បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៨ ទំ. ២២-២៧
  • ជំនឿគ្រីស្ទាននឹងត្រូវសាកល្បង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជំនឿគ្រីស្ទាននឹងត្រូវសាកល្បង
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជំនឿ​បាន​ត្រូវ​សាក​ល្បង—ហេតុ​អ្វី?
  • ជំនឿ​បាន​ត្រូវ​សាក​ល្បង​ដែល​ស្តី​អំពី​ឆ្នាំ​១៩១៤
  • ការ​តប​ឆ្លើយ​នឹង​ការ​សាក​ល្បង​នៅ​ពេល​នោះ
  • គុណភាពនៃជំនឿរបស់អ្នក—កំពុងសាកល្បងឥឡូវនេះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • វិធីផ្សព្វផ្សាយ: រាស្ត្ររបស់ព្រះប្រើគ្រប់វិធីដើម្បីផ្សព្វផ្សាយ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៨ ទំ. ២២-២៧

ជំនឿ​គ្រីស្ទាន​នឹង​ត្រូវ​សាក​ល្បង

«មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ»។—ថែស្សាឡូនីច​ទី​២ ៣:២

១. តើ​តាម​របៀប​ណា​ដែល​ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា មិន​មែន​មនុស្ស​ទាំង​អស់​ទេ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ​នោះ?

នៅ​គ្រប់​ប្រវត្ដិសាស្ត្រ គឺ​មាន​មនុស្ស​ប្រុស​ស្រី និង​ក្មេង​ៗ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ។ មាន​ពាក្យ«ស្មោះ»ជា​គុណនាម គឺ​សម​ត្រឹម​ត្រូវ ពី​ព្រោះ​មនុស្ស​ជា​ច្រើន​លាន​នាក់​បាន​បង្ហាញ​ជំនឿ​មួយ​ប្រភេទ​ដែល​ជា​សទ្ធាលុភាព ដែល​ជា​ការ​ប្រុង​នឹង​ជឿ​ដោយ​ឥត​មាន​មូលដ្ឋាន​ឬ​មូលហេតុ​ត្រឹម​ត្រូវ។ ជំនឿ​បែប​នេះ​ធម្មតា​គឺ​ទាក់​ទង​នឹង​ព្រះ​ក្លែង​ក្លាយ​ឬ​បែប​បទ​នៃ​ការ​ថ្វាយ​បង្គំ ដែល​មិន​ស្រប​នឹង​ព្រះ​យេហូវ៉ា​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត និង​ពាក្យ​បន្ទូល​របស់​ទ្រង់។ ដូច្នេះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ»។—ថែស្សាឡូនីច​ទី​២ ៣:២

២. ហេតុ​អ្វី​ជា​ការ​ចាំ​បាច់​ឲ្យ​យើង​ពិចារណា​មើល​ជំនឿ​របស់​យើង?

២ ប៉ុន្តែ​ពាក្យ​របស់​ប៉ុល​បង្ហាញ​ថា នៅ​គ្រា​នោះ​មាន​មនុស្ស​ខ្លះ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ខ្លះ​ក៏​មាន​ជំនឿ​ដ៏​ស្មោះ​ដែរ។ ពួក​អ្នក​អាន​ទស្សនាវដ្ដី​នេះ​ជា​ច្រើននាក់ មាន​សេចក្ដី​ប្រាថ្នា​ឲ្យ​មាន​និង​ឲ្យ​ចំរើន​ជំនឿ​ដ៏​ស្មោះ​បែប​នេះ—ជំនឿ​ដែល​សម​ស្រប​នឹង​ចំណេះ​ត្រឹម​ត្រូវ​នៃ​សេចក្ដី​ពិត​ពី​ព្រះ។ (យ៉ូហាន ១៨:៣៧; ហេព្រើរ ១១:៦) តើ​នេះ​ជា​ការ​ពិត​ចំពោះ​អ្នក​ទេ? បើ​ដូច្នេះ ជា​ការ​ចាំ​បាច់​ណាស់ ដែល​អ្នក​ត្រូវ​ទទួល​ស្គាល់ ហើយ​ប្រុង​ប្រៀប​ថា ជំនឿ​របស់​អ្នក​នឹង​ត្រូវ​សាក​ល្បង។ ហេតុ​អ្វី​ក៏​អាច​និយាយ​ដូច្នេះ?

៣, ៤. ហេតុ​អ្វី​ក៏​យើង​ត្រូវ​មើល​ព្រះ​យេស៊ូ​ស្តី​អំពី​ការ​សាក​ល្បង​នៃ​ជំនឿ?

៣ យើង​ត្រូវ​សារភាព​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុគ្គល​ដ៏​សំខាន់​ណាស់​ក្នុង​ជំនឿ​របស់​យើង។ ប្រាកដ​ហើយ ព្រះ​គម្ពីរ​និយាយ​អំពី​ទ្រង់​ជា​មេ​សម្រេច​សេចក្ដី​ជំនឿ​របស់​យើង។ នោះ​គឺ​ដោយ​សារ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ហើយ​បាន​ធ្វើ ជា​ពិសេស​នូវ​របៀប​ដែល​ទ្រង់​បាន​សម្រេច​ទំនាយ។ ទ្រង់​បាន​ពង្រឹង​មូលដ្ឋាន ដែល​មនុស្ស​អាច​ស្ថាបនា​ជំនឿ​ដ៏​ស្មោះ​ទៅ​លើ​បាន។ (ហេព្រើរ ១២:២; វិវរណៈ ១:១, ២) ប៉ុន្តែ យើង​អាន​ថា ព្រះ​យេស៊ូ«បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ»។ (ហេព្រើរ ៤:១៥) ត្រូវ​ហើយ ជំនឿ​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​សាក​ល្បង។ ការ​សាក​ល្បង​នេះ​គួរ​លើក​ទឹក​ចិត្ត​យើង មិន​មែន​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​ឬ​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​នោះ​ទេ។

៤ ដោយ​បាន​ឆ្លង​កាត់​ការ​សាក​ល្បង​ដ៏​ខ្លាំង រហូត​ដល់​សោយ​ទិវង្គត​លើ​បង្គោល​ឈើ ព្រះ​យេស៊ូ«បាន​រៀន​ស្ដាប់​បង្គាប់»។ (ហេព្រើរ ៥:៨) ទ្រង់​បាន​បង្ហាញ​ថា​មនុស្ស​អាច​រស់​នៅ​ដោយ​ជំនឿ​ដ៏​ស្មោះ ទោះ​ជា​គេ​មាន​ការ​សាក​ល្បង​យ៉ាង​ណា​ក៏​ដោយ។ នេះ​គឺ​មាន​សារៈ​សំខាន់​ទៀត នៅ​ពេល​ដែល​យើង​គិត​នូវ​អ្វី​ដែល​បាន​ចែង​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់៖ «ចូរ​នឹង​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ ថា​បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ»។ (យ៉ូហាន ១៥:២០) តាម​ពិត ចំពោះ​ពួក​អ្នក​កាន់​តាម​ទ្រង់​នៅ​សម័យ​យើង​នេះ ព្រះ​យេស៊ូ​បាន​ទាយ​ថា៖ «គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។—ម៉ាថាយ ២៤:៩

៥. តើ​តាម​របៀប​ណា​ដែល​បទ​គម្ពីរ​បង្ហាញ​ថា​យើង​នឹង​ជួប​ការ​សាក​ល្បង?

៥ នៅ​ដើម​នៃ​សតវត្ស​នេះ សេចក្ដី​ជំនុំ​ជំរះ​បាន​ចាប់​ផ្ដើម​ពី​ក្នុង​ដំណាក់​នៃ​ព្រះ។ ព្រះ​គម្ពីរ​បាន​ប្រាប់​ជា​មុន​ថា៖ «ដ្បិត​ពេល​វេលា​ដែល​សេចក្ដី​ជំនុំ​ជំរះ​ត្រូវ​ចាប់​ផ្ដើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ​នោះ តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​ជា​យ៉ាង​ដូច​ម្ដេច​ទៅ? ‹បើ​មនុស្ស​សុចរិត​បាន​រួច​ដោយ​ពិបាក​ផង​នោះ ពួក​ទមិល​ល្មើស​នឹង​ពួក​មាន​បាប​នឹង​លេច​មក​នៅ​ឯ​ណា› »។—ពេត្រុស​ទី​១ ៤:១៧, ១៨

ជំនឿ​បាន​ត្រូវ​សាក​ល្បង—ហេតុ​អ្វី?

៦. ហេតុ​អ្វី​ក៏​ជំនឿ​ដែល​បាន​សាក​ល្បង​ហើយ​ជា​ការ​សំខាន់​ម្ល៉េះ?

៦ ក្នុង​ន័យ​មួយ ជំនឿ​ដែល​មិន​បាន​សាក​ល្បង​គឺ​ឥត​មាន​តម្លៃ​ទេ ហើយ​គុណសម្បត្ដិ​នៃ​ជំនឿ​នេះ​ក៏​មិន​ដឹង​ជា​យ៉ាង​ណា​ដែរ។ អ្នក​ប្រហែល​ជា​អាច​ប្រៀប​ធៀប​ទៅ​នឹង​លិខិត​បើក​ប្រាក់ ដែល​មិន​ទាន់​យក​មក​បើក​ប្រាក់​នោះ​ទេ។ អ្នក​ប្រហែល​ជា​ទទួល​លិខិត​បើក​ប្រាក់​មួយ​ចំពោះ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ ឬ​ក៏​ជា​តម្លៃ​ទំនិញ​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ ឬ​ក៏​ជា​អំណោយ​មួយ។ លិខិត​បើក​ប្រាក់​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​ល្អ ប៉ុន្តែ​តើ​ល្អ​មែន​ឬ? តើ​ពិត​ជា​មាន​តម្លៃ​ដែល​បាន​សរសេរ​លើ​នោះ​ឬ? ស្រដៀង​គ្នា​ដែរ ជំនឿ​របស់​យើង​មិន​មែន​គ្រាន់​តែ​ជា​អាការ​ក្រៅ​ឬ​ជា​ទស្សនៈ​វិជ្ជា​នោះ​ទេ។ ជំនឿ​ត្រូវ​តែ​ឲ្យ​បាន​សាក​ល្បង បើ​យើង​ចង់​បង្ហាញ​ថា​មាន​ខ្លឹម​សារ ហើយ​មាន​គុណសម្បត្ដិ​ដ៏​ស្មោះ​នោះ។ នៅ​ពេល​ដែល​ជំនឿ​របស់​យើង​បាន​ត្រូវ​សាក​ល្បង យើង​អាច​ឃើញ​ថា បាន​ទៅ​ជា​ខ្លាំង​ហើយ​មាន​តម្លៃ។ ការ​សាក​ល្បង​ក៏​អាច​បង្ហាញ​នូវ​កន្លែង​ណា​មួយ ដែល​ជំនឿ​របស់​យើង​ត្រូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឬ​ពង្រឹង​នោះ​ដែរ។

៧, ៨. តើ​ការ​សាក​ល្បង​នៃ​ជំនឿ​របស់​យើង​មាន​ពី​ប្រភព​ណា?

៧ ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​បៀត​បៀន​និង​ការ​សាក​ល្បង​ជំនឿ​ឯ​ទៀត ដែល​អាច​មាន​មក​លើ​យើង។ យើង​អាន​ថា៖ «កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ‹ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ› ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ»។ (យ៉ាកុប ១:១៣) តើ​អ្នក​ណា​ឬ​អ្វី​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​សាក​ល្បង​បែប​នេះ? នេះ​គឺ​សាតាំង លោកីយ៍​នេះ ហើយ​និង​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង។

៨ យើង​អាច​សារភាព​ថា សាតាំង​ខំ​ដាក់​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​លោកីយ៍​នេះ លើ​ការ​គិត​និង​ផ្លូវ​របស់​វា។ (យ៉ូហាន​ទី​១ ៥:១៩) ហើយ​យើង​ប្រហែល​ជា​ដឹង​ថា វា​បង្ក​ឲ្យ​មាន​ការ​បៀត​បៀន​ប្រឆាំង​ពួក​គ្រីស្ទាន។ (វិវរណៈ ១២:១៧) ប៉ុន្តែ តើ​យើង​ពិត​ជា​ជឿ​ថា សាតាំង​ក៏​ខំ​រក​ផ្លូវ​បំភាន់​យើង​ដោយ​អូស​ទាញ​ខាង​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង ដោយ​ដាក់​ការ​ល្បួង​ខាង​លោកីយ៍​នេះ​នៅ​ពី​មុខ​យើង ដោយ​សង្ឃឹម​ថា​យើង​នឹង​យក​នុយ​នេះ មិន​ស្ដាប់​បង្គាប់​តាម​ព្រះ ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ាមិន​គាប់​ព្រះ​ហឫទ័យ​ឬ​ទេ? ប្រាកដ​ហើយ មធ្យោបាយ​របស់​សាតាំង​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ ដ្បិត​វា​បាន​ប្រើ​កលល្បិច​ដូច​នេះ ពេល​ដែល​វា​ខំ​ល្បួង​ព្រះ​យេស៊ូ​ដែរ។—ម៉ាថាយ ៤:១​-​១១

៩. តើ​តាម​របៀប​ណា​ដែល​យើង​ទទួល​ប្រយោជន៍​ពី​គំរូ​នៃ​ជំនឿ?

៩ តាម​រយៈ​បន្ទូល​របស់​ទ្រង់​និង​ក្រុម​ជំនុំ​គ្រីស្ទាន ព្រះ​យេហូវ៉ា​ប្រទាន​គំរូ​នៃ​ជំនឿ​ដ៏​ល្អ ដែល​យើង​អាច​ត្រាប់​តាម។ ប៉ុល​បាន​ដាស់​តឿន​ថា៖ «បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។ (ភីលីព ៣:១៧) ជា​អ្នក​បំរើ​ម្នាក់​ដែល​បាន​ចាក់​ប្រេង​តាំង​នៅ​សតវត្ស​ទី​មួយ ប៉ុល​បាន​នាំ​មុខ​ដោយ​ធ្វើ​កិច្ចការ​ដែល​បង្ហាញ​នូវ​ជំនឿ ទោះ​ជា​បាន​ឆ្លង​កាត់​ការ​សាក​ល្បង​ដ៏​ខ្លាំង​ក៏​ដោយ។ នៅ​ចុង​ក្រោយ​សតវត្ស​ទី​២០​នេះ យើង​ក៏​មិន​ខ្វះ​នូវ​គំរូ​នៃ​ជំនឿ​បែប​នេះ​ដែរ។ ពាក្យ​នៅ​ហេព្រើរ ១៣:៧ ទាក់​ទង​ឥឡូវ​នេះ ដោយ​មាន​ឥទ្ធិពល​ខ្លាំង ដូច​កាល​ដែល​ប៉ុល​បាន​សរសេរ​ជូន​គេ​ថា៖ «ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ​បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង»។

១០. តើ​គំរូ​នៃ​ជំនឿ​ណា​ជា​ពិសេស ដែល​យើង​មាន​ក្នុង​ពេល​ថ្មី​ៗ​នេះ?

១០ សេចក្ដី​ដាស់​តឿន​នេះ​មាន​ឥទ្ធិពល​ដ៏​ពិសេស នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​នូវ​ចរិយា របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់។ យើង​អាច​គិត​អំពី​គំរូ​របស់​គេ​ហើយ​ត្រាប់​តាម​ជំនឿ​របស់​គេ​ដែរ។ ជំនឿ​របស់​គេ​គឺ​ជា​ជំនឿ​ដ៏​ស្មោះ ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​ការ​សាក​ល្បង។ តាំង​ពី​ការ​ចាប់​ផ្ដើម​ដ៏​តូច​មួយ​នៅ​ទសវត្ស​នៃ​ឆ្នាំ​១៨៧០ ភាតរភាព​គ្រីស្ទាន​បាន​រីក​ចំរើន។ ជា​ផល​ផ្លែ​នៃ​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ​នៃ​ពួក​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​ប្រាំ​លាន​ប្រាំ​សែន​នាក់ ដែល​ឥឡូវ​នេះ​កំពុង​តែ​ផ្សាយ​និង​បង្រៀន​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ក្រុម​ជំនុំ​នៃ​អ្នក​ថ្វាយ​បង្គំ​ពិត​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ភស្តុ​តាង​នៃ​ជំនឿ​ដែល​បាន​សាក​ល្បង​ហើយ។—ទីតុស ២:១៤

ជំនឿ​បាន​ត្រូវ​សាក​ល្បង​ដែល​ស្តី​អំពី​ឆ្នាំ​១៩១៤

១១. តើ​តាម​របៀប​ណា​ដែល​ឆ្នាំ​១៩១៤​ជា​ឆ្នាំ​ដ៏​ពិសេស​សំរាប់ ឆាល្ស ថេហ្ស រ៉ាសិល និង​ពួក​គូកន​របស់​គាត់?

១១ ជា​ច្រើន​ឆ្នាំ​មុន​នឹង​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​ផ្ទុះ​ឡើង ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​បាន​ប្រកាស​ថា ឆ្នាំ​១៩១៤ ជា​ឆ្នាំ​ដ៏​សំខាន់​តាម​ទំនាយ​ព្រះ​គម្ពីរ។ ប៉ុន្តែ ការ​ទន្ទឹង​ចាំ​របស់​គេ​ខ្លះ​គឺ​បាន​សង្ឃឹម​មុន​ពេល ហើយ​ទស្សនៈ​របស់​គេ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង គឺ​មិន​បាន​ទៀង​ត្រូវ​ទាំង​អស់​នោះ​ទេ។ ជា​ឧទាហរណ៍ ឆាល្ស ថេហ្ស រ៉ាសិល ជា​ប្រធាន​ទី​មួយ​នៃ​សមាគម​ប៉ម​យាម និង​ពួក​គូកន​របស់​លោក អាច​មើល​ឃើញ​ថា កិច្ច​ការ​ផ្សាយ​ដ៏​ធំ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។ គេ​អាន​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) ប៉ុន្តែ តើ​យ៉ាង​ដូច​ម្ដេច​ទៅ​ដែល​ក្រុម​ដ៏​តូច​នេះ​អាច​សម្រេច​កិច្ច​ការ​នោះ?

១២. តើ​គូកន​ម្នាក់​របស់​រ៉ាសិល​បាន​តប​ឆ្លើយ​យ៉ាង​ណា​នឹង​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ?

១២ សូម​ពិចារណា​នូវ​របៀប​ដែល​រឿង​នេះ​មាន​ឥទ្ធិពល​លើ អាលេក្សានដឺ ម៉ាក់មីល្លិន ដែល​ជា​គូកន​របស់​បង​ប្រុស​រ៉ាសិល។ បង​ប្រុស​ម៉ាក់មីល្លិន បាន​កើត​នៅ​ប្រទេស​កាណាដា មិន​ទាន់​មាន​អាយុ​២០​ឆ្នាំ​ផង ពេល​ដែល​គាត់​បាន​ទទួល​សៀវភៅ​របស់​បង​ប្រុស​រ៉ាសិល គម្រោង​ការណ៍​នៃ​សម័យ (១៨៨៦) (សៀវភៅ​នេះ ក៏​បាន​ត្រូវ​គេ​ហៅ​ថា គម្រោង​ការណ៍​របស់​ព្រះ​នៃ​សម័យ បាន​ក្លាយ​ទៅ​ជា​ក្បាល​ទី​១ នៃ​សៀវភៅ​មួយ​សំរាប់​ការ​សិក្សា​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ចែក​ចាយ​យ៉ាង​ពាស​ពេញ។ ក្បាល​ទី​២ គ្រា​កាន់​តែ​ជិត​ណាស់​ហើយ [ឆ្នាំ​១៨៨៩] បាន​ចង្អុល​ថា​ឆ្នាំ​១៩១៤ ជា​ទី​បញ្ចប់​នៃ«គ្រា​របស់​សាសន៍​ដទៃ»។ [លូកា ២១:២៤] នៅ​យប់​ដែល​បង​ប្រុស​ម៉ាក់មីល្លិន បាន​ចាប់​ផ្ដើម​អាន នោះ​គាត់​បាន​គិត​ថា៖ «នេះ​គឺ​មាន​សភាព​ដូច​ជា​សេចក្ដី​ពិត»! នៅ​រដូវ​ក្ដៅ​នៃ​ឆ្នាំ​១៩០០ គាត់​បាន​ជួប​បង​ប្រុស​រ៉ាសិល​នៅ​ឯ​មហា​សន្និបាត​មួយ​របស់​ពួក​សិស្ស​ព្រះ​គម្ពីរ ដែល​ជា​ឈ្មោះ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ។ មិន​យូរ​ប៉ុន្មាន បង​ប្រុស​ម៉ាក់មីល្លិន បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​មួយ​បង​ប្រុស​រ៉ាសិល នៅ​ឯ​មន្ទីរ​ចាត់​ការ​របស់​សមាគម​នៅ​ញូវយ៉ក។

១៣. តើ​បញ្ហា​អ្វី​ដែល​ម៉ាក់មីល្លិន​និង​អ្នក​ដទៃ​ឃើញ ស្តី​អំពី​ការ​សម្រេច​នៃ​ម៉ាថាយ ២៤:១៤?

១៣ ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​ទាំង​នោះ បាន​ចង្អុល​ថា​ឆ្នាំ​១៩១៤ ជា​គ្រា​ដ៏​សំខាន់​ក្នុង​គោល​បំណង​របស់​ព្រះ ដែល​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​គេ​បាន​អាន​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ​បង​ប្រុស​ម៉ាក់មីល្លិន​និង​អ្នក​ដទៃ​ទៀត​បាន​ឆ្ងល់ នូវ​របៀប​ដែល​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​អស់​ទាំង​សាសន៍​ដែល​បាន​ទាយ​មក​នៅ​ម៉ាថាយ ២៤:១៤ អាច​សម្រេច​បាន​យ៉ាង​ណា​ក្នុង​រយៈ​ដ៏​ខ្លី​នោះ។ ក្រោយ​មក​គាត់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ចាំ​ពិគ្រោះ​រឿង​នេះ​ជា​មួយ​បង​ប្រុស​រ៉ាសិល​ជា​ញយ​ៗ ហើយ​គាត់​តែង​និយាយ​ថា ‹បាទ បង​ប្រុស នៅ​ញូវយ៉ក យើង​មាន​ពួក​ជាតិ​យូដា​ច្រើន​ជាង​នៅ​ក្រុង​យេរូសាឡិម​ទៅ​ទៀត។ យើង​មាន​ជាតិ​អៃរិយ​នៅ​ទី​នេះ​ជាង​ទី​ក្រុង​ដាប់លិន​ផង។ ហើយ​យើង​មាន​ជាតិ​អ៊ីតាលី​ជាង​នៅ​ក្នុង​ក្រុង​រ៉ូម។ ប្រសិន​បើ​យើង​ផ្សាយ​ដល់​គេ​នៅ​ទី​នេះ នោះ​នឹង​ផ្សាយ​សារ​នេះ​ដល់​មនុស្ស​លោក​ទាំង​អស់›។ ប៉ុន្តែ នេះ​គឺ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​សោះ។ ដូច្នេះ យើង​ក៏​មាន​គំនិត​បង្កើត‹ល្ខោន​រូប​ភាព​មួយ› »។

១៤. មុន​នឹង​ឆ្នាំ​១៩១៤ តើ​ការងារ​ដ៏​អស្ចារ្យ​អ្វី​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង?

១៤ «ល្ខោន​រូប​ភាព​នៃ​សេចក្ដី​បង្កើត»នេះ ជា​អ្វី​មួយ​ដ៏​គួរ​ឲ្យ​ចម្លែក​ថ្មី! នេះ​បាន​រួម​បញ្ចូល​រូប​ភាពយន្ត និង​ការ​បញ្ចាំង​រូប​ភាព​ពណ៌​ពី​បន្ទះ​កញ្ចក់ ដែល​ភ្ជាប់​ការ​អធិប្បាយ​និង​ភ្លេង​ដែល​ចាក់​លើ​ថាស។ នៅ​ឆ្នាំ​១៩១៣ ប៉ម​យាម បាន​រៀប​រាប់​អំពី​មហា​សន្និបាត​មួយ​នៅ​អាខាន់សូ ស.រ.អ​. ថា៖ «គឺ​បាន​សម្រេច​ចិត្ត​ស្រប​គ្នា​ថា គ្រា​គឺ​មក​ដល់​ហើយ​សំរាប់​ការ​ប្រើ​ភាពយន្ត​ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​គម្ពីរ។ . . . [រ៉ាសិល]បាន​ពន្យល់​ថា គាត់​បាន​រៀបចំ​គម្រោង​ការណ៍​នេះ​អស់​រយៈ​បី​ឆ្នាំ ហើយ​ឥឡូវ​នេះ​មាន​រូប​ដ៏​ល្អ​ជា​ច្រើន ដែល​នឹង​អូស​ទាញ​ចិត្ត​មនុស្ស ហើយ​ប្រកាស​អំពី​ដំណឹង​ល្អ និង​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​វិញ»។

១៥. តើ«ល្ខោន​រូប​ភាព»មាន​លទ្ធផល​យ៉ាង​ណា?

១៥ «ល្ខោន​រូប​ភាព»នេះ​បាន​សម្រេច​គោល​បំណង​នោះ​មែន ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ប្រើ​នៅ​ខែ​មករា ឆ្នាំ​១៩១​៤។ បន្ត​បន្ទាប់​ពី​នេះ​ជា​របាយការណ៍​ពី​ប៉ម​យាម នៃ​ឆ្នាំ​១៩១៤៖

ខែ​មេសា ថ្ងៃ​ទី​១: «បព្វជិត​ម្នាក់ ក្រោយ​ពី​បាន​ឃើញ​ពីរ​ភាគ មាន​ប្រសាសន៍​ថា ‹ខ្ញុំ​បាន​មើល​ល្ខោន​រូប​ភាព​នៃ​សេចក្ដី​បង្កើត​តែ​ពាក់​កណ្ដាល​ទេ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​អំពី​ព្រះ​គម្ពីរ​ពី​នេះ​មក ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​រៀន​នៅ​ក្នុង​ការ​សិក្សា​បី​ឆ្នាំ​នៅ​សាលា​សាសនា​វិទូ​ទៅ​ទៀត›។ សាសន៍​យូដា​ម្នាក់​ក្រោយ​ពី​បាន​មើល​ភាពយន្ត​នេះ លាន់​មាត់​ថា ‹ខ្ញុំ​ចេញ​មក​ជា​អ្នក​កាន់​សាសនា​យូដា​យ៉ាង​ប្រសើរ​ជាង ពី​មុន​ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​មើល›។ ពួក​សង្ឃ​និង​ជីដូន​កាតូលិក​បី​បួន​នាក់​បាន​ទស្សនា​ភាពយន្ត​នេះ ហើយ​បាន​សម្ដែង​ការ​អបអរ​យ៉ាង​ខ្លាំង។ . . . មាន​តែ​ដប់​ពីរ​ខ្សែ​ប៉ុណ្ណោះ​ដែល​បាន​បញ្ចាំង . . . ប៉ុន្តែ​យើង​បាន​បញ្ចាំង​ខ្សែ​នោះ​នៅ​សាមសិប​មួយ​ទី​ក្រុង​ទៅ​ហើយ . . . រាល់​តែ​ថ្ងៃ​មាន​ជាង​បី​ម៉ឺន​ប្រាំ​ពាន់​នាក់​ដែល​កំពុង​តែ​មើល ស្ដាប់ សរសើរ គិត​ពី​ចារ​ណា ហើយ​ទទួល​ពរ​នោះ»។

ខែ​មិថុនា ថ្ងៃ​ទី​១៥: «រូប​ភាព​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ថែម​ទៀត​ដើម្បី​ចែក​ផ្សាយ​សេចក្ដី​ពិត ហើយ​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ និង​បង​ប្រុស​របស់​យើង គឺ​ព្រះ​យេស៊ូ។ ខ្ញុំ​អធិស្ឋាន​រៀង​រាល់​ថ្ងៃ​ឲ្យ​ព្រះ​ប្រទាន​ពរ​យ៉ាង​វិសេស​មក​លើ​ភាពយន្ត​នៃ​សេចក្ដី​បង្កើត​នេះ ហើយ​នឹង​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​បញ្ចាំង . . . ខ្ញុំ​ជា​អ្នក​បំរើ​ទ្រង់​ជា​មួយ​នឹង​អ្នក លោក ណុខ។—រដ្ឋ​អៃយ៉ូវ៉ា»

ខែ​កក្កដា ថ្ងៃ​ទី​១៥: «យើង​សង្កេត​ឃើញ​ថា ភាពយន្ត​នេះ​មាន​អនុ​ភាព​យ៉ាង​ល្អ​ទៅ​លើ​ពួក​នៅ​ទី​ក្រុង​នេះ ហើយ​យើង​ដឹង​ជា​ប្រាកដ​ថា ការ​ធ្វើ​បន្ទាល់​ឲ្យ​ពេញ​ពិភព​លោក​កំពុង​តែ​ប្រមូល​មនុស្ស​ដែល​នឹង​ផ្ដល់​ទី​សំអាង ជា​អ្នក​ប្រៀប​ដូច​ជា​ពេជ្រ​ដែល​ព្រះ​អម្ចាស់​បាន​ជ្រើស​រើស។ យើង​ដឹង​អំពី​កូន​សិស្ស​ដ៏​ខ្នះ​ខ្នែង​មួយ​ចំនួន ដែល​ឥឡូវ​នេះ​រួម​ជា​មួយ​ក្រុម​ជំនុំ ដោយ​ព្រោះ​កិច្ច​ការ​ខាង​ភាពយន្ត​នេះ។ . . . ជា​បង​ស្រី​របស់​អ្នក​ក្នុង​ការ​បំរើ​ព្រះ​អម្ចាស់ អេម៉ា ប៊្រិគ្គើ»។

ខែ​វិច្ឆិកា ថ្ងៃ​ទី​១៥: «យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​នឹង​រីករាយ​ដោយ​ឮ​អំពី​ការ​ធ្វើ​បន្ទាល់​ដ៏​អស្ចារ្យ តាម​រយៈ​ការ​បញ្ចាំង​ភាពយន្ត​នៃ​សេចក្ដី​បង្កើត នៅ​ឯ​ក្រុង​ឡុនដុន ប្រទេស​អង់គ្លេស។ ការ​ដឹក​នាំ​របស់​ព្រះ​អម្ចាស់​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង ក្នុង​គ្រប់​ប្រការ​នៃ​ការ​បញ្ចាំង​នោះ ដល់​ម្ល៉េះ​បាន​ជា​បង​ប្អូន​យើង​កំពុង​តែ​អរ​សប្បាយ​យ៉ាង​ខ្លាំង . . . ពួក​អ្នក​ស្ដាប់​របស់​យើង​គឺ​មក​ពី​គ្រប់​ប្រវត្ដិ។ យើង​បាន​ឃើញ​បព្វជិត​ជា​ច្រើន​បាន​មក​ដែរ។ បព្វជិត​ម្នាក់ . . . បាន​សុំ​រក​សំបុត្រ ឲ្យ​គាត់​និង​ប្រពន្ធ​របស់​គាត់ អាច​មក​មើល​ម្ដង​ទៀត។ បព្វជិត​ម្នាក់​នៃ​សាសនា​អង់គ្លេស បាន​មក​មើល​ភាពយន្ត​នេះ​បី​បួន​ដង ហើយ . . . បាន​នាំ​មិត្ត​របស់​លោក​ជា​ច្រើន​ឲ្យ​មក​មើល។ អេវ៉ែក​ពីរ​នាក់​បាន​មក​មើល​ដែរ ហើយ​មនុស្ស​ធំ​ដុំ​បី​បួន​នាក់​ក៏​បាន​មក​មើល​ដែរ»។

ខែ​ធ្នូ ថ្ងៃ​ទី​១: «ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​សូម​អរគុណ​ដល់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ចំពោះ​ពរ​ដ៏​ធំ​និង​ដ៏​មាន​តម្លៃ​ដែល​យើង​បាន​ទទួល​តាម​រយៈ​លោក​អ្នក។ គឺ​ជា​ភាពយន្ត​នៃ​សេចក្ដី​បង្កើត​របស់​លោក​អ្នក ដែល​បណ្ដាល​ឲ្យ​យើង​ទៅ​មើល​ហើយ​ទទួល​យក​សេចក្ដី​ពិត . . . យើង​មាន​សៀវភៅ ការ​សិក្សា​នៅ​ក្នុង​បទ​គម្ពីរ​ប្រាំ​មួយ​ក្បាល។ សៀវភៅ​ទាំង​នេះ​ជា​ជំនួយ​ដ៏​ខ្លាំង»។

ការ​តប​ឆ្លើយ​នឹង​ការ​សាក​ល្បង​នៅ​ពេល​នោះ

១៦. ហេតុ​អ្វី​ក៏​ឆ្នាំ​១៩១៤​នាំ​ឲ្យ​មាន​ការ​សាក​ល្បង​នៃ​ជំនឿ?

១៦ ប៉ុន្តែ តើ​យ៉ាង​ណា​ទៅ​វិញ នៅ​ពេល​ដែល​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​បាន​ឃើញ​ថា ការ​ទន្ទឹង​ចាំ​របស់​គេ​ក្នុង​ការ​ចូល​រួម​ជា​មួយ​ព្រះ​អម្ចាស់​នៅ​ឆ្នាំ​១៩១៤​មិន​បាន​សម្រេច​នោះ? ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​នៅ​នោះ​បាន​ជួប​ការ​សាក​ល្បង​ដ៏​ពិបាក​មួយ។ ប៉ម​យាម នៃ​ខែ​វិច្ឆិកា ថ្ងៃ​ទី​១ ឆ្នាំ​១៩១៤ បាន​ប្រកាស​ថា៖ «សូម​ឲ្យ​យើង​ចាំ​ថា យើង​កំពុង​តែ​នៅ​ក្នុង​រដូវ​ការ​សាក​ល្បង»។ អំពី​រឿង​នេះ សៀវភៅ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ (ឆ្នាំ​១៩៩៣) ថ្លែង​ថា៖ «ប្រាកដ​ហើយ ពី​ឆ្នាំ​១៩១៤​ទៅ​ឆ្នាំ​១៩១៨ បាន​ទៅ​ជា‹រដូវ​សាក​ល្បង›ដល់​សិស្ស​ព្រះ​គម្ពីរ»។ តើ​គេ​នឹង​អនុញ្ញាត​ឲ្យ​ជំនឿ​របស់​គេ​ឲ្យ​បាន​ប្រសើរ​ឡើង ហើយ​ឲ្យ​កែ​តម្រូវ​គំនិត​របស់​គេ ដើម្បី​ឲ្យ​គេ​ទទួល​យក​កិច្ច​ការ​នៅ​ខាង​មុខ​បាន​ទេ?

១៧. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​មាន​ទស្សនៈ​យ៉ាង​ណា អំពី​ការ​រស់​នៅ​លើ​ផែនដី​ត​ពី​ឆ្នាំ​១៩១៤?

១៧ ប៉ម​យាម នៃ​ខែ​កញ្ញា ទី​១ ឆ្នាំ​១៩១៦ បាន​ចែង​ថា៖ «យើង​បាន​គិត​ថា​ការ​ច្រូត​នូវ​ពួក​ជំនុំ​គ្រីស្ទាន [ពួក​ចាក់​ប្រេង​តាំង] នឹង​បាន​សម្រេច មុន​នឹង​ទី​បញ្ចប់​នៃ​គ្រា​របស់​សាសន៍​ដទៃ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​មាន​និយាយ​ដូច្នេះ​សោះ។ . . . តើ​យើង​មាន​ចិត្ត​ស្ដាយ​ដែល​កិច្ច​ការ​ច្រូត​នៅ​មាន​បន្ត​ឬ? . . . ឱ​បងប្អូន​អើយ អាកប្បកិរិយា​នៅ​បច្ចុប្បន្ន​នេះ គួរ​តែ​ពោរ​ពេញ​ដោយ​កតញ្ញូ​ធម៌​ដល់​ព្រះ និង​បង្កើន​ការ​អបអរ​លើ​សេចក្ដី​ពិត​ដ៏​ល្អ​នេះ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ឯកសិទ្ធិ​នៃ​ការ​ឃើញ​និង​គេ​សម្គាល់​យើង និង​ការ​ខ្នះ​ខ្នែង​ជា​ច្រើន​ក្នុង​ការ​ជួយ​នាំ​សេចក្ដី​ពិត ឲ្យ​មនុស្ស​ឯ​ទៀត​ស្គាល់​ដែរ»។ ជំនឿ​របស់​គេ​បានត្រូវ​សាក​ល្បង តែ​គេ​បាន​ប្រឈម​មុខ​នឹង​ការ​សាក​ល្បង ហើយ​បាន​ទទួល​ជោគ​ជ័យ។ ប៉ុន្តែ យើង​ដែល​ជា​គ្រីស្ទាន​ត្រូវ​ដឹង​ថា ការ​សាក​ល្បង​នៃ​ជំនឿ​ប្រហែល​ជា​នឹង​មាន​ច្រើន​ហើយ​ខុស​ពី​គ្នា​ផង។

១៨, ១៩. តើ​មាន​ការ​សាក​ល្បង​ជំនឿ​អ្វី​ទៀត​សំរាប់​រាស្ត្រ​របស់​ព្រះ បន្ដិច​ក្រោយ​ពី​បង​ប្រុស​រ៉ាសិល​ស្លាប់​ទៅ?

១៨ ជា​ឧទាហរណ៍ ពួក​អ្នក​សំណល់​មាន​ការ​សាក​ល្បង​មួយ​ទៀត មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បង​ប្រុស​ឆាល្ស រ៉ាសិល​បាន​ស្លាប់​ទៅ។ នោះ​គឺ​ជា​ការ​សាក​ល្បង​នៃ​ភក្ដី​ភាព​និង​ជំនឿ។ តើ​អ្នក​ណា​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់›នៅ​ម៉ាថាយ ២៤:៤៥? អ្នក​ខ្លះ​បាន​គិត​ថា គឺ​ជា​បង​ប្រុស​រ៉ាសិល ហើយ​គេ​មិន​ព្រម​ធ្វើ​តាម​របៀប​រៀបចំ​ថ្មី​ខាង​អង្គការ​នោះ​ឡើយ។ ប្រសិន​បើ​បង​ប្រុស​រ៉ាសិល​ជា​អ្នក​បំរើ​នោះ តើ​បង​ប្អូន​យើង​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ឥឡូវ​នេះ​ដែល​គាត់​ស្លាប់​ទៅ​ហើយ​នោះ? តើ​គេ​នឹង​ត្រូវ​ធ្វើ​តាម​បុគ្គល​ដែល​ទើប​បាន​តែង​តាំង ឬ​ក៏​ឥឡូវ​នេះ​ជា​គ្រា​ដើម្បី​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ មិន​មែន​បុគ្គល​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​ក្រុម​មួយ​នៃ​ពួក​គ្រីស្ទាន​ជា​មធ្យោបាយ​ឬ​ជា​ក្រុម​អ្នក​បំរើ​ទៅ​វិញ?

១៩ ពួក​គ្រីស្ទាន​ពិត​មាន​ការ​សាក​ល្បង​ថែម​ទៀត គឺ​នៅ​ក្នុង​ឆ្នាំ​១៩១៨ កាល​ដែល​អាជ្ញាធរ​ខាង​លោកីយ៍​ដែល​បាន​ញ៉ាំង​ដោយ​ពួក​បព្វជិត​ខាង​ពិភព​គ្រីស្ទ​សាសនា បាន«បង្កើត​ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់»ប្រឆាំង​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៩៤:២០) ការ​បៀត​បៀន​ដ៏​ឃោរ​ឃៅ​បាន​មាន​លើ​កូន​សិស្ស​ព្រះ​គម្ពីរ ពី​ទ្វីប​អាមេរិក​ខាង​ត្បូង​និង​ក្នុង​ទ្វីប​អឺរ៉ុប។ ការ​ប្រឆាំង​ដែល​បាន​បណ្ដាល​ពី​ពួក​បព្វជិត​បាន​មក​ដល់​កំពូល​ខ្ពស់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​១៩១៨ នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​ច្បាប់​ឲ្យ​ចាប់​បង​ប្រុស​រ៉ូធើហ្វឺត និង​គូកន​ដ៏​ជិត​ស្និទ្ធ​បី​បួន​នាក់​របស់​គាត់ រួម​បញ្ចូល​បង​ប្រុស​អាលេក្សានដឺ ម៉ាក់មីល្លិន។ គឺ​បាន​ចោទ​យ៉ាង​ខុស​ថា គេ​ជា​អ្នក​នាំ​បះ​បោរ ហើយ​ពួក​អាជ្ញាធរ​មិន​បាន​អើពើ​នូវ​ការ​តប​ឆ្លើយ​របស់​គេ​ដែល​ថា គេ​គ្មាន​ទោស​នោះ​ទេ។

២០, ២១. ដូច​បាន​ទាយ​ប្រាប់​នៅ​ម៉ាឡាគី ៣:១​-​៣ តើ​កិច្ច​ការ​អ្វី​ដែល​បាន​សម្រេច​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង?

២០ ថ្វី​បើ​នៅ​ពេល​នោះ​មិន​បាន​ទទួល​ស្គាល់​ជា​រឿង​បែប​នេះ​ក្ដី កិច្ច​ការ​សម្រាំង​គឺ​កំពុង​តែ​កើត​ឡើង ដូច​បាន​រៀប​រាប់​មក​នៅ​ម៉ាឡាគី ៣:១​-​៣៖ «តែ​មាន​អ្នក​ឯ​ណា​ធន់​នៅ​បាន ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ ក្នុង​កាល​ដែល​ទ្រង់​លេច​មក ដ្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់។ ទ្រង់​នឹង​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​នឹង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ​យេហូវ៉ា ដោយ​សេចក្ដី​សុចរិត»។

២១ កាល​ដែល​សង្គ្រាម​លោក​លើក​ទី​១​បាន​ជិត​ចប់​ហើយ សិស្ស​ព្រះ​គម្ពីរ​ខ្លះ​បាន​ជួប​ការ​សាក​ល្បង​មួយ​ទៀត​នៃ​ជំនឿ—ថា​តើ​គេ​នឹង​រក្សា​អព្យាក្រឹតភាព ដែល​ស្តី​អំពី​រឿង​ខាង​ទាហាន។ (យ៉ូហាន ១៧:១៦; ១៨:៣៦) អ្នក​ខ្លះ​ឥត​នៅ​អព្យាក្រឹត​នេះ​ទេ។ ដូច្នេះ​នៅ​ឆ្នាំ​១៩១៨ ព្រះ​យេហូវ៉ា​បាន​បញ្ជូន«ទូត​ដែល​នាំ​សេចក្ដី​សញ្ញា» គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ឲ្យ​មក​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដើម្បី​សំអាត​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​នៃ​ក្រុម​តូច​នេះ ពី​ដំណើរ​សៅហ្មង​ខាង​លោកីយ៍។ អស់​អ្នក​ដែល​បាន​បង្ហាញ​ជំនឿ​ពិត​បាន​រៀន​ពី​ការ​ដក​ពិសោធន៍ ហើយ​បាន​ជឿ​ទៅ​មុខ និង​បន្ត​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង។

២២. ចំពោះ​ការ​សាក​ល្បង​នៃ​ជំនឿ តើ​អ្វី​ដែល​យើង​នឹង​ត្រូវ​ពិចារណា​មើល​ទៀត?

២២ អ្វី​ដែល​យើង​បាន​ពិចារណា​ហើយ មិន​គ្រាន់​តែ​ដើម្បី​ដឹង​អំពី​ប្រវត្ដិសាស្ត្រ​ដែល​បាន​កន្លង​ទៅ​នោះ​ទេ។ នេះ​គឺ​បាន​ទាក់​ទង​យ៉ាង​ចំ​ៗ​នូវ​ស្ថានភាព​ខាង​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ របស់​ក្រុម​ជំនុំ​នៃ​ព្រះ​យេហូវ៉ា​ពាស​ពេញ​ពិភព​លោក។ ប៉ុន្តែ សូម​ឲ្យ​យើង​ពិចារណា​មើល​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់​នូវ​ការ​សាក​ល្បង​នៃ​ជំនឿ ដែល​រាស្ត្រ​របស់​ព្រះ​បាន​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ ហើយ​មើល​ថា​តើ​យើង​អាច​ពុះ​ពារ​ឲ្យ​បាន​ជោគ​ជ័យ​យ៉ាង​ណា​បាន។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ ហេតុ​អ្វី​ក៏​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទន្ទឹង​ចាំ​ថា​ជំនឿ​របស់​គេ​នឹង​ត្រូវ​សាក​ល្បង?

◻ តើ​មាន​ការ​ខ្នះ​ខ្នែង​អ្វី​ខ្លះ​មុន​ឆ្នាំ​១៩១៤ ដើម្បី​ចែក​ផ្សាយ​សារ​របស់​ព្រះ?

◻ តើ​អ្វី​ជា«ល្ខោន​រូប​ភាព» ហើយ​តើ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

◻ តើ​តាម​របៀប​ណា​ដែល​ព្រឹត្ដិការណ៍​ក្នុង​កំឡុង​ឆ្នាំ​១៩១៤​-​១៨ បាន​ទុក​ជា​ការ​សាក​ល្បង​ដល់​ពួក​អ្នក​ចាក់​ប្រេង​តាំង?

[រូប​ភាព​នៅ​ទំព័រ​២៤]

ឆ្ពោះ​ដល់​ទី​បញ្ចប់​នៃ​សតវត្ស​ទី​១៩ មនុស្ស​ក្នុង​ស្រុក​ជា​ច្រើន​បាន​សិក្សា​ព្រះ​គម្ពីរ ដោយ​មាន​ជំនួយ​ពី​សៀវភៅ​មួយ​សំរាប់ «ការ​រះ​ឡើង​មួយ​ពាន់​ឆ្នាំ» ដែល​ក្រោយ​មក​បាន​ហៅ​ជា «ការ​សិក្សា​ក្នុង​បទ​គម្ពីរ»

[រូប​ភាព​នៅ​ទំព័រ​២៦]

ឌី​មី​ទ្រាស ផា​ផា​ចូជ បាន​ធ្វើ​ដំណើរ​ដើម្បី​បញ្ចាំង«ភាពយន្ត​នៃ​សេចក្ដី​បង្កើត»។ ក្រោយ​មក គេ​បាន​ចាប់​គាត់​ដាក់​គុក ដោយ​ព្រោះ​អព្យាក្រឹតភាព​ខាង​គ្រីស្ទាន​របស់​គាត់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក