បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១០ ទំ. ៥-១០
  • តើលោកអ្នកកំពុងតែបរិភោគនៅតុមួយណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកកំពុងតែបរិភោគនៅតុមួយណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជៀស​ចេញ​ពី«តុ​របស់​អារក្ស»
  • ‹អ្នក​បំរើ​ស្មោះ​ត្រង់›ផ្ដល់​ឲ្យ​អាហារ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា
  • ចូរ​ប្រយ័ត្ន​នឹង​អាហារ​បំពុល​នៅ​លើ​តុ​របស់​អារក្ស
  • មាន​តែ​តុ​របស់​ព្រះ​យេហូវ៉ា​នឹង​នៅ​គង់​វង់
  • បញ្ជី​អត្ថបទ
    ភ្ញាក់រឭក! ២០២៤
  • លោកយេស៊ូមានឫទ្ធានុភាពខ្លាំងជាងពួកវិញ្ញាណកំណាច
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • វិធីទប់ទល់នឹងទេវតាអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • សេចក្ដីពិតអំពីទេវតានិងពួកវិញ្ញាណកំណាច
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១០ ទំ. ៥-១០

តើ​លោក​អ្នក​កំពុង​តែ​បរិភោគ​នៅ​តុ​មួយ​ណា?

‹អ្នក​រាល់​គ្នា​ពុំ​អាច​បរិភោគ​នៅ«តុ​ព្រះ​យេហូវ៉ា» នឹង​តុ​របស់​អារក្ស​ផង​បាន​ទេ›។—កូរិនថូស​ទី​១ ១០:២១

១. តើ​មាន​តុ​ណា​ខ្លះ​ដែល​បាន​រៀបចំ​ឡើង​នៅ​ពី​មុខ​យើង ហើយ​សាវក​ប៉ុល​ផ្ដល់​ឲ្យ​សេចក្ដី​ព្រមាន​អ្វី​អំពី​តុ​ទាំង​នោះ?

ពាក្យ​របស់​សាវក​ប៉ុល​ទាំង​នេះ​ដែល​ញ៉ាំង​ដោយ​ព្រះ​វិញ្ញាណ បង្ហាញ​ថា​មាន​តុ​អត្ថបដិរូប​ពីរ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ពី​មុខ​មនុស្សជាតិ។ តុ​និមួយ​ៗ​អាច​សំគាល់​បាន​ដោយ​សារ​ប្រភេទ​នៃ​អាហារ​និមិត្តរូប ដែល​បាន​ដាក់​នៅ​លើ​នោះ ហើយ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​បរិភោគ បើ​មិន​នៅ​តុ​នេះ ក៏​នៅ​តុ​នោះ​ដែរ។ ក៏​ប៉ុន្តែ បើ​សិន​ជា​យើង​ប្រាថ្នា​ចង់​ឲ្យ​ព្រះ​គាប់​ព្រះ​ហឫទ័យ​នោះ យើង​មិន​អាច​បរិភោគ​នៅ​តុ​របស់​ទ្រង់ ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ បរិភោគ​ច្បិច​ៗ​នៅ​តុ​របស់​អារក្ស​បាន​ទេ។ សាវក​ប៉ុល​បាន​ព្រមាន​ថា៖ «ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្ដី​ប្រកប​នឹង​អារក្ស​ឡើយ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះ​អម្ចាស់ នឹង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះ​អម្ចាស់ នឹង​តុ​របស់​អារក្ស​ផង​បាន​ដែរ»។—កូរិនថូស​ទី​១ ១០:២០, ២១

២. (ក) តើ​អ្វី​ជា​តុ​របស់​ព្រះ​យេហូវ៉ា​នៅ​ជំនាន់​បុរាណ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​តើ​អ្នក​ណា​ខ្លះ​មាន​ចំណែក​ក្នុង​យញ្ញ​បូជា​តង្វាយ​នៃ​មេត្រី​នោះ? (ខ) តើ​ការ​ទទួល​ទាន​ពី​តុ​នៃ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ មាន​ន័យ​យ៉ាង​ណា?

២ ពាក្យ​របស់​ប៉ុល​រំឭក​យើង​អំពី​យញ្ញ​បូជា​នៃ​តង្វាយ​មេត្រី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ថ្វាយ នៅ​ក្រោម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ អាស​នា​របស់​ព្រះ​ត្រូវ​គេ​ហៅ​ថា​តុ ហើយ​អ្នកដែល​យក​សត្វ​មក​បូជា​នោះ ត្រូវ​គេ​និយាយ​ថា​មាន​ចំណែក​មេត្រី​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ពួក​សង្ឃ​របស់​ទ្រង់។ តើ​តាម​របៀប​ណា? ទី​មួយ ព្រះ​យេហូវ៉ា​បាន​មាន​ចំណែក​ក្នុង​យញ្ញ​បូជា​នោះ​ដែរ ពី​ព្រោះ​ឈាម​ត្រូវ​បាន​គេ​ប្រោះ​ទៅ​លើ​អាស​នា​របស់​ទ្រង់ ហើយ​ខ្លាញ់​ក៏​ត្រូវ​អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ពី​ក្រោម។ ទី​ពីរ សង្ឃ​ក៏​មាន​ចំណែក​ក្នុង​នោះ​ដែរ ដោយ​គាត់ (និង​គ្រួសារ​របស់​គាត់) បាន​បរិភោគ​សាច់​អាំង​នៅ​ដើម​ទ្រូង​និង​ជើង​ខាង​ស្ដាំ​នៃ​សត្វ​បូជា​នោះ។ ហើយ​ទី​បី អ្នក​ថ្វាយ​នោះ​មាន​ចំណែក ដោយ​បរិភោគ​អ្វី​ដែល​នៅ​សល់​នៃ​សត្វ​នោះ។ (លេវីវិន័យ ៧:១១​-​៣៦) សព្វ​ថ្ងៃ​នេះ ការ​ទទួល​ទាន​នៅ​តុ​របស់​ព្រះ​យេហូវ៉ា មាន​ន័យ​ថា យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ទ្រង់​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ដូច​ជា​ព្រះ​យេស៊ូ​វ​និង​ពួក​សាវក​របស់​ទ្រង់​បាន​បង្ហាញ​ជា​គំរូ​ឲ្យ​ឃើញ​ជាក់។ ដើម្បី​ធ្វើ​ការ​នេះ​បាន យើង​ត្រូវ​តែ​បរិភោគ​ខាង​វិញ្ញាណ​ពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​មក តាម​រយៈ​ព្រះ​បន្ទូល​និង​អង្គការ​របស់​ទ្រង់។ ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​មេត្រី​ដ៏​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា​នៅ​ឯ​តុ​របស់​ទ្រង់ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ថ្វាយ​យញ្ញ​បូជា​ទៅ​ពួក​អារក្ស​នៅ​ឯ​តុ​របស់​ពួក​វា​ឡើយ។ នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​និង​ពួក​ចៀម​ឯ​ទៀត ដែល​ជា​សហការី​របស់​គេ ក៏​នៅ​ក្រោម​ការ​ហាមឃាត់​ពី​ព្រះ​ដូច​នោះ​ដែរ។

៣. នៅ​សម័យ​យើង​នេះ តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​អាច​ទៅ​ជា​មាន​ទោស​ក្នុង​ការ​ទទួល​ទាន​ពី​តុ​របស់​អារក្ស?

៣ នៅ​សម័យ​យើង​នេះ តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​អាច​ទៅ​ជា​មាន​ទោស​ក្នុង​ការ​ទទួល​ទាន​ពី​តុ​របស់​អារក្ស​នោះ? ដោយ​លើក​ផ្សព្វ​ផ្សាយ​អ្វី​ៗ​ដែល​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ តុ​របស់​អារក្ស​រាប់​បញ្ចូល​ទាំង​ឃោសនា​ការ​ទាំង​អស់​របស់​អារក្ស ដែល​វា​រាច​នា​ឡើង​ដើម្បី​បំភាន់​និង​បំបែរ​មនុស្ស​ឲ្យ​ចេញ​ពី​ព្រះ​យេហូវ៉ា។ តើ​អ្នក​ណា​នឹង​ចង់​បំប៉ន​ចិត្ត​និង​គំនិត​របស់​ខ្លួន​នឹង​ជាតិ​ពុល​បែប​នេះ? នៅ​សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​ពិត​មិន​ព្រម​ចូល​រួម​ដាច់​ខាត​ក្នុង​យញ្ញ​បូជា​ដែល​មនុស្ស​ភាគ​ច្រើន កំពុង​តែ​ថ្វាយ​ទៅ​ព្រះ​នៃ​សង្គ្រាម​និង​ព្រះ​នៃ​ភោគ​ទ្រព្យ។—ម៉ាថាយ ៦:២៤

ជៀស​ចេញ​ពី«តុ​របស់​អារក្ស»

៤. តើ​សំនួរ​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ប្រឈម​មុខ ហើយ​ហេតុ​អ្វី​ក៏​យើង​មិន​ចង់​ទទួល​ទាន​ពី​តុ​របស់​អារក្ស​ដោយ​ចេតនា​នោះ?

៤ សំនួរ​ដែល​យើង​ទាំង​អស់​គ្នា​ប្រឈម​មុខ​គឺ​ថា តើ​ខ្ញុំ​កំពុង​តែ​បរិភោគ​នៅ​តុ​មួយ​ណា? យើង​មិន​អាច​គេច​ផុត​ពី​ហេតុ​ដែល​ថា​យើង​ត្រូវ​បរិភោគ បើ​មិន​តុ​នេះ ឬ​តុ​នោះ​បាន​ឡើយ។ (ប្រៀប​ធៀប ម៉ាថាយ ១២:៣០) យើង​នឹង​មិន​ចង់​ទទួល​ទាន​ពី​តុ​របស់​អារក្ស​ដោយ​ចេតនា​ទេ។ ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​នូវ​សេចក្ដី​អនុគ្រោះ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ពិត​តែ​មួយ​ដែល​មាន​ព្រះ​ជន្ម​រស់។ ម្យ៉ាង​វិញ​ទៀត ការ​ទទួល​ទាន​តែ​អាហារ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា នឹង​នាំ​ឲ្យ​យើង​បាន​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​ដោយ​សុភមង្គល! (យ៉ូហាន ១៧:៣) សុភាសិត​មួយ​ចែង​ថា សុខភាព​របស់​បុគ្គល​ម្នាក់​គឺ​ស្រេច​ទៅ​លើ​អ្វី​ដែល​គាត់​បរិភោគ។ ដូច្នេះ​ហើយ អ្នក​ណា​ដែល​ចង់​រក្សា​សុខភាព​ខាង​កាយ​និង​ខាង​ផ្លូវ​ចិត្ត​របស់​គេ​ឲ្យ​បាន​ល្អ គឺ​ត្រូវ​តែ​ចេះ​ស្ងួន​ចំណី។ ដូច​ចំណី​ដែល​គ្មាន​គុណ​ភាព​ល្អ​ហើយ​សុទ្ធ​តែ​ខ្លាញ់ ដែល​គេ​បាន​រៀបចំ​ឡើង​ដោយ​បន្ថែម​គ្រឿង​គីមី ថ្វី​បើ​មាន​រស​ជាតិ​ក្ដី ក៏​មិន​ផ្ដល់​ឲ្យ​កាយ​របស់​យើង​មាន​សុខភាព​ល្អ​យឺន​យូរ​ខាង​ឡើយ។ ឃោសនា​ការ​នៃ​លោកីយ៍​នេះ​ដែល​លាយ​ឡំ​នឹង​គំនិត​របស់​អារក្ស ក៏​ដូច​ជា​ចំណី​ដែល​គ្មាន​គុណ​ភាព​ល្អ​នោះ​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​គំនិត​យើង​ទៅ​ជា​ពុក​រលួយ។

៥. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ទទួល​យក​សេចក្ដី​បង្រៀន​របស់​អារក្ស​បាន​យ៉ាង​ដូច​ម្ដេច?

៥ សាវក​ប៉ុល​បាន​ទាយ​ទុក​ជា​មុន​ថា នៅ​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ មនុស្ស​នឹង​ត្រូវ​នាំ​ឲ្យ​វង្វេង​ដោយ​សារ​តែ«សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស»។ (ធីម៉ូថេ​ទី​១ ៤:១) សេចក្ដី​បង្រៀន​របស់​អារក្ស​បែប​នេះ មិន​ត្រឹម​តែ​រក​ឃើញ​នៅ​ក្នុង​សេចក្ដី​បង្រៀន​នៃ​សាសនា​មិន​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ផ្សាយ​ទូទៅ​តាម​វិធី​ផ្សេង​ៗ​ទៀត​ដែរ។ ជា​ឧទាហរណ៍ យើង​ត្រូវ​តែ​វែក​ញែក និង​ថ្លឹង​ថ្លែង​មើល​សៀវភៅ ឬ​ទស្សនាវដ្ដី​ដែល​យើង​ត្រូវ​អាន កម្ម​វិធី​ទូរទស្សន៍ ល្ខោន​និង​កុន​ដែល​យើង​ត្រូវ​មើល។ (សុភាសិត ១៤:១៥) បើ​សិន​ជា​យើង​អាន​រឿង​ប្រឌិត​ដើម្បី​ជា​ការ​លំហែ​ចិត្ត​កាយ តើ​វា​លើក​សម្ដែង​ភាព​ឃោរ​ឃៅ​ដែល​ឥត​សម​ហេតុ​ផល កាម​ឥត​វិន័យ ឬ​ការ​កាន់​រហស្ស​វិទ្យា​សាស្ត្រ​ទេ? បើ​សិន​ជា​យើង​អាន​រឿង​ឥត​ប្រឌិត ដើម្បី​ឲ្យ​បាន​ចេះ​ដឹង​នោះ តើ​វា​លើក​បរិយាយ​ទស្សនវិជ្ជា ឬ​ជីវភាព​រស់​នៅ​ដែល«មិន​មែន​តាម​ព្រះ​គ្រីស្ទ»ទេ? (កូល៉ុស ២:៨) តើ​មាន​ទ្រឹស្តី​ដ៏​ឥត​ន័យ​ទេ? ឬ​តើ​មាន​ការ​លើក​គាំទ្រ​ការ​ចូល​រួប​រួម​នឹង​ចលនា​នៃ​សង្គម​លោកីយ៍​នេះ​ទេ? តើ​វា​ជំរុញ​ចិត្ត​ឲ្យ​ប្ដេជ្ញា​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ​ទេ? (ធីម៉ូថេ​ទី​១ ៦:៩) តើ​វា​ជា​ប្រកាសនវត្ថុ ដែល​ប៉ិន​សម្ដែង​នូវ​សេចក្ដី​បង្រៀន​ដែល​ធ្វើ​ឲ្យ​បែក​បាក់​គ្នា ដែល​មិន​ដូច​ព្រះ​គ្រីស្ទ​ឬ? បើ​យើង​ឆ្លើយ​ថា មាន​មែន ហើយ​នៅ​តែ​អាន​ឬ​មើល​ពត៌មាន​បែប​នោះ​ទៀត យើង​ប្រថុយ​ខ្លួន​បរិភោគ​នៅ​តុ​របស់​អារក្ស​ហើយ។ នៅ​សព្វ​ថ្ងៃ​នេះ មាន​ប្រកាសនវត្ថុ​រាប់​ពាន់​ក្បាល​ដែល​លើក​ផ្សព្វ​ផ្សាយ​ទស្សនវិជ្ជា​ខាង​លោកីយ៍​នេះ ដែល​ហាក់​បី​ដូច​ជា​គ្រឿង​បំភ្លឺ ហើយ​ដែល​គេ​និយម​ជាទូទៅ​ផង។ (សាស្ដា ១២:១២) ប៉ុន្តែ​ឃោសនា​ការ​ទាំង​អស់​នេះ​មិន​មែន​ជា​អ្វី​ថ្មី​ទេ ហើយ​ក៏​មិន​ផ្ដល់​ប្រយោជន៍​និង​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​បាន​ប្រសើរ​ឡើយ គឺ​ដូច​ជា​អ្វី​ៗ​ដែល​សាតាំង​បាន​និយាយ​យ៉ាង​ប្រសប់​ទៅ​នាង​អេវ៉ា​ដែរ ដែល​មិន​បាន​ធ្វើ​ឲ្យ​នាង​បាន​ប្រសើរ​ឡើយ។—កូរិនថូស​ទី​២ ១១:៣

៦. នៅ​ពេល​ដែល​សាតាំង​អញ្ជើញ​យើង​ឲ្យ​ភ្លក់​ចំណី​ដែល​គ្មាន​គុណ​ភាព​របស់​វា តើ​យើង​ត្រូវ​តប​ឆ្លើយ​យ៉ាង​ណា?

៦ ដូច្នេះ​ហើយ នៅ​ពេល​ដែល​សាតាំង​អញ្ជើញ​យើង​ឲ្យ​ភ្លក់​ចំណី​ដែល​គ្មាន​គុណ​ភាព​ល្អ​របស់​វា តើ​យើង​ត្រូវ​តប​ឆ្លើយ​យ៉ាង​ណា? គឺ​ត្រូវ​តប​ឆ្លើយ​ដូច​ព្រះ​យេស៊ូ​វ​ដែរ កាល​ដែល​សាតាំង​បាន​ល្បួង​ទ្រង់​ឲ្យ​ធ្វើ​ដុំ​ថ្ម​ទៅ​ជា​នំ​ប៉័ង ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ឆ្លើយ​ថា៖ «មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ ‹មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ› »។ ហើយ​នៅ​ពេល​ដែល​អារក្ស​ប្រគល់​ឲ្យ​ព្រះ​យេស៊ូ​វ«អស់​ទាំង​នគរ​ក្នុង​លោ​កី​យ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ» បើ​សិន​ជា​ទ្រង់​នឹង​ក្រាប​ថ្វាយ​បង្គំ​វា​នោះ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​តប​ថា៖ «នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ› »។—ម៉ាថាយ ៤:៣, ៤, ៨​-​១០

៧. ហេតុ​អ្វី​ក៏​យើង​បញ្ឆោត​ខ្លួន​ឯង បើ​សិន​ជា​យើង​គិត​ថា យើង​អាច​បរិភោគ​នៅ​តុ​ទាំង​ពីរ គឺ​តុ​របស់​ព្រះ​យេហូវ៉ា និង​តុ​របស់​អារក្ស​បាន​ដោយ​ជោគ​ជ័យ​នោះ?

៧ តុ​របស់​ព្រះ​យេហូវ៉ា​និង​តុ​ដែល​បាន​ក្រាល​ដោយ​អារក្ស​ជា​សត្រូវ​របស់​ទ្រង់ មិន​អាច​ស្រុះ​ស្រួល​នឹង​គ្នា​បាន​ឡើយ! ហ្នឹង​ហើយ ការ​នេះ​បាន​សាក​ល្បង​ពី​មុន​រួច​មក​ហើយ។ សូម​នឹក​ឃើញ​ឡើង​វិញ​អំពី​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ​នៅ​ជំនាន់​ហោរា​អេលីយ៉ា។ ប្រជាជន​បាន​អះអាង​ថា​គេ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ប៉ុន្តែ​ពួក​គេ​បាន​ជឿ​ថា ព្រះ​ឯ​ទៀត ដូច​ជា​ព្រះ​បាល​បាន​សន្យា​ឲ្យ​ភាព​រុង​រឿង។ អេលីយ៉ា​ក៏​ចូល​ទៅ​ឯ​ប្រជាជន ហើយ​បាន​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់​ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ​បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្ដិ​តាម​ចុះ»។ យ៉ាង​ច្បាស់​ណាស់ ជន​ជាតិ​អ៊ីស្រាអែល​កំពុង​តែ​ដើរ​ខ្ចក​ៗ«ជា​ដំបូង​នឹង​ជើង​ម្ខាង ក្រោយ​មក​នឹង​ជើង​ម្ខាង​ទៀត»។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:២១; ព្រះ​គម្ពីរ​យេរូសាឡិម) អេលីយ៉ា​បាន​ប្រកួត​ប្រជែង​នឹង​ពួក​សង្ឃ​នៃ​ព្រះ​បាល ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាព​ជា​ព្រះ​នៃ​ព្រះ​របស់​គេ​រៀង​ៗ​ខ្លួន។ គឺ​ថា​ព្រះ​ណា​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ពី​មេឃ​មក​បញ្ឆេះ​យញ្ញ​បូជា​នេះ នោះ​នឹង​បង្ហាញ​ថា​ជា​ព្រះ​ពិត។ ថ្វី​បើ​ពួក​សង្ឃ​នៃ​ព្រះ​បាល​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ពុំ​បាន​ជោគ​ជ័យ​សោះ។ ក្រោយ​មក អេលីយ៉ា​គ្រាន់​តែ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ស្ដាប់​ទូល​បង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ ដែល​ជា​ព្រះ[ពិត]»។ មួយ​រំពេច​នោះ ភ្លើង​នៃ​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ ហើយ​បញ្ឆេះ​យញ្ញ​បូជា​សត្វ​ដែល​ទទឹក​ជោក​នោះ​អស់​ទៅ។ ដោយ​ព្រោះ​តែ​ការ​សម្ដែង​ឲ្យ​ឃើញ​នូវ​ភាព​ជា​ព្រះ​នៃ​ព្រះ​យេហូវ៉ា ពួក​ប្រជាជន​ក៏​បាន​គោរព​តាម​អេលីយ៉ា ហើយ​បាន​សម្លាប់​ពួក​ហោរា​នៃ​ព្រះ​បាល​ទាំង​៤៥០​នាក់​អស់​ទៅ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:២៤​-​៤០) ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា គឺ​ជា​ព្រះ​ពិត ហើយ​ត្រូវ​តែ​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់​ដោយ​មិន​រួញ​រា ប្រសិន​ជា​យើង​មិន​ទាន់​បាន​ធ្វើ​ការ​នេះ​នៅ​ឡើយ។

‹អ្នក​បំរើ​ស្មោះ​ត្រង់›ផ្ដល់​ឲ្យ​អាហារ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា

៨. តើ​អ្នក​បំរើ​មួយ​ណា​ដែល​ព្រះ​យេស៊ូ​វ​បាន​ទាយ​មក​ថា ទ្រង់​នឹង​ប្រើ​ឲ្យ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដល់​ពួក​សិស្ស​របស់​ទ្រង់​នៅ​ក្នុង​កំឡុង​វត្តមាន​របស់​ទ្រង់ ហើយ​តើ​អ្នក​បំរើ​នោះ​ជា​អ្នក​ណា?

៨ ព្រះ​អម្ចាស់​ព្រះ​យេស៊ូ​វ​គ្រីស្ទ​បាន​ទាយ​មក​ថា នៅ​កំឡុង​វត្តមាន​របស់​ទ្រង់ «អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ» នឹង​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់។ «បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ[សប្បាយ,ពថ]ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (ម៉ាថាយ ២៤:៤៥​-​៤៧) អ្នក​បំរើ​នេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​ថា មិន​មែន​ជា​បុគ្គល​ម្នាក់​ទេ តែ​ជា​ក្រុម​នៃ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​បាន​ថ្វាយ​ខ្លួន​ហើយ។ ក្រុម​ជន​គ្រីស្ទាន​នេះ​បាន​ដាក់​អាហារ​ខាង​វិញ្ញាណ​ដ៏​ប្រសើរ​បំផុត​នៅ​លើ​តុ​របស់​ព្រះ​យេហូវ៉ា សំរាប់​ទាំង​ពួក​សំណល់​ចាក់​ប្រេង​តាំង និង​ពួក​ហ្វូង​ធំ​ដែរ។ ឥឡូវ​នេះ ពួក​ហ្វូង​ធំ​នេះ​មាន​ចំនួន​ជាង​បួន​លាន​នាក់​ហើយ។ ពួក​ហ្វូង​ធំ​បាន​សម្រេច​ចូល​ទៅ​ខាង​ពួក​សំណល់​ចាក់​ប្រេង​តាំង ដើម្បី​ជួយ​គាំទ្រ​អធិបតេយ្យភាព​សកល​លោក​នៃ​ព្រះ​យេហូវ៉ា និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ដែល​ព្រះ​អង្គ​នឹង​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​បាន​ថ្កើង​រុង​រឿង​ឡើង។—វិវរណៈ ៧:៩​-​១៧

៩. តើ​ក្រុម​អ្នក​បំរើ​នេះ​បាន​ប្រើ​ឧបករណ៍​អ្វី ដើម្បី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ឲ្យ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​តើ​ការ​ជប់​លៀង​ខាង​វិញ្ញាណ​របស់​គេ​ត្រូវ​បាន​រាយ​រាប់​មក​យ៉ាង​ណា​ខ្លះ?

៩ ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​នេះ​កំពុង​តែ​ប្រើ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ ដើម្បី​ផ្ដល់​នូវ​អាហារ​ខាង​វិញ្ញាណ​ឲ្យ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​ឡាយ។ កាល​ដែល​ពិភព​គ្រីស្ទ​សាសនា និង​ពួក​សំណល់​ទាំង​ប៉ុន្មាន​នៃ​របប​សម័យ​នេះ​កំពុង​តែ​អត់​ឃ្លាន ដោយ​សារ​តែ​ខ្វះ​ខាត​នូវ​អាហារ​ខាង​វិញ្ញាណ​ដែល​ផ្ដល់​ឲ្យ​ជីវិត​នោះ ពួក​ប្រជារាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​ជប់​លៀង​យ៉ាង​ធំ។ (អេម៉ុស ៨:១១) នេះ​ជា​សេចក្ដី​សម្រេច​ទំនាយ​មួយ នៅ​អេសាយ ២៥:៦ ថា៖ «នៅ​លើ​ភ្នំ​នេះ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ចាត់​ចែង​ជប់​លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱ​ជា​រស​យ៉ាង​វិសេស នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំ​រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំ​រាំង​យ៉ាង​ល្អ»។ ដូច​ជា​ខ​៧ និង​ខ​៨ បាន​បង្ហាញ​មក ការ​ជប់​លៀង​នេះ​នឹង​មាន​ជា​រហូត​ត​ទៅ។ នេះ​ជា​ប្រសិទ្ធិ​ពរ​ល្អ​ណាស់​ចំពោះ​អស់​អ្នក​ណា​ដែល​នៅ​ក្នុង​អង្គការ​ដ៏​មើល​ឃើញ​របស់​ទ្រង់​ឥឡូវ​នេះ ហើយ​នេះ​ក៏​នឹង​ទៅ​ជា​ប្រសិទ្ធិ​ពរ​ដ៏​ល្អ​ដែរ​នៅ​អនាគត!

ចូរ​ប្រយ័ត្ន​នឹង​អាហារ​បំពុល​នៅ​លើ​តុ​របស់​អារក្ស

១០. (ក) តើ​អាហារ​ប្រភេទ​ណា​ដែល​ក្រុម​អ្នក​បំរើ​អារក្ស​បាន​ចែក​ចាយ​នោះ ហើយ​អ្វី​ដែល​ជម្រុញ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ? (ខ) តើ​ក្រុម​អ្នក​បំរើ​អារក្ស​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​បំរើ​គ្នា​ឯង​ពី​មុន​នោះ?

១០ អាហារ​នៅ​លើ​តុ​របស់​អារក្ស​គឺ​ពេញ​ទៅ​ដោយ​ជាតិ​បំពុល។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​អាហារ​ដែល​ក្រុម​អ្នក​បំរើ​អារក្ស​និង​ពួក​អ្នក​បះ​បោរ​ជំនឿ​បាន​ចែក​ចាយ​នោះ។ អាហារ​នេះ​មិន​ធ្វើ​ឲ្យ​បាន​ធាត់​ធំ ឬ​ក៏​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ទេ។ វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដ្បិត​ពួក​អ្នក​បះ​បោរ​ជំនឿ​បាន​ឈប់​បរិភោគ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា​ហើយ។ ជា​លទ្ធផល អ្វី​ៗ​ដែល​បាន​លូត​លាស់​ពី​បុគ្គលិក​លក្ខណៈ​ថ្មី​ពី​មុន​នោះ បាន​សាប​សូន្យ​ទៅ​អស់។ ហើយ​អ្វី​ដែល​ជម្រុញ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ គឺ​មិន​មែន​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ តែ​ជា​ការ​ឈឺ​ចិត្ត​ដ៏​សាហាវ​វិញ។ ពួក​គេ​មមៃ​គិត​ដល់​តែ​គោល​បំណង​តែ​មួយ​គត់—គឺ​ឲ្យ​បាន​ឈ្នះ​ពួក​អ្នក​បំរើ​គ្នា​ឯង​ពី​មុន ដូច​ជា​ព្រះ​យេស៊ូ​វ​បាន​ទាយ​មក​អញ្ចឹង។—ម៉ាថាយ ២៤:៤៨, ៤៩

១១. តើ​លោក​ឆាល្ស ថេស រ៉ាសិល បាន​សរសេរ​អ្វី​ខ្លះ អំពី​ការ​ជ្រើស​រើស​នៃ​បុគ្គល​ម្នាក់​នូវ​អាហារ​ខាង​វិញ្ញាណ ហើយ​តើ​លោក​បាន​រៀប​រាប់​ប្រាប់​យ៉ាង​ណា​ខ្លះ​អំពី​អ្នក​ដែល​បាន​បោះ​បង់​ចោល​តុ​របស់​ព្រះ​យេហូវ៉ា​នោះ?

១១ ជា​ឧទាហរណ៍ កាល​នៅ​ឆ្នាំ​១៩០៩ ប្រធាន​នៃ​សមាគម​ប៉ម​យាម​នៅ​ជំនាន់​នោះ គឺ​ជា​លោក​ឆាល្ស ថេស រ៉ាសិល។ លោក​បាន​សរសេរ​អំពី​ពួក​អ្នក​ដែល​បាន​បែរ​ចេញ​ពី​តុ​របស់​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ទោស​ដល់​ពួក​អ្នក​បំរើ​គ្នា​ឯង​ពី​មុន។ ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ខែ​តុលា ទី​១ ឆ្នាំ​១៩០៩ បាន​ចែង​ថា៖ «ពួក​អ្នក​ទាំង​អស់​ណា​ដែល​ញែក​ខ្លួន​គេ​ចេញ​ពី​សមាគម​និង​ប្រតិបត្ដិ​ការ​នៃ​សមាគម​នេះ ជា​ជាង​ធ្វើ​ឲ្យ​ខ្លួន​គេ​បាន​ចំរើន ឬ​ជួយ​បង្កើន​អ្នក​ដទៃ​ឲ្យ​មាន​ជំនឿ និង​ឲ្យ​បង្ក​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ពួក​គេ​ហាក់​បី​ដូច​ជា​ធ្វើ​បញ្ច្រាស​ទៅ​វិញ—ដោយ​ប៉ុន​ប៉ង​ចង់​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រយោជន៍​ដែល​គេ​បាន​បំរើ​ពី​មុន។ ហើយ​ដោយ​មាន​សតិ​ការ​តិច​ឬ​ច្រើន​ក្ដី យូរ​ៗ​ទៅ​ពួក​គេ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​សាប​សូន្យ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត​ដែល​មាន​គំនិត​ចំណូល​ប្រឈ្លោះ​ស្រដៀង​នោះ​ដែរ។ . . . បើ​សិន​ជា​អ្នក​ខ្លះ​គិត​ថា គេ​អាច​ទទួល​អាហារ​ល្អ ឬ​ប្រសើរ​ជាង​នេះ​នៅ​តុ​ឯ​ទៀត ឬ​ក៏​គេ​អាច​ផលិត​បាន​ផល​ល្អ​ឬ​ប្រសើរ​ជាង​ដោយ​ខ្លួន​គេ—ចូរ​ឲ្យ​ពួក​ទាំង​នេះ​ធ្វើ​តាម​ផ្លូវ​របស់​គេ​ចុះ។ . . . ក៏​ប៉ុន្តែ កាល​ដែល​យើង​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​ចាក​ចេញ​ទៅ​គ្រប់​កន្លែង​ដើម្បី​ស្វែង​រក​អាហារ​និង​សេចក្ដី​បំភ្លឺ​ដែល​នឹង​ស្កប់​ស្កល់​ចិត្ត​គេ គួរ​ឲ្យ​ចំ​ឡែក​ណាស់ ពួក​អ្នក​ប្រឆាំង​យើង​នេះ បែរ​ទៅ​ជា​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​នោះ​ទៅ​វិញ។ គឺ​ថា​ជា​ជាង​កាន់​តាម​ឥរិយា​បទ​ចាស់​ទុំ​នៃ​លោកីយ៍​នេះ ដែល​ថា‹សូម​លា​រហើយ! ខ្ញុំ​បាន​រក​ឃើញ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ហើយ!› ពួក​នេះ​បែរ​ទៅ​ជា​សម្ដែង​កំហឹង ព្យាបាទ សេចក្ដី​ស្អប់ ជម្លោះ ដែល​ជា‹កិច្ច​ការ​ខាង​សាច់​ឈាម​និង​ខាង​អារក្ស›ទៅ​វិញ រហូត​ដល់​កំរិត​ដែល​យើង​មិន​ដែល​ឃើញ​មនុស្ស​ខាង​លោកីយ៍​សម្ដែង​មក​សោះ។ ពួក​គេ​ហាក់​បី​ដូច​ជា​ពេញ​ទៅ​ដោយ​ដំណើរ​ឆ្កួត គឺ​ជំងឺ​ឆ្កួត​នៃ​សាតាំង។ ពួក​គេ​ខ្លះ​ប្រយុទ្ធ​នឹង​យើង រួច​អះអាង​ថា​យើង​ជា​អ្នក​ប្រយុទ្ធ​ទៅ​វិញ។ ពួក​គេ​ត្រៀម​ខ្លួន​ចាំ​និយាយ​និង​សរសេរ​សេចក្ដី​មិន​ពិត​ដ៏​គួរ​ឲ្យ​មើល​ងាយ​អំពី​យើង ហើយ​ក៏​ធ្លាក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​កំណាច»។

១២. (ក) តើ​ពួក​អ្នក​បះ​បោរ​ជំនឿ​យក​ឈ្នះ​ពួក​អ្នក​បំរើ​គ្នា​ឯង​យ៉ាង​ណា​ខ្លះ? (ខ) ហេតុ​អ្វី​ក៏​ជា​ការ​មាន​គ្រោះ​ថ្នាក់ ក្នុង​ការ​បំប៉ន​នឹង​សេចក្ដី​សរសេរ​របស់​ពួក​អ្នក​បះ​បោរ​ជំនឿ ដោយ​ព្រោះ​តែ​ការ​ចង់​ដឹង​ចង់​ឮ​នោះ?

១២ ពិត​មែន​ហើយ ពួក​អ្នក​បះ​បោរ​ជំនឿ​បាន​បោះ​ពុម្ព​ប្រកាសនវត្ថុ​ដែល​បែរ​ទៅ​រក​សេចក្ដី​វៀច​វេរ សេចក្ដី​ពិត​ខ្លះ​ៗ និង​ពាក្យ​កុហក​ទាំង​ស្រុង។ ពួក​គេ​ថែម​ទាំង​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​មហា​សន្និបាត​នៃ​ស្មរបន្ទាល់ ដោយ​ព្យាយាម​ទាក់​ពួក​អ្នក​ដែល​មិន​ប្រយ័ត្ន។ ដូច្នេះ​ហើយ ការ​បណ្ដោយ​ឲ្យ​ការ​ចង់​ដឹង​ឮ​របស់​យើង​ជម្រុញ​ឲ្យ​បំប៉ន​នឹង​សេចក្ដី​សរសេរ​បែប​នេះ ឬ​ស្ដាប់​នឹង​ពាក្យ​ប្រមាថ​របស់​គេ ជា​ការ​មាន​គ្រោះ​ថ្នាក់​ណាស់! ទោះ​បី​ជា​យើង​ប្រហែល​ជា​គិត​ថា នេះ​ពុំ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផ្ទាល់​ក៏​ដោយ ក៏​គ្រោះ​ថ្នាក់​នៅ​តែ​មាន។ ហេតុ​អ្វី​ក៏​ដូច្នេះ? ពី​ព្រោះ​ហេតុ​មួយ​គឺ​ថា ប្រកាសនវត្ថុ​ខ្លះ​នៃ​ពួក​អ្នក​បះ​បោរ​ជំនឿ​សម្ដែង​នូវ​សេចក្ដី​កុហក តាម​មធ្យោបាយ​នៃ«ពាក្យ​ផ្អែម​ពីរោះ» និង«ពាក្យ​បញ្ឆោត​បំពោត» (រ៉ូម ១៦:១៧, ១៨; ពេត្រុស​ទី​២ ២:៣) តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​សង្ឃឹម​នឹង​បាន​ពី​តុ​របស់​អារក្ស​ទេ​ឬ? ហើយ​ទោះ​បី​ជា​ពួក​អ្នក​បះ​បោរ​ជំនឿ​ប្រហែល​ជា​សម្ដែង​នូវ​ការណ៍​ពិត​ណា​មួយ​ក្ដី ជា​ធម្មតា​នេះ​តែង​តែ​ពន្លើស​ឲ្យ​ខុស​ពី​បរិបទ ដោយ​មាន​បំណង​ចង់​បំបែរ​អ្នក​ឯ​ទៀត​ឲ្យ​ចេញ​ពី​តុ​របស់​ព្រះ​យេហូវ៉ា។ សេចក្ដី​សរសេរ​របស់​គេ​ទាំង​អស់ គឺ​ដើម្បី​តែ​រិះ​គន់​និង​បំបាក់​បំបែក​គ្នា​ប៉ុណ្ណោះ! គ្មាន​អ្វី​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ទេ។

១៣, ១៤. តើ​អ្វី​ជា​ផល​ផ្លែ​នៃ​ពួក​អ្នក​បះ​បោរ​ជំនឿ និង​ឃោសនា​ការ​របស់​គេ?

១៣ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត»។ (ម៉ាថាយ ៧:១៦) ឥឡូវ​នេះ តើ​អ្វី​ជា​ផល​ផ្លែ​នៃ​ពួក​អ្នក​បះ​បោរ​ជំនឿ​និង​ប្រកាសនវត្ថុ​របស់​គេ? មាន​ប្រការ​បួន​ដែល​សំគាល់​ឃោសនា​ការ​របស់​គេ។ (១) ការ​ប៉ិន​ប្រសប់។ អេភេសូរ ៤:១៤ បង្ហាញ​ថា​នេះ​គឺ​ដូច​ជា៖ «ឧបាយ​កល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង»។ (២) បញ្ញា​ដែល​ពេញ​ដោយ​អំនួត។ (៣) ការ​ខ្វះ​សេចក្ដី​ស្រឡាញ់។ (៤) ភាព​ឥត​ស្មោះ​ត្រង់​ក្នុង​សណ្ឋាន​ផ្សេង​ៗ។ សេចក្ដី​ទាំង​អស់​នេះ​ជា​គ្រឿង​ក្នុង​អាហារ​ដែល​មាន​នៅ​លើ​តុ​របស់​អារក្ស ដែល​ទាំង​អស់​នេះ​ត្រូវ​បាន​រចនា​មក​ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​របស់​ប្រជារាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​ទៅ​ជា​ទន់​ខ្សោយ។

១៤ ហើយ​មាន​ទិដ្ឋភាព​មួយ​ទៀត។ តើ​ពួក​អ្នក​បះ​បោរ​ជំនឿ​បាន​ត្រឡប់​ទៅ​កន្លែង​ណា​វិញ? ពួក​គេ​ជា​ច្រើន​បាន​ត្រឡប់​ចូល​ទៅ​ក្នុង​សេចក្ដី​ងងឹត​នៃ​ពិភព​គ្រីស្ទ​សាសនា និង​លទ្ធិ​ទាំង​ប៉ុន្មាន​របស់​វា ដូច​ជា​ជំនឿ​ដែល​ថា​ជន​គ្រីស្ទាន​ទាំង​អស់​ឡើង​ទៅ​ស្ថាន​សួគ៌​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​ភាគ​ច្រើន​លែង​កាន់​តាម​គោល​ការណ៍​ដ៏​មាំ​មួន​នៃ​ព្រះ​គម្ពីរ​ដែល​ស្តី​អំពី​បញ្ហា​ឈាម អព្យាក្រឹតភាព ហើយ​ការ​ចាំ​បាច់​ក្នុង​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ទៀត​ហើយ។ រីឯ​យើង​វិញ យើង​បាន​គេច​រួច​ពីសេចក្ដី​ងងឹត​នៃ​សាសនា​បាប៊ីឡូន​ដ៏​ធំ​ហើយ​ៗ យើង​មិន​ចង់​ត្រឡប់​ទៅ​វិញ​ទេ។ (វិវរណៈ ១៨:២, ៤) ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​នៃ​ព្រះ​យេហូវ៉ា យើង​មិន​ចង់​មើល​ឃោសនា​ការ​ដែល​បាន​ផ្សាយ​ដោយ​ពួក​អ្នក​បោះ​បង់​ចោល​តុ​ព្រះ​យេហូវ៉ា​នោះ​ទេ ដែល​ឥឡូវ​នេះ តាម​រយៈ​ពាក្យ​សំដី ពួក​អ្នក​បោះ​បង់​ចោល​តុ​ព្រះ​យេហូវ៉ា​នេះ​ព្យាយាម​យក​ឈ្នះ​នឹង​ពួក​អ្នក​ដែល​កំពុង​តែ​ជួយ​យើង​ឲ្យ​កាន់​តាម«ពាក្យ​ត្រឹម​ត្រូវ»។—ធីម៉ូថេ​ទី​២ ១:១៣

១៥. តើ​គោល​ការណ៍​នៃ​ព្រះ​គម្ពីរ​មួយ​ណា​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ផ្លូវ​ដ៏​មាន​ប្រាជ្ញា ពេល​យើង​ឮ​ការ​ចោទ​ប្រកាន់​ពី​ពួក​អ្នក​បះ​បោរ​ជំនឿ​នោះ?

១៥ អ្នក​ខ្លះ​ប្រហែល​ជា​ចង់​ដឹង​ចង់​ឮ​អំពី​ការ​ចោទ​ប្រកាន់​របស់​ពួក​អ្នក​បះ​បោរ​ជំនឿ។ ប៉ុន្តែ​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​ការណ៍ នៅ ចោទិយកថា ១២:៣០, ៣១។ នៅ​កន្លែង​នេះ តាម​រយៈ​លោក​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​អំពី​អ្វី​ៗ​ដែល​គេ​ត្រូវ​ជៀស​វាង ក្រោយ​ពី​គេ​បាន​ដេញ​ពួក​អ្នក​ស្រុក​ដែល​ជា​ពាហិរជន​ពី​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឲ្យ​នោះ។ គឺ​ថា៖ «នោះ​ចូរ​ប្រយ័ត្ន​ក្រែង​ត្រូវ​ជាប់​អន្ទាក់ នឹង​បណ្ដោយ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​ឯង​ចេញ​ហើយ ឬ​ក្រែង​ឯង​ស៊ើប​សួរ​តាម​ព្រះ​គេ ដោយ​ពាក្យ​ថា សាសន៍​ទាំង​នេះ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គេ​ជា​យ៉ាង​ដូច​ម្ដេច អញ​ចង់​ធ្វើ​ដូច​ជា​គេ​ដែរ មិន​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ»។ មែន​ហើយ ព្រះ​យេហូវ៉ា​ទ្រង់​ដឹង​នូវ​លទ្ធផល​នៃ​ការ​ចង់​ដឹង​ឮ​របស់​មនុស្ស​លោក។ ចូរ​ចង​ចាំ​នាង​អេវ៉ា​និង​ប្រពន្ធ​របស់​ឡុត! (លូកា ១៧:៣២; ធីម៉ូថេ​ទី​១ ២:១៤) សូម​ឲ្យ​យើង​កុំ​ស្ដាប់​តាម​អ្វី​ៗ​ដែល​ពួក​អ្នក​បះ​បោរ​ជំនឿ​និយាយ​ឬ​ធ្វើ​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​រវល់​តែ​នឹង​ការ​លើក​ទឹក​ចិត្ត​មនុស្ស​ហើយ​នឹង​បរិភោគ​យ៉ាង​ស្មោះ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ!

មាន​តែ​តុ​របស់​ព្រះ​យេហូវ៉ា​នឹង​នៅ​គង់​វង់

១៦. (ក) ក្នុង​រយៈ​ពេល​ឆាប់​ៗ​នេះ តើ​អ្វី​នឹង​កើត​ឡើង​ដល់​សាតាំង ពួក​អារក្ស​របស់​វា និង​តុ​អត្ថបដិរូប​ដែល​ពួក​សាសន៍​នៃ​លោកីយ៍​កំពុង​តែ​បាន​បរិភោគ? (ខ) តើ​អ្វី​នឹង​កើត​ឡើង​ដល់​មនុស្ស​លោក​ទាំង​ឡាយ​ណា​ដែល​នៅ​តែ​បន្ត​បរិភោគ​នៅ​តុ​របស់​អារក្ស​នោះ?

១៦ ក្នុង​រយៈ​ពេល​ឆាប់​ៗ​នេះ សេចក្ដី​វេទនា​ដ៏​ធំ​នឹង​ផ្ទុះ​ឡើង​ភ្លាម ហើយ​នឹង​ឆ្ពោះ​ទៅ​កាន់​កំរិត​ខ្ពស់​បំផុត​ក្នុង«ចំ​បាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត»។ (វិវរណៈ ១៦:១៤, ១៦) វា​នឹង​ឡើង​ទៅ​ដល់​កំរិត​ខ្ពស់​បំផុត ពេល​ដែល​ព្រះ​យេហូវ៉ា​កំទេច​របប​សម័យ​នេះ​ចោល និង​តុ​អត្ថបដិរូប​ដែល​ពួក​សាសន៍​នៃ​លោកីយ៍​នេះ​កំពុង​តែ​បរិភោគ​នោះ។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អង្គការ​ដែល​មើល​ឃើញ​ទាំង​មូល​របស់​អារក្ស​សាតាំង​រំលំ​ចុះ ជា​មួយ​នឹង​ពួក​ហ្វូង​អារក្ស​ដែរ។ អស់​អ្នក​ទាំង​នោះ​ដែល​នៅ​តែ​បន្ត​បរិភោគ​នៅ​តុ​ខាង​វិញ្ញាណ​របស់​សាតាំង ជា​តុ​របស់​អារក្ស នឹង​ត្រូវ​បង្ខំ​ឲ្យ​ទៅ​កន្លែង​អាហារ​មែន​ទែន មិន​មែន​ជា​អ្នក​ទទួល​ទាន​ទេ តែ​ខ្លួន​គេ​ជា​ម្ហូប​ទៅ​វិញ!—សូម​មើល អេសេគាល ៣៩:៤; វិវរណៈ ១៩:១៧, ១៨

១៧. តើ​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ នឹង​ទទួល​ប្រសិទ្ធិ​ពរ​អ្វី​ខ្លះ?

១៧ មាន​តែ​តុ​របស់​ព្រះ​យេហូវ៉ា​ទេ ដែល​នឹង​នៅ​គង់​វង់។ ហើយ​ចំពោះ​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​នោះ​ដោយ​ចេះ​ដឹង​គុណ នឹង​ត្រូវ​បាន​រួច​ជីវិត ហើយ​ក៏​មាន​ឯកសិទ្ធិ​បរិភោគ​នៅ​ទី​នោះ​ជា​រហូត​រៀង​ទៅ។ ពួក​គេ​នឹង​លែង​មាន​ការ​ខ្វះ​ខាត​អាហារ​ណា​ទៀត​ឡើយ។ (ទំនុកដំកើង ៦៧:៦; ៧២:១៦) ពួក​គេ​នឹង​បំរើ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ទី​មនោរម្យ ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ! នៅ​ទី​បំផុត ពាក្យ​ដ៏​គួរ​ឲ្យ​រំភើប​នៅ វិវរណៈ ២១:៤ នឹង​បាន​សម្រេច​យ៉ាង​អស្ចារ្យ​ឡើង​ថា៖ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ ដោយ​គ្មាន​ការ​ប្រឆាំង​ទៀត​នោះ អធិបតេយ្យភាព​សកល​លោក​នៃ​ព្រះ​យេហូវ៉ា​នឹង​បាន​ជា​ធរមាន​នៅ​គ្រប់​ទី​កន្លែង​ជា​និរន្តរ៍ ក្នុង​កាល​ដែល​ទ្រង់​ចាក់​សេចក្ដី​អនុគ្រោះ​របស់​ទ្រង់​មក​លើ​មនុស្សជាតិ​ដែល​កំពុង​តែ​រស់​នៅ​លើ​ផែនដី​មនោរម្យ​នេះ។ ដើម្បី​ទទួល​នូវ​រង្វាន់​នេះ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ប្ដេជ្ញា​ចិត្ត​ទទួល​ទាន​នៅ​តុ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ ដែល​ពោរ​ពេញ​ទៅ​ដោយ​អាហារ​ខាង​វិញ្ញាណ​ដ៏​ប្រសើរ​បំផុត!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​យើង​អាច​ជៀស​វាង​ពី​ការ​បំភាន់​នៃ​សេចក្ដី​បង្រៀន​របស់​អារក្ស​បាន​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​យើង​មិន​អាច​បរិភោគ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា​ផង និង​តុ​របស់​អារក្ស​ផង បាន​យ៉ាង​ជោគ​ជ័យ​នោះ?

◻ តើ​ពួក​អ្នក​បះ​បោរ​ជំនឿ​ចែក​ចាយ​អាហារ​ប្រភេទ​ណា?

◻ ហេតុ​អ្វី​ក៏​ជា​ការ​គ្រោះ​ថ្នាក់​ក្នុង​ការ​ចង់​ដឹង​ឮ​អំពី​ការ​ចោទ​ប្រកាន់​របស់​ពួក​អ្នក​បះ​បោរ​ជំនឿ​នោះ?

◻ តើ​អ្វី​ជា​ផល​ផ្លែ​នៃ​ពួក​អ្នក​បះ​បោរ​ជំនឿ?

[រូប​ភាព​នៅ​ទំព័រ​៧]

តុ​របស់​ព្រះ​យេហូវ៉ា គឺ​ពោរ​ពេញ​ទៅ​ដោយ​អាហារ​ខាង​វិញ្ញាណ​ដ៏​ប្រសើរ​បំផុត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក