បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/២ ទំ. ១២-១៧
  • ចែកចាយការសម្រាលទុក្ខដែលព្រះប្រទានឲ្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចែកចាយការសម្រាលទុក្ខដែលព្រះប្រទានឲ្យ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់›
  • អប់រំ​ឲ្យ​ទៅ​ជា​អ្នក​សម្រាល​ទុក្ខ
  • សេចក្ដី​វេទនា​របស់​ប៉ុល​នៅ​ស្រុក​អាស៊ី
  • គំរូ​នៅ​សម័យ​ទំនើប
  • ចូរសម្រាលទុក្ខអស់អ្នកដែលសោយសោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ការលួងចិត្ដពី«ព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើការសំរាលទុក្ខដ៏ពិតអាចរកឃើញនៅឯណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ការពឹងព្រះយេហូវ៉ាឲ្យជួយសម្រាលទុក្ខ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/២ ទំ. ១២-១៧

ចែក​ចាយ​ការ​សម្រាល​ទុក្ខ​ដែល​ព្រះ​ប្រទាន​ឲ្យ

‹យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មាំ​មួន ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​ការ​សម្រាល​ទុក្ខ ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ›។—កូរិនថូស​ទី​២ ១:៧

១, ២. តើ​ពួក​អ្នក​ដែល​ក្លាយ​ទៅ​ជា​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ មាន​ការ​ពិសោធ​យ៉ាង​ណា​ខ្លះ?

ពួក​អ្នក​អាន​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ច្រើន មាន​វ័យ​ធំ​ឡើង​ដោយ​គ្មាន​ចំណេះ​អំពី​សេចក្ដី​ពិត​របស់​ព្រះ​ទេ។ នេះ​ប្រហែល​ជា​ការ​ពិត​ចំពោះ​អ្នក។ បើ​ដូច្នេះ​មែន សូម​នឹក​អំពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍ កាល​ដែល​អ្នក​ចាប់​ផ្ដើម​យល់​ដឹង​សេចក្ដី​ពិត​ច្រើន​ឡើង។ ឧទាហរណ៍ នៅ​ពេល​ដែល​អ្នក​យល់​ដឹង​ជា​លើក​ដំបូង​ថា​មនុស្ស​ស្លាប់​មិន​រង​ទុក្ខ​វេទនា ហើយ​ឥត​ដឹង​ខ្លួន​ទៀត តើ​អ្នក​មិន​មាន​អារម្មណ៍​ធូរ​ស្រាល​ទេ​ឬ? ហើយ​នៅ​ពេល​ដែល​អ្នក​បាន​រៀន​អំពី​សេចក្ដី​សង្ឃឹម​នៃ​មនុស្ស​ស្លាប់ ថា​មនុស្ស​ស្លាប់​រាប់​ម៉ឺន​កោដិ​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ តើ​អ្នក​មិន​មាន​អារម្មណ៍​ធូរ​ស្រាល​ទេ​ឬ?—សាស្ដា ៩:៥, ១០; យ៉ូហាន ៥:២៨, ២៩

២ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​ក្នុង​ការ​បញ្ចប់​អំពើ​អាក្រក់ ហើយ​កសាង​ផែនដី​នេះ​ឲ្យ​ទៅ​ជា​សួន​មនោរម្យ​នោះ? នៅ​ពេល​ដែល​អ្នក​រៀន​អំពី​សេចក្ដី​សន្យា​បែប​នេះ តើ​នេះ​មិន​បាន​សម្រាល​ទុក្ខ​អ្នក​ហើយ​ធ្វើ​ឲ្យ​អ្នក​រង់​ចាំ​គ្រា​នោះ​ដោយ​រីករាយ​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ នៅ​ពេល​ដែល​អ្នក​បាន​រៀន​ជា​លើក​ដំបូង​អំពី​សេចក្ដី​មិន​ត្រូវ​ស្លាប់ ដោយ​រួច​រស់​ជីវិត​ចូល​ទៅ​ក្នុង​ផែនដី​មនោរម្យ​ដែល​នឹង​មក​ដល់​នោះ? អ្នក​ច្បាស់​ជា​មាន​ចិត្ត​រំភើប​ហើយ។ ត្រូវ​ហើយ ឥឡូវ​នេះ​អ្នក​បាន​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​ទទួល​សារ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ ដែល​កំពុង​តែ​ផ្សាយ​ទូទាំង​ពិភព​លោក​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ៣៧:៩​-​១១, ២៩; យ៉ូហាន ១១:២៦; វិវរណៈ ២១:៣​-​៥

៣. ហេតុ​អ្វី​ក៏​ពួក​អ្នក​ដែល​ចែក​ចាយ​សារ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ​ជា​មួយ​អ្នក​ដទៃ បាន​រង​ទុក្ខ​សេចក្ដី​វេទនា​ដែរ?

៣ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ខំ​ប្រឹង​ចែក​ចាយ​សារ​ព្រះ​គម្ពីរ​ជា​មួយ​អ្នក​ដទៃ អ្នក​ក៏​ដឹង​ថា «មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ»។ (ថែស្សាឡូនីច​ទី​២ ៣:២) ប្រហែល​ជា​អតីត​មិត្ត​ខ្លះ​របស់​អ្នក​បាន​ចំអក​អ្នក ដោយ​សារ​អ្នក​មាន​ជំនឿ​ក្នុង​សេចក្ដី​សន្យា​របស់​ព្រះ​គម្ពីរ។ អ្នក​ប្រហែល​ជា​រង​ទុក្ខ​ការ​បៀត​បៀន ដោយ​សារ​អ្នក​បន្ត​រៀន​សូត្រ​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ផង​ក៏​មាន។ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​កែ​ប្រែ​ជីវិត​របស់​អ្នក​ឲ្យ​សម​ស្រប​នឹង​គោល​ការណ៍​ព្រះ​គម្ពីរ នោះ​ការ​ប្រឆាំង​ប្រហែល​ជា​មាន​កាន់​តែ​ខ្លាំង​ឡើង។ អ្នក​បាន​ចាប់​ផ្ដើម​ពិសោធ​នូវ​សេចក្ដី​វេទនា​ដែល​សាតាំង​និង​លោកីយ៍​របស់​វា​ដាក់​មក​លើ​អស់​អ្នក​ដែល​ទទួល​ការ​សម្រាល​ទុក្ខ​របស់​ព្រះ។

៤. តើ​តាម​របៀប​យ៉ាង​ណា​ខ្លះ ដែល​ពួក​អ្នក​ចំណូល​ចិត្ត​ថ្មី​អាច​ប្រតិកម្ម​នឹង​សេចក្ដី​វេទនា?

៤ គួរ​ឲ្យ​ស្ដាយ​ណាស់ ដូច​ព្រះ​យេស៊ូ​បាន​ទាយ​មក សេចក្ដី​វេទនា​បាន​បណ្ដាល​ឲ្យ​អ្នក​ខ្លះ​ទៅ​ជា​ជំពប់​ហើយ​ឈប់​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​គ្រីស្ទាន។ (ម៉ាថាយ ១៣:៥, ៦, ២០, ២១) អ្នក​ដទៃ​ទៀត​បាន​ខំ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​វេទនា ដោយ​នឹក​ចាំ​សេចក្ដី​សន្យា​ដ៏​សម្រាល​ទុក្ខ​ដែល​គេ​កំពុង​តែ​បាន​រៀន។ នៅ​ទី​បំផុត ពួក​គេ​ក៏​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​សិស្ស​របស់​រាជបុត្រា​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ៨:៣៤) ប្រាកដ​ហើយ នៅ​ពេល​ដែល​គ្រីស្ទាន​ម្នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក នោះ​មិន​មែន​មាន​សេចក្ដី​ថា​គាត់​លែង​មាន​សេចក្ដី​វេទនា​ទៀត​ឡើយ។ ឧទាហរណ៍ ការ​រក្សា​លក្ខណៈ​ពិសុទ្ធ​គឺ​អាច​ជា​ការ​ពិបាក​ណាស់​ចំពោះ​បុគ្គល​ម្នាក់ ដែល​ពី​ដើម​មាន​ប្រវត្ដិ​សីលធម៌​មិន​ល្អ។ អ្នក​ខ្លះ​ទៀត​ត្រូវ​តែ​ប្រឈម​ដោះ​ស្រាយ​នឹង​ការ​ទំនាស់​ប្រឆាំង​ជា​រឿយ​ៗ​ពី​សមាជិក​គ្រួសារ​ដែល​មិន​ជឿ។ ទោះ​បី​ជា​មាន​សេចក្ដី​វេទនា​យ៉ាង​ណា​ក៏​ដោយ អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​នៃ​ការ​ឧទ្ទិស​ថ្វាយ​ទៅ​ព្រះ អាច​ដឹង​ច្បាស់​នូវ​ការ​មួយ។ គឺ​ពួក​គេ​នឹង​ពិសោធ​ការ​សម្រាល​ទុក្ខ​និង​ជំនួយ​របស់​ព្រះ​ដោយ​ផ្ទាល់​ខ្លួន។

‹ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់›

៥. តើ​ប៉ុល​បាន​ពិសោធ​អ្វី​ទៀត ក្រៅ​ពី​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​គាត់​បាន​មាន?

៥ បុគ្គល​ម្នាក់​ដែល​បាន​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រាល​ទុក្ខ​ដែល​ព្រះ​ប្រទាន​ឲ្យ នោះ​គឺ​សាវ័ក​ប៉ុល។ ក្រោយ​ពី​មាន​ការ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ស្រុក​អាស៊ី​និង​ស្រុក​ម៉ាសេដូន គាត់​មាន​ចិត្ត​ធូរ​ស្រាល​ណាស់​ដោយ​ឮ​ថា​ពួក​ក្រុម​ជំនុំ​កូរិនថូស បាន​ប្រព្រឹត្ត​តប​ឆ្លើយ​យ៉ាង​ល្អ​ដល់​សំបុត្រ​ប្រដែ​ប្រដៅ​របស់​គាត់។ នេះ​បាន​ជំរុញ​គាត់​ឲ្យ​សរសេរ​សំបុត្រ​ទី​ពីរ​ទៅ​ពួក​គេ ដែល​មាន​ពាក្យ​សរសើរ​ដូច​ត​ទៅ​នេះ៖ ‹សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ​វរបិតា​ដ៏​មាន​សេចក្ដី​មេត្ដា​ករុណា ជា​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ព្រះ​អង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង›។—កូរិនថូស​ទី​២ ១:៣, ៤

៦. តើ​យើង​រៀន​អ្វី​ពី​ពាក្យ​របស់​ប៉ុល​នៅ​កូរិនថូស​ទី​២ ១:៣, ៤?

៦ ពាក្យ​ដែល​បាន​បណ្ដាល​ឲ្យ​តែង​មក​ទាំង​នេះ ផ្ដល់​ឲ្យ​ពត៌មាន​ជា​ច្រើន​សំរាប់​យើង​រាល់​គ្នា។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ពាក្យ​ទាំង​នេះ។ នៅ​ពេល​ដែល​ប៉ុល​សម្ដែង​សេចក្ដី​សរសើរ​ឬ​អំណរ​គុណ​ដល់​ព្រះ ឬ​សូម​ទូល​អង្វរ​ទ្រង់​ក្នុង​សំបុត្រ​របស់​គាត់ នោះ​យើង​តែង​តែ​ឃើញ​ថា គាត់​បញ្ចូល​ពាក្យ​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ព្រះ​យេស៊ូ​ដែរ ជា​មេ​ដឹក​នាំ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន។ (រ៉ូម ១:៨; ៧:២៥; អេភេសូរ ១:៣; ហេព្រើរ ១៣:២០, ២១) ដូច្នេះ ប៉ុល​បាន​ប្រើ​ពាក្យ​សរសើរ​នេះ​ទៅ‹ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា›។ រួច​មក ជា​លើក​ដំបូង​ក្នុង​សំបុត្រ​របស់​គាត់ គាត់​បាន​ប្រើ​ពាក្យ​ក្រិក​មួយ​ជា​នាម បក​ប្រែ​ថា«សេចក្ដី​មេត្ដា​ករុណា»។ នាម​នេះ​ចេញ​មក​ពី​ពាក្យ​ដែល​បាន​ប្រើ​សំរាប់​សម្ដែង​ការ​ទុក្ខ​ព្រួយ​ដល់​បុគ្គល​ដែល​រង​ទុក្ខ​វេទនា។ ដូច្នេះ ប៉ុល​រៀប​រាប់​នូវ​ព្រះ​ទ័យ​ដ៏​មេត្ដា​របស់​ព្រះ ប្រាប់​ដល់​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​ណា​ម្នាក់​ដែល​រង​ទុក្ខ​វេទនា—គឺ​មនោសញ្ចេតនា​ដ៏​មេត្ដា​ដែល​ជំរុញ​ព្រះ​ឲ្យ​ប្រព្រឹត្ត​យ៉ាង​អាណិត​អាសូរ​ដល់​ពួក​គេ។ នៅ​ទី​បំផុត ប៉ុល​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​គុណសម្បត្ដិ​ល្អ ដោយ​ហៅ​ព្រះ​អង្គ «ព្រះ​វរបិតា​ដ៏​មាន​សេចក្ដី​មេត្ដា​ករុណា»។

៧. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​ជា‹ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់›?

៧ «សេចក្ដី​មេត្ដា​ករុណា»របស់​ព្រះ​នាំ​ឲ្យ​មាន​ការ​ធូរ​ស្រាល​ដល់​បុគ្គល​ដែល​រង​ទុក្ខ​វេទនា។ ដូច្នេះ​ហើយ ប៉ុល​ក៏​បន្ត​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ជា‹ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែបយ៉ាង​ទាំង​អស់›។ ដូច្នេះ ទោះ​ជា​យើង​មាន​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សប្បុរស​នៃ​ពួក​អ្នក​ជឿ​គ្នី​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​អាច​មើល​ទៅ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ។ ការ​សម្រាល​ទុក្ខ​ដែល​មិន​មក​ព្រះ នោះ​មិន​មែន​ជា​ការ​សម្រាល​ទុក្ខ​ជា​ស្ថាពរ​ទេ។ ដ្បិត​ទ្រង់​បាន​បង្កើត​មនុស្ស​លោក​មក​ក្នុង​រូប​អង្គ​ទ្រង់ ដែល​ធ្វើ​ឲ្យ​យើង​អាច​ទៅ​ជា​អ្នក​សម្រាល​ទុក្ខ​ម្នាក់​បាន​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ នេះ​ហើយ​ដែល​ជំរុញ​ទឹក​ចិត្ត​ពួក​អ្នក​បំរើ​របស់​ទ្រង់​ឲ្យ​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​ដល់​ពួក​អ្នក​ដែល​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។

អប់រំ​ឲ្យ​ទៅ​ជា​អ្នក​សម្រាល​ទុក្ខ

៨. ទោះ​បី​ជា​ព្រះ​មិន​មែន​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខ​លំបាក​របស់​យើង​ក្ដី តើ​ការ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​វេទនា​អាច​មាន​លទ្ធផល​យ៉ាង​ណា​មក​លើ​យើង?

៨ ទោះ​បី​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខ​លំបាក​ផ្សេង​ៗ​មក​លើ​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ក៏​ដោយ តែ​ទ្រង់​មិន​មែន​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខ​លំបាក​នោះ​ទេ។ (យ៉ាកុប ១:១៣) ប៉ុន្តែ ការ​សម្រាល​ទុក្ខ​ដែល​ទ្រង់​ប្រទាន​ឲ្យ​នៅ​ពេល​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​វេទនា នោះ​អាច​អប់រំ​យើង​ឲ្យ​ចេះ​យោគ​យល់​ចិត្ត​អ្នក​ដទៃ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ‹ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ›។ (កូរិនថូស​ទី​២ ១:៤) ដូច្នេះ ព្រះ​យេហូវ៉ា​អប់រំ​យើង​ឲ្យ​ទៅ​ជា​អ្នក​សម្រាល​ទុក្ខ​ម្នាក់​ដ៏​មាន​ប្រសិទ្ធិភាព​ដល់​ពួក​អ្នក​ជឿ​គ្នី​គ្នា ហើយ​ដល់​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ កាល​ដែល​យើង​កាន់​គំរូ​តាម​ព្រះ​គ្រីស្ទ ហើយ‹សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក›។—អេសាយ ៦១:២; ម៉ាថាយ ៥:៤

៩. (ក) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​វេទនា? (ខ) នៅ​ពេល​ដែល​យើង​ស៊ូ​ទ្រាំ​ដោយ​ស្មោះ​ត្រង់ តើ​តាម​របៀប​ណា​ដែល​មនុស្ស​ដទៃ​ត្រូវ​បាន​សម្រាល​ទុក្ខ?

៩ ប៉ុល​បាន​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​វេទនា​របស់​គាត់​ជា​ច្រើន ដោយ​សារ​គាត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ជា​ច្រើន​ពី​ព្រះ​និង​ព្រះ​គ្រីស្ទ។ (កូរិនថូស​ទី​២ ១:៥) យើង​ក៏​អាច​ពិសោធ​ការ​សម្រាល​ទុក្ខ​ជា​ច្រើន​នេះ​ដែរ បើ​យើង​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​ដ៏​មាន​តម្លៃ​របស់​ព្រះ អធិស្ឋាន​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជួយ ហើយ​ពិសោធ​ការ​តប​ឆ្លើយ​របស់​ព្រះ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង។ ដូច្នេះ យើង​នឹង​បាន​ពង្រឹង​ឲ្យ​បន្ត​លើក​ដំកើង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ជា​ភស្តុ​តាង​ថា​អារក្ស​ជា​អ្នក​ភូត​ភរ។ (យ៉ូប ២:៤; សុភាសិត ២៧:១១) នៅ​ពេល​ដែល​យើង​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​នឹង​សេចក្ដី​វេទនា​ណា​មួយ យើង​អាច​ធ្វើ​ដូច​ប៉ុល​ដែរ គឺ​ឲ្យ​កិត្ដិយស​ទៅ​ព្រះ​យេហូវ៉ា ពី​ព្រោះ​ការ​សម្រាល​ទុក្ខ​របស់​ទ្រង់​ជួយ​ពួក​គ្រីស្ទាន​ឲ្យ​រក្សា​សេចក្ដី​ស្មោះ​ត្រង់​ពេល​មាន​សេចក្ដី​ទុក្ខ​លំបាក។ ការ​ស៊ូ​ទ្រាំ​នៃ​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ជា​ច្រើន មាន​ឥទ្ធិពល​ដ៏​សម្រាល​ទុក្ខ​ដល់​ភាតរភាព ធ្វើ​ឲ្យ​បង​ប្អូន​ឯ​ទៀត​ប្ដេជ្ញា‹ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ›បាន​ដែរ។—កូរិនថូស​ទី​២ ១:៦

១០, ១១. (ក) តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​ក្រុម​ជំនុំ​កូរិនថូស​ពី​ដើម​បាន​រង​ទុក្ខ​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​សម្រាល​ទុក្ខ​ពួក​ក្រុម​ជំនុំ​កូរិនថូស ហើយ​តើ​គាត់​បាន​និយាយ​អំពី​សេចក្ដី​សង្ឃឹម​អ្វី?

១០ ពួក​កូរិនថូស​ក៏​បាន​ទទួល​សេចក្ដី​ទុក្ខ​លំបាក​ដែល​ធ្លាក់​មក​លើ​ពួក​គ្រីស្ទាន​ពិត​ទាំង​អស់​ដែរ។ ថែម​ទៀត​នោះ ពួក​គេ​ត្រូវ​ការ​ឱវាទ​ក្នុង​ការ​បណ្ដាច់​មិត្តភាព​ពួក​អ្នក​សហាយស្មន់​ដែល​មិន​ប្រែ​ចិត្ត។ (កូរិនថូស​ទី​១ ៥:១, ២, ១១, ១៣) ដោយ​សារ​មិន​បាន​បណ្ដាច់​មិត្តភាព​ពី​ពួក​ទាំង​នេះ និង​បញ្ចប់​ការ​ទាស់​ទែង​បែក​ខ្ញែក​គ្នា​នោះ បាន​ជា​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ដល់​ក្រុម​ជំនុំ។ ប៉ុន្តែ​នៅ​ទី​បំផុត ពួក​គេ​បាន​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល ហើយ​សម្ដែង​ការ​កែ​ប្រែ​ចិត្ត​ពិត។ ដូច្នេះ គាត់​ក៏​បាន​សរសើរ​ពួក​គេ​យ៉ាង​កក់​ក្ដៅ ហើយ​និយាយ​ថា​គាត់​បាន​ធូរ​ស្រាល​ចិត្ត​ណាស់ ដោយ​សារ​ពួក​គេ​ធ្វើ​តាម​សំបុត្រ​របស់​គាត់។ (កូរិនថូស​ទី​២ ៧:៨, ១០, ១១, ១៣) តាម​មើល​ទៅ ពួក​អ្នក​ដែល​ត្រូវ​បាន​បណ្ដាច់​មិត្តភាព​នេះ​ក៏​បាន​ប្រែ​ចិត្ត​ដែរ។ ដូច្នេះ ប៉ុល​ដាស់​តឿន​ពួក​គេ​ឲ្យ‹អត់​ទោស​ឲ្យ​គាត់​និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក រហូត​ដល់​ទៅ​អស់​សង្ឃឹម›។—កូរិនថូស​ទី​២ ២:៧

១១ សំបុត្រ​ទី​ពីរ​របស់​ប៉ុល ប្រាកដ​ជា​បាន​សម្រាល​ទុក្ខ​ពួក​ក្រុម​ជំនុំ​កូរិនថូស​ហើយ។ នេះ​ហើយ​ជា​គោល​ដៅ​របស់​គាត់​នោះ។ គាត់​បាន​ពន្យល់​ថា៖ ‹យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មាំ​មួន ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​ការ​សម្រាល​ទុក្ខ ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ›។ (កូរិនថូស​ទី​២ ១:៧) នៅ​ក្នុង​ទី​បញ្ចប់​នៃ​សំបុត្រ​របស់​គាត់ ប៉ុល​បាន​ដាស់​តឿន​ពួក​គេ​ថា៖ ‹ចូរ​បន្ត​សម្រាល​ទុក្ខ​គ្នា នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​នឹង​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›។—កូរិនថូស​ទី​២ ១៣:១១

១២. តើ​អ្វី​ដែល​គ្រីស្ទាន​ទាំង​អស់​ត្រូវ​ការ​នោះ?

១២ នេះ​ជា​មេ​រៀន​ដ៏​សំខាន់​ណាស់​ដែល​យើង​អាច​រៀន! សមាជិក​ទាំង​អស់​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន ត្រូវ‹ជួយ​សម្រាល​ទុក្ខ​គ្នា›ដែល​ព្រះ​ប្រទាន​ឲ្យ​តាម​រយៈ​បន្ទូល​របស់​ទ្រង់ ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​តាម​រយៈ​អង្គការ​នៅ​លើ​ផែនដី​របស់​ទ្រង់។ សូម្បី​តែ​ពួក​អ្នក​ដែល​ត្រូវ​បាន​បណ្ដាច់​មិត្តភាព ក៏​ត្រូវ​ការ​ការ​សម្រាលទុក្ខ​ដែរ បើ​សិន​ជា​ពួក​គេ​បាន​ប្រែ​ចិត្ត​ហើយ​បាន​កែ​តម្រូវ​ដំណើរ​ខុស​របស់​គេ។ ដូច្នេះ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ស្ថាបនា​សំ​វិធានការ​ដ៏​មេត្ដា​ធម៌​មួយ​ដើម្បី​ជួយ​ពួក​គេ។ ក្នុង​មួយ​ឆ្នាំ​ម្ដង ពួក​អ្នក​ចាស់​ទុំ​ពីរ​នាក់​អាច​ទៅ​លេង​បុគ្គល​ដែល​បាន​បណ្ដាច់​មិត្តភាព​នេះ។ ពួក​ទាំង​នេះ​ប្រហែល​ជា​លែង​បង្ហាញ​អាកប្បកិរិយា​បះ​បោរ ឬ​លែង​ធ្វើ​អំពើ​បាប​ធ្ងន់ ហើយ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​បាន​ចូល​មក​ក្នុង​ក្រុម​ជំនុំ​វិញ។—ម៉ាថាយ ២៤:៤៥; អេសេគាល ៣៤:១៦

សេចក្ដី​វេទនា​របស់​ប៉ុល​នៅ​ស្រុក​អាស៊ី

១៣, ១៤. (ក) តើ​ប៉ុល​រៀប​រាប់​យ៉ាង​ណា​ខ្លះ​អំពី​សេចក្ដី​វេទនា​ខ្លាំង​ដែល​គាត់​មាន​នៅ​ស្រុក​អាស៊ី? (ខ) តើ​ប៉ុល​ចង់​ប្រាប់​អំពី​ព្រឹត្ដិការណ៍​មួយ​ណា?

១៣ សេចក្ដី​ទុក្ខ​វេទនា​ដែល​ពួក​ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ជួប​ប្រទះ​មក​ដល់​គ្រា​នេះ គឺ​មិន​អាច​ប្រៀប​ធៀប​នឹង​សេចក្ដី​វេទនា​ជា​ច្រើន​ដែល​ប៉ុល​បាន​ស៊ូ​ទ្រាំ​នោះ​ឡើយ។ ដូច្នេះ គាត់​អាច​រំឭក​ពួក​គេ​ថា៖ «ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម្ល៉េះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ​ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ»។—កូរិនថូស​ទី​២ ១:៨​-​១០

១៤ ពួក​វិជ្ជាករ​ព្រះ​គម្ពីរ​ខ្លះ​ជឿ​ថា ប៉ុល​បាន​សំដៅ​ទៅ​ការ​បះ​បោរ​ក្នុង​ក្រុង​អេភេសូរ ដែល​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប៉ុល​អាច​បាត់​បង់​ជីវិត​ប៉ុណ្ណោះ តែ​ក៏​អាច​បាត់​បង់​ជីវិត​ដល់​គូកន​ពីរ​នាក់​ពី​ស្រុក​ម៉ាសេដូន ដែល​ធ្វើ​ដំណើរ​ជា​មួយ​គាត់ ឈ្មោះ កៃយុស និង អើរីស្ដាក។ ពួក​គ្រីស្ទាន​ពីរ​នាក់​នេះ​ត្រូវ​បាន​គេ​កន្ដ្រាក់​ចូល​ទៅ​ក្នុង​លាន​ម​ហោ​ស្រប ដែល​មាន​មនុស្ស​ជា​ច្រើន‹ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ជិត​ពីរ​ម៉ោង​ថា៖ ‹ព្រះ​នាង​អារទេមីស ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូរ ព្រះ​នាង​ប្រសើរ​ឧត្តម›! នៅ​ទី​បំផុត អាជ្ញាធរ​ក្រុង​បាន​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម។ ការ​គំរាម​កំហែង​ដល់​ជីវិត​របស់​កៃយុស​និង​អើរីស្ដាក ច្បាស់​ជា​ធ្វើ​ឲ្យ​ប៉ុល​ព្រួយ​បារម្ភ​ណាស់។ តាម​ការ​ពិត គាត់​ចង់​ទៅ​ជួប​វែក​ញែក​ជា​មួយ​ពួក​មនុស្ស​ដ៏​វឹកវរ​ទាំង​នោះ តែ​គាត់​ត្រូវ​បាន​គេ​ឃាត់​មិន​ឲ្យ​ប្រថុយ​ជីវិត​របស់​គាត់។—កិច្ច​ការ ១៩:២៦​-​៤១

១៥. តើ​អ្វី​ជា​ស្ថានការណ៍​ដ៏​អាក្រក់ ដែល​ប្រហែល​ជា​រៀប​រាប់​មក​ក្នុង​កូរិនថូស​ទី​១ ១៥:៣២?

១៥ ប៉ុន្តែ ប៉ុល​ប្រហែល​ជា​បាន​រៀប​រាប់​អំពី​ស្ថានការណ៍​ដែល​អាក្រក់​ជាង​នោះ​ទៅ​ទៀត។ ក្នុង​សំបុត្រ​ទី​មួយ​របស់​គាត់​ទៅ​ពួក​កូរិនថូស ប៉ុល​បាន​សួរ​ថា៖ «បើ​សិន​ជា​ខ្ញុំ​បាន​ត​យុទ្ធ​នឹង​សត្វ​ព្រៃ នៅ​ក្រុង​អេភេសូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ»? (កូរិនថូស​ទី​១ ១៥:៣២) នេះ​អាច​មាន​ន័យ​ថា​ជីវិត​របស់​ប៉ុល គឺ​មិន​គ្រាន់​តែ​មាន​ការ​គំរាម​កំហែង​ពី​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​សត្វ​ព្រៃ​ប៉ុណ្ណោះ តែ​ពី​សត្វ​សាហាវ​មែន​ទែន​ក្នុង​មណ្ឌល​កីឡា​នៅ​ក្រុង​អេភេសូរ​នោះ​ដែរ។ នៅ​ពេល​ខ្លះ ពួក​ឧក្រិដ្ឋ​ជន​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ទាញ​អូស​ឲ្យ​ទៅ​ប្រយុទ្ធ​ជា​មួយ​សត្វ​សាហាវ កាល​ដែល​ពួក​បណ្ដា​ជន​ដែល​ចូល​ចិត្ត​បង្ហូរ​ឈាម​មើល​ពី​លើ។ បើ​សិន​ជា​ប៉ុល​ចង់​មាន​ន័យ​ថា​គាត់​ប្រឈម​មុខ​នឹង​សត្វ​សាហាវ​មែន នោះ​គាត់​ច្បាស់​ជា​នឹង​បាន​សង្គ្រោះ​ជីវិត​ភ្លាម​តាម​រយៈ​អព្ភូតហេតុ ដូច​លោក​ដានីយ៉ែល​ត្រូវ​បាន​សង្គ្រោះ​ពី​មាត់​សត្វ​តោ​ដែរ។—ដានីយ៉ែល ៦:២២

គំរូ​នៅ​សម័យ​ទំនើប

១៦. (ក) ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​អាច​យោគ​យល់​ដល់​សេចក្ដី​វេទនា​ដែល​ប៉ុល​បាន​រង​ទុក្ខ? (ខ) ចំពោះ​ពួក​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​របស់​គេ តើ​យើង​អាច​ដឹង​អ្វី​ជា​ពិត​ប្រាកដ? (គ) តើ​មាន​ឥទ្ធិពល​ល្អ​ណា​ខ្លះ នៅ​ពេល​ដែល​ពួក​គ្រីស្ទាន​បាន​គេច​រួច​ពី​ការ​ជិត​បាត់​បង់​ជីវិត?

១៦ គ្រីស្ទាន​ជា​ច្រើន​នៅ​សម័យ​បច្ចុប្បន្ន​នេះ អាច​យោគ​យល់​ដល់​សេចក្ដី​វេទនា​ដែល​ប៉ុល​បាន​រង​ទុក្ខ។ (កូរិនថូស​ទី​២ ១១:២៣​-​២៧) នៅ​សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន«មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កំឡាំង[របស់​គេ]ទៅ​ទៀត» ហើយ​គេ​ជា​ច្រើន​នាក់​បាន​ប្រឈម​មុខ​នឹង​ស្ថានការណ៍ ដែល​គេ‹អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ទៅ​មុខ​ទៀត​ផង›។ (កូរិនថូស​ទី​២ ១:៨) មនុស្ស​ខ្លះ​ត្រូវ​បាន​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ឃាតករ​និង​ពួក​ធ្វើ​បៀត​បៀន​ដ៏​ឃោរ​ឃៅ។ យើង​អាច​ដឹង​ពិត​ប្រាកដ​ថា កម្លាំង​សម្រាល​ទុក្ខ​របស់​ព្រះ​ច្បាស់​ជា​បាន​ជួយ​គេ​ឲ្យ​ស៊ូ​ទ្រាំ ហើយ​ពួក​គេ​បាន​ស្លាប់​ដោយ​មាន​ចិត្ត​គំនិត​យ៉ាង​មុត​មាំ​លើ​ការ​សម្រេច​នៃ​សេចក្ដី​សង្ឃឹម​របស់​គេ ទោះ​ជា​មាន​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក៏​ដោយ។ (កូរិនថូស​ទី​១ ១០:១៣; ភីលីព ៤:១៣; វិវរណៈ ២:១០) ក្នុង​ករណី​ផ្សេង​ៗ​ទៀត ព្រះ​យេហូវ៉ា​បាន​ជួយ​ជ្រៀត​ជ្រែក​ក្នុង​រឿង​ទាំង​នេះ ហើយ​បង​ប្អូន​របស់​យើង​ត្រូវ​បាន​រួច​ពី​សេចក្ដី​ស្លាប់។ ពួក​អ្នក​ដែល​បាន​សង្គ្រោះ​បែប​នេះ ច្បាស់​ជា​មាន​ការ​ទុក​ចិត្ត​ច្រើន​ទៀត«ដល់​ព្រះ​ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​បាន​រស់​ឡើង​នោះ​វិញ»។ (កូរិនថូស​ទី​២ ១:៩) ក្រោយ​មក ពួក​គេ​អាច​និយាយ​យ៉ាង​មុត​មាំ​ថែម​ទៀត កាល​ដែល​ពួក​គេ​ចែក​ចាយ​សារ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ​ជា​មួយ​អ្នក​ដទៃ។—ម៉ាថាយ ២៤:១៤

១៧​-​១៩. តើ​ការ​ពិសោធ​ណា​ខ្លះ​ដែល​បង្ហាញ​ថា បង​ប្អូន​របស់​យើង​ក្នុង​ប្រទេស​រ្វ៉ាន់ដា ជា​អ្នក​ដែល​ចែក​ចាយ​ការ​សម្រាល​ទុក្ខ​របស់​ព្រះ?

១៧ នៅ​ពេល​ថ្មី​ៗ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ក្នុង​ប្រទេស​រ្វ៉ាន់ដា បាន​ជួប​ប្រទះ​ការ​ពិសោធ​ស្រដៀង​ប៉ុល​និង​គូកន​របស់​គាត់​ដែរ។ បង​ប្អូន​របស់​យើង​ជា​ច្រើន​បាន​បាត់​បង់​ជីវិត ប៉ុន្តែ​ការ​ខំ​ខ្នះ​ខ្នែង​របស់​សាតាំង​ក្នុង​ការ​បំផ្លាញ​ជំនឿ​របស់​គេ នោះ​ពុំ​បាន​ជោក​ជ័យ​ទេ។ ផ្ទុយ​ទៅ​វិញ បង​ប្អូន​របស់​យើង​ក្នុង​ប្រទេស​នោះ បាន​ពិសោធ​ការ​សម្រាល​ទុក្ខ​របស់​ព្រះ​តាម​របៀប​ផ្ទាល់​ខ្លួន​ជា​ច្រើន។ ក្នុង​កំឡុង​ការ​សម្លាប់​រង្គាល​រវាង​ជាតិ​ធុត្ស៊ី​និង​ហ៊ុតធូ​ដែល​រស់​នៅ​ក្នុង​ប្រទេស​រ្វ៉ាន់ដា គឺ​មាន​បង​ប្អូន​ជាតិ​ហ៊ុតធូ​ជា​ច្រើន​បាន​ប្រថុយ​ជីវិត​របស់​គេ ដើម្បី​ការ​ពារ​បង​ប្អូន​ជាតិ​ធុត្ស៊ី ហើយ​បង​ប្អូន​ជាតិ​ធុត្ស៊ី​ក៏​ការ​ពារ​បង​ប្អូន​ហ៊ុតធូ​ដែរ។ ពួក​អច្ចន្ដិកជន​បាន​សម្លាប់​ស្មរបន្ទាល់​ទាំង​នេះ ដោយ​សារ​ពួក​គេ​ការ​ពារ​ពួក​អ្នក​ជឿ​គ្នី​គ្នា​របស់​គេ។ ឧទាហរណ៍ ស្មរបន្ទាល់​ជាតិ​ហ៊ុតធូ​ម្នាក់​ឈ្មោះ ហ្គេហ៊ីហ្ស៊ី ត្រូវ​បាន​គេ​សម្លាប់​ចោល ក្រោយ​ពី​បាន​លាក់​បង​ស្រី​ជាតិ​ធុត្ស៊ី​ម្នាក់​ឈ្មោះ ចាន់ឋិល។ ប្ដី​របស់​នាង​ចាន់ឋិល ឈ្មោះ ជិន្ស ក៏​ត្រូវ​បាន​បង​ស្រី​ជាតិ​ហ៊ុតធូ​ម្នាក់​ទៀត ឈ្មោះ ហ្សាឡុត យក​ទៅ​លាក់​នៅ​កន្លែង​ផ្សេង​ដែរ។ ជិន្ស​និង​បង​ប្រុស​ជាតិ​ធុត្ស៊ី​ម្នាក់​ទៀត​បាន​ស្នាក់​ពួន​ក្នុង​បំពង់​ផ្សែង​ធំ​មួយ​អស់​រយៈ​៤០​ថ្ងៃ ដោយ​ចេញ​មក​ក្រៅ​នៅ​ពេល​យប់​មួយ​ភ្លែត​ៗ។ ក្នុង​កំឡុង​ពេល​នោះ បង​ស្រី​ហ្សាឡុត​បាន​ផ្ដល់​អាហារ​និង​ការ​ការ​ពារ​ដល់​ពួក​គេ ថ្វី​បើ​នាង​រស់​នៅ​ជិត​ជំរំ​ទាហាន​ហ៊ុតធូ​ក៏​ដោយ។ ក្នុង​ទំព័រ​នេះ អ្នក​អាច​ឃើញ​រូប​ភាព ជិន្ស​និង​ចាន់ឋិល​បាន​ជួប​គ្នា​វិញ ហើយ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ដល់​បង​ប្អូន​ជាតិ​ហ៊ុតធូ ដោយ‹ប្រថុយ​ជីវិត​របស់​គេ› ដូច​នាង​ព្រីស៊ីល​និង​លោក​អ័គីឡា បាន​ធ្វើ​ដល់​សាវ័ក​ប៉ុល​ដែរ។—រ៉ូម ១៦:៣, ៤

១៨ ស្មរបន្ទាល់​ជាតិ​ហ៊ុតធូ​ម្នាក់​ទៀត​ឈ្មោះ រ៉ូខាប៊ូប៊ូ ត្រូវ​បានសរសើរ​ដោយ​កាសែត អិនឋាម៉ារា (Intaremara) ដោយ​ព្រោះ​គាត់​បាន​ការ​ពារ​អ្នក​ជឿ​ដូច​គ្នា​ជាតិ​ធុត្ស៊ី។a កាសែត​នេះ​ចែង​ថា៖ «ហើយ​ក៏​មាន​រ៉ូខាប៊ូប៊ូ ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ដែល​បាន​ខំ​បន្ត​លាក់​មនុស្ស​នៅ​កន្លែង​នេះ​និង​កន្លែង​នោះ​ក្នុង​ចំណោម​បង​ប្អូន​របស់​គាត់ (នេះ​ជា​របៀប​ដែល​អ្នក​ជឿ​ដូច​គ្នា​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក)។ គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​យក​អាហារ​និង​ទឹក​ទៅ​ឲ្យ​ពួក​គេ ទោះ​បី​គាត់​មាន​រោគ​ហឺត​ក៏​ដោយ។ ប៉ុន្តែ ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​ខ្លាំង​ហួស​ពី​កម្លាំង​របស់​គាត់»។

១៩ សូម​ពិចារណា​មើល​គូ​ស្វាមីភរិយា​ជាតិ​ហ៊ុតធូ ឈ្មោះ និកូដិម និង អាហ្សាន្ន៉ាស៊ី ដែល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត។ មុន​នឹង​ការ​សម្លាប់​រង្គាល​បាន​ផ្ទុះ​ឡើង គូ​ស្វាមីភរិយា​នេះ​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ជាតិ​ធុត្ស៊ី ឈ្មោះ អាហ្វូន។ ពួក​គេ​បាន​ប្រថុយ​ជីវិត​ដោយ​លាក់​អាហ្វូន​ក្នុង​ផ្ទះ​របស់​គេ។ ក្រោយ​មក គេ​គិត​ថា ផ្ទះ​របស់​គេ​មិន​មែន​ជា​កន្លែង​សុខ​ទេ ពី​ព្រោះ​ពួក​អ្នក​ជិត​ខាង​របស់​គេ​បាន​ដឹង​អំពី​មិត្ត​ជាតិ​ធុត្ស៊ី​នេះ។ ដូច្នេះ និកូដិម និង អាហ្សាន្ន៉ាស៊ី​បាន​លាក់​អាហ្វូន​ក្នុង​រូង​ក្រោយ​ផ្ទះ​របស់​គេ។ នេះ​ជា​គំនិត​ដ៏​ល្អ​ណាស់ ពី​ព្រោះ​ពួក​អ្នក​ជិត​ខាង​បាន​ចាប់​ផ្ដើម​មក​រក​អាហ្វូន​សឹង​តែ​រាល់​ថ្ងៃ។ កាល​ដែល​កំពុង​ដេក​នៅ​ក្នុង​រូង​នេះ​រវាង​២៨​ថ្ងៃ អាហ្វូន​បាន​រំពឹង​គិត​អំពី​ដំណើរ​រឿង​ព្រះ​គម្ពីរ ដូច​ជា​រឿង​អំពី​នាង​រ៉ាហាប​លាក់​ពួក​អ៊ីស្រាអែល​ពីរ​នាក់​លើ​ដំបូល​របស់​នាង​ក្នុង​ក្រុង​យេរីខូ​រ។ (យ៉ូស្វេ ៦:១៧) នៅ​សព្វ​ថ្ងៃ​នេះ អាហ្វូន​បន្ត​បំរើ​ព្រះ​ក្នុង​ប្រទេស​រ្វ៉ាន់ដា ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ ដោយ​មាន​អំណរ​គុណ​ដល់​សិស្ស​ព្រះ​គម្ពីរ​ជាតិ​ហ៊ុតធូ​របស់​គាត់ ដែល​បាន​ប្រថុយ​ស្លាប់​ដោយ​ព្រោះ​គាត់។ ហើយ​ចុះ​យ៉ាង​ណា​វិញ​ដែរ ចំពោះ​និកូដិម និង អាហ្សាន្ន៉ាស៊ី? ឥឡូវ​នេះ​ពួក​គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​កំពុង​បង្រៀន​ព្រះ​គម្ពីរ​ជា​មួយ​ពួក​ចំណូល​ចិត្ត​ថ្មី​ជាង​២០​នាក់។

២០. តាម​របៀប​ណា​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​បង​ប្អូន​របស់​យើង​ក្នុង​ប្រទេស​រ្វ៉ាន់ដា ប៉ុន្តែ​តើ​ពួក​គេ​ជា​ច្រើន​នៅ​តែ​ត្រូវ​ការ​អ្វី?

២០ នៅ​ពេល​ដែល​ការ​សម្លាប់​រង្គាល​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​រ្វ៉ាន់ដា គឺ​មាន​អ្នក​ផ្សាយ​ដំណឹង​ល្អ​២៥០០​នាក់​ក្នុង​ប្រទេស​នោះ។ ឥឡូវ​នេះ​ចំនួន​ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​កើន​ឡើង​ដល់​ជាង​៣០០០​នាក់ ទោះ​បី​មាន​ស្មរបន្ទាល់​រាប់​រយ​នាក់​បាន​បាត់​បង់​ជីវិត ឬ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ពី​ប្រទេស​ក៏​ដោយ។ នេះ​ហើយ​ជា​ភស្តុ​តាង​បង្ហាញ​ថា​ព្រះ ពិត​ជា​បាន​សម្រាល​ទុក្ខ​ដល់​បង​ប្អូន​របស់​យើង។ ចុះ​យ៉ាង​ណា​ដែរ ចំពោះ​ពួក​ក្មេង​កំព្រា​និង​ពួក​មេម៉ាយ​ក្នុង​ចំណោម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា? ជា​ការ​ធម្មតា​ដែល​ពួក​ទាំង​នេះ​នៅ​តែ​រង​ទុក្ខ​វេទនា ហើយ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ (យ៉ាកុប ១:២៧) នៅ​ពេល​ដែល​ដំណើរ​រស់​ឡើង​វិញ​ចាប់​មាន​ឡើង​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ នោះ​ទើប​ទឹក​ភ្នែក​របស់​គេ​នឹង​ត្រូវ​បាន​ជូត​ចេញ​ទាំង​អស់​បាន។ ប៉ុន្តែ ពួក​គេ​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​ជីវិត​បាន ដោយ​សារ​កិច្ច​បំរើ​ពី​បង​ប្អូន​របស់​គេ និង​ដោយ​សារ​ពួក​គេ​ជា​អ្នក​ថ្វាយ​បង្គំ​នៃ‹ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់›។

២១. (ក) តើ​នៅ​កន្លែង​ណា​ទៀត ដែល​បង​ប្អូន​របស់​យើង​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​របស់​ព្រះ​យ៉ាង​ខ្លាំង ហើយ​តើ​តាម​របៀប​ណា​មួយ​ដែល​យើង​គ្រប់​គ្នា​អាច​ជួយ? (ខ) តើ​នៅ​ពេល​ណា​ទៅ ដែល​សេចក្ដី​ត្រូវ​ការ​របស់​យើង​ចំពោះ​ការ​សម្រាល​ទុក្ខ​នឹង​បាន​ស្កប់​ស្កល់​ជា​ស្ថាពរ?

២១ នៅ​កន្លែង​ជា​ច្រើន​ទៀត ដូច​ជា​នៅ​ប្រទេស​អ៊ីរិទ្រា សិង្ហបូរី និង​អតីត​យូកូស្លាវា បង​ប្អូន​របស់​យើង​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់ ថ្វី​បើ​មាន​សេចក្ដី​វេទនា​ក៏​ដោយ។ សូម​ឲ្យ​យើង​ជួយ​បង​ប្អូន​ទាំង​នេះ ដោយ​អធិស្ឋាន​ជា​រឿយ​ៗ​ឲ្យ​គេ​បាន​ទទួល​ការ​សម្រាល​ទុក្ខ។ (កូរិនថូស​ទី​២ ១:១១) ហើយ​សូម​ឲ្យ​យើង​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ រហូត​ដល់​គ្រា​នៅ​ពេល​ដែល​ព្រះ តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ «ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក[របស់​យើង]ចេញ» ក្នុង​ន័យ​ដ៏​ពេញ​លេញ។ រួច​មក យើង​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​ដែល​ពេញ​គ្រប់​លក្ខណៈ ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​ក្នុង​ពិភព​លោក​ថ្មី​នៃ​សេចក្ដី​សុចរិត​របស់​ទ្រង់។—វិវរណៈ ៧:១៧; ២១:៤; ពេត្រុស​ទី​២ ៣:១៣

[កំណត់​សម្គាល់]

a ប៉ម​យាម ១ មករា ១៩៩៥ ទំព័រ ២៦ រៀប​រាប់​ប្រាប់​ការ​ពិសោធ​របស់​កូន​ស្រី​នៃ​បង​ប្រុស​រ៉ូខាប៊ូប៊ូ ឈ្មោះ ដេបូរ៉ា ដែល​ការ​អធិស្ឋាន​របស់​នាង​បាន​ធ្វើ​ឲ្យ​ពួក​ទាហាន​ហ៊ុតធូ​មួយ​ក្រុម​បាន​រំជួល​ចិត្ត​អាណិត ហើយ​បាន​សង្គ្រោះ​ជីវិត​គ្រួសារ​ពី​ការ​សម្លាប់។ (ភាសា​អង់គ្លេស)

តើ​អ្នក​ដឹង​ចម្លើយ​ទេ?

◻ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ត្រូវ​បាន​ហៅ​ជា‹ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់›?

◻ តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សេចក្ដី​វេទនា?

◻ តើ​យើង​អាច​ចែក​ចាយ​ការ​សម្រាល​ទុក្ខ​ជា​មួយ​អ្នក​ណា?

◻ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ត្រូវ​ការ​របស់​យើង​ចំពោះ​ការ​សម្រាល​ទុក្ខ នឹង​បាន​ស្កប់​ស្កល់​ជា​ស្ថាពរ?

[រូប​ភាព​នៅ​ទំព័រ​១៥]

ជិន្ស​និង​ចាន់ឋិល ជា​ស្មរបន្ទាល់​ជាតិ​ធុត្ស៊ី ត្រូវ​បាន​ស្មរបន្ទាល់​ជាតិ​ហ៊ុតធូ​លាក់​នៅ​កន្លែង​ដាច់​ពី​គ្នា ក្នុង​កំឡុង​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​រ្វ៉ាន់ដា

[រូប​ភាព​នៅ​ទំព័រ​១៥]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បន្ត​ចែក​ចាយ​សារ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ​ជា​មួយ​ពួក​អ្នក​ជិត​ខាង​របស់​គេ​ក្នុង​ប្រទេស​រ្វ៉ាន់ដា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក