ជំពូកទី៨៧
ចូរប្រើប្រាជ្ញាដើម្បីរៀបចំគម្រោងសម្រាប់អនាគត
ឧទាហរណ៍អំពីអ្នកបម្រើទុច្ចរិត
ចូរប្រើទ្រព្យរបស់អ្នក«ប្រយោជន៍ឲ្យបានមិត្តភក្ដិ»
ឧទាហរណ៍របស់លោកយេស៊ូអំពីកូនដែលបានបាត់ គួរមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់ពួកអ្នកយកពន្ធ ពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ី ដែលកំពុងស្ដាប់លោក។ ពួកគេគួរយល់ថាព្រះសុខចិត្តអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្ត។ (លូកា ១៥:១-៧, ១១) ឥឡូវ លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោក ដោយលើកឧទាហរណ៍មួយទៀតអំពីបុរសអ្នកមានម្នាក់ដែលបានដឹងថាអ្នកចាត់ចែងកិច្ចការផ្ទះ ឬអ្នកបម្រើរបស់គាត់មិនបានប្រព្រឹត្តដោយត្រឹមត្រូវឡើយ។
លោកយេស៊ូរៀបរាប់ថាមានគេចោទប្រកាន់អ្នកបម្រើនោះថា គាត់កំពុងបង្ខាតទ្រព្យសម្បត្ដិរបស់ម្ចាស់។ ដូច្នេះ ម្ចាស់និយាយថាអ្នកបម្រើនោះនឹងត្រូវបណ្ដេញចោល។ ហេតុនេះ អ្នកបម្រើនោះប្រាប់ខ្លួនឯងថា៖ «ម្ចាស់ខ្ញុំលែងឲ្យខ្ញុំចាត់ចែងទៀតហើយ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាវិញ? ខ្ញុំមិនមានកម្លាំងល្មមនឹងជីកដីទេ ហើយបើដើរសុំទានគេ ខ្ញុំត្រូវខ្មាសគេដែរ»។ ដើម្បីរៀបចំសម្រាប់អនាគត គាត់និយាយថា៖ «ខ្ញុំដឹងអ្វីដែលខ្ញុំត្រូវធ្វើក្រោយពីគេឈប់ឲ្យខ្ញុំចាត់ចែងកិច្ចការហើយ ដើម្បីឲ្យមានគេនឹងទទួលខ្ញុំស្នាក់នៅផ្ទះរបស់ពួកគេ»។ ភ្លាមនោះ គាត់ហៅកូនបំណុលគ្រប់គ្នាដែលជំពាក់ម្ចាស់របស់គាត់មក ក៏សួរពួកគេម្នាក់ម្ដងថា៖ «តើអ្នកជំពាក់ម្ចាស់ខ្ញុំប៉ុន្មាន?»។—លូកា ១៦:៣-៥
កូនបំណុលទី១ឆ្លើយថា៖ «ប្រេងអូលីវមួយរយរង្វាល់»។ នេះមានទម្ងន់ប្រហែលជា២.២០០លីត្រ។ កូនបំណុលនោះទំនងជាមានចម្ការដើមអូលីវ ឬក៏គាត់ជាអ្នកជួញដូរប្រេងអូលីវ។ រួចមក អ្នកបម្រើប្រាប់គាត់ថា៖ «ចូរយកកិច្ចសន្យារបស់អ្នកទៅអង្គុយសរសេរហាសិបរង្វាល់[១.១០០លីត្រ]វិញជាប្រញាប់»។—លូកា ១៦:៦
បន្ទាប់មក អ្នកបម្រើនោះសួរកូនបំណុលម្នាក់ទៀតថា៖ «ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ?»។ អ្នកនោះឆ្លើយថា៖ «ស្រូវសាលីមួយរយរង្វាល់»។ នេះមានទម្ងន់ប្រហែលជា២២.០០០លីត្រ។ អ្នកបម្រើប្រាប់គាត់ថា៖ «ចូរយកកិច្ចសន្យារបស់អ្នកទៅសរសេរប៉ែតសិបរង្វាល់វិញ»។ ដូច្នេះ អ្នកបម្រើនោះបានកាត់បន្ថយបំណុលរបស់កូនបំណុលនោះ២០ភាគរយ។ ហេតុអ្វីគាត់មានសិទ្ធិធ្វើដូច្នេះ?—លូកា ១៦:៧
អ្នកបម្រើនោះនៅតែមើលការខុសត្រូវទ្រព្យរបស់ម្ចាស់នៅឡើយ ដូច្នេះគាត់នៅមានសិទ្ធិកាត់បន្ថយបំណុលរបស់កូនបំណុលដែលជំពាក់ម្ចាស់គាត់។ ដោយធ្វើដូច្នេះ គាត់មានមិត្តភក្ដិដែលអាចជួយគាត់នៅពេលគាត់បាត់បង់ការងារ។
នៅពេលមួយម្ចាស់ដឹងអំពីអ្វីដែលបានកើតឡើង។ ទោះជាអ្វីដែលខ្ញុំបម្រើនោះបានធ្វើ នាំឲ្យម្ចាស់ខាតបង់ក៏ដោយ តែម្ចាស់នោះកោតស្ងើចនឹងខ្ញុំបម្រើរបស់គាត់ ហើយសរសើរគាត់ ពីព្រោះ«ពិតមែនតែគាត់ទុច្ចរិត ប៉ុន្តែគាត់ប្រព្រឹត្តដោយប្រើប្រាជ្ញា»។ លោកយេស៊ូមានប្រសាសន៍បន្ថែមថា៖ «ក្នុងការប្រព្រឹត្តចំពោះមនុស្សជំនាន់របស់ខ្លួន មនុស្សខាងពិភពលោកនេះមានប្រាជ្ញាជាងមនុស្សក្នុងពន្លឺ»។—លូកា ១៦:៨
នេះមិនមានន័យថាលោកយេស៊ូកំពុងគាំទ្រការប្រព្រឹត្តរបស់ខ្ញុំបម្រើនោះ ឬក៏លោកកំពុងលើកទឹកចិត្តមនុស្សឲ្យធ្វើជំនួញដោយប្រើឧបាយកលឡើយ។ ដូច្នេះ តើលោកចង់មានន័យអ្វី? លោកដាស់តឿនអ្នកកាន់តាមលោកថា៖ «ចូរប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ប្រយោជន៍ឲ្យបានមិត្តភក្ដិ។ យ៉ាងនេះ ក្រោយពីទ្រព្យនោះសាបសូន្យទៅ មិត្តទាំងនោះនឹងទទួលអ្នកចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត»។ (លូកា ១៦:៩) ពិតណាស់ ប្រសាសន៍របស់លោកយេស៊ូមានមេរៀនអំពីការចេះគិតឲ្យបានវែងឆ្ងាយ និងការចេះប្រើប្រាជ្ញាដែលនាំឲ្យទទួលប្រយោជន៍។ ដូច្នេះ អ្នកបម្រើព្រះដែលប្រៀបដូចជា«មនុស្សក្នុងពន្លឺ» ត្រូវចាំជានិច្ចអំពីអនាគតជារៀងរហូត ដោយប្រើធនធានរបស់ពួកគេដោយប្រាជ្ញានៅឥឡូវនេះ។
មានតែព្រះយេហូវ៉ានិងបុត្ររបស់លោកប៉ុណ្ណោះដែលអាចទទួលអ្នកណាម្នាក់ឲ្យចូលក្នុងរាជាណាចក្រស្ថានសួគ៌ ឬឲ្យចូលក្នុងសួនឧទ្យាននៅផែនដីក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ។ ហេតុនេះ យើងគួរខំប្រឹងព្យាយាមយ៉ាងខ្លាំងដើម្បីបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ានិងបុត្ររបស់លោក ដោយប្រើធនធានដែលយើងមានក្នុងការគាំទ្រកិច្ចការរាជាណាចក្រ។ ដោយធ្វើដូច្នេះ យើងប្រាកដជានឹងទទួលជីវិតដែលគ្មានទីបញ្ចប់ នៅពេលដែលមាស ប្រាក់ និងវត្ថុទ្រព្យទាំងនោះសាបសូន្យទៅ។
បន្ថែមទៅទៀត លោកយេស៊ូមានប្រសាសន៍ថាអ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការរបស់ខ្លួន ហើយប្រើធនធានឬវត្ថុទ្រព្យដែលគាត់មានដើម្បីគាំទ្រកិច្ចការនោះ អ្នកនោះក៏នឹងស្មោះត្រង់ក្នុងកិច្ចការដែលសំខាន់ជាងដែរ។ លោកយេស៊ូបញ្ជាក់ថា៖ «ដូច្នេះ ប្រសិនបើអ្នកមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ តើអ្នកណានឹងផ្ញើទ្រព្យដ៏ពិតប្រាកដ[ដូចជាកិច្ចការរាជាណាចក្រ]ទុកនឹងអ្នករាល់គ្នា?»។—លូកា ១៦:១១
លោកយេស៊ូកំពុងបង្ហាញអ្នកកាន់តាមលោកថា ព្រះតម្រូវឲ្យពួកគេទទួលខុសត្រូវខ្ពស់ ទើបពួកគេអាចត្រូវអញ្ជើញឲ្យ«ចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត»។ បុគ្គលម្នាក់មិនអាចធ្វើជាអ្នកបម្រើពិតរបស់ព្រះផង និងទ្រព្យសម្បត្ដិរបស់ពិភពលោកផងបានឡើយ។ លោកយេស៊ូមានប្រសាសន៍បញ្ចប់ថា៖ «គ្មានអ្នកបម្រើក្នុងផ្ទះណាម្នាក់អាចធ្វើជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះគាត់នឹងស្អប់ម្ចាស់ម្នាក់និងស្រឡាញ់ម្ចាស់ម្នាក់ទៀត ឬនៅជាប់នឹងម្ចាស់ម្នាក់និងប្រមាថមើលងាយម្ចាស់ម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចជាខ្ញុំបម្រើរបស់ព្រះនិងទ្រព្យសម្បត្ដិបានឡើយ»។—លូកា ១៦:៩, ១៣