បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/២ ទំ. ២៤-២៩
  • ការដើរជាមួយនឹងព្រះ—ដោយគិតដល់ពេលអនន្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការដើរជាមួយនឹងព្រះ—ដោយគិតដល់ពេលអនន្ត
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ចាត់​វិធានការ​នៅ​គ្រា​កំណត់​របស់​ទ្រង់
  • ការ​បំរើ​ដោយ​ចិត្ត​ឧស្សាហ៍​ដែល​មិន​ចេះ​ហត់
  • ការ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​យើង
  • គ្រោង​ការណ៍​សំរាប់​ពេល​អនន្ត!
  • ការ​បំរើ​ដោយ​គិត​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់
  • ចូរសរសើរដល់ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ផ្នែកទី១: សេចក្ដីបង្រៀនរបស់គ្រិស្តសាសនិកពិត
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • «ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរ«ចាំយាម»ចុះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/២ ទំ. ២៤-២៩

ការ​ដើរ​ជា​មួយ​នឹង​ព្រះ—ដោយ​គិត​ដល់​ពេល​អនន្ត

«យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។—មីកា ៤:៥

១. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​អាច​ត្រូវ​ហៅ​ជា‹ស្តេច​នៃ​អស់​ទាំង​កល្ប›បាន?

ព្រះ​យេហូវ៉ា​ឥត​មាន​ការ​ចាប់​ផ្ដើម​នោះ​ទេ។ ទ្រង់​បាន​ត្រូវ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ» ពី​ព្រោះ​ព្រះ​ជន្ម​របស់​ទ្រង់​ក៏​លាត​សន្ធឹង​ដោយ​ឥត​ចេះ​ចប់​ទៅ​ឯ​អតីតកាល។ (ដានីយ៉ែល ៧:៩, ១៣) ព្រះ​យេហូវ៉ា​ក៏​នឹង​មាន​អនាគត​ដ៏​ជា​អនន្ត​ដែរ។ មាន​តែ​ទ្រង់​ទេ ដែល​ជា‹ស្តេច​នៃ​អស់​ទាំង​កល្ប›។ (វិវរណៈ ១០:៦; ១៥:៣) ហើយ​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់ មួយ​ពាន់​ឆ្នាំ«រាប់​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ហួស​ទៅ​ហើយ ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ»។—ទំនុកដំកើង ៩០:៤

២. (ក) តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្ស​ដែល​ស្ដាប់​បង្គាប់? (ខ) តើ​យើង​ត្រូវ​ទុក​សេចក្ដី​សង្ឃឹម​និង​គម្រោង​ការណ៍​របស់​យើង​ទៅ​លើ​អ្វី?

២ ដោយ​ព្រោះ​ព្រះ​ដែល​ប្រទាន​ឲ្យ​ជីវិត ទ្រង់​មាន​ព្រះ​ជន្ម​ជា​អនន្ត នោះ​ទ្រង់​ក៏​អាច​ប្រទាន​ឲ្យ​មនុស្ស​មួយ​គូ​ដំបូង គឺ​អ័ដាម​និង​អេវ៉ា នូវ​ជីវិត​ដ៏​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​មនោរម្យ​បាន​ដែរ។ ប៉ុន្តែដោយ​ព្រោះ​ការ​មិន​ស្ដាប់​បង្គាប់ នោះ​អ័ដាម​បាន​ធ្វើ​ឲ្យ​បាត់​បង់​នូវ​សិទ្ធិ​នៃ​ការ​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​មាន​បាប​និង​សេចក្ដី​ស្លាប់​ឆ្លង​រាល​ដាល​ដល់​កូន​ចៅ​របស់​គាត់។ (រ៉ូម ៥:១២) ប៉ុន្តែ ការ​បះ​បោរ​របស់​អ័ដាម​មិន​បាន​ធ្វើ​ឲ្យ​ខូច​នូវ​គោល​បំណង​ដំបូង​របស់​ព្រះ​នោះ​ទេ។ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​បាន​រស់​នៅ​ជា​និរន្តរ៍ ហើយ​ទ្រង់​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់​ជា​មិន​ខាន។ (អេសាយ ៥៥:១១) ដូច្នេះ ជា​ការ​សម​ហេតុ​ផល​មែន ដែល​យើង​ទុក​សេចក្ដី​សង្ឃឹម​និង​គម្រោង​ការណ៍​របស់​យើង ទៅ​លើ​ការ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​គិត​ដល់​ពេល​អនន្ត។ ដែល​យើង​ចង់​រក្សា​ទុក‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា›ឲ្យ​បាន​ជាប់​ក្នុង​គំនិត គឺ​សំខាន់​ណាស់​ឲ្យ​ចាំ​ថា គោល​ដៅ​របស់​យើង គឺ​ដើម្បី​ដើរ​ជា​មួយ​នឹង​ព្រះ​ជា​និរន្តរ៍។—ពេត្រុស​ទី​២ ៣:១២

ព្រះ​យេហូវ៉ា​ចាត់​វិធានការ​នៅ​គ្រា​កំណត់​របស់​ទ្រង់

៣. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​មាន«គ្រា​កំណត់​ពេល» ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​នោះ?

៣ ជា​ពួក​អ្នក​ដែល​កំពុង​ដើរ​ជា​មួយ​នឹង​ព្រះ យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្នះ​ខ្នែង ក្នុង​ការ​សម្រេច​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឧត្តម​ខាង​ការ​រក្សា​ទុក​ពេល​វេលា ហើយ​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា ទ្រង់​មិន​ដែល​ខាន​បំពេញ​គោល​បំណង​របស់​ទ្រង់​នៅ​គ្រា​កំណត់​នោះ​ឡើយ។ ឧទាហរណ៍ «លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក»។ (កាឡាទី ៤:៤) សាវ័ក​យ៉ូហាន​បាន​ត្រូវ​ប្រាប់​ថា មាន‹ពេល​វេលា​កំណត់›សំរាប់​ការ​សម្រេច​ទំនាយ ដែល​លោក​បាន​ឃើញ​ជា​សញ្ញា​នោះ។ (វិវរណៈ ១:១​-​៣) គឺ​មាន«ពេល​កំណត់ ដែល​ត្រូវ​ជំនុំ​ជំរះ​ពួក​មនុស្ស​ស្លាប់»។ (វិវរណៈ ១១:១៨) ជាង​១៩០០​ឆ្នាំ​កន្លង​ទៅ​ហើយ នោះ​សាវ័ក​ប៉ុល​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ប្រសាសន៍​ថា ព្រះ«ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ​ជំរះ​លោកីយ​ដោយ​យុត្ដិធម៌»។—កិច្ច​ការ ១៧:៣១

៤. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ចង់​កំទេច​ចោល​របប​លោកីយ៍​ដ៏​អាក្រក់​នេះ?

៤ ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មាន​ទី​បញ្ចប់​ដល់​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ពី​ព្រោះ​ព្រះ​នាម​របស់​ទ្រង់ គឺ​កំពុង​បាន​ត្រូវ​គេ​មើល​ងាយ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ ពួក​មនុស្ស​អាក្រក់​បាន​លូត​លាស់​ឡើង។ (ទំនុកដំកើង ៩២:៧) តាម​រយៈ​ពាក្យ​សំដី​និង​អំពើ​របស់​គេ នោះ​គេ​ប្រមាថ​ព្រះ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​ណាស់ ក្នុង​ការ​ឃើញ​ពួក​អ្នក​បំរើ​របស់​ទ្រង់ បាន​ត្រូវ​គេ​ជេរ​ប្រមាថ​ហើយ​បៀត​បៀន​នោះ។ (សាការី ២:៨) គ្មាន​ហេតុ​ឆ្ងល់​ឡើយ ដែល​ព្រះ​យេហូវ៉ា​បាន​ចេញ​ក្រិត្យ​ថា មិន​យូរ​ប៉ុន្មាន​ទៀត នោះ​អង្គការ​ទាំង​មូល​របស់​សាតាំង​នឹង​ទទួល​សេចក្ដី​ហិន​វិនាស! ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា​នៅ​ពេល​ណា​ដែល​រឿង​នេះ​នឹង​កើត​ឡើង ហើយ​បទ​ទំនាយ​ព្រះ​គម្ពីរ​ទាំង​ឡាយ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ឥឡូវ​នេះ​យើង​កំពុង​រស់​នៅ​ក្នុង«គ្រា​ចុង​បំផុត»។ (ដានីយ៉ែល ១២:៤) មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ទ្រង់​នឹង​ចាត់​វិធានការ ដើម្បី​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់។

៥. តើ​ឡុត​និង​ហាបាគុក បាន​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ស្ថានភាព​ដែល​មាន​នៅ​ជុំ​វិញ​គេ?

៥ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​ពី​បុរាណ បាន​ទន្ទឹង​រង់​ចាំ​នូវ​ទី​បញ្ចប់​នៃ​អំពើ​អាក្រក់​ជួជាតិ​នេះ។ ឡុត​ដែល​ជា​មនុស្ស​សុចរិត​ម្នាក់​នោះ បាន«មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ»។ (ពេត្រុស​ទី​២ ២:៧) ដោយ​មាន​ចិត្ត​សោក​ស្ដាយ​នឹង​ស្ថានភាព​នៅ​ជុំ​វិញ​គាត់ នោះ​ព្យាការី​ហាបាគុក​បាន​អង្វរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវ​នាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូល​បង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូល​បង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់​ទែង​គ្នា​កើត​ឡើង»?—ហាបាគុក ១:២, ៣

៦. តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អ្វី ក្នុង​ការ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ហាបាគុក ហើយ​តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​រឿង​នេះ?

៦ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​ហាបាគុក តាម​ពាក្យ​ដូច​នេះ​ថា៖ «ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។ (ហាបាគុក ២:៣) ដូច្នេះ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ឃើញ​ថា ទ្រង់​នឹង​ចាត់​វិធានការ​នៅ«វេលា​កំណត់»។ ទោះ​បី​មើល​ទៅ​ហាក់​ដូច​ជា​បាន​ត្រូវ​បង្អង់​ក្ដី តែ​ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់​ជា​មិន​ខាន!—ពេត្រុស​ទី​២ ៣:៩

ការ​បំរើ​ដោយ​ចិត្ត​ឧស្សាហ៍​ដែល​មិន​ចេះ​ហត់

៧. ទោះ​បី​ព្រះ​យេស៊ូ​ឥត​ដឹង​ពេល​កំណត់ អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ក៏​ដោយ តើ​តាម​របៀប​ណា​ដែល​ទ្រង់​បន្ត​ធ្វើ​ការ​របស់​ទ្រង់​នោះ?

៧ តើ​ការ​ដឹង​អំពី​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​អំពី​ព្រឹត្ដិការណ៍​ណា​មួយ ជា​អ្វី​ដែល​ត្រូវ​ការ​ជា​មុន​សិន ដើម្បី​ឲ្យ​យើង​ដើរ​យ៉ាង​ឧស្សាហ៍​ជា​មួយ​នឹង​ព្រះ​ឬ? គឺ​មិន​ដូច្នេះ​ឡើយ។ ចូរ​ពិចារណា​មើល​ឧទាហរណ៍​ខ្លះ​ៗ។ ព្រះ​យេស៊ូ​បាន​មាន​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ពេល​ណា ដែល​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​បាន​សម្រេច​នៅ​លើ​ផែនដី​នេះ ដូច​នៅ​ស្ថាន​សួគ៌​នោះ​ដែរ។ ប្រាកដ​ហើយ ព្រះ​គ្រីស្ទ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថាយ ៦:៩, ១០) ទោះ​បី​ព្រះ​យេស៊ូ​ដឹង​ថា ព្រះ​នឹង​តប​ឆ្លើយ​នូវ​ការ​ស្នើ​សុំ​នេះ ប៉ុន្តែ​ទ្រង់​ឥត​ដឹង​អំពី​ពេល​វេលា​កំណត់​នោះ​ទេ។ ក្នុង​ទំនាយ​ដ៏​ឧត្តម​របស់​ទ្រង់​ដែល​ស្តី​អំពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន​សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ដោយ​ព្រោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុគ្គល​ដ៏​សំខាន់​បំផុត ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ នោះ​ទ្រង់​នឹង​មាន​ការ​ទាក់​ទង ក្នុង​ការ​ប្រហារ​ពួក​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះ​វរបិតា​របស់​ទ្រង់​ដែល​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​គង់​នៅ​លើ​ផែនដី សូម្បី​តែ​ទ្រង់​ក៏​ឥត​ដឹង​ពី​ពេល​ណា​ដែល​ព្រះ​នឹង​ធ្វើ​ការ​នេះ​ឡើយ។ តើ​នេះ​បាន​ធ្វើ​ឲ្យ​ទ្រង់​ខ្វះ​នូវ​ភាព​ឧស្សាហ៍​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ឬ? គឺ​ប្រាកដ​ជា​អត់​ទេ! ក្រោយ​ពី​បាន​ឃើញ​ព្រះ​យេស៊ូ​បោស​សំអាត​ព្រះ​វិហារ​ដោយ​ខ្នះ​ខ្នែង នោះ«ពួក​សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ‹សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ› »។ (យ៉ូហាន ២:១៧; ទំនុកដំកើង ៦៩:៩) ព្រះ​យេស៊ូ​បាន​ជាប់​រវល់​នឹង​កិច្ច​ការ ដែល​ព្រះ​បាន​បញ្ជូន​ទ្រង់​ឲ្យ​មក​ធ្វើ​នោះ ហើយ​ទ្រង់​បាន​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ចិត្ត​ឧស្សាហ៍​ដែល​មិន​ចេះ​ហត់​ទេ។ ទ្រង់​ក៏​បាន​បំរើ​ព្រះ​ដោយ​គិត​ដល់​ពេល​អនន្ត​ដែរ។

៨, ៩. នៅ​ពេល​ដែល​ពួក​សិស្ស​បាន​សួរ​អំពី ការ​កសាង​ឡើង​វិញ​នូវ​ព្រះ​រាជាណាចក្រ តើ​គេ​បាន​ទទួល​ចម្លើយ​យ៉ាង​ណា ហើយ​តើ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​នឹង​រឿង​នេះ?

៨ ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​ក៏​អញ្ចឹង​ដែរ។ ព្រះ​យេស៊ូ​បាន​ជួប​ជា​មួយ​ពួក​គេ​មុន​នឹង​ទ្រង់​យាង​ទៅ​ស្ថាន​សួគ៌។ ដំណើរ​រឿង​រៀប​រាប់​ថា៖ «ដូច្នេះ កាល​ពួក​សាវ័ក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ‹ព្រះ​អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ› »? ដូច​ចៅហ្វាយ​របស់​គេ នោះ​គេ​ក៏​ចង់​ឲ្យ​ព្រះ​រាជាណាចក្រ​មក​ដល់​នោះ​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះ​វរបិតា​បាន​ទុក​នៅ ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ ប៉ុន្តែ កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។—កិច្ច​ការ ១:៦​-​៨

៩ គឺ​គ្មាន​ភស្តុ​តាង​អ្វី​ដែល​បញ្ជាក់​ថា ពួក​សិស្ស​បាន​ត្រូវ​តូច​ចិត្ត​នឹង​ការ​តប​ឆ្លើយ​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ជាប់​រវល់​ដោយ​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ការ​ផ្សាយ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ពួក​គេ​បាន​បង្រៀន​សេចក្ដី​នោះ​នៅ​ពេញ​ក្រុង​យេរូសាឡិម។ (កិច្ច​ការ ៥:២៨) ហើយ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ នោះ​គេ​បាន​ពង្រីក​សកម្មភាព​ផ្សាយ​របស់​គេ​ដល់​ទំហំ​ដ៏​ធំ​ដល់​ម្ល៉េះ ដែល​ប៉ុល​អាច​និយាយ​ថា ដំណឹង​ល្អ«បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។ (កូល៉ុស ១:២៣) ទោះ​ជា​ព្រះ​រាជាណាចក្រ​មិន​បាន​ត្រូវ‹តាំង​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ› ដែល​គេ​បាន​ទន្ទឹង​ចាំ​យ៉ាង​ខុស​នោះ ហើយ​មិន​បាន​ស្ថាបនា​ឡើង​ក្នុង​ជីវិត​របស់​គេ​ក៏​ដោយ តែ​ពួក​គេ​ខំ​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​គិត​ដល់​ពេល​អនន្ត។

ការ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​យើង

១០. ការ​ឥត​ដឹង​អំពី​ពេល​ដែល​ព្រះ​នឹង​កំទេច​របប​របស់​សាតាំង អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​អំពី​អ្វី?

១០ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ ក៏​ខំ​ទន្ទឹង​ចាំ​មើល​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​ដែរ។ ប៉ុន្តែ កង្វល់​ដ៏​សំខាន់​របស់​យើង គឺ​មិន​មែន​ការ​រំដោះ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​នោះ​ឡើយ។ យើង​ចង់​ឃើញ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​តាំង​ជា​បរិសុទ្ធ ហើយ​និង​យុត្ដិកម្ម​នៃ​អធិបតេយ្យភាព​របស់​ទ្រង់។ ដោយ​សារ​រឿង​នេះ យើង​អាច​អរ​សប្បាយ ដែល​ព្រះ​មិន​បាន​ប្រាប់​យើង​អំពី‹ថ្ងៃ​ឬ​ម៉ោង›ដែល​បាន​កំណត់ សំរាប់​សេចក្ដី​ហិន​វិនាស​នៃ​របប​លោកីយ៍​របស់​សាតាំង​នោះ។ នេះ​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ទី​សំអាង​ថា​យើង​បាន​តាំង​ចិត្ត ដើរ​ជា​មួយ​នឹង​ព្រះ​ជា​និរន្តរ៍ ពី​ព្រោះ​យើង​ស្រឡាញ់​ទ្រង់ មិន​មែន​ដោយ​ព្រោះ​យើង​មាន​គោល​ដៅ​ដ៏​កំណាញ់ ហើយ​សំរាប់​រយៈ​ពេល​ខ្លី​នោះ​ទេ។

១១, ១២. តើ​តាម​របៀប​ណា​ដែល​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​យ៉ូប​បាន​ល្បង​ល ហើយ​តើ​ការ​ល្បង​ល​នេះ​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច?

១១ ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​យើង​ចំពោះ​ព្រះ ក៏​ជួយ​បង្ហាញ​ថា អារក្ស​បាន​និយាយ​ខុស នៅ​ពេល​ដែល​វា​បាន​ចោទ​ថា​យ៉ូប ជា​មនុស្ស​ស្មោះ​ត្រង់ ព្រម​ទាំង​មនុស្ស​លោក​ជា​ច្រើន​ណា​ដែល​ដូច​គាត់​ដែរ បំរើ​ព្រះ​ដោយ​គិត​តែ​ពី​ការ​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​ពី​យ៉ូប ដែល​ជា​អ្នក​បំរើ​របស់​ទ្រង់ ជា​អ្នក​រក​បន្ទោស​មិន​បាន ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត​ខ្លាច​ដល់​ព្រះ នោះ​សាតាំង​បាន​ចោទ​យ៉ាង​អាក្រក់​ដូច​នេះ​ថា៖ «ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ​អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្ដិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ដ្រ»។ (យ៉ូប ១:៨​-​១១) ដោយ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ក្រោម​ការ​សាក​ល្បង​នេះ នោះ​យ៉ូប​បង្ហាញ​ថា ការ​ចោទ​ប្រកាន់​ដ៏​កាច​សាហាវ​នេះ ជា​ការ​ខុស​ទៅ​វិញ។

១២ ដោយ​រក្សា​ដំណើរ​យ៉ាង​ស្មោះ​គ្រប់ល័ក្ខណ៍​ដូច​នេះ យើង​ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​ការ​ខុស​នូវ​ការ​ចោទ​ប្រកាន់​ណា ដែល​ថា​យើង​បំរើ​ព្រះ ពី​ព្រោះ​តែ​យើង​ដឹង​ថា នឹង​បាន​រង្វាន់​ជា​ពុំ​ខាន​នោះ។ ដោយ​ឥត​ដឹង​នូវ​ពេល​វេលា​កំណត់ ដែល​សេចក្ដី​សង​សឹក​របស់​ព្រះ​នឹង​មាន​មក​លើ​ពួក​មនុស្ស​អាក្រក់ នោះ​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​បង្ហាញ​ថា យើង​ពិត​ជា​ស្រឡាញ់ព្រះ​យេហូវ៉ា​មែន ហើយ​ចង់​ដើរ​តាម​ផ្លូវ​ទ្រង់​ជា​និរន្តរ៍។ នេះ​នឹង​បង្ហាញ​ថា​យើង​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ក្នុង​របៀប​ដែល​ទ្រង់​ដោះ​ស្រាយ​បញ្ហា​ណា​មួយ។ ថែម​ទៀត​នោះ ដោយ​ឥត​ដឹង​អំពី​ថ្ងៃ​និង​ម៉ោង ជួយ​យើង​ឲ្យ​ប្រុង​ស្មារតី ហើយ​ឲ្យ​ចាំ​យាម​ខាង​វិញ្ញាណ ពី​ព្រោះ​យើង​ដឹង​ថា គ្រា​ចុង​បញ្ចប់​នឹង​មក​ដល់​នៅ​ថ្ងៃ​ណា​មួយ ដូច​ជា​ចោរ​នឹង​មក​នៅ​ពេល​យប់​អញ្ចឹង​ដែរ។ (ម៉ាថាយ ២៤:៤២​-​៤៤) ដោយ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ នោះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​ទ័យ​របស់​ទ្រង់​បាន​សប្បាយ ហើយ​ផ្ដល់​នូវ​ការ​តប​ឆ្លើយ​ដល់​អារក្ស ដែល​ដៀល​តិះ​ដល់​ទ្រង់។—សុភាសិត ២៧:១១

គ្រោង​ការណ៍​សំរាប់​ពេល​អនន្ត!

១៣. តើ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ណា អំពី​ការ​គ្រោង​ការណ៍​សំរាប់​អនាគត?

១៣ អស់​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​ព្រះ​ដឹង​ថា គឺ​ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គ្រោង​ទុក​ជា​មុន​យ៉ាង​សម​ហេតុ​ផល​សំរាប់​អនាគត។ ដោយ​ដឹង​អំពី​បញ្ហា​និង​កំរិត​ពី​ភាព​ចាស់​ជរា នោះ​មនុស្ស​ជា​ច្រើន​បាន​ឆ្លៀត​យក​ប្រយោជន៍​ធ្វើ​ការ កាល​ដែល​គេ​នៅ​ក្មេង​និង​ពេញ​កម្លាំង ដើម្បី​នៅ​ពេល​គេ​ចាស់​ទៅ នោះ​គេ​នឹង​ឥត​មាន​ការ​ខ្វះ​ខាត​ខាង​ប្រាក់​កាស។ ចុះ​យ៉ាង​ណា​វិញ ចំពោះ​អនាគត​ខាង​វិញ្ញាណ ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ? សុភាសិត ២១:៥ ចែង​ថា៖ «គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ​រលាំង នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ»។ ការ​គ្រោង​ទុក​ជា​មុន​ដោយ​គិត​ដល់​ពេល​អនន្ត គឺ​ពិត​ជា​មាន​ប្រយោជន៍​មែន។ ដោយ​ព្រោះ​យើង​ឥត​ដឹង​ឲ្យ​បាន​ប្រាកដ ថា​នៅ​ពេល​ណា​ដែល​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​នឹង​មក​ដល់​នោះ យើង​ត្រូវ​ពិចារណា​មើល​អំពី​អ្វី​ដែល​យើង​នឹង​ត្រូវ​ការ​នៅ​ពេល​អនាគត​នោះ។ ប៉ុន្តែ ចូរ​ឲ្យ​យើង​មាន​ការ​ថ្លឹង​ថ្លែង ហើយ​យក​ប្រយោជន៍​របស់​ព្រះ​ទុក​ជា​មុន​ក្នុង​ជីវិត។ មនុស្ស​ណា​ដែល​ខ្វះ​ជំនឿ ប្រហែល​ជា​សន្និដ្ឋាន​ថា ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ជា​ការ​មិន​គិត​វែង​ឆ្ងាយ​ទេ។ ប៉ុន្តែ តើ​ពិត​ជា​អញ្ចឹង​មែន​ឬ?

១៤, ១៥. (ក) តើ​រឿង​ប្រៀប​ប្រដូច​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល អំពី​គម្រោង​ការណ៍​សំរាប់​អនាគត? (ខ) ហេតុ​អ្វី​ក៏​បុរស​អ្នក​មាន​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ ឥត​បាន​គិត​វែង​ឆ្ងាយ?

១៤ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ ដែល​ធ្វើ​ឲ្យ​យើង​ដឹង​យ៉ាង​ច្បាស់​ក្នុង​ករណី​នេះ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់ បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្ដេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្ដិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ប៉ុន្តែ​ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី​ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​បំរុង​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។—លូកា ១២:១៦​-​២១

១៥ តើ​ព្រះ​យេស៊ូ​ចង់​ប្រាប់​ថា បុរស​អ្នក​មាន​នេះ មិន​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​មាន​វត្ថុ​ទ្រព្យ​សំរាប់​អនាគត​នោះ​ឬ? គឺ​អត់​ទេ ដ្បិត​បទ​គម្ពីរ​ខ្លះ​ដាស់​តឿន​ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ។ (ថែស្សាឡូនីច​ទី​២ ៣:១០) កំហុស​របស់​អ្នក​មាន​នេះ​គឺ គាត់​ឥត​បាន​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ«មាន​ខាង​ឯ​ព្រះ»។ ទោះ​ជា បើ​គាត់​អាច​សប្បាយ​នឹង​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ជា​ច្រើន​ឆ្នាំ​ក្ដី ជា​យថាហេតុ​គាត់​ក៏​នឹង​ស្លាប់​ទៅ​ដែរ។ គាត់​ឥត​បាន​គិត​វែង​ឆ្ងាយ​នោះ​ទេ ឥត​បាន​គិត​អំពី​ពេល​អនន្ត​នោះ​ឡើយ។

១៦. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា ចំពោះ​អនាគត​ដ៏​ឥត​ខ្វះ​ខាត?

១៦ ការ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​គិត​ដល់​ពេល​អនន្ត គឺ​មាន​ប្រយោជន៍ ព្រម​ទាំង​ជា​ការ​មើល​ឃើញ​បាន​វែង​ឆ្ងាយ​ទៀត​ផង។ នេះ​ជា​របៀប​ដ៏​ប្រសើរ​បំផុត ដើម្បី​គ្រោង​ការណ៍​សំរាប់​អនាគត។ ទោះ​បី​ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឲ្យ​គ្រោង​ការណ៍ ដែល​ស្តី​អំពី​សាលា​រៀន មុខ​របរ និង​ភារកិច្ច​ក្នុង​គ្រួសារ យើង​ត្រូវ​ចាំ​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​នោះ​ឡើយ។ ស្តេច​ដាវីឌ​បាន​ច្រៀង​ថា៖ «យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ​បង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ»។ (ទំនុកដំកើង ៣៧:២៥) ព្រះ​យេស៊ូ​ក៏​បាន​ឲ្យ​ការ​ធានា​រ៉ាប់​រង​ថា ព្រះ​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​ទុក​ជា​មុន ហើយ​ដើរ​តាម​ផ្លូវ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​នោះ​ដែរ។—ម៉ាថាយ ៦:៣៣

១៧. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ទី​បញ្ចប់​គឺ​ជិត​ដល់​ហើយ​នោះ?

១៧ ទោះ​ជា​យើង​បំរើ​ព្រះ​ដោយ​គិត​ដល់​ពេល​អនន្ត​ក៏​ដោយ តែ​យើង​ក៏​រក្សា​ទុក​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជាប់​ក្នុង​គំនិត​របស់​យើងដែរ។ សេចក្ដី​សម្រេច​នៃ​ទំនាយ​ព្រះ​គម្ពីរ បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​នូវ​ការ​ជិត​មក​ដល់​នៃ​ថ្ងៃ​នោះ​ហើយ។ សតវត្ស​នេះ​គឺ​បាន​ត្រូវ​សម្គាល់​ដោយ​សង្គ្រាម រោគ​រាតត្បាត រញ្ជួយ​ផែនដី និង​ការ​ខ្វះ​អាហារ ព្រម​ទាំង​ការ​បៀត​បៀន​ពួក​គ្រីស្ទាន​ពិត ហើយ​និង​ការ​ផ្សាយ​ដំណឹង​ល្អ អំពី​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទូទាំង​ពិភព​លោក​ដែរ។ របស់​ទាំង​អស់​នេះ​ជា​លក្ខណៈ​នៃ​គ្រា​ចុង​បញ្ចប់ នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ (ម៉ាថាយ ២៤:៧​-​១៤; លូកា ២១:១១) ពិភព​លោក​នេះ​គឺ​មាន​ពេញ​ដោយ​មនុស្ស​ដែល «ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ ជីវិត​គឺ​ពិបាក​ណាស់​ចំពោះ​យើង​រាល់​គ្នា​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នោះ។ យើង​ពិត​ជា​ចង់​ឃើញ​ថ្ងៃ​នោះ​យ៉ាង​ណា​ទៅ​ហ្ន៎ នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា នឹង​កំទេច​អំពើ​ព្រៃ​ផ្សៃ​ចេញ​ពី​ផែនដី​យើង​នោះ! នៅ​ពេល​ចន្លោះ​នោះ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​គិត​ដល់​ពេល​អនន្ត។

ការ​បំរើ​ដោយ​គិត​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

១៨, ១៩. តើ​អ្វី​ដែល​បង្ហាញ​ថា ពួក​អ្នក​ស្មោះ​ត្រង់​ពី​បុរាណ​បាន​បំរើ​ដោយ​គិត​ដល់​ពេល​អនន្ត​នោះ?

១៨ កាល​ដែល​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​ចង​ចាំ​ពី​ភាព​ស្មោះ​ត្រង់​របស់​អេបិល អេណុក ណូអេ អ័ប្រាហាំ និង​សារ៉ា។ ក្រោយ​ពី​បាន​រៀប​រាប់​អំពី​ពួក​គេ នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំ​ងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ»។ (ហេព្រើរ ១១:១៣) ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ បាន«សង្វាត​ចង់​បាន​ស្រុក​១ ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន​សួគ៌​វិញ»។ (ហេព្រើរ ១១:១៦) ដោយ​មាន​សេចក្ដី​ជំនឿ នោះ​គេ​ទន្ទឹង​ចាំ​កន្លែង​ដ៏​ប្រសើរ​ជាង នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​នឹង​ប្រទាន​រង្វាន់​ឲ្យ​គេ ជា​ជីវិត​អស់​កល្ប​ជា​និច្ច ក្នុង​កន្លែង​ដ៏​ប្រសើរ​ជាង​នោះ គឺ​នៅ​លើ​ផែនដី​មនោរម្យ​ក្រោម​ការ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ។—ហេព្រើរ ១១:៣៩, ៤០

១៩ ព្យាការី​មីកា​បាន​សម្ដែង​នូវ​ការ​តាំង​ចិត្ត​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ដល់​ពេល​អនន្ត។ គាត់​បាន​សរសេរ​ថា៖ «ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។ (មីកា ៤:៥) លោក​មីកា​បាន​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់ រហូត​ដល់​ស្លាប់។ ក្រោយ​ពី​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្នុង​ពិភព​លោក​ថ្មី​នោះ ព្យាការី​នេះ​ច្បាស់​ជា​នឹង​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​សំរាប់​ពេល​អនន្ត​ជា​មិន​ខាន។ នេះ​ជា​គំរូ​ដ៏​ល្អ​មែន ចំពោះ​យើង​គ្រប់​រូប​ដែល​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ!

២០. តើ​យើង​ត្រូវ​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ព្រះ​យេហូវ៉ា​អបអរ​នឹង​សេចក្ដី​ស្រឡាញ់ ដែល​យើង​បង្ហាញ​ចំពោះ​ព្រះ​នាម​របស់​ទ្រង់​ណាស់។ (ហេព្រើរ ៦:១០) ទ្រង់​ជ្រាប​ថា គឺ​ជា​ការ​ពិបាក​ចំពោះ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ក្នុង​ពិភព​លោក​នេះ ដែល​គ្រប់​គ្រង​ដោយ​អារក្ស​នោះ។ ប៉ុន្តែ កាល​ដែល«លោកីយ​នេះ . . . កំពុង​កន្លង​ទៅ . . . តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។ (យ៉ូហាន​ទី​១ ២:១៧; ៥:១៩) ដូច្នេះ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក ដែល​យើង​ជួប​ប្រទះ​រៀង​រាល់​ថ្ងៃ​នោះ។ ចូរ​ឲ្យ​គំនិត និង​ការ​រស់​នៅ​របស់​យើង សំដៅ​ចំពោះ​ទៅ​ពរ​ដ៏​អស្ចារ្យ ដែល​បាន​សន្យា​ដោយ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​នឹង​អាច​ទទួល​ពរ​ទាំង​នេះ ប្រសិន​បើ​យើង​ខំ​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​គិត​ដល់​ពេល​អនន្ត​នោះ។—យូដាស ២០, ២១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្ស​ដែល​ស្ដាប់​បង្គាប់?

◻ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​ទាន់​ចាត់​វិធានការ ដើម្បី​នាំ​ឲ្យ​មាន​ទី​បញ្ចប់​ដល់​លោកីយ៍​ដ៏​អាក្រក់​នេះ?

◻ ហេតុ​អ្វី​ក៏​ការ​ឥត​ដឹង​អំពី​ពេល​វេលា​កំណត់​របស់​ព្រះ ដើម្បី​នឹង​កំទេច​លោក​នេះ មិន​បាន​បន្ថយ​នូវ​ការ​ខ្នះ​ខ្នែង​របស់​យើង​នោះ?

◻ តើ​មាន​ផល​ប្រយោជន៍​ណា​ខ្លះ ពី​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​គិត​ដល់​ពេល​អនន្ត​នោះ?

[រូប​ភាព​នៅ​ទំព័រ​២៦]

រ​ដើរ​ជា​មួយ​នឹង​ព្រះ​តម្រូវ​ឲ្យ​យើង​បំរើ​ទ្រង់​ដោយ​ចិត្ត​ខ្នះ​ខ្នែង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក