បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៨ ទំ. ២៨-៣២
  • គុណភាពនៃជំនឿរបស់អ្នក—កំពុងសាកល្បងឥឡូវនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គុណភាពនៃជំនឿរបស់អ្នក—កំពុងសាកល្បងឥឡូវនេះ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​នឹង​បាន​ត្រូវ​សាក​ល្បង​តាម​របៀប​ណា?
  • ផល​ប្រយោជន៍​ពី​ជំនឿ​ដែល​បាន​សាក​ល្បង​ហើយ
  • ជំនឿគ្រីស្ទាននឹងត្រូវសាកល្បង
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើជំនឿរបស់អ្នកនឹងមាំមួនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • តើអ្នកពិតជាជឿលើដំណឹងល្អមែនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៨ ទំ. ២៨-៣២

គុណ​ភាព​នៃ​ជំនឿ​របស់​អ្នក—កំពុង​សាក​ល្បង​ឥឡូវ​នេះ

«បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេង​ៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់​ខ្ជួន»។—យ៉ាកុប ១:២, ៣

១. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ទន្ទឹង​ចាំ​ថា​នឹង​មាន​ការ​សាក​ល្បង​ជំនឿ​របស់​គេ?

គ្រីស្ទាន​ពិត​ឥត​ចូល​ចិត្ត​រង​ទុក្ខ ហើយ​គេ​ក៏​មិន​សប្បាយ​ចិត្ត​ពី​ការ​ឈឺ​ចាប់​ឬ​ការ​អាម៉ាស់​មុខ​នោះ​ដែរ។ ប៉ុន្តែ គេ​ចាំ​ពាក្យ​ខាង​លើ​នេះ ដែល​បាន​សរសេរ​ដោយ​យ៉ាកុប ដែល​ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូ​ខាង​ម្ដាយ។ ព្រះ​គ្រីស្ទ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា សិស្ស​របស់​ទ្រង់​នឹង​អាច​ជួប​នឹង​ការ​បៀត​បៀន និង​ការ​ពិបាក​ឯ​ទៀត ដោយ​ព្រោះ​គេ​កាន់​ខ្ជាប់​នឹង​ខ្នាត​តម្រា​របស់​ព្រះ។ (ម៉ាថាយ ១០:៣៤; ២៤:៩​-​១៣; យ៉ូហាន ១៦:៣៣) យ៉ាង​ណា​ក៏​ដោយ ក៏​នឹង​មាន​អំណរ​ពី​ការ​សាក​ល្បង​បែប​នេះ​ដែរ។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ?

២. (ក) តើ​តាម​របៀប​ណា​ដែល​ការ​សាក​ល្បង​ជំនឿ​របស់​យើង​នាំ​ឲ្យ​មាន​អំណរ? (ខ) តើ​តាម​របៀប​ណា​ដែល​ការ​ស៊ូ​ទ្រាំ​បាន​ត្រូវ​សម្រេច​ក្នុង​ករណី​របស់​យើង?

២ មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​មាន​អំណរ នៅ​ពេល​ពិសោធ​សេចក្ដី​ទុក្ខ​លំបាក​ឬ​ការ​សាក​ល្បង​នៃ​ជំនឿ​នោះ គឺ​ថា​រឿង​ទាំង​នេះ​អាច​បង្កើត​ផល​ផ្លែ​ល្អ។ ដូច​យ៉ាកុប​បាន​សរសេរ​មក​នោះ ការ​ស៊ូ​ទ្រាំ​នឹង​ការ​សាក​ល្បង​ឬ​សេចក្ដី​ទុក្ខ​លំបាក «នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់​ខ្ជួន»។ យើង​អាច​មាន​ប្រយោជន៍​ពី​ការ​ស្ថាបនា​គុណសម្បត្ដិ​គ្រីស្ទាន​ដ៏​មាន​តម្លៃ​បែប​នេះ។ យ៉ាកុប​បាន​សរសេរ​ថា៖ «ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់ល័ក្ខណ៍ ហើយ​ពេញ​ខ្នាត ឥត​ខ្វះ​អ្វី​ឡើយ»។ (យ៉ាកុប ១:៤) សេចក្ដី​ខ្ជាប់​ខ្ជួន​គឺ​មាន​ការ​ធ្វើ ឬ​ក៏‹កិច្ច​ការ›មួយ។ មុខ​ងារ​របស់​វា​គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​បាន​ពេញ​លេញ​ក្នុង​គ្រប់​ប្រការ ហើយ​ជួយ​យើង​មាន​តុ​ល្យា​ភាព​និង​គំនិត​ចាស់​ទុំ​ជា​គ្រីស្ទាន។ ដូច្នេះ ការ​អនុញ្ញាត​ឲ្យ​សេចក្ដី​ទុក្ខ​លំបាក​មាន​ជា​ដំណើរ ដោយ​មិន​រក​បញ្ចប់​លំបាក​នោះ​ភ្លាម​ដោយ​វិធី​ដែល​មិន​ស្រប​នឹង​ព្រះ​គម្ពីរ នោះ​ជា​លទ្ធផល ជំនឿ​របស់​យើង​នឹង​បាន​សាក​ល្បង​និង​បាន​ប្រសើរ​ឡើង។ ប្រសិន​បើ​យើង​ខ្វះ​ការ​អត់​ធ្មត់ សេចក្ដី​មេត្ដា​ករុណា សេចក្ដី​សប្បុរស ឬ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​ដោះ​ស្រាយ​ស្ថានការណ៍​ណា​មួយ​ឬ​ជា​មួយ​មនុស្ស​គ្នី​គ្នា នោះ​ការ​ស៊ូ​ទ្រាំ​អាច​ជួយ​ឲ្យ​ចំរើន​គុណសម្បត្ដិ​គ្រីស្ទាន​របស់​យើង។ ត្រូវ​ហើយ ជា​លំដាប់​នោះ៖ ការ​សាក​ល្បង​នាំ​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ។ ការ​ស៊ូ​ទ្រាំ​បង្កើន​គុណសម្បត្ដិ​គ្រីស្ទាន។ ហើយ​គុណសម្បត្ដិ​ទាំង​នេះ​បណ្ដាល​ឲ្យ​មាន​អំណរ។—ពេត្រុស​ទី​១ ៤:១៤; ពេត្រុស​ទី​២ ១:៥​-​៨

៣. ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​រួញ​រា​ដោយ​ខ្លាច​នូវ​សេចក្ដី​ទុក្ខ​លំបាក​ឬ​ការ​សាក​ល្បង​ជំនឿ?

៣ សាវ័ក​ពេត្រុស​ក៏​បាន​បញ្ជាក់​នូវ​មូលហេតុ ដែល​យើង​មិន​ត្រូវ​ខ្លាច​ឬ​គេច​ពី​ការ​សាក​ល្បង​នៃ​ជំនឿ​របស់​យើង​នោះ​ឡើយ។ គាត់​បាន​សរសេរ​ថា៖ «អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្ដិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេង​ៗ​ក៏​ដោយ ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្ដិ៍​ឈ្មោះ នឹង​សិរី​ល្អ ក្នុង​កាល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​ទ្រង់​លេច​មក»។ (ពេត្រុស​ទី​១ ១:៦, ៧) ពាក្យ​ទាំង​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ណាស់ ពី​ព្រោះ«សេចក្ដី​វេទនា​ជា​ខ្លាំង»—គ្រា​នៃ​ការ​សរសើរ សិរី​ល្អ សេចក្ដី​ថ្លៃ​ថ្នូរ និង​ការ​រួច​រស់—គឺ​កាន់​តែ​ជិត​មក​ដល់ ជាង​មនុស្ស​ខ្លះ​គិត​ទៅ​ទៀត ហើយ​កាន់​តែ​ជិត​ជាង​ពេល​ដែល​យើង​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ផង។—ម៉ាថាយ ២៤:២១; រ៉ូម ១៣:១១, ១២

៤. តើ​បង​ប្រុស​ម្នាក់​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​សាក​ល្បង ដែល​គាត់​និង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ឯ​ទៀត​កំពុង​តែ​ពិសោធ​នោះ?

៤ នៅ​ក្នុង​អត្ថបទ​មុន​នេះ យើង​បាន​ពិនិត្យ​មើល​ការ​សាក​ល្បង ដែល​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​បាន​ប្រឈម​មុខ​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ។ តើ​នេះ​បាន​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរនោះ​ទេ? បង​ប្រុស​អាលេក្សានដឺ ម៉ាក់មីល្លិន បាន​ឲ្យ​ទស្សនៈ​នេះ​ថា៖ «ខ្ញុំ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​មាន​មក​លើ​អង្គការ និង​ការ​សាក​ល្បង​នៃ​ជំនឿ​នៃ​ពួក​អ្នក​ដែល​នៅ​ក្នុង​នោះ។ ដោយ​មាន​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ អង្គការ​នេះ​បាន​បន្ត​រីក​ចំរើន​ទៅ​ទៀត។ ខ្ញុំ​បាន​ឃើញ​ថា ជា​ការ​មាន​ប្រាជ្ញា​ដោយ​រង់​ចាំ​ព្រះ​យេហូវ៉ា​យ៉ាង​អត់​ធ្មត់ ដើម្បី​បំភ្លឺ​ឲ្យ​យើង​យល់​ដឹង​របស់​ខាង​ព្រះ​គម្ពីរ ជា​ជាង​នឹង​តូច​ចិត្ត​ដោយ​គំនិត​ថ្មី​នោះ។ . . . មិន​ថា​មាន​ការ​កែ​តម្រង់​អ្វី​ក៏​ដោយ ក្នុង​ទស្សនៈ​របស់​យើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ នោះ​នឹង​មិន​ផ្លាស់​ប្ដូរ​នូវ​សំ​វិធានការ​ដ៏​មេត្ដា​ករុណា​នៃ​ការ​លោះ និង​សេចក្ដី​សន្យា​របស់​ព្រះ​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច​ឡើយ។ ដូច្នេះ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ជំនឿ​របស់​យើង​ទៅ​ជា​ខ្សោយ ដោយ​ការ​ទន្ទឹង​ចាំ​ដ៏​ឥត​បាន​សម្រេច​ឬ​ការ​ផ្លាស់​ប្ដូរ​ខាង​ទស្សនៈ​នោះ​ឡើយ»។—ប៉ម​យាម ១៥ សីហា ១៩៦៦ ទំព័រ ៥០៤។

៥. (ក) តើ​មាន​ផល​ប្រយោជន៍​អ្វី ពី​ពេល​ដែល​ពួក​ពួក​សំណល់​បាន​ពិសោធ​នឹង​ការ​សាក​ល្បង​នោះ? (ខ) ហេតុ​អ្វី​ក៏​រឿង​នេះ​ទាក់​ទង​នឹង​យើង​ឥឡូវ​នេះ?

៥ ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង ដែល​បាន​រួច​រស់​ជីវិត​ពី​គ្រា​នៃ​ការ​សាក​ល្បង​នៅ​ឆ្នាំ​១៩១៤​-​១៩ បាន​ត្រូវ​រួច​ផុត​ពី​ឥទ្ធិពល​ដ៏​ជិះ​ជាន់​នៃ​លោកីយ៍​នេះ ហើយ​រួច​ផុត​ពី​ការ​ប្រព្រឹត្ត​ខាង​សាសនា​ដែល​មាន​សភាព​ដូច​បាប៊ីឡូន។ ពួក​អ្នក​សំណល់​បាន​បន្ត​ទៅ​មុខ ជា​មនុស្ស​ដែល​បាន​ស្អាត​ហើយ​បាន​សម្រង់ ដោយ​ស្ម័គ្រ​ចិត្ត​ធ្វើ​យញ្ញ​បូជា​សរសើរ​ព្រះ ហើយ​មាន​ការ​ធានា​រ៉ាប់​រង​ថា ជា​មនុស្ស​មួយ​ក្រុម គេ​មាន​ការ​យល់​ព្រម​ពី​ព្រះ។ (អេសាយ ៥២:១១; កូរិនថូស​ទី​២ ៦:១៤​-​១៨) ការ​ជំនុំ​ជំរះ​បាន​ចាប់​ផ្ដើម​ឡើង​ជា​មួយ​ដំណាក់​របស់​ព្រះ ប៉ុន្តែ​នឹង​មិន​បាន​សម្រេច​នៅ​គ្រា​តែ​មួយ​នោះ​ទេ។ ការ​សាក​ល្បង​និង​ការ​សម្រាំង​នៃ​រាស្ត្រ​របស់​ព្រះ​គឺ​មាន​ជា​បន្ត។ អស់​ពួក​អ្នក​ដែល​សង្ឃឹម​ឲ្យ​រួច​រស់​ជីវិត​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង»ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ ដើម្បី​ឲ្យ​បាន​ជា​ផ្នែក​នៃ«ហ្វូង​ធំ» នោះ​ជំនឿ​របស់​គេ​ក៏​កំពុង​តែ​សាក​ល្បង​ដែរ។ (វិវរណៈ ៧:៩, ១៤) នេះ​កំពុង​តែ​ធ្វើ​ឡើង​តាម​របៀប​ដូច​គ្នា​នឹង​អ្វី​ដែល ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​បាន​ប្រឈម​មុខ​ដែរ។

តើ​អ្នក​នឹង​បាន​ត្រូវ​សាក​ល្បង​តាម​របៀប​ណា?

៦. តើ​ការ​សាក​ល្បង​ដ៏​ខ្លាំង​បែប​ណា ដែល​មនុស្ស​ជា​ច្រើន​បាន​ពិសោធ​នោះ?

៦ ពួក​គ្រីស្ទាន​ជា​ច្រើន​បាន​គិត​អំពី​ការ​ពិបាក​នៃ​ការ​ស៊ូ​ទ្រាំ​នឹង​ការ​សាក​ល្បង ដែល​មាន​តាម​រយៈ​ការ​ប្រយុទ្ធ​ចំ​ៗ។ គេ​បាន​ចាំ​របាយការណ៍​នេះ​ថា៖ «[មេ​ដឹក​នាំ​យូដា]កាល​បាន​ហៅ​ពួក​សាវ័ក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាមឃាត់​មិន​ឲ្យ​និយាយ​ពី​ព្រះ​នាម​ព្រះ​យេស៊ូ​ទៀត រួច​លែង​ឲ្យ​ទៅ ពួក​សាវ័ក​ក៏​ចេញ​ពី​ពួក​ក្រុម​ជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ​នាម​ទ្រង់»។ (កិច្ច​ការ ៥:៤០, ៤១) ហើយ​ប្រវត្ដិសាស្ត្រ​នៃ​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​ទំនើប​នេះ ជា​ពិសេស​នៅ​កំឡុង​សង្គ្រាម​ពិភព​លោក ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន គឺ​ពិត​ជា​មាន​គេ​វាយ នៅ​ក្រោម​កណ្ដាប់​ដៃ​នៃ​ពួក​បៀត​បៀន​ដ៏​អាក្រក់​ជាង​នោះ​ទៅ​ទៀត។

៧. តើ​ដល់​កំរិត​ណា​ដែល​ពួក​គ្រីស្ទាន​ខ្លះ​នៅ​សម័យ​ទំនើប​នេះ​បាន​សម្ដែង​ជំនឿ​របស់​គេ​នោះ?

៧ បើ​ស្តី​អំពី​ការ​បៀត​បៀន​មក​លើ​គ្រីស្ទាន​នោះ គឺ​លោកីយ៍​ឥត​សម្គាល់​ថា​អ្នក​ណា​ជា​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ ហើយ​និង​ហ្វូង​ធំ​នៃ«ចៀម​ឯ​ទៀត»ឡើយ។ (យ៉ូហាន ១០:១៦) ជា​ច្រើន​ឆ្នាំ​កន្លង​មក សមាជិក​នៃ​ក្រុម​ទាំង​ពីរ​បាន​ត្រូវ​សាក​ល្បង​យ៉ាង​ខ្លាំង​ដោយ​ការ​ជាប់​គុក ហើយ​ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​សេចក្ដី​ស្លាប់​ផង ដោយ​ព្រោះ​គេ​ស្រឡាញ់​ព្រះ​និង​ជឿ​លើ​ទ្រង់។ ក្រុម​ទាំង​ពីរ​ត្រូវ​ការ​វិញ្ញាណ​របស់​ព្រះ មិន​ថា​គេ​មាន​សេចក្ដី​សង្ឃឹម​ខាង​ណា​ក៏​ដោយ។ (ប្រៀប​ធៀប ប៉ម​យាម ១៥ មិថុនា ១៩៩៦ ទំព័រ ៣១) ក្នុង​កំឡុង​ទសវត្ស​នៃ​ឆ្នាំ​១៩៣០​និង​ឆ្នាំ​១៩៤០ នៅ​ប្រទេស​អាល្លឺម៉ង់​របប​ណាត្ស៊ី ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់ រួម​ទាំង​កូន​ក្មេង បាន​បង្ហាញ​ជំនឿ​យ៉ាង​អស្ចារ្យ ហើយ​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​សាក​ល្បង​យ៉ាង​ខ្លាំង​មែន​ទែន។ នៅ​ពេល​ថ្មី​ៗ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ជួប​ការ​សាក​ល្បង​ដោយ​ការ​បៀត​បៀន នៅ​ស្រុក​ដូច​ជា ប្រទេស​ប៊ុរុនឌី ប្រទេស​អ៊ីរីទ្រា ប្រទេស​អេស្យូពី ប្រទេស​ម៉ាឡាវី ប្រទេស​ម៉ូសាំប៊ីក ប្រទេស​រ្វ៉ាន់ដា ប្រទេស​សិង្ហបូរី និង​ប្រទេស​សៃអៀរ។ ហើយ​ការ​សាក​ល្បង​បែប​នេះ​គឺ​មាន​ជា​បន្ត។

៨. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ថ្លែង​របស់​បង​ប្រុស​ជាតិ​អាហ្វ្រិក​ម្នាក់ បង្ហាញ​ថា ការ​សាក​ល្បង​ជំនឿ​របស់​យើង​ទាក់​ទង​អ្វី​ច្រើន​ទៀត មិន​គ្រាន់​តែ​ឲ្យ​យើង​អត់​ធន់​នឹង​ការ​បៀត​បៀន​ដោយ​គេ​វាយ​នោះ​ទេ?

៨ ប៉ុន្តែ ដូច​ជា​បាន​កត់​សម្គាល់​មក​ហើយ ជំនឿ​របស់​យើង​ក៏​កំពុង​តែ​ត្រូវ​សាក​ល្បង​តាម​ឧបាយ​កល​ដែរ។ ការ​សាក​ល្បង​ខ្លះ​គឺ​មិន​មាន​ចំ​ៗ ហើយ​មិន​សូវ​ស្រួល​សម្គាល់​ទេ។ សូម​ពិចារណា​នូវ​របៀប​ដែល​អ្នក​នឹង​ប្រព្រឹត្ត​ក្រោម​ស្ថានការណ៍​ខ្លះ​ៗ។ បង​ប្រុស​ម្នាក់​នៅ​ប្រទេស​អង់ហ្គោឡា ដែល​មាន​កូន​ដប់​នាក់​បាន​នៅ​ក្នុង​ក្រុម​ជំនុំ ដែល​ក្នុង​គ្រា​មួយ​រយៈ ឥត​មាន​ការ​ទាក់​ទង​ជា​មួយ​នឹង​បង​ប្អូន​ដែល​មើល​ថែ​រក្សា​នោះ​ទេ។ ក្រោយ​មក អ្នក​ដទៃ​អាច​ទៅ​លេង​ក្រុម​ជំនុំ​នោះ។ គេ​បាន​សួរ​គាត់​នូវ​របៀប​ដែល​គាត់​ចាត់​ចែង​ចិញ្ចឹម​គ្រួសារ​របស់​គាត់។ នេះ​មិន​មែន​ជា​អ្វី​ដ៏​ស្រួល​ឲ្យ​គាត់​ឆ្លើយ​នោះ​ទេ ហើយ​គាត់​អាច​គ្រាន់​តែ​និយាយ​ថា ស្ថានការណ៍​នោះ​គឺ​ពិបាក​ណាស់។ តើ​គាត់​អាច​ចិញ្ចឹម​រក​អាហារ​ឲ្យ​កូន​របស់​គាត់​មួយ​ថ្ងៃ​ៗ​នោះ​ទេ? គាត់​បាន​តប​ឆ្លើយ​ថា៖ «បាទ គឺ​ពិបាក​ណាស់។ យើង​បាន​ចេះ​ចិញ្ចឹម​ខ្លួន ដោយ​អ្វី​ដែល​យើង​មាន»។ រួច​មក ដោយ​សម្លេង​ដ៏​មាន​ជំនឿ​ស៊ប់ គាត់​បាន​និយាយ​ថា៖ «ប៉ុន្តែ តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ដឹង​ថា ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ទេ​ឬ»? ជំនឿ​បែប​នេះ​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ​ណាស់​ក្នុង​លោកីយ៍​នេះ ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ចម្លែក​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​នោះ​ទេ ដែល​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ថា សេចក្ដី​សន្យា​អំពី​ព្រះ​រាជាណាចក្រ​នឹង​បាន​ត្រូវ​សម្រេច។

៩. តើ​តាម​របៀប​ណា​ដែល​យើង​បាន​ត្រូវ​សាក​ល្បង ដែល​ទាក់​ទង​នឹង​កូរិនថូស​ទី​១ ១១:៣?

៩ ពួក​ហ្វូង​ធំ​ក៏​កំពុង​តែ​បាន​ត្រូវ​សាក​ល្បង​ដែរ ដែល​ទាក់​ទង​នឹង​ទម្រង់​ការណ៍​ខាង​ព្រះ​ធិបតេយ្យ។ ក្រុម​ជំនុំ​គ្រីស្ទាន​ពាស​ពេញ​ពិភព​លោក គឺ​កំពុង​តែ​ដឹក​នាំ​ដោយ​គោល​ការណ៍​របស់​ព្រះ និង​ខ្នាត​តម្រា​ខាង​ព្រះ​ធិបតេយ្យ។ ជា​ដំបូង នេះ​តម្រូវ​ឲ្យ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​មេ​ដឹក​នាំ ជា​បុគ្គល​ដែល​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ១១:៣) ការ​ចុះ​ចូល​ដ៏​ស្ម័គ្រ​ជា​មួយ​នឹង​ទ្រង់​និង​ព្រះ​វរបិតា​របស់​ទ្រង់ គឺ​បង្ហាញ​ឲ្យ​ឃើញ​តាម​ជំនឿ​របស់​យើង ក្នុង​ការ​តែង​តាំង​ខាង​ព្រះ​ធិបតេយ្យ និង​សេចក្ដី​សម្រេច​ដែល​ទាក់​ទង នឹង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គីភាព។ ថែម​ទៀត​នោះ ក្នុង​ក្រុម​ជំនុំ​ក្នុង​តំបន់​និមួយ​ៗ គឺ​មាន​ពួក​បុរស​ដែល​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ។ ពួក​គេ​ជា​បុរស​ដែល​ឥត​គ្រប់ល័ក្ខណ៍ ដែល​មាន​កំហុស​ដ៏​ស្រួល​មើល​ឃើញ។ ប៉ុន្តែ​យើង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​គោរព​អ្នក​មើល​ខុស​ត្រូវ​បែប​នេះ ហើយ​ឲ្យ​ចុះ​ចូល​នឹង​ពួក​គេ​ដែរ។ (ហេព្រើរ ១៣:៧, ១៧) តើ​អ្នក​មាន​ការ​ពិបាក​ធ្វើ​បែប​នេះ​នៅ​ពេល​ខ្លះ​ឬ? តើ​នេះ​ពិត​ជា​ការ​សាក​ល្បង​សំរាប់​អ្នក​ឬ? ប្រសិន​ជា​ដូច្នេះ តើ​អ្នក​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​ការ​សាក​ល្បង​ជំនឿ​របស់​អ្នក​ឬ​ទេ?

១០. តើ​ការ​សាក​ល្បង​អ្វី​ដែល​យើង​ប្រឈម​មុខ ដែល​ស្តី​អំពី​កិច្ច​បំរើ​ផ្សាយ?

១០ យើង​ក៏​បាន​ត្រូវ​សាក​ល្បង​ដែល​ទាក់​ទង​នឹង​ឯកសិទ្ធិ​និង​សេចក្ដី​តម្រូវ ក្នុង​ការ​ទៅ​ផ្សាយ​ប្រកាស​ជា​រឿយ​ៗ​នោះ​ដែរ។ បើ​យើង​ចង់​ជាប់​ការ​សាក​ល្បង​នេះ យើង​ត្រូវ​តែ​ដឹង​ថា ការ​ចូល​រួម​ដ៏​ពេញ​លេញ​ក្នុង​ការ​ផ្សាយ គឺ​ទាក់​ទង​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ការ​ផ្សាយ​បន្ដិច​បន្តួច​នោះ​ទេ។ សូម​រំឭក​ឡើង​វិញ​នូវ​ពាក្យ​បន្ទូល​ដ៏​យល់​ព្រម​របស់​ព្រះ​យេស៊ូ អំពី​ស្ត្រី​មេម៉ាយ​ដ៏​ក្រ​ខ្សត់​ម្នាក់​ដែល​បាន​ឲ្យ​របស់​ដែល​នាង​មាន។ (ម៉ាកុស ១២:៤១​-​៤៤) យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ប្រគល់​ខ្លួន​ក្នុង​ការ​ផ្សាយ​ស្រដៀង​នេះ​ឬ​ទេ›? យើង​គ្រប់​គ្នា​ត្រូវ​ធ្វើ​ជា​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ម៉ោង ដោយ​ប្រុង​ប្រៀប​ក្នុង​គ្រប់​ឱកាស ដើម្បី​ឲ្យ​ពន្លឺ​របស់​យើង​បាន​ភ្លឺ​ឡើង។—ម៉ាថាយ ៥:១៦

១១. តើ​តាម​របៀប​ណា​ដែល​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​យល់​ឬ​ឱវាទ​លើ​ចរិយា​ជា​ការ​សាក​ល្បង​មួយ?

១១ ការ​សាក​ល្បង​មួយ​ទៀត​ដែល​យើង​អាច​ប្រឈម​មុខ​នោះ ទាក់​ទង​ត្រឹម​ណា​ដែល​យើង​អបអរ​ចំពោះ​ពន្លឺ​ដែល​បាន​បង្កើន​លើ​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ ហើយ​និង​ចំពោះ​ឱវាទ​ដែល​បាន​ផ្ដល់​មក​ដោយ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់។ (ម៉ាថាយ ២៤:៤៥) នៅ​ពេល​ខ្លះ​នេះ​តម្រូវ​ឲ្យ​មាន​កែ​តម្រង់​នូវ​ចរិយា​ផ្ទាល់​ខ្លួន ដូច​ជា​នៅ​ពេល​ដែល​ដឹង​ច្បាស់​ថា អស់​អ្នក​ដែល​ប្រើ​ថ្នាំ​ជក់​នឹង​ត្រូវ​ឲ្យ​ឈប់ ប្រសិន​បើ​គេ​ចង់​នៅ​ក្នុង​ក្រុម​ជំនុំ។a (កូរិនថូស​ទី​២ ៧:១) ឬ​ក៏​ការ​សាក​ល្បង​ប្រហែល​ទាក់​ទង​នឹង​ការ​កែ​តម្រូវ​នូវ​ប្រភេទ​ភ្លេង​ដែល​យើង​ចូល​ចិត្ត​ស្ដាប់ ឬ​គ្រឿង​កំសាន្ត​ណា​មួយ​ដែរ។b តើ​យើង​នឹង​សង្ស័យ​ថា​ឱវាទ​ដែល​បាន​ផ្ដល់​ឲ្យ​នោះ​គ្មាន​ប្រយោជន៍​ឬ? ឬ​ក៏ តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​ព្រះ បំពាក់​បំប៉ន​គំនិត​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ប្រដាប់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី?—អេភេសូរ ៤:២០​-​២៤; ៥:៣​-​៥

១២. តើ​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​ពង្រឹង​ជំនឿ ក្រោយ​ពី​បុគ្គល​ម្នាក់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក?

១២ ជា​ច្រើន​ទសវត្ស​មក​ហើយ ចំនួន​នៃ​ពួក​ហ្វូង​ធំ​បាន​រីក​ចំរើន ហើយ​ក្រោយ​ពី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក គេ​កំពុង​តែ​បន្ត​ពង្រឹង​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ នេះ​ទាក់​ទង​ច្រើន​ទៀត មិន​គ្រាន់​តែ​មក​ឯ​សន្និបាត​គ្រីស្ទាន ទៅ​កិច្ច​ប្រជុំ​ខ្លះ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ ឬ​ទៅ​ធ្វើ​កិច្ច​ផ្សាយ​បំរើ​យូរ​ៗ​ម្ដង​នោះ​ឡើយ។ ជា​ឧទាហរណ៍៖ បុគ្គល​ម្នាក់​ប្រហែល​ជា​នៅ​ខាង​ក្រៅ​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត ប៉ុន្តែ តើ​គាត់​ពិត​ជា​បាន​ទុក​វា​ចោល​ហើយ​ឬ​ទេ? តើ​គាត់​នៅ​តោង​នឹង​អ្វី​ៗ​ដែល​បង្ហាញ​នូវ​គំនិត​របស់​បាប៊ីឡូន​ដ៏​ធំ—ដែល​ជា​អាកប្បកិរិយា​ដែល​មើល​ងាយ​ដល់​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​ឬ? តើ​គាត់​ចាត់​ទុក​សីលធម៌​និង​សេចក្ដី​ស្មោះ​ត្រង់​ខាង​អាពាហ៍ពិពាហ៍​ជា​អ្វី​ដ៏​ឥត​សំខាន់​ឬ? តើ​គាត់​ចាត់​ទុក​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​វត្ថុ​ខាង​សាច់​ឈាម ជា​អ្វី​ដែល​សំខាន់​ជាង​ប្រយោជន៍​ខាង​វិញ្ញាណ​ឬ? ត្រូវ​ហើយ តើ​គាត់​បាន​រក្សា​ខ្លួន​ឲ្យ​ឥត​ប្រឡាក់​ពី​លោកីយ៍​នេះ​ឬ?—យ៉ាកុប ១:២៧

ផល​ប្រយោជន៍​ពី​ជំនឿ​ដែល​បាន​សាក​ល្បង​ហើយ

១៣, ១៤. តើ​អ្នក​ខ្លះ​បាន​ប្រព្រឹត្ត​អ្វី ក្រោយ​ពី​បាន​ចាប់​ផ្ដើម​តាម​ផ្លូវ​នៃ​ការ​ថ្វាយ​បង្គំ​ពិត?

១៣ ប្រសិន​បើ​យើង​ពិត​ជា​បាន​រត់​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ ហើយ​ចេញ​ពី​លោកីយ៍​នេះ​ដែរ ចូរ​កុំ​ឲ្យ​យើង​ក្រឡេក​មើល​របស់​ខាង​ក្រោយ​យើង​វិញ។ ស្រប​នឹង​គោល​ការណ៍​នៅ​លូកា ៩:៦២​នោះ អ្នក​ណា​មួយ​ដែល​មើល​មក​ក្រោយ អាច​បាត់​បង់​សិទ្ធិ​ជា​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ»។

១៤ ប៉ុន្តែ អ្នក​ខ្លះ​ដែល​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​នៅ​ពេល​មុន បាន​បណ្ដោយ​ឲ្យ​ខ្លួន​គេ​ធ្វើ​តាម​របប​លោកីយ៍​នេះ។ គេ​មិន​បាន​ត​ទល់​នឹង​វិញ្ញាណ​នៃ​លោកីយ៍​នេះ​ទេ។ (ពេត្រុស​ទី​២ ២:២០​-​២២) ការ​រំខាន​ផ្សេង​ៗ​ដោយ​លោកីយ៍​បាន​ស្រូប​យក​អារម្មណ៍​និង​ពេល​វេលា​របស់​គេ ជា​លទ្ធផល​បាន​បង្អាក់​នូវ​ការ​រីក​ចំរើន​របស់​គេ។ ជា​ជាង​រក្សា​ចិត្ត​គំនិត​របស់​គេ​ជាប់​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ឲ្យ​បាន​មាំ​មួន​និង​សេចក្ដី​សុចរិត​របស់​ទ្រង់ ដោយ​ចាត់​ទុក​អ្វី​បែប​នេះ​ជា​សំខាន់​ក្នុង​ជីវិត គេ​បាន​បែរ​ក្រោយ​ដើម្បី​ទៅ​ស្វែង​រក​បំណង​ខាង​វត្ថុ​និយម។ បើ​គេ​នឹង​មិន​ទទួល​ស្គាល់​ថា គេ​មាន​ជំនឿ​ខ្សោយ​និង​សភាព​មិន​សូវ​កក់​ក្ដៅ​នោះ ហើយ​មិន​ព្រម​កែ​ប្រែ​ដំណើរ​របស់​គេ នោះ​គេ​អាច​មាន​គ្រោះ​ថ្នាក់​នូវ​ការ​បាត់​បង់​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ ជា​មួយ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់។—វិវរណៈ ៣:១៥​-​១៩

១៥. តើ​ត្រូវ​ការ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យល់​ព្រម​ទទួល​ស្គាល់​យើង​នោះ?

១៥ ដើម្បី​ឲ្យ​ព្រះ​ទទួល​យល់​ព្រម​នឹង​យើង ហើយ​ឲ្យ​មានលទ្ធភាព​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​កំពុង​តែ​មក​នោះ គឺ​ស្រេច​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ស្អាត​បាត ដោយ​ទុក​អាវ​របស់​យើង‹បោក​ស្អាត​ដោយ​ឈាម​របស់​កូន​ចៀម›។ (វិវរណៈ ៧:៩​-​១៤; កូរិនថូស​ទី​១ ៦:១១) ប្រសិន​បើ​យើង​មិន​រក្សា​ជំហរ​ឲ្យ​ស្អាត ឲ្យ​សុចរិត​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ នោះ​ប្រហែល​ជា​ទ្រង់​ឥត​យល់​ព្រម​នឹង​កិច្ច​បំរើ​បរិសុទ្ធ​របស់​យើង​ទេ។ យ៉ាង​ប្រាកដ​ហើយ យើង​គ្រប់​គ្នា​ត្រូវ​ឲ្យ​ដឹង​ថា គុណ​ភាព​នៃ​ជំនឿ​ដែល​បាន​សាក​ល្បង​ហើយ នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ហើយ​ជៀស​វាង​អ្វី​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ។

១៦. ក្នុង​របៀប​ណា​ដែល​ពាក្យ​កុហក បង្ហាញ​ទៅ​ជា​ការ​សាក​ល្បង​នៃ​ជំនឿ​របស់​យើង?

១៦ នៅ​ពេល​ខ្លះ សារ​ពត៌មាន​និង​អាជ្ញាធរ​ខាង​លោកីយ៍ បាន​ក្លែង​និយាយ​បង្ខូច​រាស្ត្រ​របស់​ព្រះ ដោយ​និយាយ​មិន​ល្អ​អំពី​ជំនឿ​ខាង​គ្រីស្ទាន​និង​របៀប​រស់​នៅ​ជា​គ្រីស្ទាន​របស់​យើង។ នេះ​មិន​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​នោះ​ទេ ដ្បិត​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​ថា ‹លោកីយ៍​នឹង​ស្អប់​យើង ដោយ​ព្រោះ​យើង​គ្មាន​ចំណែក​នឹង​វា›។ (យ៉ូហាន ១៧:១៤) តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​បាន​ស្រពិល​ភ្នែក​ដោយ​សាតាំង​នោះ មក​ធ្វើ​ឲ្យ​យើង​ខ្លាច​ហើយ​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ហើយ​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​នឹង​ដំណឹង​ល្អ​ឬ? តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ពាក្យ​កុហក​អំពី​សេចក្ដី​ពិត មាន​ឥទ្ធិពល​លើ​ការ​មក​ប្រជុំ​និង​សកម្មភាព​ផ្សាយ​របស់​យើង​ឬ? ឬ​ក៏​តើ​យើង​នឹង​នៅ​មុត​មាំ ហើយ​ឲ្យ​បាន​ក្លាហាន​ដោយ​ប្ដេជ្ញា​ចិត្ត ដើម្បី​បន្ត​ផ្សាយ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់?

១៧. តើ​ការ​ធានា​រ៉ាប់​រង​អ្វី​ដែល​អាច​ជំរុញ​យើង​ឲ្យ​បន្ត​ក្នុង​ការ​បង្ហាញ​ជំនឿ?

១៧ យោង​ទៅ​តាម​ទំនាយ​ព្រះ​គម្ពីរ​ដែល​បាន​សម្រេច​ហើយ នោះ​ឥឡូវ​នេះ​យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​បញ្ចប់។ ការ​ទន្ទឹង​ចាំ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​ដែល​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ គឺ​ប្រាកដ​ជា​នឹង​ក្លាយ​ទៅ​ជា​សេចក្ដី​ពិត​ដ៏​រីករាយ​មួយ។ ទំរាំ​ពេល​នោះ​មក​ដល់ សូម​ឲ្យ​យើង​មាន​ជំនឿ​ដ៏​មាំ​មួន​លើ​បន្ទូល​របស់​ព្រះ ហើយ​បង្ហាញ​ជំនឿ​យើង ដោយ​មិន​អន់​ថយ​ខាង​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​នៅ​ក្នុង​ពិភព​លោក។ សូម​គិត​អំពី​ពួក​សិស្ស​ជា​ច្រើន​ពាន់​នាក់​ដែល​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​រៀង​រាល់​សប្ដាហ៍។ តើ​នេះ​មិន​មែន​ជា​មូលហេតុ​ល្អ​សំរាប់​ឲ្យ​យើង​អបអរ​ថា ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់ អាច​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ជា​ច្រើន​ទេ​ឬ? តើ​យើង​មិន​អរ ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​បន្ត​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​នេះ​ទេ​ឬ? ហើយ​តើ​យើង​មិន​សប្បាយ​ថា មនុស្ស​ជា​ច្រើន​លាន​នាក់​អាច​ទទួល​សេចក្ដី​ពិត ហើយ​បង្ហាញ​ឲ្យ​ឃើញ​ជំនឿ​របស់​គេ​ឬ​ទេ?

១៨. តើ​អ្វី​ជា​ការ​តាំង​ចិត្ត​របស់​អ្នក ចំពោះ​ការ​បំរើ​ព្រះ​យេហូវ៉ា?

១៨ ដែល​គ្រា​សាក​ល្បង​ជំនឿ​របស់​យើង​នឹង​មាន​ប៉ុន​ណា​ទៅ​ទៀត នោះ​យើង​មិន​អាច​និយាយ​បាន​ទេ។ ប៉ុន្តែ អ្វី​មួយ​ជា​ប្រាកដ គឺ​ថា៖ ព្រះ​យេហូវ៉ា​បាន​កត់​ទុក​ថ្ងៃ​នៃ​ការ​ប្រហារ​ជំនុំ​ជំរះ លើ​ផ្ទៃ​មេឃ​និង​ផែនដី​ដ៏​អាក្រក់​នេះ។ នៅ​ពេល​ចន្លោះ​នោះ សូម​ឲ្យ​យើង​តាំង​ចិត្ត​ដើម្បី​យក​តម្រាប់​តាម​ជំនឿ​ដែល​មាន​គុណ​ភាព​ដ៏​អស្ចារ្យ​ដោយ​បាន​សាក​ល្បង​នោះ ដែល​បាន​សម្ដែង​ដោយ​ព្រះ​យេស៊ូ ដែល​ជា​អ្នក​បំពេញ​ជំនឿ​របស់​យើង។ ហើយ​សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ ដែល​មាន​អាយុ​ចាស់​ទៅ​ហើយ​នេះ ហើយ​ចំពោះ​អស់​អ្នក​ដែល​បំរើ​យ៉ាង​ក្លាហាន​ក្នុង​ចំណោម​យើង។

១៩. តើ​អ្វី​ដែល​អ្នក​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា​នឹង​ឈ្នះ​លោកីយ៍​នេះ​បាន?

១៩ យើង​ត្រូវ​តែ​តាំង​ចិត្ត​ប្រកាស​ដោយ​ឥត​ឈប់​ឈរ​នូវ​ដំណឹង​ល្អ​ដ៏​អស់​កល្ប​ជា​និច្ច ដល់​គ្រប់​ទាំង​សាសន៍ កុលសម្ព័ន្ធ ភាសា និង​មនុស្ស ដែល​យើង​ធ្វើ​កិច្ច​ការ​នេះ​រួម​ជា​មួយ​ទេវតា​ដែល​ហោះហើរ​នៅ​លើ​ផ្ទៃ​មេឃ។ សូម​ឲ្យ​គេ​ឮ​សេចក្ដី​ប្រកាស​របស់​ទេវតា​ថា៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ»។ (វិវរណៈ ១៤:៦, ៧) នៅ​ពេល​ដែល​ព្រះ​ប្រហារ​សេចក្ដី​ជំនុំ​ជំរះ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា ដែល​ស្តី​អំពី​គុណ​ភាព​ជំនឿ​របស់​យើង​ដែល​បាន​សាក​ល្បង​នោះ? តើ​នេះ​នឹង​ធ្វើ​ជា​ជ័យ​ជំនះ​ទេ​ឬ—ការ​សង្គ្រោះ​ចេញ​ពី​របប​លោកីយ៍​នៅ​បច្ចុប្បន្ន​នេះ ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​នោះ? ដោយ​ស៊ូ​ទ្រាំ​នឹង​ការ​សាក​ល្បង​នៃ​ជំនឿ​របស់​យើង យើង​នឹង​អាច​និយាយ​ដូច​សាវ័ក​យ៉ូហាន​ដែរ​ថា៖ «នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យ​ជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្ដី​ជំនឿ​របស់​យើង»។—យ៉ូហាន​ទី​១ ៥:៤

[កំណត់​សម្គាល់]

a សូម​មើល​ប៉ម​យាម ១ មិថុនា ១៩៧៣ ទំព័រ ៣៣៦​-​៤៣, និង ១ កក្កដា ១៩៧៣ ទំព័រ ៤០៩​-​១១។

b សូម​មើល​ប៉ម​យាម ១៥ កក្កដា ១៩៨៣ ទំព័រ ២៧​-​៣១។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​ការ​សាក​ល្បង​ជំនឿ​របស់​យើង អាច​បណ្ដាល​ឲ្យ​មាន​អំណរ?

◻ តើ​អ្វី​ជា​ការ​សាក​ល្បង​ខ្លះ​នៃ​ជំនឿ​របស់​យើង ដែល​មិន​អាច​ឃើញ​បាន​យ៉ាង​ស្រួល?

◻ តើ​តាម​របៀប​ណា​ដែល​យើង​ទទួល​ប្រយោជន៍​ជា​ស្ថាពរ ដោយ​ឈ្នះ​លើ​ការ​សាក​ល្បង​នៃ​ជំនឿ​របស់​យើង?

[រូប​ភាព​នៅ​ទំព័រ​២៩]

អាលេក្សានដឺ ម៉ាក់មីល្លិន (នៅ​មុខ​ហើយ​ខាង​ឆ្វេង) នៅ​គ្រា​ដែល​គាត់​និង​សមាជិក​នៃ​សមាគម​ប៉ម​យាម​បាន​ត្រូវ​ជាប់​គុក​ដោយ​អយុត្ដិធម៌

គណៈ​ប្រតិភូ​នៅ​ឯ​មហា​សន្និបាត​នៅ រដ្ឋ​មីស៊ីហ្គិន ឌីត្រូត ឆ្នាំ​១៩២៨

ក្នុង​ឆ្នាំ​ចុង​ក្រោយ​ក៏​នៅ​តែ​បង្ហាញ​ជំនឿ​ដែរ

[រូប​ភាព​នៅ​ទំព័រ​៣១]

ដូច​គ្រួសារ​នេះ ពួក​គ្រីស្ទាន​ជា​ច្រើន​ក្នុង​ទ្វីប​អាហ្វ្រីក បាន​បង្ហាញ​នូវ​គុណ​ភាព​នៃ​ជំនឿ​ដែល​បាន​សាក​ល្បង​ហើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក