ដំណឹងព្រះរាជាណាចក្រ លេខ៣៦
សហស្សវត្សរ៍ថ្មី តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?
សហស្សវត្សរ៍ថ្មី តើនេះជាដើមដំបូងនៃសម័យថ្មីឬ?
នៅកណ្ដាលអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ សតវត្សទី២០បានចប់តែម្ដង។a នោះបានជាសតវត្សមួយដែលប្រកបដោយការជ្រួលច្របល់ជាច្រើនណាស់។ ក៏ប៉ុន្តែ សតវត្ស«នោះក៏បានប្រកបដោយការបង្កើតនូវបច្ចេកទេសថ្មីៗ ការជឿនលឿនខាងវិជ្ជាពេទ្យដ៏អស្ចារ្យ ការកើនឡើងនូវពត៌មាន ហើយនិងសេដ្ឋកិច្ចពិភពលោកដ៏រីកសាយភាយយ៉ាងរហ័ស។ ហេតុនេះហើយបានជាសហស្សវត្សរ៍ថ្មីនេះបានត្រូវមនុស្សជាច្រើននាក់ស្វាគមន៍ដោយការពេញចិត្ត ដោយចាត់ទុកជាតំណាងនូវសេចក្ដីសង្ឃឹមនិងការប្រែប្រួល។ តើសហស្សវត្សរ៍ថ្មីនេះនឹងមានការបញ្ចប់សង្គ្រាម ភាពក្រីក្រ ការធ្វើឲ្យកខ្វក់នូវបរិស្ថាន និងជម្ងឺឬទេ?
មនុស្សជាច្រើនសង្ឃឹមដូច្នេះ។ ក៏ប៉ុន្តែ តើសហស្សវត្សរ៍ថ្មីនេះមានលទ្ធភាពយ៉ាងណា ដើម្បីបង្កើតឲ្យមានការប្រែប្រួលដែលនឹងមានប្រយោជន៍ដល់អ្នកផ្ទាល់គឺថា នឹងធ្វើឲ្យជីវិតរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នកប្រកបដោយសុវត្ថិភាពនិងសន្ដិសុខនោះ? សូមពិចារណានូវទិដ្ឋភាពដ៏ធំទូលំទូលាយនៃបញ្ហាខ្លះៗដែលយើងកំពុងតែប្រឈមមុខនេះ។
ភាពកខ្វក់
ប្រទេសឧស្សាហកម្មកំពុងតែ«ធ្វើឲ្យមានការខូចដល់បរិស្ថានទូទាំងផែនដី និងធ្វើឲ្យកខ្វក់ថែមទាំងខូចខាតដល់មណ្ឌលជីវិតនៅកន្លែងជាច្រើនផងដែរ»។ បើសិនជានិន្នាការនាសព្វថ្ងៃនេះមានបន្តទៅទៀត «បរិស្ថានធម្មជាតិនឹងត្រូវហិនហោចកាន់តែខ្លាំងឡើងៗ»។—«ទស្សនវិស័យស្តីអំពីបរិស្ថានទូទាំងផែនដី—ឆ្នាំ២០០០» កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។
ជម្ងឺ
«គេគិតស្មានថា មកដល់ឆ្នាំ២០២០ មនុស្ស១០នាក់ដែលនឹងស្លាប់នៅប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងចំណោមនោះគឺនឹងមាន៧នាក់ត្រូវស្លាប់ដោយសារជម្ងឺដែលមិនចេះឆ្លង ដែលចំនួនហ្នឹងសព្វថ្ងៃនេះ គឺមិនទាំងដល់ពាក់កណ្ដាលទេ»។—«ជម្ងឺជាបន្ទុកទូទាំងផែនដី» បោះពុម្ពដោយ ហាវឺដយូនិវឺស៊ីធីប្រេស ឆ្នាំ១៩៩៦។
អ្នកជំនាញខ្លះអះអាងថា៖ «មកដល់ឆ្នាំ២០១០ នឹងមាន៦៦លាននាក់តិចជាងចំនួនមុន[នឹងនៅរស់] នៅ២៣ប្រទេសដែលមានជម្ងឺ[អេដស៍]ឆ្លងរាលដាលច្រើនជាងគេ»។—«ការប្រឈមនឹងជម្ងឺអេដស៍: ភស្តុតាងពីប្រទេសកំពុងតែអភិវឌ្ឍន៍» ជាសេចក្ដីរាយការណ៍របស់គណៈកម្មការអឺរ៉ុបព្រមទាំងធនាគារពិភពលោក។
ភាពក្រីក្រ
«ស្ទើរតែ១៣០កោដិនាក់ចិញ្ចឹមជីវិតដោយទទួលលុយតិចជាងមួយដុល្លារក្នុងមួយថ្ងៃ ហើយស្ទើរតែ១០០កោដិនាក់គេរកស៊ីមិនល្មមដើម្បីបំពេញសេចក្ដីត្រូវការខាងម្ហូបអាហាររបស់គេ»។—«សេចក្ដីរាយការណ៍ស្តីពីការអភិវឌ្ឍន៍មនុស្ស ឆ្នាំ១៩៩៩» កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។
សង្គ្រាម
«អំពើហិង្សាក្នុង[ប្រទេសផ្សេងៗ]អាចឈានដល់កំរិតដែលមិនធ្លាប់មានពីមុនមក។ អំពើហិង្សាបែបនេះនឹងទៅជា . . . ការតយុទ្ធដែលមានច្រើនជាងគេក្នុងកំឡុង២៥ឆ្នាំជាបន្តបន្ទាប់នេះ . . . ទាំងសម្លាប់រាប់សែននាក់ជារៀងរាល់ឆ្នាំ ដែលបណ្ដាលមកពី[ការបែកបាក់]រវាងពូជសាសន៍ កុលសម្ព័ន្ធ និងសាសនា»។—សៀវភៅ«ពិភពលោកថ្មីកំពុងតែមកដល់: សន្ដិសុខនៅសហរដ្ឋអាមេរិកក្នុងសតវត្សទី២១» គណៈកម្មការសហរដ្ឋអាមេរិកស្តីពីសន្ដិសុខក្នុងប្រទេសក្នុងសតវត្សទី២១។
ដូច្នេះ ការរំភើបចិត្តនិងអ៊ឹកធឹកដោយព្រោះសហស្សវត្សរ៍ថ្មីនេះ ក៏គ្របបិទបាំងទៅលើហេតុការណ៍ដែលថាការធ្វើឲ្យកខ្វក់ ជម្ងឺ ភាពក្រីក្រ និងសង្គ្រាមគឺជាបញ្ហាដែលគំរាមកំហែងច្រើនជាងមុនទៅទៀត។ ដើមហេតុនៃបញ្ហាទាំងប៉ុន្មាននេះ គឺជាចិត្តលោភលន់ ការមិនទុកចិត្ត និងអត្តទត្ថភាព ដែលជាបុគ្គលិកលក្ខណៈដែលមិនអាចត្រូវបំបាត់ចោលដោយការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ឬក៏នយោបាយបានឡើយ។
សហស្សវត្សរ៍ដែលនឹងនាំមកនូវប្រសិទ្ធិពរដល់មនុស្សជាតិ
អ្នកសរសេរម្នាក់ពីសម័យបុរាណបានសង្កេតឃើញថា៖ «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះមិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) មនុស្សជាតិមិនគ្រាន់តែខ្វះខាតនូវសមត្ថភាពគ្រប់គ្រងផែនដីប៉ុណ្ណោះទេ គឺគេក៏គ្មានសិទ្ធិគ្រប់គ្រងដែរ។ ព្រះយេហូវ៉ា ដែលជាអ្នកបង្កើតរបស់យើង គឺទ្រង់តែមួយអង្គប៉ុណ្ណោះដែលមានសិទ្ធិ ព្រមទាំងមានចំណេះដើម្បីដោះស្រាយបញ្ហារបស់មនុស្សជាតិ។—រ៉ូម ១១:៣៣-៣៦; វិវរណៈ ៤:១១
ក៏ប៉ុន្តែ តើនៅពេលណា? និងតើដោយដូចម្ដេចទៅ? មានភស្តុតាងយ៉ាងសន្ធឹកសន្ធាប់ណាស់ដែលបញ្ជាក់ថា យើងនៅជិតដល់ទីបញ្ចប់នៃថ្ងៃ«ជាន់ក្រោយបង្អស់»ហើយ។ ព្រះគម្ពីរបរិសុទ្ធ នៅធីម៉ូថេទី២ ៣:១-៥ ពណ៌នាយ៉ាងរស់រវើកពីបុគ្គលិកលក្ខណៈដែលមនុស្សនឹងសម្ដែងក្នុងកំឡុង«គ្រាលំបាក»នេះ។ ម៉ាថាយ ២៤:៣-១៤ និង លូកា ២១:១០, ១១ ក៏ពណ៌នាអំពីថ្ងៃ«ជាន់ក្រោយបង្អស់»ដែរ។ បទគម្ពីរនោះផ្ដោតអារម្មណ៍ទៅលើព្រឹត្ដិការណ៍ដែលបានកើតមានឡើងតាំងតែពីឆ្នាំ១៩១៤ ដូចជាសង្គ្រាមទូទាំងផែនដី ជម្ងឺរាតត្បាត និងការខ្វះខាតនូវម្ហូបអាហារនៅកន្លែងជាច្រើន។
បន្ដិចទៀតថ្ងៃ«ជាន់ក្រោយបង្អស់»នឹងត្រូវបញ្ចប់តែម្ដង។ ដានីយ៉ែល ២:៤៤ ចែងថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ . . . គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[នៅលើផែនដី]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ ដូច្នេះ គឺបានត្រូវទាយទុកជាមុនថា ព្រះនឹងស្ថាបនាព្រះរាជាណាចក្រមួយ ឬក៏រដ្ឋាភិបាលមួយ ដើម្បីគ្រប់គ្រងលើផែនដី។ យោងទៅតាម វិវរណៈ ២០:៤ រដ្ឋាភិបាលនេះនឹងគ្រប់គ្រងអស់មួយពាន់ឆ្នាំគឺមួយសហស្សវត្សរ៍! សូមពិចារណានូវរបៀបខ្លះៗដែលជីវភាពរស់នៅនឹងត្រូវធ្វើឲ្យប្រសើរឡើងសំរាប់មនុស្សទាំងអស់គ្នា ក្នុងកំឡុងសហស្សវត្សរ៍ដ៏រុងរឿងនោះដូចជា:
សេដ្ឋកិច្ច: «គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ»។—អេសាយ ៦៥:២១, ២២
សុខភាព: «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។ «ឯពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា ‹ខ្ញុំឈឺ› ទៀតឡើយ»។—អេសាយ ៣៣:២៤; អេសាយ ៣៥:៥, ៦
បរិស្ថាន: ព្រះនឹង«បំផ្លាញពួកអ្នក ដែលបង្ខូចផែនដីផង»។—វិវរណៈ ១១:១៨
ទំនាក់ទំនងរវាងមនុស្សទូទៅ: «វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី»។—អេសាយ ១១:៩
មនុស្សរាប់លាននាក់មានជំនឿទៅលើសេចក្ដីសន្យាទាំងនេះពីព្រះគម្ពីរ និងហេតុនេះហើយបានជាទទួលទស្សនៈដ៏វិជ្ជមាននិងប្រកបដោយទំនុកចិត្តចំពោះអនាគត។ ជាលទ្ធផល ពួកគេមានសមត្ថភាពច្រើនជាងដើម្បីស៊ូទ្រាំនឹងការបង្ខិតបង្ខំនិងបញ្ហាទាំងប៉ុន្មានដែលមានក្នុងជីវិត។ តើព្រះគម្ពីរអាចទៅជាឥទ្ធិពលមួយដែលណែនាំក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច?
ចំណេះដែលនាំទៅដល់ជីវិត!
វិទ្យា សាស្ត្រនិងបច្ចេកទេសវិជ្ជាជួនកាលអាចទៅជាអ្វីដែលគួរឲ្យកោតស្ងើចមែន! ក៏ប៉ុន្តែ ចំណេះរបស់មនុស្សជាតិនៅតែមិនបានធ្វើឲ្យជីវិតប្រកបដោយសន្ដិសុខនិងសុភមង្គលសំរាប់មនុស្សភាគច្រើនទេ។ មានប្រភេទចំណេះតែមួយគត់ដែលអាចសម្រេចគោលបំណងនេះ ដោយត្រូវបានពណ៌នាក្នុងព្រះគម្ពីរនៅ យ៉ូហាន ១៧:៣, ព.ថ. ដែលចែងថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។
ចំណេះបែបនេះអាចរកឃើញបានក្នុងព្រះគម្ពីរ។ ទោះបីមនុស្សជាច្រើនប្រកាន់ទស្សនៈផ្សេងៗអំពីសៀវភៅដ៏ពិសិដ្ឋនេះក៏ដោយ មានតែមួយចំនួនតិចទេដែលធ្លាប់ពិនិត្យមើលសៀវភៅនោះដោយខ្លួនឯងផ្ទាល់។ ចុះអ្នកវិញ? ពិតមែន ការអានព្រះគម្ពីរតម្រូវឲ្យមានការខិតខំយ៉ាងខ្លាំង។ ក៏ប៉ុន្តែ មានផលប្រយោជន៍សមនឹងការខិតខំនោះ។ មានតែព្រះគម្ពីរទេ ជាសៀវភៅដែល«ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។—ធីម៉ូថេទី២ ៣:១៦
ដូច្នេះ តើអ្នកអាចចាប់ផ្ដើមស្គាល់ពីព្រះគម្ពីរដោយដូចម្ដេច? សូមអញ្ជើញទទួលជំនួយពីពួកស្មរបន្ទាល់ព្រះយេហូវ៉ាចុះ។ ពួកគេបង្រៀនមនុស្សរាប់លាននាក់នៅឯផ្ទះរបស់អ្នកដែលចង់រៀន ដោយមិនគិតថ្លៃទេ។ ដើម្បីជួយអ្នករៀន គេប្រើប្រកាសនវត្ថុផ្សេងៗដែលមានមូលដ្ឋានទៅលើព្រះគម្ពីរ ដូចជាសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? សៀវភៅនោះផ្ដល់ឲ្យចម្លើយដ៏ចំៗចំពោះសំនួរជាច្រើនដែលអ្នកប្រហែលជាមានអំពីព្រះគម្ពីរ ដូចជា: តើព្រះទ្រង់ជាអ្នកណា? តើអ្វីជាគោលបំណងរបស់ព្រះចំពោះផែនដី? តើអ្វីជាព្រះរាជាណាចក្រនៃព្រះ? តើព្រះគម្ពីរអាចធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកប្រសើរឡើងយ៉ាងដូចម្ដេច?
បើសិនជាអ្នកចង់ឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់មកជួបអ្នកនៅឯផ្ទះ សូមបំពេញក្រដាសនៅខាងក្រោមនេះ។ ពួកគេនឹងសប្បាយចិត្តផ្ដល់ឲ្យអ្នកនូវពត៌មានថែមទៀត អំពីការគ្រប់គ្រងមួយសហស្សវត្សរ៍ដ៏រុងរឿងរបស់ព្រះរាជាណាចក្រនៃព្រះ!
◻ ខ្ញុំចង់ទទួលសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? សូមប្រាប់ភាសា
◻ សូមមកជួបខ្ញុំដើម្បីបង្រៀនព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ
[កំណត់សម្គាល់]
a យើងកំពុងតែសំដៅទៅទស្សនៈនៃបស្ចិមប្រទេសចំពោះសហស្សវត្សរ៍ថ្មីនេះ។ តាមការពិត សហស្សវត្សរ៍ថ្មីនេះចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០១។