាទិទេព​ត្រូវ​តែ​មាន​អំណាច ហើយ​ព្រះ​គម្ពីរ​បង្ហាញ​ថា ទ្រង់​គឺ​មាន​ព្រះ​ចេស្ដា​យ៉ាង​ខ្លាំង៖ «ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​ដែរ»។ (អេសាយ ៤០:២៦) ដោយ​មាន«តេជានុភាព​ដ៏​ខ្លាំង​ក្លា» ព្រះ​យេហូវ៉ា​អាច​សម្រេច​របស់​ផ្សេង​ៗ។ តើ​គុណសម្បត្ដិ​បែប​នេះ​មិន​ទាក់​ទាញ​ចិត្ត​អ្នក​ឲ្យ​ទៅ​ឯ​ទ្រង់​ទេ​ឬ?

ព្រះ​នៃ​សាសន៍​ទាំង​ឡាយ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ព្រះ​នេះ​មិន​មែន​ជា​ព្រះ​នៃ«សញ្ញា​ចាស់» ហើយ​ជា​ព្រះ​នៃ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ទេ​ឬ›? គឺ​ពិត​មែន​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អង្គ​ទ្រង់​ទៅ​ពួក​អ៊ីស្រាអែល។ ប៉ុន្តែ ដោយ​អាស្រ័យ​នូវ​ការ​បង្កើត​មនុស្ស​មួយគូ​ដំបូង ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ«ដែល​គ្រប់​ទាំង​គ្រួ . . . នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក»។ (អេភេសូរ ៣:១៥) ប្រសិន​បើ​អ្នក​ជឿ​ថា​ការ​គោរព​ជីដូន​ជីតា​របស់​អ្នក​ជា​ការ​ត្រឹម​ត្រូវ តើ​មិន​ជា​ការ​សម​ហេតុ​ផល ធ្វើ​ការ​គោរព​ទៅ​ព្រះ​ទ្រង់​ដែល​ប្រទាន​ជីវិត ដល់​បុរស​ទី​មួយ ដែល​ជា​ជីតា​របស់​យើង​រាល់​គ្នា ដែល​ជា​អ្នក​ផ្ដើម​នៃ​ខ្សែ​ទាំង​ឡាយ ដែល​មាន​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ​ទេ​ឬ?

ព្រះ​អាទិទេព​មិន​មែន​ជា​ព្រះ​ដែល​មើល​មិន​ឃើញ​វែង​ឆ្ងាយ​នោះ​ទេ។ ពិត​មែន នៅ​ពេល​មួយ ទ្រង់​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​មួយ​សាសន៍​អ៊ីស្រាអែល។ ប៉ុន្តែ សូម្បី​តែ​ពេល​នោះ ក៏​ទ្រង់​បាន​ទទួល​យក​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក​ព្រះ​នាម​របស់​ទ្រង់​ដែរ។ ស្តេច​អ៊ីស្រាអែល​ដ៏​មាន​ប្រាជ្ញា​បាន​មាន​បន្ទូល​ក្នុង​សេចក្ដី​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា៖ «ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ​ពង្ស​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​ចាក​ចេញ​ពី​ស្រុក​ឆ្ងាយ​មក ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់ . . . នោះ​សូម​ទ្រង់​ប្រោស​ស្ដាប់​ពី​លើ​ស្ថាន​សួគ៌ . . . ហើយ​សម្រេច​សព្វ​គ្រប់ តាម​សេចក្ដី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ស្គាល់​ព្រះ​នាម​ទ្រង់»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៨:៤១​-​៤៣) មក​ដល់​សព្វ​ថ្ងៃ​នេះ មនុស្ស​នៃ​សាសន៍​ទាំង​ឡាយ​អាច​មក​រៀន​សូត្រ​អំពី​ព្រះ​យេហូវ៉ា ហើយ​អាច​មាន​ទំនាក់​ទំនង​ដ៏​ខ្លឹម​សារ​ជា​មួយ​ទ្រង់។ ប៉ុន្តែ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក​ដែរ?

ប្រយោជន៍​ពី​ការ​ស្គាល់​ព្រះ​យេហូវ៉ា

ដើម្បី​ត្រឡប់​ទៅ​ឯ​រឿង​ប្រៀប​ប្រដូច​នៅ​អត្ថបទ​មុន​នេះ ប្រសិន​បើ​អ្នក​ទទួល​របស់​ដែល​បាន​ខ្ចប់​យ៉ាង​ស្អាត​មួយ នោះ​អ្នក​នឹង​ចង់​ដឹង​ពី​ហេតុ​អ្វី​ដែល​យើង​ទទួល​របស់​នេះ។ តើ​ត្រូវ​ប្រើ​ហើយ​មើល​ថែ​រក្សា​តាម​របៀប​ណា? ស្រដៀង​គ្នា​ដែរ យើង​ចង់​ដឹង​អ្វី​ដែល​ព្រះ​មាន​បំណង នៅ​ពេល​ដែល​ទ្រង់​បាន​បង្កើត​ផែនដី​សំរាប់​យើង​នោះ។ ព្រះ​គម្ពីរ​ចែង​ថា​ទ្រង់«សូន​ធ្វើ​ហើយ​ប្រតិស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ» ប៉ុន្តែ​ទ្រង់«បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»ដោយ​មនុស្ស​លោក។—អេសាយ ៤៥:១៨

ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​មិន​បាន​មើល​ថែ​រក្សា​អំណោយ​ពី​ព្រះ​អាទិទេព​នោះ​ទេ។ គេ​កំពុង​តែ​ធ្វើ​ឲ្យ​ផែនដី​ហិនហោច ដែល​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​ទេ។ ប៉ុន្តែ ស្រប​ទៅ​តាម​នឹង​អត្ថន័យ​របស់​នាម​ទ្រង់​នោះ ព្រះ​យេហូវ៉ា​នឹង​បំពេញ​គោល​បំណង​ដើម​របស់​ទ្រង់ សំរាប់​មនុស្ស​លោក​និង​ផែនដី​នេះ។ (ទំនុកដំកើង ១១៥:១៦; វិវរណៈ ១១:១៨) ទ្រង់​នឹង​ជួស​ជុល​ផែនដី ហើយ​ប្រទាន​ជា​មរតក​ដល់​អ្នក​ណា​ដែល​សុខ​ចិត្ត​រស់​នៅ​ដោយ​ស្ដាប់​តាម​ទ្រង់។—ម៉ាថាយ ៥:៥

សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ រៀប​រាប់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ថា៖ «មើល​រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ . . . ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:៣, ៤) នៅ​ពេល​នោះ នឹង​គ្មាន​អ្នក​ណា​ម្នាក់​យំ​សោក ដោយ​ព្រោះ​បង​ប្អូន​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​នោះ​ទេ។ គ្មាន​អ្នក​ណា​មួយ​នឹង​អំពាវ​នាវ​រក​ជំនួយ​ឬ​រង​ទុក្ខ​ការ​ឈឺ​ចាប់​ពី​រោគ​ដែល​អាច​ធ្វើ​ឲ្យ​ស្លាប់​នោះ​ឡើយ។ សូម្បី​តែ‹សេចក្ដី​ស្លាប់​ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ›។ (កូរិនថូស​ទី​១ ១៥:២៦; អេសាយ ២៥:៨; ៣៣:២៤) នេះ​រៀប​រាប់​អំពី​ជីវិត​ដ៏​សប្បាយ ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បាន​សំរាប់​យើង​នៅ​ដើម​ដំបូង កាល​ដែល​ទ្រង់​បាន​បង្កើត​ជីដូន​ជីតា​ទី​មួយ​របស់​យើង​នោះ។

សូម្បី​តែ​ឥឡូវ​នេះ អ្នក​អាច​មើល​ឃើញ​នូវ​ស្ថានការណ៍​ជា​មនោរម្យ​នេះ ក្នុង​ចំណោម​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។ (អេសាយ ៤៨:១៧) ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​ដ៏​សប្បុរស ដែល​បង្រៀន​យើង ជា​កូន​របស់​ទ្រង់ នូវ​ផ្លូវ​ដ៏​ប្រសើរ​ដើម្បី​នឹង​រស់​នៅ។ គោល​ការណ៍​ណែនាំ​របស់​ទ្រង់​សំរាប់​មនុស្ស គឺ​ដើម្បី​ការ​ពារ​គេ​ដ៏​ជា​ទី​ស្រឡាញ់ មិន​មែន​មាន​ព្រំ​ដែន​ដ៏​ឥត​កំរិត​នោះ​ទេ។ ក្រោយ​ពី​នោះ នឹង​មាន​សេរី​ភាព​ពិត​និង​សុភមង្គល ដូច​បាន​សរសេរ​ទុក​មក​ថា៖ «រីឯ​ព្រះ​អម្ចាស់ ទ្រង់​ជា​ព្រះ​វិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ នោះ​ក៏​មាន​សេរី​ភាព​ដែរ»។ (កូរិនថូស​ទី​២ ៣:១៧) ដោយ​ធ្វើ​តាម​គោល​ការណ៍​ណែនាំ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ អស់​អ្នក​ដែល​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ទ្រង់ គឺ​ឥឡូវ​នេះ​នឹង​មាន​ចិត្ត​គំនិត​ដ៏​សុខ​សាន្ត ដែល​នៅ​ថ្ងៃ​មួយ​នឹង​មាន​ក្នុង​ពិភព​លោក​នេះ​ទាំង​មូល។—ភីលីព ៤:៧

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​វរបិតា​ដ៏​ល្អ​មែន! តើ​អ្នក​សុខ​ចិត្ត​រៀន​ថែម​ទៀត​អំពី​ព្រះ​ទ្រង់ ដែល​គាំទ្រ​សេចក្ដី​បង្កើត​ដ៏​អស្ចារ្យ​ទាំង​នេះ​ឬ​ទេ? ចំពោះ​អស់​អ្នក​ណា​ដែល​ចង់ នោះ​នឹង​ទទួល​ប្រយោជន៍​ដ៏​ល្អ​ក្រៃ​លែង សូម្បី​តែ​នៅ​ឥឡូវ​នេះ​ផង។ ហើយ​នៅ​អនាគត​នឹង​មាន​ពរ​ដ៏​អស់​កល្ប​ជា​និច្ច។

[រូប​ភាព​នៅ​ទំព័រ​៥]

ព្រះ​នាម​របស់​ព្រះ​ដែល​ជា​អក្សរ​បួន​តួ​ភាសា​ហេព្រើរ​នោះ អាច​មើល​ឃើញ​នៅ​ឯ​ជញ្ជាំង​នៃ​ព្រះ​វិហារ​ចាស់​ៗ​ជា​ច្រើន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក