វិធីបីដែលអ្នកអាចបង្កើន សមត្ថភាពបង្រៀន
១. ហេតុអ្វីយើងគួររកវិធីដើម្បីបង្កើនសមត្ថភាពបង្រៀន?
១ អ្នកផ្សព្វផ្សាយទាំងអស់ គឺជាអ្នកបង្រៀន។ មិនថាយើងជួបម្ចាស់ផ្ទះជាលើកដំបូង ត្រឡប់ទៅជួបបុគ្គលដែលចាប់អារម្មណ៍ ឬបង្រៀនគម្ពីរក៏ដោយ គឺយើងកំពុងផ្ដល់ព័ត៌មានដល់អ្នកឯទៀត។ ព័ត៌មានដែលយើងផ្ដល់ឬបង្រៀនជាព័ត៌មានដ៏ពិសេស។ យើងកំពុងប្រកាសប្រាប់អំពី«ឯកសារបរិសុទ្ធនានា»ដែលអាចជួយមនុស្សឲ្យមាន«ប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»។ (២ធី. ៣:១៥) នេះពិតជាឯកសិទ្ធិដ៏អស្ចារ្យមែន! សូមឲ្យយើងពិនិត្យមើលវិធីបីដែលជួយយើងបង្កើនសមត្ថភាពបង្រៀន។
២. តើយើងអាចបង្រៀនដោយស្រួលយល់យ៉ាងដូចម្ដេច?
២ ស្រួលយល់: ពេលដែលយើងយល់ច្បាស់អំពីមេរៀនមួយ យើងគិតថាវាស្រួលយល់ តែយើងប្រហែលជាភ្លេចថា មេរៀននោះពិបាកយល់សម្រាប់បុគ្គលម្នាក់ទៀត។ ដូច្នេះ ពេលបង្រៀនគម្ពីរ កុំរៀបរាប់ល្អិតល្អន់ពេកនូវចំណុចដែលមិនសូវសំខាន់។ ផ្ទុយទៅវិញ សូមលើកបញ្ជាក់ចំណុចណាដែលសំខាន់។ ការនិយាយច្រើនមិនមែនមានន័យថាជាអ្នកពូកែបង្រៀននោះទេ។ (សុភ. ១០:១៩) ក្នុងករណីភាគច្រើន ជាការល្អបំផុតបើអ្នកអានតែបទគម្ពីរសំខាន់ប៉ុណ្ណោះ។ បន្ទាប់ពីអានបទគម្ពីរមួយ សូមពិគ្រោះរបៀបដែលបទគម្ពីរនោះទាក់ទងនឹងចំណុចដែលអ្នកកំពុងពិភាក្សា។ ម៉ាថាយជំពូក៥ដល់៧បានកត់ទុកសុន្ទរកថាដ៏ល្បីរបស់លោកយេស៊ូដែលថ្លែងនៅលើភ្នំ ហើយក្នុងសុន្ទរកថានោះ លោកបានបង្រៀនសេចក្ដីពិតដ៏ជ្រាលជ្រៅតាមរបៀបស្រួលយល់ និងនិយាយយ៉ាងខ្លី។
៣. តើការប្រើឧទាហរណ៍នាំឲ្យមានប្រយោជន៍យ៉ាងដូចម្ដេច? ហើយតើឧទាហរណ៍បែបណាជាឧទាហរណ៍ល្អបំផុត?
៣ ប្រើឧទាហរណ៍: ឧទាហរណ៍ជួយឲ្យរិះគិត មានឥទ្ធិពលទៅលើអារម្មណ៍ និងជួយឲ្យចងចាំ។ កុំគិតថាខ្លួនអ្នកត្រូវតែពូកែនិទានរឿងទើបអាចនឹកឃើញឧទាហរណ៍ល្អ។ ជាធម្មតា លោកយេស៊ូប្រើឧទាហរណ៍ខ្លីៗដែលមិនស្មុគស្មាញ។ (ម៉ាថ. ៧:៣-៥; ១៨:២-៤) វិធីល្អមួយទៀត អ្នកអាចគូររូបភាពផ្សេងៗដែលស្រួលយល់លើក្រដាស។ បើអ្នករៀបចំទុកជាមុន នោះជួយអ្នកឲ្យនឹកឃើញឧទាហរណ៍ដែលមានប្រសិទ្ធភាព។
៤. តើយើងអាចប្រើសំណួរដោយមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?
៤ សំណួរ: ការប្រើសំណួរផ្សេងៗជួយសិស្សគម្ពីរឲ្យរិះគិត។ ដូច្នេះ សូមមានចិត្តអត់ធ្មត់ក្រោយពីអ្នកសួរសំណួរហើយ។ បើអ្នកប្រាប់ចម្លើយភ្លាមៗ អ្នកប្រាកដជាមិនដឹងថាសិស្សរបស់អ្នកយល់ឬក៏មិនយល់ឡើយ។ ជាជាងកែចម្លើយគាត់ពេលដែលគាត់ឆ្លើយខុស ជាការល្អ បើអ្នកសួរសំណួរគាត់បន្ថែមទៀត ដើម្បីជួយគាត់ឲ្យធ្វើការសន្និដ្ឋានយ៉ាងត្រឹមត្រូវ។ (ម៉ាថ. ១៧:២៤-២៧) ប្រាកដណាស់ យើងទាំងអស់គ្នាមិនមែនជាអ្នកបង្រៀនដ៏ល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយ គម្ពីរលើកទឹកចិត្តយើងឲ្យយកចិត្តទុកដាក់ជានិច្ចចំពោះការបង្រៀនរបស់យើង។ ដោយធ្វើដូច្នេះ ខ្លួនយើងនិងអ្នកដែលស្ដាប់យើង នឹងទទួលប្រយោជន៍ជារៀងរហូត។—១ធី. ៤:១៦