បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១២ ទំ. ១៩-២៤
  • ការប្រកាសព្រះនាមនៃព្រះយេហូវ៉ាជាសាធារណៈ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រកាសព្រះនាមនៃព្រះយេហូវ៉ាជាសាធារណៈ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មុខ​នាទី​នៃ​ពួក​ព្យាការី
  • អារម្មណ៍​និង​ការ​ជម្រុញ​ទឹក​ចិត្ត
  • «បញ្ចេញ​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត»
  • លទ្ធផល​នៃ​ការ​ប្រកាស​ជា​សាធារណៈ
  • គូ​កន​ក្នុង​កិច្ច​ការ​ផ្សាយ
  • ចូរយកពួកព្យាការីនៃព្រះទុកជាគំរូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរយកឈ្នះលើឧបសគ្គក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរយកតម្រាប់តាមអេម៉ុសជាអ្នកប្រកាសទំនាយ
    ២០១៣ កិច្ចបម្រើព្រះ
  • ចូរផ្សាយព្រះបន្ទូលដោយចិត្ដក្លាហាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១២ ទំ. ១៩-២៤

ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ

«ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ​សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជា​និច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់»។—ហេព្រើរ ១៣:១៥

១. តើ​ព្យាការី​ហូសេ​បាន​ដាស់​តឿន​ប្រជាជន​អ៊ីស្រាអែល​គ្នី​គ្នា​ឲ្យ​ធ្វើ​អ្វី?

ព្យាការី​របស់​ព្រះ​យេហូវ៉ា ឈ្មោះ​ហូសេ​មាន​សារ​ដ៏​សំខាន់​ជា​ជីវិត​សម្ព័ន្ធ សំរាប់​ប្រជាជន​អ៊ីស្រាអែល​គ្នី​គ្នា។ នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​បី​មុន​សករាជ​យើង គាត់​បាន​ដាស់​តឿន​មនុស្ស​រឹង​ទទឹង​នៅ​សម័យ​គាត់​ឲ្យ​ប្រែ​ចិត្ត។ គាត់​បាន​ដាស់​តឿន​ថា៖ «ចូរ​ប្រុង​ប្រៀប​ពាក្យ​សំដី ហើយ​វិល​មក​ឯ​ព្រះ​យេហូវ៉ា​ចុះ ត្រូវ​ឲ្យ​ទូល​ដល់​ទ្រង់​ថា សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ​គុណ យ៉ាង​នោះ​យើង​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ ជំនួស​គោ​ឈ្មោល​ដែល​សំរាប់​យញ្ញ​បូជា»។ (ហូសេ ១៤:២) ក្នុង​ការ​ដាស់​តឿន​ប្រជាជន​ឲ្យ​ថ្វាយ​ព្រះ​យេហូវ៉ា​នូវ‹ដង្វាយ​នៃ​បបូរ​មាត់​របស់​គេ​ជំនួស​គោ​ឈ្មោល› ទំនាយ​របស់​ហូសេ​នេះ បាន​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​ប្រែ​ចិត្ត និង​ថ្វាយ​ពាក្យ​សរសើរ​យ៉ាង​ស្មោះ​ដល់​ព្រះ។

២. តើ​សាវក​ប៉ុល​លើក​ទឹក​ចិត្ត​ជន​គ្រីស្ទាន​ឲ្យ​ថ្វាយ​គ្រឿង​បូជា​ប្រភេទ​ណា?

២ សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ក៏​ថ្វាយ‹ដង្វាយ​នៃ​បបូរ​មាត់​របស់​គេ​ជំនួស​គោ​ឈ្មោល›ដែរ។ ពួក​គេ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ដាស់​តឿន​របស់​សាវក​ប៉ុល ដែល​បាន​សំដៅ​ទៅ​ពាក្យ​ទំនាយ​របស់​ហូសេ កាល​ដែល​គាត់​បាន​សរសេរ​ថា៖ «ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ​សារ[ព្រះ​យេស៊ូ​វ គ្រីស្ទ] ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជា​និច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់»។ (ហេព្រើរ ១៣:១៥) ដូច្នេះ ពួក​អ្នក​បំរើ​ព្រះ​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​រីករាយ តាម​រយៈ​សកម្មភាព​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​គេ។—ម៉ាថាយ ២៤:១៤

៣. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ថ្វាយ​ព្រះ​យេហូវ៉ា​នូវ‹ពាក្យ​សរសើរ​ទុក​ជា​គ្រឿង​បូជា› ហើយ​ឥឡូវ​នេះ តើ​យើង​គួរ​តែ​ពិនិត្យ​មើល​សកម្មភាព​របស់​អ្នក​ណា?

៣ ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ ជា​ឯកសិទ្ធិ​មួយ​ដែល​មិន​សម​នឹង​ទទួល​ដោយ​មនុស្ស​មាន​ខ្ចោះ​ឡើយ។ ដូច្នេះ យើង​មាន​ចិត្ត​សប្បាយ​ណាស់ ដែល​យើង​មាន​សិទ្ធិ​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​របស់​យើង ដោយ​ហេតុ​នេះ យើង​កំពុង​តែ​ថ្វាយ​ព្រះ​យេហូវ៉ា​នូវ‹ពាក្យ​សរសើរ​ទុក​ជា​គ្រឿង​បូជា› និង ‹ដង្វាយ​នៃ​បបូរ​មាត់​របស់​យើង​ជំនួស​គោ​ឈ្មោល›! ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​នៅ​សព្វ​ថ្ងៃ​នេះ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​អំពី​ព្យាការី​ផ្សេង​ៗ​និង​អ្នក​បំរើ​ឯ​ទៀត​នៃ​ព្រះ​យេហូវ៉ា។ យើង​អាច​រៀន​បាន​ជា​ច្រើន​អំពី​ដំណើរ​ជីវិត​របស់​គេ ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រីករាយ​ចំពោះ​សកម្មភាព​ផ្សាយ​របស់​យើង។—រ៉ូម ១៥:៤

មុខ​នាទី​នៃ​ពួក​ព្យាការី

៤, ៥. (ក) នៅ​ក្នុង​ភាសា​ដំបូង​នៃ​ព្រះ​គម្ពីរ តើ​អត្ថន័យ​សំខាន់​នៃ​ពាក្យ​ដែល​ប្រែ​ជា«ព្យាការី»មាន​អ្វី​ខ្លះ? (ខ) តើ​អ្វី​បង្ហាញ​ប្រាប់​ថា ពួក​ព្យាការី​មាន​មុខ​នាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​រៀបចំ​របស់​ព្រះ?

៤ ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ប្រកាស​សារ​របស់​ទ្រង់​ជា​សាធារណៈ។ ពាក្យ«ព្យាការី» ក្នុង​ភាសា​ហេព្រើរ​ជា(na·viʼʹ) គឺ​គ្មាន​ដើម​កំណើត​ជា​ពិត​ប្រាកដ​ទេ ប៉ុន្តែ​ការ​ប្រើ​ពាក្យ​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ បង្ហាញ​ប្រាប់​ថា ពួក​ព្យាការី​ពិត គឺ​ជា​អ្នក​នាំ​ពាក្យ​នៃ​ព្រះ​យេហូវ៉ា ជា​ពួក​បុរស​ដែល​នាំ​សារ​ពី​ព្រះ។ ពាក្យ​ក្រិក​សំរាប់«ព្យាការី» (pro·phe​ʹ​tes) មាន​ន័យ​ចំ​ៗ​ថា«អ្នក​ថ្លែង​ដែល​ចេញ»ទៅ​និយាយ​អំពី​អ្វី​មួយ«នៅ​ពី​មុខ»អ្នក​ណា​ម្នាក់។ ព្យាការី​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ប្រកាស​សារ​ដែល​មក​ពី​ទេវ​ប្រភព។ ព្យាការី​ពិត​នៃ​ព្រះ​តែង​តែ​ទាយ​អំពី​ព្រឹត្ដិការណ៍​នៅ​អនាគត តែ​មិន​ជា​រាល់​ពេល​រាល់​ដង​ទេ។

៥ ចំពោះ​មុខ​នាទី​ដ៏​សំខាន់​របស់​ពួក​ព្យាការី​ក្នុង​ការ​រៀបចំ​របស់​ព្រះ សព្វវចនាធិប្បាយ​ម៉ាក្លិនថុក​និង​ស្ត្រង​បាន​ថ្លែង​ថា៖ «ជួន​កាល​មនុស្ស​សុំ​យោបល់​ពី​ពួក​គេ . . . ប៉ុន្តែ​ជា​ញឹក​ញាប់​ពួក​គេ​មាន​អារម្មណ៍​ជម្រុញ​ពី​ខាង​ក្នុង ឲ្យ​ថ្លែង​ប្រាប់​ប្រជាជន ដោយ​មិន​បាច់​សួរ​ឡើយ ហើយ​ពួក​គេ​មិន​ខ្លាច​បង្ហាញ​ខ្លួន​គេ​នៅ​កន្លែង​ផ្សេង​ៗ ដែល​ជួន​កាល​អាច​កើត​មាន​ការ​ក្ដៅ​ក្រហាយ​និង​សប្បដិភ័យ»។ (ក្បាល​លេខ ៨ ទំព័រ​៦៤០) សូម​ពិចារណា​មើល​ឧទាហរណ៍​ខ្លះ​ៗ​អំពី​អ្វី​ដែល​ជម្រុញ​ពួក​ព្យាការី​ឲ្យ​កាន់​គោល​ជំហរ​ដ៏​ក្លាហាន​នេះ។

អារម្មណ៍​និង​ការ​ជម្រុញ​ទឹក​ចិត្ត

៦, ៧. តើ​ព្រះ​យេហូវ៉ា​បង្គាប់​ព្យាការី​របស់​ទ្រង់​អេសេគាល ឲ្យ​បរិភោគ​អ្វី ហើយ​តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ?

៦ មុន​នឹង​ក្រុង​យេរូសាឡិម​ត្រូវ​បាន​គេ​បំផ្លាញ​នៅ​ឆ្នាំ​៦០៧ ម.​ស.យ. ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​ពួក​ជន​និរទេស​ជាតិ​យូដា​នៅ​ទី​ក្រុង​បាប៊ីឡូន តាម​រយៈ​អេសេគាល​ជា​ព្យាការី​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «កូន​មនុស្ស​អើយ ចូរ​ឯង​ស៊ី​របស់​ដែល​ឯង​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល​ចុះ»។ លោក​អេសេគាល​ក៏​គោរព​ធ្វើ​តាម ដោយ​បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ខ្ញុំ​ក៏​ហា​មាត់​ឡើង ហើយ​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​បរិភោគ​ក្រាំង​នោះ​ទៅ។ ទ្រង់​បង្គាប់​ដល់​ខ្ញុំ​ថា៖ ‹កូន​មនុស្ស​អើយ ចូរ​ឲ្យ​ពោះ​ឯង​ទទួល​ចុះ ហើយ​ឲ្យ​បាន​ឆ្អែត​ដោយ​ក្រាំង​នេះ ដែល​អញ​ឲ្យ​ដល់​ឯង​ផង›។ នោះ​ខ្ញុំ​ក៏​បរិភោគ​ទៅ ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក្រាំង​នោះ​មាន​រស​ផ្អែម​ដូច​ជា​ទឹក​ឃ្មុំ»។—អេសេគាល ៣:១​-​៣

៧ រូប​កាយ​របស់​យើង​ស្រូប​យក​ជីវជាតិ​ពី​អាហារ​ដែល​យើង​បរិភោគ ហើយ​បន្ទាប់​មក​ជីវជាតិ​នេះ​នឹង​ទៅ​ជា​ផ្នែក​មួយ​នៃ​យើង។ តាម​របៀប​នេះ​ដែរ «ក្រាំង»ដែល​អេសេគាល​បាន​បរិភោគ​នោះ—គឺ​ជា​សារ​នៃ​ព្រះ​យេហូវ៉ា​ដែល​ព្យាការី​នេះ​ត្រូវ​តែ​ប្រកាស—ក៏​បាន​ទៅ​ជា​ផ្នែក​មួយ​នៃ​គាត់​ដែរ ដោយ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​គាត់។ ពាក្យ​បន្ទូល​នៃ​ព្រះ​បាន​រំភើប​ដល់​អារម្មណ៍​ខាង​ក្នុង​របស់​លោក​អេសេគាល​ដល់​ម្ល៉េះ បាន​ជា​ការ​ប្រកាស​ពាក្យ​បន្ទូល​នោះ​ជា​សាធារណៈ ជា​ការ​សប្បាយ​ចំពោះ​គាត់។ បើ​សិន​អ្នក​ជា​ស្មរបន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ម្នាក់ តើ​អ្នក​សប្បាយ​ចិត្ត​នឹង​ប្រកាស​សារ​របស់​ព្រះ​ជា​សាធារណៈ​ទេ?

៨, ៩. តើ​អ្វី​ដែល​បាន​ជម្រុញ​ចិត្ត​ព្យាការី​អេម៉ុស​ឲ្យ​ទាយ?

៨ សូម​ពិចារណា​អំពី​ព្យាការី​អេម៉ុស​ដែរ។ គាត់​រស់​នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​បួន​មុន​សករាជ​យើង។ ក្នុង​ចំណោម​ពួក​ព្យាការី​សាសន៍​ហេព្រើរ​ដំបូង​ទាំង​ប៉ុន្មាន គាត់​ជា​បុរស​ម្នាក់​ដែល​បាន​សរសេរ​សៀវភៅ​ព្រះ​គម្ពីរ​ដែល​ដាក់​ឈ្មោះ​តាម​គាត់។ ដូច​អេសេគាល អេម៉ុស​ជា​អ្នក​ប្រកាស​ដ៏​ស្មោះ​ត្រង់​ម្នាក់​នៃ​ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ដ្បិត​ឃ្លា​ដែល​ថា«ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា»ត្រូវ​បាន​ចែង​មក​១១​ដង ពាស​ពេញ​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ​របស់​គាត់! (អេម៉ុស ១:៣, ៦, ៩, ១១, ១៣; ២:១, ៤, ៦; ៣:១២; ៥:៤; ៧:១៧) អេម៉ុស​បាន​ដឹង​ក្នុង​ចិត្ត​នូវ​ការ​ចាំ​បាច់ ក្នុង​ការ​ប្រកាស​ពាក្យ​បន្ទូល​របស់​ព្រះ​ជា​សាធារណៈ។

៩ ក្នុង​ឋានៈ​ជា​ព្យាការី​នៃ​ព្រះ អេម៉ុស​បាន​តប​ឆ្លើយ​ទៅ​នឹង​សេចក្ដី​ប្រកាស​ពី​ព្រះ ដោយ​ចាត់​វិធានការ​ជា​បន្ទាន់។ តាម​រយៈ​អេម៉ុស ព្រះ​បាន​មាន​បន្ទូល​ថា៖ «រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ»។ (អេម៉ុស ៣:៨) ព្យាការី​នេះ​មាន​អារម្មណ៍​ជម្រុញ​យ៉ាង​ខ្លាំង ឲ្យ​ប្រកាស​សារ​នៃ​ព្រះ​យេហូវ៉ា។

១០. តើ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ធ្វើ​យ៉ាង​ណា នៅ​ពេល​ដែល​កិច្ច​ការ​ផ្សាយ​របស់​គេ​ជួប​ប្រទះ​ការ​ប្រឆាំង?

១០ តាម​លំនាំ​ដូច​សិង្ហ​ដែរ ព្រះ​យេហូវ៉ា​មាន​បន្ទូល​គ្រហឹម​ចេញ​ជា​សារ​ជំនុំ​ជំ​រះ​មក​លើ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នៃ​បច្ចុប្បន្ន​នេះ។ ដូច​អេម៉ុស អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ក៏​មាន​អារម្មណ៍​ជម្រុញ​ឲ្យ​ប្រកាស​ពាក្យ​បន្ទូល​នៃ​ព្រះ​ជា​សាធារណៈ។ ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​ពួក​អ្នក​ប្រឆាំង​ក៏​ដោយ ពួក​គេ​នៅ​តែ​យក​ត្រាប់​តាម​សាវក​ពេត្រុស​និង​យ៉ូហាន ដែល​បាន​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ»។ ពួក​សាវក​ក៏​បញ្ជាក់​ទៀត​ថា៖ «[យើង]ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស»។ (កិច្ច​ការ ៤:២០; ៥:២៩) រីឯ​យើង​វិញ តើ​យ៉ាង​ណា​ដែរ? ជា​ការ​ប្រសើរ​ក្នុង​ការ​ពិនិត្យ​មើល​អារម្មណ៍​របស់​យើង ចំពោះ​ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ។

«បញ្ចេញ​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត»

១១. តើ​អ្វី​គួរ​តែ​ជម្រុញ​យើង​ឲ្យ​ខំ​ត​ស៊ូ​ក្នុង​ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ?

១១ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ គឺ​ថា​ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ឯកសិទ្ធិ​របស់​គេ។ ការ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​នេះ គួរ​តែ​ជម្រុញ​យើង​ឲ្យ​ប្រកាស​ព្រះ​នាម​របស់​ទ្រង់​ជា​សាធារណៈ។ ទំនុកដំកើង ១៤៥:១, ២ ចែង​ថា៖ «ឱ​ព្រះ​ដ៏​ជា​មហា​ក្សត្រ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​នឹង​លើក​ដំ​កើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​ពរ​អស់​កល្ប​ជា​និច្ច។ ទូល​បង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពររាល់​ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​អស់​កល្ប​ជា​និច្ច»។ តើ​យើង​មាន​អាកប្បកិរិយា​ដូច​ពាក្យ​សំដី​ទាំង​នេះ​ទេ? ការ​សិក្សា​ព្រះ​គម្ពីរ​ដ៏​ទៀង​ទាត់​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អបអរ​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​មក និង​ចំពោះ​អ្វី​ៗ​ដែល​ទ្រង់​កំពុង​តែ​ធ្វើ ហើយ​នឹង​ធ្វើ​នៅ​អនាគត​ដែរ។ ហើយ​កាល​ណា​យើង​សិក្សា​ព្រះ​គម្ពីរ​ទាំង​អស់​គ្នា​ជា​គ្រួសារ តើ​យើង​មិន​ឃើញ​ថា បន្ទូល​របស់​ព្រះ​បញ្ចេញ​ឥទ្ធិពល​ធ្វើ​ឲ្យ​យើង​ចង់​និយាយ​អំពី​ទ្រង់​និង​គោល​បំណង​របស់​ទ្រង់​ទេ​ឬ? (ហេព្រើរ ៤:១២) ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ យើង​ក៏​ត្រូវ​តែ​ប្រើ​ប្រកាសនវត្ថុ​គ្រីស្ទាន​ឲ្យ​បាន​ច្រើន​ដែរ ដែល​បាន​ផ្ដល់​មក​ពី​ព្រះ​យេហូវ៉ា តាម​រយៈ«អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ»ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​នោះ។—ម៉ាថាយ ២៤:៤៥​-​៤៧

១២. តើ​កិច្ច​ប្រជុំ​គ្រីស្ទាន​និង​ការ​សញ្ជឹង​គិត​ខ្លាំង​អាច​ជួយ​យើង​ក្នុង​ការ​ប្រកាស​ជា​សាធារណៈ​យ៉ាង​ដូច​ម្ដេច​បាន?

១២ បើ​សិន​ជា​យើង​ចង់​សរសើរ​ព្រះ​យេហូវ៉ា​ពី​ចិត្ត​កតញ្ញូ​របស់​យើង យើង​ត្រូវ​តែ​មក​ប្រជុំ​គ្រីស្ទាន​ឲ្យ​បាន​ទៀង​ទាត់។ ប្រជារាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​ទាំង​អស់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ដាស់​តឿន​របស់​សាវក​ប៉ុល ដែល​ថា៖ «ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង។ ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៤, ២៥) តើ​អ្នក​មក​កិច្ច​ប្រជុំ​គ្រីស្ទាន​បាន​ទៀង​ទាត់​ទេ? តើ​អ្នក​តែង​តែ​និយាយ​អំពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ការ​ពិសោធន៍​ល្អ​ផ្សេង​ៗ និង​ដំណឹង​ដ៏​រំភើប​ចិត្ត​អំពី​ការ​រីក​ចំរើន​ខាង​អង្គការ​ព្រះ​ធិបតេយ្យ ដែល​អ្នក​បាន​ឮ​នៅ​ឯ​ទី​ប្រជុំ​នៃ​ប្រជារាស្ត្រ​របស់​ព្រះ​នោះ​ទេ? បើ​សិន​ជា​អ្នក​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ អ្នក​គួរ​តែ​លៃ​លក​ពេល​វេលា​សញ្ជឹង​គិត​ខ្លាំង​អំពី​ពាក្យ​បន្ទូល​របស់​ទ្រង់ ដើម្បី​ឲ្យ​គំនិត​របស់​ទ្រង់​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក។ (ទំនុកដំកើង ៧៧:១២; ១៤៣:៥) ជា​ពិត​ប្រាកដ​មែន កិច្ច​ប្រជុំ​គ្រីស្ទាន​និង​ការ​សញ្ជឹង​គិត​ខ្លាំង​អំពី​ពាក្យ​បន្ទូល​នៃ​ព្រះ​ឲ្យ​បាន​ទៀង​ទាត់ នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​អបអរ​ដល់​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ។

១៣. តើ​យើង‹ផលិត​សេចក្ដី​ល្អ›ចេញ​ពី​ចិត្ត​របស់​យើង​តាម​របៀប​ណា​ខ្លះ?

១៣ យើង​ផលិត​បាន​សេចក្ដី​ល្អ​ពី​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​កតញ្ញូ​ធម៌។ ព្រះ​យេស៊ូ​វ​ទ្រង់​បាន​វែក​ញែក​ឃើញ​ថា៖ «មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត​ជា​និច្ច»។ (លូកា ៦:៤៥) វិធី​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ‹ផលិត​សេចក្ដី​ល្អ› គឺ​ជា​ការ​ប្រកាស​អំពី​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា និង​គោល​បំណង​របស់​ទ្រង់ ដល់​អ្នក​ជិត​ខាង និង​ញាតិ​សន្ដាន​យើង—មែន​ហើយ គឺ​ដល់​មនុស្ស​ណា​ដែល​យើង​ជួប។

លទ្ធផល​នៃ​ការ​ប្រកាស​ជា​សាធារណៈ

១៤. (ក) តើ​អ្នក​ប្រកាស​និង​អ្នក​ស្ដាប់​សារ​ព្រះ​រាជាណាចក្រ​អាច​ពិសោធ​អ្វី​ខ្លះ? (ខ) តើ​កិច្ច​ការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​កំពុង​តែ​បាន​ទទួល​លទ្ធផល​អ្វី?

១៤ ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​មាន​ការ​សប្បាយ​រីករាយ​នឹង​ការ​បំរើ​របស់​គេ ហើយ​អ្វី​ៗ​ដែល​ពួក​គេ​បាន​ប្រកាស នោះ​ផ្ដល់​ប្រយោជន៍​ដល់​ពួក​អ្នក​ទាំង​ឡាយ​ដែល​ចូល​ចិត្ត​ស្ដាប់។ ស្រដៀង​នេះ​ដែរ ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​ជា​សាធារណៈ ក៏​នាំ​ឲ្យ​មាន​ការ​សប្បាយ​រីករាយ​ដល់​ពួក​អ្នក​ប្រកាស​ដែរ។ (កិច្ច​ការ ២០:៣៥) ហើយ​សារ​នេះ​ច្បាស់​ជា​មាន​ប្រយោជន៍​ជា​អនេក​ដល់​ពួក​អ្នក​ស្ដាប់​ទាំង​ឡាយ​ដែល​មាន​ចិត្ត​អបអរ! ការ​ទទួល​យក​ដំណឹង​ល្អ​នេះ ជួយ​មនុស្ស​ឲ្យ​មាន​ជ័យ​ជំនះ​លើ​ការ​កើត​ចិត្ត​ក្រៀម​ក្រំ ឬ​ក៏​ជួយ​ឲ្យ​ចេះ​អត់​ទ្រាំ​នឹង​បញ្ហា​នេះ។ ពួក​អ្នក​ដែល​បង​ប្អូន​បាន​ស្លាប់​ទៅ មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នៃ​ការ​រស់​ឡើង​វិញ។ ពួក​អ្នក​ញៀន​ក៏​អាច​គេច​រួច​ពី​ភាព​ខ្ញុំ​កញ្ជះ​នឹង​ជាតិ​ញៀន​នីកូទីន ជាតិ​អាភៀន និង​ជាតិ​ញៀន​ផ្សេង​ៗ​ទៀត​ដែរ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​រីក​ចំរើន​ឡើង​ខាង​សីលធម៌ ហើយ​អស់​អ្នក​ណា​ដែល​ទទួល​យក​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ នឹង​បាន​សេរី​ភាព​ខាង​វិញ្ញាណ។ (យ៉ូហាន ៥:២៨, ២៩; ៨:៣២) ការ​ប្រកាស​ថា​ព្រះ​រាជាណាចក្រ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​សំរាប់​មនុស្ស​លោក ក៏​ជា​ការ​ព្រមាន​ដល់​មនុស្ស​អាក្រក់​ដែរ ហើយ​នៅ​ពេល​ដំណាល​គ្នា​នេះ ក៏​ផលិត​ឲ្យ​មាន​ការ​តប​ឆ្លើយ​ដ៏​ល្អ​ពី​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ។ ដូច្នេះ​ហើយ មនុស្ស​នឹង​ត្រូវ​បាន​ញែក​ទៅ​ជា​ពីរ​ផ្នែក ផ្នែក​មួយ​សំរាប់‹ការ​កាត់​ចោល​អស់​កល្ប​ជា​និច្ច› ឬ​ផ្នែក​មួយ​ទៀត​សំរាប់«ជីវិត​អស់​កល្ប​ជា​និច្ច» នៅ​ពេល​ដែល​ការ​ជំនុំ​ជំ​រះ​ពី​ព្រះ​ត្រូវ​បាន​ប្រតិបត្ដិ​មក​លើ​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ។ (ម៉ាថាយ ២៤:១៤; ២៥:៣១​-​៤៦; អេសេគាល ៣៣:១​-​៩; ធីម៉ូថេ​ទី​១ ២:៣, ៤) កិច្ច​ការ​ផ្សាយ​របស់​យើង ជា​ប្រតិបត្ដិ​ការ​សង្គ្រោះ​ដែលគ្មាន​ពី​មុន​មក គឺ​ជា​ការ​ប្រកាស​ជា​សាធារណៈ​ដែល​មាន​វិសាលភាព​យ៉ាង​ធំ​ពាស​ពេញ ដែល​នឹង​សម្រេច​នៅ​លើ​ផែនដី​នេះ!

១៥. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​មនុស្ស​ស្មោះ​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង?

១៥ ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ថ្មី​នេះ យើង​មាន​ចិត្ត​រីករាយ​ស្ដាប់​បង្គាប់​តាម​និង​បំរើ​ព្រះ​វរបិតា​សួគ៌ា​របស់​យើង។ (រ៉ូម ១២:១១) ដូច្នេះ​ហើយ យើង​មាន​ចិត្ត​រីករាយ​នឹង​ចាត់​ពេល​វេលា​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ (កិច្ច​ការ ៥:៤២; ២០:២០) សេចក្ដី​រាយ​ការណ៍​អន្តរជាតិ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​មាន​មនុស្ស​ស្មោះ​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ កាល​ណា​កាលៈទេសៈ​នៅ​ក្នុង​លោកីយ៍​ប្រែ​ប្រួល នេះ​ក៏​មាន​ការ​ប៉ះ​ពាល់​ដល់​មនុស្ស​ជា​ច្រើន​ដែរ។ មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​ជន​ភៀស​ខ្លួន ជា​អាណិកជន​រស់​នៅ​បរទេស។ ប្រហែល​ជា​មាន​មនុស្ស​ដូច​នេះ​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ បើ​មាន​មែន ចូរ​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ពួក​គេ​ខាង​ផ្លូវ​វិញ្ញាណ កាល​ដែល​យើង​ត្រូវ​ត​ស៊ូ​ក្នុង«ការងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ»។ (រ៉ូម ១៥:១៦) ជន​គ្រីស្ទាន​ខ្លះ​បាន​រៀន​ភាសា​ផ្សេង​ទៀត ដើម្បី​ឲ្យ​អាច​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ដល់​មនុស្ស​បែប​នោះ។

១៦. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចេះ​ត​ស៊ូ​ក្នុង​ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា?

១៦ ព្យាការី​របស់​ព្រះ​ភាគ​ច្រើន​មាន​កិច្ច​ការ​ពិបាក​ណាស់។ មិន​ជា​ការ​ស្រួល​ទេ​ចំពោះ​ពួក​គេ ក្នុង​ការ​ប្រកាស​សារ​របស់​ព្រះ​ដល់​មនុស្ស​ដែល​មិន​ចង់​ស្ដាប់​នោះ។ ស្រដៀង​នឹង​ការ​នេះ​ដែរ មិន​មែន​អស់​អ្នក​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា មាន​ការ​ស្រួល​ក្នុង​ការ​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ទេ ជា​ពិសេស​នៅ​ក្នុង​តំបន់​ផ្សាយ​ដែល​មិន​សូវ​មាន​អ្នក​ចូល​ចិត្ត។ ក៏​ប៉ុន្តែ ការ​ទុក​ចិត្ត ដែល​ជា​លទ្ធផល​នៃ​ការ​សិក្សា​ពាក្យ​បន្ទូល​និង​អធិស្ឋាន ជា​មួយ​និង​កម្លាំង​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ នឹង​អាច​ជួយ​យើង​ឲ្យ​ត​ស៊ូ​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ។ (ភីលីព ៤:១៣; វិវរណៈ ១៤:៦) ចំពោះ​រឿង​នេះ តើ​យើង​អាច​រៀន​អ្វី​ទៀត​អំពី​ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​និង​អ្នក​បំរើ​ទ្រង់​ឯ​ទៀត​នៅ​សម័យ​បុរាណ?

គូ​កន​ក្នុង​កិច្ច​ការ​ផ្សាយ

១៧. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ដែល​ប្រាប់​អំពី​ការ​មាន​គូ​កន​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​បំរើ​ព្រះ?

១៧ ក្នុង​ការ​មើល​ថែ​រក្សា​ភារកិច្ច​របស់​គាត់ ម៉ូសេ​ជា​ព្យាការី​របស់​ព្រះ ដំបូង​មាន​អើរ៉ុន​ជា​បង​ប្រុស​បាន​ជួយ​គាត់។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា៖ «[អើរ៉ុន]នឹង​និយាយ​ទៅ​បណ្ដា​ជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង»។ (និក្ខមនំ ៤:១៦) សូម​ពិចារណា​ដែរ​អំពី​គ្រា​នៃ​ពួក​ព្យាការី​អេលីយ៉ា​និង​អេលីសេ នៅ​ពេល​ដែល«ពួក​សិស្ស​របស់[ព្យាការី,ពថ]»បាន​ចំរើន​ឡើង។ ពួក​ទាំង​នេះ​ជា​ក្រុម​នៃ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា ដែល​បាន​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​ប្រាកដ​ជា​សប្បាយ​រីករាយ​នឹង​ការ​មាន​គ្នា​ជា​មិន​ខាន។ (ពង្សាវតារ​ក្សត្រ​ទី​២ ២:៣​-​៥; ៤:៣៨; ប្រៀប​ធៀប សាំយូអែល​ទី​១ ១០:៥, ១០) ថ្វី​បើ​ម៉ូសេ​និង​អើរ៉ុន ហើយ«ពួក​សិស្ស​របស់[ព្យាការី,ពថ]» មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ក្ដី ក៏​ការ​មាន​គូ​កន​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​ដែរ។ ជា​ច្រើន​សតវត្ស​ក្រោយ​មក ព្រះ​យេស៊ូ​វ​គ្រីស្ទ​បាន​បញ្ជូន​សិស្ស​៧០​នាក់​ឲ្យ​ចេញ​ទៅ​ផ្សាយ​ជា«មួយ​គូ​ៗ»។ ហើយ​ពួក​សិស្ស​ទាំង​នោះ​ប្រាកដ​ជា​ទទួល​ប្រយោជន៍​ពី​ការ​មាន​គូ​កន​ដែល​បាន​ផ្ដល់​ឲ្យ​នោះ​ជា​មិន​ខាន។—លូកា ១០:១​-​១៦; ប្រៀប​ធៀប កិច្ច​ការ ១៧:១០, ១១; ២០:២០

១៨. នៅ​សព្វ​ថ្ងៃ​នេះ តើ​ការ​មាន​គូ​កន​ក្នុង​ការ​ផ្សាយ មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

១៨ នៅ​ក្នុង​ឆ្នាំ​១៩៥៣ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចាប់​ប្រតិបត្ដិ​កម្ម​វិធី​មួយ ដែល​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ធ្វើ​ការ​ផ្សាយ​ជា​មួយ​គ្នា។ ពិត​មែន​ហើយ ការ​នេះ​មិន​មែន​ធ្វើ​ឡើង ដើម្បី​តែ​ប្រយោជន៍​នៃ​ការ​មាន​គូ​កន​នោះ​ទេ។ តាម​ការ​ពិត កម្ម​វិធី​ហ្វឹកហ្វឺន​នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​បំរើ​ព្រះ​ឲ្យ​បាន​ទៅ​ជា​គ្រូ​បង្រៀន និង​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដែល​មាន​ប្រសិទ្ធិ​ភាព។ ដោយ​សារ​តែ​កម្មវត្ថុ​នេះ អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​មាន​ការ​ពិសោធន៍​ច្រើន បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សាយ​ជា​មួយ​ពួក​អ្នក​ថ្មី​ៗ។ កម្ម​វិធី​ហ្វឹកហ្វឺន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នេះ បាន​ផ្ដល់​ឲ្យ​ប្រយោជន៍​ជា​ច្រើន ហើយ​ក៏​បាន​ជួយ​ប្រជារាស្ត្រ​ព្រះ​យេហូវ៉ា ឲ្យ​មាន​ការ​រីក​ចំរើន​ក្នុង​ការ​ប្រកាស​ព្រះ​នាម​របស់​ទ្រង់​ជា​សាធារណៈ​ដែរ។ (ធីម៉ូថេ​ទី​១ ៤:១៦) នៅ​សព្វ​ថ្ងៃ​នេះ សន្ដិសុខ​ជា​កត្ដា​មួយ​ទៀត ដែល​ជន​គ្រីស្ទាន​ធ្វើ​ការ​ផ្សាយ​ជា«មួយ​គូ​ៗ»នោះ ជា​ពិសេស​នៅ​ក្នុង​តំបន់​ខ្លះ។

១៩. តើ​គួរ​តែ​ចង​ចាំ​អ្វី ចំពោះ​គោល​ដៅ​ផ្ទាល់​ខ្លួន​ពេល​ធ្វើ​កិច្ច​ការ​ផ្សាយ?

១៩ ទោះ​បី​ជា​អ្នក​ទៅ​ផ្សាយ​ជា​មួយ​អ្នក​មាន​ជំនឿ​ដូច​គ្នា ឬ​ក៏​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​តែ​ម្នាក់​ឯង​ក្ដី អ្នក​គួរ​តែ​ខំ​សម្រេច​គោល​ដៅ​ផ្ទាល់​ខ្លួន​ខ្លះ​ៗ។ គោល​ដៅ​នេះ​គួរ​តែ​សម​ហេតុ​សម​ផល ហើយ​អាច​សម្រេច​ទៅ​បាន។ តើ​អ្នក​ត្រូវ​ការ​ជំនួយ ក្នុង​ការ​កែ​សម្រួល​ការ​ផ្ដើម​វាចា​របស់​អ្នក​យ៉ាង​ណា​ឲ្យ​មនុស្ស​នៅ​ក្នុង​តំបន់​ផ្សាយ​ចាប់​អារម្មណ៍​ទេ? បើ​អ្នក​ត្រូវ​ការ ប្រហែល​ជា​អ្នក​អាច​ទៅ​ជា​មួយ​អ្នក​ត្រួស​ត្រាយ​ម្នាក់ ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ពេញ​ពេល ឬ​អ្នក​ផ្សាយ​ដែល​ប៉ិន​ប្រសប់​ប្រើ​ការ​ផ្ដើម​វាចា​ល្អ​ៗ​យ៉ាង​សក្ដិ​សិទ្ធិ។ គូកន​របស់​អ្នក​អាច​ជួយ​អ្នក​រៀបចំ​និង​ប្រើ​ការ​ផ្ដើម​វាចា ដែល​បាន​គ្រោង​ទុក​មក​នៅ​ក្នុង​សន្លឹក​កម្ម​វិធី​កិច្ច​បំរើ​រាជាណាចក្រ​យើង ឬ​នៅ​ក្នុង​សៀវភៅ​ការ​វែក​ញែក​ពី​បទ​គម្ពីរ។ (ជា​ភាសា​អង់គ្លេស) នៅ​ពេល​ឯ​ទៀត កាល​ដែល​អ្នក​ផ្សាយ​ជា​មួយ​គ្នា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​សម្ដែង​របស់​គូ​កន​អ្នក។ រួច​ចូរ​អ្នក​សាក​ល្បង​ការ​សម្ដែង​ស្រដៀង​នោះ​ដោយ​ខ្លួន​ឯង​ចុះ រហូត​ទាល់​តែ​អ្នក​បាន​ស្ទាត់​ខាង​ផ្នែក​កិច្ច​បំរើ​របស់​អ្នក​នេះ។

២០, ២១. តើ​អ្វី​អាច​ធ្វើ​ឲ្យ​ការ​មាន​គូ​កន​ជា​ការ​មាន​ប្រយោជន៍​ពិសេស​ក្នុង​កិច្ច​ការ​ផ្សាយ?

២០ ចុះ​យ៉ាង​ណា​វិញ បើ​សិន​ជា​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​បាន​សក្ដិ​សិទ្ធិ​ក្នុង​ការ​ត្រឡប់​ទៅ​ជួប ដោយ​មាន​បំណង​នឹង​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​នោះ? ប្រហែល​ជា​អ្នក​បង្រៀន​តាម​ក្រុម​អាច​ចាត់​ចែង​ឲ្យ​អ្នក​ទៅ​ផ្សាយ​ជា​មួយ​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ម្នាក់ ដែល​ប៉ិន​ប្រសប់​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​ម្ដង​ទៀត សូម​កុំ​ធ្វើ​ជា​គូ​កន​ដែល​ឥត​ស្តី​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​គូ​កន​អ្នក​បាន​បង្ហាញ​នូវរបៀប​ដែល​គាត់ ឬ​នាង​បាន​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​នៅ​ពេល​ជួប​បុគ្គល​ម្នាក់ ប្រហែល​ជា​ការ​មាន​ប្រយោជន៍ បើ​អ្នក​អាច​រៀន​តាម​ការ​សម្ដែង​ស្រដៀង​នេះ​ដែរ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​គេ​ជា​បន្ទាប់​នោះ។ គូកន​របស់​អ្នក​នឹង​ជួយ​អ្នក ហើយ​នឹង​ជួយ​ឲ្យ​ឱវាទ​ក្រោយ​ពី​នោះ។—ប្រៀប​ធៀប កាឡាទី ៦:៦

២១ ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ ដែល​មក​ពី​គូ​កន​ផ្សាយ អាច​ជួយ​អ្នក​សម្រេច​គោល​ដៅ​របស់​អ្នក​បាន​ក្នុង​កិច្ច​បំរើ។ ជំនួយ​នេះ និង​ការ​អបអរ​ដ៏​ជ្រាល​ជ្រៅ​របស់​អ្នក ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នៃ​ព្រះ​យេហូវ៉ា ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​កិច្ច​ការ​ពិសេស​នេះ នឹង​ជួយ​អ្នក​ឲ្យ​រឹត​តែ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​សកម្មភាព​ផ្សាយ​ព្រះ​រាជាណាចក្រ​ជា​មិន​ខាន។ ហើយ​សូម​ឲ្យ​អ្នក​រក្សា​ទុក​ឯកសិទ្ធិ​ដ៏​ជា​ប្រសិទ្ធិ​ពរ​នេះ ដោយ​តែង​តែ​និយាយ​ល្អ​ៗ​អំពី​ទ្រង់ ហើយ​ដោយ​ប្រកាស​យ៉ាង​ទៀង​ទាត់​ពី​ព្រះ​នាម​របស់​ទ្រង់​ជា​សាធារណៈ។—ទំនុកដំកើង ១៤៥:១, ២, ៩​-​១៣

២២. តើ​មាន​សំនួរ​អ្វី​ខ្លះ ដែល​ការ​សិក្សា​របស់​យើង​ជា​បន្ទាប់​នឹង​ជួយ​យើង​ឆ្លើយ?

២២ ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​តែង​តែ​ធ្វើ​ការ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សា។ មនុស្ស​ជា​ច្រើន​ស្ដាប់​តាម​ដំណឹង​ល្អ​ដោយ​ចិត្ត​អបអរ​យ៉ាង​ជ្រៅ។ ក៏​ប៉ុន្តែ មាន​អ្នក​ខ្លះ ប្រហែល​ជា​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្ដាប់​តាម​សារ​ព្រះ​រាជាណាចក្រ។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ពេល​ជួប​ប្រទះ​កាលៈទេសៈ​បែប​នេះ? តើ​យើង​អាច​ត​ស៊ូ​នឹង​កិច្ចការ​ដែល​ទ្រង់​ប្រទាន​ឲ្យ​ប្រជារាស្ត្រ​ទ្រង់​យ៉ាង​ដូច​ម្ដេច? តើ​មាន​គំរូ​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​អាច​ជួយ​ឬ​ដឹក​នាំ​យើង​ទេ? សំនួរ​ទាំង​នេះ​នឹង​ត្រូវ​ឆ្លើយ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​យល់​ចំណុច​ទាំង​នេះ​ទេ?

◻ តើ​ហូសេ​និង​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​អ្វី​ខ្លះ​អំពី​គ្រឿង​បូជា​ទៅ​ព្រះ?

◻ តើ​អ្វី​ដែល​បាន​ជម្រុញ​ព្យាការី​អេសេគាល​និង​អេម៉ុស​ឲ្យ​ទាយ?

◻ តើ​យើង​គួរ​តែ​មាន​ទស្សនៈ​យ៉ាង​ណា អំពី​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​យើង?

◻ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​មាន​គូ​កន​ពេល​ធ្វើ​កិច្ច​ការ​ផ្សាយ​នោះ?

[រូប​ភាព​នៅ​ទំព័រ​២២]

ការ​មាន​គូ​កន​ខ្លឹម​សារ​អាច​ជួយ​យើង​ឲ្យ​មាន​ការ​រីក​ចំរើន​ក្នុង​ការ​បំរើ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក