ការបណ្ដុះនូវចំណាប់អារម្មណ៍ដែលបានបណ្ដាលមកដោយដំណឹងព្រះរាជាណាចក្រ លេខ៣៦
១ តើអ្នកបានចែកចាយដំណឹងព្រះរាជាណាចក្រ គ្រប់ចំនួនរបស់អ្នកអស់ហើយឬនៅ? ក្រដាសនោះសួរសំនួរដ៏ទាន់សម័យគឺថា៖ «សហស្សវត្សរ៍ថ្មី—តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?»។ ក្នុងកំឡុងពេលដែលឆ្នាំ២០០០កំពុងតែឆ្ពោះមកដល់ មានសេចក្ដីសង្ឃឹមខុសៗគ្នាឆ្ងាយណាស់ អំពីអ្វីដែលសហស្សវត្សរ៍ថ្មីនឹងនាំមក។ ដំណឹងព្រះរាជាណាចក្រ លេខ៣៦ ក៏ពិចារណានូវសេចក្ដីសង្ឃឹមខ្លះៗនិងជួយរំឭកយើងថា ស្ថានភាពលោកីយ៍នេះមិនផ្ដល់នូវមូលដ្ឋានសំរាប់គំនិតសុទិដ្ឋិនិយមទេ។ សហស្សវត្សរ៍តែមួយគត់ដែលនឹងនាំមកនូវសន្ដិភាពនិងសន្ដិសុខដែលមនុស្សភាគច្រើនចង់បាននោះ គឺជាការគ្រប់គ្រងមួយសហស្សវត្សរ៍របស់ព្រះគ្រីស្ទយេស៊ូ។ ទំនុកចិត្តរបស់យើងទៅលើភាពប្រាកដប្រជានៃព្រះរាជាណាចក្រនោះ បានជំរុញទឹកចិត្តយើងឲ្យចូលរួមចែកចាយដំណឹងព្រះរាជាណាចក្រ លេខ៣៦ ដល់មនុស្សទាំងអស់ដែលយើងអាចឲ្យបាន។
២ ការតបឆ្លើយចំពោះដំណឹងព្រះរាជាណាចក្រ: ការចែកចាយនូវដំណឹងព្រះរាជាណាចក្រពីលើកមុនៗ បានជាទីជំរុញទឹកចិត្តយ៉ាងប្រសើរចំពោះយើងក្នុងកិច្ចការរបស់យើង។ ស្តីអំពីដំណឹងព្រះរាជាណាចក្រ លេខ៣៥ ការិយាល័យសាខានៅប្រទេសកាណាដាបានសរសេរថា៖ «ប្រតិបត្ដិការផ្សាយប្រកាសនេះបានត្រូវអ្នកផ្សាយនិងអ្នកត្រួសត្រាយគាំទ្រដោយអបអរសាទរក្នុងកិច្ចផ្សាយ និងពួកគេបានមានបទពិសោធន៍ល្អៗជាច្រើន»។ អ្នកច្បាស់ជាបានបង្ហាញការអបអរសាទរបែបនេះដែរ ក្នុងការចែកចាយដំណឹងព្រះរាជាណាចក្រ លេខ៣៦។
៣ ប្រតិបត្ដិការចែកចាយដំណឹងព្រះរាជាណាចក្រលើកនេះ បានត្រូវកំណត់ឲ្យឈប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០០។ តើតំបន់ផ្សាយនៃក្រុមជំនុំរបស់អ្នកបានត្រូវគេចែកចាយអស់ហើយឬនៅ? បើសិនជាមិនទាន់ទេ អ្នកចាស់ទុំប្រហែលជានឹងសូមអ្នកបន្តប្រតិបត្ដិការនេះរហូតដល់ចុងខែវិច្ឆិកា។
៤ ក្នុងតំបន់របស់អ្នក តើមានប្រតិកម្មយ៉ាងណាចំពោះការចែកចាយដំណឹងព្រះរាជាណាចក្រ លេខ៣៦ទំរាំដល់ពេលនេះ? មនុស្សខ្លះនឹងបំពេញក្រដាសសូមសៀវភៅស្តើងតម្រូវ ឬក៏សូមសិក្សាព្រះគម្ពីរនៅឯផ្ទះ ឬក៏អាចជាទាំងពីរយ៉ាងនោះ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនដែលបង្ហាញការចាប់អារម្មណ៍ដំបូង ទៅលើប្រធានទាក់ទងនឹងសហស្សវត្សរ៍នេះ ប្រហែលជានឹងមិនចាត់វិធានការធ្វើអ្វីទេ ទាល់តែស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ត្រឡប់ទៅជួបគេវិញ។ អស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ យើងគួរត្រឡប់ទៅជួបគេវិញម្ដងទៀត។ តើពេលណាជាពេលល្អឲ្យត្រឡប់ទៅជួបគេម្ដងទៀត? គួរត្រឡប់ទៅជួបគេឲ្យឆាប់បំផុតដែលអាចធ្វើទៅបាន។
៥ សូមកត់សម្គាល់បទពិសោធន៍ទាំងនេះ ដែលជាលទ្ធផលពីការត្រឡប់ទៅជួបអ្នកដែលបានទទួលដំណឹងព្រះរាជាណាចក្រ លេខ៣៥។ អ្នកត្រួសត្រាយម្នាក់នៅប្រទេសអៀកឡង់បានជូនដំណឹងព្រះរាជាណាចក្រមួយសន្លឹកដល់ម្ចាស់ភោជនីយដ្ឋានមួយ។ ស្ត្រីនោះបានកោតស្ងើចនឹងសារដែលមានក្នុងនោះ ហើយបានអញ្ជើញបងស្រីនោះឲ្យមកវិញ។ បងស្រីនោះបានត្រឡប់ទៅជួបគាត់ពីរថ្ងៃក្រោយមក និងបានចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ នៅប្រទេសដាណឺម៉ាក ដំណឹងព្រះរាជាណាចក្រមួយច្បាប់ បានត្រូវដាក់នៅផ្ទះមួយដែលម្ចាស់ឥតនៅផ្ទះ។ នៅថ្ងៃដដែលនោះ ស្ត្រីដែលស្នាក់នៅផ្ទះនោះបានផ្ញើក្រដាសបំពេញទៅឯការិយាល័យសាខា ហើយការិយាល័យសាខាបានផ្ញើទៅក្រុមជំនុំតាមតំបន់នោះ។ មុនចប់សប្ដាហ៍នោះ បងប្អូនស្រីពីរនាក់បានទៅជួបគាត់ បានរៀបចំសិក្សា ហើយស្ត្រីនោះបានទៅកិច្ចប្រជុំជាលើកដំបូងនៅឯសាលព្រះរាជាណាចក្រ!
៦ អ្វីដែលអ្នកគួរនិយាយពេលត្រឡប់ទៅជួបពួកគេ: ការត្រឡប់ទៅជួបអ្នកដែលបានទទួលដំណឹងព្រះរាជាណាចក្រ គឺងាយស្រួលនិងជាផ្នែកមួយនៃកិច្ចបំរើរបស់យើងដែលនាំឲ្យមានសេចក្ដីសប្បាយ។ ពេលត្រឡប់ទៅជួប គឺល្អបើសិនជាអ្នកយកដំណឹងព្រះរាជាណាចក្រមួយច្បាប់ទៅតាមដែរ ក្រែងម្ចាស់ផ្ទះឥតមានច្បាប់របស់គាត់។ អ្នកប្រហែលជាអាចប្រើយោបល់ជាបន្តបន្ទាប់នេះ។
៧ ក្រោយពីបានរំឭកម្ចាស់ផ្ទះថាអ្នកជាអ្នកណា អ្នកអាចនិយាយថា៖
◼ «ខ្ញុំបានជូនខិត្តប័ណ្ណមួយដែលមានចំណងជើងថា‹សហស្សវត្សរ៍ថ្មី—តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?›។ ពេលអានក្នុងនោះថា នៅពេលឆាប់ៗខាងមុខនេះ ការគ្រប់គ្រងមួយសហស្សវត្សរ៍របស់ព្រះយេស៊ូនឹងចាប់ផ្ដើមឡើង ទាំងនាំមកនូវស្ថានភាពជាសួនមនោរម្យនៅលើផែនដី ជាអ្វីដែលលើកទឹកចិត្តមែនទេ? [បង្ហាញរូបភាពពីដំណឹងព្រះរាជាណាចក្រ លេខ៣៦ ស្តីអំពីសួនមនោរម្យ]។ នៅទំព័រខាងក្រោយ អ្នកត្រូវអញ្ជើញឲ្យសូមសៀវភៅស្តើងមួយច្បាប់ គឺតើព្រះតម្រូវអ្វីពីយើង?»។ បង្ហាញសៀវភៅស្តើង ហើយបើកមើលមេរៀនទី៥ អានសំនួរទីមួយ វគ្គទី១និងវគ្គទី២ និងសូមម្ចាស់ផ្ទះពន្យល់។ អាននិងពិគ្រោះបទគម្ពីរ១ឬ២។ បើសិនជាអាចធ្វើទៅបាន អញ្ជើញពិចារណាសំនួរនិងវគ្គមួយទៀត ហើយរៀបចំត្រឡប់ទៅវិញម្ដងទៀតនិងបន្តការពិគ្រោះនោះ។
៨ ដោយព្រោះឧបករណ៍ផ្សាយសំរាប់ខែវិច្ឆិកាគឺជាសៀវភៅស្តើង«តម្រូវ» ឬក៏សៀវភៅ«ចំណេះ» អ្នកអាចនិយាយថា៖
◼ «ពេលដែលខ្ញុំបានមកលេងពីលើកមុន ខ្ញុំបានជូនខិត្តប័ណ្ណមួយដែលមានចំណងជើងថា៖ ‹សហស្សវត្សរ៍ថ្មី—តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?›។ ក្នុងក្រដាសនោះមានអញ្ជើញសិក្សាព្រះគម្ពីរដោយឥតគិតថ្លៃ។ ខ្ញុំបានមកវិញដើម្បីបង្ហាញអ្នកនូវសៀវភៅដែលយើងប្រើជាជំនួយសំរាប់ការសិក្សា។ [បង្ហាញសៀវភៅស្តើងតម្រូវនិងបើកមើលក្របខាងក្រោយ ឬក៏បង្ហាញសៀវភៅចំណេះ និងបើកមើលទំព័រ១៨៨-១៨៩]។ សហស្សវត្សរ៍ដែលព្រះគម្ពីររៀបរាប់នោះ នឹងនាំមកនូវស្ថានភាពដូចអ្នកឃើញក្នុងរូបភាពនេះ។ ដើម្បីបំពេញតម្រូវការសំរាប់ជីវិតក្នុងសួនមនោរម្យ យើងត្រូវតែទទួលចំណេះត្រឹមត្រូវអំពីព្រះ។ ខ្ញុំសូមបង្ហាញយ៉ាងខ្លីនូវរបៀបដែលយើងសិក្សាព្រះគម្ពីរ»។
៩ ការចែកចាយនូវដំណឹងព្រះរាជាណាចក្រ លេខ៣៦ បានជំរុញទឹកចិត្តយើងឲ្យបង្កើននូវចំណែករបស់យើងក្នុងកិច្ចផ្សាយ ទាំងធ្វើបន្ទាល់យ៉ាងប្រសើរជាលទ្ធផល។ នេះទំនងជាបានបង្កើតចំណាប់អារម្មណ៍ក្នុងចិត្តមនុស្សជាច្រើនក្នុងតំបន់ផ្សាយ។ ការសហការរបស់យើង និងដោយជំនួយពីព្រះយេហូវ៉ា ដើម្បីបណ្ដុះនូវចំណាប់អារម្មណ៍នេះ នឹងមានលទ្ធផលជាការជួបដោយអំណរជាមួយពួកអ្នកឯទៀតដែលមានលក្ខណៈដូចចៀម។—ម៉ាថាយ ១០:១១; កិច្ចការ ១៣:៤៨, ៤៩, ៥២