បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១២ ទំ. ២៤-២៩
  • ចូរយកពួកព្យាការីនៃព្រះទុកជាគំរូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរយកពួកព្យាការីនៃព្រះទុកជាគំរូ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​គេ​រង​ទុក្ខ​សេចក្ដី​ទុក្ខ​លំបាក
  • ពួក​គេ​អនុវត្ត​សេចក្ដី​អត់​ធ្មត់
  • ‹ពួក​គេ​បាន​ធ្វើ​ដូច្នោះ​មែន›
  • ពួក​គេ​មាន​អាកប្បកិរិយា​វិជ្ជមាន
  • ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត
  • យតិ​ភាព​និង​អាកប្បកិរិយា​រង់​ចាំ
  • ការ​អនុវត្ត​សេចក្ដី​អត់​ធ្មត់​នៅ​សព្វ​ថ្ងៃ​នេះ
  • ចូរផ្សាយព្រះបន្ទូលដោយចិត្ដក្លាហាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរយកតម្រាប់តាមព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ការប្រកាសព្រះនាមនៃព្រះយេហូវ៉ាជាសាធារណៈ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរយកតម្រាប់តាមអេម៉ុសជាអ្នកប្រកាសទំនាយ
    ២០១៣ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១២ ទំ. ២៤-២៩

ចូរ​យក​ពួក​ព្យាការី​នៃ​ព្រះ​ទុក​ជា​គំរូ

«បង​ប្អូន​អើយ ចូរ​យក​ពួក[ព្យាការី, ពថ] ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់​ធ្មត់​ចុះ»។—យ៉ាកុប ៥:១០

១. តើ​អ្វី​ជួយ​ពួក​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​ឲ្យ​មាន​សេចក្ដី​អំណរ សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បៀត​បៀន?

ពួក​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​បញ្ចេញ​សេចក្ដី​អំណរ ទោះ​បី​ជា​មាន​ការ​កើត​ទុក្ខ​លំបាក​ជា​ច្រើន​នៅ​ពាស​ពេញ​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ។ ពី​ព្រោះ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​គេ។ ស្មរបន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ខំ​អត់​ទ្រាំ​នឹង​ការ​បៀត​បៀន និង​ការ​ប្រឆាំង​ចំពោះ​កិច្ច​ការ​ផ្សាយ​ជា​សាធារណៈ​របស់​គេ​ដែរ ដោយ​យល់​ឃើញ​ថា ពួក​គេ​កំពុង​តែ​រង​ទុក្ខ​វេទនា​ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្ដី​សុចរិត។ ព្រះ​យេស៊ូ​វ​គ្រីស្ទ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត​បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ។ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថាន​សួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក[ព្យាការី,ពថ] ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ»។ (ម៉ាថាយ ៥:១០​-​១២) ពិត​មែន​ហើយ កាល​ណា​ពួក​អ្នក​បំរើ​នៃ​ព្រះ​ជួប​ប្រទះ​នូវ​ការ​សាក​ល្បង​ជំនឿ ពួក​គេ​ចាត់​ទុក​នេះ​ជា​សេចក្ដី​អំណរ​ទៅ​វិញ។—យ៉ាកុប ១:២, ៣

២. យោង​ទៅ​តាម យ៉ាកុប ៥:១០ តើ​អ្វី​អាច​ជួយ​យើង​ក្នុង​ការ​អនុវត្ត​សេចក្ដី​អត់​ធ្មត់?

២ សិស្ស​យ៉ាកុប​បាន​សរសេរ​ថា៖ «បង​ប្អូន​អើយ ចូរ​យក​ពួក[ព្យាការី,ពថ] ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់​ធ្មត់​ចុះ»។ (យ៉ាកុប ៥:១០) លោក​វី​លាម អេហ្វ អាន់ និង​លោក​អេហ្វ វីលបឺ គិងរ៉ិច បាន​ឲ្យ​អត្ថន័យ​ពាក្យ​ក្រិក​ដែល​ប្រែ​ថា«គំរូ» (ហិ ផូដេគ ម៉ា) ជា«ឧទាហរណ៍ តម្រាប់ គំរូ ក្នុង​ន័យ​ល្អ​ៗ ដូចជា​អ្វី​មួយ​ដែល​ធ្វើ ឬ​ញុះញង់​ឲ្យ​យក​ត្រាប់​តាម»។ ដូច​ជា​បាន​បង្ហាញ​មក​នៅ​យ៉ូហាន ១៣:១៥ «នេះ​មិន​មែន​ត្រឹម​តែ​ជា​ឧទាហរណ៍​ប៉ុណ្ណោះ​ទេ គឺ​ជា​គំរូ​ដើម​ដ៏​ពិត​ប្រាកដ»។ (វចនានុក្រម​សាសន​វិទ្យា​នៃ​គម្ពីរ​សញ្ញា​ថ្មី) ដូច្នេះ​ហើយ អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​ថ្មី​អាច​យក​ពួក​ព្យាការី​ស្មោះ​ត្រង់​របស់​ទ្រង់ ទុក​ជា​គំរូ​ចំពោះ‹ការ​រង​ទុក្ខ​លំបាក› និង‹ការ​អនុវត្ត​សេចក្ដី​អត់​ធ្មត់›។ ហើយ​តើ​យើង​អាច​រៀន​អំពី​អ្វី​ទៀត ពេល​យើង​សិក្សា​អំពី​ជីវិត​របស់​ពួក​គេ? ហើយ​តើ​ការ​នេះ​អាច​ជួយ​យើង​ក្នុង​សកម្មភាព​ផ្សាយ​យ៉ាង​ដូច​ម្ដេច​បាន?

ពួក​គេ​រង​ទុក្ខ​សេចក្ដី​ទុក្ខ​លំបាក

៣, ៤. តើ​ព្យាការី​អេម៉ុស​បាន​ឆ្លើយ​តប​នឹង​ការ​ប្រឆាំង​ពី​អ័ម៉ាស៊ា​យ៉ាង​ដូច​ម្ដេច?

៣ ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​តែង​តែ​រង​ទុក្ខ​សេចក្ដី​ទុក្ខ​លំបាក ឬ​ក៏​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ជា​ឧទាហរណ៍ នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​បួន​មុន​សករាជ​យើង សង្ឃ​ដែល​ថ្វាយ​បង្គំ​កូន​គោ​ម្នាក់​ឈ្មោះ​អ័ម៉ាស៊ា បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ព្យាការី​អេម៉ុស។ អ័ម៉ាស៊ា​បាន​ចោទ​ដោយ​មិន​ពិត​ថា អេម៉ុស​បាន​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​ស្តេច​យេរ៉ូបោម​ទី​២ ដោយ​ទាយ​ថា​ស្តេច​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​ថា​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ដឹក​នាំ​ចេញ​ទៅ​ជា​ឈ្លើយ។ អ័ម៉ាស៊ា​បាន​ប្រាប់​អេម៉ុស​ដោយ​មើល​ងាយ​ថា៖ «ឱ​អ្នក​មើល​ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រក​ស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត​-​អែល​ទៀត​ឡើយ ដ្បិត​នេះ​ជា​ទី​គោរព​របស់​ស្តេច ហើយ​ជា​ដំណាក់​ហ្លួង​ផង»។ ដោយ​ឥត​ញញើត​នឹង​ការ​វាយ​ប្រហារ​តាម​ពាក្យ​សំដី​នេះ អេម៉ុស​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ពី​ដើម​មិន​មែន​ជា[ព្យាការី,ពថ]ទេ ក៏​មិន​មែន​ជា​កូន​របស់[ព្យាការី,ពថ]ដែរ គឺ​ជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ។ តែ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏​បាន​បង្គាប់​ខ្ញុំ​ថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ចុះ»។—អេម៉ុស ៧:១០​-​១៥

៤ ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​អេម៉ុស​ឲ្យ​ទាយ​យ៉ាង​ក្លាហាន។ យើង​អាច​នឹក​ស្មាន​ពី​អារម្មណ៍​របស់​អ័ម៉ាស៊ា ពេល​ដែល​អេម៉ុស​បាន​មាន​ប្រសាសន៍​ថា៖ «ចូរ​លោក​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ឥឡូវ​ចុះ លោក​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ទាយ​ទាស់​នឹង​អ៊ីស្រាអែល​ឲ្យ​សោះ ក៏​កុំ​ឲ្យ​បញ្ចេញ​ពាក្យ​ណា​ទាស់​នឹង​ពួក​វង្ស​អ៊ីសាក​ដែរ»។ ហេតុ​នោះ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា៖ «ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក​គ្រោក ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​គេ​ដឹក​នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន»។ ទំនាយ​នេះ​បាន​សម្រេច​មែន។ (អេម៉ុស ៧:១៦, ១៧) អ័ម៉ាស៊ា ជា​អ្នក​បះ​បោរ​ជំនឿ​នោះ ច្បាស់​ជា​រន្ធត់​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎!

៥. តើ​មាន​ស្ថានការណ៍​ស្រដៀង​គ្នា​ណា​ខ្លះ រវាង​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​ថ្មី​និង​ព្យាការី​អេម៉ុស?

៥ រឿង​នេះ​ក៏​ស្រដៀង​នឹង​ស្ថានការណ៍​របស់​ប្រជារាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ យើង​រង​ទុក្ខ​សេចក្ដី​ទុក្ខ​លំបាក ជា​អ្នក​ដែល​ប្រកាស​សារ​របស់​ព្រះ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ដោយ​មើល​ងាយ​នឹង​សកម្មភាព​ផ្សាយ​របស់​យើង។ ប្រាកដ​មែន អំណាច​ចំពោះ​ការ​ផ្សាយ​របស់​យើង មិន​មែន​ចេញ​មក​ពី​សិក្ខាសាលា​ខាង​សាសន​វិទ្យា​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​យេហូវ៉ា ដែល​ជំរុញ​យើង​ឲ្យ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ។ យើង​មិន​កែ​ប្រែ ហើយ​ក៏​មិន​លាយ​បន្សាប​សារ​របស់​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​អេម៉ុស យើង​ស្ដាប់​បង្គាប់ ដោយ​ប្រកាស​សារ​នោះ ទោះ​បី​ជា​ពួក​អ្នក​ស្ដាប់​ធ្វើ​ប្រតិកម្ម​យ៉ាង​ណា​ក៏​ដោយ។—កូរិនថូស​ទី​២ ២:១៥​-​១៧

ពួក​គេ​អនុវត្ត​សេចក្ដី​អត់​ធ្មត់

៦, ៧. (ក) តើ​ទំនាយ​របស់​លោក​អេសាយ​បញ្ចេញ​ឲ្យ​ឃើញ​គុណសម្បត្ដិ​អ្វី​ខ្លះ? (ខ) តើ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​ថ្មី​នេះ យក​គំរូ​តាម​លោក​អេសាយ​យ៉ាង​ណា​ខ្លះ?

៦ ពួក​ព្យាការី​នៃ​ព្រះ​បាន​អនុវត្ត​សេចក្ដី​អត់​ធ្មត់។ ឧទាហរណ៍ លោក​អេសាយ​បាន​សម្ដែង​សេចក្ដី​អត់​ធ្មត់ គាត់​បាន​បំរើ​ជា​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​នៅ​សតវត្ស​ទី​ប្រាំ​បី​មុន​សករាជ​យើង។ ព្រះ​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «ចូរ​ទៅ​ប្រាប់​ដល់​ជន​ជាតិ​នេះ​ថា៖ ‹ចូរ​ឯង​រាល់​គ្នា​ស្ដាប់​ចុះ តែ​ឥត​យល់ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ›។ ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​ជន​ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ​ក្រែង​គេ​មើល​ឃើញ ដោយ​ភ្នែក ស្ដាប់​ឮ ដោយ​ត្រចៀក ហើយ​យល់ ដោយ​ចិត្ត រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។ (អេសាយ ៦:៩, ១០) ប្រជាជន​បាន​ធ្វើ​ប្រតិកម្ម​ដូច​នេះ​មែន។ ប៉ុន្តែ តើ​នេះ​ធ្វើ​ឲ្យ​អេសាយ​លះ​បង់​ចោល​ទេ? អត់​ទេ ផ្ទុយ​ទៅ​វិញ គាត់​ខំ​ខ្នះ​ខ្នែង​ប្រកាស​សារ​ព្រមាន​នៃ​ព្រះ​យេហូវ៉ា​យ៉ាង​អត់​ធ្មត់។ រចនា​សម្ព័ន្ធ​ភាសា​ហេព្រើរ​នៃ​ពាក្យ​បន្ទូល​របស់​ព្រះ​ដែល​ទើប​តែ​បាន​ស្រង់​ចេញ​នេះ គាំទ្រ​គំនិត​ដែល​ថា ការ​ប្រកាស​របស់​ពួក​ព្យាការី​ជា«ការ​បន្ត​យ៉ាង​យូរ» ដែល​ប្រជាជន​ត្រូវ​បាន​ឮ«ម្ដង​ហើយ​ម្ដង​ទៀត»។—វេយ្យាករណ៍​ភាសា​ហេព្រើរ​នៃ​ចិ​សិ​ន្នី​អឺ​ស។

៧ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ធ្វើ​ប្រតិកម្ម​នឹង​ដំណឹង​ល្អ ដូច​កាល​ដែល​មនុស្ស​បាន​ធ្វើ​ប្រតិកម្ម​នឹង​ពាក្យ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ដែល​លោក​អេសាយ​បាន​ប្រកាស​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ប្រកាស​សារ​នៃ​ព្រះ​រាជាណាចក្រ«ម្ដង​ហើយ​ម្ដង​ទៀត» ដូច​ព្យាការី​ដ៏​ស្មោះ​ត្រង់​នោះ​ដែរ។ យើង​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ខំ​ខ្នះ​ខ្នែង​និង​ខំ​ស៊ូ​អត់​ធ្មត់ ពី​ព្រោះ​នេះ​ជា​រាជបំណង​នៃ​ព្រះ​យេហូវ៉ា។

‹ពួក​គេ​បាន​ធ្វើ​ដូច្នោះ​មែន›

៨, ៩. តើ​តាម​របៀប​ណា​ដែល​ព្យាការី​នៃ​ព្រះ​យេហូវ៉ា លោក​ម៉ូសេ​ជា​គំរូ​ដ៏​ប្រសើរ​នោះ?

៨ ព្យាការី​ម៉ូសេ​ជា​គំរូ​មួយ​ដ៏​ប្រសើរ​ចំពោះ​សេចក្ដី​អត់​ធ្មត់​និង​ការ​ស្ដាប់​បង្គាប់​តាម។ គាត់​បាន​សម្រេច​ចិត្ត​គាំទ្រ​ប្រជាជន​អ៊ីស្រាអែល​ដែល​ជា​ខ្ញុំ​គេ តែ​គាត់​ត្រូវ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់​នូវ​គ្រា​ដែល​ពួក​គេ​នឹង​ត្រូវ​រំដោះ។ គាត់​បាន​រស់​នៅ​ក្នុង​ស្រុក​ម៉ាឌាន​អស់​៤០​ឆ្នាំ ទំ​រាំ​ព្រះ​បាន​ចាត់​គាត់​ឲ្យ​ទៅ​រំដោះ​ប្រជាជន​អ៊ីស្រាអែល​ពី​ភាព​ខ្ញុំ​គេ។ នៅ​ពេល​ដែល​លោក​ម៉ូសេ​និង​អើរ៉ុន​នៅ​ពី​មុខ​អ្នក​គ្រប់​គ្រង​ស្រុក​អេស៊ីព្ទ ពួក​គេ​បាន​ស្ដាប់​បង្គាប់​តាម​ព្រះ ដោយ​បាន​និយាយ​និង​ធ្វើ​អ្វី​ៗ​ដែល​ព្រះ​បាន​បញ្ជា​មក។ តាម​ការ​ពិត ‹ពួក​គេ​បាន​ធ្វើ​ដូច្នោះ​មែន›។—និក្ខមនំ ៧:១​-​៦; ហេព្រើរ ១១:២៤​-​២៩

៩ លោក​ម៉ូសេ​បាន​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​អស់​៤០​ឆ្នាំ​ជា​មួយ​និង​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​ទី​ហោរ​ស្ថាន។ គាត់​បាន​ស្ដាប់​បង្គាប់​តាម​ការ​ណែនាំ​ពី​ព្រះ​ក្នុង​ការ​សង់​រោង​ឧបោសថ​នៃ​អ៊ីស្រាអែល និង​ក្នុង​ការ​ធ្វើ​វត្ថុ​ផ្សេង​ៗ​ទៀត ដែល​បាន​ប្រើ​សំរាប់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ព្យាការី​នេះ​បាន​ធ្វើ​តាម​សេចក្ដី​បង្គាប់​ពី​ព្រះ​យ៉ាង​ខ្ជាប់​ខ្ជួន​ដល់​ម្ល៉េះ​បាន​ជា​យើង​អាន​ថា៖ «ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់»។ (និក្ខមនំ ៤០:១៦) ក្នុង​ការ​ប្រតិបត្ដិ​កិច្ច​បំរើ​របស់​យើង​ឲ្យ​ស្រប​តាម​អង្គការ​នៃ​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​យើង​ចង​ចាំ​នូវ​ការ​ស្ដាប់​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​អនុវត្ត​តាម​ដំបូន្មាន​របស់​សាវក​ប៉ុល ដែល​ថា‹ចូរ​ស្ដាប់​បង្គាប់​តាម​ពួក​អ្នក​ដែល​ដឹក​នាំ​អ្នក​រាល់​គ្នា​ចុះ›។—ហេព្រើរ ១៣:១៧

ពួក​គេ​មាន​អាកប្បកិរិយា​វិជ្ជមាន

១០, ១១. (ក) តើ​អ្វី​បង្ហាញ​ឲ្យ​ឃើញ​ថា ព្យាការី​ហូសេ​បាន​មាន​ទស្សនវិស័យ​វិជ្ជមាន? (ខ) តើ​ឲ្យ​យើង​អាច​កាន់​អាកប្បកិរិយា​វិជ្ជមាន​យ៉ាង​ដូច​ម្ដេច​បាន ពេល​យើង​ទៅ​ជួប​មនុស្ស​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង?

១០ ពួក​ព្យាការី​ត្រូវ​តែ​មាន​អាកប្បកិរិយា​វិជ្ជមាន ពេល​ដែល​ពួក​គេ​នាំ​សារ​ជំនុំ​ជំ​រះ និង​ទំនាយ​ទាំង​ឡាយ​ដែល​សម្ដែង​ពី​ការ​ខ្វល់​ខ្វាយ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​រស់​នៅ​បែក​ខ្ញែក​ក្នុង​ស្រុក​អ៊ីស្រាអែល។ រឿង​នេះ​គឺ​ពិត​មែន​ចំពោះ​លោក​ហូសេ ដែល​គាត់​បាន​បំរើ​ជា​ព្យាការី​យ៉ាង​ហោច​ណាស់​៥៩​ឆ្នាំ​ហើយ។ តាម​វិធី​វិជ្ជមាន គាត់​បាន​បន្ត​នាំ​សារ​នៃ​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​សរសេរ​បញ្ចប់​សៀវភៅ​ទំនាយ​របស់​គាត់ ដោយ​ពាក្យ​ទាំង​នេះ​ថា៖ «តើ​មាន​អ្នក​ណា ដែល​មាន​ប្រាជ្ញា ឲ្យ​យល់​សេចក្ដី​ទាំង​នេះ​បាន ឬ​មាន​គំនិត​វាង​វៃ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ទាំង​នេះ​ផង ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ចំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ»។ (ហូសេ ១៤:៩) ឲ្យ​តែ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ផ្សាយ ចូរ​ឲ្យ​យើង​មាន​អាកប្បកិរិយា​វិជ្ជមាន ហើយ​ខំ​បន្ត​ស្វែង​រក​ពួក​អ្នក​ដែល​សម​នឹង​ទទួល​យក​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នៃ​ព្រះ។

១១ ដើម្បី‹ស្វែង​រក​ពួក​អ្នក​ដែល​សម​នឹង​ទទួល› យើង​ត្រូវ​តែ​ខំ​ត​ស៊ូ ហើយ​ត្រូវ​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​កិច្ច​ការ​នេះ។ (ម៉ាថាយ ១០:១១) ជា​ឧទាហរណ៍ បើ​សិន​ជា​យើង​ច្រឡំ​ដៃ​ដាក់​កូន​សោ​នៅ​កន្លែង​ណា​មួយ យើង​ប្រហែល​ជា​ត្រឡប់​ទៅ​រក​តាម​ផ្លូវ​ដដែល ហើយ​កន្លែង​ផ្សេង​ៗ​ដែល​យើង​បាន​ទៅ។ លុះ​ត្រា​តែ​ក្រោយ​ពី​យើង​បាន​ស្វែង​រក​ម្ដង​ហើយ​ម្ដង​ទៀត ទើប​យើង​អាច​រក​ឃើញ​កូន​សោ​នោះ។ ចូរ​ឲ្យ​យើង​ខំ​ត​ស៊ូ​ស្វែង​រក​ពួក​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ចៀម។ យើង​មាន​អំណរ​អរ​ណាស់ ពេល​ពួក​គេ​ធ្វើ​តាម​ដំណឹង​ល្អ ដែល​ត្រូវ​បាន​ផ្សាយ​ជា​ញឹក​ញាប់​ក្នុង​តំបន់​នោះ! ហើយ​យើង​ក៏​មាន​ចិត្ត​រីករាយ​ដែរ ដែល​ព្រះ​កំពុង​តែ​ប្រទាន​ពរ​ដល់​កិច្ច​ការ​របស់​យើង​នៅ​ក្នុង​ស្រុក​ទេស​ផ្សេង​ៗ ដែល​ពី​ដើម​ការ​ហាមឃាត់​បាន​ដាក់​កំរិត​ដល់​កិច្ច​ការ​ផ្សាយ​ជា​សាធារណៈ​របស់​យើង!—កាឡាទី ៦:១០

ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត

១២. តើ​ទំនាយ​របស់​យ៉ូអែល​មួយ​ណា ដែល​បាន​សម្រេច​នៅ​សតវត្ស​ទី​២០​នេះ ហើយ​តាម​របៀប​ណា?

១២ ពាក្យ​របស់​ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា អាច​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដល់​យើង ក្នុង​កិច្ច​ការ​ផ្សាយ​របស់​យើង។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​ទំនាយ​របស់​យ៉ូអែល។ ទំនាយ​នោះ​មាន​សារ​ជំនុំ​ជំ​រះ ដែល​សំដៅ​មក​លើ​ប្រជាជន​អ៊ីស្រាអែល​ដែល​បះ​បោរ​ជំនឿ និង​ពួក​អ្នក​ឯ​ទៀត ដែល​រស់​នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​បួន​មុន​សករាជ​យើង។ ក៏​ប៉ុន្តែ យ៉ូអែល​ក៏​ត្រូវ​បាន​ព្រះ​វិញ្ញាណ​ញ៉ាំង​ឲ្យ​ទាយ​ដូច​នេះ​ថា៖ «ក្រោយ​គ្រា​នោះ អញ[យេហូវ៉ា]នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់​ៗ​របស់​ឯង​នឹង​យល់​សប្ដិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ»។ (យ៉ូអែល ២:២៨, ២៩) គឺ​ឃើញ​ការ​ជាក់​ស្តែង​នៃ​ទំនាយ​នេះ​មែន ចំពោះ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​វ ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ. ត​ទៅ​មុខ។ ហើយ​យើង​ក៏​ឃើញ​ការ​សម្រេច​យ៉ាង​ធំ​នៃ​ទំនាយ​នេះ នៅ​ក្នុង​សតវត្ស​ទី​២០​នេះ​ដែរ! នៅ​សព្វ​ថ្ងៃ​នេះ មាន​មនុស្សរាប់​លាន​នាក់​ដែល«ទាយ» ឬ​ប្រកាស​សារ​នៃ​ព្រះ​យេហូវ៉ា—ពី​ចំណោម​ពួក​គេ មាន​ជាង​៦០០.០០០​នាក់ បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

១៣, ១៤. តើ​អ្វី​អាច​ជួយ​យុវជន​គ្រីស្ទាន ឲ្យ​មាន​សេចក្ដី​អំណរ​ក្នុង​កិច្ច​ការ​ផ្សាយ?

១៣ ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ ភាគ​ច្រើន​ជា​យុវជន។ នេះ​មិន​តែង​តែ​ស្រួល​ទេ​ចំពោះ​ពួក​គេ ពេល​និយាយ​ទៅ​កាន់​ពួក​អ្នក​ចាស់​ៗ​អំពី​ព្រះ​គម្ពីរ។ ជួន​កាល គេ​ប្រាប់​យុវជន​បំរើ​ព្រះ​យេហូវ៉ា​ទាំង​នោះ​ថា៖ ‹ឯង​ដើរ​ផ្សាយ​នេះ ខាត​តែ​ពេល​ទេ គួរ​តែ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ទៅ›។ ពួក​យុវជន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អាច​តប​ទៅ​វិញ​យ៉ាង​វាង​វៃ​ថា ពួក​គេ​សោក​ស្ដាយ​ណាស់ ដែល​បុគ្គល​នោះ​មាន​អារម្មណ៍​ដូច​នេះ។ យុវជន​ផ្សាយ​ម្នាក់​យល់​ឃើញ​ថា​ជា​ការ​ល្អ បើ​បន្ថែម​ដូច​នេះ​ថា៖ «ខ្ញុំ​យល់​ថា ខ្ញុំ​ពិត​ជា​ទទួល​ប្រយោជន៍​ច្រើន កាល​ណា​ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ចាស់​ៗ ដូច​លោក ហើយ​ខ្ញុំ​ចូល​ចិត្ត​នេះ​ណាស់»។ ពិត​មែន​ហើយ ការ​ផ្សាយ​ដំណឹង​ល្អ គឺ​មិន​មែន​ជា​ការ​ខាត​ពេល​ទេ។ ដ្បិត​នេះ​ទាក់​ទង​នឹង​ជីវិត។ ព្រះ​បាន​ប្រកាស​ថែម​ទៀត តាម​រយៈ​លោក​យ៉ូអែល​ថា៖ «អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច»។—យ៉ូអែល ២:៣២

១៤ កុមារ​ដែល​ចូល​រួម​ជា​មួយ​មាតា​បិតា​របស់​ខ្លួន ក្នុង​សកម្មភាព​ផ្សាយ​ព្រះ​រាជាណាចក្រ បាន​ទទួល​ជំនួយ​ពី​មាតា​បិតា​ក្នុង​ការ​ជ្រើស​រើស​គោល​ដៅ​សំរាប់​ខ្លួន។ បន្ដិច​ម្ដង​ៗ កុមារ​ទាំង​នេះ​បាន​ចំរើន​ពី​ការ​អាន​បទ​គម្ពីរ រហូត​ដល់​ចេះ​ពន្យល់​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​គម្ពីរ និង​ចេះ​ចែក​ចាយ​ប្រកាសនវត្ថុ​ដែល​ត្រឹម​ត្រូវ ដល់​អ្នក​ចំណូល​ចិត្ត។ កាល​ណា​ពួក​គេ​ឃើញ​ការ​រីក​ចំរើន​របស់​គេ​ផ្ទាល់ និង​ប្រសិទ្ធិ​ពរ​ពី​ព្រះ​យេហូវ៉ា យុវជន​ផ្សាយ​ព្រះ​រាជាណាចក្រ​ទាំង​នេះ​មាន​សេចក្ដី​អំណរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ។—ទំនុកដំកើង ១១០:៣; ១៤៨:១២, ១៣

យតិ​ភាព​និង​អាកប្បកិរិយា​រង់​ចាំ

១៥. តើ​តាម​របៀប​ណា​ដែល​គំរូ​របស់​លោក​អេសេគាល អាច​ជួយ​ធ្វើ​ឲ្យ​យតិ​ភាព​របស់​យើង​មាន​សភាព​ខ្លាំង​ឡើង​វិញ ចំពោះ​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​នោះ?

១៥ ពួក​ព្យាការី​របស់​ព្រះ​ក៏​ជា​គំរូ​ដ៏​ល្អ​ចំពោះ​ការ​សម្ដែង​យតិ​ភាព និង​អាកប្បកិរិយា​រង់​ចាំ—ជា​គុណសម្បត្ដិ​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​ក្នុង​កិច្ច​បំរើ​របស់​យើង​សព្វ​ថ្ងៃ​នេះ។ កាល​ដែល​យើង​ទើប​តែ​បាន​រៀន​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ ប្រហែល​ជា​យើង​ពេញ​ទៅ​ដោយ​យតិ​ភាព ដែល​ជម្រុញ​យើង​ឲ្យ​និយាយ​យ៉ាង​ក្លាហាន។ ប៉ុន្តែ តាំង​ពី​ពេល​នោះ ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ ហើយ​យើង​ក៏​បាន​ផ្សាយ​យ៉ាង​ញឹក​ញាប់​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ ឥឡូវ​នេះ ប្រហែល​ជា​មាន​មនុស្ស​កាន់​តែ​តិច​ឡើង​ៗ ដែល​ទទួល​យក​សារ​ព្រះ​រាជាណាចក្រ។ តើ​នេះ​ធ្វើ​ឲ្យ​យតិ​ភាព​របស់​យើង​ខ្សោយ​ទេ? បើ​ដូច្នេះ​មែន សូម​ពិចារណា​មើល​ព្យាការី​អេសេគាល ដែល​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា«ព្រះ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង»។ ថ្វី​បើ​អេសេគាល​បាន​ជួប​ប្រទះ​មនុស្ស​គ្មាន​មេត្ដា​ករុណា​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ​ក្ដី ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ថ្ងាស​របស់​គាត់​រឹង​ជាង​ថ្ម​ដែក​កេះ​ទៅ​ទៀត បើ​និយាយ​ជា​ប្រៀប​ប្រដូច។ ម្ល៉ោះ​ហើយ​បាន​ជា​អេសេគាល អាច​អនុវត្ត​កិច្ច​ការ​របស់​គាត់​បាន​ច្រើន​ឆ្នាំ ទោះ​បី​ជា​មនុស្ស​ស្ដាប់ ឬ​ក៏​មិន​ស្ដាប់​ក្ដី។ គំរូ​របស់​គាត់​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ក៏​អាច​ធ្វើ​បាន​ដូច​នេះ​ដែរ ហើយ​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​យតិ​ភាព​របស់​យើង​មាន​សភាព​ខ្លាំង​ឡើង​វិញ​ដែរ ចំពោះ​កិច្ច​ការ​ផ្សាយ​របស់​យើង។—អេសេគាល ៣:៨, ៩; ធីម៉ូថេ​ទី​២ ៤:៥

១៦. តើ​យើង​គួរ​តែ​បណ្ដុះ​ឲ្យ​មាន​អាកប្បកិរិយា​អ្វី នៃ​លោក​មីកា?

១៦ លោក​មីកា​ក៏​ជា​បុគ្គល​ដែល​គួរ​ឲ្យ​កត់​សំគាល់​ដែរ ចំពោះ​សេចក្ដី​អត់​ធ្មត់​របស់​គាត់។ គាត់​បាន​បំរើ​ជា​ព្យាការី​នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​បី មុន​សករាជ​យើង។ គាត់​បាន​សរសេរ​ថា៖ «ឯ​ចំណែក​ខ្លួន​ខ្ញុំ​ៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្ដាប់​ខ្ញុំ»។ (មីកា ៧:៧) ការ​ទុក​ចិត្ត​របស់​លោក​មីកា ចាក់​ឫស​ទៅ​ក្នុង​ជំនឿ​ដ៏​មុត​មាំ​របស់​គាត់។ ដូច​ព្យាការី​អេសាយ​ដែរ មីកា​ដឹង​ថា អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បំណង ទ្រង់​នឹង​សម្រេច​ការ​នោះ​ជា​មិន​ខាន។ យើង​ក៏​ដឹង​ពី​ការ​នេះ​ដែរ។ (អេសាយ ៥៥:១១) ចូរ​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​អាកប្បកិរិយា​រង់​ចាំ​ទៅ​លើ​ការ​សម្រេច​នៃ​កិច្ច​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ។ ហើយ​ចូរ​ឲ្យ​យើង​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​យតិ​ភាព សូម្បី​តែ​ក្នុង​តំបន់​ណា​ដែល​មនុស្ស​មិន​សូវ​សម្ដែង​ការ​ចំណូល​ចិត្ត​ទៅ​លើ​សារ​ព្រះ​រាជាណាចក្រ​ក៏​ដោយ។—ទីតុស ២:១៤; យ៉ាកុប ៥:៧​-​១០

ការ​អនុវត្ត​សេចក្ដី​អត់​ធ្មត់​នៅ​សព្វ​ថ្ងៃ​នេះ

១៧, ១៨. តើ​មាន​គំរូ​ណា​ខ្លះ នៅ​សម័យ​បុរាណ​និង​សម័យ​នេះ ដែល​អាច​ជួយ​យើង​អនុវត្ត​សេចក្ដី​អត់​ធ្មត់?

១៧ ពួក​ព្យាការី​នៃ​ព្រះ​យេហូវ៉ា​ខ្លះ​ខំ​ត​ស៊ូ​យ៉ាង​អត់​ធ្មត់ ចំពោះ​កិច្ច​ការ​របស់​គេ​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​បាន​ឃើញ​ការសម្រេច​នៃ​ទំនាយ​របស់​គេ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ខំ​ត​ស៊ូ​យ៉ាង​អត់​ធ្មត់​របស់​គេ​ដែល​ជា​ញឹក​ញាប់​ជួប​ការ​ធ្វើ​ទុក្ខ​បៀត​បៀន ជួយ​យើង​ឲ្យ​ដឹង​ថា យើង​ក៏​អាច​សម្រេច​កិច្ច​ការ​របស់​យើង​បាន​ដែរ។ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ស្មោះ​ត្រង់ នៅ​ដើម​ទស​វត្ស​នៃ​សតវត្ស​ទី​២០​នេះ​ដែរ។ ទោះ​បី​ជា​សេចក្ដី​សង្ឃឹម​ទៅ​នៅ​ស្ថាន​សួគ៌​របស់​គេ មិន​បាន​សម្រេច​ឆាប់​ៗ​ដូច​បំណង​ក្ដី ពួក​គេ​មិន​បាន​បណ្ដាល​ឲ្យ​ការ​ធ្លាក់​ទឹក​ចិត្ត​ទៅ​លើ​ការ​ពន្យា​ពេល​នេះ ធ្វើ​ឲ្យ​យតិ​ភាព​របស់​គេ​ទៅ​ជា​ខ្សោយ ចំពោះ​ការ​ប្រតិបត្ដិ​តាម​រាជបំណង​របស់​ព្រះ កាល​ដែល​ទ្រង់​បាន​សម្ដែង​ប្រាប់​ពួក​គេ​នោះ។

១៨ អស់​រយៈ​ជា​ច្រើន​ឆ្នាំ ពួក​ជន​គ្រីស្ទាន​ជា​ច្រើន​ទាំង​នេះ​បាន​ចែក​ចាយ​ទស្សនាវដ្ដី​ប៉ម​យាម និង​គូ​របស់​វា គឺ​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (ដែល​ពី​ដើម​មាន​ឈ្មោះ​ជា​សម័យ​ភោគ​ផល ក្រោយ​មក​ទៀត​គេ​ហៅ​ជា​គ្រឿង​សម្រាល​ទុក្ខ)។ ពួក​គេ​ខំ​ខ្នះ​ខ្នែង​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​ដ៏​មាន​តម្លៃ​ទាំង​នេះ មាន​ដល់​មនុស្ស​គ្រប់​ៗ​គ្នា នៅ​តាម​ផ្លូវ​និង​តាម​ផ្ទះ​របស់​គេ ដែល​នៅ​សព្វ​ថ្ងៃ​នេះ យើង​ហៅ​វិធី​នេះ​ជា​ផ្លូវ​ទស្សនាវដ្ដី។ បង​ស្រី​ចំណាស់​ម្នាក់​ដែល​បាន​បញ្ចប់​ជីវិត​របស់​គាត់​នៅ​លើ​ផែនដី​ហើយ​នោះ ត្រូវ​បាន​ពួក​អ្នក​ឧស្សាហ៍​ដើរ​កាត់​ចាប់​ភ្លឹក​ភ្លាម ព្រោះ​ពួក​គេ​ធ្លាប់​ឃើញ​គាត់​ដើរ​ផ្សាយ​នៅ​តាម​ផ្លូវ​នោះ។ នាង​បាន​ធ្វើ​បន្ទាល់​យ៉ាង​ប្រសើរ​ណាស់ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​នាង​បាន​បំរើ​យ៉ាង​ស្មោះ​ត្រង់ ដូច​ជា​វោហារ​អប់​អរ​នៃ​ពួក​អ្នក​ដែល​បាន​សង្កេត​ឃើញ​កិច្ច​បំរើ​សាធារណៈ​របស់​នាង បាន​បង្ហាញ​មក! ក្នុង​ឋានៈ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ តើ​អ្នក​ចែក​ចាយ​ទស្សនាវដ្ដី​ប៉ម​យាម និង ភ្ញាក់​រឭក! ឲ្យ​មនុស្ស​ដែល​អ្នក​ជួប​ពេល​ទៅ​ផ្សាយ​នោះ​ទេ?

១៩. តើ​ហេព្រើរ ៦:១០​-​១២ លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

១៩ សូម​ពិចារណា​ដែរ នូវ​សេចក្ដី​អត់​ធ្មត់​និង​កិច្ច​បំរើ​ដ៏​ស្មោះ​ត្រង់​នៃ​ពួក​បង​ប្អូន ដែល​បំរើ​ជា​សមាជិក​នៃ​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ឥឡូវ​នេះ ពួក​គេ​ខ្លះ​មាន​អាយុ​ដល់​ទស​វត្ស​ទី​ប្រាំ​បួន ឬ​ទី​ដប់​នៃ​ជីវិត​របស់​គេ​ហើយ តែ​ពួក​គេ​នៅ​តែ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ដែល​បំពេញ​ភារកិច្ច​របស់​គេ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច។ (ហេព្រើរ ១៣:៧) ហើយ​តើ​យ៉ាង​ណា​ដែរ​ចំពោះ​ពួក​ចំណាស់​ៗ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ និង​ពួក​អ្នក​ចំណាស់​ឯ​ទៀត​ក្នុង​ចំណោម«ចៀម​ឯ​ទៀត»ដែល​កាន់​តែ​ចាស់​ឡើង​នោះ? (យ៉ូហាន ១០:១៦) ពួក​គេ​អាច​ជឿ​ជាក់​ថា ព្រះ​ទ្រង់​មិន​មែន​ជា​ទុច្ចរិត ដែល​នឹង​បំភ្លេច​កិច្ច​ការ​និង​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បាន​សម្ដែង​ដល់​ព្រះ​នាម​របស់​ទ្រង់​នោះ​ឡើយ។ ដោយ​រួប​រួម​ជា​មួយ​នឹង​យុវជន​ដែល​មាន​ជំនឿ​ដូច​គ្នា សូម​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចំណាស់​ៗ​ទាំង​ឡាយ​ខំ​ត​ស៊ូ​ធ្វើ​កិច្ចការ​ដែល​ខ្លួន​អាច​ធ្វើ​បាន អនុវត្ត​ជំនឿ និង​សម្ដែង​សេចក្ដី​អត់​ធ្មត់​ក្នុង​ការ​បំរើ​ព្រះ។ (ហេព្រើរ ៦:១០​-​១២) ជា​បន្ទាប់​មក ទោះ​ជា​តាម​រយៈ​ការ​រស់​ឡើង​វិញ ដូច​ជា​នៅ​ជំនាន់​ពួក​ព្យាការី ឬ​ក៏​តាម​រយៈ​ការ​រួច​រស់​គង់​វង់​ពី«សេចក្ដី​វេទនា​យ៉ាង​ខ្លាំង​ណាស់»ក្ដី ពួក​គេ​នឹង​បាន​ទទួល​រង្វាន់​ដ៏​ប្រណិត គឺ​ជា​ជីវិត​ជា​អនន្ត។—ម៉ាថាយ ២៤:២១

២០. (ក) តើ​លោក​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី«គំរូ»នៃ​ពួក​ព្យាការី? (ខ) តើ​សេចក្ដី​អត់​ធ្មត់​នៃ​ពួក​ព្យាការី​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​បាន?

២០ ពួក​ព្យាការី​នៃ​ព្រះ​បាន​ទុក​ឲ្យ​យើង​នូវ​គំរូ​យ៉ាង​ប្រសើរ​ណាស់​ហ្ន៎! ដោយ​ព្រោះ​តែ​ពួក​គេ​បាន​អត់​ទ្រាំ​នូវ​ទុក្ខ​វេទនា បាន​អនុវត្ត​សេចក្ដី​អត់​ធ្មត់ និង​បាន​សម្ដែង​គុណសម្បត្ដិ​ឯ​ទៀត​នៃ​ព្រះ ពួក​គេ​មាន​ឯកសិទ្ធិ​នឹង​ប្រកាស​អំពី​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា។ ជា​ស្មរបន្ទាល់​របស់​ទ្រង់​នៅ​សម័យ​ថ្មី​នេះ ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​យក​តម្រាប់​តាម​ពួក​គេ ហើយ​ចូរ​ប្ដេជ្ញា​ចិត្ត ដូច​ព្យាការី​ហាបាគុក ដែល​បាន​ប្រកាស​ថា៖ «ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្ដេច»។ (ហាបាគុក ២:១) ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ចិត្ត​ប្ដេជ្ញា​ដូច​នេះ កាល​ដែល​យើង​អនុវត្ត​សេចក្ដី​អត់​ធ្មត់ និង​បន្ត​ប្រកាស​ជា​សាធារណៈ​អំពី​ព្រះ​នាម​ដ៏​ល្បី​ល្បាញ នៃ​ព្រះ​អាទិទេព​ដ៏​ឧត្តម​របស់​យើង គឺ​ព្រះ​យេហូវ៉ា!—នេហេមា ៨:១០; រ៉ូម ១០:១០

តើ​អ្នក​យល់​ចំណុច​ទាំង​នេះ​ទេ?

◻ តើ​ព្យាការី​អេម៉ុស​បាន​ធ្វើ​ជា​គំរូ​ដ៏​ក្លាហាន​យ៉ាង​ណា?

◻ តើ​តាម​របៀប​ណា​ដែល​ព្យាការី​នៃ​ព្រះ​យេហូវ៉ា លោក​ម៉ូសេ​ជា​គំរូ​ដ៏​ប្រសើរ​នោះ?

◻ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ថ្មី​នេះ អាច​យក​គំរូ​តាម​អេម៉ុស​និង​អេសាយ​យ៉ាង​ដូច​ម្ដេច?

◻ តើ​ជន​គ្រីស្ទាន​អាច​រៀន​អ្វី​ខ្លះ ពី​មារយាទ​នៃ​ហូសេ​និង​យ៉ូអែល?

◻ តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ ពី​គំរូ​របស់​លោក​អេសេគាល​និង​មីកា?

[រូប​ភាព​នៅ​ទំព័រ​២៥]

ទោះ​បី​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​លោក​អ័ម៉ាស៊ា​ក្ដី ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​អេម៉ុស​ឲ្យ​ទាយ​យ៉ាង​ក្លាហាន

[រូប​ភាព​នៅ​ទំព័រ​២៧]

ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ស្មោះ​ត្រង់​បាន​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​ក្នុង​ការ​អនុវត្ត​សេចក្ដី​អត់​ធ្មត់ ពេល​បំរើ​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក