បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មេសា ទំ. ៣-៩
  • ចូរធ្វើតាមពាក្យសម្បថរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើតាមពាក្យសម្បថរបស់អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​គាត់​បាន​ធ្វើ​តាម ពាក្យ​សម្បថ​ចំពោះ​ព្រះ
  • ពាក្យ​សម្បថ​របស់​អ្នក​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ
  • ពាក្យ​សម្បថ​របស់​អ្នក ពេល​រៀប​អាពាហ៍​ពិពាហ៍
  • ពាក្យ​សម្បថ​របស់​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​ពិសេស
  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • មនុស្ស​ស្មោះ​ត្រង់​ធ្វើ​តាម​ពាក្យ​សម្បថ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ការបង្ហាញភាពស្មោះត្រង់នាំឲ្យព្រះពេញចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ធ្វើតាមក្យសច្ចាអាហ៍ពិហ៍របស់អ្នក!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មេសា ទំ. ៣-៩
យែបថានិងកូនស្រីរបស់គាត់កំពុងនៅខាងក្រៅត្រសាល ហើយហាណាធ្វើតាមក្យសម្បថរបស់គាត់ចំព្រះដោយយកសាំយូអែលដែលជាក្មេងតូចទៅឯត្រសាល

ចូរ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក

​«​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា​»។—ម៉ាថាយ ៥:៣៣

ចម្រៀង​លេខ: ១៨, ៧

តើ​អ្នក​គិត​ថា​ពាក្យ​សម្បថ . . .

  • របស់​អ្នក​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​សំខាន់​យ៉ាង​ណា?

  • របស់​អ្នក​ពេល​អ្នក​រៀប​អាពាហ៍​ពិពាហ៍​គឺ​សំខាន់​យ៉ាង​ណា?

  • របស់​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​ពិសេស​គឺ​សំខាន់​យ៉ាង​ណា?

១​. (​ក​) តើ​យែបថា​និង​ហាណា​មាន​អ្វី​ខ្លះ​ដូច​គ្នា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

យែបថា​ជា​អ្នក​ដឹក​នាំ​ដ៏​ក្លាហាន ហើយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​ម្នាក់។ ហាណា​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ចិត្ត​រាប​ទាប ហើយ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្ដី​និង​បាន​មើល​ថែ​រក្សា​ផ្ទះ​របស់​ខ្លួន។ យែបថា​និង​ហាណា​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ពួក​គាត់​ក៏​មាន​អ្វី​ផ្សេង​ទៀត​ដែល​ដូច​គ្នា​ដែរ។ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​ម្នាក់​ៗ​បាន​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ពួក​គាត់​យ៉ាង​ស្មោះ​ត្រង់។ ពួក​គាត់​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​បុរស​និង​ស្ត្រី​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​សម្រេច​ចិត្ត​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា។ ឥឡូវ​នេះ សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​បី​នេះ​៖ តើ​ការ​ស្បថ​គឺ​ជា​អ្វី? តើ​ការ​ស្បថ​នឹង​ព្រះ​គឺ​សំខាន់​យ៉ាង​ណា? តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​យែបថា​និង​ហាណា?

២, ៣​. (​ក​) តើ​ការ​ស្បថ​គឺ​ជា​អ្វី? (​ខ​) តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ស្បថ​ចំពោះ​ព្រះ?

២ ក្នុង​គម្ពីរ​ការ​ស្បថ​គឺ​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​ជា​មួយ​នឹង​ព្រះ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​គាត់​នឹង​ធ្វើ​អ្វី​មួយ ផ្ដល់​អំណោយ​ណា​មួយ ចូល​រួម​ក្នុង​កិច្ច​បម្រើ​ណា​មួយ ឬ​ជៀស​វាង​ពី​អ្វី​មួយ។ ពេល​យើង​ស្បថ នេះ​គឺ​ជា​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រើ​ចិត្ត​សេរី។ គ្មាន​អ្នក​ណា​ម្នាក់​ដែល​បាន​ត្រូវ​បង្ខំ​ឲ្យ​ស្បថ​ឡើយ។ ប៉ុន្តែ ពេល​បុគ្គល​ម្នាក់​បាន​សម្រេច​ចិត្ត​ស្បថ ព្រះ​យេហូវ៉ា​ចាត់​ទុក​ពាក្យ​សម្បថ​របស់​បុគ្គល​នោះ​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​ដែល​គាត់​ត្រូវ​ឲ្យ​តម្លៃ​និង​ត្រូវ​ធ្វើ​តាម។ ក្នុង​គម្ពីរ ការ​ស្បថ​ជាពាក្យ​ដែល​បុគ្គល​ម្នាក់​សច្ចា​ថា​គាត់​នឹង​ធ្វើ​ឬ​មិន​ធ្វើ​អ្វី​ណា​មួយ។ (​លោកុប្បត្តិ ១៤:២២, ២៣; ហេប្រឺ ៦:១៦, ១៧​) តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​យើង​ចំពោះ​ព្រះ?

៣ ច្បាប់​ម៉ូសេ​ចែង​ថា​បើ​បុរស​ណា​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​«​អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំ​ដី​របស់​ខ្លួន​គ្រប់​ចំ​ពូក​»។ (​ជន​គណនា ៣០:២​) សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​មនុស្ស​ល្ងី​ល្ងើ​ទេ។ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ​»។ (​សាស្ដា ៥:៤​) លោក​យេស៊ូ​បាន​បង្រៀន​ថា​ការ​ស្បថ​នឹង​ព្រះ​គឺ​ជា​រឿង​ដ៏​សំខាន់ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹អ្នក​មិន​ត្រូវ​ស្បថ​បំពាន​ឡើយ តែ​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា​កុំ​ខាន›​»។—ម៉ាថាយ ៥:៣៣

៤​. (​ក​) តើ​ការ​ស្បថ​នឹង​ព្រះ​គឺ​សំខាន់​យ៉ាង​ណា? (​ខ​) តើ​យើង​ចង់​រៀន​អ្វី​អំពី​យែបថា​និង​ហាណា?

៤ យើង​ឃើញ​ច្បាស់​ថា យើង​ត្រូវ​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​ណា​ក៏​ដោយ​ដែល​យើង​បាន​សន្យា​ចំពោះ​ព្រះ​យេហូវ៉ា។ របៀប​ដែល​យើង​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​យើង​មាន​ឥទ្ធិពល​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក។ ដាវីឌ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ពេល​គាត់​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន?​»។ ក្រោយ​មក គាត់​បាន​ឆ្លើយ​ថា​ព្រះ​យេហូវ៉ា​នឹង​ទទួល​អ្នក​ណា​«​ដែល​មិន​បណ្ដោយ . . . ទៅ​តាម​សេចក្ដី​ភូត​ភរ​»​ ឬ​លោក​នឹង​ទទួល​អ្នក​ដែល​ធ្វើ​តាម​ពាក្យ​ស្បថ​របស់​ខ្លួន។ (​ទំនុក​តម្កើង ២៤:៣, ៤​) តើ​យែបថា​និង​ហាណា​បាន​ស្បថ​អំពី​អ្វី? តើ​ពួក​គាត់​ស្រួល​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​ឬ​ទេ?

ពួក​គាត់​បាន​ធ្វើ​តាម ពាក្យ​សម្បថ​ចំពោះ​ព្រះ

៥​. តើ​យែបថា​បាន​ស្បថ​អ្វី? តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

៥ យែបថា​បាន​សន្យា​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​ដែល​គាត់​ហៀបនឹង​ប្រយុទ្ធ​ជា​មួយ​នឹង​ជន​ជាតិ​អាំម៉ូន។ ប្រជា​ជាតិ​នោះ​ជា​សត្រូវ​របស់​រាស្ត្រ​ព្រះ។ (​ពួក​ចៅហ្វាយ ១០:៧​-​៩​) យែបថា​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​ទទួល​ជោគ​ជ័យ ហើយ​គាត់​បាន​ស្បថ​ថា​៖ ​«​បើ​សិន​ជា​ទ្រង់​ប្រគល់​ពួក​កូន​ចៅ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​ទូល​បង្គំ​ពិត នោះ​អ្វី​ៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល​បង្គំ​មក​ទទួល​ទូល​បង្គំ​ក្នុង​គ្រា​ដែល​ទូល​បង្គំ​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន​មក​វិញ​ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ​យេហូវ៉ា​»។ ព្រះ​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យែបថា​ដោយ​ជួយ​គាត់​ឲ្យ​ច្បាំង​ឈ្នះ។ ពេល​យែបថា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ចេញ​មក​ទទួល​គាត់។ នាង​ជា​បុគ្គល​ដែល​នឹង​«​បាន​ជា​របស់​ផង​ព្រះ​យេហូវ៉ា​»។ (​ពួក​ចៅហ្វាយ ១១:៣០​-​៣៤​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​នាង?

យែបថា​និង​កូន​ស្រី​របស់​គាត់​ជា​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ដែល​មិន​ទាំង​គិត​អំពី​ការ​បំពាន​ពាក្យ​សម្បថ​ចំពោះ​ព្រះ

៦​. (​ក​) តើ​យែបថា​និង​កូន​ស្រី​របស់​គាត់​មាន​ការ​ពិបាក​អ្វី​ខ្លះ​ក្នុង​ការ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ? (​ខ​) តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​ពាក្យ​សម្បថ​នៅ​ចោទិយកថា ២៣:២១, ២៣​និង​ទំនុក​តម្កើង ១៥:៤?

៦ ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ឪ​ពុក​នាង កូន​ស្រី​យែបថា​ត្រូវ​ទៅ​ឯ​ត្រសាល ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​នៅ​ទី​នោះ។ តើ​យែបថា​បាន​សន្យា​ដោយ​មិន​បាន​គិត​ពិចារណា​ឬ​ទេ? មិន​មែន​ទេ។ តាម​ពិត យែបថា​ទំនង​ជា​បាន​ដឹង​ថា​កូន​ស្រី​របស់​គាត់​អាច​ជា​បុគ្គល​ទី១​ដែល​នឹង​មក​ទទួល​គាត់។ ប៉ុន្តែ ទោះ​ជា​យែបថា​បាន​ដឹង​ឬ​មិន​ដឹង​ក្ដី ការធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​មិន​ស្រួល​សម្រាប់​គាត់ ហើយ​ក៏​មិន​ស្រួល​សម្រាប់​កូន​ស្រី​របស់​គាត់​ដែរ។ ពេល​យែបថា​បាន​ឃើញ​នាង គាត់​បាន​និយាយ​ថា​គាត់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​កូន​ស្រី​របស់​គាត់​បាន​ចេញ​ទៅ​«​យំ​ស្ដាយ​ដល់​ភាព​ជា​ក្រមុំ​របស់​នាង​»។ ហេតុ​អ្វី? យែបថា​មិន​មាន​កូន​ប្រុស ហើយ​ឥឡូវ​កូន​ស្រី​តែ​ម្នាក់​គត់​របស់​គាត់​នឹង​មិន​បាន​រៀប​ការ​និង​មិន​បង្កើត​កូន​ដែរ។ យែបថា​នឹង​គ្មាន​អ្នក​ណា​ស្នង​ត្រកូល​របស់​គាត់​ទេ។ ប៉ុន្តែ យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​ទទួល​ស្គាល់​ថា​មាន​អ្វី​ដែល​សំខាន់​ជាង​អារម្មណ៍​របស់​ពួក​គាត់។ យែបថា​បាន​និយាយ​ថា​៖ ​«​អញ​បាន​មាន​វាចា​នឹង​ព្រះ​យេហូវ៉ា​ហើយ​នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ​»។ កូន​ស្រី​របស់​គាត់​បាន​និយាយ​ថា​៖ ​«​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា​ដែល​ចេញ​ពី​មាត់​នោះ​ចុះ​»។ (​ពួក​ចៅហ្វាយ ១១:៣៥​-​៣៩​) យែបថា​និង​កូន​ស្រី​របស់​គាត់​ជា​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ដែល​មិន​ទាំង​គិត​អំពី​ការ​បំពាន​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ ទោះ​ជា​ពួក​គាត់​ពិបាក​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ​យ៉ាង​ខ្លាំង​ក៏​ដោយ។—សូម​អាន ចោទិយកថា ២៣:២១, ២៣; ទំនុក​តម្កើង ១៥:៤

៧​. (​ក​) តើ​ហាណា​បាន​ស្បថ​អ្វី ហើយ​ហេតុ​អ្វី? តើ​គាត់​បាន​ទទួល​លទ្ធផល​អ្វី? (​ខ​) ដោយ​សារ​ពាក្យ​សម្បថ​របស់​ហាណា តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​សាំយូអែល? (​សូម​មើល​កំណត់​សម្គាល់​)

៧ ហាណា​ក៏​បាន​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​ដែល​គាត់​មាន​ការ​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ដោយ​សារ​គាត់​មិន​អាច​មាន​កូន ហើយ​ដោយ​សារ​រឿង​នេះ គាត់​បាន​រង​ការ​ចំអក​មើល​ងាយ។ (​សាំយូអែល​ទី១ ១:៤​-​៧, ១០, ១៦​) គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​គាត់ ហើយ​បាន​សន្យា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ​នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់​ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់​ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​ជា​ស្រី​បំរើ​ទ្រង់​បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ​យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ​»។a (​សូម​មើល​កំណត់​សម្គាល់​) (​សាំយូអែល​ទី១ ១:១១​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ហាណា ហើយ​នៅ​ឆ្នាំ​បន្ទាប់​គាត់​បាន​សម្រាល​កូន​ប្រុស​មួយ រួច​ដាក់​ឈ្មោះ​ថា​សាំយូអែល។ ហាណា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង! ប៉ុន្តែ គាត់​មិន​បាន​ភ្លេច​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ​ទេ។ ពេល​កូន​ប្រុស​របស់​គាត់​បាន​កើត​មក គាត់​បាន​និយាយ​ថា​៖ ​«​អញ​បាន​សូម​វា​ពី​ព្រះ​យេហូវ៉ា​មក​»។—សាំយូអែល​ទី១ ១:២០

ហាណា​សុខ​ចិត្ត​លះ​បង់​អ្វី​ដែល​សំខាន់​ចំពោះ​គាត់​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ចំពោះ​ព្រះ

៨​. (​ក​) តើ​ហាណា​ស្រួល​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ឬ​ទេ? (​ខ​) តើ​ទំនុក​តម្កើង ៦១ រំលឹក​អ្នក​អំពី​គំរូ​ល្អ​របស់​ហាណា​យ៉ាង​ដូច​ម្ដេច?

៨ ពេល​សាំយូអែល​មាន​អាយុ​ប្រហែល​ជា​បី​ឆ្នាំ ហាណា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​យក​សាំយូអែល​ទៅ​ឯ​ត្រសាល​នៅ​ក្រុង​ស៊ីឡូរ ហើយ​ជួប​សម្ដេច​សង្ឃ​អេលី។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សំ​រេច​ដល់​ខ្ញុំ​ដូច​ពាក្យ​សំណូម​នោះ​មែន។ ដូច្នេះ​ខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ​យេហូវ៉ា​ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត​»។ (​សាំយូអែល​ទី១ ១:២៤​-​២៨​) ចាប់​ពី​ពេល​នោះ​មក សាំយូអែល​បាន​រស់​នៅ​ឯ​ត្រសាល។ គម្ពីរ​ចែង​ថា​៖ ​«​សាំយូអែល​ជា​ក្មេង​តូច​នោះ​ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ (​សាំយូអែល​ទី១ ២:២១​) ការ​ធ្វើ​តាម​ពាក្យសម្បថ​របស់​គាត់​ទំនង​ជា​មិន​ស្រួល​សម្រាប់​ហាណា​ទេ។ នេះ​មាន​ន័យ​ថា​គាត់​នឹង​មិន​អាច​ចំណាយ​ពេល​រាល់​ថ្ងៃ​ជា​មួយ​នឹង​កូន​ប្រុស​ដែល​គាត់​ស្រឡាញ់​យ៉ាង​ខ្លាំង​នោះ​បាន​ឡើយ។ គាត់​នឹង​គ្មាន​ឱកាស​ឃើញ​កូន​របស់​គាត់​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ ហាណា​បាន​ចាត់​ទុក​ថា​ពាក្យ​សម្បថ​របស់​គាត់​នឹង​ព្រះ​យេហូវ៉ា​ជា​រឿង​ដ៏​សំខាន់​ណាស់។ គាត់​សុខ​ចិត្ត​លះ​បង់​អ្វី​ដែល​សំខាន់​ចំពោះ​គាត់​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ចំពោះ​ព្រះ។—សាំយូអែល​ទី១ ២:១, ២; សូម​អាន ទំនុក​តម្កើង ៦១:១, ៥, ៨

ក្យសម្បថនឹងព្រះយេហូវ៉ារួមបញ្ចូល ក្យស្បថក្នុងការប្រគល់ខ្លួនជូនព្រះ ក្យស្បថពេលរៀបអាហ៍ពិហ៍ និងក្យស្បថរបស់ពួកអ្នកដែលបម្រើពេញពេលពិសេស

តើ​អ្នក​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ?

៩​. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

៩ ឥឡូវ​យើង​យល់​ថា​ពាក្យ​សម្បថ​នឹង​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ណាស់ ដូច្នេះ​សូម​យើង​ពិចារណា​សំណួរ​ទាំង​នេះ​៖ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​ប្រហែល​ជា​ស្បថ​អំពី​អ្វី​ខ្លះ? តើ​យើង​គួរ​តាំង​ចិត្ត​ខ្លាំង​យ៉ាង​ណា​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​ទាំង​នោះ?

ពាក្យ​សម្បថ​របស់​អ្នក​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ

ស្ដ្រីម្នាក់កំពុងលត់ជង្គង់អធិដ្ឋាននិងធ្វើសម្បថប្រគល់ជូនព្រះ

ពាក្យ​សម្បថ​របស់​អ្នក​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ (​សូម​មើល​វគ្គ​១០​)

១០​. តើ​ពាក្យ​សម្បថ​ដ៏​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​ធ្វើ​គឺ​ជា​អ្វី? តើ​នេះ​រួម​បញ្ចូល​អ្វី?

១០ ពាក្យ​សម្បថ​ដ៏​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​ធ្វើ​គឺ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ក្នុង​សេចក្ដី​អធិដ្ឋាន​ផ្ទាល់​ខ្លួន បុគ្គល​ម្នាក់​សន្យា​ថា​គាត់​នឹង​ប្រើ​ជីវិត​របស់​គាត់​ដើម្បី​បម្រើ​ព្រះ​ជា​រៀង​រហូត ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​«​ប្រគល់​ខ្លួន​ឲ្យ​ព្រះ​»​ ពោល​គឺ​យើង​សន្យា​ថា​យើង​នឹង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត មិន​មែន​ខ្លួន​យើង​ទេ។ (​ម៉ាថាយ ១៦:២៤​) ចាប់​ពី​ថ្ងៃ​នោះ​មក​«​យើង​ជា​របស់​ព្រះ​យេហូវ៉ា​»។ (​រ៉ូម ១៤:៨​) យើង​ចាត់​ទុក​ថា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​អ្វី​ដ៏​សំខាន់។ យើង​មាន​ទស្សនៈ​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​និយាយ​ថា​៖ ​«​តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ​យេហូវ៉ា​ចំពោះ​ព្រះ​គុណ​ដែល​ទ្រង់​បាន​ផ្ដល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន? ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា អើ​នៅ​មុខ​បណ្ដា​ជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង​»។—ទំនុក​តម្កើង ១១៦:១២, ១៤

១១​. តើ​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ដែល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក?

១១ តើ​អ្នក​បាន​ប្រគល់​ជីវិត​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ថា​អ្នក​បាន​ធ្វើ​ដូច្នេះ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? បើ​អ្នក​បាន​ធ្វើ​ដូច្នេះ នេះ​ពិត​ជា​អស្ចារ្យ​ណាស់! តើ​អ្នក​ចាំ​អំពី​សុន្ទរ​ថា​សម្រាប់​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ពេល​ដែល​បង​ប្រុស​ដែល​ថ្លែង​បាន​សួរ​ថា តើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​យល់​ថា ​«​ពេល​ដែល​អ្នក​ប្រគល់​ខ្លួន​និង​ទទួល​ការ​ជ្រមុជ​ទឹក នេះ​នឹង​សម្គាល់​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា . . . ឬ​ទេ?​»។ ពេល​អ្នក​បាន​ឆ្លើយ​ថា​បាទ​ឬ​ចាស អស់​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​បាន​ដឹង​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​តែង​តាំង។ អ្នក​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង!

១២​. (​ក​) តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ? (​ខ​) តើ​ពេត្រុស​លើក​ទឹក​ចិត្ត​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​អ្វី​ខ្លះ?

១២ ពេល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​អ្នក​នឹង​ប្រើ​ជីវិត​របស់​អ្នក​ដើម្បី​បម្រើ​លោក ហើយ​អ្នក​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ ប៉ុន្តែ ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង។ យើង​អាច​សួរ​ខ្លួន​ថា ‹តាំង​ពី​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក តើ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​រីក​ចម្រើន​យ៉ាង​ណា? តើ​ខ្ញុំ​នៅ​តែ​បម្រើ​លោក​ដោយ​អស់​ពី​ចិត្ត​ឬ​ទេ? (​កូឡុស ៣:២៣​) តើ​ខ្ញុំ​អធិដ្ឋាន​ជា​រឿយ​ៗ​ឬ​ទេ? តើ​ខ្ញុំ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ឬ? តើ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ឬ​ទេ? តើ​ខ្ញុំ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឬ? ឬ​តើ​ចិត្ត​ខ្នះ​ខ្នែង​របស់​ខ្ញុំ​ចំពោះ​សកម្មភាព​ទាំង​នេះ​បាន​រសាយ​ឬ​ទេ?›។ សាវ័ក​ពេត្រុស​បាន​ព្រមាន​យើង​ថា បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​យើង​អាច​ទៅ​ជា​អសកម្ម​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ យើង​អាច​ជៀស​វាង​ពី​បញ្ហា​នេះ​បាន បើ​យើង​ខំ​ប្រឹង​ឲ្យ​កាន់​តែ​មាន​ជំនឿ ការ​ស៊ូ​ទ្រាំ ចំណេះ និង​ភក្ដី​ភាព​ចំពោះ​ព្រះ។—សូម​អាន ពេត្រុស​ទី២ ១:៥​-​៨

១៣​. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ទទួល​ស្គាល់​អ្វី?

១៣ ពេល​យើង​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ថា​យើង​នឹង​បម្រើ​លោក យើង​មិន​អាច​លេប​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ។ បុគ្គល​ម្នាក់​ដែល​ធុញ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក មិន​អាច​និយាយ​ក្រោយ​មក​ថា​គាត់​មិន​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ថា​ការ​ជ្រមុជ​ទឹក​របស់​គាត់​មិន​យក​ជា​ការ​ទេ។b (​សូម​មើល​កំណត់​សម្គាល់​) បើ​បុគ្គល​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ។ (​រ៉ូម ១៤:១២​) យើង​មិន​ចង់​ធ្វើ​ដូច​ពួក​អ្នក​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ពេល​លោក​ថា​៖ ​«​អ្នក​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​»។ ផ្ទុយ​ទៅ​វិញ យើង​ចង់​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​យើង​ថា​៖ ​«​ខ្ញុំ​ស្គាល់​ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ កិច្ច​បម្រើ និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ក៏​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក​ឥឡូវ​នេះ គឺ​ល្អ​ប្រសើរ​ជាង​ការ​ប្រព្រឹត្ត​របស់​អ្នក​កាល​ពី​មុន​»។ (​ការ​បើក​បង្ហាញ ២:៤, ១៩​) យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ​ដោយ​រស់​នៅ​សម​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​យើង។

ពាក្យ​សម្បថ​របស់​អ្នក ពេល​រៀប​អាពាហ៍​ពិពាហ៍

កូនកំលោះនិងកូនក្រមុំកំពុងស្បថចំគ្នាទៅវិញទៅមកពេលរៀបអាហ៍ពិហ៍

ពាក្យ​សម្បថ​របស់​អ្នក​ពេល​រៀប​អាពាហ៍​ពិពាហ៍ (​សូម​មើល​វគ្គ​១៤​)

១៤​. តើ​ពាក្យ​សម្បថ​សំខាន់​ទី​ពីរ​ដែល​បុគ្គល​ម្នាក់​អាច​ធ្វើ​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី?

១៤ ពាក្យ​សម្បថ​សំខាន់​ទី​ពីរ​ដែល​បុគ្គល​ម្នាក់​អាច​ធ្វើ​គឺ​ពាក្យ​សម្បថ​នៅ​ពេល​រៀប​អាពាហ៍​ពិពាហ៍។ អាពាហ៍​ពិពាហ៍​គឺ​ជា​អ្វី​ដែល​ពិសិដ្ឋ។ ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ពាក្យ​សម្បថ​នៅ​ពេល​រៀប​អាពាហ៍​ពិពាហ៍​គឺ​សំខាន់​ណាស់។ ពេល​កូន​ក្រមុំ​និង​កូន​កំលោះ​ពោល​ពាក្យ​សច្ចា ពួក​គាត់​សន្យា​នៅ​មុខ​ព្រះ​យេហូវ៉ា ព្រម​ទាំង​នៅ​មុខ​អស់​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ តាម​ធម្មតា ពួក​គាត់​សន្យា​ថា​នឹង​ស្រឡាញ់ ថ្នាក់​ថ្នម​អស់​ពី​ដួង​ចិត្ត និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដរាប​ណា​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​រស់​នៅ​លើ​ផែន​ដី​ជា​មួយ​គ្នា​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​គូ​ស្វាមីភរិយា។ ពេល​ពួក​គាត់​ពោល​ពាក្យ​សច្ចា​នេះ ពួក​គាត់​ទៅ​ជា​ប្ដី​ប្រពន្ធ។ ទោះ​ជា​ពួក​គាត់​មិន​ពោល​ពាក្យ​ទាំង​នេះ​ក៏​ដោយ បើ​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​ស្រប​ច្បាប់ គឺ​ដូច​គ្នា​នឹង​ការ​ធ្វើ​សម្បថ​នៅ​មុខ​ព្រះ។ តាម​គោល​បំណង​របស់​ព្រះ ចំណង​អាពាហ៍​ពិពាហ៍​គឺ​ជា​ចំណង​មួយ​ដែល​ជាប់​អស់​មួយ​ជីវិត។ (​លោកុប្បត្តិ ២:២៤; កូរិនថូស​ទី១ ៧:៣៩​) លោក​យេស៊ូ​បាន​មាន​ប្រសា​ស​ន៏​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ គូ​ដែល​នឹង​រៀប​ការ​មិន​គួរ​គិត​ថា​ពួក​គាត់​អាច​លែង​លះ​គ្នា​បាន​ទេ។—ម៉ាកុស ១០:៩

១៥​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​មិន​ត្រូវ​មាន​ទស្សនៈ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ចំពោះ​ចំណង​អាពាហ៍​ពិពាហ៍?

១៥ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ ដូច​គ្នា​ដែរ​គ្មាន​ចំណង​អាពាហ៍​ពិពាហ៍​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ប្រាប់​យើង​ថា​បុគ្គល​ដែល​រៀប​ការ​«​នឹង​មាន​ការ​លំបាក​»​នៅ​ពេល​ខ្លះ។ (​កូរិនថូស​ទី១ ៧:២៨​) ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ចំណង​អាពាហ៍​ពិពាហ៍​ទេ។ ពួក​គេ​មាន​អារម្មណ៍​ថា​បើ​មាន​បញ្ហា ពួក​គេ​អាច​បែក​ផ្លូវ​គ្នា។ ប៉ុន្តែ បុរស​និង​ស្ត្រី​ដែល​ជា​គ្រិស្ត​សាសនិក​មិន​មាន​ទស្សនៈ​ដូច​នោះ​ចំពោះ​ចំណង​អាពាហ៍​ពិពាហ៍​ឡើយ។ ពួក​គាត់​ទទួល​ស្គាល់​ថា​ពួក​គាត់​បាន​ពោល​ពាក្យ​សច្ចា​នៅ​មុខ​ព្រះ​ពេល​ពួក​គាត់​បាន​រៀប​អាពាហ៍​ពិពាហ៍។ បើ​ពួក​គាត់​មិន​ធ្វើ​តាម​ពាក្យ​សច្ចា​នោះ នេះ​ហាក់​ដូច​ជា​ពួក​គាត់​កុហក​ព្រះ ហើយ​លោក​ស្អប់​អ្នក​ដែល​ភូត​ភរ។ (​លេវីវិន័យ ១៩:១២; សុភាសិត ៦:១៦​-​១៩​) គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​គួរ​ចាំ​អំពី​ពាក្យ​របស់​សាវ័ក​ប៉ូល ដែល​ថា​៖ ​«​តើ​អ្នក​មាន​ប្រពន្ធ​ហើយ​ឬ? ចូរ​ឈប់​រក​វិធី​ដោះ​ខ្លួន​ចេញ​ពី​នាង​»។ (​កូរិនថូស​ទី១ ៧:២៧​) ប៉ូល​អាច​និយាយ​ដូច្នេះ ដោយ​សារ​គាត់​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ក៏​ស្អប់​អ្នក​ដែល​មាន​គម្រោង​ធ្វើ​ការ​លែង​លះ​គ្នា​ដើម្បី​មាន​គូ​ថ្មី។—ម៉ាឡាគី ២:១៣​-​១៦

១៦​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​បែក​លំនៅ​និង​ការ​លែង​លះ​គ្នា?

១៦ លោក​យេស៊ូ​បាន​បង្រៀន​ថា​មូលហេតុ​តែ​មួយ​គត់​ស្រប​តាម​គម្ពីរ​ដែល​អាច​លែង​លះ​គ្នា​គឺ​បើ​គូ​ម្ខាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​គូ​របស់​គាត់​ដែល​គ្មាន​កំហុស​សម្រេច​ចិត្ត​មិន​អភ័យ​ទោស​ឲ្យ​គាត់។ (​ម៉ាថាយ ១៩:៩; ហេប្រឺ ១៣:៤​) ចុះ​យ៉ាង​ណា អំពី​ការ​បែក​លំនៅ​ពី​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន? គម្ពីរ​ក៏​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ដែរ។ (​សូម​អាន កូរិនថូស​ទី១ ៧:១០, ១១​) គ្មាន​មូលហេតុ​ពី​គម្ពីរ​ដើម្បី​បែក​លំនៅ​ក្នុង​អាពាហ៍​ពិពាហ៍​ឡើយ។ ប៉ុន្តែ នៅ​ពេល​ខ្លះ​ប្រហែល​ជា​មាន​ស្ថានភាព​ណា​មួយ​ដែល​គ្រិស្ត​សាសនិក​ម្នាក់​គិត​ថា​គឺ​ចាំ​បាច់​ដែល​គាត់​បែក​លំនៅ​ពី​គូ​របស់​គាត់។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ដែល​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត ឬ​ដល់​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា បើ​គាត់​បន្ត​រស់​នៅ​ជា​មួយ​នឹង​គូ​ដែល​ប្រើ​អំពើ​ហិង្សា​ឬ​ដែល​ជា​អ្នក​ក្បត់​ជំនឿc (​សូម​មើល​កំណត់​សម្គាល់​)។

១៧​. តើ​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គាត់​ស្ថិតស្ថេរ?

១៧ បើ​ប្ដី​ប្រពន្ធ​សុំ​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អំពី​របៀប​ធ្វើ​ឲ្យ​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គាត់​ល្អ​ប្រសើរ​ជាង អ្នក​ចាស់​ទុំ​អាច​សួរ​ប្ដី​ប្រពន្ធ​នោះ​ថា តើ​ពួក​គាត់​បានសិក្សា​រួច​ហើយ​ឬ​នៅ នូវ​សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា​ក្រុម​គ្រួសារ​លោក​អ្នក​អាច​មាន​សុភមង្គល​បាន! និង​អត្ថបទ​ពី​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥ ដែល​មាន​ចំណង​ជើង​ថា ​«​តើ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​អាច​មាន​ឬ​ទេ?​»។ សៀវភៅ​ទាំង​នេះ​បញ្ជាក់​អំពី​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍​ពិពាហ៍​កាន់​តែ​រឹង​មាំ។ ប្ដី​ប្រពន្ធ​មួយ​គូ​បាន​និយាយ​ថា​៖ ​«​តាំង​ពី​យើង​បាន​សិក្សា​សៀវភៅ​ស្តើង​នេះ យើង​មាន​សុភមង្គល​ច្រើន​ជាង​ក្នុង​អាពាហ៍​ពិពាហ៍​របស់​យើង​»។ បង​ស្រី​ម្នាក់​ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​២២​ឆ្នាំ មាន​អារម្មណ៍​ថា​អាពាហ៍​ពិពាហ៍​របស់​គាត់​ហៀបនឹង​បែក​បាក់។ ក្រោយ​មក គាត់​បាន​មើល​វីដេអូ​អំពី​អ្វី​ជា​ស្នេហ៍​ពិត។ គាត់​បាន​និយាយ​ថា​៖ ​«​យើង​ទាំង​ពីរ​នាក់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដូច​គ្នា តែ​យើង​មិន​យល់​ចិត្ត​គ្នា​សោះ។ វីដេអូ​នោះ​បាន​មក​ត្រូវ​ពេល! ឥឡូវ ចំណង​អាពាហ៍​ពិពាហ៍​របស់​យើង​គឺ​ល្អ​ប្រសើរ​ជាង​មុន​»។ យើង​ឃើញ​ច្បាស់​ថា បើ​ប្ដី​ប្រពន្ធ​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ក្នុង​អាពាហ៍​ពិពាហ៍ នោះ​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គាត់​នឹង​រឹង​មាំ​ជាង ហើយ​នឹង​មាន​សុភមង្គល​ច្រើន​ជាង។

ពាក្យ​សម្បថ​របស់​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​ពិសេស

១៨, ១៩​. (​ក​) តើ​ឪ​ពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​បាន​ធ្វើ​អ្វី? (​ខ​) ស្តី​អំពី​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​ពិសេស តើ​អ្វី​គឺ​សំខាន់?

១៨ នៅ​ដើម​អត្ថបទ យើង​បាន​ពិចារណា​អំពី​ពាក្យ​សម្បថ​របស់​យែបថា​និង​ហាណា។ ដោយ​សារ​ពាក្យ​ស្បថ​ទាំង​នោះ កូន​ស្រី​របស់​យែបថា​និង​កូន​ប្រុស​របស់​ហាណា​បាន​ប្រើ​ជីវិត​របស់​ពួក​គាត់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ពិសេស។ សព្វ​ថ្ងៃ​នេះ ឪ​ពុក​ម្ដាយ​ជា​ច្រើន​នាក់​ដែល​ជា​គ្រិស្ត​សាសនិក​បាន​លើក​ទឹក​ចិត្ត​កូន​របស់​ពួក​គាត់​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល ហើយ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ព្រះ​ក្នុង​ជីវិត​របស់​ពួក​គេ។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​ទាំង​នេះ​ឲ្យ​បន្ត​ក្នុង​កិច្ច​បម្រើ​របស់​ពួក​គេ។—ពួក​ចៅហ្វាយ ១១:៤០; ទំនុក​តម្កើង ១១០:៣

បងប្រុសម្នាក់កំពុងស្បថថានឹងបម្រើពេញពេលពិសេស

ពាក្យ​សម្បថ​របស់​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​ពិសេស (​សូម​មើល​វគ្គ​១៩​)

១៩ សព្វ​ថ្ងៃ​នេះ មាន​បង​ប្អូន​ប្រហែល​ជា​៦៧​.​០០០​នាក់​ដែល​ជា​សមាជិក​ក្រុម​អ្នក​បម្រើ​ពេញ​ពេល​ពិសេស​ទូ​ទាំង​ពិភព​លោក​នៃ​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ បង​ប្អូន​ខ្លះ​បម្រើ​នៅ​បេតអែល ឬ​បម្រើ​ផ្នែក​សាងសង់ ឬ​ក៏​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ បង​ប្អូន​ខ្លះ​ទៀត​ខំ​បម្រើ​ជា​អ្នក​បង្ហាត់​បង្រៀន​សាលា​ផ្សេង​ៗ អ្នក​ត្រួស​ត្រាយ​ពិសេស សាសនទូត អ្នក​ដែល​បម្រើ​នៅ​សាល​សន្និបាត ឬ​អ្នក​ដែល​បម្រើ​នៅ​កន្លែង​ដែល​មាន​សាលា​គម្ពីរ។ ពួក​គាត់​ម្នាក់​ៗ​បាន​«​ស្បថ​ថា​នឹង​ស្ដាប់​បង្គាប់​និង​មាន​របៀប​រស់​នៅ​សាមញ្ញ​»។ ក្នុង​ពាក្យ​សម្បថ​នោះ ពួក​គាត់​សន្យា​ថា​នឹង​ខំ​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​ពួក​គាត់​ទទួល​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា មាន​របៀប​រស់​នៅ​សាមញ្ញ ហើយ​មិន​ធ្វើ​ការ​ដើម្បី​បាន​លុយ​ឬ​រក​ស៊ី​លុះ​ត្រា​តែ​ពួក​គាត់​ទទួល​ការ​អនុញ្ញាត។ យើង​ចាត់​ទុក​ភារកិច្ច​របស់​ពួក​គាត់​ថា​ជា​អ្វី​ដ៏​ពិសេស មិន​មែន​បុគ្គល​ដែល​បំពេញ​ភារកិច្ច​នោះ​ទេ។ ពួក​គាត់​មាន​ចិត្ត​រាប​ទាប ហើយ​តាំង​ចិត្ត​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ពួក​គាត់​ដរាប​ណា​ដែល​ពួក​គាត់​នៅ​តែ​បម្រើ​ក្នុង​កិច្ច​ការ​ពេញ​ពេល​ពិសេស។

២០​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​ព្រះ ហើយ​ហេតុ​អ្វី?

២០ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​អំពី​ពាក្យ​សម្បថ​បី​ដែល​យើង​អាច​ធ្វើ​ចំពោះ​ព្រះ។ អ្នក​ប្រហែល​ជា​ធ្លាប់​ធ្វើ​សម្បថ​នេះ​ដែរ។ យើង​ដឹង​ថា​យើង​ត្រូវ​ចាត់​ទុក​ថា​ពាក្យ​សម្បថ​របស់​យើង​ជា​អ្វី​ដ៏​សំខាន់ ហើយ​ថា​យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​ទាំង​នោះ។ (​សុភាសិត ២០:២៥​) បើ​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា នោះ​អាច​នាំ​ឲ្យ​យើង​ទទួល​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ។ (​សាស្ដា ៥:៦​) ដូច្នេះ សូម​ឲ្យ​យើង​ធ្វើ​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​ជា​ដរាប​ដើម្បី​ឲ្យ​បាន​លា​បំណន់​របស់​ទូល​បង្គំ​រាល់​តែ​ថ្ងៃ​»។—ទំនុក​តម្កើង ៦១:៨

a ហាណា​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​បើ​គាត់​បង្កើត​បាន​កូន​ប្រុស​មួយ កូន​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ន៉ាសារីត​អស់​មួយ​ជីវិត។ នេះ​មាន​ន័យ​ថា​កូន​ប្រុស​របស់​គាត់​បាន​ត្រូវ​ប្រគល់​ជូន​ព្រះ ហើយ​ត្រូវ​ញែក​ចេញ​សម្រាប់​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។—ជន​គណនា ៦:២, ៥, ៨

b ដោយ​សារ​មាន​អ្វី​ជា​ច្រើន​ដែល​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ពិចារណា​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​មុន​ដែល​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក នោះ​កម្រ​មាន​ការ​ជ្រមុជ​ទឹក​ដែល​មិន​អាច​យក​ជា​ការ​បាន​ទេ។

c សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម ដែល​មាន​ចំណង​ជើង​ថា «ការ​ណែនាំ​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​លែង​លះ​គ្នា​និង​ការ​បែក​លំនៅ​សង្វាស» ក្នុង​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក