បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៧៨ ទំ. ១៨២-ទំ. ១៨៣ វ. ១
  • អ្នកបម្រើដ៏ស្មោះត្រង់អើយ ចូរត្រៀមខ្លួនជានិច្ច!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកបម្រើដ៏ស្មោះត្រង់អើយ ចូរត្រៀមខ្លួនជានិច្ច!
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រុងប្រៀបជាស្រេច!
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ចូរប្រើប្រាជ្ញាដើម្បីរៀបចំគម្រោងសម្រាប់អនាគត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • តើលោកអ្នកដឹងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • អ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៧៨ ទំ. ១៨២-ទំ. ១៨៣ វ. ១
បុរសពីរនាក់កាន់ចង្កៀងដែលឆេះ កាលដែលពួកគេចាំម្ចាស់ត្រឡប់មកវិញ

ជំពូក​ទី​៧៨

អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​អើយ ចូរ​ត្រៀម​ខ្លួន​ជា​និច្ច!

លូកា ១២:៣៥​-​៥៩

  • អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ចូរ​ត្រៀម​ខ្លួន​ជា​និច្ច

  • លោក​យេស៊ូ​មក​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា

លោក​យេស៊ូ​បាន​ពន្យល់​ថា​មាន​តែ​«​ហ្វូង​តូច​»​ប៉ុណ្ណោះ ដែល​នឹង​ទទួល​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (​លូកា ១២:៣២​) ប៉ុន្តែ ពួក​គាត់​មិន​ត្រូវ​មើល​ស្រាល​ចំពោះ​រង្វាន់​ដ៏​អស្ចារ្យ​នោះ​ទេ។ តាម​ពិត លោក​យេស៊ូ​បន្ត​បញ្ជាក់​ថា​បើ​បុគ្គល​ណា​ម្នាក់​ចង់​រួម​ចំណែក​ក្នុង​រាជាណាចក្រ​នោះ ជា​ការ​សំខាន់​ដែល​គាត់​ត្រូវ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។

រួច​មក លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​ឲ្យ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ពេល​ដែល​លោក​ត្រឡប់​មក​វិញ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចុក​ក្បិន ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ ព្រម​ទាំង​ធ្វើ​ឲ្យ​ដូច​ពួក​បុរស​ដែល​កំពុង​រង់​ចាំ​ម្ចាស់​របស់​ពួក​គេ​វិល​ត្រឡប់​មក​ពី​ពិធី​មង្គល​ការ ដើម្បី​ពួក​គេ​អាច​បើក​ទ្វារ​ជូន​លោក​ភ្លាម​ពេល​ដែល​លោក​មក​ដល់​ហើយ​គោះ​ទ្វារ។ ខ្ញុំ​បម្រើ​ណា​ដែល​ម្ចាស់​ឃើញ​ថា​កំពុង​ចាំ​យាម​ពេល​លោក​មក​ដល់ ខ្ញុំ​បម្រើ​ទាំង​នោះ​នឹង​មាន​សុភមង្គល!​»។—លូកា ១២:៣៥​-​៣៧

ពួក​អ្នក​កាន់​តាម​លោក​អាច​ងាយ​យល់​នូវ​ចិត្ត​គំនិត​របស់​ខ្ញុំ​បម្រើ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ។ លោក​បញ្ជាក់​ថា​ខ្ញុំ​បម្រើ​នោះ​បាន​ត្រៀម​ខ្លួន​រង់​ចាំ​ម្ចាស់​របស់​ពួក​គេ​វិល​ត្រឡប់​មក​វិញ។ រួច​លោក​ពន្យល់​ថា​៖ ​«​ទោះ​ជា[​ម្ចាស់​]មក​ដល់​នៅ​យាម​ទី​ពីរ[​ប្រហែល​ជា​ម៉ោង​៩​យប់​រហូត​ដល់​កណ្ដាល​អធ្រាត្រ​] ឬ​រហូត​ដល់​យាម​ទី​បី[​ប្រហែល​ជា​កណ្ដាល​អធ្រាត្រ​រហូត​ដល់​ម៉ោង​៣​ព្រឹក​]ក៏​ដោយ ហើយ​ឃើញ​ថា​ពួក​ខ្ញុំ​បម្រើ​កំពុង​ធ្វើ​ដូច្នោះ នោះ​ពួក​គេ​នឹង​មាន​សុភមង្គល!​»។—លូកា ១២:៣៨

យើង​អាច​ឃើញ​ច្បាស់​ថា នេះ​មិន​គ្រាន់​តែ​ជា​ឱវាទ​សម្រាប់​ដាស់​តឿន​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ដែល​ខ្នះ​ខ្នែង​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ តែ​លោក​យេស៊ូ​ដែល​ជា​កូន​មនុស្ស​ក៏​បាន​រៀប​រាប់​អំពី​ខ្លួន​លោក​ក្នុង​ឧទាហរណ៍​នេះ​ដែរ ដោយ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។ (​លូកា ១២:៤០​) នេះ​បញ្ជាក់​ថា លោក​យេស៊ូ​នឹង​មក​ក្នុង​ពេល​ណា​មួយ​នា​ថ្ងៃ​អនាគត។ ដូច្នេះ លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក ជា​ពិសេស​អ្នក​ដែល​ជា​«​ហ្វូង​តូច​»​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច។

ពេត្រុស​ចង់​យល់​ឲ្យ​បាន​ច្បាស់​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ ហេតុ​នេះ​គាត់​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​កំពុង​លើក​ឧទាហរណ៍​នេះ​សម្រាប់​យើង​តែ​ប៉ុណ្ណោះ ឬ​ក៏​សម្រាប់​ទាំង​អស់​គ្នា?​»។ ជា​ជាង​ឆ្លើយ​សំណួរ​ពេត្រុស​ចំ​ៗ លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​ឧទាហរណ៍​មួយ​ដែល​ទាក់​ទង​នឹង​រឿង​នោះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា ដែល​ម្ចាស់​នឹង​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​ពួក​អ្នក​បម្រើ​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​គ្រប់​គ្រាន់​តាម​ពេល​កំណត់? ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល​ហើយ! ប្រសិន​បើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​»។—លូកា ១២:៤១​-​៤៤

ក្នុង​ឧទាហរណ៍​មុន​នោះ ​«​ម្ចាស់​»​គឺ​សំដៅ​លើ​លោក​យេស៊ូ​ដែល​ជា​កូន​មនុស្ស។ ដូច្នេះ​ពិត​ជា​សម​ហេតុ​សម​ផល ដែល​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​ គឺ​សំដៅ​លើ​មនុស្ស​ខ្លះ​ដែល​មក​ពី​«​ហ្វូង​តូច​»។ ហ្វូង​តូច​នឹង​ទទួល​រាជាណាចក្រ​ព្រះ។ (​លូកា ១២:៣២​) បើ​និយាយ​ឲ្យ​ស្រួល​យល់ លោក​យេស៊ូ​ចង់​ប្រាប់​ថា មនុស្ស​ខ្លះ​ដែល​មក​ពី​ហ្វូង​តូច​នោះ​នឹង​ឲ្យ‹អាហារ​បរិភោគ​គ្រប់​គ្រាន់​តាម​ពេល​កំណត់›ដល់​«​ពួក​អ្នក​បម្រើ​របស់​លោក​»។ ហេតុ​នេះ ពេត្រុស​និង​អ្នក​កាន់​តាម​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ពី​លោក​យេស៊ូ អាច​សន្និដ្ឋាន​បាន​ថា​កូន​មនុស្ស​នឹង​មក​ក្នុង​អំឡុង​ពេល​ណា​មួយ​នា​អនាគត។ ម្យ៉ាង​ទៀត ពួក​គាត់​យល់​ថា នៅ​អំឡុង​ពេល​នោះ​នឹង​មាន​របៀប​រៀប​ចំ​រួច​ហើយ​សម្រាប់​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​អ្នក​កាន់​តាម​លោក​យេស៊ូ ពោល​គឺ​ដល់​«​ពួក​អ្នក​បម្រើ​»​របស់​ម្ចាស់។

ក្រោយ​មក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ម្ចាស់​ខ្ញុំ​កំពុង​បង្អង់​យូរ› រួច​ចាប់​ផ្ដើម​វាយ​ពួក​ខ្ញុំ​បម្រើ​ប្រុស​ស្រី ហើយ​ស៊ី​ផឹក​ស្រវឹង នោះ​ម្ចាស់​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹក​ស្មាន និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​នឹង​ដាក់​ទោស​គាត់​ធ្ងន់​បំផុត ក៏​រាប់​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​ឥត​ស្មោះ​ត្រង់​»។ (​លូកា ១២:៤៥, ៤៦​) លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​បញ្ជាក់​ចំណុច​មួយ​ទៀត​អំពី​មូលហេតុ​ដែល​អ្នក​កាន់​តាម​លោក​ត្រូវ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចិត្ត​គំនិត​របស់​ពួក​គាត់។ បើ​មិន​ដូច្នេះ​ទេ ពួក​គាត់​ប្រហែល​ជា​លែង​ប្រុង​ប្រយ័ត្ន ហើយ​រហូត​ដល់​ប្រឆាំង​បង​ប្អូន​រួម​ជំនឿ​ទៀត​ផង។

រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​លោក​មក​«​ដើម្បី​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ផែន​ដី​»។ លោក​ពិត​ជា​បាន​ធ្វើ​ដូច្នេះ​មែន ដោយ​លើក​រឿង​ដែល​នាំ​ឲ្យ​មាន​ការ​ជជែក​តវ៉ា​គ្នា​យ៉ាង​ខ្លាំង។ ជា​លទ្ធផល​នេះ​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ដែល​ជា​ការ​បំផ្លាញ​ចោល​នូវ​ទំនៀមទម្លាប់​និង​សេចក្ដី​បង្រៀន​មិន​ពិត។ ម្យ៉ាង​ទៀត នេះ​ថែម​ទាំង​ធ្វើ​ឲ្យ​បុគ្គល​ខ្លះ​ដែល​មនុស្ស​ប្រហែល​ជា​រំពឹង​ថា​មាន​សាមគ្គី​ភាព បែរ​ជា​ទាស់​ទែង​គ្នា​ទៅ​វិញ។ ជា​ឧទាហរណ៍​«​គឺ​ឪ​ពុក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪ​ពុក ម្ដាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្ដាយ ម្ដាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក​»។—លូកា ១២:៤៩, ៥៣

ជា​ពិសេស​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​រឿង​ទាំង​អស់​នេះ ដើម្បី​ជួយ​អ្នក​កាន់​តាម​លោក។ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន។ ពួក​គេ​ភាគ​ច្រើន​មាន​ចិត្ត​រឹង​ចចេស​មិន​ព្រម​ទទួល​ស្គាល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​ជា​មេស្ស៊ី​នោះ​ទេ។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​នៅ​ទិស​ខាង​លិច អ្នក​និយាយ​ភ្លាម​ថា​៖ ‹នឹង​មាន​ព្យុះ​ភ្លៀង› ហើយ​ក៏​កើត​មាន​ព្យុះ​ភ្លៀង​មែន។ ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ថា​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​អ្នក​និយាយ​ថា​៖ ‹នឹង​មាន​អាកាសធាតុ​ក្ដៅ› ហើយ​ក៏​កើត​ឡើង​មែន។ មនុស្ស​លាក់​ពុត! អ្នក​រាល់​គ្នា​ចេះ​សម្គាល់​លក្ខណៈ​នៃ​ផ្ទៃ​មេឃ និង​ផែន​ដី តែ​ហេតុ​អ្វី​បាន​ជា​មិន​ចេះ​ពិចារណា​អត្ថន័យ​នៃ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​គ្រា​នេះ?​»។ (​លូកា ១២:៥៤​-​៥៦​) នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​បាន​ត្រៀម​ខ្លួន​ទេ។

  • តើ​អ្នក​ណា​ជា​«​ម្ចាស់​»​ ហើយ​តើ​អ្នក​ណា​ជា​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​?

  • ហេតុ​អ្វី​ពួក​អ្នក​កាន់​តាម​លោក​អាច​ដឹង​ថា​នឹង​មាន​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​ថ្ងៃ​អនាគត ហើយ​តើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​មាន​តួនាទី​អ្វី?

  • ហេតុ​អ្វី​ឱវាទ​ដែល​លោក​យេស៊ូ​ឲ្យ​«​ត្រៀម​ខ្លួន​ជា​និច្ច​»​គឺ​សំខាន់​ម្ល៉េះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក