បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១១ ទំ. ២៥-៣០
  • ការផ្សាយដល់«អស់ទាំងសាសន៍»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្សាយដល់«អស់ទាំងសាសន៍»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​និង​ដំណឹង​ល្អ
  • ការ​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ
  • វិធី​បញ្ជូន​សារ​ដំណឹង​ល្អ​ដែល​ប្រកប​ដោយ​ជោគ​ជ័យ
  • ចរិយា​គ្រីស្ទាន​ក៏​ជា​សាក្សី​មួយ​ដែរ
  • គណៈ​អ្នក​បំរើ​ផ្ដល់​ឲ្យ​ឧ​បក​រ​ណ៍​ត្រឹម​ត្រូវ
  • យើង​ម្នាក់​ៗ​មាន​ភារៈ
  • អង្គការរបស់ព្រះយេហូវ៉ាគាំទ្រកិច្ចបំរើរបស់អ្នក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើអ្នកជឿជាក់ថាអ្នកមានសេចក្ដីពិតឬទេ? ហេតុអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ដំណឹងល្អនេះត្រូវតែផ្សាយជាមុនសិន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១១ ទំ. ២៥-៣០

ការ​ផ្សាយ​ដល់«អស់​ទាំង​សាសន៍»

«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោ​កី​យ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

១. ហេតុ​អ្វី​ក៏​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​វ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៤:១៤ ជា​ការ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​បាន​ភ្ញាក់​ផ្អើល​នោះ?

ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​វ​នៅ​ខាង​លើ​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​សិស្ស​ជាតិ​យូដា​របស់​ទ្រង់​ភ្ញាក់​ផ្អើល​ណាស់! ចំពោះ​គំនិត​ដែល​ឲ្យ​ពួក​ជនជាតិ​យូដា​បរិសុទ្ធ​ទៅ​និយាយ​ដល់​ពួក​អ្នក«មិន​ស្អាត» ដែល​ជា«ពួក​សាសន៍​ដទៃ»នោះ ជា​ការ​ចំ​ឡែក​ដល់​ជនជាតិ​យូដា​ណាស់ ព្រម​ទាំង​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ផង។a សូម្បី​តែ​ជនជាតិ​យូដា​ដែល​ទៀង​ត្រង់ ក៏​មិន​ចូល​ផ្ទះ​របស់​សាសន៍​ដទៃ​ឡើយ! ដូច្នេះ ពួក​សិស្ស​ជាតិ​យូដា​របស់​ទ្រង់​ទាំង​នោះ នៅ​មាន​ការ​រៀន​ជា​ច្រើន​ទៀត​អំពី​ព្រះ​យេស៊ូ​វ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​អំពី​កិច្ច​ការ​របស់​ទ្រង់។ ហើយ​ពួក​គេ​ក៏​នៅ​មាន​ការ​រៀន​ជា​ច្រើន​ទៀត​អំពី​ភាព​ឥត​ល្អៀង​របស់​ព្រះ​យេហូវ៉ា​ដែរ។—កិច្ច​ការ ១០:២៨, ៣៤, ៣៥, ៤៥

២. (ក) តើ​កិច្ច​បំរើ​របស់​ស្មរបន្ទាល់​មាន​ដល់​កម្រិត​ណា? (ខ) តើ​មាន​កត្ដា​បី​ប្រការ​ដ៏​សំខាន់​ណា​ខ្លះ ដែល​បណ្ដាល​ឲ្យ​ស្មរបន្ទាល់​មាន​ការ​រីក​ចម្រើន​នោះ?

២ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​ឡាយ រួម​ទាំង​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​ថ្មី​នេះ​ផង។ ហើយ​ឥឡូវ​នេះ ក៏​កំពុង​តែ​ប្រកាស​ដល់​ប្រជាជាតិ​កាន់​តែ​ច្រើន​ជាង​ពី​មុន​ទៅ​ទៀត។ ក្នុង​ឆ្នាំ​១៩៩៤ មាន​ស្មរបន្ទាល់​ជាង​បួន​លាន​កន្លះ​នាក់​កំពុង​តែ​ផ្សាយ​នៅ​ក្នុង​ប្រមាណ​២៣០​ប្រទេស។ ពួក​គេ​កំពុង​តែ​បង្រៀន​ព្រះ​គម្ពីរ​ដល់​មនុស្ស​ចាប់​អារម្មណ៍​ដែល​មាន​ចំនួន​ប្រមាណ​បួន​លាន​កន្លះ​នាក់។ កិច្ច​ការ​នេះ​កំពុង​តែ​សម្រេច​ឡើង ថ្វី​បើ​មាន​មតិ​ប្រឆាំង​ដ៏​ឥត​គោល​ពាស​ពេញ​ពិភព​លោក ដោយ​សារ​តែ​ពួក​គេ​មាន​ភាព​ល្ងង់​ខ្លៅ​អំពី​សេចក្ដី​បង្រៀន​និង​បំណង​របស់​ពួក​ស្មរបន្ទាល់។ ដូច​ជា​បាន​មាន​ប្រសាសន៍​មក​ចំពោះ​ពួក​គ្រីស្ទាន​ពី​ដើម នេះ​ក៏​អាច​និយាយ​បាន​ចំពោះ​ស្មរបន្ទាល់​ដែរ៖ «ព្រោះ​យើង​ដឹង​ថា​នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់»។ (កិច្ច​ការ ២៨:២២) បើ​អញ្ចឹង តើ​យើង​អាច​សន្មត​ថា​ការ​មាន​ជោគ​ជ័យ​នៃ​កិច្ច​បំរើ​របស់​គេ​នោះ ជា​លទ្ធផល​នៃ​អ្វី? គឺ​មាន​កត្ដា​បី​ប្រការ​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​រីក​ចម្រើន—គឺ​ការ​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ការ​យក​ត្រាប់​តាម​របៀប​ដ៏​មាន​ប្រយោជន៍​របស់​ព្រះ​យេស៊ូ​វ និង​ការ​ប្រើ​ឧបករណ៍​ត្រឹម​ត្រូវ​សំរាប់​គមនាគមន៍​ដ៏​មាន​ប្រសិទ្ធភាព។

វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​និង​ដំណឹង​ល្អ

៣. ហេតុ​អ្វី​ក៏​យើង​មិន​អាច​និយាយ​អួត​បាន​អំពី​អ្វី​ៗ​ដែល​បាន​សម្រេច​នោះ?

៣ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​និយាយ​អួត​អំពី​ការ​ជោគ​ជ័យ​របស់​គេ ហាក់​បី​ដូច​បាន​មក​ដោយ​សារ​សមត្ថភាព​ដ៏​ពិសេស​របស់​គេ​ឬ? គឺ​មិន​មែន​ទេ ដ្បិត​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​វ​ចែង​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ»។ ជា​ជន​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ជ្រមុជ​ទឹក​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​យល់​ព្រម​ទទួល​ភារៈ​បំរើ​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត ទោះ​បី​មាន​កាលៈទេសៈ​ផ្ទាល់​ខ្លួន​យ៉ាង​ណា​ក្ដី។ ចំពោះ​បុគ្គល​ខ្លះ នោះ​មាន​ន័យ​ថា​គេ​បំរើ​ព្រះ​ពេញ​ពេល ជា​សាសនទូត ឬ​ជា​ជន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ក្នុង​ការិយាល័យ​សាខា​និង​គ្រឿង​ប្រដាប់​សំរាប់​បោះ​ពុម្ព​ប្រកាសនវត្ថុ​គ្រីស្ទាន។ ចំពោះ​អ្នក​ឯ​ទៀត គេ​សុខ​ចិត្ត​ប្រកប​ការងារ​ខាង​សំណង់​អាគារ​សាសនា ខាង​ការ​ផ្សាយ​ពេញ​ពេល​ជា​អ្នក​ត្រួស​ត្រាយ ឬ​ក៏​ការ​ផ្សាយ​មិន​ពេញ​ពេល ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គេ។ យើង​ម្នាក់​ៗ​មិន​អាច​និយាយ​អួត​អំពី​ការ​ធ្វើ​ភារៈ​របស់​យើង​ជា​ត្រឹម​ត្រូវ​បាន​ទេ «ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ»។—លូកា ១៧:១០; កូរិនថូស​ទី​១ ៩:១៦

៤. តើ​ការ​មាន​ជ័យ​ជំនះ​លើ​ការ​ប្រឆាំង​ពាស​ពេញ​ពិភព​លោក​ដល់​កិច្ច​បំរើ​គ្រីស្ទាន​នោះ បាន​តាម​របៀប​ណា?

៤ ការ​ជោគ​ជ័យ​ណា​ដែល​យើង​បាន​ទទួល គឺ​ជា​លទ្ធផល​នៃ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ឬ​សកម្មពល​របស់​ទ្រង់។ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​អាច​យក​ជា​ការ​បាន ដូច​នៅ​ជំនាន់​របស់​ហោរា​សាការី​ដោយ​និយាយ​ថា៖ «នេះ​ជា​ព្រះ​បន្ទូល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដល់​សូរ៉ូបាបិល គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ​សារ​វិញ្ញាណ​របស់​អញ​វិញ»។ ដូច្នេះ​ហើយ ការ​មាន​ជ័យ​ជំនះ​ទៅ​លើ​ការ​ប្រឆាំង​ពាស​ពេញ​ពិភព​លោក​នឹង​ការ​ផ្សាយ​របស់​ស្មរបន្ទាល់​នោះ គឺ​មិន​មែន​ជា​លទ្ធផល​នៃ​ការ​ខ្នះ​ខ្នែង​របស់​មនុស្ស​យើង​ទេ តែ​ជា​លទ្ធផល​នៃ​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា​និង​ការ​ការ​ពារ​របស់​ទ្រង់​វិញ។—សាការី ៤:៦

៥. តើ​ព្រះ​យេហូវ៉ា​មាន​មុខ​នាទី​ដើរ​តួយ៉ាង​ណា ក្នុង​ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នោះ?

៥ ចំពោះ​អស់​អ្នក​ដែល​ធ្វើ​តាម​សារ​ព្រះ​រាជាណាចក្រ​នោះ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថា៖ «នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ព្រះ​ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា› ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះ​វរបិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ។ . . . គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៥, ៦៥) ព្រះ​យេហូវ៉ា​ទ្រង់​អាច​ទត​ឃើញ​ធ្លុះ​ចិត្ត​និង​គំនិត​របស់​យើង ហើយ​ទ្រង់​ក៏​ជ្រាប​ដឹង​អស់​អ្នក​ដែល​នឹង​ធ្វើ​តាម​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ថ្វី​បើ​គេ​មិន​ទាន់​ស្គាល់​ទ្រង់​នៅ​ឡើយ​នោះ​ក្ដី។ ទ្រង់​ក៏​ប្រើ​ពួក​ទេវតា​របស់​ទ្រង់​ដែរ ក្នុង​ការ​ដឹក​នាំ​កិច្ច​បំរើ​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចក្ខុនិមិត្ត យ៉ូហាន​បាន​ឃើញ​ពួក​ទេវតា​ចូល​រួម​ធ្វើ​កិច្ច​ការ​នេះ ហើយ​ក៏​បាន​សរសេរ​ថា៖ «ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ»។—វិវរណៈ ១៤:៦

ការ​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ

៦. ដើម្បី​ឲ្យ​បុគ្គល​ម្នាក់​ធ្វើ​តាម​ដំណឹង​ល្អ​នោះ តើ​គាត់​ត្រូវ​កាន់​អាកប្បកិរិយា​ដ៏​សំខាន់​យ៉ាង​ណា?

៦ កត្ដា​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​បុគ្គល​ម្នាក់​មាន​ឱកាស​នឹង​ទទួល​ដំណឹង​ល្អ​នោះ គឺ​ត្រូវ​បាន​សម្ដែង​មក​ដោយ​ព្រះ​យេស៊ូ​វ​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់[ត្រូវ​ការ,ពថ]ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថាន​សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ»។ (ម៉ាថាយ ៥:៣) អត្ថ​ស្កប់​ចិត្ត​បុគ្គល ឬ​អ្នក​ដែល​មិន​ស្វែង​រក​សេចក្ដី​ពិត នឹង​មិន​ដឹង​ថា​ខ្លួន​ត្រូវ​ការ​សេចក្ដី​ខាង​វិញ្ញាណ​ទេ។ គាត់​គិត​តែ​នឹង​របស់​ខាង​សាច់​ឈាម​ប៉ុណ្ណោះ។ ការ​ស្កប់​ចិត្ត​នោះ ក៏​ទៅ​ជា​ការ​រា​រាំង។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​ជួប​មនុស្ស​ជា​ច្រើន​ដែល​បដិសេធ​សារ​នេះ ក្នុង​កាល​ដែល​យើង​ទៅ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នោះ យើង​ត្រូវ​តែ​ពិចារណា​នូវ​មូលហេតុ​ផ្សេង​ៗ ដែល​មនុស្ស​អាច​មាន​ចំពោះ​ការ​បដិសេធ​របស់​គេ​នេះ។

៧. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មិន​ធ្វើ​តាម​នឹង​សេចក្ដី​ពិត?

៧ មនុស្ស​ជា​ច្រើន​មិន​ព្រម​ស្ដាប់ ពី​ព្រោះ​ពួក​គេ​ប្រកាន់​ខ្ជាប់​យ៉ាង​ស្វិត​ស្វាញ​នូវ​សាសនា​ពី​កំណើត​របស់​គេ ហើយ​មិន​សុខ​ចិត្ត​ពិគ្រោះ​គ្នា​ឡើយ។ អ្នក​ឯ​ទៀត​បាន​ជាប់​ចិត្ត​តែ​នឹង​សាសនា​ណា​ដែល​សម​នឹង​បុគ្គលិក​លក្ខណៈ​របស់​គេ—អ្នក​ខ្លះ​ទៀត​ចង់​បាន​សាសនា​ដែល​ប្រកប​ដោយ​អាថ៌​កំបាំង។ អ្នក​ឯ​ទៀត​ប្រព្រឹត្ត​តាម​តែ​ផ្លូវ​ចិត្ត ហើយ​នៅ​មាន​អ្នក​ឯ​ទៀត​ច្រើន​តែ​ចូល​ចិត្ត​នឹង​សកម្មភាព​សង្គមកិច្ច​នៅ​ឯ​ព្រះ​វិហារ​របស់​គេ។ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ បាន​ជ្រើស​រើស​ជីវភាព​បែប​ដែល​ប្រឆាំង​នឹង​បមាណីយ​របស់​ព្រះ។ ពួក​គេ​ប្រហែល​ជា​រស់​នៅ​ដោយ​អសីលធម៌ ដូច្នេះ​ពួក​គេ​មាន​មូលហេតុ​និយាយ​ថា៖ «ខ្ញុំ​មិន​ចូល​ចិត្ត​ទេ»។ តែ​អ្នក​ឯ​ទៀត ដែល​អះអាង​ថា​គេ​ជា​អ្នក​មាន​វិជ្ជា​និង​ចេះ​ដឹង​ខាង​វិទ្យា​សាស្ត្រ​នោះ បដិសេធ​ថា​ព្រះ​គម្ពីរ​ជា​សៀវភៅ​ភាព​ងាយ​ហួស​ពេក។—កូរិនថូស​ទី​១ ៦:៩​-​១១; កូរិនថូស​ទី​២ ៤:៣, ៤

៨. ហេតុ​អ្វី​ក៏​ការ​បដិសេធ​ចោល​មិន​ត្រូវ​បន្ថយ​ការ​ខ្នះ​ខ្នែង​របស់​យើង? (យ៉ូហាន ១៥:១៨​-​២០)

៨ ដោយ​សារ​មនុស្ស​ភាគ​ច្រើន​បដិសេធ​សារ​នោះ តើ​នេះ​ត្រូវ​បន្ថយ​ជំនឿ​និង​ការ​ខ្នះ​ខ្នែង​របស់​យើង​ចំពោះ​កិច្ច​បំរើ​ដែល​សង្គ្រោះ​ជីវិត​នេះ​ឬ? ពាក្យ​របស់​ប៉ុល​ទៅ​ពួក​រ៉ូម៉ាំង​អាច​ជួយ​សម្រាល​ទុក្ខ​យើង​បាន ដែល​ថា៖ «តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្ដេច​ទៅ​សេចក្ដី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត​ភរ​វិញ​ចុះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ​ជំ​រះ​ទ្រង់›»។—រ៉ូម ៣:៣, ៤

៩, ១០. តើ​មាន​ទី​សំអាង​ណា​ខ្លះ ដែល​ថា​ការ​ប្រឆាំង​ត្រូវ​បាន​ឈ្នះ​លើ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នោះ?

៩ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ឧទាហរណ៍​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​នៃ​ប្រទេស​នានា ដែល​ដូច​ជា​មិន​ឃើញ​នូវ​លទ្ធផល​សោះ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក បាន​សម្ដែង​ជា​ផ្ទុយ​ទៅ​វិញ។ ព្រះ​យេហូវ៉ា​និង​ពួក​ទេវតា​បាន​ជ្រាប​ថា​នៅ​មាន​មនុស្ស​ចិត្ត​ល្អ​ជា​ច្រើន​ដែល​នឹង​ត្រូវ​រក​ឃើញ—ប៉ុន្តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ខំ​ព្យាយាម​និង​ត​ស៊ូ​ក្នុង​កិច្ច​បំរើ​របស់​គេ។ ជា​ឧទាហរណ៍ ក្នុង​រយៈ​៥០​ឆ្នាំ​កន្លង​ទៅ​នេះ សាសនា​កាតូលិក​ហាក់​បី​ដូច​ជា​ឧបសគ្គ​ដ៏​ធំ​ដែល​មិន​អាច​ពុះ​ពារ​បាន​សោះ ក្នុង​ប្រទេស​ខ្លះ ដូច​ជា​ប្រទេស​កូឡុមប៊ីយ៉ា ប្រេហ្ស៊ីល ព័រទុយហ្គាល់ ម៉ិចស្សីកូ អារ្សងទីន អ៊ីតាលី អេស្ប៉ាញ និង​អៀកឡង់​ជា​ដើម។ នៅ​ឆ្នាំ​១៩៤៣ ស្មរបន្ទាល់​មាន​ចំនួន​តែ​១២៦.០០០​នាក់​នៅ​ពាស​ពេញ​ពិភព​លោក ហើយ​ពី​ចំនួន​នេះ​មាន​៧២.០០០​នាក់​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ភាព​ល្ងង់​ខ្លៅ​និង​មតិ​ប្រឆាំង​ដ៏​ឥត​គោល​ដែល​ស្មរបន្ទាល់​ប្រឈម​មុខ​នោះ បាន​ហាក់​បី​ដូច​ជា​ជញ្ជាំង​ឥដ្ឋ​មួយ​ដែល​មិន​អាច​បំបែក​បាន​ឡើយ។ ប៉ុន្តែ នៅ​សព្វ​ថ្ងៃ​នេះ ការ​ផ្សាយ​ដែល​មាន​លទ្ធផល​ជោគ​ជ័យ​ជាង​គេ គឺ​មក​ពី​ប្រទេស​ទាំង​នេះ​ទៅ​វិញ។ ចំពោះ​ប្រទេស​ទាំង​ឡាយ​ដែល​ធ្លាប់​ជា​កុម្មុយនិស្ត​ពី​មុន ក៏​មាន​ករណី​ដូច​នេះ​ដែរ។ នៅ​ឆ្នាំ​១៩៩៣​មាន​មនុស្ស​៧.៤០២​នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឯ​មហា​សន្និបាត​នៅ​ទី​ក្រុង គី​អេ​វ ប្រទេស​អ៊ុយគ្រេន នេះ​ក៏​ជា​ទី​សំអាង​នៃ​លទ្ធផល​ដ៏​ជោគ​ជ័យ​ដែរ។

១០ តើ​ពួក​ស្មរបន្ទាល់​បាន​ប្រើ​វិធី​ណា​ខ្លះ​ដើម្បី​នឹង​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​ទៅ​ដល់​អ្នក​ជិត​ខាង​របស់​គេ​នោះ? តើ​ពួក​គេ​បាន​ប្រើ​វត្ថុ​ទ្រព្យ​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ផ្លាស់​សាសនា ដូច​អ្នក​ខ្លះ​បាន​ចោទ​ឬ? តើ​ពួក​គេ​បាន​ទៅ​ជួប​តែ​ពួក​អ្នក​ក្រី​ក្រ​និង​ពួក​អ្នក​ល្ងង់​ខ្លៅ​ដូច​ជា​អ្នក​ខ្លះ​បាន​អះអាង​មែន​ឬ?

វិធី​បញ្ជូន​សារ​ដំណឹង​ល្អ​ដែល​ប្រកប​ដោយ​ជោគ​ជ័យ

១១. តើ​ព្រះ​យេស៊ូ​វ​បាន​ទុក​ឲ្យ​គំរូ​ដ៏​ល្អ​ណា ចំពោះ​កិច្ច​បំរើ​របស់​ទ្រង់? (សូម​មើល យ៉ូហាន ៤:៦​-​២៦)

១១ ព្រះ​យេស៊ូ​វ​និង​ពួក​សិស្ស​របស់​ទ្រង់​បាន​ស្ថាបនា​គំរូ​នៃ​ការ​បង្ក​បង្កើត​សិស្ស​មួយ ដែល​ស្មរបន្ទាល់​បាន​កាន់​តាម​រហូត​មក​ដល់​សម័យ​នេះ។ ព្រះ​យេស៊ូ​វ​បាន​យាង​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស ទោះ​បី​ជា​អ្នក​មាន​ឬ​ក្រី​ក្រ​ក្ដី—ទៅ​ឯ​ផ្ទះ កន្លែង​សាធារណៈ តាម​មាត់​បឹង តាម​ជើង​ភ្នំ ថែម​ទាំង​តាម​សាលា​ប្រជុំ​ផង។—ម៉ាថាយ ៥:១, ២; ៨:១៤; ម៉ាកុស ១:១៦; លូកា ៤:១៥

១២, ១៣. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​ផ្ដល់​ឲ្យ​គំរូ​សំរាប់​ជន​គ្រីស្ទាន​នោះ? (ខ) តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​គំរូ​របស់​ប៉ុល​ដោយ​យ៉ាង​ណា​ខ្លះ?

១២ ចំពោះ​កិច្ច​បំរើ​ផ្ទាល់​របស់​គាត់ សាវា​ក​ប៉ុល​អាច​មាន​សិទ្ធិ​និយាយ​ថា៖ «ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ​អម្ចាស់ . . . ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្ដាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង»។—កិច្ច​ការ ២០:១៨​-​២០

១៣ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​ស្គាល់​ពាស​ពេញ​ពិភព​លោក ដោយ​សារ​តែ​ពួក​គេ​ធ្វើ​តាម​គំរូ​របស់​ពួក​សាវក​ក្នុង​ការ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ជា​ជាង​ខំ​ប្រឹង​ស្មារតី​ទៅ​លើ​កិច្ច​បំរើ​ផ្សាយ​តាម​ទូរទស្សន៍​ដែល​ថ្លៃ គ្មាន​ខ្លឹម​សារ ហើយ​មិន​ជិត​ស្និទ្ធ​នោះ ពួក​ស្មរបន្ទាល់​ទៅ​ឯ​មនុស្ស​ដែល​ជា​អ្នក​មាន​ឬ​អ្នក​ក្រី​ក្រ ដើម្បី​ជួប​គេ​ផ្ទាល់​តែ​ម្ដង។ ពួក​គេ​ខំ​ព្យាយាម​សន្ទនា​អំពី​ព្រះ​និង​ពាក្យ​បន្ទូល​របស់​ទ្រង់។b ពួក​គេ​មិន​ខំ​ព្យាយាម​បង្កើត​ឲ្យ​មាន​ជន​គ្រីស្ទាន ដោយ​ចែក​ចាយ​វត្ថុ​ឲ្យ​ទទេ​នោះ​ឡើយ។ ចំពោះ​ពួក​អ្នក​ដែល​សុខ​ចិត្ត​វែក​ញែក​នោះ ពួក​គេ​ពន្យល់​ប្រាប់​ថា ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​ផ្លូវ​ដោះ​ស្រាយ​ពិត​តែ​មួយ​ចំពោះ​បញ្ហា​នៃ​មនុស្សជាតិ ហើយ​នឹង​កែ​ប្រែ​ស្ថានភាព​នៅ​លើ​ផែនដី​របស់​យើង​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។—អេសាយ ៦៥:១៧, ២១​-​២៥; ពេត្រុស​ទី​២ ៣:១៣; វិវរណៈ ២១:១​-​៤

១៤. (ក) តើ​តាម​របៀប​ណា ដែល​ពួក​សាសនទូត​និង​ពួក​អ្នក​ត្រួស​ត្រាយ​ជា​ច្រើន​បាន​ចាក់​គ្រឹះ​ដ៏​មាំ​នោះ? (ខ) តើ​យើង​បាន​រៀន​អ្វី​ខ្លះ ពី​ការ​ពិសោធន៍​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ជប៉ុន?

១៤ ដើម្បី​ឲ្យ​កិច្ច​ការ​នេះ​បាន​សម្រេច​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នោះ ពួក​សាសនទូត​និង​ពួក​អ្នក​ត្រួស​ត្រាយ​បាន​ស្ថាបនា​តំបន់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ពួក​គេ​បាន​ចាក់​គ្រឹះ ហើយ​ក្រោយ​មក​ពួក​ស្មរបន្ទាល់​នៅ​សាសន៍​នោះ​ក៏​នាំ​មុខ​ក្នុង​ការ​ដើរ​ផ្សាយ។ ដូច្នេះ​ហើយ គឺ​មិន​ចាំ​បាច់​ត្រូវ​ការ​ពួក​ស្មរបន្ទាល់​បរទេស​ជា​ច្រើន​ដើម្បី​នឹង​បន្ត​ការ​ផ្សាយ ហើយ​ចាត់​ចែង​ក្នុង​កិច្ច​ការ​នោះ​ទេ។ ឧទាហរណ៍​មួយ​ដ៏​អស្ចារ្យ គឺ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ឆ្នាំ​១៩៤៩ មាន​ច្រើន​តែ​ពួក​សាសនទូត​ពី​ម្ដុំ​ប្រទេស​អូស្ដ្រាលី​និង​អង់គ្លេស​ទេ ដែល​បាន​ទៅ​ប្រទេស​នេះ។ ពួក​គេ​បាន​សិក្សា​ភាសា​ជប៉ុន ប្រែ​ប្រួល​ទៅ​តាម​ស្ថានភាព​អន់​ថយ​នៃ​សម័យ​ក្រោយ​ពី​សង្គ្រាម​នោះ ហើយ​បាន​ចាត់​ចែង​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ នៅ​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ ពួក​ស្មរបន្ទាល់​ត្រូវ​បាន​គេ​បម្រាម ហើយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ដូច្នេះ នៅ​ពេល​ពួក​សាសនទូត​បាន​មក​ដល់​នោះ ឃើញ​មាន​ស្មរបន្ទាល់​ជន​ជាតិ​ជប៉ុន​ដែល​សកម្ម​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​សព្វ​ថ្ងៃ​នេះ ពួក​ស្មរបន្ទាល់​នៅ​ប្រទេស​នោះ​បាន​កើន​ឡើង​ជាង​១៨៧.០០០​នាក់ ហើយ​មាន​ជាង​៣.០០០​ក្រុម​ជំនុំ! តើ​អ្វី​ជា​កត្ដា​នៃ​ការ​ជោគ​ជ័យ​ដើម​ដំបូង​របស់​គេ​នោះ? សាសនទូត​ម្នាក់​ដែល​បាន​បំរើ​ព្រះ​នៅ​ទី​នោះ​ជាង​២៥​ឆ្នាំ​ហើយ បាន​មាន​ប្រសាសន៍​ថា៖ «ការ​រៀន​ធ្វើ​សន្ទនា​ជា​មួយ​មនុស្ស​ជា​ការ​សំខាន់​ជាង​គេ​បំផុត។ ដោយ​ចេះ​និយាយ​ភាសា​របស់​គេ យើង​អាច​យល់​ចិត្ត​គេ ព្រម​ទាំង​អប់​អរ​និង​អធ្យាស្រ័យ​ដល់​ជីវភាព​របស់​គេ​ផង។ យើង​ត្រូវ​តែ​បង្ហាញ​ថា យើង​ស្រឡាញ់​ជន​ជាតិ​ជប៉ុន។ ពិត​ហើយ យើង​បាន​ខំ​ព្យាយាម​ដោយ​ចិត្ត​រាប​ទាប ដើម្បី​ឲ្យ​បាន​ទៅ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​របស់​គេ​នោះ ដោយ​មិន​សម្រប​សម្រួល​គោល​ការណ៍​គ្រីស្ទាន​របស់​យើង​ឡើយ»។

ចរិយា​គ្រីស្ទាន​ក៏​ជា​សាក្សី​មួយ​ដែរ

១៥. តើ​តាម​របៀប​ណា​ខ្លះ​ដែល​ពួក​ស្មរបន្ទាល់​បាន​សម្ដែង​នូវ​ចរិយា​គ្រីស្ទាន?

១៥ យ៉ាង​ណា​ក៏​ដោយ មនុស្ស​មិន​មែន​គ្រាន់​តែ​ធ្វើ​តាម​នឹង​សារ​របស់​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ឡើយ។ ពួក​គេ​ក៏​បាន​ឃើញ​ការ​ប្រព្រឹត្ត​នៃ​សាសនា​គ្រីស្ទាន​ដែរ។ ពួក​គេ​បាន​សង្កេត​ឃើញ​ស្មរបន្ទាល់​មាន​សេចក្ដី​ស្រឡាញ់ ភាព​ចុះ​សម្រុង​គ្នា និង​សាមគ្គីភាព​គ្នា សូម្បី​តែ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក ដូច​ជា​ក្នុង​សង្គ្រាម ការ​ប្រយុទ្ធ​រវាង​កល​សម្ព័ន្ធ និង​អមិត្តភាព​រវាង​ជាតិ​ពន្ធ​ក្ដី។ ពួក​ស្មរបន្ទាល់​បាន​រក្សា​ជំហរ​យ៉ាង​ច្បាស់​លាស់​នៃ​អព្យាក្រឹតភាព​គ្រីស្ទាន​របស់​គេ​ក្នុង​គ្រប់​វិវាទ ហើយ​បាន​សម្រេច​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​វ​នេះ៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។—យ៉ូហាន ១៣:៣៤, ៣៥

១៦. តើ​ការ​ពិសោធន៍​អ្វី​ដែល​បញ្ជាក់​ឲ្យ​ឃើញ​នូវ​សេចក្ដី​ស្រឡាញ់​គ្រីស្ទាន​ដ៏​ជាក់​ស្តែង​នោះ?

១៦ សេចក្ដី​ស្រឡាញ់​រវាង​អ្នក​ជិត​ខាង​បាន​ត្រូវ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ ក្នុង​ករណី​នៃ​បុរស​ចាស់​ជរា​ម្នាក់ កាល​ដែល​គាត់​បាន​សរសេរ​ទៅ​កាសែត​នៅ​តំបន់​របស់​គាត់​អំពី«លោក​និង​អ្នក​ស្រី ចិត្ត​ល្អ»។ គាត់​បាន​ពន្យល់​ថា​អ្នក​ជិត​ខាង​របស់​គាត់​បាន​មាន​ចិត្ត​សប្បុរស​ដល់​គាត់​ណាស់ ជា​ពិសេស​នៅ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​ឈឺ​ជិត​ស្លាប់​នោះ។ គាត់​បាន​សរសេរ​ថា៖ «តាំង​ពី​នាង​បាន​ស្លាប់​ទៅ . . . ពួក​គេ​កាន់​តែ​ល្អ​ណាស់​ឡើង។ តាំង​ពី​ពេល​នោះ​មក ពួក​គេ​ចាត់​ខ្ញុំ​ទុក​ដូច​ជា​បង​ប្អូន​ចិញ្ចឹម . . . ជួយ​ធ្វើ​ការ​ផ្ទះ​សម្បែង​គ្រប់​បែប​យ៉ាង ហើយ​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​របស់​ខ្ញុំ​ដែល​ជា​និវត្ត​ជន​ដែល​មាន​អាយុ​៧៤​ឆ្នាំ។ អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​នេះ​គួរ​ឲ្យ​ប្លែក​ទៀត​នោះ គឺ​ថា​ពួក​គេ​ជា​មនុស្ស​សម្បុរ​ខ្មៅ ខ្ញុំ​ជា​មនុស្ស​សម្បុរ​ស។ ពួក​គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​ជា​សមាជិក​អសកម្ម​នៃ​សាសនា​កាតូលិក»។

១៧. តើ​យើង​ត្រូវ​តែ​ជៀស​វាង​អ្វី?

១៧ ការ​ពិសោធន៍​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​អាច​ផ្សាយ​តាម​វិធី​ជា​ច្រើន រួម​ទាំង​ចរិយា​ជា​រៀង​រាល់​ថ្ងៃ​របស់​យើង​ផង។ តាម​ការ​ពិត បើ​ចរិយា​របស់​យើង​មិន​ដូច​ព្រះ​គ្រីស្ទ​ទេ កិច្ច​បំរើ​របស់​យើង​នឹង​ទៅ​ជា​មាន​ការ​លាក់​ពុត ដែល​គ្មាន​ប្រសិទ្ធិ​ភាព​ឡើយ។ យើង​មិន​ចង់​ឲ្យ​ដូច​ពួក​អ្នក​ដែល​ព្រះ​យេស៊ូ​វ​បាន​ពណ៌នា​មក​ថា៖ «គ្រប់​ទាំង​សេចក្ដី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ»។—ម៉ាថាយ ២២:៣៧​-​៣៩; ២៣:៣

គណៈ​អ្នក​បំរើ​ផ្ដល់​ឲ្យ​ឧ​បក​រ​ណ៍​ត្រឹម​ត្រូវ

១៨. តើ​តាម​របៀប​ណា​ដែល​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ប្រដាប់​ខ្លួន​យើង ដើម្បី​ជួយ​មនុស្ស​ចិត្ត​ស្មោះ​នោះ?

១៨ កត្ដា​ដ៏​សំខាន់​មួយ​ទៀត ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ទៅ​គ្រប់​សាសន៍​នោះ គឺ​ការ​មាន​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ ដែល​បាន​ផលិត​មក​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ។ យើង​មាន​សៀវភៅ សៀវភៅ​ស្តើង ខិត្តប័ណ្ណ និង​ទស្សនាវដ្ដី​ឯ​ទៀត​ជា​ច្រើន ដែល​អាច​បំពេញ​ចិត្ត​អ្នក​ចង់​ដឹង​ស្មោះ​គ្រប់​ៗ​គ្នា។ បើ​យើង​ជួប​ពួក​អ្នក​ដែល​កាន់​សាសនា​អ៊ីស្លាម ហិណ្ឌូ ពុទ្ធសាសនា ដៅអីស្ទ ឬ​សាសនា​យូដា យើង​អាច​ប្រើ​សៀវភៅ មនុស្ស​លោក​ស្វែង​រក​ព្រះ​ឬ​ប្រើ​ខិត្តប័ណ្ណ​ផ្សេង​ៗ​ទៀត ដើម្បី​នឹង​ចាប់​ផ្ដើម​ការ​សន្ទនា ព្រម​ទាំង​ប្រើ​សំរាប់​បង្រៀន​ព្រះ​គម្ពីរ​ផង។ បើ​ជួប​អ្នក​វិវត្តន៍​ដែល​សួរ​អំពី​ការ​បង្កើត​នោះ យើង​អាច​ប្រើ​សៀវភៅ ជីវិត—បាន​កើត​មាន​ឡើង​តាម​របៀប​ណា? តាម​របៀប​វិវត្តន៍​ឬ​តាម​ការ​បង្កើត? បើ​ក្មេង​ជំទង់​សួរ​ថា៖ ‹តើ​គោល​បំណង​ជីវិត​ជា​អ្វី›? យើង​អាច​ប្រាប់​គាត់​អំពី​សៀវភៅ សំនួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធិ​ភាព។c បើ​អ្នក​ណា​ម្នាក់​មាន​បញ្ហា​ផ្ទាល់​ខ្លួន ដូច​ជា—ដំណើរធ្លាក់​ទឹក​ចិត្ត ការ​នឿយ​ហត់​កាយ​ឬ​ចិត្ត ការ​ចាប់​រំលោភ ការ​លះ​លែង​គ្នា—យើង​មាន​ទស្សនាវដ្ដី​ដែល​វែក​ញែក​រិះ​រក​វិធី​ដ៏​មាន​ប្រយោជន៍​អំពី​មុខ​វិជ្ជា​ទាំង​នេះ។ ពិត​មែន​ហើយ គណៈ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​ព្រះ​យេស៊ូ​វ​បាន​ទាយ​ថា​នឹង​ត្រូវ​ផ្ដល់​នូវ«អាហារ​បរិភោគ​តាម​ត្រូវ​ពេល»គឺ​កំពុង​តែ​បំពេញ​មុខ​នាទី​របស់​គេ។—ម៉ាថាយ ២៤:៤៥​-​៤៧

១៩, ២០. តើ​តាម​របៀប​ណា​ដែល​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​នៅ​ប្រទេស​អាល់បានី ត្រូវ​បាន​លូត​លាស់​នោះ?

១៩ ប៉ុន្តែ​ដើម្បី​ឲ្យ​ដំណឹង​ល្អ​ឮ​ដល់​សាសន៍​ទាំង​ឡាយ ការ​ផលិត​ប្រកាសនវត្ថុ​ក្នុង​ភាសា​ជា​ច្រើន​ជា​ការ​សំខាន់​ណាស់។ តើ​ការ​បក​ប្រែ​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ជាង​២០០​ភាសា អាច​ធ្វើ​ទៅ​យ៉ាង​ដូច​ម្ដេច​បាន? ការ​ពិនិត្យ​មើល​ត្រួស​ៗ​នូវ​ឧទាហរណ៍​មួយ គឺ​ប្រទេស​អាល់បានី បង្ហាញ​ឲ្យ​ឃើញ​នូវ​របៀប​ដែល​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ អាច​លើក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ថ្វី​បើ​មាន​ការ​ពិបាក​ដ៏​សម្បើម ហើយ​ដោយ​គ្មាន​អព្ភូតហេតុ​ទំនើប​ជួយ​ខាង​បញ្ហា​ភាសា​នោះ​ក្ដី។—កិច្ច​ការ ២:១​-​១១

២០ គ្រាន់​តែ​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​អាល់បានី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​កុម្មុយនិស្ត​តែ​មួយ​ដែល​មិន​ជឿ​ថា​មាន​ព្រះ​អាទិទេព។ ទស្សនាវដ្ដី ន៉ាស្យិនណាល់ ជីអូក្រាហ្វីក បាន​ចែង​នៅ​ក្នុង​ឆ្នាំ​១៩៨០​ថា៖ «ប្រទេស​អាល់បានី​ហាមឃាត់​មិន​ឲ្យ​មាន[សាសនា]ដោយ​ប្រកាស​នៅ​ឆ្នាំ​១៩៦៧​ថា‹ជា​ប្រទេស​ទី​មួយ​នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​អាទិទេព›។ . . . ប្រជាជន​ជំនាន់​ថ្មី​នៅ​ប្រទេស​អាល់បានី​ស្គាល់​តែ​លទ្ធិ​បដិសេធ​ព្រះ​អាទិទេព​ប៉ុណ្ណោះ»។ ឥឡូវ​នេះ ដោយ​សារ​តែ​កុម្មុយនិស្ត​ឱនថយ​ទៅ ប្រជាជន​អាល់បានី​ដែល​ទទួល​ស្គាល់​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គេ គឺ​កំពុង​តែ​ធ្វើ​តាម​ការ​ផ្សាយ​ដែល​ធ្វើ​ឡើង​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​ឆ្នាំ​១៩៩២​ក្រុម​អ្នក​បក​ប្រែ​តូច​មួយ​ផ្សំ​ឡើង​ពី​យុ​វ​ស្មរបន្ទាល់ ដែល​ចេះ​ភាសា​អ៊ីតាលី​និង​អង់គ្លេស​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ក្នុង​ក្រុង​ធីរ៉ានី។ បង​ប្អូន​ប្រុស​ៗ​ដែល​មាន​គុណវុឌ្ឍិ​បាន​បង្រៀន​ពួក​គេ​ឲ្យ​ប្រើ​កុំព្យូទ័រ​ឡែបថប់ ដើម្បី​វាយ​បញ្ចូល​អក្សរ​អាល់បានី។ នៅ​ដើម​ដំបូង ពួក​គេ​បក​ប្រែ​ខិត្តប័ណ្ណ​និង​ទស្សនាវដ្ដី​ប៉ម​យាម។ កាល​ដែល​ពួក​គេ​មាន​ការ​ពិសោធន៍​ច្រើន គេ​ក៏​បក​ប្រែ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ឯ​ទៀត​ដែល​មាន​ប្រយោជន៍។ នៅ​បច្ចុប្បន្ន​នេះ មាន​ស្មរបន្ទាល់​ដ៏​សកម្ម​ប្រមាណ​២០០​នាក់ នៅ​ក្នុង​ប្រទេស​ដ៏​តូច​នោះ ដែល​មាន(ប្រជាជន​៣.២៦២.០០០) ហើយ​ចំនួន​ប្រជុំ​ជន​១.៩៨៤​នាក់​ដែល​បាន​មក​ធ្វើ​បុណ្យ​រំឭក​ក្នុង​ឆ្នាំ​១៩៩៤។

យើង​ម្នាក់​ៗ​មាន​ភារៈ

២១. តើ​យើង​កំពុង​តែ​រស់​នៅ​ក្នុង​សម័យ​ប្រភេទ​ណា?

២១ ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក​កំពុង​តែ​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត។ លោកីយ៍​នេះ​មើល​ទៅ ហាក់​បី​ដូច​ទៅ​ជា​គ្មាន​សណ្ដាប់​ធ្នាប់ មិន​អាច​គ្រប់​គ្រង​បាន​ឡើយ។ នេះ​គឺ​ដោយ​សារ​តែ​ការ​រីក​ចម្រើន​នូវ​ឧក្រិដ្ឋកម្ម​និង​អំពើ​ឃោរឃៅ ការ​កាប់​សម្លាប់​គ្នា និង​ការ​ចាប់​រំលោភ​ក្នុង​សង្គ្រាម​នៅ​ក្នុង​ប្រទេស ការ​ចម្រើន​នូវ​សីលធម៌​ដ៏​ធូរ​និង​ផល​នៃ​កាមរោគ និង​ការ​មិន​គោរព​ដល់​អំណាច​ពេញ​ច្បាប់​នោះ។ យើង​រស់​នៅ​ក្នុង​សម័យ​ដែល​ដូច​គ្នា​នឹង​ជំនាន់​មុន​ទឹក​ជំនន់ ដែល​ត្រូវ​បាន​ពិពណ៌នា​មក​នៅ​លោកុប្បត្តិ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជា​និច្ច​ដូច្នោះ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​ស្ដាយ ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ព្រួយ»។—លោកុប្បត្តិ ៦:៥, ៦; ម៉ាថាយ ២៤:៣៧​-​៣៩

២២. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គ្រប់​ៗ​គ្នា​មាន​ភារៈ​អ្វី?

២២ ដូច​នៅ​ជំនាន់​លោក​ណូអេ ព្រះ​យេហូវ៉ា​ក៏​នឹង​ចាត់​វិធានការ​ដែរ។ ប៉ុន្តែ​ដោយ​មាន​យុត្ដិធម៌​និង​សេចក្ដី​ស្រឡាញ់ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​ដំណឹង​ល្អ​និង​សារ​ព្រមាន​នេះ ត្រូវ​បាន​ផ្សាយ​ដល់​គ្រប់​ទាំង​សាសន៍​ទុក​ជា​មុន​សិន។ (ម៉ាកុស ១៣:១០) ចំពោះ​រឿង​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ភារកិច្ច—ដើម្បី​រក​អស់​អ្នក​ដែល​សម​នឹង​ទទួល​សន្ដិភាព​របស់​ព្រះ ហើយ​ដើម្បី​នឹង​បង្រៀន​ពួក​គេ​អំពី​សន្ដិវិធី​របស់​ទ្រង់។ មិន​យូរ​ប៉ុន្មាន​ទៀត ដល់​ពេល​កំណត់​របស់​ទ្រង់ កិច្ច​ការ​ផ្សាយ​នេះ​នឹង​ត្រូវ​បាន​សម្រេច​ដោយ​ជោគ​ជ័យ។ «នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ១០:១២, ១៣; ២៤:១៤; ២៨:១៩, ២០

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ពត៌មាន​ថែម​ទៀត​អំពី​សាសន៍​ដទៃ សូម​មើល​ប្រធាន«ប្រជាជាតិ»នៅ​ក្នុង​សៀវភៅ Insight on the Scriptures, Volume II, ទំព័រ​ទី ៤៧២​-​៤ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

b ចំពោះ​ការ​ឲ្យ​យោបល់​ផ្សេង​ៗ​ដែល​មាន​ប្រយោជន៍​អំពី​កិច្ច​បំរើ​គ្រីស្ទាន សូម​មើល ទស្សនាវដ្ដី​ប៉ម​យាម នៃ​ខែ​សីហា ១៥, ១៩៨៤, ទំព័រ​១៥ «របៀប​ទៅ​ជា​អ្នក​បំរើ​ដែល​មាន​ប្រសិទ្ធិ​ភាព​ម្នាក់»។ ហើយ​នៅ​ទំព័រ ២១, «កិច្ច​បំរើ​ដែល​មាន​ប្រសិទ្ធិ​ភាព​នាំ​ឲ្យ​មាន​សិស្ស​ជា​ច្រើន»។ (ជា​ភាសា​អង់គ្លេស)

c ប្រកាសនវត្ថុ​ទាំង​នេះ​មាន​ជា​ភាសា​អង់គ្លេស​និង​ភាសា​បារាំង។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ស្មរបន្ទាល់​នៅ​សម័យ​នេះ​មាន​ការ​ជោគ​ជ័យ​ក្នុង​កិច្ច​បំរើ​របស់​គេ​យ៉ាង​ណា​ខ្លះ?

◻ ហេតុ​អ្វី​ក៏​មាន​មនុស្ស​ជា​ច្រើន​បដិសេធ​សារ​គ្រីស្ទាន​ម្ល៉េះ?

◻ តើ​របៀប​ផ្សាយ​អ្វី​របស់​ពួក​សាវក​ដែល​ស្មរបន្ទាល់​ប្រើ​នោះ?

◻ តើ​យើង​មាន​ឧបករណ៍​អ្វី​ខ្លះ ដើម្បី​ជួយ​កិច្ច​បំរើ​ឲ្យ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នោះ?

◻ តើ​យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ស្រប​នឹង​ម៉ាកុស ១៣:១០?

[ប្រអប់​នៅ​ទំព័រ​២៩]

ប្រទេស ដែល​មាន​ស្មរបន្ទាល់​ដ៏​សកម្ម​ក្នុង​ឆ្នាំ​១៩៤៣ ក្នុង​ឆ្នាំ​១៩៩៣

អារ្សងទីន ៣៧៤ ១០២.០៤៣

ប្រេហ្ស៊ីល ៤៣០ ៣៦៦.២៩៧

ឈីល្លី ៧២ ៤៤.៦៦៨

កូឡុមប៊ីយ៉ា ?? ៦០.៨៥៤

បារាំង សង្គ្រាម​លោក​លើក​ទី​២​-​ពុំ​មាន​បញ្ជី ១២២.២៥៤

អៀកឡង់ ១៥០? ៤.២២៤

អ៊ីតាលី សង្គ្រាម​លោក​លើក​ទី​២​-​ពុំ​មាន​បញ្ជី ២០១.៤៤០

ម៉ិចស្សីកូ ១.៥៦៥ ៣៨០.២០១

ពើរូ ពុំ​មាន​បញ្ជី​នៃ​សកម្មភាព ៤៥.៣៦៣

ហ្វីលីពីន សង្គ្រាម​លោក​លើក​ទី​២​-​ពុំ​មាន​បញ្ជី ១១៦.៥៧៦

ប៉ូឡូញ សង្គ្រាម​លោក​លើក​ទី​២​-​ពុំ​មាន​បញ្ជី ១១៣.៥៥១

ព័រទុយហ្គាល់ ពុំ​មាន​បញ្ជី​នៃ​សកម្មភាព ៤១.៨៤២

អេស្ប៉ាញ ពុំ​មាន​បញ្ជី​នៃ​សកម្មភាព ៩៧.៥៩៥

យូរាហ្គាយ ២២ ៩.១៤៤

វ៉ែននីស្សូឡា ពុំ​មាន​បញ្ជី​នៃ​សកម្មភាព ៦៤.០៨១

[រូប​ភាព​នៅ​ទំព័រ​២៧]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​កាន់​សាសនា​កាតូលិក ដូច​ជា​នៅ​ប្រទេស​អេស្ប៉ាញ​ជា​ដើម

[រូប​ភាព​នៅ​ទំព័រ​២៨]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​មាន​សកម្មភាព​ក្នុង​ស្រុក​ទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក