តើព្រលឹងជាអមតៈឬ?
ដោយនៅស្ងប់ស្ងៀម មិត្តនិងគ្រួសារដើរជាជួរ ជិតក្ដារមឈូសដែលបើកចំហមួយ។ គេសំឡឹងមើលទៅសព ដែលជាសពក្មេងអាយុ១៧ឆ្នាំ។ មិត្តគាត់ពីសាលារៀនសឹងតែមើលគាត់មិនស្គាល់។ វិធីព្យាបាលដោយប្រើជាតិគីមីបានធ្វើឲ្យសក់គាត់រុះអស់ជាច្រើន ជម្ងឺមហារីកនេះបានធ្វើឲ្យគាត់ស្រកសាច់ច្រើនណាស់។ តើនេះពិតជាមិត្តរបស់គេមែនឬ? គ្រាន់តែពីរបីសប្ដាហ៍មុននេះ គាត់ពោរពេញទៅដោយគំនិត សំនួរ កម្លាំងខ្លាំងក្លា—គឺជីវិត! ម្ដាយរបស់ក្មេងនេះពោលទាំងស្រក់ទឹកភ្នែកម្ដងហើយម្ដងទៀតថា៖ «ធំម៉ី ឥឡូវនេះសប្បាយជាងមុន។ ព្រះទ្រង់ចង់បានធំម៉ីឲ្យរស់នៅជាមួយទ្រង់ក្នុងស្ថានសួគ៌ហើយ»។
ម្ដាយដែលខូចចិត្តនេះរកឃើញសេចក្ដីសង្ឃឹមនិងសេចក្ដីស្រាកទុក្ខខ្លះ ពីគំនិតដែលថាកូនរបស់គាត់នៅរស់។ ក្នុងគ្រីស្ទសាសនា គេបានបង្រៀនគាត់ថា ព្រលឹងជាអមតៈ គឺជាដំណាក់នៃបុគ្គលិកលក្ខណៈ គំនិត សតិ—គឺជា«ខ្លួន»។ គាត់ជឿថា ព្រលឹងរបស់កូនមិនបានស្លាប់ទៅទេ ពីព្រោះវាជារូបវិញ្ញាណដែលរស់នៅ ដែលចេញពីរូបកាយទៅក្រោយពេលស្លាប់ ហើយទៅឯស្ថានសួគ៌ដើម្បីរស់នៅជាមួយព្រះនិងពួកទេវតាទាំងឡាយ។
កាលណាមានព្រឹត្ដិការណ៍ដ៏ខ្លោចផ្សាកើតឡើង ចិត្តរបស់មនុស្សតែងតែទាញទៅរកពន្លឺនៃសេចក្ដីសង្ឃឹមណាមួយ ដូច្នេះហើយបានជាជំនឿបែបនេះ ជាការត្រូវចិត្តណាស់។ ឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលសាសនវិទូជេ. ភេទីសុន-ស្មាយ រៀបរាប់ប្រាប់ ក្នុងសិក្ខាបទនៃបរលោក ថា៖ «សេចក្ដីស្លាប់ជាអ្វីតូចណាស់ បើប្រៀបទៅនឹងអ្វីជាបន្ទាប់នោះ—គឺជាពិភពមួយដ៏អស្ចារ្យបំផុតដែលសេចក្ដីស្លាប់នាំយើងចូល»។
នៅជុំវិញពិភពលោក ក្នុងសាសនានិងវប្បធម៌ជាច្រើន គេជឿថាមនុស្សលោកមានព្រលឹងមួយនៅក្នុងខ្លួនដែលមិនចេះស្លាប់ឡើយ គឺជាវិញ្ញាណមានមនសិការដែលបន្តរស់នៅ ក្រោយពីរូបកាយស្លាប់ទៅ។ ជំនឿនេះមានសឹងតែក្នុងគ្រប់សាសនានិងនិកាយរាប់ពាន់នៃពិភពគ្រីស្ទសាសនា។ នេះក៏ជាសេចក្ដីបង្រៀនជាផ្លូវការក្នុងសាសនាយូដាដែរ។ សាសនាហិណ្ឌូជឿថា អាត្ម័ន ឬព្រលឹង ត្រូវបានបង្កើតមកតាំងពីដើមកាល ត្រូវជាប់ឃុំឃាំងក្នុងរូបកាយពីកំណើត ហើយពេលស្លាប់ ព្រលឹងនោះទៅរស់នៅក្នុងរូបកាយមួយទៀត គឺជាការចាប់បដិសន្ធិជាថ្មី។ សាសនាអ៊ីស្លាមជឿថា ព្រលឹងកើតមានឡើងនៅពេលចាប់កំណើត ហើយរស់នៅតទៅទៀត ក្រោយពីរូបកាយស្លាប់ទៅ។ និកាយឯទៀត—ដូចជានិកាយវិញ្ញាណនិយមនៃអាហ្វ្រិក ហ្សីនតូ ព្រមទាំងព្រះពុទ្ធសាសនា—ក៏បង្រៀនស្រដៀងគ្នានេះដែរ។
ការចោទសួរខ្លះៗ
ថ្វីបើគំនិតនៃព្រលឹងអមតៈជាការមិនអាចបដិសេធបាន ហើយមានការចាប់អារម្មណ៍សឹងតែពេញពិភពលោកក៏ដោយ នេះធ្វើឲ្យមានការចោទសួរខ្លះៗ។ ឧទាហរណ៍ គេឆ្ងល់ថា ព្រលឹងនៃមនុស្សស្លាប់ស្ងួនភ្ងាចេញទៅទីណា បើបុគ្គលនោះមិនបានប្រកបជីវិតល្អនោះ។ តើគាត់នឹងចាប់កំណើតមកវិញជាសត្វដែលមានឋានៈថោកទាបឬ? ឬតើគាត់ត្រូវទៅស្ថានភ្លើងនរក ដែលត្រូវសំអាតគាត់នៅទីនោះដោយប្រើភ្លើង រហូតដល់សមគួរនឹងទៅស្ថានសួគ៌ឬ? អាក្រក់ជាងនេះទៀត តើគេត្រូវធ្វើទារុណកម្មអស់កល្បជានិច្ចដល់គាត់ក្នុងស្ថានភ្លើងនរកឬ? ឬក៏ តាមសេចក្ដីបង្រៀននៃនិកាយវិញ្ញាណនិយមជាច្រើន តើគាត់ជាវិញ្ញាណមួយដែលត្រូវតែធ្វើឲ្យស្ងប់ចិត្តឬ?
ជំនឿបែបនេះបង្កបង្កើតឲ្យមានទុក្ខសំរាប់មនុស្សនៅរស់។ តើយើងត្រូវតែធ្វើឲ្យចិត្តបុគ្គលស្ងួនភ្ងារបស់យើងដែលស្លាប់ទៅបានស្ងប់ ដើម្បីកុំឲ្យគេសងសឹកយើងឬ? តើយើងត្រូវតែជួយសង្គ្រោះគេពីស្ថានភ្លើងនរកដ៏អាក្រក់ឬ? ឬតើយើងគ្រាន់តែភ័យញ័រនឹងគំនិតដែលថាគេកំពុងរងទុក្ខក្នុងស្ថាននរកនោះ? ឬតើយើងត្រូវតែចាត់ទុកសត្វរស់ខ្លះជាអ្វីដែលមានព្រលឹងមនុស្សស្លាប់ឬ?
ចំពោះសំនួរដែលទាក់ទងព្រះ ក៏មិនសូវជាការល្អណាស់ណាដែរ។ ជាឧទាហរណ៍ ឪពុកម្ដាយជាច្រើន ដូចម្ដាយដែលបានរៀបរាប់មកខាងលើនេះ ជាមុនដំបូងបានទទួលការធូរស្បើយចិត្តដោយសារគំនិតដែលថាព្រះ «បានយក» ព្រលឹងអមតៈរបស់កូនខ្លួនឲ្យទៅនៅជាមួយទ្រង់ក្នុងស្ថានសួគ៌។ យ៉ាងណាក្ដី ចំពោះពួកគេជាច្រើន មិនយូរមិនឆាប់ គេនឹងឆ្ងល់ថាតើព្រះជាព្រះប្រភេទណា ដែលទ្រង់ដាក់ជម្ងឺដ៏ស្អប់ខ្ពើមមកលើកូនដែលគ្មានទោសរបស់គេ កន្ដ្រាក់យកកូនដ៏ជាទីស្រឡាញ់ពីឪពុកម្ដាយទាំងនេះ ដើម្បីយកទៅនៅស្ថានសួគ៌មុនពេលកំណត់នោះ។ តើយុត្ដិធម៌ សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដានៅទីណាទៅចំពោះព្រះបែបនេះ? អ្នកខ្លះទៀតថែមទាំងចោទសួរអំពីប្រាជ្ញានៃព្រះ។ ពួកគេសួរថា ហេតុអ្វីក៏ព្រះដ៏មានប្រាជ្ញានេះដាក់ព្រលឹងទាំងនេះនៅលើផែនដីធ្វើអ្វី បើគេនឹងត្រូវទៅស្ថានសួគ៌នោះ? តើនេះមិនមានន័យថា ការបង្កើតផែនដីជាការគ្មានប្រយោជន៍ទេឬ?—ប្រៀបធៀប ចោទិយកថា ៣២:៤; ទំនុកដំកើង ១០៣:៨; អេសាយ ៤៥:១៨; យ៉ូហានទី១ ៤:៨
ដូច្នេះ យ៉ាងច្បាស់ណាស់ លទ្ធិនៃព្រលឹងមនុស្សអមតៈ ទោះជាបង្រៀនតាមបែបបទយ៉ាងណាក៏ដោយ នាំឲ្យមានសំនួរមិនល្អជាច្រើន ថែមទាំងសេចក្ដីឥតទៀងទាត់ផង។ ហេតុអ្វីក៏ដូច្នេះ? ដ្បិតបញ្ហាជាច្រើនទាក់ទងនឹងដើមកំណើតនៃសេចក្ដីបង្រៀននេះ។ អ្នកអាចមានចិត្តរំភើបក្នុងការតាមដានរកមើលដើមកំណើតទាំងនេះ ហើយអ្នកប្រហែលជាមានចិត្តភ្ញាក់ផ្អើល កាលណារៀនដឹងអំពីអ្វីៗដែលព្រះគម្ពីរចែងអំពីព្រលឹង។ ព្រះគម្ពីរផ្ដល់ឲ្យសេចក្ដីសង្ឃឹមចំពោះជីវិតក្រោយពីសេចក្ដីស្លាប់ ដ៏អស្ចារ្យឆ្ងាយជាងសេចក្ដីបង្រៀនទូទៅនៃសាសនារបស់លោកីយ៍នេះ។