បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១៧ ទំ. ១៥១-១៥៨
  • ចូរសម្ដែងការគោរពប្រតិបត្ដិចំព្រះក្នុងក្រុមគ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរសម្ដែងការគោរពប្រតិបត្ដិចំព្រះក្នុងក្រុមគ្រួសារ
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ចំណង​អាពាហ៍ពិពាហ៍​ត្រូវ​មាន​យូរ​ប៉ុន​ណា?
  • បុគ្គល​ម្នាក់⁠ៗ​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន
  • ប្រភព​នៃ​ឱវាទ​ត្រឹម​ត្រូវ
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរធ្វើឲ្យក្រុមគ្រួសាររបស់អ្នកមានអនាគតជារៀងដរាបតទៅ
    គន្លឹះនៃសុភមង្គលគ្រួសារ
  • អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១៧ ទំ. ១៥១-១៥៨

ជំពូក​ទី​ដប់​ប្រាំ​ពីរ

ចូរ​សម្ដែង​ការ​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ​ក្នុង​ក្រុម​គ្រួសារ

១​. តើ​ការ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ពី​បន្ទូល​របស់​ព្រះ មាន​អានុភាព​យ៉ាង​ណា​លើ​រឿង​អាពាហ៍ពិពាហ៍?

ព្រះ​យេហូវ៉ា​ជា​អ្នក​ស្ថាបនា​ចំណង​អាពាហ៍ពិពាហ៍​ដំបូង និង​ព្រះ​បន្ទូល​របស់​ទ្រង់​ផ្ដល់​នូវ​សេចក្ដី​ណែនាំ​ដ៏​ប្រសើរ​បំផុត​សំរាប់​ក្រុម​គ្រួសារ។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​បាន​ជោគជ័យ ដោយសារ​ពួក​គេ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ទ្រង់។ គួរ​ឲ្យ​សរសើរ​ណាស់! ដែល​មនុស្ស​ខ្លះ​ធ្លាប់​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​បាន​រៀប​ការ បាន​ត្រូវ​ជំរុញ​ឲ្យ​ពួក​គេ​រៀប​អាពាហ៍ពិពាហ៍​ត្រឹម​ត្រូវ​តាម​ច្បាប់​វិញ។ អ្នក​ខ្លះ​ទៀត​បាន​ឈប់​រួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍។ ពួក​បុរស​ដ៏​កាច​សាហាវ​ដែល​ធ្លាប់​វាយ​ធ្វើ​បាប​ប្រពន្ធ​និង​កូន​របស់​ខ្លួន ក៏​បាន​រៀន​បង្ហាញ​នូវ​សេចក្ដី​សប្បុរស​និង​សេចក្ដី​ថ្នាក់ថ្នម​វិញ​ដែរ។

២​. តើ​ជីវិត​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន​រួមបញ្ចូល​ភារកិច្ច​អ្វី​ខ្លះ?

២ ជីវិត​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន រួម​បញ្ចូល​អ្វី​ជា​ច្រើន ដូច​ជា​ការ​មាន​ទស្សនៈ​ចំពោះ​ភាព​អចិន្ត្រៃយ៍​នៃ​ចំណង​អាពាហ៍ពិពាហ៍ និង​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ ព្រម​ទាំង​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ។ (អេភេសូរ ៥:​៣៣–៦:⁠៤) ទោះ​ជា​យើង​ដឹង​ថា ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ជីវិត​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ក៏​ដោយ តែ​ការ​ប្រព្រឹត្ត​តាម​ឱវាទ​ព្រះ​គម្ពីរ​គឺ​ជា​អ្វី​ដ៏​ពិបាក​ណាស់។ គ្មាន​យើង​ណា​ម្នាក់​ចង់​ធ្វើ​ដូច​ជា​អស់​អ្នក​ដែល​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​នោះ​ទេ ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​បញ្ញត្ត​របស់​ព្រះ​ឡើយ។ ពួក​គេ​បាន​វែកញែក​យ៉ាង​ខុស​ថា ការ​មាន​ភក្ដីភាព​ចំពោះ​ព្រះ​ប៉ុណ្ណោះ​គឺ​គ្រប់គ្រាន់​ហើយ។ (ម៉ាថាយ ១៥:​៤​-​៩) យើង​មិន​ចង់​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ ប៉ុន្តែ​ខក​ខាន​មិន​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​សម្ដែង​នូវ​សច្ច​ភាព​នៃ​ការ​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ ដែល​ជា​«កំរៃ​១​យ៉ាង​ធំ​មែន»។​—⁠ធីម៉ូថេទី១ ៥:៤; ៦:៦; ធីម៉ូថេទី២ ៣:៥

តើ​ចំណង​អាពាហ៍ពិពាហ៍​ត្រូវ​មាន​យូរ​ប៉ុន​ណា?

៣​. (ក) តើ​មាន​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ដល់​អាពាហ៍ពិពាហ៍​ជា​ច្រើន? តែ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? (ខ) ចូរ​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ឆ្លើយ​នូវ​សំនួរ​ដែល​មាន​នៅ​ខាង​ក្រោម​វគ្គ​នេះ។

៣ ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​ច្រើន​ឡើង បាន​បែក​បាក់​គ្នា​យ៉ាង​ឆាប់​រហ័ស។ គូស្វាមីភរិយា​ខ្លះ​បាន​រៀបការ​ច្រើន​ឆ្នាំ​មក​ហើយ តែ​នៅ​តែ​សម្រេច​ចិត្តលែងលះគ្នា​ទៅ​រៀប​ការ​យក​គូ​ថ្មី​មួយ​ទៀត​ទាល់តែ​បាន។ ម្យ៉ាង​ទៀត គឺ​លែង​ជា​ការ​ចម្លែក​ហើយ⁠ ⁠ពេល​ឮ​គូស្វាមីភរិយា​ដែល​នៅ​ក្មេង​បាន​រស់​នៅ​ដាច់​ឡែក​ពី​គ្នា ក្រោយ​ពី​រៀបការ​បាន​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​នោះ។ ទោះ​ជា​អ្នក​ដទៃ​ធ្វើ​យ៉ាង​ណាក៏ដោយ យើង​គួរ​ចង់​ផ្គាប់​ព្រះហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​សំនួរ​និង​បទគម្ពីរ​ទាំង​ប៉ុន្មាន​ដូច​ត​ទៅ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះ​បន្ទូល​របស់​ព្រះ​ចែង​យ៉ាង​ណា អំពី​ភាព​អចិន្ត្រៃយ៍​នៃ​អាពាហ៍ពិពាហ៍។

ពេល​បុរស​និង​ស្ត្រី​រៀប​ការ តើ​តម្រូវ​ឲ្យ​ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​យូរ​ប៉ុន​ណា​ទៅ? (ម៉ាកុស ១០:​៦​-​៩; រ៉ូម ៧:​២, ៣)

តើ​អ្វី​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​ព្រះ​ទទួល​ស្គាល់​ចំពោះ​ការ​លែងលះគ្នា ដែល​បើក​លទ្ធភាព​ឲ្យ​រៀប​ការ​ម្ដង​ទៀត​បាន? (ម៉ាថាយ ៥:​៣១, ៣២; ១៩:​៣​-​៩)

តើ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​យ៉ាង​ណា ចំពោះ​ការ​លែងលះគ្នា​ដែល​គ្មាន​មូលដ្ឋាន​ពី​ព្រះ​បន្ទូល​របស់​ទ្រង់? (ម៉ាឡាគី ២:​១៣​-​១៦)

តើ​ព្រះ​គម្ពីរ​គាំទ្រ​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍​ឬ​ទេ? (កូរិនថូសទី១ ៧:​១០​-​១៣)

តើ​នៅ​ក្នុង​កាលៈទេសៈ​ណា​ដែល​ការ​រស់​នៅ​ដាច់​ឡែក​ពី​គ្នា​គឺ​ត្រឹម​ត្រូវ? (ទំនុកដំកើង ១១:៥; លូកា ៤:៨; ធីម៉ូថេទី១ ៥:⁠៨)

៤​. ហេតុ​អ្វី​បាន​ជា​ចំណង​អាពាហ៍ពិពាហ៍​ខ្លះ​នៅ​ស្ថិតស្ថេរ​ជាប់​រហូត?

៤ អាពាហ៍ពិពាហ៍​ខ្លះ​បាន​ជោគជ័យ គឺ​ថា​ពួក​គេ​បាន​រស់​នៅ​ជា​មួយ​គ្នា​រហូត។ ហេតុ​អ្វី? កត្ដា​មួយ​ដ៏​សំខាន់ គឺ​ជា​ការ​ចាំ​មួយ​រយៈ​ពេល​សិន​ដោយ​មិន​រៀប​ការ​រហូត​ដល់​បុគ្គល​ទាំង​ពីរ​នាក់​មាន​គំនិត​ចាស់​ទុំ​រៀង⁠ៗ​ខ្លួន។ កត្ដា​មួយ​ទៀត​ដ៏​សំខាន់ គឺ​បុគ្គល​ទាំង​ពីរ​នាក់​ត្រូវ​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា និង​អាច​ពិគ្រោះ​ជា​មួយ​គ្នា​នូវ​រឿង​ផ្សេង⁠ៗដោយ​ឥត​លាក់​លៀម​បាន។ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​ស្វែង​រក​គូ​ម្នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​គោរព​ព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​ពេល​ដោះ​ស្រាយ​បញ្ហា។ (ទំនុកដំកើង ១១៩:​៩៧, ១០៤; ធីម៉ូថេទី២ ៣:​១៦, ១៧) បុគ្គល​បែប​នេះ​មិន​គួរ​មាន​គំនិត​ថា បើ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ឥត​បាន​ជោគជ័យ​ទេ នោះ​គាត់​អាច​រស់​នៅ​ដាច់​ឡែក​ពី​គ្នា ឬ​ក៏​នឹង​លែងលះ​គ្នា​បាន​នោះ។ គាត់​នឹង​មិន​យក​គុណ​វិបត្ដិ​នៃ​គូ​របស់​ខ្លួន មក​អាង​ជា​លេស​ឲ្យ​គាត់​ជៀសវាង​ភារកិច្ច​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​មិន​ដក​ថយ​ពី​បញ្ហា​ទេ តែ​ខំ​រក​ដំណោះ​ស្រាយ​វិញ។

៥​. (ក) តើ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជាប់​ទាក់ទង​យ៉ាង​ណា​នឹង​អាពាហ៍ពិពាហ៍? (ខ) ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាងណា​ក៏ដោយ តើ​ការ​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​អាច​មាន​ប្រយោជន៍​យ៉ាង​ណា?

៥ សាតាំង​អះអាង​ថា ពេល​យើង​រង​ទុក្ខ នោះ​យើង​នឹង​បោះបង់​ចោល​មាគ៌ា​របស់​ព្រះ​យេហូវ៉ា​ជា​ពុំ​ខាន។ (យ៉ូប ២:​៤, ៥; សុភាសិត ២៧:⁠១១) ប៉ុន្តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន ដែល​បាន​រង​ទុក្ខ​ដោយសារ​មាន​គូ​ដែល​ប្រឆាំង មិន​បាន​បំភ្លេច​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​របស់​គេ​ទេ។ ពួក​គេ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​បញ្ញត្ដិ​របស់​ទ្រង់​ជានិច្ច។ (ម៉ាថាយ ៥:⁠៣៧) ស្មរបន្ទាល់​ខ្លះ​ដែល​បាន​ស៊ូទ្រាំ​ក៏​បាន​មាន​អំណរ​ដែរ ដោយសារ​គូ​របស់​ខ្លួន​បាន​រួម​ចំណែក​ជា​មួយ​ខ្លួន​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា សូម្បី​តែ​ធ្លាប់​ប្រឆាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ។ (ពេត្រុសទី១ ៣:​១, ២) រីឯ​គ្រីស្ទាន​ដែល​មាន​គូ ដែល​នៅ​តែ​ប្រឆាំង ឬ​បាន​បោះបង់​ចោល​ខ្លួន​ដោយសារ​តែ​ពួក​គេ​បំរើ​ព្រះ​យេហូវ៉ា អ្នក​ទាំង​នេះ​ដឹង​ថា ពួក​គេនឹង​ទទួល​ពរ ដែល​មក​ពី​ការ​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ​ក្នុង​ក្រុម​គ្រួសារ​ខ្លួន។​—⁠ទំនុកដំកើង ៥៥:⁠២២; ១៤៥:⁠១៦

បុគ្គល​ម្នាក់⁠ៗ​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន

៦​. ដើម្បី​ជួយ​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ជោគជ័យ តើ​ត្រូវ​គោរព​របៀប​រៀប​ចំ​អ្វី?

៦ ប្រាកដ​ហើយ ការ​ជួយ​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ជោគជ័យ​គឺ​តម្រូវ​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​រស់​នៅ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​នោះ​ទេ។ បុគ្គល​ម្នាក់⁠ៗត្រូវ​គោរព​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ប្រមុខ​ភាព។ នេះ​នាំ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​និង​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុង​ក្រុម​គ្រួសារ។ នៅ​កូរិនថូសទី១ ១១:៣ យើង​អាន​ថា⁠៖ «តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ»។

៧​. តើ​អ្នក​ដែល​ជា​ប្រមុខ​ក្នុង​ក្រុម​គ្រួសារ​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា?

៧ តើ​អ្នក​បាន​កត់​សម្គាល់​ថា​ខ​នេះ​បាន​រៀប​រាប់​អ្វី​មុន​គេ​ទេ? មែន​ហើយ បុរស​ទាំង​អស់​មាន​មេ​ដឹក​នាំ​ជា​ព្រះ​គ្រីស្ទ ហើយ​គាត់​ត្រូវ​ចុះ​ចូល​តាម​ទ្រង់​ជានិច្ច។ នេះ​បាន​សេចក្ដី​ថា ស្វាមី​គួរ​ជា​មេ​គ្រួសារ​ដែល​បង្ហាញ​នូវ​គុណសម្បត្ដិ​របស់​ព្រះយេស៊ូ។ ព្រះ​គ្រីស្ទ​ចុះ​ចូល​ជាមួយ​នឹង​ព្រះ​យេហូវ៉ា ស្រឡាញ់​ក្រុមជំនុំ​យ៉ាង​ស្មោះ​ស្ម័គ្រ និង​មើល​ថែរក្សា​ក្រុមជំនុំ។ (ធីម៉ូថេទី១ ៣:⁠១៥) ទ្រង់​ថែម​ទាំង​«បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។ ព្រះ​យេស៊ូ​មិន​ក្រអឺត​ក្រទម ឬ​ជា​បុគ្គល​ដែល​មិន​គិត​ដល់​ប្រយោជន៍​អ្នក​ឯ​ទៀត​នោះ​ទេ តែ​ទ្រង់​«ស្លូត​ហើយ​មាន​ចិត្ត​សុភាព»។ អស់​អ្នក​ដែល​នៅ​ក្រោម​ប្រមុខ​ភាព​របស់​ទ្រង់​«បាន​កម្លាំង​ចិត្ត​ចំពោះ​ជីវិត​របស់​ពួក​គេ»។ ពេល​ស្វាមី​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​តាម​របៀប​នេះ គាត់​បង្ហាញ​ថា គាត់​ចុះ​ចូល​ចំពោះ​ព្រះគ្រីស្ទ។ ភរិយា​ជា​គ្រីស្ទាន​នឹង​បាន​ផល​ប្រយោជន៍​និង​កម្លាំង​ចិត្ត ពេល​សហ​ការ​ជា​មួយ​នឹង​ស្វាមី​របស់​នាង និង​ចុះ​ចូល​ចំពោះ​ប្រមុខ​ភាព​របស់​ប្ដី។​—⁠អេភេសូរ ៥:​២៥-៣៣; ម៉ាថាយ ១១:​២៨, ២៩, ព​.​ថ​.; សុភាសិត ៣១:​១០, ២៨

៨​. (ក) ហេតុ​អ្វី​ក៏​វិធី​ដោះ​ស្រាយ​បញ្ហា​តាម​មាគ៌ា​គ្រីស្ទាន​មើល​ទៅ​ហាក់​ដូច​ជា មិន​បាន​លទ្ធផល​ល្អ​ក្នុង​ក្រុម​គ្រួសារ​ខ្លះ? (ខ) តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា បើ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ?

៨ ប៉ុន្តែ នឹង​មាន​បញ្ហា។ ការ​តូច​ចិត្ត​ខ្លះ⁠ៗចំពោះ​ការ​ណែនាំ​ពី​អ្នក​ដទៃ ប្រហែល​ជា​នៅ​ជាប់​ក្នុង​ចិត្ត​យ៉ាង​ជ្រៅ មុន​នឹង​បុគ្គល​ណា​ម្នាក់​ក្នុង​គ្រួសារ​ចាប់​ផ្ដើម​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​នោះ។ សេចក្ដី​ស្នើ​សុំ​ដ៏​ស្លូតបូត​ឬ​ការ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់ ហាក់​ដូច​ជា​ឥត​បាន​លទ្ធផល​ល្អ​ទេ។ យើង​ដឹង​ថា ព្រះ​គម្ពីរ​ចែង​ថា ត្រូវ​បំបាត់​ចោល​«កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់»។ (អេភេសូរ ៤:​⁠៣១) ចុះ​បើ​សមាជិក​ខ្លះ​ក្នុង​គ្រួសារ​មិន​ព្រម​ស្ដាប់​តាម​ទេ ទាល់តែ​មាន​ការ​គំហក​កំហែង​ទើប​ធ្វើ​នោះ? តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? ព្រះ​យេស៊ូ​ឥត​ធ្វើ​តាម​គំរូ​នៃ​អស់​អ្នក​ដែល​គំរាម​កំហែង​និង​ជេរ​ប្រមាថ​នោះ​ទេ តែ​ទ្រង់​ទុក​ចិត្ត​លើ​ព្រះ​វរបិតា​វិញ។ (ពេត្រុសទី១ ២:​២២, ២៣) ពេល​មាន​ស្ថានការណ៍​ដ៏​ពិបាក​ក្នុង​ក្រុម​គ្រួសារ សូម​បង្ហាញ​ថា​ខ្លួន​គោរព​ប្រតិបត្ដិ​ព្រះ ដោយ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ឲ្យ​ទ្រង់​ជួយ ជាជាង​ធ្វើ​តាម​ផ្លូវ​របស់​លោកីយ៍​នេះ។​—⁠សុភាសិត ៣:​៥​-​៧

៩​. ជាជាង​ចាប់​កំហុស តើ​ស្វាមី​គ្រីស្ទាន​បាន​រៀន​ចេះ​ធ្វើ​អ្វី?

៩ ការ​កែ​ប្រែ​មិន​តែង​កើត​មាន​ភ្លាម⁠ៗ​ទេ តែ​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​មាន​ប្រយោជន៍ បើ​ត្រូវ​អនុវត្ត​តាម​ដោយ​ចិត្ត​អត់ធ្មត់ និង​ដោយ​ចិត្ត​ព្យាយាម។ ស្វាមី​ជា​ច្រើន​យល់​ឃើញ​ថា ចំណង​អាពាហ៍ពិពាហ៍​បាន​រឹង​មាំ​ឡើង ពេល​ពួក​គេ​យល់​នូវ​ការ​ប្រព្រឹត្ត​របស់​ព្រះ​គ្រីស្ទ​ចំពោះ​ក្រុមជំនុំ។ ក្រុមជំនុំ​មិន​មាន​មនុស្ស​គ្រប់​ល័ក្ខណ៍​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​ស្រឡាញ់​ក្រុមជំនុំ ទ្រង់​ទុក​គំរូ​យ៉ាង​ល្អ​ឲ្យ ហើយ​ប្រើ​បទ​គម្ពីរ​ដើម្បី​ជួយ​ក្រុមជំនុំ​ឲ្យ​រីក​ចំរើន។ ទ្រង់​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ដើម្បី​ក្រុមជំនុំ។ (ពេត្រុសទី១ ២:⁠២១) គំរូ​របស់​ទ្រង់​បាន​លើក​ទឹក​ចិត្ត​ស្វាមី​គ្រីស្ទាន​ជា​ច្រើន ឲ្យ​ធ្វើ​ជា​មេ​គ្រួសារ​ដ៏​ល្អ និង​ផ្ដល់​ជំនួយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ជួយ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​រឹង​មាំ​ថែម​ទៀត។ ការ​ធ្វើ​បែប​នេះ​នឹង​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ការ​ចាប់​កំហុស​ឬ​ការ​ឈប់​និយាយ​រក​គ្នា។

១០​. (ក) តើ​តាម​របៀប​ណា​ដែល​ស្វាមី​ឬ​ភរិយា​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន ធ្វើ​ឲ្យ​ពិបាក​ដល់​សមាជិក​ក្នុង​គ្រួសារ? (ខ) តើ​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​ស្ថានការណ៍​ដ៏​ល្អ​ឡើង​វិញ?

១០ ចុះ​យ៉ាង​ណា​វិញ បើ​ប្ដី​មិន​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​របស់​ក្រុម​គ្រួសារ​ខ្លួន ឬ​មិន​ផ្ដើម​គំនិត​រៀប​ចំ​សំរាប់​ការ​ពិគ្រោះ​ព្រះ​គម្ពីរ​ជា​ក្រុម​គ្រួសារ និង​សំរាប់​សកម្មភាព​ផ្សេង​ទៀត​នោះ? ឬ​ចុះ​យ៉ាង​ណា​វិញ បើ​ភរិយា​មិន​សហ​ការ​ជា​មួយ​គាត់ និង​មិន​បង្ហាញ​ការ​ចុះ​ចូល​តាម​បង្គាប់​របស់​ព្រះ? អ្នក​ខ្លះ​បាន​លទ្ធផល​ល្អ ដោយ​មាន​ការ​ពិគ្រោះ​ជា​គ្រួសារ​ស្តី​អំពី​បញ្ហា​នេះ។ (លោកុប្បត្តិ ២១:​១០​-​១២; សុភាសិត ១៥:⁠២២) ប៉ុន្តែ ទោះ​ជា​ឥត​បាន​សម្រេច​តាម​សេចក្ដី​សង្ឃឹម​ក៏​ដោយ យើង​ម្នាក់⁠ៗ​អាច​នាំ​ឲ្យ​មាន​បរិយាកាស​ដ៏​ល្អ​វិញ ដោយ​សម្ដែង​នូវ​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ក្នុង​ជីវិត​យើង ដោយ​បង្ហាញ​នូវ​ការ​ចេះ​គិត​ដល់​សមាជិក​ក្នុង​គ្រួសារ។ (កាឡាទី ៥:​២២, ២៣) បញ្ហា​នឹង​បាត់​ទៅ​បន្ដិច​ម្ដង⁠ៗ បើ​យើង​មិន​ចាំ​ទាល់តែ​សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ​កែ​ប្រែ​មុន​យើង​នោះ​ទេ តែ​ដោយ​យើង​បំពេញ​ភារកិច្ច​របស់​យើង​ជា​មុន នោះ​នឹង​បង្ហាញ​ថា​យើង​មាន​ភក្ដីភាព​ចំពោះ​ព្រះ។​—⁠កូល៉ុស ៣:​១៨​-​២១

ប្រភព​នៃ​ឱវាទ​ត្រឹម​ត្រូវ

១១, ១២​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ជំនួយ​អ្វី ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ក្នុង​គ្រួសារ​បាន​ជោគជ័យ?

១១ មនុស្ស​ជា​ច្រើន​ស្វែង​រក​ឱវាទ​ពី​មជ្ឈ​ដ្ឋាន​ផ្សេង⁠ៗចំពោះ​រឿង​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ប៉ុន្តែ យើង​ដឹង​ថា ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឱវាទ​ដ៏​ល្អ​បំផុត ហើយ​យើង​ក៏​មាន​អំណរគុណ​ដែល​ទ្រង់​ជួយ​យើង​ឲ្យ​អនុវត្ត​តាម​ឱវាទ​នោះ តាម​រយៈ​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី។ តើ​អ្នក​កំពុង​តែ​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​ជំនួយ​នោះ​ទេ?​—⁠ទំនុកដំកើង ១១៩:⁠១២៩,១៣០; មីកា ៤:២

១២ ក្រៅ​ពី​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​ក្រុមជំនុំ តើ​អ្នក​លៃ​យក​ពេល​មួយ​ដ៏​ទៀងទាត់​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​គ្រួសារ​ឬ​ទេ? ក្រុម​គ្រួសារ​ណា​ដែល​ធ្វើ​ដូច្នេះ នឹង​អាច​នាំ​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ។ ជីវិត​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​នឹង​បាន​ពរយ៉ាង​វិសេស ពេល​ពួក​គេ​អនុវត្ត​តាម​បន្ទូល​ព្រះ​ក្នុង​កាលៈទេសៈ​របស់​ខ្លួន។​—⁠ចោទិយកថា ១១:​១៨​-​២១

១៣​. (ក) បើ​យើង​មាន​សំនួរ​លើ​រឿង​ក្នុង​គ្រួសារ តើ​យើង​អាច​រក​ជំនួយ​ពី​ណា? (ខ) តើ​អ្វី​ដែល​យើង​ត្រូវ​បង្ហាញ​ក្នុង​សេចក្ដី​សម្រេច​ចិត្ត​ទាំង​អស់ ដែល​យើង​ធ្វើ​នោះ?

១៣ អ្នក​ប្រហែល​ជា​មាន​សំនួរ​អំពី​រឿង​ក្នុង​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ ចុះយ៉ាង​ណា​ចំពោះ​ការ​លេប​ថ្នាំ​ពន្យារ​កំណើត? តើ​ការ​ពន្លូត​កូន​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? បើ​កូន​ម្នាក់​ឥត​ចាប់​អារម្មណ៍​លើ​រឿង​ខាង​វិញ្ញាណ តើ​គួរ​តម្រូវ​ឲ្យ​កូន​នោះ​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​គ្រួសារ​ដល់​កំរិត​ណា? សំនួរ​ជា​ច្រើន​ដូច​នេះ​បាន​ត្រូវ​ពិគ្រោះ​ក្នុង​ប្រកាសនវត្ថុ ដែល​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ចូរ​រៀន​ប្រើ​ឧបករណ៍​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ ដូច​ជា​លិបិក្រម​ជា​ដើម ដើម្បី​រក​ចម្លើយ។ ប្រសិន​បើ​អ្នក​ឥត​មាន​ប្រកាសនវត្ថុ​ដែល​មាន​ក្នុង​លិបិក្រម​នោះ​ទេ សូម​ឆែក​មើល​បណ្ណាល័យ​នៅ​សាល​ប្រជុំ។ ឬ​អ្នក​អាច​រក​ប្រកាសនវត្ថុ​នេះ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ អ្នក​ក៏​អាច​ពិគ្រោះ​សំនួរ​នេះ​ជា​មួយ​នឹង​បុរស​និង​ស្ត្រី​គ្រីស្ទាន ដែល​មាន​គំនិត​ចាស់ទុំ​ដែរ។ ប៉ុន្តែ អ្នក​មិន​គួរ​សង្ឃឹម​ថា​បាន​ចម្លើយ​ដែល​ប្រាប់​អ្នក​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ ឬ​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ​ឡើយ។ ជា​រឿយ⁠ៗអ្នក​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ឬ​ជា​គូ​ស្វាមី​ភរិយា។ រួច​មក​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​បង្ហាញ​ថា អ្នក​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ មិន​មែន​តែ​នៅ​មុខ​គេ​ឯង​ប៉ុណ្ណោះ​ទេ តែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែរ។​—⁠រ៉ូម ១៤:⁠១៩; អេភេសូរ ៥:⁠១០

ការ​ពិគ្រោះ​សា​ឡើង​វិញ

• តើ​យ៉ាង​ដូច​ម្ដេច​ដែល​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ក៏​ទាក់ទង​នឹង​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​ខ្លួន​ដែរ?

• ពេល​មាន​ការ​ពិបាក​ដោយសារ​បញ្ហា​ក្នុង​គ្រួសារ តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ?

• ទោះ​ជា​សមាជិក​ខ្លះ​ក្នុង​គ្រួសារ​មិន​ធ្វើ​តាម​ក៏​ដោយ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ស្ថានការណ៍​ក្នុង​គ្រួសារ​បាន​ប្រសើរ​ឡើង?

[រូបភាព​នៅ​ទំព័រ​១៥៥]

ជា​មេ​គ្រួសារ​ស្វាមី​គួរ​បង្ហាញ​គុណសម្បត្ដិ​របស់​ព្រះ​យេស៊ូ

[រូបភាព​នៅ​ទំព័រ​១៥៧]

ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់​ជា​មួយ​នឹង​គ្រួសារ​នឹង​ជួយ​ឲ្យ​មាន​សាមគ្គីភាព

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក