បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kr ជំ. ១២ ទំ. ១៣៣-១៤៧
  • ការរៀបចំរាស្ត្ររបស់ព្រះដើម្បីបម្រើ«ព្រះនៃសេចក្ដីសុខសាន្ត»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរៀបចំរាស្ត្ររបស់ព្រះដើម្បីបម្រើ«ព្រះនៃសេចក្ដីសុខសាន្ត»
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង​»​
  • របៀប​ដែល​គ្រិស្ត​ដឹក​នាំ​ក្រុម​ជំនុំ
  • ​«​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​»​
  • របៀប​ដែល​អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​ឃ្វាល​ចៀម​របស់​ព្រះ
  • ការ​កែ​លម្អ​របៀប​រៀប​ចំ​សម្រាប់​ត្រួត​ពិនិត្យ​ជួយ​ពង្រឹង​សាមគ្គី​ភាព​នៃ​រាស្ត្រ​របស់​ព្រះ
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
kr ជំ. ១២ ទំ. ១៣៣-១៤៧

ជំពូក​ទី១២

ការ​រៀប​ចំ​រាស្ត្រ​របស់​ព្រះ​ដើម្បី​បម្រើ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»​

គោល​ចំណុច​នៃ​ជំពូក​នេះ

ព្រះ​យេហូវ៉ា​រៀប​ចំ​រាស្ត្រ​របស់​លោក​បន្ដិច​ម្ដង​ៗ​

១, ២​. ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ​១៨៩៥ តើ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​បង​ប្អូន​បាន​គិត​យ៉ាង​ណា​អំពី​ការ​ផ្លាស់​ប្ដូរ​នោះ?

បង​ប្រុស​ចន បូណេត ជា​និស្សិត​គម្ពីរ​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង។ ពេល​គាត់​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ​១៨៩៥ គាត់​រំភើប​ចិត្ត​ណាស់។ ហេតុ​អ្វី​គាត់​រំភើប​ចិត្ត? គឺ​ពី​ព្រោះ​ទស្សនាវដ្ដី​នោះ​មាន​ក្រប​ថ្មី។ រូប​ភាព​នោះ​មាន​ប៉ម​មួយ​ដែល​មាន​គោម​ភ្លើង ដែល​កំពុង​ជះ​ពន្លឺ​ពេល​មេឃ​ងងឹត។ ប៉ម​នោះ​នៅ​ឆ្នេរ​សមុទ្រ។ ឯ​សមុទ្រ​វិញ នោះ​មាន​រលក​ធំ​ៗ​ដោយ​សារ​មាន​ខ្យល់​ព្យុះ។ ក្នុង​ទស្សនាវដ្ដី​នោះ​មាន​សេចក្ដី​ជូន​ដំណឹង​ស្តី​អំពី​ក្រប​ថ្មី។ សេចក្ដី​ជូន​ដំណឹង​នោះ​មាន​ចំណង​ជើង​ថា​«​សម្លៀក​បំពាក់​ថ្មី​របស់​យើង​»។

២ បង​បូណេត​ស្ងើចសរសើរ​ក្រប​ថ្មី​នោះ​ណាស់ ហើយ​គាត់​សរសេរ​សំបុត្រ​ទៅ​បង​រ៉ាសិល។ គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​ឃើញ​ថា​ប៉ម​យាម​គឺ​ស្អាត​ដូច្នេះ​»។ និស្សិត​គម្ពីរ​ស្មោះ​ត្រង់​ម្នាក់​ទៀត​ឈ្មោះ​ចន ប្រោន បាន​សរសេរ​អំពី​ក្រប​ថ្មី​ថា​៖ ​«​រូប​ភាព​នោះ​ជា​ទី​ចាប់​អារម្មណ៍​មែន ដោយ​បង្ហាញ​អំពី​គោម​ភ្លើង​នោះ​តាំង​នៅ​កន្លែង​មាំ​មួន ទោះ​ជា​មាន​រលក​បក់​បោក​វាយ​ផ្ទប់​នឹង​កន្លែង​នោះ​ក៏​ដោយ​»។ ក្រប​ថ្មី​នោះ​ជា​ការ​ផ្លាស់​ប្ដូរ​ដំបូង​ដែល​បង​ប្អូន​យើង​បាន​ឃើញ​នៅ​ឆ្នាំ​នោះ តែ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ចុង​ក្រោយ​ទេ។ នៅ​ខែ​វិច្ឆិកា បង​ប្អូន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ទៀត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ការ​ផ្លាស់​ប្ដូរ​នោះ​ក៏​ទាក់​ទង​នឹង​ខ្យល់​ព្យុះ​ខ្លាំង​មួយ​ដែរ។

៣, ៤​. តើ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៨៩៥ បាន​បញ្ជាក់​អំពី​បញ្ហា​អ្វី ហើយ​តើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​អ្វី​បាន​ត្រូវ​ប្រកាស?

៣ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៨៩៥ បាន​លាត​ត្រដាង​បញ្ហា​មួយ​ដែល​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា ពោល​គឺ​បញ្ហា​ដែល​កំពុង​បំផ្លាញ​សេចក្ដី​សុខ​សាន្ត​ក្នុង​អង្គ​ការ​និស្សិត​គម្ពីរ។ តើ​បញ្ហា​នោះ​ជា​អ្វី? គឺ​បង​ប្អូន​បាន​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ច្រើន​ឡើង​អំពី​អ្នក​ណា​ដែល​ត្រូវ​ជា​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ។ ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​យល់​នូវ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​បំបាត់​ចោល​ចិត្ត​គំនិត​ប្រកួតប្រជែង​គ្នា​នោះ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប្រដូច​អង្គ​ការ​របស់​យើង​ទៅ​នឹង​កប៉ាល់​មួយ។ រួច​មក តាម​រយៈ​អត្ថបទ​នោះ អង្គ​ការ​យើង​បាន​សារភាព​ត្រង់​ៗ​ថា អ្នក​ដែល​នាំ​មុខ​មិន​បាន​រៀប​ចំ​អង្គ​ការ​ឲ្យ​មាន​ភាព​មាំ​មួន​ដូច​ជា​សំពៅ​ដែល​អាច​ធន់​នៅ​ពេល​មាន​ព្យុះ​ទេ។ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?

៤ មេ​នាវិក​ដ៏​ឈ្លាស​វៃ​ចាត់​ចែង​ឲ្យ​ប្រាកដ​ថា​មាន​ពោង​សុវត្ថិភាព​គ្រប់​គ្រាន់​នៅ​លើ​ទូក ហើយ​ថា​អ្នក​ធ្វើ​ការ​លើ​នាវា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​មុន​មាន​ព្យុះ។ ស្រដៀង​គ្នា​ដែរ នៅសម័យ​នោះ អ្នក​ដែល​នាំ​មុខ​ក្នុង​អង្គ​ការ​របស់​យើង​ត្រូវ​តែ​ចាត់​ចែង​ឲ្យ​ប្រាកដ​ថា ក្រុម​ជំនុំ​នានា​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​សម្រាប់​បញ្ហា​លំបាក​ផ្សេង​ៗ​ដែល​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា។ ដើម្បី​សម្រេច​គោល​បំណង​នោះ អត្ថបទ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ ពោល​គឺ ភ្លាម​ៗ​«​ត្រូវ​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​»​ដើម្បី​«​‹ត្រួត​ពិនិត្យ›ហ្វូង​ចៀម​»។—សកម្ម. ២០:២៨

៥​. (​ក​) ហេតុ​អ្វី​បាន​ជា​របៀប​រៀប​ចំ​ដំបូង​សម្រាប់​អ្នក​ចាស់​ទុំ​ជា​ការ​ជឿន​ទៅ​មុខ​ទាន់​ពេល? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី?

៥ របៀប​រៀប​ចំ​ជា​លើក​ដំបូង​ឲ្យ​មាន​អ្នក​ចាស់​ទុំ គឺ​ជា​ការ​ជឿន​ទៅ​មុខ​ទាន់​ពេល​មួយ ក្នុង​ការ​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​របស់​ក្រុម​ជំនុំ​មាន​ស្ថិរភាព។ របៀប​រៀប​ចំ​នោះ​បាន​ជួយ​បង​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ​ការ​លំបាក​ដែល​មក​ពី​សង្គ្រាម​លោក​លើក​ទី១។ ក្នុង​អំឡុង​រាប់​សិប​ឆ្នាំ​បន្ទាប់​ពី​នោះ ការ​កែ​លម្អ​ផ្សេង​ៗ​ទៀត​ក្នុង​អង្គ​ការ​របស់​យើង បាន​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បម្រើ​លោក​បាន​ប្រសើរ​ជាង។ តើ​តាម​របៀប​ណា​ព្រឹត្ដិការណ៍​នេះ​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន? តើ​អ្នក​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ? ហើយ​តើ​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​ការ​ផ្លាស់​ប្ដូរ​នោះ​យ៉ាង​ដូច​ម្ដេច?

​«​អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង​»​

៦, ៧​. (​ក​) តើ​អេសាយ ៦០:១៧ មាន​អត្ថន័យ​យ៉ាង​ណា? (​ខ​) តើ​ពាក្យ​ថា​«​រដ្ឋ​បាល​»​និង​«​អ្នក​គ្រប់​គ្រង​»​បញ្ជាក់​អំពី​អ្វី?

៦ ដូច​យើង​បាន​រៀន​នៅជំពូក​ទី​៩ អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​រាស្ត្រ​របស់​លោក ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ។ (​អេ. ៦០:២២​) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​ធ្វើ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ក្នុង​ទំនាយ​ដដែល​នោះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​ផង​»។ (​អេ. ៦០:១៧​) តើ​ទំនាយ​នោះ​មាន​ន័យ​យ៉ាង​ណា? ហើយ​នៅ​សព្វ​ថ្ងៃ​នេះ តើ​ទំនាយ​នោះ​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច?

នោះ​មិន​មែន​ជា​ការ​យក​សម្ភារ​គុណ​ភាព​ល្អ​មក​ដាក់​ជំនួស​សម្ភារ​ដែល​អន់​ទេ តែ​គឺ​ជា​ការ​យក​សម្ភារ​ដែល​មាន​គុណ​ភាព​ប្រសើរ​ជាង​មក​ដាក់​ជំនួស​សម្ភារ​ដែល​ល្អ​ហើយ

៧ ទំនាយ​របស់​អេសាយ​បញ្ជាក់​ថា សម្ភារ​សំណង់​ម្យ៉ាង​នឹង​ត្រូវ​ជំនួស​ដោយ​សម្ភារ​សំណង់​ម្យ៉ាង​ទៀត។ ប៉ុន្តែ​សូម​កត់​សម្គាល់​ថា នោះ​មិន​មែន​ជា​ការ​យក​សម្ភារ​គុណ​ភាព​ល្អ​មក​ដាក់​ជំនួស​សម្ភារ​ដែល​អន់​ទេ តែ​គឺ​ជា​ការ​យក​សម្ភារ​ដែល​មាន​គុណ​ភាព​ប្រសើរ​ជាង​មក​ដាក់​ជំនួស​សម្ភារ​ដែល​ល្អ​ហើយ។ ជា​ឧទាហរណ៍ ការ​យក​មាស​មក​ប្រើ​ជំនួស​លង្ហិន​ជា​ការ​បង្កើន​គុណ​ភាព​ឲ្យ​កាន់​តែ​ល្អ។ សម្ភារ​ឯ​ទៀត​ក្នុង​ទំនាយ​នោះ​ក៏​ដូច្នោះ​ដែរ។ ដូច្នេះ ដោយ​ប្រើ​ឧទាហរណ៍​នេះ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា ស្ថានភាព​របស់​រាស្ត្រ​លោក​នឹង​កាន់​តែ​ប្រសើរ​ឡើង​បន្ដិច​ម្ដង​ៗ។ តើ​ទំនាយ​នេះ​បញ្ជាក់​អំពី​ការ​កែ​លម្អ​បែប​ណា? ដោយ​សារ​ទំនាយ​នេះ​ប្រើ​ពាក្យ​ថា​«​រដ្ឋ​បាល​»​និង​«​អ្នក​គ្រប់​គ្រង​»​ នោះ​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នឹង​មាន​ការ​កែ​លម្អ​បន្ដិច​ម្ដង​ៗ​នូវ​របៀប​ដែល​រាស្ត្រ​របស់​លោក​បាន​ត្រូវ​រៀប​ចំ​ឡើង និង​របៀប​ដែល​ពួក​គេ​បាន​ត្រូវ​ថែ​រក្សា។

៨​. (​ក​) តើ​អ្នក​ណា​ធ្វើ​ការ​កែ​លម្អ​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​ទំនាយ​របស់​អេសាយ? (​ខ​) តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​កែ​លម្អ​ទាំង​នោះ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​គាត់​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ពេល​ដែល​ទទួល​ការ​កែ​តម្រង់​»​)

៨ តើ​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​អង្គ​ការ​នេះ​មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​ឡើង​ៗ​? ព្រះ​យេហូវ៉ាបាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​នាំ​មាស​មក . . . អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង​»។ ដូច្នេះ​ការ​កែ​លម្អ​ខាង​របៀប​រៀប​ចំ​ក្នុង​ក្រុម​ជំនុំ មិន​មែន​មក​ពី​ការ​ខំ​ប្រឹង​ព្យាយាម​របស់​មនុស្ស​ទេ តែ​មក​ពី​ព្រះ​យេហូវ៉ា​ផ្ទាល់។ ម្យ៉ាង​ទៀត តាំង​តែ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច នោះ​ព្រះ​យេហូវ៉ា​បាន​កែ​លម្អ​អង្គ​ការ​នេះ​តាម​រយៈ​បុត្រ​លោក។ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​កែ​លម្អ​ទាំង​នេះ? បទ​គម្ពីរ​នោះ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​នាំ​ឲ្យ​មាន​«​សេចក្ដី​សុខ​»​និង​«​សេចក្ដី​សុចរិត​»។ កាល​ដែល​យើង​កែ​ប្រែ​តាម​ការ​ណែនាំ​របស់​ព្រះ នោះ​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​ស្រឡាញ់​សេចក្ដី​សុចរិត នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា ដែល​សាវ័ក​ប៉ូល​បាន​ហៅ​ថា​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»។—ភី. ៤:៩

៩​. តើ​អ្វី​ជា​មូលដ្ឋាន​ត្រឹម​ត្រូវ​នៃ​របៀប​រៀប​រយ​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ ហើយ​ហេតុ​អ្វី?

៩ ស្តី​អំពី​ព្រះ​យេហូវ៉ា សាវ័ក​ប៉ូល​ក៏​បាន​សរសេរ​ដែរ​ថា​៖ ​«​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»។ (​១កូ. ១៤:៣៣​) សូម​កត់​សម្គាល់​ថា ប៉ូល​មិន​បាន​សរសេរ​បញ្ជាក់​ថា​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​គឺ​ផ្ទុយ​ពី​របៀប​រៀប​រយ​ទេ តែ​បាន​ថា​ការ​ខ្វះ​សណ្ដាប់​ធ្នាប់ គឺ​ផ្ទុយ​ពី​សេចក្ដី​សុខ​សាន្ត។ ហេតុ​អ្វី? ព្រោះ​គ្រាន់​តែ​មាន​របៀប​រៀប​រយ​ប៉ុណ្ណោះ មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ទេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​កង​ទ័ព​មួយ។ ទោះ​ជា​កង​ទ័ព​ដើរ​ដោយ​មាន​របៀប​រៀប​រយ​ទៅ​ដល់​សមរភូមិ​ក៏​ដោយ តែដំណើរ​នោះ​មិន​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ឬ​សន្ដិភាព​ទេ តែ​ធ្វើ​ឲ្យ​មាន​សង្គ្រាម​វិញ។ ដូច្នេះ​យើង​ដែល​ជា​គ្រិស្ត​សាសនិក​ពិត ត្រូវ​ចាំ​មិន​ភ្លេច​នូវ​ចំណុច​សំខាន់​មួយ​ថា របៀប​រៀប​ចំ​ណា​ដែល​មិន​មាន​មូលដ្ឋាន​លើ​សេចក្ដី​សុខ​សាន្ត​និង​សន្ដិភាព របៀប​រៀប​ចំ​នោះ​មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​បរាជ័យ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ធ្វើ​ឲ្យ​មាន​របៀប​រៀប​រយ​ដែល​ស្ថិតស្ថេរ។ ដូច្នេះ យើង​ពិត​ជា​សប្បាយ​ណាស់​ដែល​អង្គ​ការ​របស់​យើង​បាន​ត្រូវ​ដឹក​នាំ​និង​សម្រិត​សម្រាំង​ដោយ​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​»​! (​រ៉ូម ១៥:៣៣​) គឺ​ដោយ​សារ​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ទើប​យើង​អាច​រីក​រាយ​នឹង​សាមគ្គី​ភាព​និង​របៀប​រៀប​ចំ​ដ៏​ល្អ​ដែល​មាន​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​យើង​ទូ​ទាំង​ពិភព​លោក។—ទំនុក. ២៩:១១

១០​. (​ក​) នៅ​សម័យ​មុន តើ​អង្គ​ការ​របស់​យើង​បាន​ត្រូវ​កែ​លម្អ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ការ​កែ​លម្អ​ខាង​ការ​ត្រួត​ពិនិត្យ​»​) (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

១០ ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ការ​កែ​លម្អ​ខាង​ការ​ត្រួត​ពិនិត្យ​»​ បញ្ជាក់​ជា​សង្ខេប​អំពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​អង្គ​ការ​យើង​នៅ​សម័យ​មុន ដែល​បាន​ធ្វើ​ឲ្យ​មាន​របៀប​រៀប​រយ​និង​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន។ ក៏​ប៉ុន្តែ នៅ​ពេល​ថ្មី​ៗ​នេះ តើ​ព្រះ​យេហូវ៉ា​បាន​កែ​ប្រែ​អ្វី​ខ្លះ​ទៀត‹ពី​លង្ហិន​ទៅ​ជា​មាស› តាម​រយៈ​ស្តេច​របស់​យើង? តើ​តាម​របៀប​ណា​ដែល​ការ​ផ្លាស់​ប្ដូរ​ខាង​ការ​ត្រួត​ពិនិត្យ​បាន​ពង្រឹង​សាមគ្គី​ភាព​និង​បង្កើន​សេចក្ដី​សុខ​សាន្ត​របស់​ក្រុម​ជំនុំ​នានា​ទូ​ទាំង​ពិភព​លោក? តើ​តាម​របៀប​ណា​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​កំពុង​ជួយ​អ្នក​ផ្ទាល់​ឲ្យ​បម្រើ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»​?

របៀប​ដែល​គ្រិស្ត​ដឹក​នាំ​ក្រុម​ជំនុំ

១១​. (​ក​) តើ​ការ​ស្រាវ​ជ្រាវ​កំណត់​ហេតុ​គម្ពីរ​បាន​នាំ​ឲ្យ​យល់​ត្រឹម​ត្រូវ​ជាង​អំពី​អ្វី? (​ខ​) តើ​បង​ប្អូន​ដែល​ជា​សមាជិក​គណៈ​អភិបាល​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

១១ ពី​ឆ្នាំ​១៩៦៤​ដល់​ឆ្នាំ​១៩៧១ គណៈ​អភិបាល​បាន​រៀប​ចំ​ហើយ​ចាត់​ចែង​ឲ្យ​បង​ប្អូន​មួយ​ចំនួន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដ៏​ស៊ី​ជម្រៅ​អំពី​កំណត់​ហេតុ​គម្ពីរ។ ប្រធានបទ​មួយ​ដែល​បាន​ត្រូវ​សិក្សា​គឺ​អំពី​របៀប​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ដំណើរ​ការ។a ស្តី​អំពី​របៀប​រៀប​ចំ​ក្នុង​អង្គ​ការ​យើង បង​ប្អូន​បាន​រៀន​ថា​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​សតវត្សរ៍​ទី១​បាន​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​អ្នក​ចាស់​ទុំ​មួយ​ក្រុម មិន​មែន​អ្នក​ចាស់​ទុំ​តែ​ម្នាក់​ឬ​អ្នក​ត្រួត​ពិនិត្យ​តែ​ម្នាក់​ទេ។ (​សូម​អាន ភីលីព ១:១; ធីម៉ូថេ​ទី១ ៤:១៤​) ក្រោយ​ពី​គណៈ​អភិបាល​បាន​យល់​ចំណុច​នោះ​ច្បាស់​ជាង នោះ​ពួក​គាត់​បាន​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​ពួក​គាត់ កំពុង​ដឹក​នាំ​ពួក​គាត់​ឲ្យ​កែ​លម្អ​របៀប​រៀប​ចំ​ក្នុង​អង្គ​ការ​របស់​ព្រះ។ បង​ប្អូន​ដែល​ជា​គណៈ​អភិបាល​បាន​តាំង​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ស្តេច។ ពួក​គាត់​បាន​កែ​ប្រែ​របៀប​រៀប​ចំ​ភ្លាម​ៗ​ដើម្បី​ធ្វើ​ឲ្យ​អង្គ​ការ​យើង​ស្រប​តាម​គំរូ​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​តែង​តាំង​អ្នក​ចាស់​ទុំ។ តើ​បង​ប្អូន​បាន​កែ​ប្រែ​អ្វី​ខ្លះ​រវាង​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៧៤?

គាត់​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ពេល​ដែល​ទទួល​ការ​កែ​តម្រង់

ទស្សនាវដ្ដី​ប៉ម​យាម​ភាសា​ហ្វាំងឡង់ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩១៦ មាន​សំបុត្រ​មួយ​សរសេរ​ដោយ​បង​រ៉ាសិល ជូន​ចំពោះ​បង​ប្រុស​ខ្លះ​នៅ​ទ្វីប​អឺរ៉ុប ដែល​រួម​ទាំង​បង​ប្រុស​ខាឡូ ហាតឹវ៉ា។ បង​រ៉ាសិល​បាន​សរសេរ​ថា​៖ ​«​យើង​សូម​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់​របស់​យើង ឲ្យ​ត្រឡប់​មក​កាន់​សេចក្ដី​ពិត​វិញ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​ដែល​យើង​ត្រូវ​ធ្វើ​»។ ហេតុ​អ្វី​បង​រ៉ាសិល​សុំ​បង​ប្អូន​ទាំង​នោះ​ឲ្យ​ធ្វើ​ដូច្នេះ?

បងខាឡូ ហាតឹវ៉ា

បង​ខាឡូ ហាតឹវ៉ា

បង​ហាតឹវ៉ា កើត​នៅ​ឆ្នាំ​១៨៨២ ហើយ​ជា​និស្សិត​គម្ពីរ​ដំបូង​នៅ​ប្រទេស​ហ្វាំងឡង់។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ខែ​មេសា ឆ្នាំ​១៩១០។ រួច​មក នៅ​ខែ​សីហា ឆ្នាំ​១៩១២ បង​រ៉ាសិល​ផ្ដល់​សិទ្ធិ​ឲ្យ​បង​ហាតឹវ៉ា​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​ហ្វាំងឡង់។ កិច្ច​ការ​នេះ​បាន​ដំណើរ​ការ​យ៉ាង​រលូន រហូត​ដល់​សង្គ្រាម​លោក​លើក​ទី១​បាន​ផ្ទុះ​ឡើង។ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩១៤ បង​ហាតឹវ៉ា​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​មាន​វិបត្ដិ​សេដ្ឋកិច្ច . . . យើង​មិន​អាច​សន្យា​ថា នៅ​ឆ្នាំ​នេះ​ទស្សនាវដ្ដី​ប៉ម​យាម​នឹង​មាន​ចំនួន​ទំព័រ​ដូច​ពី​មុន​ទេ ក៏​មិន​អាច​សន្យា​ថា​ទស្សនាវដ្ដី​ប៉ម​យាម​នឹង​ត្រូវ​បោះ​ពុម្ព​ជា​ទៀង​ទាត់​ដូច​ពី​មុន​ដែរ​»។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​១៩១៥ បង​ហាតឹវ៉ា​និង​អ្នក​ឯ​ទៀត​បាន​បង្កើត​សាជីវកម្ម​រួម​មួយ​ដែល​ហៅ​ថា​អា​រ៉ា​រ៉ា​ត ដើម្បី​បាន​ថវិកា​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម​ជា​បន្ត។ សាជីវកម្ម​ថ្មី​នោះ​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​មួយ​ទៀត​ដែល​ហៅ​ថា​អា​រ៉ា​រ៉ា​ត។

កាល​ដែល​បង​ហាតឹវ៉ា​ផ្ដោត​អារម្មណ៍​ទៅ​លើ​សាជីវកម្ម​ថ្មី​និង​ទស្សនាវដ្ដី​ថ្មី​នោះ បង​ប្រុស​ម្នាក់​ទៀត​ទៅ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទស្សនាវដ្ដី​ប៉ម​យាម​វិញ។ ទស្សនាវដ្ដី​អា​រ៉ា​រ៉ា​ត​បាន​បោះ​ពុម្ព​អត្ថបទ​អំពី​គម្ពីរ ប៉ុន្តែ​ក៏​បាន​បោះ​ពុម្ព​អត្ថបទ​អំពី​ប្រធានបទ​ឯ​ទៀត​ដែរ ដូច​ជា​វិធី​ព្យាបាល​ជំងឺ​ដោយ​ប្រើ​ថ្នាំ​ធម្មជាតិ និង​ភាសា​ថ្មី​មួយ​ហៅ​ថា​អេសប៉េរ៉ាណតូ​ដែល​ទើប​ចាប់​ផ្ដើម​មាន​នៅ​ពេល​នោះ។ មិន​យូរ​ប៉ុន្មាន ទស្សនាវដ្ដី​អា​រ៉ា​រ៉ា​ត​បាន​បំបែរ​អារម្មណ៍​បង​ប្អូន​ចេញ​ពី​សេចក្ដី​បង្រៀន​ច្បាស់​លាស់​ដែល​ជា​សេចក្ដី​ពិត។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​បង​រ៉ាសិល​បាន​ខ្វល់​អំពី​ចំណង​មិត្តភាព​របស់​បង​ប្អូន​ប្រុស​ៗ​ទាំង​នោះ​ជា​មួយ​នឹង​ព្រះ ហើយ​បាន​សរសេរ​សំបុត្រ​អង្វរ​បង​ហាតឹវ៉ា​និង​បង​ប្រុស​ឯ​ទៀត​ឲ្យ​«​ត្រឡប់​មក​កាន់​សេចក្ដី​ពិត​វិញ​»។

តើ​បង​ហាតឹវ៉ា​បាន​ធ្វើ​យ៉ាង​ណា​ពេល​ទទួល​សំបុត្រ​នោះ? គាត់​បាន​បោះ​ពុម្ព​សំបុត្រ​របស់​បង​រ៉ាសិល​ក្នុង​ទស្សនាវដ្ដី​អា​រ៉ា​រ៉ា​ត ជា​មួយ​នឹង​សំបុត្រ​តប​ឆ្លើយ​របស់​គាត់។ បង​ហាតឹវ៉ា​បាន​សូម​បង​រ៉ាសិល​អភ័យ​ទោស​ចំពោះ​កំហុស​របស់​គាត់ ហើយ​បាន​សរសេរ​ថា​៖ ​«​បើ​ខ្ញុំ​អាច​កែ​កំហុស​នេះ​បាន ខ្ញុំ​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ដូច្នេះ​»។ មិន​យូរ​ក្រោយ​ពី​នោះ ក្នុង​ទស្សនាវដ្ដី​អា​រ៉ា​រ៉ា​ត​ចុង​ក្រោយ បង​ហាតឹវ៉ា​បាន​សូម​អភ័យ​ទោស​ម្ដង​ទៀត ដោយ​សារ​គាត់​បាន​នាំ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ហើយ​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​នឹង​ព្យាយាម​ប្រុង​ប្រយ័ត្ន​ស្តី​អំពី​គ្រប់​ផ្នែក​នៃ​សេចក្ដី​ពិត​ដែល​យើង​មាន​ឥឡូវ​នេះ​»។ បង​ហាតឹវ៉ា​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ពេល​ដែល​គាត់​ទទួល​ការ​កែ​តម្រង់។ ក៏​ប៉ុន្តែ​អ្នក​ចាស់​ទុំ​ខ្លះ​ទៀត​នៅ​សម័យ​នោះ ដែល​មាន​អំណួត និង​ដែល​បាន​ទទួល​តំណែង​ដោយ​ការ​បោះ​ឆ្នោត ពួក​គេ​មិន​ព្រម​ទទួល​ការ​កែ​តម្រង់​ទេ។

ក្រោយ​មក បង​ហាតឹវ៉ា​បាន​ត្រូវ​តែង​តាំង​ម្ដង​ទៀត​ជា​អ្នក​មើល​ខុស​ត្រូវ​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​ហ្វាំងឡង់ ព្រម​ទាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​ផង​ដែរ។ គាត់​មាន​ភារកិច្ច​នោះ​រហូត​ដល់​ឆ្នាំ​១៩៥០។ គាត់​បាន​បញ្ចប់​កិច្ច​បម្រើ​នៅ​ផែន​ដី​នា​ឆ្នាំ​១៩៥៧ ដោយ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ពិត​អស់​មួយ​ជីវិត។ នេះ​បង្ហាញ​ថា អ្នក​ដែល​ព្រម​ទទួល​ដោយ​ចិត្ត​រាប​ទាប​នូវ​ការ​កែ​តម្រង់​ពី​លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​ពួក​គេ បាន​ត្រូវ​សម្រិត​សម្រាំង ហើយ​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​មែន។

១២​. (​ក​) តើ​គណៈ​អភិបាល​បាន​ត្រូវ​កែ​ប្រែ​យ៉ាង​ដូច​ម្ដេច? (​ខ​) សូម​រៀប​រាប់​អំពី​របៀប​រៀប​ចំ​នៃ​គណៈ​អភិបាល។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​ដែល​គណៈ​អភិបាល​ចាត់​ចែង​កិច្ច​ការ​រាជាណាចក្រ​»​)

១២ ការ​កែ​ប្រែ​ដំបូង​ទាក់​ទង​នឹង​គណៈ​អភិបាល​តែ​ម្ដង។ មក​ដល់​ពេល​នោះ សមាជិក​គណៈ​អភិបាល​មាន​បង​ប្រុស​៧​នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ដែល​ជា​គណៈ​កម្មាធិការ​នាយក​នៃ​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ ចំនួន​សមាជិក​នៃ​គណៈ​អភិបាល​បាន​កើន​ឡើង​រហូត​ដល់​១១​នាក់ ហើយ​គឺ​ដាច់​ដោយ​ឡែក​ពី​គណៈ​កម្មាធិការ​នាយក។ សមាជិក​ទាំង​នោះ​បាន​ចាត់​ទុក​ថា​ពួក​គាត់​ម្នាក់​ៗ​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​ចាប់​ផ្ដើម​ប្ដូរ​វេន​គ្នា​ធ្វើ​ជា​អធិការី​មួយ​ឆ្នាំ​ម្ដង តាម​លំដាប់​អក្សរ​ឈ្មោះ។

១៣​. (​ក​) តើ​របៀប​រៀប​ចំ​អ្វី​ដែល​ធ្លាប់​មាន​អស់​៤០​ឆ្នាំ? (​ខ​) តើ​គណៈ​អភិបាល​បាន​ធ្វើ​អ្វី​នៅ​ឆ្នាំ​១៩៧២?

១៣ ការ​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​ជាប់​ទាក់​ទង​នឹង​ក្រុម​ជំនុំ​នានា។ តើ​ការ​ផ្លាស់​ប្ដូរ​នោះ​ជា​អ្វី? ពី​ឆ្នាំ​១៩៣២​ដល់​ឆ្នាំ​១៩៧២ ក្រុម​ជំនុំ​នានា​បាន​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​បង​ប្រុសតែ​ម្នាក់។ រហូត​ដល់​ឆ្នាំ​១៩៣៦ បង​ប្រុស​នោះ​បាន​ត្រូវ​ហៅ​ថា​អ្នក​ចាត់​ចែង​កិច្ច​បម្រើ។ ក្រោយ​មក មុខ​ងារ​នោះ​បាន​ត្រូវ​ហៅ​ថា​អ្នក​បម្រើ​ក្រុម​ជំនុំ ហើយ​ក្រោយ​មក​ទៀត ហៅ​ថា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ។ បង​ប្អូន​ប្រុស​ៗ​ដែល​ទទួល​តំណែង​នោះ​បាន​ខ្នះ​ខ្នែង​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ។ តាម​ធម្មតា អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​ក្រុម​ជំនុំ ដោយ​មិន​សួរ​យោបល់​អ្នក​បម្រើ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ទេ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​១៩៧២ គណៈ​អភិបាល​បាន​បើក​ផ្លូវ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ជា​ប្រវត្ដិសាស្ត្រ។ តើ​នោះ​ជា​អ្វី?

១៤​. (​ក​) នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៧២ តើ​មាន​របៀប​រៀប​ចំ​ថ្មី​អ្វី? (​ខ​) តើ​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​អនុវត្ត​ដំបូន្មាន​នៅ​ភីលីព ២:៣ យ៉ាង​ដូច​ម្ដេច?

១៤ ជា​ជាង​មាន​បង​ប្រុស​តែ​ម្នាក់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ នោះ​បង​ប្រុស​ៗ​ឯ​ទៀត​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​តាម​បទ​គម្ពីរ ក៏​បាន​ត្រូវ​តែង​តាំង​ដោយ​អង្គ​ការ​របស់​ព្រះ​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ដែរ។ ពួក​គេ​នឹង​ធ្វើ​ជា​ក្រុម​អ្នក​ចាស់​ទុំ​ដែល​នឹង​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ។ របៀប​រៀប​ចំ​ថ្មី​សម្រាប់​អ្នក​ចាស់​ទុំ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៧២។ សព្វ​ថ្ងៃ​នេះ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​មិន​គិត​ថា​គាត់​សំខាន់​ជាង​អ្នក​ចាស់​ទុំ​ឯ​ទៀត​ទេ តែ​គាត់​ចាត់​ទុក​ថា​ខ្លួន​ជា​«​អ្នក​តូច​ជាង​គេ​»​វិញ។ (​លូក. ៩:៤៨​) បង​ប្រុស​ៗ​បែប​នេះ​ពិត​ជា​នាំ​ឲ្យ​បង​ប្អូន​ទូ​ទាំង​ពិភព​លោក​ទទួល​ពរ​មែន!—ភី. ២:៣

នេះ​បង្ហាញ​ច្បាស់​ថា ស្តេច​របស់​យើង​មាន​ប្រាជ្ញា​ស្រួចស្រាល់ ដោយ​បាន​ជ្រាប​ទុក​ជា​មុន​អំពី​អនាគត ហើយ​បាន​រៀប​ចំ​ឲ្យ​មាន​គង្វាល​គ្រប់​គ្រាន់​នៅ​ពេល​ត្រឹម​ត្រូវ​សម្រាប់​អ្នក​កាន់​តាម​លោក

១៥​. (​ក​) តើ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​អ្នក​ចាស់​ទុំ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ? (​ខ​) តើ​អ្វី​បង្ហាញ​ថា​ស្តេច​របស់​យើង​បាន​ដឹង​ទុក​ជា​មុន​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង?

១៥ របៀប​រៀប​ចំ​សម្រាប់​ចែក​រំលែក​ភារកិច្ច​ក្នុង​ចំណោម​ក្រុម​អ្នក​ចាស់​ទុំ ជា​ការ​កែ​លម្អ​ដ៏​ប្រសើរ​ណាស់។ សូម​ពិចារណា​អំពី​ផល​ប្រយោជន៍​បី​យ៉ាង​ដែល​មក​ពី​របៀប​រៀប​ចំ​ថ្មី​នោះ។ ប្រយោជន៍​ទី១​ដែល​មក​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​អ្នក​ចាស់​ទុំ​គឺ​ជា​ប្រយោជន៍​ដ៏​សំខាន់​បំផុត ពោល​គឺ​របៀប​រៀប​ចំ​នោះ​ជួយ​អ្នក​ចាស់​ទុំ​ទាំង​អស់​គ្នា​ឲ្យ​យល់​ថា​លោក​យេស៊ូ​ជា​ប្រមុខ​ក្រុម​ជំនុំ ទោះ​ជា​ពួក​គេ​មាន​ភារកិច្ច​អ្វី​ក៏​ដោយ។ (​អេភ. ៥:២៣​) ប្រយោជន៍​ទី២ គឺ​អ្វី​ដែល​សុភាសិត ១១:១៤ ចែង​ថា​៖ ​«​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ​»។ កាល​ដែល​អ្នក​ចាស់​ទុំ​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​គោរព​ប្រណិប័តន៍​របស់​ក្រុម​ជំនុំ ថែម​ទាំង​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេចចិត្ត​ដែល​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ (​សុភ. ២៧:១៧​) ព្រះ​យេហូវ៉ា​ឲ្យ​ពរ​លើ​ការ​សម្រេច​ចិត្ត​បែប​នេះ ហើយ​ជា​លទ្ធផល​ការ​សម្រេច​ចិត្ត​នោះ​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​ឬ​ជោគ​ជ័យ​វិញ។ ប្រយោជន៍​ទី៣ គឺ​ដោយ​សារ​មាន​បង​ប្រុស​ច្រើន​នាក់​បម្រើ​ជា​អ្នក​ចាស់​ទុំ នោះ​អង្គ​ការ​របស់​យើង​អាច​ផ្ដល់​អ្វី​ដែល​ក្រុម​ជំនុំ​ត្រូវ​ការ​កាន់​តែ​ខ្លាំង​ឡើង​ៗ ពោល​គឺ​ការ​ត្រួត​ពិនិត្យ​និង​ការ​ឃ្វាល។ (​អេ. ៦០:៣​-​៥​) សូម​គិត​អំពី​ចំនួន​ក្រុម​ជំនុំ​ដែល​មាន​នៅ​ឥឡូវ​នេះ។ នៅ​ឆ្នាំ​១៩៧១ មាន​ជាង​២៧.០០០​ក្រុម​ជំនុំ តែ​នៅ​ឆ្នាំ​២០១៣ មាន​ជាង​១១៣.០០០​ក្រុម​ជំនុំ​វិញ! នេះ​បង្ហាញ​ច្បាស់​ថា ស្តេច​របស់​យើង​មាន​ប្រាជ្ញា​ស្រួចស្រាល់ ដោយ​បាន​ជ្រាប​ទុក​ជា​មុន​អំពី​អនាគត ហើយ​បាន​រៀប​ចំ​ឲ្យ​មាន​គង្វាល​គ្រប់​គ្រាន់​នៅ​ពេល​ត្រឹម​ត្រូវ​សម្រាប់​អ្នក​កាន់​តាម​លោក។—មីកា ៥:៥

ការ​កែ​លម្អ​ខាង​ការ​ត្រួត​ពិនិត្យ

  • ឆ្នាំ​១៨៨១: ដើម្បី​ជួយ​និស្សិត​គម្ពីរ​ដែល​រស់​នៅ​តំបន់​ជា​មួយ​គ្នា​ឲ្យ​ទាក់​ទង​គ្នា នោះ​បង​រ៉ាសិល​បាន​សុំ​អ្នក​ដែល​រៀប​ចំ​កិច្ច​ប្រជុំ​ឲ្យ​ប្រាប់​ការិយាល័យ​ប៉ម​យាម​អំពី​ទី​តាំង​នៃ​ការ​ប្រជុំ​របស់​ពួក​គេ។

  • ឆ្នាំ​១៨៩៥: ក្រុម​ជំនុំ​បាន​ត្រូវ​ណែនាំ​ឲ្យ​ជ្រើស​រើស​បង​ប្រុស​ៗ​ដែល​ជា​សមាជិក​ក្រុម​ជំនុំ​របស់​ពួក​គេ ឲ្យ​បម្រើ​ជា​អ្នក​ចាស់​ទុំ។

  • ឆ្នាំ​១៩១៩: ការិយាល័យ​សាខា​តែង​តាំង​អ្នក​ចាត់​ចែង​កិច្ច​បម្រើ​ក្នុង​ក្រុម​ជំនុំ​នានា។ ភារកិច្ច​របស់​គាត់​គឺ​រៀប​ចំ​កិច្ច​ផ្សព្វ​ផ្សាយ និង​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ។ អ្នក​ចាស់​ទុំ​ខ្លះ​ក្នុង​ក្រុម​ជំនុំ​មិន​បាន​គាំ​ទ្រ​របៀប​រៀប​ចំ​ដែល​ឲ្យ​មាន​អ្នក​ចាត់​ចែង​កិច្ច​បម្រើ​ទេ។

  • ឆ្នាំ​១៩៣២: ក្រុម​ជំនុំ​លែង​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ចាស់​ទុំ​រាល់​ឆ្នាំ​ទៀត។ ផ្ទុយ​ទៅ​វិញ ក្រុម​ជំនុំ​ជ្រើស​រើស​គណៈ​កម្មាធិការ​ខាង​កិច្ច​បម្រើ​ដែល​មាន​បង​ប្រុស​ៗ​ជា​អ្នក​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ដែល​ប្រព្រឹត្ត​សម​ស្រប​តាម​អត្ថន័យ​ឈ្មោះ​ថ្មី​របស់​យើង​ថា​សាក្សី​ព្រះ​យេហូវ៉ា។ ក្រុម​ជំនុំ​លើក​ឈ្មោះ​បង​ប្រុស​ម្នាក់​ពី​ចំណោម​គណៈ​កម្មាធិការ​ខាង​កិច្ច​បម្រើ ដើម្បី​សុំ​សមាគម​យើង​ឬ​ការិយាល័យ​សាខា​ឲ្យ​តែង​តាំង​គាត់​ជា​អ្នក​ចាត់​ចែង​កិច្ច​បម្រើ។

  • ឆ្នាំ​១៩៣៧: បង​ប្រុស​ៗ​ពី​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ​អាច​បម្រើ​ក្នុង​គណៈ​កម្មាធិការ​ខាង​កិច្ច​បម្រើ​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។

  • ឆ្នាំ​១៩៣៨: ក្រុម​ជំនុំ​យល់​ព្រម​នឹង​សេចក្ដី​សម្រេច ឲ្យ​បង​ប្រុស​គ្រប់​រូប​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ទទួល​មុខ​តំណែង​សម​ស្រប​តាម​របៀប​រៀប​ចំ​របស់​ព្រះ។ ចាប់​ពី​ពេល​នោះ​មក គ្មាន​ការ​បោះ​ឆ្នោត​តែង​តាំង​អ្នក​បម្រើ​ក្នុង​ក្រុម​ជំនុំ​ទៀត​ឡើយ។

ដើម្បី​រៀន​ថែម​ទៀត​អំពី​ការ​កែ​ប្រែ​សំខាន់​ៗ​ក្នុង​របៀប​រៀប​ចំ​របស់​អង្គ​ការ​យើង​កន្លង​មក សូម​មើល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​សាក្សី​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ(​Jehovah’s Witnesses—Proclaimers of God’s Kingdom​) ទំព័រ​២០៤​-​២៣៥។

ការបោះឆ្នោតជ្រើសរើសអ្នកចាស់ទុំដោយបងប្អូនក្នុងក្រុមជំនុំ នៅរវាងឆ្នាំ១៩២០និង១៩២៩

​«​យើង​ធ្លាប់​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ដោយ​លើក​ដៃ​ស្ដាំ។ បន្ទាប់​មក មាន​បង​ប្រុស​ម្នាក់​ដើរ​រាប់​អ្នក​ដែល​លើក​ដៃ​»​ (​បង​ស្រី​រ៉ូស ស្វីងងឹល នៅ​ក្រុង​ឈីខាកូ រដ្ឋ​អ៊ីលីណយ ស.រ.អ.​)។

​«​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​»​

១៦​. (​ក​) តើ​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី? (​ខ​) តើ​និស្សិត​គម្ពីរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ដំបូន្មាន​របស់​លោក​យេស៊ូ​ដែល​ឲ្យ‹ឃ្វាល​ហ្វូង​ចៀម›?

១៦ សូម្បី​តែ​នៅ​សម័យ​និស្សិត​គម្ពីរ ពួក​អ្នក​ចាស់​ទុំ​ក៏​បាន​យល់​ដែរ​ថា ពួក​គេ​មាន​ភារកិច្ច​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បម្រើ​ព្រះ​ជា​និច្ច។ (​សូម​អាន កាឡាទី ៦:១០​) នៅ​ឆ្នាំ​១៩០៨ អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​អំពី​ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។ (​យ៉ូន. ២១:១៥​-​១៧​) អត្ថបទ​នោះ​ណែនាំ​ពួក​អ្នក​ចាស់​ទុំ​ថា​៖ ​«​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ចាត់​ទុក​បង្គាប់​របស់​លោក​ម្ចាស់​ស្តី​អំពី​ចៀម​របស់​លោក ថា​ជា​បង្គាប់​ដ៏​សំខាន់​ណាស់ ហើយ​ថា​យើង​ចាត់​ទុក​កិច្ច​ការ​ថែ​រក្សា​អ្នក​កាន់​តាម​លោក​ម្ចាស់​ថា​ជា​ឯកសិទ្ធិ​ខ្ពង់​ខ្ពស់​»។ នៅ​ឆ្នាំ​១៩២៥ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ម្ដង​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ជា​គង្វាល។ អត្ថបទ​នោះ​រំលឹក​អ្នក​ចាស់​ទុំ​ថា​៖ ​«​ក្រុម​ជំនុំ​ជា​របស់​ព្រះ . . . ហើយ​អស់​អ្នក​ដែល​មាន​ឯកសិទ្ធិ​បម្រើ​បង​ប្អូន​រួម​ជំនឿ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​លោក​»។

១៧​. តើ​អ្នក​ត្រួត​ពិនិត្យ​បាន​ទទួល​ជំនួយ​អ្វី​ខ្លះ​ដើម្បី​ទៅ​ជា​គង្វាល​ល្អ?

១៧ តើ​តាម​របៀប​ណា​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​បង្កើន​សមត្ថភាព​ឃ្វាល​ហ្វូង​ចៀម​របស់​លោក ដោយ‹យក​ប្រាក់​មក​ជំនួស​ដែក›? គឺ​ដោយ​បង្ហាត់​បង្រៀន​ពួក​គេ។ នៅ​ឆ្នាំ​១៩៥៩ សាលា​កិច្ច​បម្រើ​រាជាណាចក្រ​សម្រាប់​ពួក​អ្នក​ត្រួត​ពិនិត្យ បាន​ត្រូវ​ធ្វើ​ឡើង​ជា​លើក​ដំបូង។ ផ្នែក​មួយ​នៃ​វគ្គ​សិក្សា​នោះ​បញ្ជាក់​ប្រធានបទ​«​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​ម្នាក់​ៗ​»។ បង​ប្រុស​ៗ​ដែល​រៀន​នៅ​ទី​នោះ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​«​ធ្វើ​កាល​វិភាគ​សម្រាប់​ទៅ​សួរ​សុខទុក្ខ​អ្នក​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​ពួក​គេ​»។ វគ្គ​សិក្សា​នោះ​ក៏​បាន​បញ្ជាក់​វិធី​ផ្សេង​ៗ​ដែល​គង្វាល​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ពេល​ដែល​ទៅ​ដល់​ផ្ទះ​របស់​ពួក​គេ​ដែរ។ នៅ​ឆ្នាំ​១៩៦៦ សាលា​កិច្ច​បម្រើ​រាជាណាចក្រ​ថ្មី​មួយ​បាន​ចាប់​ផ្ដើម។ នៅ​ទី​នោះ ពួក​គេ​បាន​រៀន​អំពី​ប្រធានបទ​«​សារៈសំខាន់​នៃ​ការ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​»។ តើ​អ្វី​ជា​ចំណុច​សំខាន់​នៃ​វគ្គ​សិក្សា​នោះ? បង​ប្អូន​ដែល​នាំ​មុខ​«​គួរ​រួម​ចំណែក​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ ហើយ​នៅ​ដំណាល​គ្នា​នោះ ពួក​គេ​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​ក្រុម​គ្រួសារ​របស់​ខ្លួន និង​កិច្ច​បម្រើ​ផ្សាយ​»។ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ មាន​សាលា​ឯ​ទៀត​សម្រាប់អ្នក​ចាស់​ទុំ។ តើ​ការ​បង្ហាត់​បង្រៀន​បន្ត​បន្ទាប់​នោះ​ដែល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ បាន​មាន​លទ្ធផល​យ៉ាង​ណា? សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​មាន​បង​ប្អូន​ប្រុស​ៗ​រាប់​ពាន់​នាក់​ដែល​បម្រើ​ជា​គង្វាល​ក្នុង​ក្រុម​ជំនុំ។

សាលាកិច្ចបម្រើរាជាណាចក្រនៅប្រទេសហ្វីលីពីន ឆ្នាំ១៩៦៦

សាលា​កិច្ច​បម្រើ​រាជាណាចក្រ​នៅ​ប្រទេស​ហ្វីលីពីន ឆ្នាំ​១៩៦៦

១៨​. (​ក​) តើ​អ្នក​ចាស់​ទុំ​បាន​ទទួល​ភារកិច្ច​ដ៏​ធ្ងន់​អ្វី? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង?

១៨ តាម​រយៈ​លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​យើង ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​មាន​ក្រុម​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ លោក​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​ដ៏​ធ្ងន់​មួយ។ តើ​ភារកិច្ច​នោះ​ជា​អ្វី? គឺ​ភារកិច្ច​ដឹក​នាំ​ចៀម​របស់​ព្រះ​ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ។ (​អេភ. ៤:១១, ១២; ២ធី. ៣:១​) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​យ៉ាង​ខ្លាំង​នូវ​អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង ពី​ព្រោះ​ពួក​គេ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា . . . ដោយ​ស្ម័គ្រ​ចិត្ត . . . ដោយ​ស្មោះ​អស់​ពី​ចិត្ត . . . ដោយ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​»។ (​១ពេ. ៥:២, ៣​) សូម​ពិចារណា​មូលហេតុ​ពីរ​យ៉ាង​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន ដែល​គង្វាល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត ជា​គំរូ​សម្រាប់​ហ្វូង​ចៀម​របស់​ព្រះ និង​មូលហេតុ​ដែល​ពួក​គេ​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​អំណរ​ក្នុង​ក្រុម​ជំនុំ។

​«​យើង​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង!​»​

ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​សាសនទូត​នៅ​ទ្វីប​អាស៊ី បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុម​ជំនុំ​មួយ​ដែល​មិន​បាន​រីក​ចម្រើន​អស់​ជា​ច្រើន​ឆ្នាំ​ហើយ។ ពួក​គេ​បាន​កត់​សម្គាល់​ថា បង​ប្អូន​នៅ​ក្រុម​ជំនុំ​នោះ​ស្រឡាញ់​គ្នា​មែន ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​អង្គ​ការ​យើង​ទេ។ ក្រោយ​ពី​ប្ដី​ប្រពន្ធ​ជា​សាសនទូត​នោះ​បាន​ទៅ​ជា​មិត្ត​ភក្ដិ​នឹង​អ្នក​ផ្សាយ​នៅ​ក្រុម​ជំនុំ នោះ​បង​ប្រុស​ដែល​ជា​សាសនទូត​បាន​តាំង​ចិត្ត​ជួយ​ក្រុម​ជំនុំ​បន្ដិច​ម្ដង​ៗ​ឲ្យ​ប្រព្រឹត្ត​ស្រប​តាម​របៀប​រៀប​ចំ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ក្នុង​អំឡុង​ពីរ​ឆ្នាំ ចំនួន​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​បាន​កើន​ឡើង​មួយ​ជា​ពីរ អ្នក​ថ្មី​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​មាន​ជាង​២០​នាក់​ទទួល​ការ​ជ្រមុជ​ទឹក។ ប្ដី​ប្រពន្ធ​នោះ​រៀប​រាប់​ថា​៖ ​«​យើង​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង! ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យើង​សន្ធឹក​ណាស់! បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​មាន​អំណរ​ដោយ​ឃើញ​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​អង្គ​ការ​ព្រះ​»។

របៀប​ដែល​អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​ឃ្វាល​ចៀម​របស់​ព្រះ

១៩​. តើ​យើង​គិត​យ៉ាង​ណា​អំពី​អ្នក​ចាស់​ទុំ​ដែល​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​យើង?

១៩ មូលហេតុ​ទី១ គឺ​អ្នក​ចាស់​ទុំ​រួម​បម្រើ​ជា​មួយ​នឹង​សមាជិក​ក្រុម​ជំនុំ។ លូកា​បាន​សរសេរ​អំពី​លោក​យេស៊ូ​ថា​៖ ​«​លោក​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ហើយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្សព្វ​ផ្សាយ​និង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ឯ​សាវ័ក​ទាំង​ដប់​ពីរ​នាក់​ក៏​នៅ​ជា​មួយ​នឹង​លោក​ដែរ​»។ (​លូក. ៨:១​) លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក។ ដូច​គ្នា​ដែរ អ្នក​ចាស់​ទុំ​ដែល​ជា​គំរូ​ល្អ ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ អ្នក​ចាស់​ទុំ​យល់​ថា ការ​ធ្វើ​ដូច្នេះ ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​បរិយាកាស​ល្អ។ តើ​សមាជិក​ក្រុម​ជំនុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ចាស់​ទុំ​បែប​នោះ? បង​ស្រី​ម្នាក់​ឈ្មោះ​ហ្សានីន ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់ ខ្ញុំ​មាន​ឱកាស​សន្ទនា​ជា​មួយ​នឹង​គាត់ និង​ស្គាល់​គាត់​ច្បាស់​ជាង​»។ បង​ប្រុស​ស្ទេវិន ដែល​មាន​អាយុ​ជាង​៣០​ឆ្នាំ​ប្រាប់​ថា​៖ ​«​ពេល​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ចង់​ជួយ​ខ្ញុំ។ ពេល​ខ្ញុំ​ទទួល​ជំនួយ​ពី​អ្នក​ចាស់​ទុំ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​»។

គង្វាលម្នាក់រកឃើញចៀមមួយដែលវង្វេងបាត់នៅពេលយប់ដែលមានភ្លៀងផ្គរ

ដូច​គង្វាល​ខំ​ស្វែងរក​ចៀម​ដែល​វង្វេង​បាត់ នោះ​អ្នក​ចាស់​ទុំ​ខំ​ប្រឹង​ស្វែងរក​បង​ប្អូន​ដែល​ឈប់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ

២០, ២១​. តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​គង្វាល​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍​មួយ។ (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​លទ្ធផល​ល្អ​ពី​ការ​ទៅ​សួរ​សុខទុក្ខ​រាល់​សប្ដាហ៍​»​)

២០ មូលហេតុ​ទី២ គឺ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​បង្ហាត់​បង្រៀន​អ្នក​ចាស់​ទុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ដែល​បាន​ឈប់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ។ (​ហេ. ១២:១២​) ហេតុ​អ្វី​អ្នក​ចាស់​ទុំ​គួរ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​មាន​ចំណង​មិត្តភាព​ខ្សោយ​ជា​មួយ​នឹង​ព្រះ ហើយ​តើ​ពួក​គេ​គួរ​ផ្ដល់​ជំនួយ​នោះ​តាម​របៀប​ណា? យើង​អាច​រក​ឃើញ​ចម្លើយ​ក្នុង​ឧទាហរណ៍​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​ស្តី​អំពី​គង្វាល​និង​ចៀម​ដែល​បាន​វង្វេង​បាត់។ (​សូមអាន លូកា ១៥:៤​-​៧​) ពេល​ដែល​គង្វាល​ក្នុង​ឧទាហរណ៍​នោះ​ដឹង​ថា​គាត់​បាត់​ចៀម​មួយ​ក្បាល គាត់​ខំ​ប្រឹង​ស្វែងរក​ចៀម​នោះ ហាក់​ដូច​ជា​គាត់​មាន​ចៀម​តែ​មួយ​ប៉ុណ្ណោះ។ នៅ​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​ធ្វើ​តាម​គំរូ​គង្វាល​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ? ចៀម​ដែល​បាន​វង្វេង​បាត់​នោះ នៅ​តែ​មាន​តម្លៃ​ចំពោះ​គង្វាល។ ដូច​គ្នា​ដែរ បង​ប្អូន​ដែល​ឈប់​ចូល​រួម​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ នៅ​តែ​មាន​តម្លៃ​ចំពោះ​អ្នក​ចាស់​ទុំ។ ពួក​គេ​ចាត់​ទុក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ខ្សោយ​ជា​មួយ​នឹង​ព្រះ​ថា​ជា​ចៀម​ដែល​វង្វេង​បាត់។ អ្នក​ចាស់​ទុំ​មិន​ចាត់​ទុក​ការ​ខំ​ជួយ​បង​ប្អូន​ទាំង​នោះ​ថា​ជា​ការ​ខាត​ពេល​ឥត​ប្រយោជន៍​ទេ។ ម្យ៉ាង​ទៀត គង្វាល​នោះ​បាន​សម្រេច​ចិត្ត​«​ទៅ​រក​ចៀម​ដែល​បាត់​នោះ​ទាល់​តែ​ឃើញ​»។ ដូច្នេះ​អ្នក​ចាស់​ទុំ​ចាត់​វិធានការ​ទៅ​រក​បង​ប្អូន​ដែល​ខ្សោយ​និង​ផ្ដល់​ជំនួយ​ដល់​ពួក​គេ មិន​មែន​ចាំ​ឲ្យ​បង​ប្អូន​ទាំង​នោះ​មក​រក​អ្នក​ចាស់​ទុំ​មុន​ទេ។

២១ តើ​គង្វាល​ក្នុង​ឧទាហរណ៍​នោះ​ធ្វើ​អ្វី​ក្រោយ​ពី​គាត់​បាន​រក​ចៀម​នោះ​ឃើញ​ហើយ? គាត់​លើក​ចៀម​នោះ​ថ្នម​ៗ​«​ដាក់​នៅ​លើក​»​ ហើយ​យក​ទៅ​ដាក់​ជា​មួយ​នឹង​ហ្វូង​វិញ។ ស្រដៀង​គ្នា​ដែរ ពេល​ដែល​អ្នក​ចាស់​ទុំ​បញ្ជាក់​ថា​គាត់​ខ្វល់​អំពី​បង​ប្អូន​ដែល​ខ្សោយ​នោះ សម្ដី​របស់​គាត់​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​នោះ ហើយ​ជួយ​ពួក​គេ​ឲ្យ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​វីកទឺរ នៅ​ទ្វីប​អាហ្វ្រិក។ បង​វីកទឺរ​បាន​ឈប់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ។ គាត់​ប្រាប់​ថា​៖ ​«​ក្នុង​អំឡុង​៨​ឆ្នាំ​ដែល​ខ្ញុំ​អសកម្ម​នោះ អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​»។ តើ​អ្វី​ដែល​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​គាត់? បង​វីកទឺរ ពន្យល់​ថា​៖ ​«​នៅ​ថ្ងៃ​មួយ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ចន ដែល​ធ្លាប់​ចូល​រួម​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​ជា​មួយ​នឹង​ខ្ញុំ បាន​ឆ្លៀត​មក​លេង​ខ្ញុំ ហើយ​បង្ហាញ​រូប​ថត​ដែល​គាត់​បាន​ថត​កាល​ដែល​យើង​រៀន​នៅ​សាលា​អ្នក​ត្រួស​ត្រាយ​នោះ។ ពេល​ដែល​ខ្ញុំ​មើល​រូប​ថត​ទាំង​នោះ ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញ​គ្រា​សប្បាយ​ជា​ច្រើន ហើយ​ចាប់​ផ្ដើម​ចង់​បាន​ឡើង​វិញ​នូវ​អំណរ​ដែល​ខ្ញុំ​ធ្លាប់​មាន​ពី​មុន កាល​ដែល​នៅ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឡើយ​»។ មិន​យូរ​ក្រោយ​ពី​បង​ចន​បាន​ទៅ​លេង​បង​វីកទឺរ នោះ​បង​វីកទឺរ​បាន​ត្រឡប់​ទៅ​ក្រុម​ជំនុំ​វិញ។ សព្វ​ថ្ងៃ​នេះ បង​វីកទឺរ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ម្ដង​ទៀត។ នេះ​បង្ហាញ​ច្បាស់​ថា អ្នក​ចាស់​ទុំ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ពិត​ជា​ជួយ​យើង​ឲ្យ​មាន​អំណរ។—២កូ. ១:២៤b

អ្នកចាស់ទុំពីរនាក់ទៅលេងបងប្រុសវ័យចាស់ម្នាក់ដែលអសកម្ម

លទ្ធផល​ល្អ​ពី​ការ​ទៅ​សួរ​សុខទុក្ខ​រាល់​សប្ដាហ៍

ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក មាន​ចិត្ត​ចង់​ជួយ​ចៀម​របស់​ព្រះ​ដែល​បាន​វង្វេង​បាត់។ ដូច្នេះ​ពួក​គេ​បាន​ពិចារណា​ថា ពួក​គេ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​អ្នក​ដែល​បាន​ឈប់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ។ ពួក​គេ​បាន​ឃើញ​ថា មាន​ប្រហែល​ជា​៣០​នាក់​ដែល​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​រាប់​សិប​ឆ្នាំ​មុន តែ​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​នៅ​ឡើយ។ បង​ប្អូន​ភាគ​ច្រើន​ក្នុង​ចំណោម​៣០​នាក់​នោះ គឺ​មាន​វ័យ​ចាស់​ហើយ។

អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អាលហ្វ្រេដូ បាន​ធ្វើ​បញ្ជី​ឈ្មោះ​បង​ប្អូន​ទាំង​នោះ ហើយ​ចាប់​ផ្ដើម​ទៅ​សួរ​សុខទុក្ខ​ពួក​គាត់។ បង​អាលហ្វ្រេដូ​រៀប​រាប់​ថា​៖ ​«​រៀង​រាល់​ថ្ងៃ​សុក្រ​ពេល​ព្រឹក ខ្ញុំ​ទៅ​ជួប​បង​ប្អូន​អសកម្ម​ម្នាក់​»។ ពេល​បង​ប្អូន​អសកម្ម​បើក​ទ្វារ បង​អាលហ្វ្រេដូ​ខំ​សន្ទនា​ជា​មួយ​នឹង​ពួក​គាត់​ដោយ​សម្រួល ហើយ​បញ្ជាក់​ថា​គាត់​ពិត​ជា​គិត​ពី​សុខទុក្ខ​របស់​ពួក​គាត់។ បង​អាលហ្វ្រេដូ​ក៏​ប្រាប់​ពួក​គាត់​ដែរ​ថា ក្រុម​ជំនុំ​មិន​បាន​ភ្លេច​កិច្ច​បម្រើ​ដ៏​ល្អ​ដែល​ពួក​គាត់​ធ្លាប់​បំពេញ​ដើម្បី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ទេ។ បង​អាលហ្វ្រេដូ​ប្រាប់​ថា​៖ ​«​មាន​ពេល​មួយ ខ្ញុំ​បាន​ប្រាប់​បង​ប្រុស​វ័យ​ចាស់​ម្នាក់​អំពី​ចំនួន​ម៉ោង​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ និង​ចំនួន​ទស្សនាវដ្ដី​ដែល​គាត់​បាន​ចែក ក្នុង​ខែ​ចុង​ក្រោយ​ដែល​គាត់​បាន​រាយ​ការណ៍​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ឆ្នាំ​១៩៧៦។ ក្រោយ​មក បង​ប្រុស​នោះ​ចាប់​ផ្ដើម​រលីង​រលោង​ទឹក​ភ្នែក​»។ ពេល​ដែល​បង​អាលហ្វ្រេដូ​ទៅ​សួរ​សុខទុក្ខ​បង​ប្អូន​អសកម្ម គាត់​ក៏​អាន​លូកា ១៥:៤​-​៧, ១០​ឲ្យ​ពួក​គាត់​ស្ដាប់ រួច​មក​គាត់​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្វី​កើត​ឡើង​ពេល​ចៀម​ដែល​ធ្លាប់​វង្វេង​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ? ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ទេវតា​អរ​សប្បាយ។ នោះ​ពិត​ជា​អស្ចារ្យ​ណាស់ មែន​ទេ?​»។

អស់​ពីរ​ឆ្នាំ​ហើយ​ដែល​បង​អាលហ្វ្រេដូ​បាន​ព្យាយាម​ទៅ​ជួប​បង​ប្អូន​អសកម្ម។ តើ​ការ​ខំ​ប្រឹង​យ៉ាង​អត់​ធ្មត់​នោះ​បាន​ទទួល​លទ្ធផល​យ៉ាង​ណា? បង​អាលហ្វ្រេដូ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ជួយ​បង​ប្រុស​ពីរ​នាក់​ឲ្យ​ចាប់​ផ្ដើម​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​ឡើង​វិញ។ ឥឡូវ​បង​ប្រុស​ទាំង​នោះ​ចូល​រួម​កិច្ច​ប្រជុំ​ថ្ងៃ​អាទិត្យ​ជា​ទៀត​ទាត់។ បង​អាលហ្វ្រេដូ​បាន​រៀប​រាប់​ប្រាប់​ទាំង​ញញឹម​ថា​៖ ​«​ពេល​ដែល​បង​ប្រុស​ទាំង​នោះ​បាន​ចូល​សាល​ប្រជុំ​លើក​ដំបូង គឺ​ខ្ញុំ​ទេ​ដែល​បាន​រលីង​រលោង​ទឹក​ភ្នែក​»។ បង​អាលហ្វ្រេដូ​បាន​និយាយ​បន្ថែម​ថា​៖ ​«​ទោះ​ជា​បង​ប្អូន​អសកម្ម​ទាំង​នោះ​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ទៅ​ជួប​ពួក​គាត់​នៅ​ថ្ងៃ​សុក្រ ពី​ព្រោះ​ពួក​គាត់​ប្រាប់​ខ្ញុំ​ថា ពួក​គាត់​ចូល​ចិត្ត​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច្នោះ​ដែរ!​»។

ការ​កែ​លម្អ​របៀប​រៀប​ចំ​សម្រាប់​ត្រួត​ពិនិត្យ​ជួយ​ពង្រឹង​សាមគ្គី​ភាព​នៃ​រាស្ត្រ​របស់​ព្រះ

២២​. តើ​សេចក្ដី​សុចរិត​និង​សេចក្ដី​សុខ​សាន្ត​ពង្រឹង​សាមគ្គី​ភាព​របស់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​យើង​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង!​»​)

២២ ដូច​យើង​បាន​រៀន​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា រាស្ត្រ​របស់​លោក​នឹង​មាន​សេចក្ដី​សុចរិត​និង​សេចក្ដី​សុខ​សាន្ត​កាន់​តែ​ច្រើន​ឡើង​ៗ។ (​អេ. ៦០:១៧​) គុណ​សម្បត្ដិ​ទាំង​ពីរ​នេះ​ជួយ​ពង្រឹង​សាមគ្គី​ភាព​នៃ​ក្រុម​ជំនុំ។ តើ​ពង្រឹង​សាមគ្គី​ភាព​យ៉ាង​ដូច​ម្ដេច? សេចក្ដី​សុចរិត​ពង្រឹង​សាមគ្គី​ភាព ដោយ​សារ​«​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១អង្គ​ទ្រង់​»។ (​ចោ. ៦:៤​) គោល​ការណ៍​សុចរិត​យុត្ដិធម៌​របស់​លោក មិន​ផ្លាស់​ប្ដូរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ គោល​ការណ៍​របស់​លោក​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​គឺ​តែ​មួយ ហើយ​គឺ​ដូច​គ្នា​ក្នុង​«​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​អ្នក​បរិសុទ្ធ​»។ (​១កូ. ១៤:៣៣​) ដូច្នេះ ក្រុម​ជំនុំ​អាច​រីក​ចម្រើន​បាន លុះ​ត្រា​តែ​សមាជិក​ក្រុម​ជំនុំ​អនុវត្ត​គោល​ការណ៍​របស់​ព្រះ។ ចំណែក​សេចក្ដី​សុខ​សាន្ត​និង​សន្ដិភាព​វិញ ស្តេច​របស់​យើង​មិន​គ្រាន់​តែ​ចង់​ឲ្យ​យើង​រីក​រាយ​នឹង​បរិយាកាស​ដ៏​សុខ​សាន្ត​និង​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ​ទេ តែ​ចង់​ឲ្យ​យើង​រួម​ចំណែក​«​ធ្វើ​ឲ្យ​មាន​សន្ដិភាព​»​ផង​ដែរ។ (​ម៉ាថ. ៥:៩​) ដូច្នេះ យើង​«​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​»។ បើ​យើង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ យើង​ទៅ​រក​ពួក​គេ​មុន ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ (​រ៉ូម ១៤:១៩​) ធ្វើ​ដូច្នេះ យើង​កំពុង​ជួយ​បង្កើន​សេចក្ដី​សុខ​សាន្ត​និង​ពង្រឹង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។—អេ. ៦០:១៨

២៣​. នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​រីក​រាយ​នឹង​អ្វី?

២៣ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៨៩៥ ពេល​ដែល​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប្រកាស​ជា​លើក​ដំបូង​អំពី​របៀប​រៀប​ចំ​សម្រាប់​អ្នក​ចាស់​ទុំ នោះ​បង​ប្អូន​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​អង្គ​ការ​យើង ក៏​បាន​បញ្ជាក់​អំពី​បំណង​ចិត្ត​របស់​ពួក​គេ​ដែរ។ តើ​ពួក​គេ​មាន​បំណង​ចិត្ត​អ្វី? ពួក​គេ​បាន​អធិដ្ឋាន​សុំ​ឲ្យ​របៀប​រៀប​ចំ​ថ្មី​នេះ​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​«​ឆាប់​មាន​សាមគ្គី​ភាព​ក្នុង​ជំនឿ​»។ ពេល​ដែល​យើង​ពិចារណា​អំពី​អតីតកាល យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​សម្រិត​សម្រាំង​បន្ដិច​ម្ដង​ៗ​នូវ​របៀប​រៀប​ចំ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ក្នុង​អង្គ​ការ​លោក ហើយ​លោក​បាន​ធ្វើ​ដូច្នេះ​តាម​រយៈ​ស្តេច​របស់​យើង។ យើង​ក៏​ឃើញ​ដែរ​ថា ការ​សម្រិត​សម្រាំង​ទាំង​នោះ​បាន​ពង្រឹង​សាមគ្គី​ភាព​របស់​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ចំណុច​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់! (​ទំនុក. ៩៩:៤​) លទ្ធផល​មក​ពី​ការ​សម្រិត​សម្រាំង​នោះ​គឺ យើង​ដែល​ជា​រាស្ត្រ​របស់​ព្រះ​នៅ​ទូ​ទាំង​ផែន​ដី​នា​សព្វ​ថ្ងៃ​នេះ រីក​រាយ​ជា​មួយ​គ្នា​ដោយ​មាន​«​ចិត្ត​គំនិត​តែ​មួយ​»​ ដើរ​តាម​«​លំ​អាន​ដាន​តែ​មួយ​»​ និង​បម្រើ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»​ដោយ​«​ព្រម​ចិត្ត​គ្នា​»។—២កូ. ១២:១៨; សូម​អាន សេផានា ៣:៩

a លទ្ធផល​ពី​ការ​ស្រាវ​ជ្រាវ​យ៉ាង​ស៊ី​ជម្រៅ​នោះ​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ជំនួយ​ដើម្បី​យល់​គម្ពីរ (​Aid to Bible Understanding​)

b សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​អ្នក​ចាស់​ទុំ‹ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​អំណរ›​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ ទំព័រ​២៧​-​៣១។

តើ​រាជាណាចក្រ​គឺ​ពិត​ប្រាកដ​យ៉ាង​ណា​ចំពោះ​អ្នក?

  • តើ​រាជាណាចក្រ​របស់​ព្រះ​បាន​កែ​លម្អ​អ្វី​ខ្លះ​ក្នុង​អង្គ​ការ​យើង?

  • តើ​តាម​របៀប​ណា​ការ​ផ្លាស់​ប្ដូរ​របៀប​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​បាន​ជួយ​អ្នក​ផ្ទាល់​ឲ្យ​បម្រើ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»​?

  • តើ​អ្នក​ចាស់​ទុំ​ធ្លាប់​និយាយ​និង​ប្រព្រឹត្ត​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​អ្នក​មាន​អំណរ​ថែម​ទៀត? សូម​ពន្យល់។

  • តើ​អ្នក​ផ្ទាល់​អាច​ជួយ​បង្កើន​សេចក្ដី​សុខ​សាន្ត​និង​ជួយ​ពង្រឹង​សាមគ្គី​ភាព​របស់​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

សមាជិកគណៈកម្មាធិការនៃគណៈអភិបាលនិងជំនួយការកំពុងប្រជុំពិភាក្សាគ្នា

របៀប​ដែល​គណៈ​អភិបាល​ចាត់​ចែង​កិច្ច​ការ​រាជាណាចក្រ

គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ជា​បុរស​មួយ​ក្រុម​ដែល​បម្រើ​ព្រះ​យេហូវ៉ា​និង​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ ពេល​ពួក​គាត់​ធ្វើ​ការ​ជា​ក្រុម នោះ​ពួក​គាត់​បំពេញ​តួនាទី​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ពួក​គាត់​មាន​ភារកិច្ច​ផ្ដល់​សេចក្ដី​បង្រៀន​និង​ការ​ណែនាំ ព្រម​ទាំង​ធ្វើ​ឲ្យ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ទូ​ទាំង​ពិភព​លោក​ជឿន​ទៅ​មុខ។—ម៉ាថ. ២៤:១៤, ៤៥​-​៤៧

រៀង​រាល់​សប្ដាហ៍ គណៈ​អភិបាល​ជួប​ជុំ​គ្នា។ តាម​ធម្មតា​កិច្ច​ប្រជុំ​នោះ​គឺ​នៅ​ថ្ងៃ​ពុធ។ ការ​ប្រជុំ​គ្នា​ជួយ​បង​ប្រុស​ៗ​ទាំង​នេះ​ឲ្យ​សហការ​គ្នា​ដោយ​សាមគ្គី​ភាព។ (​ទំនុក. ១៣៣:១​) គណៈ​អភិបាល​ក៏​បង្កើត​ជា​គណៈ​កម្មាធិការ​ផ្សេង​ៗ​ដែរ។ គណៈ​កម្មាធិការ​នីមួយ​ៗ​ត្រួត​ពិនិត្យ​ផ្នែក​មួយ​នៃ​កិច្ច​ការ​រាជាណាចក្រ។ ជា​បន្ត​បន្ទាប់​នេះ​ជា​ការ​សង្ខេប​នូវ​ភារកិច្ច​របស់​គណៈ​កម្មាធិការ​នីមួយ​ៗ។

  • បងប្រុសៗព្យាយាមចាត់ចែងដើម្បីផ្ដល់ជំនួយដល់បងប្អូនគ្រិស្តសាសនិក

    គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង

    បង​ប្រុស​ៗ​ដែល​បម្រើ​ក្នុង​គណៈកម្មាធិការ​នេះ ត្រួត​ពិនិត្យ​រឿង​ទាក់​ទង​នឹង​ផ្លូវ​ច្បាប់ ព្រម​ទាំង​ត្រួត​ពិនិត្យ​ទំនាក់​ទំនង​ផ្នែក​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ពេល​ត្រូវ​បញ្ជាក់​ការ​ពិត​អំពី​ជំនឿ​របស់​យើង។ ម្យ៉ាង​ទៀត ពួក​គាត់​ចាត់​ចែង​សកម្មភាព​ផ្ដល់​ជំនួយ​ពេល​មាន​គ្រោះ​មហន្តរាយ ពេល​មាន​ការ​បៀត​បៀន​ផ្ទុះ​ឡើង និង​ពេល​មាន​រឿង​អាសន្ន​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ណា​មួយ។

  • សមាជិកក្រុមគ្រួសារបេតអែលបំពេញកិច្ចការផ្សេងៗ

    គណៈ​កម្មាធិការ​ខាង​បុគ្គលិក

    គណៈ​កម្មាធិការ​នេះ​ត្រួត​ពិនិត្យ​របៀប​រៀប​ចំ​ផ្នែក​ការ​ថែ​រក្សា​និង​ផ្ដល់​ជំនួយ​ទាំង​ខាង​សម្ភារ​និង​ខាង​ការ​គោរព​ប្រណិប័តន៍​សម្រាប់​ក្រុម​គ្រួសារ​បេតអែល​ទូ​ទាំង​ពិភព​លោក។ គណៈ​កម្មាធិការ​នេះ​ក៏​ត្រួត​ពិនិត្យ​ដែរ​នូវ​ការ​ជ្រើស​រើស​និង​ការ​អញ្ជើញ​ឲ្យ​ចូល​ជា​សមាជិក​ថ្មី​នៃ​ក្រុម​គ្រួសារ​បេតអែល ថែម​ទាំង​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​កិច្ច​បម្រើ​នៅ​បេតអែល។

  • សមាជិកបេតអែលម្នាក់ជួយខាងផ្នែកបោះពុម្ពនិងដឹងជញ្ជូនសៀវភៅ

    គណៈ​កម្មាធិការ​ខាង​ការ​បោះ​ពុម្ព

    អ្នក​ដែល​បម្រើ​ក្នុង​គណៈ​កម្មាធិការ​នេះ​ត្រួត​ពិនិត្យ​ការ​បោះ​ពុម្ព​និង​ការ​ដឹក​ជញ្ជូន សៀវភៅ​អំពី​គម្ពីរ​នៅ​ទូ​ទាំង​ពិភព​លោក។ ពួក​គាត់​ក៏​ត្រួត​ពិនិត្យ​ដែរ​នូវ​រោង​ពុម្ព​របស់​សាក្សី​ព្រះ​យេហូវ៉ា និង​គម្រោង​សាងសង់​នានា​ទូ​ទាំង​ពិភព​លោក រួម​ទាំង​ការ​សាងសង់​សាល​ប្រជុំ។ ពួក​គាត់​ចាត់​ចែង​ការ​ចាយ​វាយ​នូវ​វិភាគ​ទាន​ដែល​បាន​ត្រូវ​ជូន​សម្រាប់​កិច្ច​ការ​រាជាណាចក្រ ដើម្បី​ប្រាកដ​ថា​ថវិកា​នោះ​ត្រូវ​ប្រើ​តាម​របៀប​ដែល​បាន​ប្រយោជន៍​ច្រើន​បំផុត។

  • បងប្រុសម្នាក់រៀបចំនិងស្រាវជ្រាវព័ត៌មានផ្សេងៗនៅតុធ្វើការ

    គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ

    បង​ប្រុស​ៗ​ទាំង​នេះ​ត្រួត​ពិនិត្យ​សកម្មភាព​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​ក្រុម​ជំនុំ​នានា អ្នក​ផ្សព្វ​ផ្សាយ អ្នក​ត្រួស​ត្រាយ អ្នក​ចាស់​ទុំ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​សាសនទូត។ ពួក​គាត់​ចាត់​ចែង​កិច្ច​ការ​ច្រើន​ណាស់ រួម​ទាំង​សកម្មភាព​របស់​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ។

  • បងប្រុសម្នាក់ថ្លែងសុន្ទរកថានៅវេទិកា

    គណៈ​កម្មាធិការ​ខាង​ការ​បង្រៀន

    គណៈ​កម្មាធិការ​នេះ​ត្រួត​ពិនិត្យ​ព័ត៌មាន​សម្រាប់​សន្និបាត មហា​សន្និបាត និង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ពួក​គាត់​ក៏​ត្រួត​ពិនិត្យ​ដែរ​នូវ​សាលា​គីលាត សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ និង​សាលា​ឯ​ទៀត។ ម្យ៉ាង​ទៀត គណៈ​កម្មាធិការ​នេះ​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​ឯកសារ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ និង​ថត​កម្ម​វិធី​វីដេអូ​និង​ការ​ថត​កម្ម​វិធី​សំឡេង។

  • សៀវភៅផ្សេងៗ រួមទាំងគេហទំព័រjw.org

    គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ

    បង​ប្រុស​ៗ​ដែល​បម្រើ​ក្នុង​គណៈ​កម្មាធិការ​នេះ ត្រួត​ពិនិត្យ​ការ​រៀប​ចំ​សេចក្ដី​បង្រៀន​តាម​រយៈ​សៀវភៅ​ឬ​ជា​ឯកសារ​អេឡិចត្រូនិក​សម្រាប់​បង​ប្អូន​រួម​ជំនឿ​និង​សាធារណជន។ គណៈ​កម្មាធិការ​នេះ​ក៏​ត្រួត​ពិនិត្យ​គេហទំព័រ​របស់​អង្គ​ការ​យើង ព្រម​ទាំង​ត្រួត​ពិនិត្យ​ការ​បក​ប្រែ​ទូ​ទាំង​ពិភព​លោក​ដែរ។ ម្យ៉ាង​ទៀត គណៈ​កម្មាធិការ​នេះ​តប​ឆ្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ស្តី​អំពី​អត្ថន័យ​បទ​គម្ពីរ​និង​ចំណុច​ផ្សេង​ៗ​ក្នុង​សៀវភៅ​របស់​យើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក