ភាគ២៤
ប៉ូលសរសេរសំបុត្រទៅក្រុមជំនុំផ្សេងៗ
សំបុត្ររបស់ប៉ូលពង្រឹងកម្លាំងចិត្តគ្រិស្តសាសនិកនៅសតវត្សរ៍ទី១
ក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលទើបនឹងបង្កើតនេះមានមុខនាទីដ៏សំខាន់ក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានទទួលការពាធាភ្លាម។ តើពួកគេនឹងរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះពេលប្រឈមមុខនឹងការបៀតបៀនពីក្រៅនិងពីក្នុងក្រុមជំនុំឬទេ? បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចមាន២១សំបុត្រ ដែលមានឱវាទនិងការលើកទឹកចិត្ត។
សាវ័កប៉ូលបានសរសេរសំបុត្រ១៤ច្បាប់ គឺពីសៀវភៅរ៉ូមដល់សៀវភៅហេប្រឺ។ សំបុត្រទាំងនេះបានត្រូវដាក់ឈ្មោះតាមអ្នកដែលប៉ូលសរសេរទៅកាន់ ទោះជាសរសេរទៅបុគ្គលម្នាក់ឬសមាជិកទាំងឡាយនៃក្រុមជំនុំណាមួយក្ដី។ សូមពិចារណាប្រធានបទខ្លះៗដែលមានក្នុងសំបុត្ររបស់ប៉ូល។
ការដាស់តឿនអំពីសីលធម៌និងការប្រព្រឹត្ត។ អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការផិតក្បត់ និងអំពើខុសឆ្គងធ្ងន់ធ្ងរឯទៀត«នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (កាឡាទី ៥:១៩-២១; កូរិនថូសទី១ ៦:៩-១១) ពួកអ្នកដែលគោរពប្រណិប័តន៍ព្រះត្រូវមានសាមគ្គីភាព ទោះជាមានសញ្ជាតិអ្វីក៏ដោយ។ (រ៉ូម ២:១១; អេភេសូរ ៤:១-៦) ពួកគេគួរលះបង់ប្រយោជន៍ខ្លួនដោយចិត្តសប្បាយដើម្បីជួយបងប្អូនរួមជំនឿដែលខ្វះខាត។ (កូរិនថូសទី២ ៩:៧) ប៉ូលដាស់តឿនថា៖ «ចូរអធិដ្ឋានឥតឈប់»។ ពិតមែន ពួកអ្នកគោរពប្រណិប័តន៍ព្រះបានត្រូវលើកទឹកចិត្តឲ្យជម្រាបព្រះយេហូវ៉ាអស់ពីចិត្តអំពីអារម្មណ៍ខ្លួនតាមរយៈការអធិដ្ឋាន។ (ថែស្សាឡូនិចទី១ ៥:១៧; ថែស្សាឡូនិចទី២ ៣:១; ភីលីព ៤:៦, ៧) ដើម្បីឲ្យព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ នោះពួកគេត្រូវអធិដ្ឋានដោយមានជំនឿ។—ហេប្រឺ ១១:៦
តើអ្វីដែលនឹងជួយឲ្យគ្រួសារទាំងឡាយចម្រុងចម្រើន? ប្ដីៗត្រូវស្រឡាញ់ប្រពន្ធខ្លួនដូចស្រឡាញ់រូបកាយរបស់ខ្លួន។ ប្រពន្ធៗត្រូវគោរពប្ដីរបស់ខ្លួនយ៉ាងជ្រាលជ្រៅ។ កូនៗត្រូវស្ដាប់បង្គាប់ឪពុកម្ដាយ ព្រោះនេះជាអ្វីដែលព្រះពេញចិត្ត។ ឪពុកម្ដាយត្រូវណែនាំនិងអប់រំកូនៗដោយក្ដីស្រឡាញ់ ដោយប្រើគោលការណ៍ដែលមានក្នុងបណ្ដាំរបស់ព្រះ។—អេភេសូរ ៥:២២–៦:៤; កូឡុស ៣:១៨-២១
ពួកគ្រិស្តសាសនិកបានទទួលជំនួយដើម្បីយល់គោលបំណងរបស់ព្រះ។ លក្ខណៈផ្សេងៗនៃច្បាប់ម៉ូសេគឺដើម្បីការពារនិងណែនាំពួកអ៊ីស្រាអែលរហូតដល់គ្រិស្តមក។ (កាឡាទី ៣:២៤) ប៉ុន្តែ ពួកគ្រិស្តសាសនិកមិនចាំបាច់ធ្វើតាមច្បាប់នោះ ដើម្បីគោរពប្រណិប័តន៍ព្រះទេ។ ក្នុងសំបុត្រសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ ប៉ូលបានបំភ្លឺអត្ថន័យនៃច្បាប់និងរបៀបដែលគោលបំណងរបស់ព្រះនឹងត្រូវសម្រេចក្នុងគ្រិស្ត។ ប៉ូលបានពន្យល់ថា ផ្នែកផ្សេងៗនៃច្បាប់នោះ បង្ហាញទុកជាមុនអំពីអ្វីៗដែលនឹងកើតឡើងក្រោយមក។ ជាឧទាហរណ៍ ការបូជាសត្វតំណាងការបូជាជីវិតរបស់លោកយេស៊ូ ដែលនាំឲ្យទទួលការអភ័យទោសពិតប្រាកដចំពោះអំពើខុសឆ្គង។ (ហេប្រឺ ១០:១-៤) តាមរយៈមរណភាពរបស់លោកយេស៊ូ ព្រះបានលុបចោលកិច្ចព្រមព្រៀងខាងច្បាប់ ពីព្រោះលែងត្រូវការទៀតហើយ។—កូឡុស ២:១៣-១៧; ហេប្រឺ ៨:១៣
ការណែនាំស្តីអំពីរបៀបរៀបចំក្រុមជំនុំយ៉ាងត្រឹមត្រូវ។ ពួកបុរសដែលសុខចិត្តទទួលភារកិច្ចក្នុងក្រុមជំនុំត្រូវមានសីលធម៌ល្អប្រសើរហើយមានគុណសម្បត្ដិដែលគម្ពីរបានបញ្ជាក់។ (ធីម៉ូថេទី១ ៣:១-១០, ១២, ១៣; ទីតុស ១:៥-៩) ពួកអ្នកបម្រើព្រះយេហូវ៉ាត្រូវមកប្រជុំគ្នាជាទៀងទាត់ជាមួយនឹងអ្នករួមជំនឿ ដើម្បីលើកទឹកចិត្តគ្នា។ (ហេប្រឺ ១០:២៤, ២៥) កម្មវិធីប្រជុំសម្រាប់ការគោរពប្រណិប័តន៍ព្រះ គួរលើកទឹកចិត្តនិងអប់រំអ្នកដែលចូលរួម។—កូរិនថូសទី១ ១៤:២៦, ៣១
ពេលប៉ូលសរសេរសំបុត្រទី២ទៅកាន់ធីម៉ូថេ គាត់នៅក្រុងរ៉ូម។ គាត់បានត្រូវជាប់គុក ហើយកំពុងរង់ចាំការវិនិច្ឆ័យក្ដី។ មានតែមនុស្សខ្លះប៉ុណ្ណោះដែលបានហ៊ានប្រថុយមកលេងគាត់។ ប៉ូលបានដឹងថា គាត់មានពេលវេលាខ្លី។ គាត់និយាយថា៖ «ខ្ញុំបានតស៊ូយ៉ាងប្រសើរ ខ្ញុំបានរត់ប្រណាំងដល់ទីដៅ ខ្ញុំបានកាន់តាមជំនឿគ្រិស្តសាសនិក»។ (ធីម៉ូថេទី២ ៤:៧) ប៉ូលទំនងជាត្រូវគេប្រហារជីវិតមិនយូរក្រោយនោះ ដោយសារជំនឿរបស់គាត់។ ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះ សំបុត្រផ្សេងៗរបស់ប៉ូលណែនាំពួកអ្នកគោរពប្រណិប័តន៍ព្រះ។
—មានមូលដ្ឋានលើសៀវភៅរ៉ូម កូរិនថូសទី១ កូរិនថូសទី២ កាឡាទី អេភេសូរ ភីលីព កូឡុស ថែស្សាឡូនិចទី១ ថែស្សាឡូនិចទី២ ធីម៉ូថេទី១ ធីម៉ូថេទី២ ទីតុស ភីលេម៉ូន និងហេប្រឺ។