បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៩ ទំ. ២៩-៣២
  • ធ្វើតាមក្យសច្ចាអាហ៍ពិហ៍របស់អ្នក!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ធ្វើតាមក្យសច្ចាអាហ៍ពិហ៍របស់អ្នក!
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ដែល​គួរ​គិត
  • ចូរធ្វើតាមពាក្យសម្បថរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងអាហ៍ពិហ៍ដែលនាំឲ្យមានអំណរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៩ ទំ. ២៩-៣២

ធ្វើ​តាម​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​របស់​អ្នក!

ថ្ងៃ​រៀប​ការ​គឺ​ជា​ថ្ងៃ​ដ៏​សប្បាយ​រីករាយ​មួយ ហើយ​ក៏​ជា​ឱកាស​ដ៏​សំខាន់​ធំដុំ​ដែរ។ កូន​ក្រមុំ​និង​កូន​កម្លោះ​ចង​ពាក្យ​សន្យា​ដ៏​ឧឡារិក​ដែល​នឹង​មាន​ឥទ្ធិពល​លើ​ជីវិត​គេ​រហូត​តទៅ។ ពួក​អ្នក​ដែល​ជា​ភ្ញៀវ​នៅ​ក្នុង​ពិធី​រៀប​ការ​នោះ គឺ​ជា​សាក្សី​ចំពោះ​ពាក្យ​សន្យា​ដ៏​ឧឡារិ​ក​នេះ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​សាក្សី​ដ៏​សំខាន់​បំផុត។

ព្រះ​គម្ពីរ​ឥត​មាន​តម្រូវ​ឲ្យ​មាន​ទម្រង់​ការ​ជាក់លាក់ ឬ​ពិធីការ​ពិសេស​អ្វី​ទេ។ តែ​ដោយ​ទទួល​ស្គាល់​ថា​អាពាហ៍ពិពាហ៍​មាន​ដើម​កំណើត​ពី​ព្រះ​មក អាពាហ៍ពិពាហ៍​ក៏​តែង​រៀប​ចំ​ឡើង​យ៉ាង​ឧឡារិ​ក​តាម​ទំនៀម​ទម្លាប់ ដោយ​ប្រើ​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​ក្នុង​ពិធី​សាសនា។ អស់​ជា​យូរ​ឆ្នាំ​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ប្រើ​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ​នេះ​៖ « . . . ខ្ញុំ​ទទួល​យក . . . អ្នក រៀប​ការ​ជា(ភរិយា/ស្វាមី)របស់​ខ្ញុំ ស្រឡាញ់​និង​ថ្នាក់ថ្នម​អស់​ពី​ដួង​ចិត្ត (កូន​ក្រមុំ​៖ និង​គោរព​យ៉ាង​ជ្រាល​ជ្រៅ) តាម​ច្បាប់​វិន័យ​ព្រះ ដូច​ដែល​ចែង​ទុក​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ​សំរាប់(ភរិយា/ស្វាមី)គ្រីស្ទាន ដរាប​ណា​យើង​ទាំង​ពីរ​នាក់​មាន​ជីវិត​រស់​នៅ​ជា​មួយ​គ្នា​លើ​ភព​ផែនដី ស្រប​តាម​របៀប​រៀប​ចំ​អាពាហ៍ពិពាហ៍​នៃ​ព្រះ»។a

ការ​ដែល​គួរ​គិត

បើ​អ្នក​គ្រោង​គិត​ចង់​រៀប​ការ នោះ​ជា​ផល​ប្រយោជន៍​ល្អ​ណាស់​ដែល​អ្នក​គិត​នូវ​ជម្រៅ​និង​ន័យ​នៃ​ពាក្យ​សច្ចា​នេះ​មុនថ្ងៃ​រៀប​ការ។ ស្តេច​សាឡូម៉ូន​ទ្រង់​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ[ពិត]ឡើយ»។ (សាស្ដា ៥:២) ចុះ​បើ​អ្នក​បាន​រៀប​ការ​ហើយ​នោះ តើ​ជា​យ៉ាង​ណា​ដែរ? អ្នក​ក៏​នឹង​បាន​ផល​ប្រយោជន៍​ពី​ការ​សញ្ជឹង​គិត​អំពី​សារៈ​សំខាន់​នៃ​ពាក្យ​សន្យា​ដ៏​ឧឡារិ​ក ដែល​អ្នក​បាន​ពោល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​អ្នក​ធ្វើ​តាម​ពាក្យ​សន្យា​នេះ​ទេ? គ្រីស្ទាន​ចាត់​ទុក​ពាក្យ​សន្យា​របស់​ខ្លួន​ជា​សារៈ​សំខាន់។ ស្តេច​សាឡូម៉ូន​ទ្រង់​មាន​បន្ទូល​ត​ទៀត​ថា​៖ «ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន ជាជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ កុំ​បើក​ឲ្យ​មាត់​ឯង​បណ្ដាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ»។—សាស្ដា ៥:៤​-​៦

ការ​ពិចារណា​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​មួយ​ឃ្លាៗ នឹង​ជួយ​ចំរើន​ការ​ដឹង​យល់​របស់​អ្នក​ជា​ប្រាកដ នូវ​ពាក្យ​សន្យា​ដ៏​ឧឡារិ​ក​នេះ។

​«ខ្ញុំ​ទទួល​យក​អ្នក»​៖ នេះ​ជា​សេចក្ដី​ផ្ដើម​នៃ​ពាក្យ​សច្ចា។ នេះ​បញ្ជាក់​ជា​គោល​សំខាន់​ថា​អ្នក​ទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​ចំពោះ​ការ​សម្រេច​ចិត្ត​រៀប​ការ​របស់​អ្នក។

ក្រោម​របៀប​រៀប​ចំ​គ្រីស្ទាន ឥត​មាន​សេចក្ដី​តម្រូវ​ពី​បទ​គម្ពីរ​ថា​ត្រូវ​រៀប​ការ​នោះ​ទេ។ ព្រះ​យេស៊ូ​គ្រីស្ទ​ព្រះ​អង្គ​ទ្រង់​នៅ​លីវ ហើយ​ទ្រង់​អនុសាស​ឲ្យ​ទុក​ខ្លួន​នៅ​លីវ​ចំពោះ​អ្នក​ណា‹ដែល​អាច​ធ្វើ​ទៅ​បាន›។ (ម៉ាថាយ ១៩:១០​-​១២) តែ​ផ្ទុយ​ទៅ​វិញ សាវ័ក​ភាគ​ច្រើន​របស់​ព្រះ​យេស៊ូ​គឺ​ជា​អ្នក​មាន​ប្រពន្ធ។ (លូកា ៤:៣៨; កូរិនថូសទី១ ៩:៥) ជា​ការ​ច្បាស់​លាស់​ដែល​ការ​សម្រេច​ចិត្ត​រៀប​ការ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ គ្មាន​មនុស្ស​ណា​មាន​អំណាច​ខាង​បទ​គម្ពីរ​មក​បង្ខំ​នរណា​ម្នាក់​ឲ្យ​រៀប​ការ​យក​ប្ដី​ប្រពន្ធ​ឡើយ។

ដូច្នេះ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​រៀប​ការ។ អ្នក​ប្រហែល​ជា​បាន​ជ្រើសរើស​យក​អ្នក​ណា​ម្នាក់​ដែល​អ្នក​ចង់​រៀប​ការ​ជា​មួយ។ ពេល​ដែល​អ្នក​ពោល​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​ថា ‹ខ្ញុំ​ទទួល​យក . . . អ្នក› នោះ​អ្នក​ទទួល​យក​ឬ​យល់​ព្រម​យក​បុគ្គល​នោះ ជា​មួយ​នឹង​គុណសម្បត្ដិ​របស់​គេ—ព្រម​ទាំង​គុណ​វិបត្ដិ​របស់​គេ​ផង​ដែរ។

ដល់​ក្រោយ​មក អ្នក​ប្រហែល​នឹង​ជ្រាប​អំពី​លក្ខណៈ​ដ៏​មិន​លេច​ច្បាស់​លាស់​នៃ​បុគ្គលិកលក្ខណៈ​របស់​គូ​អ្នក។ ការ​ខក​ចិត្ត​នឹង​មាន​កើត​ឡើង​មួយ​ដង​មួយ​កាល។ ព្រះ​គម្ពីរ​ប្រាប់​ថា «គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ»។ (រ៉ូម ៣:២៣) ដូច្នេះ អ្នក​ប្រហែល​ត្រូវ​តែ​កែ​សម្រុះសម្រួល ដើម្បី​ឲ្យ​បាន​តាម​តម្រូវ​ចិត្ត​គូ​របស់​អ្នក។ នេះ​គឺ​អាច​ជា​ការ​ពិបាក​មួយ ហើយ​ជួន​កាល​អ្នក​ចង់​តែ​បោះបង់​ចោល​តែ​ម្ដង។ ប៉ុន្តែ​សូម​ចាំ​ថា ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​គឺ​បាន​ចង​ក្រង​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​បាន​ជោគជ័យ។

​«រៀប​ការ​ជា(ភរិយា/ស្វាមី)របស់​ខ្ញុំ»​៖ ក្នុង​ពិធី​រៀប​ការ​ដំបូង​បង្អស់ ពេល​នាង​អេវ៉ា​បាន​ត្រូវ​ប្រគល់​ឲ្យ​រៀប​ការ​នឹង​អ័ដាម នោះ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា​៖ «អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៤​-​៦) ម្ល៉ោះ​ហើយ ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ប្រស្រ័យ​ទាក់ទង​ដ៏​ស្និទ្ធស្នាល​បំផុត ដែល​អាច​មាន​ឡើង​រវាង​មនុស្ស​ពីរ​រូប។ អាពាហ៍ពិពាហ៍​នាំ​អ្នក​ឲ្យ​ជាប់​ក្នុង​សាច់​ញាតិ​ថ្មី។ អ្នក​យល់​ព្រម​យក​បុគ្គល​ម្នាក់​«រៀប​ការ​ជា​ភរិយា» ឬ​«រៀប​ការ​ជា​ស្វាមី»​របស់​អ្នក។ នេះ​មិន​ដូច​ការ​ប្រស្រ័យ​ទាក់ទង​រវាង​អ្នក​ឯ​ទៀត​ទេ។ ការ​ប្រព្រឹត្ត​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ទាស់ទែង​បន្ដិច​បន្តួច​ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​រវាង​អ្នក​ឯ​ទៀត គឺ​អាច​បណ្ដាល​ឲ្យ​កើត​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង​បាន​ក្នុង​អាពាហ៍ពិពាហ៍។

ជា​ឧទាហរណ៍ សូម​ពិចារណា​ដំបូន្មាន​បទ​គម្ពីរ​ក្នុង​អេភេសូរ ៤:២៦។ ក្នុង​នោះ​ព្រះ​គម្ពីរ​ប្រាប់​ថា​៖ «ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ»។ ប្រហែល​ជា​អ្នក​មិន​តែង​តែ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ឲ្យ​បាន​ភ្លាម​ជា​មួយ​នឹង​បងប្អូន​ញាតិ​មិត្ត​ទាំង​ឡាយ​ទេ។ ប៉ុន្តែ​គូ​របស់​អ្នក​គឺ​ជា​បុគ្គល​ដ៏​ស្និទ្ធស្នាល​ជាង​ពួក​បងប្អូន​ញាតិ​មិត្ត​ណា​ទាំង​អស់។ ការ​ខក​ខាន​មិន​បាន​ដោះ​ស្រាយ​រឿង​ឲ្យ​បាន​ភ្លាម​ជា​មួយ​គូ​របស់​អ្នក អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សាច់​ញាតិ​ពិសេស​នេះ​រវាង​អ្នក។

តើ​អ្នក​ទុក​ឲ្យ​ការ​ទាស់ទែង​ខ្វែង​គំនិត​រវាង​អ្នក​និង​គូ​អ្នក ឲ្យ​កើត​ទៅ​ជា​ប្រភព​នៃ​សេចក្ដី​រំខាន​ចិត្ត​ឬ​សេចក្ដី​មួម៉ៅ​ជា​ដរាប​ទៅ​ឬ? តើ​ការ​យល់​ច្រឡំ​និង​ស្ថានការណ៍​ដ៏​រកាំ​ចិត្ត​បាន​បណ្ដែត​ទុក​ឲ្យ​យូរ​អស់​បី​បួន​ថ្ងៃ​ឬ? ដើម្បី​ធ្វើ​តាម​ពាក្យ​សច្ចា​របស់​អ្នក ពេល​មាន​ការ​ពិបាក​កើត​ឡើង នោះ​កុំ​ទុក​ឲ្យ​ពេល​វេលា​កន្លង​ផុត​មួយ​ថ្ងៃ​ទៅ​ដោយ​មិន​បាន​សម្រុះសម្រួល​គ្នា​ជា​មួយ​នឹង​គូ​របស់​អ្នក​ឡើយ។ នេះ​មាន​ន័យ​ថា ត្រូវ​អត់​ឱន​ទោស​និង​អត់​អាស្រ័យ ព្រម​ទាំង​ទទួល​ស្គាល់​កំហុស​ខុស​ឆ្គង​របស់​ខ្លួន​អ្នក​ផង។—ទំនុកដំកើង ៥១:៥; លូកា ១៧:៣, ៤

​«ស្រឡាញ់»​៖ បុរស​ដែល​នឹង​ទៅ​ជា​ប្ដី​សច្ចា​ថា​«ស្រឡាញ់​និង​ថ្នាក់ថ្នម​អស់​ពី​ដួង​ចិត្ត»​ដល់​កូន​ក្រមុំ​របស់​ខ្លួន។ សេចក្ដី​ស្រឡាញ់​នេះ​គឺ​មាន​រួម​សេចក្ដី​ស្នេហា​ដែល​ប្រហែល​បាន​ទាក់ទាញ​អ្នក​ទាំង​ពីរ​ជា​មួយ​គ្នា។ ប៉ុន្តែ​សេចក្ដី​ស្នេហា​ទទេ​គឺ​មិន​គ្រប់គ្រាន់​ទេ។ សេចក្ដី​ស្រឡាញ់​ដែល​គ្រីស្ទាន​សច្ចា​ដល់​គូ​របស់​ខ្លួន​នោះ គឺ​មាន​ខ្លឹមសារ​ជ្រាល​ជ្រៅ​ជាង​នេះ​ទៅ​ទៀត។

អេភេសូរ ៥:២៥ ចែង​ថា​៖ «បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ»។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​ចំពោះ​ក្រុមជំនុំ​គឺ​ប្រាកដ​ជា​មិន​មែន​ស្មើ​ភាព​នឹង​សេចក្ដី​ស្នេហា​រវាង​ភេទ​ប្រុស​និង​ភេទ​ស្រី​នោះ​ទេ។ ពាក្យ​«ស្រឡាញ់»​និង​«បាន​ស្រឡាញ់»​ប្រើ​ក្នុង​បទ​គម្ពីរ​នេះ គឺ​ស្រង់​មក​ពី​ពាក្យ អេហ្គាពេ (a·gaʹpe) ដែល​យោល​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ណែនាំ​ដោយ​​គោលការណ៍។ ក្នុង​នេះ​ព្រះ​គម្ពីរ​បង្គាប់​ពួក​ប្ដី​ឲ្យ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់ ឥត​វៀចវេរ​ដ៏​នៅ​ឋិតថេរ​ជានិច្ច​ចំពោះ​ប្រពន្ធ​ខ្លួន។

នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​រំភើប​ចិត្ត​ម្យ៉ាង​ដែល​អាង​ទៅ​លើ​ពាក្យ​ថា «ខ្ញុំ​ស្រឡាញ់​អ្នក​ពីព្រោះ​អ្នក​ស្រឡាញ់​ខ្ញុំ»​នោះ​ទេ។ ប្ដី​ខំ​ប្រឹងប្រែង​រក​ឲ្យ​ប្រពន្ធ​ខ្លួន​បាន​ទទួល​សេចក្ដី​សុខ​មុន​ខ្លួន​ឯង ហើយ​ឯ​ប្រពន្ធ​ក៏​ស្រឡាញ់​ប្ដី​នាង​យ៉ាង​ដូច្នោះ​ដែរ។ (ភីលីព ២:៤) ដោយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​គូ​របស់​អ្នក នេះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​របស់​អ្នក។

​«ថ្នាក់ថ្នម​អស់​ពី​ដួង​ចិត្ត»​៖ ស្រប​តាម​វចនានុក្រម​មួយ ពាក្យ​«ថ្នាក់ថ្នម​អស់​ពី​ដួង​ចិត្ត»​មាន​ន័យ​ថា ‹រាប់​ទុក​ជា​ទី​ស្រឡាញ់ មាន​ចិត្ត​ចំពោះ ឬ​បង្ហាញ​នូវ​សេចក្ដី​បេតី​ចំពោះ›។ អ្នក​ត្រូវ​តែ​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ក្នុង​ពាក្យ​សំដី​និង​អំពើ​ប្រព្រឹត្ត​ផង! ប្រពន្ធ​ជា​ពិសេស​ត្រូវ​ការ​ចង់​ឃើញ​ការ​បង្ហាញ​ជា​រឿយៗ​នូវ​សេចក្ដី​ស្រឡាញ់​ពី​ប្ដី​របស់​នាង។ ប្ដី​នាង​ប្រហែល​ជា​ថែរក្សា​នាង​យ៉ាង​ល្អ​ខាង​រូប​កាយ ប៉ុន្តែ​នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ។ មាន​ប្រពន្ធ​ដែល​មាន​ចំណី​អាហារ​គ្រប់គ្រាន់​បរិភោគ​ហើយ​មាន​ផ្ទះ​សុខ​ស្រួល​នៅ ប៉ុន្តែ​នាង​ខ្វះ​សុភមង្គល​ជា​ខ្លាំង ដោយ​ព្រោះ​គូ​ស្វាមី​របស់​នាង​មិន​យក​ចិត្ត​ទុក​ដាក់​ឬ​មិន​អើពើ​ដល់​នាង។

តែ​ឯ​ម្យ៉ាង​វិញ ប្រពន្ធ​ដែល​ដឹង​ថា​ប្ដី​នាង​ស្រឡាញ់​ហើយ​ថ្នាក់ថ្នម​នាង​អស់​ពី​ដួង​ចិត្ត ពិត​ជា​មាន​មូលហេតុ​ដែល​គួរ​នាំ​ឲ្យ​នាង​សប្បាយ​ចិត្ត​មែន។ ប្រាកដ​ហើយ នេះ​ក៏​ត្រូវ​យ៉ាង​ដូច្នោះ​ដែរ​បើ​និយាយ​អំពី​ប្ដី​វិញ។ សេចក្ដី​ស្រឡាញ់​ស្មោះ​គឺរឹតតែ​បាន​វិសេស​ឡើង​ដោយ​ការ​បញ្ចេញ​ដ៏​ពិត​ត្រង់​នូវ​ការ​ថ្នាក់ថ្នម​បេតី។ ក្នុង​បទ​ចំរៀង​នៃ​សាឡូម៉ូន អ្នក​គង្វាល​ដ៏​មាន​សេចក្ដី​ស្នេហា​ចេញ​វាចា​ថា​៖ «ឱ​ប្អូន ជា​ប្រពន្ធ​អើយ សេចក្ដី​ស្រឡាញ់​របស់​នាង​ល្អ​វិសេស​ណាស់​ហ្ន៎ សេចក្ដី​ស្រឡាញ់​របស់​ឯង​ឆ្ងាញ់​ជាង​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក្លិន​ប្រេង​អប់​របស់​ឯង​ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំង​ឡាយ»!—បទ​ចំរៀង​សាឡូម៉ូន ៤:១០

​«និង​គោរព​យ៉ាង​ជ្រាល​ជ្រៅ»​៖ ក្នុង​រាប់​សតវត្ស​មាន​បុរស​ខ្លះ​បាន​ធ្វើ​បាប​ហើយ​បង្អាប់​ស្ត្រី។ សូម្បីតែ​សព្វ​ថ្ងៃ​នេះ ស្រប​តាម​ទស្សនាវដ្ដី សុខភាព​ពិភពលោក «ការ​ឃោរឃៅ​លើ​ស្ត្រី​កើត​ឡើង​ក្នុង​រាល់​ប្រទេស​និង​ក្នុង​គ្រប់​វណ្ណៈ​សង្គម​វណ្ណៈ​សេដ្ឋកិច្ច។ ក្នុង​វប្បធម៌​ជា​ច្រើន ការ​វាយ​ប្រពន្ធ​គឺ​ចាត់​ទុក​ជា​សិទ្ធិ​របស់​បុរស»។ បុរស​ភាគ​ច្រើន​ប្រហែល​មិន​មាន​ទោស​ពី​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ ហាក់​ដូច​ជា​បុរស​ជា​ច្រើន​មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដ៏​ពិត​ត្រង់​សោះ ចំពោះ​រឿង​ដែល​ជា​ការ​ខ្វល់ខ្វាយ​ដល់​ពួក​ស្ត្រី។ អាស្រ័យ​ហេតុ​នេះ ស្ត្រី​ជា​ច្រើន​ក៏​បាន​កើត​មាន​អាកប្បកិរិយា​ហៃ​ជំទាស់​ចំពោះ​មនុស្ស​ប្រុស។ ប្រពន្ធ​ខ្លះ​មាន​ឮ​និយាយ​ថា «ខ្ញុំ​ស្រឡាញ់​ប្ដី​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​អាច​គោរព​គាត់​សោះ!»

ប៉ុន្តែ ព្រះ​យេហូវ៉ា​លើក​តម្លៃ​ដល់​ស្ត្រី​ដែល​ខំ​គោរព​ប្ដី—ទោះបី​ប្ដី​នាង​មាន​ការ​ខុស​ឆ្គង​មិន​ត្រូវ​ចិត្ត​នាង​មួយ​ដង​មួយ​កាល​ក៏​ដោយ។ នាង​ជ្រាប​ថា​ប្ដី​នាង​គាត់​មាន​កិច្ចការ​ឬ​មុខ​ងារ​ដែល​ព្រះ​ទ្រង់​ប្រទាន​មក។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣) ដូច្នេះ សេចក្ដី​គោរព​ជ្រាល​ជ្រៅ​ចំពោះ​ប្ដី​នាង គឺ​ជា​ចំណែក​នៃ​ការ​ថ្វាយ​បង្គំ​និង​ការ​ស្ដាប់​បង្គាប់​ព្រះ។ ព្រះ​ទ្រង់​មិន​បំភ្លេច​ការ​ស្ដាប់​បង្គាប់​នៃ​ពួក​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​អង្គ​នោះ​ឡើយ។—អេភេសូរ ៥:៣៣; ពេត្រុសទី១ ៣:១​-​៦; សូម​ប្រៀបធៀប ហេព្រើរ ៦:១០

សេចក្ដី​គោរព​ក្នុង​អាពាហ៍ពិពាហ៍​ត្រូវ​តែ​មាន​ទៅ​វិញ​ទៅ​មក ហើយ​សេចក្ដី​គោរព​នេះ​គួរ​តែ​បាន​មក​ដោយ​ការ​សក្ដិ​សម​ទទួល ជាជាង​ដោយ​ការ​តម្រូវ​តែ​ប៉ុណ្ណោះ ឬ​ដោយ​ទាមទារ​វិញ។ ជា​ឧទាហរណ៍ ពាក្យ​សំដី​ចំអក​ឬ​នាំ​ឲ្យ​អាក់អន់​ចិត្ត គឺ​មិន​ត្រូវ​មាន​ឡើយ​ក្នុង​របៀប​រៀប​ចំ​អាពាហ៍ពិពាហ៍។ បញ្ចេញ​យោបល់​ប្រមាទ​មើលងាយ​ដល់​ប្ដី​ឬ​ប្រពន្ធ​អ្នក នោះ​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​ទេ។ ការ​បង្ហាញ​កំហុស​នៃ​គូ​របស់​អ្នក​ឲ្យ​មនុស្ស​ឯ​ទៀត​ដឹង ឬ​និយាយ​ប្រាប់​កំហុស​ទាំង​នេះ​ឲ្យ​គេ​ឯង​ឮ គឺ​គ្មាន​ប្រយោជន៍​អ្វី​ទាល់តែ​សោះ។ សូម្បីតែ​ក្នុង​ការ​និយាយ​លេង​សើច​ក៏​គេ​អាច​បង្ហាញ​នូវ​ការ​ខ្វះ​សេចក្ដី​គោរព​យ៉ាង​ហួស​ហេតុ​ក្នុង​ប្រការ​នេះ​ដែរ។ ពាក្យ​ទូន្មាន​ក្នុង​អេភេសូរ ៤:២៩, ៣២ គឺ​សំរាប់​ទាំង​ប្ដី​និង​ប្រពន្ធ។ ក្នុង​នោះ​ព្រះ​គម្ពីរ​ប្រាប់​ថា​៖ «មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ . . . ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស»​ផង។

​«តាម​ច្បាប់​វិន័យ​ព្រះ ដូច​ដែល​ចែង​ទុក​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ»​៖ ព្រះ​ទ្រង់​ចង់​ឲ្យ​យើង​សប្បាយ​នឹង​សេរីភាព​នៃ​ការ​ជ្រើសរើស​និង​ការ​ប្រព្រឹត្ត។ ទ្រង់​មិន​ដាក់​បន្ទុក​យើង ដោយ​តាំង​វិន័យ​យ៉ាង​ច្រើន​ដ៏​ហ្មត់ចត់​ដិត​ដល់ ដើម្បី​កាន់​កាប់​ជីវិត​ប្ដី​ប្រពន្ធ​នោះ​ទេ។ ប៉ុន្តែ​ទ្រង់​បាន​តាំង​គោលការណ៍​ណែនាំ​ខ្លះ​ទុក​ជា​ផល​ប្រយោជន៍​ដល់​យើង។

សព្វ​ថ្ងៃ​នេះ​គឺ​សម្បូរ​ហូរ​ហៀរ​ទៅ​ដោយ​សម្ភារៈ​បោះ​ពុម្ព​ផ្សេងៗ​អំពី​អាពាហ៍ពិពាហ៍ ហើយ​មនុស្ស​ជា​ច្រើន​ក៏​មាន​ទស្សនៈ​គេ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​សូម​ឲ្យ​ប្រយ័ត្ន! អំពី​រឿង​អាពាហ៍ពិពាហ៍ ពត៌មាន​ជា​ច្រើន​ដែល​ផ្សព្វផ្សាយ​គឺ​ផ្ទុយ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ។

សូម​ឲ្យ​ជ្រាប​ដែរ​ថា​កាលៈទេសៈ​គឺ​ខុសៗ​គ្នា​រវាង​ប្ដី​ប្រពន្ធ​មួយ​គូៗ។ ក្នុង​របៀប​ម្យ៉ាង គូ​ប្ដី​ប្រពន្ធ​គឺ​ប្រៀប​ដូច​នឹង​សន្លឹក​ទឹក​កក​ស្តើង​ល្អិត ដែល​ប្រហែល​មើល​ទៅ​ឃើញ​ដូច​គ្នា​ពី​ចម្ងាយ ប៉ុន្តែ​តាម​ការ​ពិត មួយ​គូៗ​គឺ​ប្លែកៗ​ខុស​ពី​គ្នា​ទាំង​អស់។ ការ​រួម​បញ្ចូល​បុគ្គលិកលក្ខណៈ​របស់​អ្នក ជា​មួយ​នឹង​បុគ្គលិកលក្ខណៈ​របស់​គូ​អ្នក គឺ​មិន​អាច​ចម្លង​ធ្វើ​តាម​បាន​ដោយ​គូ​ប្ដី​ប្រពន្ធ​ណា​សោះ​ឡើយ​ក្នុង​ពិភពលោក​នេះ។ ដូច្នេះ សូម​កុំ​ឲ្យ​រហ័ស​ទទួល​យក​ទស្សនៈ​ផ្ទាល់​របស់​អ្នក​ឯ​ទៀត។ គឺ​ឥត​មាន​រូប​មន្ត​ណា​បង្កើត​ដោយ​មនុស្ស​ដែល​អាច​យក​មក​អនុវត្ត​ឲ្យ​បាន​សម្រេច​ក្នុង​គ្រប់​អាពាហ៍ពិពាហ៍​ឡើយ។

ផ្ទុយ​ទៅ​វិញ សេចក្ដី​បង្គាប់​ទាំង​អស់​របស់​ព្រះ​គម្ពីរ​គឺ​ពិត ហើយ​យក​អនុវត្ត​បាន។ សាវ័ក​ប៉ុល​សរសេរ​ថា​៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់»។ (ធីម៉ូថេ​ទី២ ៣:១៦; ទំនុកដំកើង ១១៩:១៥១) បើ​អ្នក​អាន​ព្រះ​គម្ពីរ ហើយ​ទទួល​យក​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ ទុក​ជា​ការ​ណែនាំ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក នោះ​អ្នក​នឹង​អាច​ធ្វើ​តាម​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​របស់​អ្នក​ហើយ។—ទំនុកដំកើង ១១៩:១០៥

​«ដរាប​ណា​យើង​ទាំង​ពីរ​នាក់​មាន​ជីវិត​រស់​នៅ​ជា​មួយ​គ្នា​លើ​ភព​ផែនដី»​៖ នេះ​ចង្អុល​ប្រាប់​នូវ​ភាព​ជា​មួយ​គ្នា​ជា​យូរ​អង្វែង​ទៅ​មុខ។ ព្រះ​ទ្រង់​បង្គាប់​ថា​៖ «មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ»។ (លោកុប្បត្តិ ២:២៤) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​នៅ​ជាប់​ជា​មួយ​គ្នា។ សូម​បំរើ​ព្រះ​ជា​មួយ​គ្នា រៀន​សូត្រ​បន្ទូល​ទ្រង់​ជា​មួយ​គ្នា យក​ពេល​វេលា​ដើរ​ជា​មួយ​គ្នា អង្គុយ​ជា​មួយ​គ្នា បរិភោគ​ជា​មួយ​គ្នា ហើយ​សប្បាយ​នឹង​ជីវិត​រស់​នៅ​ជា​មួយ​គ្នា​ផង!

គូ​ប្ដី​ប្រពន្ធ​ខ្លះ​ខិតខំ​ទុក​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​គ្រាន់​តែ​ពិគ្រោះ​គ្នា។ សូម្បី​ក្រោយ​ពេល​រៀប​ការ​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ភាព​ជា​មួយ​គ្នា​នេះ​គឺ​សំខាន់​ណាស់​ដើម្បី​ឲ្យ​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍។

​«ស្រប​តាម​របៀប​រៀប​ចំ​អាពាហ៍ពិពាហ៍​នៃ​ព្រះ»​៖ អាពាហ៍ពិពាហ៍​គឺ​ជា​អំណោយ​ទាន​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​អង្គ​ដែល​ចាប់​តាំង​បង្កើត​របៀប​រៀប​ចំ​អាពាហ៍ពិពាហ៍​ឡើង។ (សុភាសិត ១៩:១៤) ការ​ខក​ខាន​មិន​ធ្វើ​តាម​របៀប​រៀប​ចំ​របស់​ទ្រង់ នឹង​នាំ​ឲ្យ​មាន​វិបត្ដិ​គំរាម​កំហែង​ដល់​មិន​ត្រឹម​តែ​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍​អ្នក​ប៉ុណ្ណោះ​ទេ តែ​ដល់​ការ​ប្រស្រ័យ​ទាក់ទង​រវាង​អ្នក​និង​ព្រះ​អាទិទេព​ផង។ ឯ​ម្យ៉ាង​វិញ ពេល​ប្ដី​ប្រពន្ធ​បណ្ដុះ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់ទង​ដ៏​ល្អ​ស្និទ្ធស្នាល​រវាង​ព្រះ​យេហូវ៉ា ដែល​សម្ដែង​ឲ្យ​ឃើញ​ដោយ​ការ​ស្ដាប់​បង្គាប់​ដល់​របៀប​រៀប​ចំ​របស់​ទ្រង់ នោះ​ពួក​គេ​នឹង​បាន​ការ​ប្រស្រ័យ​ទាក់ទង​សុខសាន្ត​រវាង​អ្នក​ឯ​ទៀត ព្រម​ទាំង​រវាង​ខ្លួន​គេ​ទាំង​ពីរ​នាក់​ផង​ដែរ។—សុភាសិត ១៦:៧

សូម​កុំ​ឲ្យ​ភ្លេច​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​សាក្សី​ដ៏​សំខាន់​បំផុត ចំពោះ​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​របស់​អ្នក។ សូម​ធ្វើ​តាម​ពាក្យ​សន្យា​ដ៏​ឧឡារិ​ក​នេះ​ត​ទៅ នោះ​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​បាន​ជា​ប្រភព​នៃ​សេចក្ដី​សរសើរ​ដំកើង​និង​សិរី​ល្អ​ដល់​ព្រះ​យេហូវ៉ា!

[កំណត់​សម្គាល់]

a នៅ​កន្លែង​ខ្លះ​គេ​ត្រូវ​ប្រើ​ពាក្យ​សច្ចា​ដែល​មាន​កែ​ប្រែ​ខុស​ពី​ពាក្យ​សច្ចា​នេះ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​នា​តំបន់​នោះ។ (ម៉ាថាយ ២២:២១) ប៉ុន្តែ​នៅ​ប្រទេស​ភាគ​ច្រើន គូ​ប្ដី​ប្រពន្ធ​គ្រីស្ទាន​ប្រើ​ពាក្យ​សច្ចា​ខាង​លើ​នេះ។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២]

ក្នុង​របៀប​ម្យ៉ាង គូ​ប្ដី​ប្រពន្ធ​គឺ​ប្រៀប​ដូច​នឹង​សន្លឹក​ទឹក​កក​ស្តើង​ល្អិត។ គ្រប់​ទាំង​គូ​ប្រហែល​មើល​ទៅ​ឃើញ​ដូច​គ្នា​ពី​ចម្ងាយ ប៉ុន្តែ​តាម​ការ​ពិត​មួយ​គូៗ​គឺ​ខុស​ប្លែកៗ​ពី​គ្នា

[អ្នក​ផ្ដល់​សិទ្ធិ]

Snow Crystals\Dover

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក