បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១ ទំ. ២៣-២៧
  • ប្ដីនិងអ្នកចាស់ទុំ—ការថ្លឹងថ្លែងករណីយកិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្ដីនិងអ្នកចាស់ទុំ—ការថ្លឹងថ្លែងករណីយកិច្ច
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​ចាស់​ទុំ​និង​អាពាហ៍ពិពាហ៍​សម​គ្នា
  • ‹ចិត្ត​របស់​មនុស្ស​មាន​ប្រពន្ធ​ត្រូវ​ប្រទាញ​ប្រទង់›
  • ប្ដី​ល្អ​ក៏​ជា​អ្នក​ចាស់​ទុំ​ល្អ
  • ករណីយកិច្ច​ក្នុង​បទ​គម្ពីរ​ចំពោះ​ប្រពន្ធ
  • ‹សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម›
  • ប្រពន្ធ​ដែល​បូជា​ខ្លួន
  • ឪពុកនិងអ្នកចាស់ទុំ—ការបំពេញតួនាទីទាំងពីរ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • កុំពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ការណែនាំដ៏ល្អចំគូអាហ៍ពិហ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១ ទំ. ២៣-២៧

ប្ដី​និង​អ្នក​ចាស់​ទុំ—ការ​ថ្លឹង​ថ្លែង​ករណីយកិច្ច

‹អ្នក​ត្រួត​ពិនិត្យ​គួរ​តែ​ជា​ប្ដី​ដែល​មាន​ប្រពន្ធ​តែ​មួយ›។—ធីម៉ូថេ​ទី​១ ៣:២

១, ២. ហេតុ​អ្វី​ក៏​ការ​ធ្វើ​ឲ្យ​សង្ឃ​នៅ​លីវ​ជា​ការ​ឥត​សម​ស្រប​តាម​បទ​គម្ពីរ?

នៅ​សតវត្ស​ទី​មួយ ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ជា​ច្រើន​មាន​ចិត្ត​ខ្វល់​ខ្វាយ​នឹង​ការ​ថ្លឹង​ថ្លែង​ករណីយកិច្ច​ផ្សេង​ៗ​របស់​គេ។ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​គ្រីស្ទាន​នៅ​លីវ ‹នឹង​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង› តើ​គាត់​ចង់​បាន​សេចក្ដី​ថា​បុរស​បែប​នេះ​សម​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ឬ? តើ​គាត់​ចង់​បាន​សេចក្ដី​ថា​ភាព​នៅ​លីវ​ជា​សេចក្ដី​តម្រូវ​មួយ​សំរាប់​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ឬ? (កូរិនថូស​ទី​១ ៧:៣៨) ភាព​នៅ​លីវ​ជា​សេចក្ដី​តម្រូវ​មួយ​សំរាប់​បព្វជិត​កាតូលិក។ ប៉ុន្តែ តើ​ការ​ធ្វើ​ឲ្យ​សង្ឃ​នៅ​លីវ​ជា​ការ​សម​ស្រប​តាម​បទ​គម្ពីរ​ឬ​ទេ? សាសនា​អូធូដុក្ស​បូព៌ា​អនុញ្ញាត​ឲ្យ​សង្ឃ​របស់​ខ្លួន​រៀប​ការ តែ​មិន​ឲ្យ​ពួក​អេវ៉ែក​របស់​ខ្លួន​រៀប​ការ​ទេ។ តើ​ការ​នេះ​សម​ស្រប​តាម​ព្រះ​គម្ពីរ​ឬ​ទេ?

២ សាវ័ក​១២​នាក់​របស់​ព្រះ​គ្រីស្ទ ដែល​ជា​គ្រឹះ​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន គឺ​ជា​ពួក​អ្នក​ដែល​រៀប​ការ។ (ម៉ាថាយ ៨:១៤, ១៥; អេភេសូរ ២:២០) ប៉ុល​បាន​សរសេរ​ថា៖ «តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ​ទៅ​ជា​មួយ ដូច​ជា​សាវក​ឯ​ទៀត​នឹង​បង​ប្អូន​ព្រះ​អម្ចាស់ ហើយ​កេផាស​ដែរ​ទេ​ឬ​អី»? (កូរិនថូស​ទី​១ ៩:៥) សព្វវចនាធិប្បាយ​កាតូលិក​ថ្មី​យល់​ស្រប​ថា «ច្បាប់​នៃ​ភាព​នៅ​លីវ​មាន​ដើម​កំណើត​ក្នុង​សាសនា» ហើយ​ថា «បព្វជិត​នៃ​គម្ពីរ​សញ្ញា​ថ្មី​មិន​ចាំ​បាច់​នៅ​លីវ​ទេ»។ ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​វិញ ពួក​គេ​កាន់​តាម​លំនាំ​បទ​គម្ពីរ ជា​ជាង​ច្បាប់​សាសនា។—ធីម៉ូថេ​ទី​១ ៤:១​-​៣

អ្នក​ចាស់​ទុំ​និង​អាពាហ៍ពិពាហ៍​សម​គ្នា

៣. តើ​មាន​ទី​សំអាង​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​អាច​រៀប​ការ​បាន​នោះ?

៣ ជា​ជាង​តម្រូវ​ពួក​បុរស​ដែល​ត្រូវ​បាន​រើស​តាំង​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ កុំ​ឲ្យ​រៀប​ការ ប៉ុល​បាន​សរសេរ​ទៅ​ទីតុស​ថា៖ «ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀបចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួលបួល​ឡើង ហើយ​នឹង​តាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ [ពាក្យ​ក្រិក ប្រិប៊ីស្ទើរ៉ុស (pre·sby​ʹ​te·ros)] នៅ​គ្រប់​ទាំង​ទី​ក្រុង គឺ​បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹង​ចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត​ត្រា [«អេវ៉ែក» ចេញ​ពី​ពាក្យ​ក្រិក អិភីស្កូផូស (e·pi​ʹ​sko·pos)]បាន​ឥត​សៅហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ»។—ទីតុស ១:៥​-​៧

៤. (ក) តើ​យ៉ាង​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា អាពាហ៍ពិពាហ៍​មិន​មែន​ជា​សេចក្ដី​តម្រូវ​ចំពោះ​ការ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន? (ខ) តើ​បង​ប្អូន​ប្រុស​ដែល​នៅ​លីវ​ហើយ​ជា​អ្នក​ចាស់​ទុំ​ម្នាក់​មាន​ប្រៀប​អ្វី​ខ្លះ​ជាង​គេ?

៤ ម្យ៉ាង​វិញ​ទៀត អាពាហ៍ពិពាហ៍​មិន​មែន​ជា​សេចក្ដី​តម្រូវ​ពីបទ​គម្ពីរ​ទេ​ចំពោះ​ការ​ធ្វើ​ជា​អ្នក​ចាស់​ទុំ។ ព្រះ​យេស៊ូ​ទ្រង់​នៅ​លីវ។ (អេភេសូរ ១:២២) រីឯ​ប៉ុល ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ល្អ​ប្រសើរ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ដែល​នៅ​គ្រា​នោះ​គាត់​ក៏​មិន​បាន​រៀប​ការ​ដែរ។ (កូរិនថូស​ទី​១ ៧:៧​-​៩) នៅ​សព្វ​ថ្ងៃ​នេះ មាន​ជន​គ្រីស្ទាន​នៅ​លីវ​ជា​ច្រើន​បំរើ​ជា​អ្នក​ចាស់​ទុំ។ ភាព​នៅ​លីវ​របស់​គេ​ប្រហែល​ជា​ធ្វើ​ឲ្យ​គេ​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ក្នុង​ឋានៈ​ជា​អ្នក​ត្រួត​ពិនិត្យ។

‹ចិត្ត​របស់​មនុស្ស​មាន​ប្រពន្ធ​ត្រូវ​ប្រទាញ​ប្រទង់›

៥. តើ​បង​ប្អូន​ប្រុស​ដែល​រៀប​ការ​គួរ​តែ​ទទួល​ស្គាល់​សេចក្ដី​ចែង​អ្វី?

៥ កាល​ណា​បុរស​គ្រីស្ទាន​ម្នាក់​រៀប​ការ គាត់​គួរ​តែ​ឲ្យ​ដឹង​ថា​គាត់​នឹង​ទទួល​យក​ករណីយកិច្ច​ថ្មី ដែល​នឹង​ទាម​ទារ​យក​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គាត់។ ព្រះ​គម្ពីរ​ចែង​ថា៖ «អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​ព្រះ​អម្ចាស់ គឺ​ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ។ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ គឺ​ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញ​ប្រទង់»។ (កូរិនថូស​ទី​១ ៧:៣២​-​៣៤, ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី) តើ​ចិត្ត​ដែល​ត្រូវ​ប្រទាញ​ប្រទង់​នោះ​ក្នុង​ន័យ​យ៉ាង​ណា?

៦, ៧. (ក) តើ​តាម​របៀប​មួយ​ណា ដែល​អ្នក​មាន​ប្រពន្ធ​មាន​ចិត្ត«ប្រទាញ​ប្រទង់»? (ខ) តើ​ប៉ុល​បាន​ឲ្យ​ដំបូន្មាន​អ្វី​ដល់​គ្រីស្ទាន​ដែល​រៀប​ការ? (គ) តើ​ការ​នេះ​អាច​ធ្វើ​ឲ្យ​បុគ្គល​នោះ​សម្រេច​ចិត្ត​យ៉ាង​ណា​ក្នុង​ការ​ទទួល​យក​ការងារ?

៦ ចំពោះ​ហេតុ​មួយ អ្នក​មាន​ប្រពន្ធ​ត្រូវ​លះ​បង់​សិទ្ធិ​លើ​រូប​កាយ​របស់​ខ្លួន។ ប៉ុល​ពន្យល់​រឿង​នេះ​យ៉ាង​ច្បាស់​ថា៖ «ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្ដី​វិញ ហើយ​ប្ដី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ»។ (កូរិនថូស​ទី​១ ៧:៤) ចំពោះ​ពួក​អ្នក​ខ្លះ​ដែល​ប្រាថ្នា​ចង់​រៀប​ការ គេ​ប្រហែល​ជា​គិត​ថា​ដំបូន្មាន​នេះ​មិន​ជា​ការ​សំខាន់​ណាស់​ណា​ទេ ពី​ព្រោះ​ការ​រួម​ដំណេក​មិន​ជា​ការ​សំខាន់​ទេ​ក្នុង​អាពាហ៍ពិពាហ៍​របស់​គេ។ ក៏​ប៉ុន្តែ ដោយ​សារ​តែ​ព្រហ្មចារី​ភាព​ជា​អ្វី​ដែល​តម្រូវ​ក្នុង​ព្រះ​គម្ពីរ ជន​គ្រីស្ទាន​មិន​ដឹង​សេចក្ដី​ត្រូវ​ការ​ខាង​កាម​របស់​គូ​ដណ្ដឹង​នា​អនាគត​របស់​ខ្លួន​បាន​ច្បាស់​លាស់​ទេ។

៧ ប៉ុល​បង្ហាញ​ថា​សូម្បី​តែ​ប្ដី​ប្រពន្ធ ‹ដែល​បាន​ប្ដេជ្ញា​ចិត្ត​ទៅ​ខាង​របស់​ខាង​វិញ្ញាណ› ក៏​ត្រូវ​តែ​ចេះ​យោគ​យល់​ដល់​សេចក្ដី​ត្រូវ​ការ​ខាង​កាម​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។ គាត់​បាន​ទូន្មាន​ពួក​គ្រីស្ទាន​នៅ​កូរិនថូស​ថា៖ «ប្ដី​ត្រូវ​បំពេញ​ករណីយកិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ ចំពោះ​ប្ដី​វិញ​ដែរ។ មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក​លែង​តែ​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន​ប៉ុណ្ណោះ។ រួច​ហើយ​ចូរ​រួម​រស់​នៅ​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​មារ​សាតាំង​ល្បួង​ចិត្ត​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន»។ (រ៉ូម ៨:៥; កូរិនថូស​ទី​១ ៧:៣, ៥, ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី) គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ករណី​ច្រើន​នៃ​ការ​ផិត​គ្នា​បាន​កើត​ឡើង នៅ​ពេល​មិន​ធ្វើ​តាម​ដំបូន្មាន​នេះ។ ដោយ​ហេតុ​នេះ គ្រីស្ទាន​ដែល​រៀប​ការ​គួរ​តែ​ថ្លឹង​ថ្លែង​រឿង​រ៉ាវ​នេះ​ឲ្យ​បាន​ហ្មត់​ចត់ មុន​នឹង​ទទួល​យក​ការងារ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​គាត់​រស់​នៅ​ដាច់​ពី​ប្រពន្ធ​គាត់ មួយ​រយៈ​ពេល​ធំ​នោះ។ គាត់​លែង​មាន​សេរី​ភាព​ធ្វើ​អ្វី ដូច​កាល​ដែល​គាត់​នៅ​លីវ​ទៀត​ហើយ។

៨, ៩. (ក) តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​គាត់​និយាយ​ថា​គ្រីស្ទាន​ដែល​រៀប​ការ «តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ»? (ខ) តើ​គ្រីស្ទាន​ដែល​រៀប​ការ​គួរ​តែ​ខំ​ខ្នះ​ខ្នែង​ធ្វើ​អ្វី?

៨ ក្នុង​ន័យ​អ្វី​ដែល​ថា​ជន​គ្រីស្ទាន​ដែល​មាន​ប្រពន្ធ រួម​ទាំង​អ្នក​ចាស់​ទុំ «តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ[ko​ʹ​smos]»។ (កូរិនថូស​ទី​១ ៧:៣៣) ជា​ការ​ច្បាស់​ណាស់ នៅ​ទី​នេះ​ប៉ុល​មិន​បាន​និយាយ​អំពី​សេចក្ដី​អាក្រក់​ៗ​ក្នុង​លោកីយ៍​នេះ​ទេ ដែល​ជន​គ្រីស្ទាន​ពិត​ទាំង​អស់​គ្នា​ត្រូវ​ជៀស​ចេញ​នោះ។ (ពេត្រុស​ទី​២ ១:៤; ២:១៨​-​២០; យ៉ូហាន​ទី​១ ២:១៥​-​១៧) ពាក្យ​បន្ទូល​របស់​ព្រះ​បង្គាប់​យើង «ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ[ko​ʹ​smi·kos] ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់​ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ»។—ទីតុស ២:១២

៩ ដូច្នេះ ជន​គ្រីស្ទាន​ដែល​រៀប​ការ «តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ» ក្នុង​ន័យ​ថា គាត់​ឬ​នាង​ខ្វល់​ខ្វាយ​នឹង​របស់​របរ​សាមញ្ញ​ដែល​ទាក់​ទង​ក្នុង​ជីវភាព​អាពាហ៍ពិពាហ៍។ របស់​របរ​នេះ​មាន​ដូច​ជា​ផ្ទះ​សម្បែង ម្ហូប​អាហារ សំលៀក​បំពាក់ ការ​កំសាន្ត—ហើយ​បើ​មាន​កូន​ចៅ នោះ​រឹត​តែ​មាន​កង្វល់​ច្រើន​ទៅ​ទៀត។ សូម្បី​តែ​ចំពោះ​ប្ដី​ប្រពន្ធ​ដែល​ឥត​មាន​កូន​ចៅ ដើម្បី​ឲ្យអាពាហ៍ពិពាហ៍​របស់​គេ​បាន​ជោគ​ជ័យ ប្ដី​ប្រពន្ធ​ទាំង​ពីរ​ត្រូវ​តែ​ខំ​ខ្នះ​ខ្នែង«គាប់​ចិត្ត»គ្នា​ទៅ​វិញ​ទៅ​មក។ រឿង​នេះ​ជា​ការ​ចាប់​អារម្មណ៍​ដ៏​ពិសេស​ចំពោះ​ពួក​អ្នក​ចាស់​ទុំ ក្នុង​កាល​ដែល​គេ​ថ្លឹង​ថ្លែង​ករណីយកិច្ច​របស់​គេ។

ប្ដី​ល្អ​ក៏​ជា​អ្នក​ចាស់​ទុំ​ល្អ

១០. ដើម្បី​ឲ្យ​គ្រីស្ទាន​ម្នាក់​អាច​ធ្វើ​ជា​អ្នក​ចាស់​ទុំ តើ​គ្រីស្ទាន​គ្នា​ឯង​និង​អ្នក​ឯ​ទៀត​អាច​សង្កេត​ឃើញ​អ្វី​អំពី​គាត់?

១០ អាពាហ៍ពិពាហ៍​មិន​មែន​ជា​សេចក្ដី​តម្រូវ​មួយ​សំរាប់​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ទេ តែ​បើ​សិន​ជា​គ្រីស្ទាន​ម្នាក់​មាន​ប្រពន្ធ មុន​នឹង​គាត់​បាន​ទទួល​តំណែង​ជា​អ្នក​ចាស់​ទុំ គាត់​ត្រូវ​តែ​បង្ហាញ​ជា​ភស្តុ​តាង​ពី​ការ​ខំ​ខ្នះ​ខ្នែង​ធ្វើ​ជា​ប្ដី​ល្អ​ម្នាក់ ដែល​ចេះ​ស្រឡាញ់ ក្នុង​កាល​ដែល​គាត់​អនុវត្ត​ប្រមុខភាព​យ៉ាង​ត្រឹម​ត្រូវ​នោះ។ (អេភេសូរ ៥:២៣​-​២៥, ២៨​-​៣១) ប៉ុល​បាន​សរសេរ​ថា៖ «បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ការ​ល្អ​ប្រសើរ​ហើយ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត​ត្រា​ប្រព្រឹត្ត​ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១»។ (ធីម៉ូថេ​ទី​១ ៣:១, ២) ក៏​ត្រូវ​តែ​មាន​ភស្តុ​តាង​បង្ហាញ​ថា​អ្នក​ចាស់​ទុំ​កំពុង​តែ​ខំ​ប្រឹង​ធ្វើ​ជា​ប្ដី​ល្អ​ម្នាក់​ដែរ ទោះ​បី​ជា​ប្រពន្ធ​របស់​គាត់​ជា​អ្នក​ជឿ ឬ​មិន​ជឿ​ក៏​ដោយ។ តាម​ការ​ពិត សូម្បី​តែ​មនុស្ស​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ ក៏​គេ​គួរ​តែ​សម្គាល់​ឃើញ​ថា​គាត់​មើល​ថែ​រក្សា​ប្រពន្ធ​និង​ភារកិច្ច​ឯ​ទៀត​របស់​គាត់​បាន​ល្អ​ដែរ។ ប៉ុល​បាន​សរសេរ​ទៀត​ថា៖ «ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ​តិះ​ដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស»។—ធីម៉ូថេ​ទី​១ ៣:៧

១១. តើ​ឃ្លា​ដែល​ថា«មនុស្ស​មាន​ប្រពន្ធ​តែ​១» បញ្ជាក់​យ៉ាង​ណា ដូច្នេះ​តើ​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ប្រយ័ត្ន​នឹង​អ្វី?

១១ មែន​ហើយ ឃ្លា​ដែល​ថា«មនុស្ស​មាន​ប្រពន្ធ​តែ​១»នេះ លុប​ចោល​ពហុពន្ធភាព​ទៅ​ហើយ ហើយ​នេះ​ក៏​បញ្ជាក់​នូវ​សេចក្ដី​ស្មោះ​ត្រង់​ក្នុង​អាពាហ៍ពិពាហ៍​ដែរ។ (ហេព្រើរ ១៣:៤) ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ប្រយ័ត្ន កាល​ណា​ជួយ​បង​ប្អូន​ស្រី​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​មិន​ត្រូវ​ទៅ​ម្នាក់​ឯង​ឲ្យ​សោះ ពេល​ដែល​ទៅ​ជួយ​បង​ប្អូន​ស្រី​ដែល​ត្រូវ​ការ​ដំបូន្មាន​និង​ការ​លើក​ទឹក​ចិត្ត​នោះ។ ជា​ការ​ល្អ បើ​គេ​នាំ​យក​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត អ្នក​ងារ​ជំនួយ ឬ​ប្រពន្ធ​ខ្លួន បើ​គ្រាន់​តែ​ទៅ​លេង​លើក​ទឹក​ចិត្ត​នោះ។—ធីម៉ូថេ​ទី​១ ៥:១, ២

១២. តើ​សេចក្ដី​រៀប​រាប់​អ្វី​ដែល​ប្រពន្ធ​នៃ​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​គួរ​តែ​ធ្វើ​តាម?

១២ កាល​ដែល​កំពុង​តែ​រៀប​រាប់​ប្រាប់​អំពី​សេចក្ដី​តម្រូវ​សំរាប់​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ សាវ័ក​ប៉ុល​ក៏​បាន​ឲ្យ​សេចក្ដី​ទូន្មាន​មួយ​ដល់​ពួក​ប្រពន្ធ​នៃ​អស់​អ្នក​ដែល​នឹង​ទទួល​តំណែង​នេះ។ គាត់​បាន​សរសេរ​ថា៖ «ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង​ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ធីម៉ូថេ​ទី​១ ៣:១១) ប្ដី​គ្រីស្ទាន​ម្នាក់​ៗ​អាច​ខំ​ខ្នះ​ខ្នែង​ជួយ​ប្រពន្ធ​ខ្លួន​ឲ្យ​បាន​ដូច​សេចក្ដី​រៀប​រាប់​ខាង​លើ​នេះ។

ករណីយកិច្ច​ក្នុង​បទ​គម្ពីរ​ចំពោះ​ប្រពន្ធ

១៣, ១៤. ទោះ​បី​ជា​ប្រពន្ធ​របស់​អ្នក​ចាស់​ទុំ​មិន​មែន​ជា​អ្នក​ជឿ​ក៏​ដោយ ហេតុ​អ្វី​ក៏​គាត់​ត្រូវ​តែ​នៅ​ជា​មួយ​នាង ហើយ​ធ្វើ​ជា​ប្ដី​ល្អ​ម្នាក់?

១៣ ដំបូន្មាន​នេះ​បាន​ឲ្យ​ទៅ​ពួក​ប្រពន្ធ​នៃ​អ្នក​ចាស់​ទុំ ឬ​អ្នក​ងារ​ជំនួយ ដោយ​សន្មត​ទុក​ជា​មុន​ថា​ប្រពន្ធ​ទាំង​នេះ​ជា​គ្រីស្ទាន​ដែលថ្វាយ​ខ្លួន​រួច​ហើយ។ ព្រោះ​អី ជា​ធម្មតា​គ្រីស្ទាន​ត្រូវ​បាន​តម្រូវ​ឲ្យ​រៀប​ការ‹តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›។ (កូរិនថូស​ទី​១ ៧:៣៩) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​បង​ប្អូន​ប្រុស​ម្នាក់ ដែល​បាន​រៀប​ការ​ជា​មួយ​អ្នក​មិន​ជឿ​រួច​ហើយ ពេល​ដែល​គាត់​ថ្វាយ​ជីវិត​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា​នោះ ឬ ប្រពន្ធ​របស់​គាត់​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត ដែល​មិន​ជា​កំហុស​គាត់​នោះ?

១៤ រឿង​នេះ​មិន​គួរ​បញ្ឈប់​គាត់​ពី​ការ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ឡើយ។ ហើយ​ក៏​មិន​អាច​យក​រឿង​នេះ​ជា​លេស ក្នុង​ការ​រស់​នៅ​ដាច់​ពី​ប្រពន្ធ​របស់​គាត់ ដោយ​សារ​តែ​នាង​មិន​មាន​ជំនឿ​ដូច​គាត់​នោះ។ ប៉ុល​ទូន្មាន​ថា៖ «តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ»។ (កូរិនថូស​ទី​១ ៧:២៧) គាត់​បន្ថែម​ទៀត​ថា៖ «បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ។ តែ​បើ​អ្នក​ដែល​មិន​ជឿ គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ​បង​ប្អូន​ប្រុស​ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​មេត្រី​នឹង​គ្នា​វិញ ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្ដី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង»? (កូរិនថូស​ទី​១ ៧:១២, ១៥, ១៦) ទោះ​បី​ជា​ប្រពន្ធ​របស់​គាត់​មិន​មែន​ជា​ស្មរបន្ទាល់​ម្នាក់​ក៏​ដោយ ក៏​អ្នក​ចាស់​ទុំ​នោះ​គួរ​តែ​ខំ​ធ្វើ​ជា​ប្ដី​ល្អ​ម្នាក់​ដែរ។

១៥. តើ​សាវ័ក​ពេត្រុស​ឲ្យ​ដំបូន្មាន​អ្វី​ដល់​ពួក​ប្ដី ហើយ​អាច​មាន​ផល​កម្ម​អ្វី​បើ​អ្នក​ចាស់​ទុំ​នោះ​ជា​ប្ដី​ដែល​មិន​រវី​រវល់?

១៥ ទោះ​បី​ជា​ប្រពន្ធ​របស់​គាត់​ជា​អ្នក​ជឿ ឬ​មិន​ជា​អ្នក​ជឿ​ក៏​ដោយ គ្រីស្ទាន​ចាស់​ទុំ​គួរ​តែ​ទទួល​ស្គាល់​ថា​ប្រពន្ធ​របស់​គាត់​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្រឡាញ់​ពី​គាត់។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ឯ​ពួក​ប្រុស​ៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ​គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ»។ (ពេត្រុស​ទី​១ ៣:៧) ប្ដី​ដែល​មិន​ព្រម​មើល​រក្សា​សេចក្ដី​ត្រូវ​ការ​នៃ​ប្រពន្ធ​របស់​ខ្លួន នោះ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​ព្រះ​យេហូវ៉ា​មាន​គ្រោះ​ថ្នាក់ ហើយ​នេះ​អាច​បង្អាក់​ដល់​ការ​អធិស្ឋាន​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា ដូច«ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា​ចូល​ទៅ​ដល់​បាន»។ (បរិទេវ ៣:៤៤) ការ​នេះ​អាច​នាំ​ឲ្យ​គាត់​លែង​មាន​សិទ្ធិ​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​ទៀត។

១៦. តើ​ប៉ុល​បាន​និយាយ​អ្វី​ថា​ជា​ចំណុច​សំខាន់ ហើយ​តើ​អ្នក​ចាស់​ទុំ​គួរ​តែ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ?

១៦ ដូច​ជា​បាន​ជំ​រាប​មក ចំណុច​ដ៏​សំខាន់​នៃ​សេចក្ដី​អធិប្បាយ​របស់​ប៉ុល គឺ​ថា កាល​ណា​បុរស​ម្នាក់​យក​ប្រពន្ធ គាត់​លែង​មាន​សេរី​ភាព​ដូច​ពី​កាល​នៅ​លីវ​ទៀត​ហើយ ដែល​អនុញ្ញាត​ឲ្យ​គាត់«ឧស្សាហ៍​បំរើ​ព្រះ​អម្ចាស់ ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត»។ (កូរិនថូស​ទី​១ ៧:៣៥) សេចក្ដី​រាយ​ការណ៍​បង្ហាញ​ថា មាន​អ្នក​ចាស់​ទុំ​ខ្លះ​ដែល​មាន​ប្រពន្ធ​ហើយ មិន​សូវ​វែក​ញែក​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ពាក្យ​របស់​ប៉ុល​ដែល​ព្រះ​បណ្ដាល​ឲ្យ​តែង​នេះ​ទេ។ ក្នុង​ការ​ប៉ង​ប្រាថ្នា​សម្រេច​អ្វី​ដែល​គេ​គិត​ថា​អ្នក​ចាស់​ទុំ​ល្អ​ម្នាក់​គួរ​ធ្វើ គេ​បែរ​ទៅ​ជា​បំភ្លេច​ករណីយកិច្ច​ប្ដី​ខ្លះ​ៗ​របស់​គេ។ មាន​អ្នក​ខ្លះ​មាន​ចិត្ត​ពិបាក​ច្រាន​ចោល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ ទោះ​បី​ជា​គេ​ដឹង​ច្បាស់​ថា​នេះ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ភាព​វិញ្ញាណ​របស់​ប្រពន្ធ​ខ្លួន​ក៏​ដោយ។ គេ​សប្បាយ​ចិត្ត​ចង់​បាន​អាពាហ៍ពិពាហ៍ ប៉ុន្តែ​តើ​គេ​សុខ​ចិត្ត​បំពេញ​ភារកិច្ច​ដែល​មាន​ក្នុង​នោះ​ឬ​ទេ?

១៧. តើ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ប្រពន្ធ​ខ្លះ ហើយ​តើ​នេះ​អាច​បង្ការ​បាន​យ៉ាង​ណា?

១៧ អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​ខំ​ខ្នះ​ខ្នែង​ជា​ការ​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ តើ​គ្រីស្ទាន​នោះ​ជា​អ្នក​ចាស់​ទុំ​ចេះ​ថ្លឹង​ថ្លែង​ម្នាក់​ឬ​ទេ បើ​គាត់​បំពេញ​ករណីយកិច្ច​របស់​គាត់​ក្នុង​ក្រុម​ជំនុំ តែ​ពុំ​បាន​អើពើ​នឹង​ភារកិច្ច​ពី​បទ​គម្ពីរ​ចំពោះ​ប្រពន្ធ​របស់​គាត់​នោះ? កាល​ដែល​គាត់​ប្រាថ្នា​ចង់​ជួយ​ផ្គត់​ផ្គង់​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ អ្នក​ចាស់​ទុំ​ដែល​ចេះ​ថ្លឹង​ថ្លែង​ក៏​ត្រូវ​តែ​ខ្វល់​ខ្វាយ​អំពី​ភាព​វិញ្ញាណ​នៃ​ប្រពន្ធ​របស់​ខ្លួន​ដែរ។ ប្រពន្ធ​របស់​អ្នក​ចាស់​ទុំ​ខ្លះ​បាន​ក្លាយ​ទៅ​ជា​ទន់​ខ្សោយ​ខាង​វិញ្ញាណ ហើយ​ខ្លះ​ទៀត​បាន​ពិសោធ​ការ‹លិច​លង់​បាត់​ខាង›វិញ្ញាណ។ (ធីម៉ូថេ​ទី​១ ១:១៩) កាល​ដែល​ប្រពន្ធ​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឲ្យ​បាន​សង្គ្រោះ​ខ្លួន​ឯង ក្នុង​ករណី​ខ្លះ​បញ្ហា​ខាង​វិញ្ញាណ​នេះ​អាច​ជៀស​វាង​បាន បើ​អ្នក​ចាស់​ទុំ​នោះ​បាន ‹ចិញ្ចឹម​ហើយ​ថ្នាក់​ថ្នម›ប្រពន្ធ​ខ្លួន ‹ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ដល់​ក្រុម​ជំនុំ​នោះ›។ (អេភេសូរ ៥:២៨, ២៩) ដើម្បី​ឲ្យ​បាន​ប្រាកដ​ក្នុង​ចិត្ត អ្នក​ចាស់​ទុំ​ត្រូវ​តែ‹យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស​ទាំង​អស់›។ (កិច្ច​ការ ២០:២៨) បើ​គេ​មាន​ប្រពន្ធ នេះ​រួម​បញ្ចូល​ប្រពន្ធ​របស់​គេ​ដែរ។

‹សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម›

១៨. តើ​មាន«សេចក្ដី​ទុក្ខ​ព្រួយ»អ្វី​ខ្លះ ដែល​ពួក​គ្រីស្ទាន​រៀប​ការ​ហើយ​បាន​ពិសោធ ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​សកម្មភាព​របស់​អ្នក​ចាស់​ទុំ?

១៨ សាវ័ក​ប៉ុល​សរសេរ​ទៀត​ថា៖ «បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា»។ (កូរិនថូស​ទី​១ ៧:២៨) ប៉ុល​ប្រាថ្នា​ចង់​ឲ្យ​អស់​អ្នក​ដែល​អាច​កាន់​តាម​គំរូ​គាត់​ក្នុង​ការ​នៅ​លីវ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មិន​អាច​ជៀស​ផុត​បាន។ សូម្បី​តែ​ចំពោះ​ប្ដី​ប្រពន្ធ​ដែល​គ្មាន​កូន សេចក្ដី​ទុក្ខ​ព្រួយ​ទាំង​នេះ​អាច​មាន​ជា​បញ្ហា​សុខភាព ឬ​បញ្ហា​ខាង​លុយ​កាក់ ព្រម​ទាំង​ភារកិច្ច​ខាង​បទ​គម្ពីរ​ចំពោះ​ឪពុក​ម្ដាយ​ចាស់​ជរា​របស់​គេ​ម្នាក់​ៗ។ (ធីម៉ូថេ​ទី​១ ៥:៤, ៨) អ្នក​ចាស់​ទុំ តាម​របៀប​ដ៏​ល្អ ត្រូវ​តែ​ទទួល​យក​ភារកិច្ច​ទាំង​នេះ ហើយ​ជួន​កាល​នេះ​អាច​ប៉ះ​ពាល់​ដល់​សកម្មភាព​របស់​គាត់​ជា​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​ម្នាក់។ គួរ​ឲ្យ​រីករាយ​ដែរ ពួក​អ្នក​ចាស់​ទុំ​ភាគ​ច្រើន​កំពុង​តែ​បំពេញ​ករណីយកិច្ច​ក្នុង​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ​បាន​យ៉ាង​ល្អ​ប្រសើរ។

១៩. តើ​ប៉ុល​ចង់​បាន​សេចក្ដី​យ៉ាង​ណា នៅ​ពេល​ដែល​គាត់​និយាយ​ថា៖ «គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ»?

១៩ ប៉ុល​បាន​បន្ថែម​ទៀត​ថា៖ «ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ»។ (កូរិនថូស​ទី​១ ៧:២៩) ដូច​ជា​បាន​ឃើញ​រួច​មក​ហើយ ពី​សេចក្ដី​ដែល​គាត់​បាន​សរសេរ​ក្នុង​ជំពូក​នេះ​ទៅ​ពួក​កូរិនថូស គាត់​ច្បាស់​ជា​មិន​មែន​ចង់​បាន​សេចក្ដី​ថា ពួក​គ្រីស្ទាន​ដែល​មាន​ប្រពន្ធ​គួរ​តែ​បំភ្លេច​ប្រពន្ធ​ខ្លួន​នោះ​ឡើយ។ (កូរិនថូស​ទី​១ ៧:២, ៣, ៣៣) ប៉ុន្តែ ពី​សេចក្ដី​សរសេរ​នេះ គាត់​ចង់​ជំ​រាប​ប្រាប់​ថា៖ «[ចូរ​ឲ្យ]ពួក​អ្នក​ដែល​ប្រើ​ប្រាស​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ (កូរិនថូស​ទី​១ ៧:៣១) នេះ​រឹត​តែ​បន្ទាន់​ទៅ​ទៀត​ក្នុង​សម័យ​យើង​នេះ ជាង​ក្នុង​សម័យ​ប៉ុល ឬ​ក្នុង​សម័យ​យ៉ូហាន ដ្បិត‹លោកីយ៍​នេះ​គឺ​កំពុង​តែ​កន្លង​ទៅ›។ (យ៉ូហាន​ទី​១ ២:១៥​-​១៧) ដូច្នេះ គ្រីស្ទាន​ដែល​រៀប​ការ ដែល​ប្រាថ្នា​ចង់​បូជា​ខ្លួន​ខ្លះ​ក្នុង​ការ​កាន់​តាម​ព្រះ​គ្រីស្ទ នោះ​ពុំ​អាច​ស្រូប​យក​អំណរ​និង​ឯកសិទ្ធិ​នៃ​អាពាហ៍ពិពាហ៍​បាន​ទាំង​អស់​ឡើយ។—កូរិនថូស​ទី​១ ៧:៥

ប្រពន្ធ​ដែល​បូជា​ខ្លួន

២០, ២១. (ក) តើ​ប្រពន្ធ​គ្រីស្ទាន​ជា​ច្រើន​បាន​សុខ​ចិត្ត​ធ្វើ​ការ​បូជា​ខ្លួន​អ្វី​ខ្លះ? (ខ) តើ​អ្វី​ដែល​ប្រពន្ធ​អាច​សង្ឃឹម​ដោយ​ត្រឹម​ត្រូវ​ពី​ប្ដី ទោះ​បី​គាត់​ជា​អ្នក​ចាស់​ទុំ​ក៏​ដោយ?

២០ ដូច​ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​បូជា​ខ្លួន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ បណ្ដា​ប្រពន្ធ​នៃ​ពួក​អ្នក​ចាស់​ទុំ​ក៏​ខំ​ប្រឹង​ថ្លឹង​ថ្លែង​ករណីយកិច្ច​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដែរ ដើម្បី​ជា​ផល​ប្រយោជន៍​នៃ​ព្រះ​រាជាណាចក្រ។ ស្ត្រី​គ្រីស្ទាន​រាប់​ពាន់​នាក់​សប្បាយ​រីករាយ​នឹង​ធ្វើ​សហប្រតិបត្ដិការ​ជា​មួយ​ប្ដី​ខ្លួន ដើម្បី​ឲ្យ​គេ​អាច​បំពេញ​ភារកិច្ច​របស់​គេ ជា​អ្នក​ត្រួត​ពិនិត្យ។ ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់​គេ​ណាស់​ចំពោះ​រឿង​នេះ ហើយ​ទ្រង់​ប្រទាន​ពរ​ដល់​គេ​ដែល​គេ​បាន​សម្ដែង​គំនិត​ដ៏​ល្អ​នេះ។ (ភីលេម៉ូន ២៥) យ៉ាង​ណា​ក្ដី ដំបូន្មាន​ដ៏​ថ្លឹង​ថ្លែង​របស់​ប៉ុល​បង្ហាញ​ថា ប្រពន្ធ​នៃ​អ្នក​ត្រួត​ពិនិត្យ​អាច​ទាម​ទារ​យ៉ាង​ត្រឹម​ត្រូវ​បាន នូវ​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្ដី​របស់​ខ្លួន។ នេះ​ហើយ​ជា​ភារកិច្ច​ពី​បទ​គម្ពីរ​ចំពោះ​អ្នក​ចាស់​ទុំ​ដែល​រៀប​ការ គឺ​ត្រូវ​បូជា​ពេល​វេលា​គ្រប់​គ្រាន់​សំរាប់​ប្រពន្ធ​ខ្លួន ដើម្បី​ឲ្យ​គេ​អាច​ថ្លឹង​ថ្លែង​ករណីយកិច្ច​របស់​គេ​បាន ជា​ប្ដី​និង​ជា​អ្នក​ត្រួត​ពិនិត្យ។

២១ ចុះ​យ៉ាង​ណា​វិញ​ទៅ បើ​អ្នក​ចាស់​ទុំ​ម្នាក់​នោះ ដែល​មិន​គ្រាន់​តែ​ជា​ប្ដី​ប៉ុណ្ណោះ តែ​ជា​ឪពុក​ម្នាក់​ដែរ? នេះ​ធ្វើ​ឲ្យ​គាត់​មាន​ករណីយកិច្ច​រឹត​តែ​ច្រើន​ទៀត ហើយ​នេះ​នឹង​បើក​ឲ្យ​មាន​ការ​មើល​ខុស​ត្រូវ​ពីរ​ផ្នែក​ទៀត ដែល​យើង​នឹង​ឃើញ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

ការ​សង្ខេប​ឡើង​វិញ

◻ តើ​ហេតុ​ការណ៍​ពិត​ខាង​ព្រះ​គម្ពីរ​ណា ដែល​បង្ហាញ​ថា​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​អាច​ជា​អ្នក​រៀប​ការ​ម្នាក់?

◻ បើ​សិន​ជា​អ្នក​ចាស់​ទុំ​ដែល​នៅ​លីវ​រៀប​ការ តើ​គាត់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​អ្វី?

◻ តាម​របៀប​ណា​ដែល​គ្រីស្ទាន​រៀប​ការ ‹ខ្វល់​ខ្វាយ​នឹង​របស់​ខាង​លោកីយ៍›?

◻ តើ​តាម​របៀប​ណា​ដែល​ប្រពន្ធ​របស់​អ្នក​ត្រួត​ពិនិត្យ​ទាំង​ឡាយ បង្ហាញ​នូវ​គតិ​ដ៏​ល្អ​នៃ​ការ​បូជា​ខ្លួន?

[រូប​ភាព​នៅ​ទំព័រ​២៥]

ទោះ​បី​មាន​ការ​រវល់​ជា​ច្រើន​នឹង​សកម្មភាព​ខាង​ព្រះ​ក៏​ដោយ អ្នក​ចាស់​ទុំ​គួរ​តែ​ផ្ដល់​ឲ្យ​សេចក្ដី​ស្រឡាញ់​ទៅ​ប្រពន្ធ​របស់​ខ្លួន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក