ចូរសរសើរដល់ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច!
«ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច»។—ទំនុកដំកើង ១០:១៦
១. តើមានសំនួរអ្វីខ្លះចំពោះភាពអស់កល្បជានិច្ច?
ភាពអស់កល្បជានិច្ច—តើអ្នកគិតថាពាក្យនេះមានន័យយ៉ាងណាដែរ? តើអ្នកគិតថាពេលវេលាពិតជាមានជារហូតបានទេ? ជាការច្បាស់ណាស់ ដែលពេលវេលាលាតសន្ធឹងជារហូតទៅអតីតកាល។ ដូច្នេះហេតុអ្វីក៏ពេលវេលាមិនអាចលាតសន្ធឹងជារហូតទៅអនាគតបានដែរ? ពិតហើយ សេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មីបានសំដៅចំពោះព្រះដែលមនុស្សលើកសរសើរ«ពីពេលដែលគ្មានទីកំណត់ទៅដល់អស់កល្បជានិច្ច»។ (ទំនុកដំកើង ៤១:១៣ ព.ថ.) តើឃ្លានេះមានន័យយ៉ាងណាដែរ? បើសិនជាយើងលើកយកប្រធានមួយដែលទាក់ទងនឹងរឿងនេះមកពន្យល់ គឺលំហអាកាស—នេះនឹងជួយយើងឲ្យយល់ច្បាស់ថែមទៀតបាន។
២, ៣. (ក) តើអ្វីខ្លះអំពីលំហអាកាស ដែលជួយយើងឲ្យយល់អំពីភាពអស់កល្បជានិច្ច? (ខ) ហេតុអ្វីក៏យើងចង់ថ្វាយបង្គំព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច?
២ តើលំហអាកាសធំទូលាយដល់ប៉ុនណាទៅ? តើលំហអាកាសមានព្រំដែនទេ? គ្រាន់តែមុននឹង៤០០រយឆ្នាំកន្លងទៅនេះ ផែនដីរបស់យើងត្រូវបានគេគិតថា ជាមជ្ឈមណ្ឌលនៃលោកធាតុ។ ប៉ុន្តែ លោកកាឡីអូបានបង្កើតកែវយឹតដែលអាចមើលឃើញយ៉ាងឆ្ងាយធំធេងទៅផ្ទៃមេឃ។ ឥឡូវនេះលោកកាឡីអូអាចមើលឃើញផ្កាយយ៉ាងច្រើនមែន ហើយក៏អាចបង្ហាញថា ផែនដីនិងផ្កាយគ្រោះជាច្រើនទៀតគឺវិលជុំវិញសុរិយា។ ដូច្នេះ កែវយឹតធ្វើឲ្យឃើញថា ជើងភ្នាយជាតារាវលីដែលមានផ្កាយជាច្រើន មិនគ្រាន់ផ្ដុំគ្នាជាក្រុមបញ្ចេញពន្លឺនោះឡើយ។ នេះជាតារាវលីដែលមានផ្កាយជាច្រើនប្រមាណមួយរយលានកោដិ។ យើងមិនអាចរាប់ផ្កាយដែលមានចំនួនទាំងនេះបានឡើយ សូម្បីតែក្នុងមួយជីវិតរបស់យើងក៏រាប់មិនបានដែរ។ ក្រោយមក តារាវិទូក៏បានស្រាវជ្រាវរកឃើញរាប់រយកោដិតារាវលីទៀត ហើយតារាវលីទាំងនេះលាតត្រដាងដោយមិនចេះចប់ក្នុងលំហអាកាស រហូតដល់កែវយឹតដ៏ខ្លាំងមិនអាចស្ទង់បាន។ នេះមើលទៅគឺគ្មានព្រំដែនឡើយនៅក្នុងលំហអាកាស។ ភាពអស់កល្បជានិច្ចក៏ដូចនេះដែរ—គឺគ្មានកំរិតព្រំដែនឡើយ។
៣ ការគិតអំពីភាពអស់កល្បជានិច្ច គឺហាក់ដូចជាអ្វីដែលខួរក្បាលដ៏ទន់ខ្សោយរបស់មនុស្សមិនអាចយល់បាន។ ប៉ុន្តែ គឺមានបុគ្គលមួយអង្គដែលអាចយល់អំពីរឿងនេះ។ ត្រូវហើយ ទ្រង់អាចរាប់ហើយថែមទាំងស្គាល់ឈ្មោះផ្កាយរាប់រយលានកោដិនៅក្នុងតារាវលីជាច្រើនផង! បុគ្គលមួយអង្គនេះមានបន្ទូលថា៖ «ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួន។ ដូច្នេះទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ តើឯងមិនបានដឹង តើមិនបានឮទេឬអី? ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុតទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផងគ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ»។ (អេសាយ ៤០:២៦, ២៨) ទ្រង់ជាព្រះដ៏អស្ចារ្យមែន! យ៉ាងប្រាកដណាស់ ទ្រង់ជាព្រះដែលយើងរាល់គ្នាចង់ថ្វាយបង្គំ!
«ព្រះមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច»
៤. (ក) តើដាវីឌសម្ដែងការអបអរចំពោះព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ចយ៉ាងណា? (ខ) តើអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្ដិសាស្ត្រសន្និដ្ឋានយ៉ាងណា ចំពោះកំណើតនៃសកលលោក?
៤ នៅទំនុកដំកើង ១០:១៦ ដាវីឌមានប្រសាសន៍អំពីព្រះអាទិទេពថា៖ «ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច»។ ហើយនៅទំនុកដំកើង ២៩:១០ គាត់និយាយថែមទៀតថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រនៅអស់កល្បជានិច្ច»។ ត្រូវហើយ ព្រះយេហូវ៉ាជាមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច! ម្យ៉ាងទៀត ដាវីឌបានបញ្ជាក់ថាព្រះមហាក្សត្រដែលមនុស្សលើកដំកើងនេះ ជាអ្នកគ្រោងការបង្កើតអ្វីៗទាំងអស់ដែលយើងមើលឃើញក្នុងលំហអាកាស។ ដូចបានចែងមកនៅទំនុកដំកើង ១៩:១ថា៖ «ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ»។ ប្រមាណ២.៧០០ឆ្នាំក្រោយមក លោកអ៊ីសាក់ ញូតុន ដែលជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់មានយោបល់ស្របនឹងដាវីឌ ដោយសរសេរថា៖ «ប្រព័ន្ធសុរិយាដ៏សមសួននេះ ដែលមានផ្កាយគ្រោះនិងផ្កាយដុះកន្ទុយគឺអាចមានឡើងតែពីបំណងនិងអធិបតេយ្យភាពនៃបុគ្គលដ៏មានអំណាចដ៏ខ្លាំង»ប៉ុណ្ណោះ។
៥. តើលោកអេសាយនិងប៉ុលសរសេរអ្វីអំពីប្រភពនៃប្រាជ្ញា?
៥ នេះគួរតែធ្វើឲ្យយើងមានចិត្តរាបទាបដោយដឹងថាព្រះអម្ចាស់មហាក្សត្រព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច។ ហើយសូម្បីតែ«ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមទ្រង់គង់»ផង! (ពង្សាវតារក្សត្រទី១ ៨:២៧) អេសាយ ៤៥:១៨ បានរៀបរាប់អំពីព្រះយេហូវ៉ាថាជាព្រះដែល«បង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើហើយប្រតិស្ឋានផែនដី» ជាប្រភពនៃប្រាជ្ញាដែលខួរក្បាលមនុស្សមិនអាចយល់បាន។ ដូចបានកត់ទុកមកនៅកូរិនថូសទី១ ១:១៩ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំណេះរបស់ពួកអ្នកដែលចេះចោលចេញ»។ ហើយសាវ័កប៉ុលបានបន្ថែមនៅខ២០ថា៖ «តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះ ទៅជាសេចក្ដីល្ងង់ល្ងើវិញទេតើ»? ប្រាកដហើយនៅជំពូកទី៣ ខ១៩ ប៉ុលបាននិយាយទៀតថា៖ «ប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ»។
៦. តើសាស្ដា ៣:១១ បង្ហាញយ៉ាងណាចំពោះ«រៀងរាបដរាបទៅ»?
៦ ផ្កាយនិងតារាវលីដែលបានបង្កើតមក ជាផ្នែកមួយដែលស្តេចសាឡូម៉ូនបានសំដៅថា៖ «ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើតាំងពីដើមដរាបដល់ចុងនោះឡើយ»។ (សាស្ដា ៣:១១) យ៉ាងត្រូវណាស់ព្រះបានដាក់ក្នុងចិត្តមនុស្សឲ្យខំប្រឹងរកចម្លើយចំពោះន័យនៃពាក្យ«ជារៀងរាបដរាបទៅ» ដែលជាភាពអស់កល្បជានិច្ច។ ប៉ុន្តែតើមនុស្សលោកអាចមានចំណេះបែបនេះបានទេ?
ការមានជីវិតដ៏អស្ចារ្យ
៧, ៨. (ក) តើជីវិតដ៏អស្ចារ្យអ្វីដែលមាននៅពីមុខមនុស្សលោក ហើយតើអាចទទួលបានដោយយ៉ាងណា? (ខ) ហេតុអ្វីក៏យើងត្រូវអរសប្បាយដែលការអប់រំរបស់ព្រះនឹងមានអស់កល្បជានិច្ច?
៧ ក្នុងការអធិស្ឋានទៅព្រះយេហូវ៉ា ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) តើយើងអាចទទួលចំណេះវិជ្ជាបែបនេះដូចម្ដេច? គឺថាយើងត្រូវតែសិក្សាបន្ទូលរបស់ព្រះគឺព្រះគម្ពីរបរិសុទ្ធ។ ក្រោយមកយើងអាចមានចំណេះវិជ្ជាត្រឹមត្រូវអំពីគោលបំណងដ៏អស្ចារ្យរបស់ទ្រង់ រួមទាំងសំវិធានការដែលមកតាមរយៈរាជបុត្រារបស់ទ្រង់ សំរាប់ជីវិតអស់កល្បជានិច្ចក្នុងផែនដីមនោរម្យ។ នេះនឹងទៅជា«ជីវិតដ៏ពិត»ដែលបានចែងប្រាប់យើងនៅធីម៉ូថេទី១ ៦:១៩។ ហើយនេះនឹងស្របជាមួយនឹងអេភេសូរ ៣:១១ ដែលរៀបរាប់ជា«គំនិតសំរេចតាំងពីអស់កល្បរៀងមក ដែល[ព្រះ]បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើង»។
៨ ត្រូវហើយជាមនុស្សមានបាបយើងអាចមានជីវិតអស់កល្បជានិច្ចបាន តាមរយៈការអប់រំពីព្រះ ហើយដោយមានជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ តើការអប់រំនេះនឹងមានប៉ុន្មានឆ្នាំទៅ? គឺនឹងមានអស់កល្បជានិច្ច កាលដែលមនុស្សលោកត្រូវបានបង្ហាត់បន្ដិចម្ដងៗអំពីប្រាជ្ញានៃព្រះអាទិទេព។ ប្រាជ្ញារបស់ព្រះគឺគ្មានព្រំដែនឡើយ។ ដោយទទួលស្គាល់ហេតុនេះ សាវ័កប៉ុលបានលាន់មាត់ថា៖ «អើហ្ន៎ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ! ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន»! (រ៉ូម ១១:៣៣) ត្រូវហើយ ជាការសមហេតុផលណាស់ដែលធីម៉ូថេទី១ ១:១៧ ហៅព្រះយេហូវ៉ាជា«ស្តេចនៃអស់ទាំងកល្ប»។
ប្រាជ្ញាក្នុងការបង្កើតនៃព្រះយេហូវ៉ា
៩, ១០. (ក) តើកិច្ចការដ៏អស្ចារ្យអ្វីដែលព្រះយេហូវ៉ាបានសម្រេចក្នុងការរៀបចំផែនដីជារង្វាន់សំរាប់មនុស្សលោក? (ខ) តើប្រាជ្ញាដ៏ប្រសើរនៃព្រះយេហូវ៉ាបង្ហាញឲ្យឃើញក្នុងការបង្កើតរបស់ទ្រង់យ៉ាងណា? (សូមមើលប្រអប់)
៩ ចូរឲ្យយើងពិចារណាមើលនូវមរតកដ៏អស្ចារ្យ ដែលស្តេចនៃអស់ទាំងកល្បបានផ្ដល់មកឲ្យមនុស្សលោក។ ទំនុកដំកើង ១១៥:១៦ ចែងប្រាប់យើងថា៖ «ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ»។ តើអ្នកមិនគិតថានេះជាការទុកឲ្យដ៏អស្ចារ្យទេឬ? គឺប្រាកដណាស់! ហើយយើងអបអរនឹងសន្និច្ច័យដ៏ប្រសើររបស់ព្រះណាស់ ក្នុងការរៀបចំផែនដីនេះទុកជាលំនៅសំរាប់មនុស្សលោក!—ទំនុកដំកើង ១០៧:៨
១០ ក្នុងកំឡុង«ថ្ងៃ»បង្កើតទីប្រាំមួយនៃលោកុប្បត្តិជំពូកទី១ គឺមានការកើតឡើងដ៏អស្ចារ្យនៅផែនដី ដែលថ្ងៃនិមួយៗមានប្រវែងរាប់ពាន់ឆ្នាំ។ ការបង្កើតរបស់ព្រះទាំងនេះ នឹងគ្របដណ្ដប់ផែនដីទាំងមូលដោយស្មៅខ្ចីៗ ព្រៃឈើដ៏ខ្ពស់ៗ បុប្ផាគ្រប់ពណ៌ជាច្រើន។ នេះនឹងមានសត្វក្នុងសមុទ្រជាច្រើន សត្វស្លាបដ៏ល្អៗ សត្វចិញ្ចឹមនិងសត្វព្រៃដែលបានបង្កើតមក«តាមពូជរបស់វា»។ ក្រោយពីបានរៀបរាប់អំពីការបង្កើតបុរសនិងស្ត្រីហើយ លោកុប្បត្តិ ១:៣១ថ្លែងថា៖ «រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថាទាំងអស់ជាការល្អប្រពៃ»។ នេះច្បាស់ជាស្ថានការណ៍ដ៏រីករាយយ៉ាងណាទៅហ្ន៎ ដែលមាននៅជុំវិញមនុស្សដំបូងនោះ! តើយើងមិនយល់ថាក្នុងការបង្កើតទាំងអស់នេះ បង្ហាញឲ្យឃើញនូវប្រាជ្ញា សន្និច្ច័យ និងការខ្វល់ខ្វាយនៃព្រះអាទិទេពដែលមានព្រះទ័យស្រឡាញ់ទេឬ?—អេសាយ ៤៥:១១, ១២, ១៨
១១. តើស្តេចសាឡូម៉ូនដំកើងប្រាជ្ញានៃការបង្កើតរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ សាឡូម៉ូនជាបុគ្គលម្នាក់ដែលមានចិត្តដ៏ស្ងើចអស្ចារ្យ ចំពោះប្រាជ្ញានៃព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច។ គាត់បានប្រាប់ជាញឹកញាប់អំពីប្រាជ្ញារបស់ព្រះអាទិទេព។ (សុភាសិត ១:១, ២; ២:១, ៦; ៣:១៣-១៨) សាឡូម៉ូនធានារ៉ាប់រងយើងថា៖ «ផែនដីស្ថិតស្ថេរនៅជាដរាប»។ គាត់បានអបអរនូវរបស់បង្កើតដ៏អស្ចារ្យទាំងឡាយ រួមទាំងមុខនាទីរបស់ភ្លៀងក្នុងការស្រោចផែនដីយើង។ ដូច្នេះគាត់បានថ្លែងថា៖ «ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត»។ (សាស្ដា ១:៤, ៧) នេះគឺបានកើតឡើងមែនក្រោយពីភ្លៀង ហើយទន្លេបានស្រោចដី រួចទឹកក៏វិលឡើងពីសមុទ្រទៅជាពពកវិញ។ តើផែនដីនេះនឹងទៅជាយ៉ាងណាទៅ ហើយតើយើងនឹងនៅឯណា បើគ្មានការធ្វើឲ្យទឹកបានស្អាតម្ដងហើយម្ដងទៀតទេនោះ?
១២, ១៣. តើតាមរបៀបណា ដែលយើងអាចបង្ហាញការអបអរចំពោះរបស់បង្កើតនៃព្រះ?
១២ ការអបអររបស់យើងចំពោះរបស់បង្កើតទាំងឡាយ គួរតែបង្ហាញឡើងដោយសកម្មភាព ដូចស្តេចសាឡូម៉ូនបានកត់សម្គាល់ក្នុងពាក្យបញ្ចប់នៃសៀវភៅសាស្ដាថា៖ «សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ។ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្ដី»។ (សាស្ដា ១២:១៣, ១៤) យើងត្រូវតែកោតខ្លាចក្នុងការធ្វើអ្វីដែលព្រះមិនសព្វព្រះហឫទ័យ។ ផ្ទុយទៅវិញ យើងត្រូវតែខំគោរពតាមទ្រង់ដោយមានការកោតស្ញែង។
១៣ យ៉ាងប្រាកដណាស់ យើងចង់សរសើរព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ចំពោះការបង្កើតដ៏អស្ចារ្យរបស់ទ្រង់! ទំនុកដំកើង ១០៤:២៤ ថ្លែងថា៖ «ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា។ ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត»។ ដោយអរសប្បាយ ចូរឲ្យយើងយល់ព្រមនឹងខចុងក្រោយនៃទំនុកដំកើង ដោយប្រាប់ខ្លួនឯង និងអ្នកដទៃថា៖ «ចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»!
អភិសេកដល់របស់បង្កើតនៅលើផែនដី
១៤. តាមរបៀបណាខ្លះដែលមនុស្សជាការបង្កើតនៃព្រះឧត្តមជាងសត្វ?
១៤ ការបង្កើតនៃព្រះយេហូវ៉ាគឺសុទ្ធតែធ្វើឡើងដោយជំនាញ។ ប៉ុន្តែ ការបង្កើតដ៏អស្ចារ្យជាងគេ—គឺមនុស្សលោក។ អ័ដាមនិងអេវ៉ាត្រូវបានបង្កើតមកនៅចុងបញ្ចប់នៃថ្ងៃបង្កើតទីប្រាំមួយរបស់ព្រះយេហូវ៉ា—ជាការបង្កើតដែលខ្ពង់ខ្ពស់ជាងត្រី សត្វស្លាបនិងសត្វទាំងឡាយ! មិនដូចសត្វដែលដឹកនាំដោយសភាវគតិនោះ មនុស្សលោកបានផ្ដល់ឲ្យមានសមត្ថភាពចេះវែកញែក មានមនសិការក្នុងការដឹងខុសត្រូវ សមត្ថភាពចេះគ្រោងទុកសំរាប់អនាគត និងការមានចំណង់ពីកំណើតក្នុងការថ្វាយបង្គំ។ តើការទាំងនេះបានកើតឡើងដោយយ៉ាងណា? មនុស្សត្រូវបានបង្កើតមកឲ្យដូចព្រះ មិនមែនតាមរយៈវិវត្តន៍ពីសត្វនោះទេ។ ដោយសារតែដូច្នេះ មានតែមនុស្សទេ ដែលអាចសម្ដែងគុណសម្បត្ដិទាំងឡាយរបស់ព្រះយេហូវ៉ាបាន ដែលទ្រង់បានបង្ហាញអង្គទ្រង់ថា«យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ»។—និក្ខមនំ ៣៤:៦
១៥. ហេតុអ្វីក៏យើងត្រូវសរសើរព្រះយេហូវ៉ាដោយចិត្តរាបទាប?
១៥ សូមឲ្យយើងសរសើរដល់ព្រះយេហូវ៉ា ហើយថ្លែងអំណរគុណដល់ទ្រង់ ចំពោះការបង្កើតរូបកាយយើងដ៏អស្ចារ្យនេះ។ ប្រព័ន្ធឈាមរបស់យើងដែលត្រូវការជាចាំបាច់ចំពោះជីវិត គឺរត់ក្នុងរូបកាយយើងរៀងរាល់៦០វិនាទី។ ចោទិយកថា ១២:២៣ ចែងថា៖ «ដ្បិតឈាមជាជីវិត»—ជីវិតរបស់យើង—គឺមានតម្លៃណាស់នៅចំពោះព្រះនេត្ររបស់ព្រះ។ ឆ្អឹងដ៏មាំមួន សាច់ដុំហើយប្រព័ន្ធប្រសាទដ៏សកម្ម ដែលមានខួរក្បាលដ៏ពូកែខ្ពង់ខ្ពស់ជាងសត្វឯណាទៅទៀត ហើយមានសមត្ថភាពយ៉ាងខ្លាំង សូម្បីតែកុំព្យូទ័រដ៏ធំដូចអាគារខ្ពស់មួយ ក៏មិនអាចប្រដូចបានឡើយ។ តើនេះមិនធ្វើឲ្យអ្នកមានចិត្តរាបទាបទេឬ? គឺប្រាកដហើយ។ (សុភាសិត ២២:៤) ហើយចូរពិចារណាអំពីរឿងនេះផងដែរ៖ សួតរបស់យើង បំពងសម្លេង អណ្ដាត ធ្មេញ និងមាត់អាចដើរស្រុះនឹងគ្នា ដើម្បីឲ្យមនុស្សអាចបញ្ចេញសម្លេងជារាប់ពាន់ភាសា។ ដាវីឌបានចែងបទដ៏ត្រឹមត្រូវជូនព្រះយេហូវ៉ាដោយថ្លែងថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។ (ទំនុកដំកើង ១៣៩:១៤) សូមឲ្យយើងចូលរួមជាមួយដាវីឌក្នុងការច្រៀងសរសើរដោយអំណរគុណដល់ព្រះយេហូវ៉ា ដែលជាអ្នកគ្រោងការបង្កើតដ៏អស្ចារ្យរបស់យើង!
១៦. តើចំរៀងអ្វីដែលអ្នកភ្លេងដ៏ល្បីម្នាក់តែងក្នុងការសរសើរព្រះយេហូវ៉ា ហើយចំពោះសេចក្ដីអញ្ជើញអ្វីដែលយើងអាចតបឆ្លើយនោះ?
១៦ អ្នកតែងបទភ្លេងម្នាក់នៅសតវត្សទី១៨ ឈ្មោះ យ៉ូសែប ហាន្ស បានថ្លែងក្នុងការសរសើរព្រះយេហូវ៉ាថា៖ «ចូរអរគុណដល់ទ្រង់ចុះអ្នករាល់គ្នាអើយ ពីព្រោះកិច្ចការរបស់ទ្រង់គឺសុទ្ធតែអស្ចារ្យ! ចូរច្រៀងដល់កិត្ដិយស ចូរច្រៀងដល់សិរីរុងរឿងរបស់ទ្រង់។ ចូរឲ្យពរនិងដំកើងព្រះនាមទ្រង់ចុះ! សេចក្ដីសរសើរដល់ព្រះយេហូវ៉ានឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច អាម៉ែន អាម៉ែន»! ហើយការអញ្ជើញដែលបានផ្ដល់មកបួនដងនៅទំនុកដំកើង ១០៧ ក៏រឹតតែល្អណាស់ទៀត៖ «ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ»។ តើអ្នកនឹងចូលរួមក្នុងការច្រៀងសរសើរនេះទេ? អ្នកគួរតែចូលរួមសរសើរ ដ្បិតអ្វីៗទាំងអស់ដែលពិតជាល្អ គឺមានប្រភពពីព្រះយេហូវ៉ាជាព្រះមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច។
ជាកិច្ចការដ៏ខ្លាំងក្លា
១៧. តើ‹ទំនុករបស់លោកម៉ូសេនិងរបស់កូនចៀម›ដំកើងព្រះយេហូវ៉ាយ៉ាងណាខ្លះ?
១៧ ក្នុងកំឡុងប្រាំមួយពាន់ឆ្នាំកន្លងទៅនេះ ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ចបានផ្ដើមកិច្ចការដ៏អស្ចារ្យជាងនោះទៅទៀត។ ក្នុងសៀវភៅព្រះគម្ពីរចុងក្រោយបង្អស់ វិវរណៈ ១៥:៣, ៤ យើងអានអំពីអស់អ្នកដែលស្ថិតនៅស្ថានសួគ៌ ដែលមានជ័យជំនះលើពួកសត្រូវបិសាចថា៖ «គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ នឹងទំនុករបស់កូនចៀមថា៖ ‹ឱ[ព្រះយេហូវ៉ា] ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ។ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់។ ឱ[ព្រះយេហូវ៉ា]អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ? គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់បានសម្ដែងមកឲ្យឃើញហើយ› »។ ហេតុអ្វីក៏ហៅ‹ទំនុករបស់លោកម៉ូសេនិងរបស់កូនចៀមដូច្នេះ›? ចូរឲ្យយើងពិនិត្យមើល។
១៨. តើកិច្ចការដ៏អស្ចារ្យអ្វីដែលបានកត់ទុកជាចំរៀងក្នុងនិក្ខមនំជំពូក១៥?
១៨ ប្រមាណ៣.៥០០ឆ្នាំកន្លងទៅនេះ កាលដែលកងទ័ពដ៏ខ្លាំងក្លារបស់ស្តេចផារ៉ោនបានទទួលការហិនវិនាសក្នុងសមុទ្រក្រហមនោះ ពួកជនជាតិអ៊ីស្រាអែលបានច្រៀងសរសើរដោយអំណរគុណដល់ព្រះយេហូវ៉ា។ យើងអានអំពីនេះនៅនិក្ខមនំ ១៥:១, ១៨៖ «រួចពីនោះមក ម៉ូសេនឹងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ ‹ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្ដួលទាំងសេះ ទាំងអ្នកជិះទៅក្នុងសមុទ្រ។ ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យជារៀងរាបតទៅ អស់កល្បជានិច្ច› »។ ច្បាប់ដ៏សុចរិតរបស់ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច នេះត្រូវបានសម្ដែងមកក្នុងការប្រហារជំនុំជំរះមកលើពួកសត្រូវដែលបំពាននឹងអធិបតេយ្យភាពរបស់ទ្រង់។
១៩, ២០. (ក) ហេតុអ្វីក៏ព្រះយេហូវ៉ាបង្កើតសាសន៍អ៊ីស្រាអែល? (ខ) តើតាមរបៀបណាដែលកូនចៀមនិងអ្នកដទៃតបឆ្លើយនឹងការប្រកួតរបស់សាតាំង?
១៩ ហេតុអ្វីក៏ត្រូវការនេះជាចាំបាច់? ពីព្រោះនៅក្នុងសួនអេដែននេះឯង ដែលពស់ដ៏មានកលល្បិចបានធ្វើឲ្យឪពុកម្ដាយទីមួយរបស់យើងប្រព្រឹត្តអំពើបាប។ ជាលទ្ធផលភាពឥតគ្រប់ល័ក្ខណ៍ដែលមានបាបឆ្លងទៅមនុស្សលោកទាំងអស់។ ប៉ុន្តែ ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ចក៏បានចាត់វិធានការភ្លាម ក្នុងការសមស្របនឹងគោលបំណងដើមរបស់ទ្រង់ដើម្បីដកយកចេញសត្រូវរបស់ទ្រង់ពីផែនដី ហើយកសាងឲ្យបានទៅជាសួនមនោរម្យវិញ។ ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ចបានបង្កើតសាសន៍អ៊ីស្រាអែល ហើយប្រទានក្រិត្យវិន័យឲ្យគេកាន់ ជាតំណាងនូវរបៀបដែលទ្រង់នឹងសម្រេចគោលបំណងនេះ។—កាឡាទី ៣:២៤
២០ ប៉ុន្តែក្រោយមក ប្រទេសអ៊ីស្រាអែលក៏បានធ្លាក់ខ្លួនទៅជាគ្មានភាពស្មោះត្រង់។ ហើយស្ថានការណ៍ដ៏គួរឲ្យស្ដាយនេះបានមកដល់កំរិតដ៏អាក្រក់ខ្លាំងឡើង នៅពេលដែលមេដឹកនាំសាសន៍នោះ បានអនុញ្ញាតឲ្យពួករ៉ូម៉ាំងសម្លាប់រាជបុត្រារបស់ព្រះយ៉ាងឃោរឃៅបំផុត។ (កិច្ចការ ១០:៣៩; ភីលីព ២:៨) តែភាពស្មោះគ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូរហូតដល់ស្លាប់ ជាយញ្ញបូជា‹កូនចៀមរបស់ព្រះ›បានតបឆ្លើយតាមរបៀបដ៏អស្ចារ្យដល់ការប្រកួតរបស់សាតាំងដែលជាមេសត្រូវរបស់ព្រះ—ដែលថាគ្មានមនុស្សណាមួយក្នុងលោកនេះអាចរក្សាការស្មោះត្រង់ចំពោះព្រះ ក្រោមការសាកល្បងដ៏ធ្ងន់នោះឡើយ។ (យ៉ូហាន ១:២៩, ៣៦; យ៉ូប ១:៩-១២; ២៧:៥) មនុស្សរាប់លាននាក់ដែលកោតខ្លាចព្រះ ថ្វីបើមានភាពឥតគ្រប់ល័ក្ខណ៍ពីអ័ដាមពីកំណើតក៏ដោយ បានធ្វើតាមគំរូរបស់ព្រះយេស៊ូដោយរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ក្នុងការប្រឈមមុខនឹងការប្រយុទ្ធពីសាតាំង។—ពេត្រុសទី១ ១:១៨, ១៩; ២:១៩, ២១
២១. ស្របទៅតាមកិច្ចការ ១៧:២៩-៣១ តើអ្វីដែលនឹងពិចារណាមើលជាបន្ទាប់?
២១ ឥឡូវនេះថ្ងៃនោះគឺមកដល់ហើយសំរាប់ព្រះយេហូវ៉ា ដើម្បីប្រទានរង្វាន់ឲ្យពួកអ្នកស្មោះត្រង់ ហើយដើម្បីជំនុំជំរះពួកសត្រូវនៃសេចក្ដីពិតនិងសេចក្ដីសុចរិត។ (កិច្ចការ ១៧:២៩-៣១) តើនេះនឹងសម្រេចយ៉ាងណា? អត្ថបទជាបន្ទាប់របស់យើងនឹងប្រាប់អំពីរឿងនេះ។
ប្រអប់ពិនិត្យសាឡើងវិញ
◻ ហេតុអ្វីក៏ជាការត្រឹមត្រូវក្នុងការហៅព្រះយេហូវ៉ា«ជាព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច»?
◻ តើប្រាជ្ញារបស់ព្រះយេហូវ៉ាបង្ហាញឲ្យឃើញក្នុងរបស់បង្កើតនៃទ្រង់យ៉ាងណាខ្លះ?
◻ តាមរបៀបណាដែលមនុស្សលោកជារបស់បង្កើតដ៏ជំនាញ?
◻ តើកិច្ចការអ្វីដែលតម្រូវពី‹ទំនុករបស់លោកម៉ូសេនិងរបស់កូនចៀម›?
[ប្រអប់នៅទំព័រ១០]
ប្រាជ្ញាដ៏ប្រសើរឯករបស់ព្រះយេហូវ៉ា
ប្រាជ្ញានៃស្តេចដែលគង់នៅអស់កល្បជានិច្ចត្រូវបានសម្ដែងឲ្យឃើញក្នុងរបៀបជាច្រើនយ៉ាងណាស់នៅលើផែនដីនេះ។ ចូរកត់សម្គាល់ពាក្យរបស់អ័ហ្គរ ដែលបានកត់ទុកមកនៅសុភាសិត ៣០:៥៖ «គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់»។ រួចមកអ័ហ្គរសំដៅទៅរបស់ដែលមានជីវិតជាច្រើនទាំងធំទាំងតូច។ ជាឧទាហរណ៍ ខ២៤ទៅខ២៨ គាត់រៀបរាប់ថា៖ «មានសត្វ៤យ៉ាងដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប»។ សត្វល្អិតទាំងនេះគឺស្រមោច ស្ការ កណ្ដូប និងជីងចក់។
ត្រូវហើយ គឺ‹មានប្រាជ្ញាដោយសភាវគតិ›ពីព្រោះសត្វត្រូវបានបង្កើតមកតាមបែបនេះ។ ពួកវាមិនចេះវែកញែកដូចមនុស្សលោកទេ ប៉ុន្តែពឹងពាក់ទៅលើប្រាជ្ញាពីកំណើត។ តើអ្នកដែលមានចិត្តអស្ចារ្យអំពីរឿងនេះទេ? នេះជារបស់ដែលបានបង្កើតមកដ៏រៀបរយមែន! ជាឧទាហរណ៍ ស្រមោចចេះរៀបខ្លួនវាឲ្យទៅជាក្រុម ដែលមានពួកធ្វើការ ពួកកកេរឈើ និងពួកទាហានស្រមោច។ ក្នុងពូជស្រមោចខ្លះៗទៀត ស្រមោចដែលជាអ្នកធ្វើការ ថែមទាំងគៀងសត្វខ្មូតឲ្យចូលទៅក្នុងរោងដែលពួកវាបានសង់ហើយផង។ នៅទីនោះហើយដែលពួកវាជញ្ជក់រឹតទឹកដោះយកជាចំណីពីសត្វខ្មូត ហើយនៅពេលដដែលនេះ ពួកស្រមោចដែលមានមុខនាទីជាទាហាន ដេញពួកសត្រូវចេញឲ្យឆ្ងាយ។ សុភាសិត ៦:៦ បានផ្ដល់ឲ្យការដាស់តឿននេះថា៖ «ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង»។ តើគំរូបែបនេះមិនជំរុញឲ្យយើងមានកិច្ចការធ្វើ«ជាច្រើនក្នុងព្រះអម្ចាស់»ទេឬ?—កូរិនថូសទី១ ១៥:៥៨
មនុស្សលោកបានសង់យន្តហោះយ៉ាងធំៗជាច្រើន។ ប៉ុន្តែពួកសត្វស្លាបគឺចេះសព្វគ្រប់ជាងនោះទៅទៀត ដែលរាប់បញ្ចូលនឹងបក្សីម្យ៉ាងដែលមានឈ្មោះ ចាបចង្ក្រង់ ដែលមានទម្ងន់តែពីរបីក្រាមប៉ុណ្ណោះ! យន្តហោះ Boeing 747ត្រូវតែមានសាំងប្រមាណ១៨០.០០០លីត្រ ហើយត្រូវតែមានអ្នកបើកដ៏ជំនាញម្នាក់ក្នុងការប្រើគ្រឿងស្ទង់មើលទិសទីដ៏ស្មុគស្មាញ ទើបអាចឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកបាន។ ប៉ុន្តែចាបចង្ក្រង់ដែលជាបក្សីមាឌដ៏ល្អិតនេះ គឺគ្រាន់តែពឹងទៅលើខ្លាញ់តែមួយក្រាមប៉ុណ្ណោះធ្វើជាសាំង ដើម្បីធ្វើដំណើរចំងាយទាំងនេះ គឺពីទ្វីបអាមេរិកខាងជើងឆ្លងឈូងសមុទ្រម៉ិចហ្ស៊ីកូ ហើយហើរទៅទ្វីបអាមេរិកខាងត្បូង។ គឺមិនចាំបាច់ត្រូវការសាំងដ៏ធ្ងន់ឬការបង្ហាត់ដ៏ជំនាញក្នុងការស្ទង់មើលទិសទីនោះឡើយ ហើយក៏មិនត្រូវការផែនទីឬកុំព្យូទ័រដ៏ស្មុគស្មាញនោះដែរ! តើការមានសមត្ថភាពបែបនេះកើតឡើងដោយចៃដន្យឬ? គឺប្រាកដជាមិនមែនទេ! បក្សីដ៏ល្អិតនេះគឺមានប្រាជ្ញាដោយសភាវគតិ ដែលព្រះយេហូវ៉ាជាអ្នកបង្កើតបានដាក់បញ្ជាពីកំណើតមក។
[រូបភាពនៅទំព័រ៨]
របស់បង្កើតជាច្រើនផ្សេងៗគ្នារបស់«ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច»លើកដំកើងទ្រង់
[រូបភាពនៅទំព័រ១៣]
ដូចលោកម៉ូសេនិងពួកអ៊ីស្រាអែលបានធ្វើបុណ្យក្រោយពីព្រះយេហូវ៉ាបានជ័យជំនះនៅសមុទ្រក្រហម នោះក៏នឹងមានការអរសប្បាយយ៉ាងខ្លាំងក្រោយពីអើម៉ាគេដូនដែរ