បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១ ទំ. ២៨-៣២
  • ឪពុកនិងអ្នកចាស់ទុំ—ការបំពេញតួនាទីទាំងពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឪពុកនិងអ្នកចាស់ទុំ—ការបំពេញតួនាទីទាំងពីរ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឪពុក​និង​អ្នក​ចាស់​ទុំ
  • «មាន​កូន​ចៅ​ជឿ»
  • រៀប​ការ«ប្រពន្ធ​ដែល​មិន​ជឿ»
  • ‹ត្រួត​ត្រា​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដោយ​ត្រឹម​ត្រូវ›
  • ការ​មើល​ខុស​ត្រូវ​ដោយ​ចេះ​ថ្លឹង​ថ្លែង
  • ឪពុក​ល្អ​ក៏​ជា​អ្នក​ចាស់​ទុំ​ល្អ
  • ពួក​អ្នក​ចាស់​ទុំ​យើង​គួរ​ជា​ទី​ស្រឡាញ់​ដល់​យើង
  • ប្ដីនិងអ្នកចាស់ទុំ—ការថ្លឹងថ្លែងករណីយកិច្ច
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • «គោរពពួកអ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ឪពុកម្ដាយនិងកូន—ចូរចាត់ព្រះទុកជាទីមួយ!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១ ទំ. ២៨-៣២

ឪពុក​និង​អ្នក​ចាស់​ទុំ—ការ​បំពេញ​តួ​នាទី​ទាំង​ពីរ

«បើ​អ្នក​ណា​មិន​ចេះ​ត្រួត​ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្ដេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន»។—ធីម៉ូថេ​ទី​១ ៣:៥

១, ២. (ក) នៅ​ក្នុង​សតវត្ស​ទី​មួយ តើ​អ្នក​ត្រួត​ពិនិត្យ​នៅ​លីវ​និង​អ្នក​រៀប​ការ​ឥត​មាន​កូន អាច​បំរើ​បង​ប្អូន​របស់​គេ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​តាម​របៀប​ណា​ដែល​លោក​អ័គីឡា​និង​នាង​ព្រីស៊ីល ជា​គំរូ​ល្អ​ចំពោះ​ប្ដី​ប្រពន្ធ​នៅ​សព្វ​ថ្ងៃ​នេះ?

ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ពី​សម័យ​ដើម គឺ​ជា​អ្នក​នៅ​លីវ ឬ អ្នក​រៀប​ការ​ឥត​មាន​កូន ឬ​អ្នក​រៀប​ការ​ដែល​មាន​កូន។ ពួក​គ្រីស្ទាន​ខ្លះ​ច្បាស់​ជា​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល​ឲ្យ​នៅ​លីវ ដែល​បាន​ចែង​ក្នុង​សំបុត្រ​ទី​មួយ​ទៅ​ពួក​កូរិនថូស ជំពូក​៧។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «មាន[អ្នក]ខ្លះ​ដែល​ក្រៀវ​ខ្លួន​ឯង​ដែរ ដោយ​យល់​ដល់​នគរ​ស្ថាន​សួគ៌»។ (ម៉ាថាយ ១៩:១២) ដូច​ប៉ុល​និង​អ្នក​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ខ្លះ​ទៀត បុរស​នៅ​លីវ​បែប​នេះ​មាន​សេរី​ភាព​ធ្វើ​ដំណើរ​ទៅ​ជួយ​បង​ប្អូន​របស់​គេ។

២ ព្រះ​គម្ពីរ​ពុំ​បាន​ចែង​ថា លោក​បាណាបាស ម៉ាកុស ស៊ីឡាស លូកា ធីម៉ូថេ និង ទីតុស​ជា​អ្នក​នៅ​លីវ​ទេ។ បើ​សិន​ជា​ពួក​គេ​មាន​ប្រពន្ធ ប្រហែល​ជា​ពួក​គេ​ពុំ​សូវ​មាន​ភារកិច្ច​គ្រួសារ​ច្រើន​ទេ តាម​មើល​ទៅ ពី​ព្រោះ​ពួក​គេ​អាច​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ការ​បំពេញ​កិច្ច​ការ​របស់​គេ។ (កិច្ច​ការ ១៣:២; ១៥:៣៩​-​៤១; កូរិនថូស​ទី​២ ៨:១៦, ១៧; ធីម៉ូថេ​ទី​២ ៤:៩​-​១១; ទីតុស ១:៥) ប្រហែល​ជា​ប្រពន្ធ​របស់​គេ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ដែរ ដូច​ពេត្រុស​និង«ដូច​ជា​សាវក​ឯ​ទៀត» ដែល​បាន​យក​ប្រពន្ធ​ខ្លួន​ទៅ​ជា​មួយ កាល​ដែល​គេ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ (កូរិនថូស​ទី​១ ៩:៥) លោក​អ័គីឡា​និង​នាង​ព្រីស៊ីល​ជា​គំរូ​ល្អ​មួយ​អំពី​ប្ដី​ប្រពន្ធ​ដែល​សុខ​ចិត្ត​រើ​ទៅ​នៅ​កន្លែង​ផ្សេង​ៗ។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ប៉ុល​ពី​ក្រុង​កូរិនថូស​ទៅ​ក្រុង​អេភេសូរ រួច​មក​ទៅ​ក្រុង​រ៉ូម ហើយ​ត្រឡប់​មក​ក្រុង​អេភេសូរ​វិញ។ ព្រះ​គម្ពីរ​ពុំ​បាន​ចែង​ថា​គេ​មាន​កូន​ទេ។ កិច្ច​បំរើ​ដ៏​ស្មោះ​ស្មគ្រ​ចំពោះ​បង​ប្អូន​របស់​គេ បាន​ធ្វើ​ឲ្យ«ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន»សម្ដែង​អំណរ​គុណ​ដល់​គេ។ (រ៉ូម ១៦:៣​-​៥; កិច្ច​ការ ១៨:២, ១៨; ធីម៉ូថេ​ទី​២ ៤:១៩) នៅ​សព្វ​ថ្ងៃ​នេះ ច្បាស់​ជា​មាន​ប្ដី​ប្រពន្ធ​ជា​ច្រើន ដូច​លោក​អ័គីឡា​និង​នាង​ព្រីស៊ីល​ដែរ ដែល​អាច​បំរើ​ក្នុង​ក្រុម​ជំនុំ​ឯ​ទៀត ប្រហែល​ជា​រើ​ទៅ​នៅ​កន្លែង​ណា​ដែល​ត្រូវ​ការ​ជំនួយ​ជាង​គេ។

ឪពុក​និង​អ្នក​ចាស់​ទុំ

៣. តើ​អ្វី​បង្ហាញ​ថា ពួក​អ្នក​ចាស់​ទុំ​ភាគ​ច្រើន​នៅ​សតវត្ស​ទី​មួយ ជា​អ្នក​រៀប​ការ​ដែល​មាន​កូន​ចៅ?

៣ តាម​មើល​ទៅ នៅ​ក្នុង​សតវត្ស​ទី​មួយ ស.យ. ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ភាគ​ច្រើន គឺ​ជា​អ្នក​រៀប​ការ​ដែល​មាន​កូន​ចៅ។ នៅ​ពេល​ដែល​ប៉ុល​រៀប​រាប់​អំពី​សមត្ថភាព​ដែល​តម្រូវ​ពី​បុរស​ដែល«ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា» គាត់​ប្រាប់​ថា​គ្រីស្ទាន​បែប​នេះ​គួរ​តែ​ជា​អ្នក«ត្រួត​ត្រា​ផ្ទះ​របស់​ខ្លួន​ដោយ​ស្រួលបួល ទាំង​ឲ្យ​កូន​ចៅ​ស្ដាប់​បង្គាប់​ដោយ​នឹង​ធឹង»។—ធីម៉ូថេ​ទី​១ ៣:១, ៤

៤. តើ​មាន​សេចក្ដី​តម្រូវ​អ្វី​ខ្លះ ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​ប្រពន្ធ​កូន​ចៅ?

៤ ដូច​ជា​យើង​បាន​ឃើញ​ស្រាប់​ហើយ អ្នក​ត្រួត​ពិនិត្យ​មិន​ចាំ​បាច់​មាន​កូន​ចៅ ឬ​ប្រពន្ធ​ឡើយ។ បើ​សិន​ជា​គាត់​មាន​ប្រពន្ធ ដើម្បី​ឲ្យ​អាច​ធ្វើ​ជា​អ្នក​ចាស់​ទុំ ឬ ជា​អ្នក​ងារ​ជំនួយ គ្រីស្ទាន នោះ​គាត់​ត្រូវ​តែ​អនុវត្ត​ប្រមុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ហើយ​ដោយ​សេចក្ដី​ស្រឡាញ់ មក​លើ​ប្រពន្ធ​ខ្លួន ហើយ​ត្រូវ​បង្ហាញ​ថា គាត់​អាច​មើល​រក្សា​កូន​ចៅ​របស់​គាត់​ឲ្យ​ចេះ​គោរព​ចុះ​ចូល​ត្រឹម​ត្រូវ។ (កូរិនថូស​ទី​១ ១១:៣; ធីម៉ូថេ​ទី​១ ៣:១២, ១៣) បើ​ឃើញ​មាន​ការ​ទន់​ខ្សោយ​ធ្ងន់​ធ្ងរ​ណា​មួយ ក្នុង​ការ​មើល​ខុស​ត្រូវ​គ្រួសារ​របស់​គាត់ នោះ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​នោះ​ពុំ​មាន​សិទ្ធិ​ទទួល​តំណែង​ពិសេស​ក្នុង​ក្រុម​ជំនុំ។ ហេតុ​អ្វី? ប៉ុល​ពន្យល់​ថា៖ «បើ​អ្នក​ណា​មិន​ចេះ​ត្រួត​ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្ដេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន»? (ធីម៉ូថេ​ទី​១ ៣:៥) បើ​សិន​ជា​ពួក​អ្នក​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ មិន​សុខ​ចិត្ត​ចុះ​ចូល​តាម​ការ​មើល​ខុស​ត្រូវ​របស់​គាត់​ផង តើ​ឲ្យ​អ្នក​ឯ​ទៀត​ចុះ​ចូល​យ៉ាង​ដូច​ម្ដេច​បាន?

«មាន​កូន​ចៅ​ជឿ»

៥, ៦. (ក) តើ​ប៉ុល​បាន​ប្រាប់​ទីតុស​អំពី​សេចក្ដី​តម្រូវ​អ្វី​ខ្លះ ចំពោះ​ពួក​ក្មេង​ៗ? (ខ) តើ​អ្វី​ដែល​តម្រូវ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​កូន​ចៅ?

៥ នៅ​ពេល​ប្រាប់​លោក​ទីតុស​ឲ្យ​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​ក្រេត ប៉ុល​បាន​ប្រាប់​យ៉ាង​ជាក់​លាក់​ថា៖ «បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹង​ចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត​ត្រា​បាន​ឥត​សៅហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ»។—ទីតុស ១:៦, ៧

៦ ឃ្លា​ដែល​ថា«មាន​កូន​ចៅ​ជឿ» សំដៅ​ចំពោះ​ពួក​ក្មេង​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​គេ​ទៅ​ព្រះ​យេហូវ៉ា​រួច ហើយ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ឬ សំដៅ​ចំពោះ​ពួក​ក្មេង​ដែល​កំពុង​តែ​ចំរើន​ឆ្ពោះ​ទៅ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ សមាជិក​ក្នុង​ក្រុម​ជំនុំ​ចាត់​ទុក​ថា កូន​ចៅ​របស់​អ្នក​ចាស់​ទុំ​ជា​អ្នក​ដែល​ចេះ​គោរព​និង​កាន់​ឫកពា​ត្រឹម​ត្រូវ។ គឺ​ត្រូវ​ឲ្យ​ឃើញ​ជាក់​លាក់​ថា អ្នក​ចាស់​ទុំ​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​គាត់ ដើម្បី​បណ្ដុះ​ជំនឿ​ក្នុង​កូន​ចៅ​របស់​គាត់។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា៖ «ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។ (សុភាសិត ២២:៦) ចុះ​យ៉ាង​ណា​វិញ បើ​ក្មេង​នោះ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នេះ​ហើយ តែ​មិន​ព្រម​បំរើ​ព្រះ​យេហូវ៉ា ឬ​ថែម​ទាំង​ប្រព្រឹត្ត​អំពើ​ខុស​ធ្ងន់​នោះ?

៧. (ក) ហេតុ​អ្វី​ក៏​សុភាសិត ២២:៦ មិន​មែន​ជា​វិន័យ​តឹង​រ៉ឹង​នោះ? (ខ) បើ​កូន​របស់​អ្នក​ចាស់​ទុំ​ម្នាក់​មិន​ចង់​បំរើ​ព្រះ​យេហូវ៉ា​ទេ ហេតុ​អ្វី​ក៏​អ្នក​ចាស់​ទុំ​នោះ​មិន​បាត់​បង់​តំណែង​របស់​គាត់​ជា​ស្វ័យប្រវត្ត?

៧ ជា​ការ​ច្បាស់​ណាស់ សុភាសិត​ដែល​បាន​ស្រង់​មក​នៅ​ខាង​លើ​នេះ មិន​មែន​ជា​វិន័យ​តឹង​រ៉ឹង​មួយ​នោះ​ទេ។ នេះ​ក៏​មិន​ធ្វើ​ឲ្យ​គោល​ការណ៍​នៃ​ចិត្ត​សេរី​ទៅ​ជា​មោឃៈ​ដែរ។ (ចោទិយកថា ៣០:១៥, ១៦, ១៩) កាល​ណា​កូន​ប្រុស​ឬ​កូន​ស្រី​ដល់​អាយុ​ចេះ​ទទួល​ខុស​ត្រូវ​ហើយ គាត់​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ បើ​សិន​ជា​អ្នក​ចាស់​ទុំ​នោះ​បាន​ផ្ដល់​ឲ្យ​ជំនួយ​ខាង​វិញ្ញាណ ការ​ណែនាំ និង​ការ​ប្រដែ​ប្រដៅ តែ​ក្មេង​នោះ​មិន​សុខ​ចិត្ត​បំរើ​ព្រះ​យេហូវ៉ា​ទេ នោះ​ឪពុក​មិន​បាត់​បង់​ជា​ស្វ័យប្រវត្ត​នូវ​សិទ្ធិ​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​អ្នក​ចាស់​ទុំ​នោះ​មាន​កូន​តូច​ៗ​បី​បួន​រស់​នៅ​ក្នុង​ផ្ទះ ហើយ​កូន​នោះ​ជា​បន្ត​បន្ទាប់​គ្នា​បាន​ទៅ​ជា​ឈឺ​ខាង​វិញ្ញាណ​និង​បង្កើត​ឲ្យ​មាន​រឿង​រ៉ាវ នោះ​គាត់​អាច​លែង​ចាត់​ទុក​ជា«[អ្នក]ត្រូវ​ត្រួត​ត្រា​ផ្ទះ​របស់​ខ្លួន​ដោយ​ស្រួលបួល»បាន​ទៀត​ហើយ។ (ធីម៉ូថេ​ទី​១ ៣:៤) អ្វី​ជា​ចំណុច​សំខាន់​នោះ​គឺ​ថា ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ថា​អ្នក​ត្រួត​ពិនិត្យ​នោះ កំពុង​តែ​ខំ​ប្រឹង​ប្រែង​ណែនាំ‹កូន​ចៅ​ជឿ​ដែល​ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់​ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹង​ចចេស›។a

រៀប​ការ«ប្រពន្ធ​ដែល​មិន​ជឿ»

៨. តើ​អ្នក​ចាស់​ទុំ​គួរ​តែ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្រពន្ធ​ដែល​មិន​ជឿ​របស់​គាត់?

៨ រីឯ​ពួក​គ្រីស្ទាន​ដែល​ប្រពន្ធ​ខ្លួន​មិន​ជា​អ្នក​ជឿ ប៉ុល​បាន​សរសេរ​ថា៖ «បើ​បង​ប្អូន​ណា មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ។ . . . ដ្បិត . . . ប្រពន្ធ​ដែល​មិន​ជឿ​ក៏[រាប់​ជា​ស្អាត]ដោយ​សារ​ប្ដី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ។ ដ្បិត . . . បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង»? (កូរិនថូស​ទី​១ ៧:១២​-​១៤, ១៦) ឃ្លា​ដែល​ថា «ដែល​មិន​ជឿ» នៅ​ត្រង់​នេះ​មិន​សំដៅ​ចំពោះ​ប្រពន្ធ​ដែល​គ្មាន​ជំនឿ​ណា​មួយ​នោះ​ទេ តែ​សំដៅ​ចំពោះ​ស្ត្រី​ដែល​មិន​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា​វិញ។ គាត់​អាច​ជាជនជាតិ​យូដា​ម្នាក់ ឬ​ជា​អ្នក​ជឿ​ព្រះ​ណា​ផ្សេង​ទៀត​ក៏​មាន។ នៅ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា​មាន​អ្នក​ចាស់​ទុំ​ណា​ម្នាក់​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់​ដែល​កាន់​តាម​សាសនា​ដទៃ ដែល​មិន​ខ្វល់​អំពី​ព្រះ ឬ​មិន​ជឿ​ថា​មាន​ព្រះ​សោះ។ បើ​នាង​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​គាត់ នោះ​គាត់​មិន​ត្រូវ​ចាក​ចេញ​ពី​នាង ដោយ​សារ​មាន​ជំនឿ​ខុស​គ្នា​នោះ​ឡើយ។ គាត់​គួរ​តែ​រស់‹នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន​ស្រប​តាម​ចំណេះ ត្រូវ​ឲ្យ​កិត្ដិយស​នាង ទុក​ដូច​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន គឺ​ជា​មនុស្ស​ស្រី› ដោយ​សង្ឃឹម​នឹង​បាន​សង្គ្រោះ​នាង។—ពេត្រុស​ទី​១ ៣:៧; កូល៉ុស ៣:១៩

៩. នៅ​ក្នុង​ប្រទេស​ដែល​ច្បាប់​រដ្ឋ​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​ទាំង​ពីរ​មាន​សិទ្ធិ​ណែនាំ​កូន​ចៅ​តាម​សាសនា​របស់​គេ​ម្នាក់​ៗ តើ​អ្នក​ចាស់​ទុំ​គួរ​តែ​ប្រព្រឹត្ត​យ៉ាង​ណា ហើយ​តើ​ការ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​តំណែង​របស់​គាត់?

៩ បើ​អ្នក​ត្រួត​ពិនិត្យ​មាន​កូន​ចៅ គាត់​នឹង​អនុវត្ត​ប្រមុខភាព​ជា​ប្ដី​និង​ជា​ឪពុក​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​ការ​ចិញ្ចឹម​ពួក​គេ«ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់[យេហូវ៉ា]វិញ»។ (អេភេសូរ ៦:៤) នៅ​ក្នុង​ប្រទេស​ជា​ច្រើន ច្បាប់​រដ្ឋ​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​ទាំង​ពីរ​មាន​សិទ្ធិ​ផ្ដល់​ការ​ណែនាំ​ខាង​សាសនា​ដល់​កូន​ចៅ​របស់​ខ្លួន។ ក្នុង​ករណី​នេះ ប្រពន្ធ​អាច​ទាម​ទារ​យក​សិទ្ធិ​របស់​គាត់ ក្នុង​ការ​ណែនាំ​កូន​ចៅ​តាម​ទំលាប់​និង​គោល​ជំនឿ​សាសនា​របស់​ខ្លួន ហើយ​អាច​យក​កូន​ទៅ​ព្រះ​វិហារ​របស់​គាត់។b ពិត​មែន​ហើយ កូន​ចៅ​គួរ​តែ​ធ្វើ​តាម​មនសិការ​ដែល​បាន​អប់រំ​ពី​ព្រះ​គម្ពីរ ចំពោះ​ការ​មិន​ចូល​រួម​ក្នុង​ពិធី​សាសនា​ក្លែង​ក្លាយ​ទាំង​នេះ។ ក្នុង​ឋានៈ​ជា​មេ​គ្រួសារ ឪពុក​នឹង​អនុវត្ត​សិទ្ធិ​របស់​គាត់ ដោយ​សិក្សា​ជា​មួយ​កូន​ចៅ​ខ្លួន ហើយ​យក​ពួក​គេ​ទៅ​ឯ​កិច្ច​ប្រជុំ​នៅ​សាល​ព្រះ​រាជាណាចក្រ​ពេល​ធ្វើ​ទៅ​បាន។ កាល​ណា​កូន​ទាំង​នោះ​ដល់​អាយុ​ដែល​គេ​អាច​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ហើយ នោះ​ពួក​គេ​នឹង​សម្រេច​ដោយ​ខ្លួន​គេ​នូវ​ផ្លូវ​ណា​ដែល​គេ​ចង់​ដើរ។ (យ៉ូស្វេ ២៤:១៥) បើ​សិន​ជា​ពួក​អ្នក​ចាស់​ទុំ​ឯ​ទៀត​និង​ពួក​សមាជិក​ក្នុង​ក្រុម​ជំនុំ​អាច​ឃើញ​ថា គាត់​កំពុង​តែ​ខំ​ប្រឹង​ធ្វើ​អស់​ពី​សេចក្ដី​ដែល​ច្បាប់​រដ្ឋ​អនុញ្ញាត​ឲ្យ ក្នុង​ការ​បង្ហាត់​បង្រៀន​កូន​ចៅ​គាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​ពិត នោះ​គាត់​នឹង​មិន​បាត់​បង់​សិទ្ធិ​ជា​អ្នក​ត្រួត​ពិនិត្យ​ឡើយ។

‹ត្រួត​ត្រា​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដោយ​ត្រឹម​ត្រូវ›

១០. បើ​សិន​ជា​មេ​គ្រួសារ​ជា​អ្នក​ចាស់​ទុំ​ម្នាក់ តើ​អ្វី​ជា​ធុរៈ​ទី​មួយ​របស់​គាត់?

១០ សូម្បី​តែ​ចំពោះ​អ្នក​ចាស់​ទុំ​ដែល​ជា​ឪពុក ហើយ​ប្រពន្ធ​គាត់​ជា​គ្រីស្ទាន​ម្នាក់​ក៏​ដោយ ក៏​មិន​ជា​ការ​ស្រួល​ទេ​ក្នុង​ការ​លៃ​លក​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់ រវាង​ប្រពន្ធ កូន និង​ករណីយកិច្ច​ក្នុង​ក្រុម​ជំនុំ។ ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា ឪពុក​គ្រីស្ទាន​មាន​ធុរៈ​មើល​ថែ​រក្សា​ប្រពន្ធ​និង​កូន​ចៅ​របស់​គាត់។ ប៉ុល​បាន​សរសេរ​ថា៖ «បើ​មាន​អ្នក​ណា​ដែល​មិន​ផ្គត់​ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។ (ធីម៉ូថេ​ទី​១ ៥:៨) ក្នុង​សំបុត្រ​ដដែល​នេះ ប៉ុល​បាន​មាន​ប្រសាសន៍​ថា មាន​តែ​បុរស​រៀប​ការ​ដែល​បាន​បង្ហាញ​ថា​ខ្លួន​ជា​ប្ដី​និង​ឪពុក​ល្អ ទើប​អាច​អនុញ្ញាត​ឲ្យ​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​បាន។—ធីម៉ូថេ​ទី​១ ៣:១​-​៥

១១. (ក) តើ​តាម​របៀប​ណា​ដែល​អ្នក​ចាស់​ទុំ​គួរ​តែ‹ផ្គត់​ផ្គង់​គ្រួសារ​របស់​ខ្លួន›? (ខ) តើ​ការ​នេះ​អាច​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​បំពេញ​ករណីយកិច្ច​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១១ អ្នក​ចាស់​ទុំ​គួរ​តែ​ចេះ«ផ្គត់​ផ្គង់»ដល់​គ្រួសារ​របស់​ខ្លួន មិន​មែន​គ្រាន់​តែ​ផ្ដល់​សម្ភារៈ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ផ្គត់​ផ្គង់​ខាង​ផ្នែក​វិញ្ញាណ​និង​ផ្លូវ​ចិត្ត។ ស្តេច​សាឡូម៉ូន​សរសេរ​ដោយ​ប្រាជ្ញា​ថា៖ «ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀបចំ​សំរាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ»។ (សុភាសិត ២៤:២៧) ដូច្នេះ ក្នុង​កាល​ដែល​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ប្រពន្ធ​និង​កូន ផ្នែក​ខាង​សម្ភារៈ ផ្លូវ​ចិត្ត និង​ការ​កំសាន្ត អ្នក​ត្រួត​ពិនិត្យ​នោះ​គួរ​តែ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ចំរើន​ឡើង​ខាង​វិញ្ញាណ។ នេះ​ត្រូវ​ការ​ពេល​វេលា—ពេល​វេលា​ដែល​គាត់​មិន​អាច​ចំណាយ​ចំពោះ​បញ្ហា​ក្រុម​ជំនុំ។ ប៉ុន្តែ​នេះ​ជា​ពេល​វេលា​ដែល​គាត់​អាច​ទទួល​រង្វាន់​ដ៏​ល្អ​ប្រសើរ ចំពោះ​សុភមង្គល​និង​ភាព​វិញ្ញាណ​ក្នុង​គ្រួសារ។ ទៅ​អនាគត បើ​គ្រួសារ​របស់​គាត់​មាន​សភាព​ខ្លាំង​ខាង​វិញ្ញាណ អ្នក​ចាស់​ទុំ​នោះ​នឹង​មិន​ចាំ​បាច់​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​គ្រួសារ។ នេះ​នឹង​ទុក​ឲ្យ​គាត់​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​បំពេញ​ភារកិច្ច​ក្រុម​ជំនុំ។ គំរូ​របស់​គាត់​ជា​ប្ដី​និង​ជា​ឪពុក​ល្អ​ម្នាក់ នឹង​អាច​ផ្ដល់​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​ដល់​ក្រុម​ជំនុំ​ដែរ។—ពេត្រុស​ទី​១ ៥:១​-​៣

១២. ឪពុក​ដែល​ជា​អ្នក​ចាស់​ទុំ​គួរ​តែ​ធ្វើ​គំរូ​ល្អ​ចំពោះ​ធុរៈ​គ្រួសារ​មួយ​ណា?

១២ ការ​ត្រួត​ត្រា​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដោយ​ត្រឹម​ត្រូវ រួម​បញ្ចូល​ការ​កំណត់​ពេល​វេលា​សំរាប់​មើល​ខុស​ត្រូវ​លើ​ការ​សិក្សា​ក្នុង​គ្រួសារ។ ការ​ធ្វើ​គំរូ​ល្អ​ចំពោះ​រឿង​នេះ​ជា​ការ​សំខាន់​ណាស់​ចំពោះ​អ្នក​ចាស់​ទុំ ពី​ព្រោះ​ក្រុម​គ្រួសារ​ខ្លាំង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ខ្លាំង​ដែរ។ អ្នក​ចាស់​ទុំ​មិន​គួរ​ជាប់​រវល់​ជា​ញឹក​ញាប់​នឹង​កិច្ច​បំរើ​ណា​ផ្សេង​ទៀត ដែល​គាត់​គ្មាន​ពេល​វេលា​សំរាប់​សិក្សា​ជា​មួយ​ប្រពន្ធ​កូន​របស់​ខ្លួន​នោះ។ បើ​នេះ​ពិត​ជា​ករណី​របស់​គាត់​មែន គាត់​គួរ​តែ​ពិនិត្យ​សើរើ​តារាង​ពេល​វេលា​របស់​គាត់​ឡើង​វិញ។ ប្រហែល​ជា​គាត់​ត្រូវ​សើរើ​តារាង​ឬ​កាត់​បន្ថយ​ពេល​វេលា​ចំពោះ​បញ្ហា​ផ្សេង​ៗ ថែម​ទាំង​កុំ​ទទួល​ភារកិច្ច​ណា​ទៀត​នៅ​ពេល​នេះ។

ការ​មើល​ខុស​ត្រូវ​ដោយ​ចេះ​ថ្លឹង​ថ្លែង

១៣, ១៤. តើ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ឲ្យ​ដំបូន្មាន​អ្វី​ខ្លះ ដល់​ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​មេ​គ្រួសារ?

១៣ ដំបូន្មាន​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​ករណីយកិច្ច​គ្រួ​សា​និង​ករណីយកិច្ច​ក្រុម​ជំនុំ មិន​បាន​ផ្ដល់​ឲ្យ​មក​ជា​លើក​ទី​មួយ​ទេ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ឲ្យ​ដំបូន្មាន​ស្រដៀង​នេះ​ដល់​ពួក​អ្នក​ចាស់​ទុំ។ (ម៉ាថាយ ២៤:៤៥) ជាង​៣៧​ឆ្នាំ​កន្លង​មក​នេះ ប៉ម​យាម នៃ​ថ្ងៃ​ទី​១៥ កញ្ញា ១៩៥៩ ទំព័រ ៥៥៣ និង ៥៥៤ ឲ្យ​យោបល់​ថា៖ «តើ​នេះ​មិន​អាស្រ័យ​ទៅ​លើ​ការ​ចេះ​ថ្លឹង​ថ្លែង​សេចក្ដី​ទាម​ទារ​យក​ពេល​វេលា​របស់​យើង​ទេ​ឬ? អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​ចំពោះ​ផល​ប្រយោជន៍​នៃ​គ្រួសារ​របស់​ខ្លួន​ផ្ទាល់។ ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​បុរស​ម្នាក់​ប្រើ​ពេល​វេលា​របស់​គាត់​ទាំង​អស់​ចំពោះ​សកម្មភាព​ក្នុង​ក្រុម​ជំនុំ ដើម្បី​ជួយ​បង​ប្អូន​និង​អ្នក​ជិត​ខាង​ឲ្យ​បាន​សង្គ្រោះ តែ​ពុំ​បាន​ជួយ​សង្គ្រោះ​គ្រួសារ​របស់​ខ្លួន​នោះ​ទេ។ ប្រពន្ធ​កូន​ចៅ​របស់​បុរស​នោះ ជា​ករណីយកិច្ច​ទី​មួយ»។

១៤ ប៉ម​យាម នៃ​ថ្ងៃ​ទី​១ វិច្ឆិកា ១៩៨៦ ទំព័រ ២២ ឲ្យ​ដំបូន្មាន​ថា៖ «ការ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​ជា​គ្រួសារ នឹង​នាំ​ឲ្យ​មាន​ការ​ស្និទ្ធ​ស្នាល​នឹង​គ្នា ប៉ុន្តែ​សេចក្ដី​ត្រូវ​ការ​ពិសេស​នៃ​កូន​ចៅ គឺ​ពេល​វេលា​និង​កម្លាំង​ចិត្ត​របស់​អ្នក​ផ្ទាល់។ ដូច្នេះ ត្រូវ​តែ​ឲ្យ​ចេះ​ថ្លឹង​ថ្លែង ដើម្បី​កំណត់​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ភារកិច្ច​ក្រុម​ជំនុំ ក្នុង​កាល​ដែល​អ្នក​មើល​ថែ​រក្សា‹ក្រុម​គ្រួសារ​របស់​ខ្លួន›ផ្នែក​ខាង​វិញ្ញាណ ផ្លូវ​ចិត្ត និង​ខាង​សម្ភារៈ។ [គ្រីស្ទាន​ម្នាក់]ត្រូវ​តែ‹រៀន​ឲ្យ​ចេះ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ក្នុង​ក្រុម​គ្រួសារ​របស់[គាត់]មុន​សិន›។ (ធីម៉ូថេ​ទី​១ ៥:៤, ៨)»។

១៥. ហេតុ​អ្វី​ក៏​អ្នក​ចាស់​ទុំ​ដែល​មាន​ប្រពន្ធ​កូន ត្រូវ​ការ​ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ?

១៥ គម្ពីរ​សុភាសិត​ចែង​ថា៖ «ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ​សារ​ប្រាជ្ញា ហើយ​គឺ​ដោយ​សារ​យោបល់[ការ​វិនិច្ឆ័យ, ព.ថ.]ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ​មួន»។ (សុភាសិត ២៤:៣) មែន​ហើយ ដើម្បី​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​បំពេញ​ធុរៈ​ពី​ព្រះ ហើយ​ដើម្បី​ឲ្យ​គាត់​កសាង​គ្រួសារ​របស់​គាត់​នៅ​ពេល​ដំណាល​គ្នា​នេះ គាត់​ច្បាស់​ជា​ត្រូវ​ការ​ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ។ យោង​ទៅ​តាម​ព្រះ​គម្ពីរ គាត់​មាន​ការ​មើល​ខុស​ត្រូវ​ច្រើន​ផ្នែក—គឺ​ទាក់​ទង​ករណីយកិច្ច​គ្រួសារ​និង​ក្រុម​ជំនុំ​របស់​គាត់។ គាត់​ត្រូវ​ការ​ការ​វិនិច្ឆ័យ​ដើម្បី​រក្សា​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​រវាង​ផ្នែក​ទាំង​នេះ។ (ភីលីព ១:៩, ១០) គាត់​ត្រូវ​ការ​ប្រាជ្ញា​ដើម្បី​រៀបចំ​អាទិភាព​របស់​គាត់។ (សុភាសិត ២:១០, ១១) គាត់​ត្រូវ​តែ​ដឹង​ថា ជា​ប្ដី​និង​ជា​ឪពុក ករណីយកិច្ច​ទី​មួយ​របស់​គាត់​ពី​ព្រះ គឺ​មើល​ថែ​រក្សា​និង​ជួយ​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​ខ្លួន ទោះ​បី​ជា​គាត់​មាន​ចិត្ត​ចង់​មើល​ថែ​រក្សា​ភារកិច្ច​ក្រុម​ជំនុំ​របស់​គាត់​ក៏​ដោយ។

ឪពុក​ល្អ​ក៏​ជា​អ្នក​ចាស់​ទុំ​ល្អ

១៦. តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​ចាស់​ទុំ បើ​គាត់​ជា​ឪពុក​ម្នាក់​នោះ?

១៦ អ្នក​ចាស់​ទុំ​ដែល​មាន​កូន​ចៅ​កាន់​មារយាទ​ល្អ នោះ​ជា​ការមាន​ប្រយោជន៍​ណាស់។ បើ​គាត់​ចេះ​មើល​ថែ​រក្សា​គ្រួសារ​របស់​គាត់​បាន​ល្អ គាត់​នឹង​មាន​សមត្ថភាព​ជួយ​គ្រួសារ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ដែរ។ គាត់​នឹង​យល់​អំពី​បញ្ហា​របស់​គេ ហើយ​អាច​ផ្ដល់​ឲ្យ​ដំបូន្មាន​ដែល​ចេញ​ពី​ការ​ពិសោធន៍​របស់​ខ្លួន​ផ្ទាល់។ គួរ​ឲ្យ​រីករាយ​ដែរ មាន​អ្នក​ចាស់​ទុំ​រាប់​ពាន់​នាក់​នៅ​ជុំ​វិញ​ពិភព​លោក ដែល​កំពុង​តែ​ធ្វើ​បាន​ល្អ​ប្រសើរ​ជា​ប្ដី ឪពុក និង​អ្នក​ត្រួត​ពិនិត្យ។

១៧. (ក) តើ​បុរស​ដែល​ជា​អ្នក​ចាស់​ទុំ​និង​ជា​ឪពុក ត្រូវ​តែ​ចង​ចាំ​អ្វី? (ខ) តើ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ គួរ​តែ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​យ៉ាង​ណា?

១៧ ដើម្បី​ឲ្យ​មេ​គ្រួសារ​ម្នាក់​អាច​ធ្វើ​ជា​អ្នក​ចាស់​ទុំ គាត់​ត្រូវ​តែ​ជា​គ្រីស្ទាន​ម្នាក់​ដែល​មាន​គំនិត​ចាស់​ទុំ ដែល​អាច​ចាត់​ចែង​កិច្ច​ការ​របស់​គាត់​យ៉ាង​ណា ឲ្យ​គាត់​អាច​ចំណាយ​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ក្នុង​កាល​ដែល​គាត់​មើល​ថែ​រក្សា​ប្រពន្ធ​កូន​របស់​គាត់។ គាត់​ត្រូវ​តែ​ចង​ចាំ​ថា កិច្ច​ការ​គង្វាល​ចាប់​ផ្ដើម​ពី​ក្នុង​ផ្ទះ។ ដោយ​ដឹង​ថា​អ្នក​ចាស់​ទុំ​ដែល​មាន​ប្រពន្ធ​និង​កូន​ចៅ មាន​ករណីយកិច្ច​ខាង​គ្រួសារ​និង​ក្រុម​ជំនុំ សមាជិក​នៃ​ក្រុម​ជំនុំ​នឹង​មិន​គួរ​ទាម​ទារ​យក​ពេល​វេលា​គាត់ ដោយ​ឥត​ត្រឹម​ត្រូវ​នោះ​ឡើយ។ ឧទាហរណ៍ អ្នក​ចាស់​ទុំ​ដែល​មាន​កូន​ដែល​ត្រូវ​ទៅ​សាលា​រៀន​ព្រឹក​ស្អែក ប្រហែល​ជា​គាត់​មិន​អាច​នៅ​បាន​យូរ​ទេ ក្រោយ​ពី​ប្រជុំ​ពេល​ល្ងាច​ម្ដង​ៗ។ សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ គួរ​តែ​យោគ​យល់​ដល់​ការ​នេះ ហើយ​បង្ហាញ​ចិត្ត​អធ្យាស្រ័យ។—ភីលីព ៤:៥

ពួក​អ្នក​ចាស់​ទុំ​យើង​គួរ​ជា​ទី​ស្រឡាញ់​ដល់​យើង

១៨, ១៩. (ក) ការ​ពិនិត្យ​ពិច័យ​កូរិនថូស​ទី​១ ជំពូក​ទី​៧ បាន​ជួយ​ឲ្យ​យើង​ឃើញ​អ្វី? (ខ) តើ​យើង​គួរ​តែ​ចាត់​ទុក​បុរស​គ្រីស្ទាន​បែប​នេះ​យ៉ាង​ណា?

១៨ ការ​ពិនិត្យ​ពិច័យ​ជំពូក​ទី​៧ នៃ​សំបុត្រ​ទី​មួយ​របស់​ប៉ុល​ទៅ​ពួក​កូរិនថូស បាន​ជួយ​ឲ្យ​យើង​ឃើញ​ថា ក្រោយ​ពី​ប៉ុល​បាន​ឲ្យ​ដំបូន្មាន​នេះ មាន​មនុស្ស​នៅ​លីវ​ជា​ច្រើន​ដែល​កំពុង​តែ​ប្រើ​សេរី​ភាព​របស់​ខ្លួន​ក្នុង​ការ​បំរើ​ផល​ប្រយោជន៍​នៃ​ព្រះ​រាជាណាចក្រ។ ហើយ​ក៏​មាន​បង​ប្អូន​ប្រុស​ៗ​រាប់​ពាន់​នាក់ ដែល​មាន​ប្រពន្ធ​តែ​ឥត​មាន​កូន ក្នុង​កាល​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រពន្ធ​របស់​គេ ក៏​បាន​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ប្រសើរ​នៅ​តាម​តំបន់ មណ្ឌល ក្រុម​ជំនុំ និង​សាខា​ប៉ម​យាម​ផ្សេង​ៗ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ប្រសើរ។ នៅ​ទី​បំផុត មាន​ឪពុក​ជា​ច្រើន​រាប់​មិន​អស់​ក្នុង​៨០.០០០​ក្រុម​ជំនុំ​នៃ​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា ដែល​មិន​ត្រឹម​តែ​មើល​ថែ​រក្សា​ប្រពន្ធ​កូន​ចៅ​របស់​គេ​ប៉ុណ្ណោះ តែ​ថែម​ទាំង​យក​ពេល​វេលា​បំរើ​បង​ប្អូន​របស់​គេ ជា​អ្នក​គង្វាល​ដ៏​ចេះ​ខ្វល់​ខ្វាយ​ដែរ។—កិច្ច​ការ ២០:២៨

១៩ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «អ្នក​ចាស់​ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិបត្ដិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ​បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម»។ (ធីម៉ូថេ​ទី​១ ៥:១៧) ត្រូវ​ហើយ ពួក​អ្នក​ចាស់​ទុំ​ដែល​ត្រួត​ត្រា​លើ​ក្រុម​គ្រួសារ​និង​ក្រុម​ជំនុំ​របស់​គេ​បាន​យ៉ាង​ល្អ​ប្រសើរ នោះ​សម​ទទួល​ការ​ស្រឡាញ់​និង​ការ​គោរព​ពី​យើង។ សូម​ឲ្យ​យើង​ទទួល«រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ»។—ភីលីព ២:២៩

[កំណត់​សម្គាល់]

a សូម​មើល​ប៉ម​យាម ១ កុម្ភៈ ១៩៧៨ ទំព័រ ៣១​-​២។ (ភាសា​អង់គ្លេស)

b សូម​មើល​ប៉ម​យាម ១ ធ្នូ ១៩៦០ ទំព័រ ៧៣៥​-​៦។ (ភាសា​អង់គ្លេស)

ការ​សើរើ​ឡើង​វិញ

◻ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ពួក​អ្នក​ចាស់​ទុំ​ជា​ច្រើន​នៅ​សតវត្ស​ទី​មួយ ជា​អ្នក​មាន​គ្រួសារ?

◻ តើ​អ្វី​តម្រូវ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​ប្រពន្ធ​កូន ហើយ​ហេតុ​អ្វី?

◻​ តើ​ឃ្លា​ដែល​ថា«មាន​កូន​ចៅ​ជឿ» មាន​ន័យ​យ៉ាង​ណា ហើយ​ចុះ​យ៉ាង​ណា​វិញ បើ​កូន​របស់​អ្នក​ចាស់​ទុំ​នោះ​មិន​ចង់​បំរើ​ព្រះ​យេហូវ៉ា?

◻​ តើ​តាម​របៀប​ណា​ដែល​អ្នក​ចាស់​ទុំ​ត្រូវ‹ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្លួន›?

[រូប​ភាព​នៅ​ទំព័រ​៣១]

ក្រុម​គ្រួសារ​ខ្លាំង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ខ្លាំង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក