បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៦ ទំ. ២៨-៣២
  • បង្រៀនដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បង្រៀនដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូល
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ធ្វើ​ជា​អ្នក​ស្ដាប់​ល្អ
  • តម្លៃ​នៃ​ភាព​ស្រួលបួល
  • ការ​ប្រើ​សំនួរ​ដោយ​ប្រសិទ្ធិភាព
  • ពាក្យ​ប្រៀប​ប្រដូច​ដែល​ជំរុញ​ចិត្ត
  • ការ​អាន​បទ​គម្ពីរ​ដោយ​ការ​ប៉ិន​ប្រសប់
  • ចូរយកតម្រាប់តាមអ្នកបង្រៀនដ៏ឧត្តម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ‹ទ្រង់មិនបានមានបន្ទូលនឹងគេ ដោយឥតប្រើរឿងប្រៀបប្រដូចទេ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • វិធីបីដែលអ្នកអាចបង្កើន សមត្ថភាពបង្រៀន
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៦ ទំ. ២៨-៣២

បង្រៀន​ដោយ​ការ​យល់​ធ្លុះ​និង​ភាព​បញ្ចុះ​បញ្ចូល

«ចិត្ត​របស់​មនុស្ស​ប្រាជ្ញ នោះ​ធ្វើ​ឲ្យ​មាត់​របស់​ខ្លួន​មាន​ការ​យល់​ធ្លុះ ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ភាព​បញ្ចុះ​បញ្ចូល​ផង។»—សុភាសិត ១៦:២៣, ព.ថ.

១. ហេតុ​អ្វី​បាន​ជា​ការ​បង្រៀន​បន្ទូល​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ការ​ផ្ដល់​នូវ​ពត៌មាន?

គោល​បំណង​របស់​យើង​ក្នុង​នាម​ជា​គ្រូ​បង្រៀន​នៃ​បន្ទូល​របស់​ព្រះ មិន​គ្រាន់​តែ​ដើម្បី​បំភ្លឺ​គំនិត​នៃ​ពួក​សិស្ស​របស់​យើង​ទេ ប៉ុន្តែ​ចិត្ត​របស់​គេ​ផង​ដែរ។ (អេភេសូរ ១:១៨) ដូច្នេះ ការ​បង្រៀន​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ការ​ឲ្យ​ពត៌មាន។ សុភាសិត ១៦:២៣, ព.ថ. ប្រាប់​ថា៖ «ចិត្ត​របស់​មនុស្ស​ប្រាជ្ញ នោះ​ធ្វើ​ឲ្យ​មាត់​របស់​ខ្លួន​មាន​ការ​យល់​ធ្លុះ ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ភាព​បញ្ចុះ​បញ្ចូល​ផង»។

២. (ក) តើ​ពាក្យ​បញ្ចុះ​បញ្ចូល​មាន​ន័យ​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​ជន​គ្រីស្ទាន​ទាំង​អស់​អាច​ទៅ​ជា​គ្រូ​បង្រៀន​ដែល​មាន​ភាព​បញ្ចុះ​បញ្ចូល?

២ សាវ័ក​ប៉ុល​ប្រាកដ​ជា​បាន​អនុវត្ត​គោល​ការណ៍​នេះ​ក្នុង​កិច្ច​ការ​បង្រៀន​របស់​គាត់។ នៅ​ពេល​គាត់​នៅ​ក្រុង​កូរិនថូស «គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង»។ (កិច្ច​ការ ១៨:៤) យោង​ទៅ​តាម​អ្នក​ចេះ​ដឹង​ម្នាក់ ពាក្យ​ក្រិក​នោះ​ដែល​បាន​ត្រូវ​បក​ប្រែ​ជា «បញ្ចុះ​បញ្ចូល» មាន​ន័យ​ថា «ការ​នាំ​ឲ្យ​ផ្លាស់​ប្រែ​គំនិត​ដោយ​មាន​អានុភាព​ពី​ការ​គិត​ពី​ហេតុ​ផល​ឬ​សីលធម៌»។ តាម​រយៈ​អំណះអំណាង​ដែល​នាំ​ឲ្យ​ជឿ ប៉ុល​បាន​មាន​សមត្ថភាព​ជំរុញ​មនុស្ស​ឲ្យ​កែ​ប្រែ​គំនិត​ផ្ទាល់​របស់​គេ។ សមត្ថភាព​បញ្ជាក់​ហេតុ​ផល​របស់​គាត់ គឺ​ខ្លាំង​ដល់​ម្ល៉េះ ដែល​សត្រូវ​របស់​គាត់​បាន​ខ្លាច​គាត់។ (កិច្ច​ការ ១៩:២៤​-​២៧) យ៉ាង​ណា​ក៏​ដោយ ការ​បង្រៀន​របស់​ប៉ុល​នោះ មិន​ជា​ការ​បង្ហាញ​នូវ​សមត្ថភាព​មនុស្ស​ទេ។ គាត់​បាន​ប្រាប់​ពួក​កូរិនថូស​ថា៖ «ឯ​ពាក្យ​សំដី នឹង​វោហារ​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ​ឧត្តម ដែល​ពូកែ​បញ្ចុះ​បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះ​វិញ្ញាណ នឹង​ព្រះ​ចេស្ដា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ»។ (កូរិនថូស​ទី​១ ២:៤, ៥) ដោយ​ព្រោះ​ពួក​គ្រីស្ទាន​ទាំង​អស់​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា នោះ​គេ​អាច​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​ដែល​មាន​ភាព​បញ្ចុះ​បញ្ចូល។ ក៏​ប៉ុន្តែ គេ​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​មើល​វិធី​បង្រៀន​ខ្លះ​ៗ​ដែល​មាន​ប្រសិទ្ធិភាព។

ធ្វើ​ជា​អ្នក​ស្ដាប់​ល្អ

៣. ហេតុ​អ្វី​បាន​ជា​ការ​យល់​ធ្លុះ​គឺ​ជា​ចាំ​បាច់​ពេល​ដែល​បង្រៀន​អ្នក​ដទៃ ហើយ​តើ​យើង​អាច​មាន​អានុភាព​លើ​ចិត្ត​របស់​សិស្ស​ព្រះ​គម្ពីរ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៣ វិធី​បង្រៀន​ទី​មួយ​មិន​រួម​បញ្ចូល​ការ​និយាយ​ទេ ក៏​ប៉ុន្តែ​ការ​ស្ដាប់​វិញ។ ដូច​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សុភាសិត ១៦:២៣, ព.ថ. ដើម្បី​មាន​ភាព​បញ្ចុះ​បញ្ចូល​យើង​ត្រូវ​តែ​មាន​ការ​យល់​ធ្លុះ។ ព្រះ​យេស៊ូ​ពិត​ជា​បាន​មាន​ការ​យល់​ធ្លុះ​ចំពោះ​មនុស្ស​ដែល​ទ្រង់​បង្រៀន​នោះ។ យ៉ូហាន ២:២៥ ប្រាប់​ថា៖ «ទ្រង់​ជ្រាប​ហើយ ពី​សេចក្ដី​ដែល​នៅ​ក្នុង​មនុស្ស​ទាំង​ឡាយ»។ ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​ពួក​អ្នក​ដែល​យើង​បង្រៀន​នោះ? វិធី​មួយ​គឺ​ដោយ​ការ​ស្ដាប់​យ៉ាង​ល្អ។ យ៉ាកុប ១:១៩​ប្រាប់​ថា «ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ»។ គឺ​ជា​ពិត​មែន​ដែល​មនុស្ស​ទាំង​អស់​មិន​ឆាប់​នឹង​ប្រាប់​គំនិត​របស់​គេ​ទេ។ ពេល​ដែល​សិស្ស​ព្រះ​គម្ពីរ​របស់​យើង​ជឿ​នូវ​ការ​ចាប់​អារម្មណ៍​ដ៏​ស្មោះ​របស់​យើង ប្រហែល​ជា​គេ​នឹង​មាន​អារម្មណ៍​ខ្លាំង​ជាង​ឲ្យ​ប្រាប់​អារម្មណ៍​ពិត​ប្រាកដ​របស់​គេ។ ជា​ញយ​ៗ សំនួរ​ដ៏​សប្បុរស​និង​ចេញ​ពី​ការ​យល់​ដឹង អាច​ជួយ​មាន​អានុភាព​លើ​ចិត្ត​របស់​គេ និង‹ចេះ​ស្រង់​យក​គំនិត›នូវ​ការ​និយាយ​បែប​នេះ។—សុភាសិត ២០:៥

៤. ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ត្រូវ​តែ​ជា​អ្នក​ដែល​ស្ដាប់​យ៉ាង​ល្អ?

៤ ជា​ពិសេស គឺ​សំខាន់​ដែល​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ជា​អ្នក​ដ៏​ស្ដាប់​យ៉ាង​ល្អ។ នៅ​ត្រង់​នេះ​ដែល​គេ​ពិត​ជា​នឹង«ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយ​ៗ»។ (កូល៉ុស ៤:៦) សុភាសិត ១៨:១៣ ព្រមាន​ថា៖ «អ្នក​ណា​ដែល​ឆ្លើយ​មុនដែល​បាន​ស្ដាប់​រឿង នោះ​រាប់​ជា​ចំ​កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង»។ បង​ប្រុស​ពីរ​នាក់​បាន​ជូន​ឱវាទ​ឲ្យ​បង​ស្រី​ម្នាក់​ពី​ការ​មាន​អាកប្បកិរិយា​ដូច​លោកីយ៍ ដោយ​ព្រោះ​គាត់​បាន​ខាន​មក​ប្រជុំ​ខ្លះ​ៗ។ បង​ស្រី​បាន​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ពី​ព្រោះ​គេ​មិន​បាន​សួរ​គាត់​ពី​មូលហេតុ ដែល​គាត់​មិន​បាន​មក​ប្រជុំ​សោះ។ គាត់​កំពុង​តែ​ជា​សះ​ស្បើយ​ពី​ការ​វះ​កាត់​នៅ​ពេល​ថ្មី​ៗ​នោះ។ តើ​ការ​ស្ដាប់​មុន​ពី​យើង​ឲ្យ​ឱវាទ​ជា​ការ​សំខាន់​យ៉ាង​ណា​ទៅ​ហ្ន៎!

៥. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ដោះ​ស្រាយ​ជំទាស់ ដែល​កើត​មាន​ឡើង​រវាង​បង​ប្អូន​យ៉ាង​ដូច​ម្ដេច?

៥ សំរាប់​ពួក​អ្នក​ចាស់​ទុំ ជា​ញឹក​ញាប់​ការ​បង្រៀន​រួម​បញ្ចូល​ការ​ជូន​ឱវាទ។ ការ​ស្ដាប់​យ៉ាង​ល្អ​គឺ​ជា​សំខាន់​ក្នុង​រឿង​នេះ​ដែរ។ ការ​ស្ដាប់​គឺ​ជា​សំខាន់​ជា​ពិសេស​ពេល​ដែល​មាន​ជំទាស់​រវាង​ពួក​គ្រីស្ទាន។ ក្រោយ​ការ​ស្ដាប់​ហើយ ទើប​តែ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តម្រាប់​តាម «ព្រះ​វរបិតា​ដែល​ទ្រង់​ជំនុំ​ជំរះ . . . ឥត​រើស​មុខ​អ្នក​ណា»។ (ពេត្រុស​ទី​១ ១:១៧) ជា​ញយ​ៗ អារម្មណ៍​របស់​មនុស្ស​គឺ​ខ្លាំង ហើយ​អ្នក​ចាស់​ទុំ​ម្នាក់​គួរ​នឹក​ចាំ​ពី​ឱវាទ​ក្នុង​សុភាសិត ១៨:១៧៖ «អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្ដី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្ដី​របស់​អ្នក​នោះ​មក​បើក​សម្ដែង​ឲ្យ​ឃើញ​កំហុស​វិញ»។ គ្រូ​ដ៏​ល្អ​ម្នាក់​នឹង​ស្ដាប់​ទាំង​ពីរ​ខាង។ ដោយ​ការ​អធិស្ឋាន គាត់​នឹង​ជួយ​បង្កើត​បរិយាកាស​ដ៏​ស្ងប់​ស្រួល។ (យ៉ាកុប ៣:១៨) បើ​ចិត្ត​ពួក​គេ​ទៅ​ជា​ក្ដៅ​ក្រហាយ ប្រហែល​ជា​គាត់​នឹង​ជូន​យោបល់​ថា​បង​ប្រុស​និមួយ​ៗ​នោះ​និយាយ​ពី​បញ្ហា​របស់​គេ​ទៅ​កាន់​គាត់ ជា​ជាង​អ្នក​ជំទាស់​ពីរ​នាក់​នោះ​ឈ្លោះ​គ្នា។ ដោយ​ប្រើ​សំនួរ​ដ៏​សម​រម្យ អ្នក​ចាស់​ទុំ​ម្នាក់​ប្រហែល​ជា​អាច​បញ្ជាក់​រឿង​នោះ​ដែល​កំពុង​តែ​ត្រូវ​ពិចារណា។ ក្នុង​ករណី​ច្រើន កង្វះ​ខាង​ការ​និយាយ​ទាក់​ទង​គ្នា គឺ​ជា​ដើម​ហេតុ​នៃ​ជំទាស់ មិន​មែន​ចិត្ត​សាហាវ​ទេ។ ក៏​ប៉ុន្តែ បើ​សិន​ជា​គោល​ការណ៍​ព្រះ​គម្ពីរ​បាន​ត្រូវ​បំពាន គ្រូ​ម្នាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​អាច​ណែនាំ​ដោយ​ការ​យល់​ធ្លុះ ពី​ព្រោះ​បាន​ឮ​ទាំង​ពីរ​ខាង។

តម្លៃ​នៃ​ភាព​ស្រួលបួល

៦. តើ​ព្រះ​យេស៊ូ​និង​ប៉ុល​បាន​ធ្វើ​ជា​គំរូ​ល្អ ពី​រឿង​បង្រៀន​ឲ្យ​ស្រួល​យល់​យ៉ាង​ដូច​ម្ដេច?

៦ ការ​បង្រៀន​ដោយ​ភាព​ស្រួលបួល​គឺ​ជា​ការ​ប៉ិន​ប្រសប់​ខាង​បង្រៀន​មួយ​ដ៏​មាន​តម្លៃ។ ពិត​មែន យើង​ចង់​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​មាន​សមត្ថភាព «ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង​បណ្ដោយ ជំរៅ នឹង​កំពស់» នៃ​សេចក្ដី​ពិត។ (អេភេសូរ ៣:១៨) លទ្ធិ​ព្រះ​គម្ពីរ​ខ្លះ​ៗ​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ហើយ​ជា​ញឹក​ញយ​ក៏​អាច​ពិបាក​យល់​ដែរ។ (រ៉ូម ១១:៣៣) យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សាវ័ក​ប៉ុល​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពួក​ក្រិក គាត់​បាន​បញ្ជាក់​នូវ​សារ​ដ៏​ស្រួល​យល់​នៃ ‹ព្រះ​គ្រីស្ទ​ដែល​បាន​ត្រូវ​ព្យួរ​ធ្វើ​គុត​លើ​បង្គោល›។ (កូរិនថូស​ទី​១ ២:១, ២) ស្រដៀង​គ្នា​នឹង​នេះ ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​តាម​របៀប​មួយ​យ៉ាង​ច្បាស់​លាស់ និង​ដ៏​ទាក់​ទាញ​ចិត្ត​ផង។ ទ្រង់​បាន​ប្រើ​ពាក្យ​ដ៏​ស្រួល​យល់​ក្នុង​ធម្មទាន​របស់​ទ្រង់​លើ​ភ្នំ។ ក៏​ប៉ុន្តែ នោះ​មាន​លទ្ធិ​ពិត​ដ៏​ជ្រៅ​បំផុត ដែល​បាន​ត្រូវ​បង្រៀន។—ម៉ាថាយ ជំពូក ៥​-​៧

៧. ពេល​បង្រៀន​ព្រះ​គម្ពីរ តើ​យើង​អាច​បង្រៀន​ឲ្យ​ស្រួល​យល់​យ៉ាង​ដូច​ម្ដេច?

៧ យើង​អាច​ធ្វើ​ដោយ​របៀប​ស្រួលបួល​ដែរ ពេល​យើង​បង្រៀន​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ។ តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​ធ្វើ​ដូច្នេះ? ដោយ​ការ​បញ្ជាក់​នូវ «សេចក្ដី​ដែល​ប្រសើរ»។ (ភីលីព ១:១០) ពេល​ពន្យល់​ពី​រឿង​ដ៏​ជ្រៅ យើង​គួរ​និយាយ​ដោយ​ប្រើ​ពាក្យ​សាមញ្ញ។ យើង​គួរ​បញ្ជាក់​នូវ​បទ​គម្ពីរ​សំខាន់​ៗ ជា​ជាង​ខិត​ខំ​អាន​បទ​គម្ពីរ​ទាំង​អស់​ដែល​មាន​ក្នុង​សៀវភៅ​នោះ។ ចំណែក​យើង​វិញ នេះ​តម្រូវ​នូវ​ការ​រៀបចំ​ដ៏​ល្អ។ យើង​ត្រូវ​តែ​ជៀស​វាង​ពី​ការ​ប្រាប់​ពត៌មាន​ល្អិត​ល្អន់​ច្រើន​ពេក ដោយ​មិន​ឲ្យ​ខ្លួន​យើង​ត្រូវ​បង្វែរ​ដោយ​រឿង​ដែល​មាន​សារៈ​សំខាន់​តិច​តួច។ បើ​សិន​ជា​សិស្ស​ម្នាក់​មាន​សំនួរ​មួយ​ដែល​មិន​ទាក់​ទង​នឹង​មេ​រៀន​នោះ​ទេ យើង​អាច​ជូន​យោបល់​តាម​របៀប​គួរ​សម​ថា​រឿង​នោះ​នឹង​ត្រូវ​ពិគ្រោះ​បន្ទាប់​ពី​មេ​រៀន​នេះ​បាន​ត្រូវ​រៀន​ចប់​ហើយ។

ការ​ប្រើ​សំនួរ​ដោយ​ប្រសិទ្ធិភាព

៨. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​សំនួរ​ដោយ​ប្រសិទ្ធិភាព?

៨ វិធី​បង្រៀន​មួយ​ទៀត​ដែល​មាន​ប្រយោជន៍ គឺ​ទាក់​ទង​ការ​សួរ​សំនួរ​ដោយ​ប្រសិទ្ធិភាព។ ព្រះ​យេស៊ូ​ធ្លាប់​ប្រើ​សំនួរ​ជា​ច្រើន​ក្នុង​ការ​បង្រៀន​របស់​ទ្រង់។ ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​សួរ​ពេត្រុស​ថា៖ «នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្ដេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយរៃ ឬ​ពន្ធដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ»? ពេល​ពេត្រុស​ឆ្លើយ​ថា «ពី​មនុស្ស​ដទៃ​ទេ» ទ្រង់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា «ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ»។ (ម៉ាថាយ ១៧:២៤​-​២៦) ជា​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះ​ដែល​បាន​បង្កើត​ផ្ទាល់​ដែល​ព្រះ​វរបិតា​របស់​ទ្រង់ ត្រូវ​គេ​ថ្វាយ​បង្គំ​នៅ​ឯ​ព្រះ​វិហារ ព្រះ​យេស៊ូ​មិន​មែន​មាន​ភារកិច្ច​បង់​ពន្ធ​វិហារ​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ពន្យល់​សេចក្ដី​ពិត​នេះ តាម​រយៈ​ការ​ប្រើ​សំនួរ​ដោយ​ប្រសិទ្ធិភាព។ ដូច្នេះ ព្រះ​យេស៊ូ​បាន​ជួយពេត្រុស​ធ្វើ​ការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ ដែល​មាន​មូលដ្ឋាន​លើ​ពត៌មាន​ដែល​គាត់​មាន​ហើយ។

៩. តើ​តាម​របៀប​ណា​ដែល​យើង​ប្រហែល​អាច​ប្រើ​សំនួរ​ក្នុង​កាល​ដែល​សិក្សា​ព្រះ​គម្ពីរ?

៩ យើង​អាច​ប្រើ​សំនួរ​ដោយ​ប្រសិទ្ធិភាព​ក្នុង​កាល​ដែល​សិក្សា​ព្រះ​គម្ពីរ។ បើ​សិន​ជា​សិស្ស​ម្នាក់​ឆ្លើយ​ខុស ប្រហែល​នេះ​បង្ក​ឲ្យ​មាន​ចំណង់​ប្រាប់​ចម្លើយ​ត្រឹម​ត្រូវ។ ក៏​ប៉ុន្តែ តើ​គាត់​ពិត​ជា​នឹង​ចាំ​ពត៌មាន​នោះ? ធម្មតា គឺ​ល្អ​ជាង​ដើម្បី​ខិត​ខំ​នាំ​សិស្ស​ទៅ​ដល់​ការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​ដោយ​ប្រើ​ការ​សួរ​សំនួរ។ ឧទាហរណ៍ បើ​សិន​ជា​គាត់​មាន​បញ្ហា​ក្នុង​ការ​យល់​ពី​មូលហេតុ​ដែល​គាត់​គួរ​ប្រើ​នាម​របស់​ព្រះ ប្រហែល​យើង​អាច​សួរ​ថា ‹តើ​ឈ្មោះ​របស់​អ្នក​សំខាន់​ចំពោះ​អ្នក​ទេ? . . . ហេតុ​អ្វី? . . . តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​សិន​ជា​មនុស្ស​ម្នាក់​មិន​ព្រម​ប្រើ​ឈ្មោះ​របស់​អ្នក? . . . តើ​ជា​សម​ហេតុ​សម​ផល​ទេ ដែល​ព្រះ​តម្រូវ​ឲ្យ​យើង​ប្រើ​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់​នោះ›?

១០. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ប្រើ​សំនួរ​ក្នុង​ការ​ជួយ​មនុស្ស​ណា​ម្នាក់​ដែល​ឈឺ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១០ ពួក​អ្នក​ចាស់​ទុំ​អាច​ប្រើ​សំនួរ​ដោយ​ប្រសិទ្ធិភាព​ពេល​ណែនាំ​ហ្វូង​នោះ។ មនុស្ស​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​បញ្ឈឺ​ចិត្ត​និង​វាយ​ប្រហារ​ដោយ​លោកីយ៍​របស់​សាតាំង ហើយ​ប្រហែល​មាន​អារម្មណ៍​ថា​គេ​មិន​ស្អាត​ស្អំ ហើយ​គ្មាន​អ្នក​ណា​អាច​ស្រឡាញ់​គេ​ទេ។ ប្រហែល​អ្នក​ចាស់​ទុំ​ម្នាក់​អាច​និយាយ​វែក​ញែក​ជា​មួយ​មនុស្ស​ម្នាក់​បែប​នេះ​ថា៖ «ទោះ​បី​អ្នក​និយាយ​ថា​អ្នក​មាន​អារម្មណ៍​សៅហ្មង​ក៏​ដោយ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក? បើ​សិន​ជា​ព្រះ​វរបិតា​របស់​យើង បាន​អនុញ្ញាត​ឲ្យ​បុត្រា​របស់​ទ្រង់​សោយ​ទិវង្គត ដើម្បី​ផ្ដល់​ឲ្យ​តម្លៃ​លោះ​មួយ​សំរាប់​អ្នក តើ​នេះ​មិន​មាន​ន័យ​ថា​ព្រះ​ស្រឡាញ់​អ្នក​ទេ​ឬ›?—យ៉ូហាន ៣:១៦

១១. តើ​មាន​បំណង​អ្វី​ដោយ​ប្រើ​សំនួរ​ត្រិះរិះ ហើយ​តើ​យើង​អាច​ប្រើ​សំនួរ​បែប​នេះ​ក្នុង​ការ​និយាយ​តាម​សាធារណៈ​យ៉ាង​ដូច​ម្ដេច?

១១ សំនួរ​ត្រិះរិះ គឺ​ជា​វិធី​បង្រៀន​មួយ​ទៀត​ដែល​មាន​ប្រយោជន៍។ អ្នក​ស្ដាប់​មិន​តម្រូវ​ឲ្យ​ឆ្លើយ​ឮ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ជួយ​ដើម្បី​ឲ្យ​វែក​ញែក​ពី​រឿង​ខ្លះ​ៗ។ ពួក​ព្យាការី​នៅ​សម័យ​បុរាណ​ធ្លាប់​ប្រើ​សំនួរ​បែប​នេះ​ជា​ញឹក​ញយ ដើម្បី​ឲ្យ​ពួក​អ្នក​ស្ដាប់​របស់​គេ​គិត​យ៉ាង​ជ្រៅ។ (យេរេមា ១៨:១៤, ១៥) ព្រះ​យេស៊ូ​ក៏​បាន​ប្រើ​សំនួរ​ត្រិះរិះ​ដោយ​ប្រសិទ្ធិភាព​ដែរ។ (ម៉ាថាយ ១១:៧​-​១១) សំនួរ​បែប​នេះ​មាន​ប្រសិទ្ធិភាព​ជា​ពិសេស​ពេល​និយាយ​តាម​សាធារណៈ។ ជា​ជាង​ប្រាប់​ពួក​អ្នក​ស្ដាប់​ថា​គេ​ត្រូវ​តែ​ស្មោះ​ស្ម័គ្រ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ប្រហែល​មាន​ប្រសិទ្ធិភាព​ជាង​បើ​សិន​ជា​សួរ​ថា ‹បើ​សិន​ជា​យើង​មិន​ស្មោះ​ស្ម័គ្រ​ក្នុង​កិច្ច​បំរើ​របស់​យើង តើ​ព្រះ​យេហូវ៉ា​នឹង​ពេញ​ព្រះ​ហឫទ័យ​ឬ​ទេ›?

១២. តើ​ការ​សួរ​សំនួរ​អំពី​ទស្សនៈ​របស់​គេ​មាន​ប្រយោជន៍​អ្វី?

១២ សំនួរ​អំពី​ទស្សនៈ​ក៏​មាន​ប្រយោជន៍​ដែរ ក្នុង​ការ​ចង់​ដឹង​បើ​សិន​ជា​សិស្ស​ម្នាក់​ពិត​ជា​ជឿ​អ្វី​ដែល​គេ​កំពុង​តែ​រៀន​នោះ។ (ម៉ាថាយ ១៦:១៣​-​១៦) ប្រហែល​សិស្ស​ម្នាក់​ឆ្លើយ​ត្រឹម​ត្រូវ​ថា ការ​សហាយស្មន់​គឺ​ជា​ខុស។ ប៉ុន្តែ ប្រហែល​អ្នក​អាច​សួរ​ត​ទៅ​ទៀត​ដោយ​ប្រើ​សំនួរ​ដូច​ជា៖ តើ​អ្នក​ផ្ទាល់​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ? តើ​អ្នក​គិត​ថា​ខ្នាត​តម្រា​នោះ​តឹង​រឹង​ពេក​ទេ? តើ​អ្នក​គិត​ថា​ដែល​ការ​ធ្វើ​តាម​ឬ​ក៏​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​គឺ​ជា​សំខាន់​យ៉ាង​ណា?

ពាក្យ​ប្រៀប​ប្រដូច​ដែល​ជំរុញ​ចិត្ត

១៣, ១៤. (ក) តើ​ការ​ប្រៀប​ប្រដូច​មាន​ន័យ​អ្វី? (ខ) ហេតុ​អ្វី​បាន​ជា​ពាក្យ​ប្រៀប​ប្រដូច​ល្អ​គឺ​មាន​ប្រសិទ្ធិភាព?

១៣ របៀប​មួយ​ទៀត​ដើម្បី​ជំរុញ​ចិត្ត​របស់​អ្នក​ស្ដាប់​និង​សិស្ស​ព្រះ​គម្ពីរ គឺ​ជា​ការ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ដោយ​ប្រសិទ្ធិភាព។ ពាក្យ​ក្រិក​ដែល​បាន​ត្រូវ​បក​ប្រែ​ជា «ពាក្យ​ប្រៀប​ប្រដូច» មាន​ន័យ​ចំ​ៗ​ថា «ដាក់​ទន្ទឹម​គ្នា​ឬ​ក៏​ក្បែរ»។ ពេល​អ្នក​និយាយ​ប្រៀប​ប្រដូច នោះ​អ្នក​ពន្យល់​អ្វី​មួយ​ដោយ​ដាក់​វា​ក្បែរ​អ្វី​ដែល​គេ​ស្គាល់​ហើយ។ ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សួរ​ថា៖ «តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ»? ដើម្បី​ឆ្លើយ ព្រះ​យេស៊ូ​បាន​រៀប​រាប់​អំពី​គ្រាប់​ពូជ​មួយ​ប្រភេទ​ដែល​គេ​ស្គាល់។—ម៉ាកុស ៤:៣០​-​៣២

១៤ ពួក​ព្យាការី​របស់​ព្រះ​ធ្លាប់​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ខ្លាំង​ៗ។ នៅ​ពេល​ពួក​អាសស៊ើរ​បាន​អាង​លើ​អំពើ​ឃោរឃៅ​ដែល​គ្មាន​មេត្ដា អេសាយ​បាន​លាត​ត្រដាង​អំនួត​របស់​គេ​ដោយ​ពាក្យ​ប្រៀប​ប្រដូច​របស់​គាត់​ថា៖ «ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ»? (អេសាយ ១០:១៥) ពេល​បង្រៀន​អ្នក​ដទៃ ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ជា​ច្រើន។ គឺ​បាន​ត្រូវ​រៀប​រាប់​ថា៖ «ទ្រង់​មិន​បាន​មាន​បន្ទូល​ទៅ​គេ ដោយ​ឥត​ពាក្យ​ប្រៀប​ធៀប​ទេ»។ (ម៉ាកុស ៤:៣៤) ពាក្យ​ប្រៀប​ប្រដូច​ដ៏​ល្អ​គឺ​មាន​ប្រសិទ្ធិភាព ពី​ព្រោះ​នោះ​រួម​បញ្ចូល​គំនិត​និង​ចិត្ត​ផង​ដែរ។ គឺ​ឲ្យ​ពួក​អ្នក​ស្ដាប់​ទទួល​ពត៌មាន​ថ្មី ដោយ​ការ​ប្រៀប​ធៀប​នោះ​នឹង​អ្វី​ដែល​គេ​ស្គាល់​ហើយ។

១៥, ១៦. តើ​ការ​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ពាក្យ​ប្រៀប​ប្រដូច​មាន​ប្រសិទ្ធិភាព​ច្រើន​បំផុត? សូម​ប្រាប់​ឧទាហរណ៍​ខ្លះ​ៗ។

១៥ តើ​តាម​រៀប​ណា​ដែល​យើង​អាច​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ដែល​ពិត​ជា​ជំរុញ​ទឹក​ចិត្ត? មុន​បង្អស់ ពាក្យ​ប្រៀប​ប្រដូច​ត្រូវ​តែ​ជា​អ្វី​ដែល​អាច​យល់​បាន។ បើ​សិន​ជា​ការ​ប្រៀប​ធៀប​នោះ​គឺ​ជា​មិន​មែន​សម នោះ​ពាក្យ​ប្រៀប​ប្រដូច​នោះ​នឹង​ធ្វើ​ការ​បង្វែរ​ជា​ជាង​ការ​បំភ្លឺ​ឲ្យ​អ្នក​ស្ដាប់។ មាន​អ្នក​ថ្លែង​ម្នាក់​ដែល​មាន​ចេតនា​ល្អ ដែល​បាន​ខិត​ខំ​ពន្យល់​ពី​ភាព​ចុះ​ចូល​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ចំពោះ​ព្រះ​យេស៊ូ ដោយ​ការ​ប្រៀប​ធៀប​ពួក​គេ​នឹង​សត្វ​ឆ្កែ​ចិញ្ចឹម​មួយ​ដ៏​ស្មោះ​ត្រង់។ ក៏​ប៉ុន្តែ តើ​ការ​ប្រៀប​ធៀប​ដ៏​ធ្វើ​ឲ្យ​អប​កិត្ដិយស​ពិត​ជា​សម​ទេ? ព្រះ​គម្ពីរ​ពន្យល់​គំនិត​ដដែល​តាម​របៀប​មួយ​ដ៏​ទាក់​ទាញ​ចិត្ត​ហើយ​ដ៏​ថ្លៃ​ថ្នូរ។ គឺ​ប្រៀប​ធៀប​អ្នក​ចាក់​ប្រេង​តាំង​១៤៤.០០០​នាក់​ដែល​តាម​ព្រះ​យេស៊ូ​ជា «ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្ដី»?—វិវរណៈ ២១:២

១៦ ពាក្យ​ប្រៀប​ប្រដូច​មាន​ប្រសិទ្ធិភាព​ច្រើន​បំផុត នៅ​ពេល​ទាក់​ទង​នឹង​ជីវិត​មនុស្ស។ ពាក្យ​ប្រៀប​ប្រដូច​នៃ​ណាថាន់​អំពី​កូន​ចៀម​ដែល​បាន​ត្រូវ​គេ​សម្លាប់ ពិត​ជា​មាន​អានុភាព​លើ​ចិត្ត​នៃ​ស្តេច​ដាវីឌ​ពី​ព្រោះ​ទ្រង់​ស្រឡាញ់​ចៀម ដោយ​ទ្រង់​ធ្លាប់​ធ្វើ​ជា​អ្នក​ឃ្វាល​ចៀម​ពេល​ទ្រង់​មាន​ព្រះ​ជន្ម​ក្មេង។ (សាំយូអែល​ទី​១ ១៦:១១​-​១៣; សាំយូអែល​ទី​២ ១២:១​-​៧) បើ​ពាក្យ​ប្រៀប​ប្រដូច​នោះ​បាន​ស្តី​ពី​គោ​ឈ្មោល​មួយ ប្រហែល​វា​នឹង​ខ្វះ​ខាត​ប្រសិទ្ធិភាព​ហើយ។ តាម​របៀប​ស្រដៀង​គ្នា​ដែរ ពាក្យ​ប្រៀប​ប្រដូច​ដែល​ស្តី​ពី​ព្រឹត្ដិការណ៍​វិទ្យា​សាស្ត្រ ឬ​ក៏​ព្រឹត្ដិការណ៍​ដ៏​ស្រ​ពិច​ស្រពិល​ពី​ប្រវត្ដិសាស្ត្រ ប្រហែល​និង​មាន​សារៈ​សំខាន់​តែ​បន្ដិច​ទេ​ចំពោះ​ពួក​អ្នក​ស្ដាប់​របស់​យើង។ ព្រះ​យេស៊ូ​បាន​យក​ពាក្យ​ប្រៀប​ប្រដូច​របស់​ទ្រង់​មក​ពី​អ្វី​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ទ្រង់​បាន​មាន​បន្ទូល​អំពី​អ្វី​ធម្មតា​ដូច​ជា​ចង្កៀង សត្វ​ស្លាប​នៅ​អវកាស និង​ផ្កា​នៅ​វាល​ស្រែ។ (ម៉ាថាយ ៦:២៦, ២៨) ពួក​អ្នក​ស្ដាប់​របស់​ព្រះ​យេស៊ូ​អាច​ស្ដាប់​យល់​យ៉ាង​ស្រួល​នូវ​រឿង​បែប​នោះ។

១៧. (ក) តើ​យើង​អាច​និយាយ​ស្តី​បាន​ពី​អ្វី​ខ្លះ​ក្នុង​ពាក្យ​ប្រៀប​ប្រដូច​របស់​យើង? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ក្នុង​សៀវភៅ ដើម្បី​ស្រប​តាម​កាលៈទេសៈ​នៃ​សិស្ស​របស់​យើង?

១៧ ក្នុង​កិច្ច​បំរើ​របស់​យើង យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធិភាព។ ចូរ​សង្កេត​មើល​ចុះ។ (កិច្ច​ការ ១៧:២២, ២៣) ប្រហែល​ពាក្យ​អាច​ប្រើ​ប្រដូច​ស្តី​ពី​ពួក​កូន​របស់​អ្នក​ស្ដាប់ ផ្ទះ មុខ​ងារ ឬ​ក៏​ការ​កំសាន្ត​របស់​គេ។ ឬ​ក៏ យើង​អាច​ប្រើ​អ្វី​យើង​ស្គាល់​ពី​សិស្ស​ព្រះ​គម្ពីរ​ដើម្បី​លំអ​ពាក្យ​ប្រៀប​ប្រដូច​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង​ហើយ​ក្នុង​សៀវភៅ​សិក្សា។ សំរាប់​ឧទាហរណ៍​សូម​គិត​ពី​ពាក្យ​ប្រៀប​ប្រដូច​ក្នុង វគ្គ​១៤ នៃ​ជំពូក​៨ ក្នុង​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច។ នោះ​ស្តី​ពី​ឪពុក​ម្នាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​បាន​ត្រូវ​អ្នក​ជិត​ខាង​និយាយ​បង្កាច់​គាត់។ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​គិត​ពី​របៀប​ដែល​យើង​អាច​ប្ដូរ​ពាក្យ​ប្រៀប​ប្រដូច​នេះ ដើម្បី​ស្រប​តាម​កាលៈទេសៈ​នៃ​សិស្ស​ព្រះ​គម្ពីរ​ដែល​ជា​ឪពុក​ឬ​ម្ដាយ​ម្នាក់។

ការ​អាន​បទ​គម្ពីរ​ដោយ​ការ​ប៉ិន​ប្រសប់

១៨. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ខំ​ប្រឹង​ទៅ​ជា​អ្នក​ដែល​អាន​យ៉ាង​ស្ទាត់?

១៨ ប៉ុល​បាន​ដាស់​តឿន​ថា៖ «ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន នឹង​បង្រៀន​គេ»។ (ធីម៉ូថេ​ទី​១ ៤:១៣) ដោយ​ព្រោះ​ព្រះ​គម្ពីរ​ជា​គ្រឹះ​នៃ​សេចក្ដី​បង្រៀន​របស់​យើង គឺ​មាន​ប្រយោជន៍​ដែល​យើង​អាច​អាន​នោះ​យ៉ាង​ស្ទាត់។ ពួក​លេវី​មាន​ឯកសិទ្ធិ​អាន​ក្រិត្យ​វិន័យ​ម៉ូសេ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ តើ​គេ​បាន​អាន​តាម​របៀប​រដិប​រដុប ឬ​ដោយ​គ្មាន​ចំណាប់​អារម្មណ៍​និង​សម្លេង​ស្មើ​ឬ​ទេ? អត់​ទេ។ នៅ​នេហេមា ៨:៨ ព្រះ​គម្ពីរ​ចែង​ថា៖ «ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល​ក្នុង​គម្ពីរ​ក្រិត្យ​វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្ដី ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ»។

១៩. តើ​យើង​អាច​ធ្វើ​ឲ្យ​ការ​អាន​បទ​គម្ពីរ​របស់​យើង​កាន់​តែ​ប្រសើរ​តាម​វិធី​ណា?

១៩ បុរស​គ្រីស្ទាន​ខ្លះ​ដែល​និយាយ​យ៉ាង​ស្ទាត់ តែ​មាន​គុណ​វិបត្ដិ​ចំពោះ​រឿង​អាន។ តើ​តាម​របៀប​ណា​ដែល​គេ​អាច​បង្កើន​សមត្ថភាព? ដោយ​សារ​ការ​ហាត់។ ត្រូវ​ហើយ ដោយ​ការ​អាន​ឲ្យ​ឮ​ម្ដង​ហើយ​ម្ដង​ទៀត ទាល់​តែ​គេ​អាច​អាន​បាន​យ៉ាង​ស្ទាត់។ បើ​សិន​ជា​មាន​កាសែត​ព្រះ​គម្ពីរ​ជា​ភាសា​របស់​អ្នក គឺ​ជា​ប្រាជ្ញា​បើ​សិន​ជា​អ្នក​ស្ដាប់​ការ​សង្កត់​សម្លេង​និង​ការ​ប្ដូរ​តង់ ព្រម​ទាំង​កត់​សម្គាល់​នូវ​របៀប​ដែល​ឈ្មោះ​និង​ពាក្យ​ប្លែក​ៗ​ត្រូវ​គេ​អាន។ អ្នក​ដែល​មាន​ព្រះ​គម្ពីរ ការ​បក​ប្រែ​ពិភព​លោក​ថ្មី ក្នុង​ភាសា​របស់​គេ​អាច​ប្រើ​ជំនួយ​សំរាប់​ការ​បញ្ចេញ​សម្លេង​ក្នុង​នោះ។a ដោយ​ការ​ហាត់ សូម្បី​តែ​ឈ្មោះ​ដូច​ជា ម៉ាហេ​-​សាឡាល​-​ហាសបាស អាច​ត្រូវ​អាន​យ៉ាង​ស្រួល។—អេសាយ ៨:១

២០. តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច ‹ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​យើង›?

២០ ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តើ​ជា​ឯកសិទ្ធិ​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​យើង​ត្រូវ​ទ្រង់​ប្រើ​យើង​ជា​គ្រូ​បង្រៀន! ដូច្នេះ ចូរ​ឲ្យ​យើង​រាប់​ឯកសិទ្ធិ​នោះ​ជា​ភារកិច្ច​ធ្ងន់​ធ្ងរ។ សូម​ឲ្យ​យើង‹ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​យើង ហើយ​នឹង​សេចក្ដី​បង្រៀន​របស់​យើង›។ (ធីម៉ូថេ​ទី​១ ៤:១៦) យើង​ធ្វើ​ជា​គ្រូ​ល្អ​ដោយ​ការ​ស្ដាប់​យ៉ាង​ល្អ និយាយ​ស្រួល សួរ​សំនួរ​ដែល​បង្ហាញ​ការ​យល់​ធ្លុះ ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ដ៏​មាន​ប្រសិទ្ធិភាព ហើយ​និង​ដោយ​ការ​អាន​បទ​គម្ពីរ​ដោយ​ការ​ប៉ិន​ប្រសប់។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ទទួល​ប្រយោជន៍​ពី​ការ​ហ្វឹកហ្វឺន​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា ដ្បិត​នេះ​អាច​ជួយ​យើង​មាន «វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ»។ (អេសាយ ៥០:៤) ដោយ​ការ​ឆ្លៀត​ប្រើ​ឲ្យ​អស់​នូវ​ប្រយោជន៍​ពី​ឧបករណ៍​ដែល​បាន​ត្រូវ​ផ្ដល់​សំរាប់​កិច្ច​បំរើ​របស់​យើង រួម​បញ្ចូល​សៀវភៅ​ស្តើង កាសែត​ស្ដាប់ និង​កាសែត​វីឌីអូ យើង​អាច​រៀន​ដើម្បី​បង្រៀន​គេ​ដោយ​ការ​យល់​ធ្លុះ​និង​ភាព​បញ្ចុះ​បញ្ចូល​ផង។

[កំណត់​សម្គាល់]

a ឈ្មោះ​ត្រឹម​ត្រូវ​បាន​ត្រូវ​បំបែក​ជា​ព្យាង្គ។ ព្យាង្គ​និមួយ​ៗ​បាន​ត្រូវ​បំបែក​ដោយ​ចុច​មួយ​ឬ​ក្បៀស។ ការ​សង្កត់​គឺ​លើ​ព្យាង្គ​ដែល​មាន​ក្បៀស។ បើ​សិន​ជា​ពាក្យ​នោះ​មាន​ស្រះ​ជា​អក្សរ​នៅ​ខាង​ចុង នោះ​ស្រះ​នោះ​មាន​សម្លេង​វែង។ បើ​សិន​ជា​ព្យាង្គ​នោះ​មាន​ព្យញ្ជនៈ​នៅ​ចុង នោះ​ស្រះ​មាន​សម្លេង​ខ្លី។

តើ​អ្នក​ចាំ​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​ការ​ធ្វើ​ជា​អ្នក​ដែល​ស្ដាប់​បាន​ល្អ អាច​ជួយ​យើង​ក្នុង​ការ​បង្រៀន​របស់​យើង?

◻ តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​ធ្វើ​តម្រាប់​តាម​ប៉ុល​និង​ព្រះ​យេស៊ូ ក្នុង​ការ​បង្រៀន​តាម​របៀប​មិន​ស្មុគ​ស្មាញ?

◻ តើ​សំនួរ​បែប​ណា​ដែល​យើង​អាច​ប្រើ​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត?

◻ តើ​ពាក្យ​ប្រៀប​ប្រដូច​បែប​ណា​ដែល​មាន​ប្រសិទ្ធិភាព​ច្រើន​បំផុត?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្កើន​ភាព​ប៉ិន​ប្រសប់​របស់​យើង ជា​អ្នក​អាន​សាធារណៈ?

[រូប​ភាព​នៅ​ទំព័រ​៣១]

ព្រះ​យេស៊ូ​បាន​ប្រើ​ជីវិត​ប្រចាំ​ថ្ងៃ​ដើម្បី​ជា​មូលដ្ឋាន​នៃ​ពាក្យ​ប្រៀប​ប្រដូច​របស់​ទ្រង់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក