បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១០២ ទំ. ២៣៨-ទំ. ២៣៩ វ. ៩
  • ស្តេចជិះកូនលាចូលក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្តេចជិះកូនលាចូលក្រុងយេរូសាឡិម
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ព្រះគ្រីស្ទយាងចូលទៅក្នុងក្រុងយេរូសាឡិមដោយជ័យជំនះ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ‹ពេលកំណត់បានមកដល់ហើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ព្រះយេស៊ូវយាងមកជាស្ដេច
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • រំពឹងនឹកដល់ថ្ងៃជាន់ក្រោយបង្អស់របស់ព្រះយេស៊ូនៅលើផែនដី
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១០២ ទំ. ២៣៨-ទំ. ២៣៩ វ. ៩
កាលដែលលោកយេស៊ូជិះកូនលាចូលក្រុងយេរូសាឡិម បណ្ដាជនស្រែកហ៊ោទទួលស្វាគមន៍លោកជាស្តេច

ជំពូក​ទី​១០២

ស្តេច​ជិះ​កូន​លា​ចូល​ក្រុង​យេរូសាឡិម

ម៉ាថាយ ២១:១​-​១១, ១៤​-​១៧ ម៉ាកុស ១១:១​-​១១ លូកា ១៩:២៩​-​៤៤ យ៉ូហាន ១២:១២​-​១៩

  • លោក​យេស៊ូ​ចូល​ក្រុង​យេរូសាឡិម​ដោយ​មាន​សិរី​រុង​រឿង

  • ការ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម

នៅ​ថ្ងៃ​បន្ទាប់​ដែល​ជា​ថ្ងៃ​អាទិត្យ ទី​៩ ខែ​ណែសាន លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ចាក​ចេញ​ពី​ភូមិ​បេថានី រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ កាល​ដែល​ពួក​គាត់​ទៅ​ដល់​ភូមិ​បេតផាសេ​ដែល​នៅ​លើ​ភ្នំ​ដើម​អូលីវ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​ពីរ​នាក់ ដោយ​មាន​ប្រសាសន៍​ដូច​ត​ទៅ​ថា​៖

​«​ចូរ​ចូល​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុះ។ ពេល​ចូល​ទៅ​ភ្លាម អ្នក​នឹង​ឃើញ​សត្វ​លា​មួយ​ក្បាល​ដែល​គេ​បាន​ចង និង​កូន​វា។ ចូរ​ស្រាយ​ពួក​វា​រួច​ដឹក​មក​ឲ្យ​ខ្ញុំ។ ហើយ​បើ​អ្នក​ណា​សួរ អ្នក​ត្រូវ​ប្រាប់​ថា​៖ ‹លោក​ម្ចាស់​ត្រូវ​ការ​ពួក​វា›។ ពេល​ឮ​ដូច្នេះ អ្នក​នោះ​នឹង​ឲ្យ​ពួក​វា​មក​ភ្លាម​»។—ម៉ាថាយ ២១:២, ៣

ពួក​អ្នក​កាន់​តាម​មិន​បាន​ដឹង​ថា​ការ​ណែនាំ​របស់​លោក​យេស៊ូ​ជាប់​ទាក់​ទង​នឹង​ទំនាយ​ក្នុង​គម្ពីរ​ទេ។ ប៉ុន្តែ​ក្រោយ​មក ពួក​គាត់​បាន​យល់​ថា​ទំនាយ​របស់​សាការី​បាន​កើត​ឡើង​មែន។ សាការី​បាន​ប្រកាស​ទុក​ជា​មុន​ថា ស្តេច​ដែល​ព្រះ​បាន​សន្យា​នឹង​ចូល​ក្រុង​យេរូសាឡិម​ដោយ​«​សុភាព [​ហើយ​]ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា​»។—សាការី ៩:៩

ពេល​ដែល​ពួក​អ្នក​កាន់​តាម​មក​ដល់​ភូមិ​បេតផាសេ ហើយ​ស្រាយ​កូន​លា​ឈ្មោល​និង​មេ​របស់​វា មនុស្ស​ដែល​ឈរ​នៅ​ក្បែរ​នោះ​បាន​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ស្រាយ​លា​នោះ?​»។ (​ម៉ាកុស ១១:៥​) ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គេ​ឮ​ថា​សត្វ​លា​នោះ​គឺ​សម្រាប់​លោក​ម្ចាស់ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​យក​សត្វ​ទាំង​នោះ​ទៅ​ជូន​លោក។ ពួក​គាត់​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គាត់​លើ​មេ​លា​និង​កូន​លា​នោះ ប៉ុន្តែ​លោក​យេស៊ូ​ជិះ​កូន​លា​វិញ។

ក្រុម​មនុស្ស​មាន​កាន់​តែ​ច្រើន​កាល​ដែល​លោក​យេស៊ូ​ជិះ​កូន​លា​នោះ​ចូល​ក្រុង​យេរូសាឡិម។ មនុស្ស​ជា​ច្រើន​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​លើ​ផ្លូវ ហើយ​អ្នក​ឯ​ទៀត​កាត់​មែក​ឈើ ឬ​«​ធាង​លម៉ើ​ពី​វាល​»​មក​ក្រាល​នៅ​លើ​ផ្លូវ​ដែរ។ ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​សូម​មេត្ដា​សង្គ្រោះ! អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា មាន​ពរ​ហើយ! រាជាណាចក្រ​របស់​ដាវីឌ​ដែល​ជា​ឪ​ពុក​របស់​យើង មាន​ពរ​ហើយ​»។ (​ម៉ាកុស ១១:៨​-​១០​) ពួក​ផារិស៊ី​ដែល​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​បាន​ខឹង​ពេល​ដែល​ឮ​ការ​ប្រកាស​នោះ។ ពួក​គេ​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ សូម​ស្តី​បន្ទោស​ពួក​អ្នក​កាន់​តាម​លោក​»។ ប៉ុន្តែ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​នឹង​ស្រែក​ឡើង​»។—លូកា ១៩:៣៩, ៤០

កាល​ដែល​លោក​យេស៊ូ​មើល​ក្រុង​យេរូសាឡិម លោក​ចាប់​ផ្ដើម​យំ​សោក​អំពី​ក្រុង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រា​នេះ គួរ​ណាស់​តែ​អ្នក​បាន​ពិចារណា​យល់​អ្វី​ៗ​ដែល​នឹង​នាំ​ឲ្យ​អ្នក​មាន​សន្ដិ​ភាព ប៉ុន្តែ​ឥឡូវ​នេះ អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​លាក់​បាំង​ពី​ភ្នែក​អ្នក​ហើយ​»។ ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​ការ​មិន​ស្ដាប់​បង្គាប់​ដោយ​ចេតនា។ លោក​យេស៊ូ​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ពួក​សត្រូវ​របស់​អ្នក​នឹង​បោះ​របង​បង្គោល​សម្រួច​ចុង​នៅ​ជុំ​វិញ​អ្នក ក៏​នឹង​ឡោម​ព័ទ្ធ​ធ្វើ​ទុក្ខ​អ្នក​ពី​គ្រប់​ទិស​ទី ហើយ​ពួក​គេ​នឹង​បោះ​ទម្លាក់​អ្នក​ជា​មួយ​នឹង​កូន​ដែល​នៅ​ក្នុង​អ្នក​ទៅ​ដី ក៏​នឹង​មិន​ទុក​ឲ្យ​ថ្ម​ណា​នៅ​ក្នុង​អ្នក​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ទេ​»។ (​លូកា ១៩:៤២​-​៤៤​) ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៧០ គ.ស.។

ពេល​ដែល​លោក​យេស៊ូ​ចូល​ក្រុង​យេរូសាឡិម​«​អ្នក​ក្រុង​ទាំង​ឡាយ​បាន​រំជើប​រំជួល ក៏​បាន​សួរ​គ្នា​ថា​៖ ‹តើ​អ្នក​នេះ​ជា​នរណា?›​»។ បណ្ដា​ជន​បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​៖ ​«​នេះ​ជា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត នៅ​ស្រុក​កាលីឡេ! លោក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​សន្យា!​»។ (​ម៉ាថាយ ២១:១០, ១១​) ក្នុង​ចំណោម​ក្រុម​មនុស្ស មាន​ពួក​អ្នក​ដែល​បាន​ឃើញ​លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​បាន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អព្ភូតហេតុ​នោះ។ ពួក​ផារិស៊ី​បាន​រអ៊ូ​រទាំ​ថា​គម្រោង​ការ​របស់​ពួក​គេ​មិន​បាន​សម្រេច​សោះ។ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​បាន​ចេញ​ទៅ​តាម​អ្នក​នោះ​»។—យ៉ូហាន ១២:១៨, ១៩

តាម​ទម្លាប់​របស់​លោក​យេស៊ូ​ពេល​ដែល​លោក​ទៅ​ក្រុង​យេរូសាឡិម លោក​ទៅ​វិហារ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។ នៅ​ទី​នោះ លោក​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​មើល​ឃើញ​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ខ្វិន​ដើរ​បាន។ ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ឃើញ​អ្វី​ដែល​លោក​កំពុង​ធ្វើ ហើយ​ឮ​ក្មេង​ប្រុស​ៗ​កំពុង​ស្រែក​នៅ​វិហារ​ថា​៖ ​«​សូម​មេត្ដា​សង្គ្រោះ​បុត្រ​ដាវីឌ!​»​ នោះ​ពួក​គេ​បាន​ខឹង​យ៉ាង​ខ្លាំង។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​លោក​ឮ​អ្វី​ៗ​ដែល​ពួក​គេ​កំពុង​ស្រែក​ឬ​ទេ?​»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​សេចក្ដី​ដែល​ថា​៖ ‹លោក​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេង​តូច​ៗ​និង​ក្មេង​បៅ​ដោះ›ទេ​ឬ?​»។—ម៉ាថាយ ២១:១៥, ១៦

លោក​យេស៊ូ​សង្កេត​មើល​អ្វី​ៗ​ទាំង​អស់​ក្នុង​វិហារ។ រួច​នៅ​ពេល​ព្រលប់ លោក​និង​ពួក​សាវ័ក​បាន​ចាក​ចេញ​ពី​ទី​នោះ។ លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​បេថានី​វិញ​មុន​ថ្ងៃ​ទី​១០ ខែ​ណែសាន ហើយ​លោក​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​ថ្ងៃ​អាទិត្យ។

  • តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា​ដែល​លោក​យេស៊ូ​ចូល​ក្រុង​យេរូសាឡិម​ក្នុង​នាម​ជា​ស្តេច?

  • តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​លោក​មើល​ក្រុង​យេរូសាឡិម ហើយ​តើ​លោក​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី?

  • តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​លោក​យេស៊ូ​ទៅ​ឯ​វិហារ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក