រស់នៅដោយជំនឿលើសេចក្ដីសន្យារបស់ព្រះ
«អញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណ ក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ»។—អេសាយ ៤៦:៩, ១០
១, ២. តើមានទស្សនៈខុសៗគ្នាណាខ្លះ អំពីការជាប់ទាក់ទងរបស់ព្រះនឹងរឿងនៅលើផែនដី?
តើព្រះបានជាប់ទាក់ទងដល់កំរិតណាដែរនឹងរឿងនៅលើផែនដីនេះ? មតិគឺមានផ្សេងៗគ្នា។ ទស្សនៈមួយគឺថាទ្រង់ឥតជាប់ទាក់ទងសោះឡើយ។ យោងទៅតាមទស្សនៈនេះ ក្រោយពីព្រះបានបង្កើតមនុស្សជាតិហើយ នោះទ្រង់មិនសុខចិត្តឬក៏មិនអាចប្រព្រឹត្តសំរាប់ជាប្រយោជន៍ដល់យើងទេ។ នៅក្នុងទស្សនៈនេះ ព្រះគឺហាក់ដូចជាឪពុកម្នាក់ ដែលដាក់កូនប្រុសគាត់លើកង់ថ្មីមួយ ដែលកង់នោះនៅនឹង ហើយក៏រុញកង់នោះ ដើម្បីឲ្យកូនចាប់ផ្ដើមជិះទៅតាមថ្នល់។ ក្រោយពីនោះមក ឪពុកនេះក៏ដើរចេញបាត់ទៅ។ ក្មេងប្រុសនេះគឺនៅតែម្នាក់ឯង ក្មេងនេះប្រហែលជាធ្លាក់ពីលើកង់ឬក៏ប្រហែលជាអត់។ មួយណាក៏ដោយ រឿងនេះគឺចេញផុតពីដៃរបស់ឪពុកហើយ។
២ ទស្សនៈមួយទៀតគឺថាព្រះកំពុងតែដឹកនាំយ៉ាងសកម្ម នូវគ្រប់ទិដ្ឋភាពក្នុងជីវិតរបស់យើង ហើយថាទ្រង់បានជាប់ទាក់ទងផ្ទាល់ជាមួយនឹងព្រឹត្ដិការណ៍ទាំងអស់នៃការបង្កើតរបស់ទ្រង់។ ក៏ប៉ុន្តែ ប្រសិនបើអ៊ីចឹងមែន មនុស្សខ្លះនឹងសន្និដ្ឋានថា ព្រះមិនគ្រាន់តែបណ្ដាលឲ្យរបស់ល្អកើតឡើង តែក៏បណ្ដាលឲ្យមានឧក្រិដ្ឋកម្មនិងព្រឹត្ដិការណ៍ដ៏ខ្លោចផ្សា ដែលធ្វើឲ្យឈឺចាប់ដល់មនុស្សជាតិផងដែរ។ ការដឹងអំពីសេចក្ដីពិតនៃការប្រស្រ័យទាក់ទងរបស់ព្រះ នឹងជួយយើងឲ្យដឹងនូវអ្វីដែលយើងអាចសង្ឃឹមពីទ្រង់។ ហើយនេះក៏នឹងពង្រឹងជំនឿរបស់យើងលើសេចក្ដីសម្រេចជាប្រាកដនូវសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ដែរ។—ហេព្រើរ ១១:១
៣. (ក) តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាជាព្រះដែលមានគោលបំណង? (ខ) ហេតុអ្វីក៏បានត្រូវហៅព្រះយេហូវ៉ា ថាដូចជា‹កំពុងចាត់ចែង› និង‹កំពុងសូន›ដល់គោលបំណងរបស់ទ្រង់នោះ?
៣ ចំណុចសំខាន់នឹងសំនួរអំពីការជាប់ទាក់ទងរបស់ព្រះជាមួយនឹងរឿងរបស់មនុស្សលោក គឺហេតុការណ៍ដែលថាព្រះយេហូវ៉ា គឺជាព្រះដែលមានគោលបំណង។ នោះគឺឃើញជាក់ស្តែងក្នុងព្រះនាមរបស់ទ្រង់តែម្ដង។ «ព្រះយេហូវ៉ា» មានន័យថា «ទ្រង់ដែលធ្វើឲ្យក្លាយជា»។ ដោយមានការប្រព្រឹត្តជាបណ្ដើរ នោះព្រះយេហូវ៉ាធ្វើឲ្យខ្លួនទ្រង់ ជាអ្នកសម្រេចនូវសេចក្ដីសន្យាទាំងអស់របស់ទ្រង់។ ជាលទ្ធផល គឺបានត្រូវហៅព្រះយេហូវ៉ា ថាដូចជា‹កំពុងចាត់ចែង› ឬក៏‹កំពុងតែសូន›ដល់គោលបំណងរបស់ទ្រង់ ដែលស្តីអំពីព្រឹត្ដិការណ៍ឬសកម្មភាពដែលនៅអនាគត។ (ពង្សាវតារក្សត្រទី២ ១៩:២៥; អេសាយ ៤៦:១១) ពាក្យទាំងនេះគឺចេញពីពាក្យហេព្រើរ ដែលជា យ៉ាតសា (ya·tsarʹ) ដែលទាក់ទងនឹងពាក្យដែលមានន័យថា«ជាងស្មូន»។ (យេរេមា ១៨:៤) ដូចជាជាងស្មូនដ៏ប៉ិនប្រសប់ម្នាក់អាចធ្វើដីឥដ្ឋមួយដុំមានរូបរាងទៅជាថូដ៏ល្អមួយ នោះព្រះយេហូវ៉ាក៏អាចសូនឬក៏ធ្វើមធ្យោបាយ ដើម្បីនឹងសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។—អេភេសូរ ១:១១
៤. តើព្រះបានរៀបចំផែនដីសំរាប់ឲ្យមនុស្សរស់នៅយ៉ាងដូចម្ដេច?
៤ ជាឧទាហរណ៍ ព្រះបានមានបំណងថា ផែនដីនេះនឹងបានជាកន្លែងដែលល្អបំព្រង ដើម្បីឲ្យមនុស្សដ៏គ្រប់ល័ក្ខណ៍ដែលស្ដាប់បង្គាប់ព្រះអាចរស់នៅបាន។ (អេសាយ ៤៥:១៨) ជាយូរអង្វែងមុននឹងទ្រង់បានបង្កើតបុរសនិងស្ត្រីដំបូង នោះព្រះយេហូវ៉ាបានធ្វើការរៀបចំដែលប្រកបដោយសេចក្ដីស្រឡាញ់សំរាប់ពួកគេ។ ជំពូកដំបូងនៃសៀវភៅលោកុប្បត្តិ រៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានស្ថាបនាថ្ងៃនិងយប់ ដីនិងសមុទ្រ។ ក្រោយមក ទ្រង់បានបង្កើតរុក្ខជាតិនិងសត្វ។ ការរៀបចំផែនដីនេះសំរាប់ឲ្យមនុស្សរស់នៅ បានជាប់ទាក់ទងជាច្រើនពាន់ឆ្នាំមកហើយ។ គម្រោងនេះបានសម្រេចដោយជោគជ័យ។ បុរសនិងស្ត្រីដំបូងបានចាប់ផ្ដើមរស់នៅក្នុងសួនអេដែន ជាសួនមនោរម្យដ៏ជាទីរីករាយ ដែលមានសំវិធានការសព្វគ្រប់ ដើម្បីឲ្យគេអាចសប្បាយនឹងជីវិត។ (លោកុប្បត្តិ ១:៣១) ដូច្នេះហើយ ព្រះយេហូវ៉ាបានជាប់ទាក់ទងដោយផ្ទាល់ក្នុងរឿងផែនដីនេះ ដោយធ្វើឲ្យមានរូបរាងជាបណ្ដើរដល់កិច្ចការរបស់ទ្រង់ ឲ្យបានសម្រេចគោលបំណងដ៏ខ្ពស់របស់ទ្រង់។ តើការរីកចំរើននៃមនុស្សបានកែប្រែទំនាក់ទំនងរបស់ទ្រង់ឬ?
ព្រះយេហូវ៉ាដាក់កំរិតទៅលើ ការប្រស្រ័យទាក់ទងរបស់ទ្រង់ជាមួយនឹងមនុស្ស
៥, ៦. ហេតុអ្វីក៏ព្រះបន្តការប្រស្រ័យទាក់ទងជាមួយនឹងមនុស្សជាតិ?
៥ ព្រះយេហូវ៉ាមិនដឹកនាំនិងកាន់កាប់សកម្មភាពរបស់មនុស្សគ្រប់សព្វទេ ទោះជាទ្រង់មានអំណាចក្នុងការធ្វើដូច្នេះក៏ដោយ។ គឺមានមូលហេតុចំពោះរឿងនេះ។ មូលហេតុមួយគឺ មនុស្សបានត្រូវបង្កើតមកឲ្យដូចរូបអង្គទ្រង់ ដោយមានចិត្តសេរី គឺជាបុគ្គលដែលមានចិត្តសេរី។ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យធ្វើតាមបទបញ្ជារបស់ទ្រង់ទេ ហើយយើងក៏មិនមែនជាតុក្កតាដែរ។ (ចោទិយកថា ៣០:១៩, ២០; យ៉ូស្វេ ២៤:១៥) ទោះជាទ្រង់ធ្វើឲ្យយើងទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់យើងក្ដី តែដោយសេចក្ដីស្រឡាញ់ ព្រះបានអនុញ្ញាតឲ្យយើងមានសេរីភាពយ៉ាងច្រើន ដើម្បីឲ្យយើងចេះសម្រេចនូវរបៀបដែលយើងប្រើជីវិតរបស់យើង។—រ៉ូម ១៤:១២; ហេព្រើរ ៤:១៣
៦ មូលហេតុមួយទៀតដែលព្រះមិនដឹកនាំអ្វីៗទាំងអស់ដែលកើតឡើង នោះគឺទាក់ទងនឹងរឿងដែលសាតាំងបានចោទនៅក្នុងសួនអេដែន។ សាតាំងបានប្រកួតនឹងអធិបតេយ្យរបស់ព្រះ។ វាបានស្នើផ្ដល់ឲ្យអេវ៉ានូវអ្វីដែលហាក់ដូចជាឱកាសមួយចំពោះភាពម្ចាស់ការ។ នេះជាការស្នើដែលក្រោយមកនាងនិងប្ដីរបស់នាងអ័ដាម បានទទួលយកនោះ។ (លោកុប្បត្តិ ៣:១-៦) ក្នុងការតបឆ្លើយ នោះព្រះបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងដោយខ្លួនគេអស់មួយរយៈពេល ដើម្បីបង្ហាញថាតើការប្រកួតរបស់សាតាំងបានត្រឹមត្រូវឬក៏អត់។ ចំពោះមូលហេតុនេះហើយ ការប្រព្រឹត្តដ៏អាក្រក់ដែលមនុស្សធ្វើសព្វថ្ងៃនេះ គឺមិនអាចបន្ទោសលើព្រះបានឡើយ។ លោកម៉ូសេបានសរសេរអំពីពួកបណ្ដាជនដ៏បះបោរថា៖ «គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ»។—ចោទិយកថា ៣២:៥
៧. តើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ផែនដីនេះនិងមនុស្សជាតិ?
៧ យ៉ាងណាក៏ដោយ កាលដែលអនុញ្ញាតឲ្យមានការជ្រើសរើសដោយសេរី និងពិសោធនូវការគ្រប់គ្រងឯករាជ្យ ព្រះយេហូវ៉ាមិនបានប្រកាន់ឫកដោយឥតធ្វើអន្តរាគមន៍ ស្តីអំពីរឿងនៅលើផែនដីនេះទេ ដែលនឹងទុកឲ្យយើងឥតមានសេចក្ដីសង្ឃឹម ដែលថាទ្រង់នឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់។ ទោះជាអ័ដាមនិងអេវ៉ាបានបះបោរប្រឆាំងនឹងអធិបតេយ្យរបស់ព្រះក៏ដោយ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងដែលប្រកបដោយសេចក្ដីស្រឡាញ់ សំរាប់ផែនដីនិងមនុស្សជាតិនោះទេ។ ទ្រង់នឹងជួសជុលផែនដីនេះឲ្យទៅជាសួនមនោរម្យជាពុំខាន ដែលមានមនុស្សដ៏គ្រប់ល័ក្ខណ៍ដែលស្ដាប់បង្គាប់ ហើយសប្បាយរីករាយនោះទៀត។ (លូកា ២៣:៤២, ៤៣) ឯកសារព្រះគម្ពីរពីលោកុប្បត្តិទៅវិវរណៈ រៀបរាប់នូវរបៀបដែលព្រះយេហូវ៉ាបានធ្វើជាបណ្ដើរៗ ដើម្បីសម្រេចគោលបំណងនោះ។
ព្រះប្រព្រឹត្តដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់
៨. តើមានជាប់ទាក់ទងអ្វីខ្លះក្នុងការនាំពួកអ៊ីស្រាអែលទៅស្រុកដែលបានសន្យានោះ?
៨ ក្នុងការប្រស្រ័យទាក់ទងជាមួយនឹងសាសន៍អ៊ីស្រាអែល នោះព្រះបានសម្ដែងថាទ្រង់នឹងសម្រេចតាមគោលបំណងរបស់ទ្រង់។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានធានារ៉ាប់រងម៉ូសេ ថាទ្រង់នឹងរំដោះពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ហើយនាំគេចូលទៅក្នុងស្រុកដែលបានសន្យា ជាស្រុកដែលមានទឹកដោះគោ និងទឹកឃ្មុំហូរហៀរ។ (និក្ខមនំ ៣:៨) នេះជាសេចក្ដីប្រកាសដ៏សំខាន់និងដែលធ្វើឲ្យមានការទុកចិត្តមែន។ នេះនឹងទាក់ទងការរំដោះពួកអ៊ីស្រាអែល ដែលមានចំនួនរួមបញ្ចូលគូកនរបស់គេប្រមាណបីលាននាក់ ចេញពីស្រុកដ៏ខ្លាំងក្លាមួយ ដែលមានការជំទាស់យ៉ាងខ្លាំងនឹងការចេញដំណើរនេះ។ (និក្ខមនំ ៣:១៩) ហើយស្រុកដែលគេនឹងបានត្រូវមកនៅ គឺបានរស់នៅដោយសាសន៍ដ៏ខ្លាំងៗ ដែលនឹងជំទាស់យ៉ាងខ្លាំងនឹងការមកដល់របស់គេ។ (ចោទិយកថា ៧:១) នៅចន្លោះនោះជាតំបន់ដែលជាទីរហោស្ថាន ដែលពួកអ៊ីស្រាអែលត្រូវការអាហារនិងទឹក។ នេះជាស្ថានការណ៍ ដែលបានអនុញ្ញាតឲ្យព្រះយេហូវ៉ាសម្ដែងមហិទ្ធិឫទ្ធិនិងភាពជាព្រះរបស់ទ្រង់។—លេវីវិន័យ ២៥:៣៨
៩, ១០. (ក) ហេតុអ្វីក៏យ៉ូស្វេអាចបញ្ជាក់ថាសេចក្ដីសន្យារបស់ព្រះគឺគួរទុកចិត្តបាន? (ខ) តើមានការសំខាន់យ៉ាងណា ដែលយើងមានការទុកចិត្តលើសមត្ថភាពរបស់ព្រះ ដើម្បីប្រទានរង្វាន់ដល់ពួកស្មោះត្រង់របស់ទ្រង់នោះ?
៩ ព្រះបាននាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប តាមរយៈការប្រព្រឹត្តដ៏ខ្លាំងក្លាមួយចំនួន។ ទីមួយ ទ្រង់បាននាំសេចក្ដីវេទនាដ៏ហិនហោចដប់មុខមកលើសាសន៍អេស៊ីប។ បន្ទាប់មក ទ្រង់បានញែកសមុទ្រក្រហម ដែលអាចឲ្យពួកអ៊ីស្រាអែលគេចចេញ កាលដែលពួកទ័ពអេស៊ីបកំពុងដេញតាមនេះបានបាត់បង់ជីវិតទៅ។ (ទំនុកដំកើង ៧៨:១២, ១៣, ៤៣-៥១) បន្ទាប់ពីនោះ ទ្រង់បានថែទាំពួកអ៊ីស្រាអែលក្នុងកំឡុង៤០ឆ្នាំនៅក្នុងទីរហោស្ថាន ដោយបំប៉នគេដោយប្រើនំម៉ាន៉ា ផ្ដល់ទឹក និងថែមទាំងធានាមើលរ៉ាប់រងថា សំលៀកបំពាក់របស់គេនឹងមិនសឹក ហើយថាជើងគេក៏នឹងមិនពងឡើយ។ (ចោទិយកថា ៨:៣, ៤) ក្រោយពីពួកអ៊ីស្រាអែលបានចូលទៅស្រុកដែលបានសន្យានេះ ព្រះយេហូវ៉ាបាននាំឲ្យគេមានជ័យជំនះលើពួកសត្រូវរបស់គេ។ យ៉ូស្វេដែលបានអនុវត្តជំនឿមុតមាំលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ជាអ្នកសាក្សីនឹងរឿងទាំងអស់នេះ។ ដូច្នេះហើយ លោកអាចនិយាយទៅពួកចាស់ទុំក្នុងសម័យលោក ដោយទុកចិត្តថា៖ «ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក»។—យ៉ូស្វេ ២៣:១៤
១០ ដូចលោកយ៉ូស្វេពីដើម នោះពួកគ្រីស្ទានសព្វថ្ងៃនេះ ក៏ទុកចិត្តទាំងស្រុងថាព្រះនឹងសព្វព្រះទ័យ ហើយអាចប្រតិបត្ដិការជាប្រយោជន៍ដល់អស់អ្នកដែលបំរើទ្រង់ដែរ។ ការជឿស៊ប់នេះ ជាផ្នែកចាំបាច់នៃជំនឿរបស់យើង។ សាវ័កប៉ុលបានសរសេរថា៖ «បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា . . . ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។—ហេព្រើរ ១១:៦
ព្រះទ្រង់ឃើញអំពីអនាគតជាមុន
១១. តើមានកត្ដាណាខ្លះដែលធ្វើឲ្យព្រះបានសម្រេចសេចក្ដីសន្យារបស់ទ្រង់នោះ?
១១ មកដល់ពេលនេះ យើងបានឃើញថា កាលដែលព្រះអនុញ្ញាតឲ្យមានចិត្តសេរី និងការគ្រប់គ្រងរបស់មនុស្សដែលឥតពឹងលើព្រះ តែទ្រង់មានអំណាចនិងឆន្ទៈដើម្បីប្រយោជន៍ ក្នុងការសម្រេចគោលបំណងរបស់ទ្រង់។ ក៏ប៉ុន្តែ ក៏មានកត្ដាមួយទៀតដែលបណ្ដាលឲ្យមាន ការសម្រេចជាប្រាកដដល់សេចក្ដីសន្យារបស់ព្រះ។ ព្រះយេហូវ៉ាអាចទតឃើញជាមុននូវអនាគត។ (អេសាយ ៤២:៩) តាមរយៈព្យាការីរបស់ទ្រង់ នោះព្រះបានមានបន្ទូលថា៖ «ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណ ក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថាគំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ»។ (អេសាយ ៤៦:៩, ១០) អ្នកស្រែដ៏ពិសោធន៍ម្នាក់ដឹងនៅពេលណានិងកន្លែងណាដើម្បីដាំគ្រាប់ពូជ ប៉ុន្តែប្រហែលជានៅតែឥតដឹងប្រាកដខ្លះៗអំពីរបៀបដែលវានឹងដុះឡើង។ ក៏ប៉ុន្តែ«ស្តេចនៃអស់ទាំងកល្ប»អាចទតឃើញជាមុនដោយជាក់ច្បាស់នៅពេលណានិងកន្លែងណា ដែលទ្រង់គួរតែចាប់ប្រតិបត្ដិការដើម្បីសម្រេចគោលបំណងរបស់ទ្រង់។—ធីម៉ូថេទី១ ១:១៧
១២. តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រើអំណាចនៃការដឹងទុកជាមុន នៅក្នុងសម័យរបស់លោកណូអេ?
១២ សូមពិចារណាមើលនូវរបៀបដែលព្រះបានប្រើអំណាចនៃការដឹងទុកជាមុន នៅក្នុងសម័យរបស់លោកណូអេ។ ដោយព្រោះនូវអំពើអាក្រក់ដែលមានទូទៅ ដែលបានបំពេញផែនដីនេះ នោះព្រះបានប្ដេជ្ញានាំឲ្យមានទីបញ្ចប់ដល់មនុស្សលោកដែលឥតស្ដាប់បង្គាប់។ ទ្រង់បានគ្រោងទុកពេលវេលា នៅពេលដែលទ្រង់នឹងធ្វើការនេះ គឺ១២០ឆ្នាំទៅអនាគត។ (លោកុប្បត្តិ ៦:៣) ក្នុងការគ្រោងទុកពេលវេលាជាក់លាក់នេះ ព្រះយេហូវ៉ាបានយកព្រះទ័យទុកដាក់ច្រើនទៀត មិនមែនគ្រាន់តែសេចក្ដីហិនវិនាសនៃពួកមនុស្សអាក្រក់ ដែលជាអ្វីមួយដែលទ្រង់អាចធ្វើពេលណាក៏បាននោះទេ។ កំណត់ពេលរបស់ព្រះយេហូវ៉ាក៏បានផ្ដល់មកសំរាប់ការសង្គ្រោះជីវិតនៃពួកមនុស្សសុចរិត។ (ប្រៀបមើល លោកុប្បត្តិ ៥:២៩) តាមប្រាជ្ញារបស់ទ្រង់ នោះព្រះបានដឹងទុកជាមុននៅពេលណា ដើម្បីចាត់ឲ្យធ្វើការ ដែលនឹងនាំដល់គោលបំណងនោះ។ ទ្រង់បានប្រទានឲ្យលោកណូអេនូវពត៌មានគ្រប់សព្វយ៉ាងគ្រប់គ្រាន់។ លោកណូអេនឹងត្រូវសង់ទូកធំមួយ «សំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក» ហើយពួកមនុស្សអាក្រក់នឹងត្រូវកំចាត់ចោលដោយទឹកជំនន់ក្នុងពិភពលោក។—ហេព្រើរ ១១:៧; លោកុប្បត្តិ ៦:១៣, ១៤, ១៨, ១៩
គម្រោងសាងសង់ដ៏ធំសម្បើមមួយ
១៣, ១៤. ហេតុអ្វីក៏ការសាងសង់ទូកធំជាកិច្ចការដ៏ពិបាកមួយ?
១៣ សូមគិតអំពីកិច្ចការនេះពីទស្សនៈរបស់លោកណូអេ។ ពីព្រោះលោកណូអេជាបុរសដែលគោរពព្រះ នោះលោកបានដឹងថា ព្រះយេហូវ៉ាអាចកំទេចចោលពួកដែលមិនគោរពព្រះ។ ក៏ប៉ុន្តែ មុននឹងព្រឹត្ដិការណ៍នេះកើតឡើង គឺមានកិច្ចការដែលត្រូវសម្រេចសិន គឺជាកិច្ចការដែលតម្រូវជំនឿ។ ការសាងសង់ទូកធំមួយ នឹងជាគម្រោងដ៏ធំសម្បើមមួយមែន។ ព្រះទ្រង់បានមានបន្ទូលប្រាប់ជាក់លាក់នូវទំហំរបស់ទូកធំនេះ។ ទូកធំនេះនឹងវែងជាងទីធ្លាកីឡានៅសម័យទំនើបនេះ ហើយមានកំពស់ស្មើនឹងអាគារដែលមានប្រាំជាន់ដែរ។ (លោកុប្បត្តិ ៦:១៥) ពួកអ្នកសង់គឺឥតមានការពិសោធន៍ហើយមានចំនួនតិចទៀត។ ពួកគេក៏មិនមានគ្រឿងប្រដាប់ប្រដាល្អឆើត ដូចសព្វថ្ងៃនេះទេ។ ម្យ៉ាងទៀត ដោយលោកឥតមានសមត្ថភាពរបស់ព្រះយេហូវ៉ា ដើម្បីឲ្យដឹងទុកជាមុនអំពីអនាគត នោះលោកណូអេឥតមានផ្លូវដឹងនូវស្ថានការណ៍ណានឹងកើតឡើងក្នុងឆ្នាំតទៅមុខ ដែលប្រហែលជាអាចជួយឬក៏បង្ការនឹងគម្រោងសាងសង់នេះ។ លោកណូអេប្រហែលជាបានរំពឹងគិតពីចម្ងល់ជាច្រើន។ តើនឹងអាចប្រមូលវត្ថុសាងសង់យ៉ាងដូចម្ដេចទៅ? តើលោកនឹងប្រមូលសត្វទាំងឡាយយ៉ាងដូចម្ដេច? តើម្ហូបអាហារអ្វីដែលត្រូវការ ហើយតើត្រូវយកប៉ុន្មានទៅ? តើនៅពេលណាជាពេលជាក់លាក់ ដែលទឹកជំនន់ដែលបានទាយមកនេះនឹងកើតឡើងនោះ?
១៤ រួចមក ក៏មានស្ថានភាពនៅក្នុងសង្គមនោះដែរ។ អំពើអាក្រក់ជួជាតិគឺមានច្រើន។ ពួកនីហ្វីលិមដ៏ខ្លាំងពូកែ ដែលជាកូនរបស់ពួកទេវតាអាក្រក់និងពួកស្ត្រី គឺបានធ្វើឲ្យផែនដីបានពេញទៅដោយអំពើឃោរឃៅ។ (លោកុប្បត្តិ ៦:១-៤, ១៣) ម្យ៉ាងវិញទៀត ការសាងសង់ទូកធំនេះ គឺមិនមែនជាគម្រោងដែលអាចធ្វើឡើងដោយសម្ងាត់នោះទេ។ ពួកបណ្ដាជនច្បាស់ជាឆ្ងល់នូវអ្វីដែលលោកណូអេកំពុងតែធ្វើ ហើយលោកតែងតែប្រាប់ពួកគេ។ (ពេត្រុសទី២ ២:៥) តើពួកគេនឹងអាចយល់ព្រមនឹងកិច្ចការនេះឬទេ? អត់ទាល់តែសោះ! ប៉ុន្មានឆ្នាំមុននោះ លោកអេណុកដ៏ស្មោះត្រង់បានប្រកាសអំពីសេចក្ដីហិនវិនាសលើពួកមនុស្សអាក្រក់។ សារដំណឹងរបស់គាត់គឺឥតប្រជាប្រិយដល់ម្ល៉េះ ដែលព្រះ«បានទទួលយកគាត់ទៅ» ឬក៏ធ្វើឲ្យគាត់មានអាយុខ្លី តាមមើលទៅដើម្បីបង្ការគាត់ពីការសម្លាប់ដោយពួកសត្រូវរបស់លោក។ (លោកុប្បត្តិ ៥:២៤; ហេព្រើរ ១១:៥; យូដាស ១៤, ១៥) លោកណូអេមិនគ្រាន់តែប្រកាសសារដំណឹងដ៏មិនប្រជាប្រិយនេះប៉ុណ្ណោះ ក៏ប៉ុន្តែថែមទៀតលោកក៏ត្រូវសាងសង់ទូកធំមួយ។ កាលដែលទូកធំនោះកំពុងត្រូវសង់ឡើងនោះ នេះនឹងធ្វើជាការរំឭកដ៏ខ្លាំងមួយនៃសេចក្ដីស្មោះត្រង់របស់លោកណូអេ ក្នុងកាលប្រឈមមុខនៃពួកមនុស្សអាក្រក់នៅសម័យរបស់លោក!
១៥. ហេតុអ្វីក៏លោកណូអេមានការទុកចិត្តថាលោកអាចសម្រេចកិច្ចការនេះ?
១៥ លោកណូអេបានដឹងថា គម្រោងនេះមានការគាំទ្រនិងការប្រទានពរពីព្រះដ៏មានព្រះចេស្ដាបំផុត។ តើមិនមែនជាព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ ដែលបានចាត់ចែងកិច្ចការនេះទេឬ? ព្រះយេហូវ៉ាបានធានារ៉ាប់រងលោកណូអេ ថាលោកនិងគ្រួសារនឹងចូលទៅក្នុងទូកដែលបានសង់ហើយ ហើយនិងបានសង្គ្រោះពីទឹកជំនន់ក្នុងពិភពលោក។ ព្រះទ្រង់ព្រមទាំងបានបញ្ជាក់នូវភាពប្រាកដអំពីរឿងនេះ ដោយកិច្ចព្រមព្រៀងយ៉ាងឧឡារិក។ (លោកុប្បត្តិ ៦:១៨, ១៩) ប្រហែលជាលោកណូអេបានដឹងថា ព្រះយេហូវ៉ាបានទាំងគិតទុកជាមុនហើយប្រមាណមើលអ្វីដែលជាប់ទាក់ទង មុននឹងធ្វើកិច្ចការនោះ។ ម្យ៉ាងទៀត លោកណូអេបានដឹងថាព្រះយេហូវ៉ាមានអំណាចធ្វើអន្តរាគមន៍ ដើម្បីជួយលោកពេលដែលត្រូវការនោះ។ ដូច្នេះជំនឿរបស់លោកណូអេបានជំរុញគាត់ឲ្យប្រព្រឹត្តតាម។ ដូចកូនចៅរបស់គាត់ អ័ប្រាហាំ នោះលោកណូអេបាន«ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន»។—រ៉ូម ៤:២១
១៦. កាលដែលកិច្ចការសាងសង់ទូកធំនេះបានជឿនទៅមុខ តើជំនឿរបស់លោកណូអេបានពង្រឹងយ៉ាងដូចម្ដេច?
១៦ លុះដល់ច្រើនឆ្នាំបានកន្លងទៅ ហើយទូកធំនេះបានចេញរូបរាងឡើង នោះជំនឿរបស់លោកណូអេបានត្រូវពង្រឹង។ ការសាងសង់និងបញ្ហាខាងគណិតបានត្រូវដោះស្រាយ។ ហើយបានឈ្នះលើសេចក្ដីទុក្ខលំបាក។ គ្មានការប្រឆាំងណាមួយដែលអាចបញ្ឈប់កិច្ចការនេះឡើយ។ គ្រួសាររបស់លោកណូអេបានពិសោធន៍នូវការគាំទ្រនិងការការពាររបស់ព្រះយេហូវ៉ា។ កាលដែលលោកណូអេខំប្រឹងបន្តទៅមុខ នោះ‹ការល្បងលមើលជំនឿរបស់លោក នោះនាំបង្កើតឲ្យមានការស៊ូទ្រាំ›។ (យ៉ាកុប ១:២-៤) ជាយថាហេតុ ទូកធំនេះបានសង់ហើយ ទឹកជំនន់បានមកដល់ ហើយលោកណូអេនិងក្រុមគ្រួសារបានរួចរស់ជីវិត។ លោកណូអេបានពិសោធនឹងការសម្រេចនៃសេចក្ដីសន្យារបស់ព្រះ ដូចលោកយ៉ូស្វេបានពិសោធនៅក្រោយមក។ ដោយជំនឿរបស់លោកណូអេ នោះបានត្រូវទទួលរង្វាន់។
ព្រះយេហូវ៉ាគាំទ្រកិច្ចការនេះ
១៧. តើតាមរបៀបណាដែលសម័យយើងនេះប្រៀបនឹងសម័យរបស់លោកណូអេ?
១៧ ព្រះយេស៊ូបានទាយប្រាប់ថា នៅសម័យយើងនេះអាចប្រៀបនឹងសម័យរបស់លោកណូអេ។ ម្ដងនេះទៀត ព្រះបានតាំងព្រះទ័យ ដើម្បីកំទេចចោលពួកមនុស្សអាក្រក់ ហើយបានគ្រោងទុកពេលវេលាឲ្យរឿងនេះកើតឡើង។ (ម៉ាថាយ ២៤:៣៦-៣៩) ទ្រង់ក៏បានរៀបចំសំរាប់ការសង្គ្រោះមនុស្សសុចរិតដែរ។ ចំណែកលោកណូអេគឺតម្រូវឲ្យសង់ទូកធំ តែពួកអ្នកបំរើព្រះសព្វថ្ងៃនេះ គឺតម្រូវឲ្យប្រកាសគោលបំណងរបស់ព្រះយេហូវ៉ា បង្រៀនបន្ទូលរបស់ទ្រង់ និងធ្វើឲ្យមានសិស្ស។—ម៉ាថាយ ២៨:១៩
១៨, ១៩. តើតាមរបៀបណាដែលយើងដឹងថា ការផ្សព្វផ្សាយដំណឹងល្អមានការគាំទ្រពីព្រះយេហូវ៉ា?
១៨ ប្រសិនបើព្រះយេហូវ៉ាមិនបានគង់នៅជាមួយលោកណូអេ ដើម្បីគាំទ្រនិងទ្រទ្រង់លោក នោះទូកធំនោះនឹងមិនបានសាងសង់រួចឡើយ។ (ប្រៀបមើល ទំនុកដំកើង ១២៧:១) ស្រដៀងគ្នាដែរ បើឥតមានការគាំទ្ររបស់ព្រះយេហូវ៉ា សាសនាគ្រីស្ទានពិតនឹងមុខជាមិនអាចនៅគង់វង់ ហើយប្រាកដជាមិនអាចរីកចំរើនបានឡើយ។ ហេតុនេះបានត្រូវទទួលស្គាល់នៅក្នុងសតវត្សទីមួយ ដោយលោកកាម៉ាលាល ដែលជាផារីស៊ីនិងគ្រូនៃច្បាប់ ដែលបានត្រូវគេគោរព។ នៅពេលដែលតុលាការជាន់ខ្ពស់នៃសាសន៍យូដា បានចង់កំចាត់ចោលពួកសាវ័ក នោះលោកបានព្រមានតុលាការនោះថា៖ «ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះ កើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ»។—កិច្ចការ ៥:៣៨, ៣៩
១៩ ការមានជោគជ័យនៃសកម្មភាពផ្សព្វផ្សាយ នៅក្នុងសតវត្សទីមួយនិងសព្វថ្ងៃនេះ បានបង្ហាញភស្តុតាងថា នេះមិនមែនជាកិច្ចការពីមនុស្ស ក៏ប៉ុន្តែជារបស់ផងព្រះវិញ។ អត្ថបទជាបន្ទាប់នឹងពិគ្រោះនូវកាលៈទេសៈដ៏រំភើបនិងព្រឹត្ដិការណ៍ ដែលបានជួយកិច្ចការនេះបានជោគជ័យក្នុងទំហំដ៏ធំមួយ។
កុំឲ្យចុះចាញ់!
២០. តើអ្នកណាដែលគាំទ្រយើង ពេលដែលយើងផ្សព្វផ្សាយដំណឹងល្អនេះ?
២០ ទោះជាយើងរស់នៅក្នុង«គ្រាលំបាក»ក៏ដោយ យើងអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ាមានការកាន់កាប់ពេញលេញ។ ទ្រង់កំពុងតែគាំទ្រនិងទ្រទ្រង់រាស្ត្ររបស់ទ្រង់ កាលដែលគេធ្វើដើម្បីបញ្ចប់កិច្ចការផ្សព្វផ្សាយដំណឹងល្អ មុនពេលកំណត់របស់ព្រះដើម្បីកំទេចចោលរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះមកដល់។ (ធីម៉ូថេទី២ ៣:១; ម៉ាថាយ ២៤:១៤) ព្រះយេហូវ៉ាអញ្ជើញយើងឲ្យ«ជាអ្នកធ្វើការ»ជាមួយនឹងទ្រង់។ (កូរិនថូសទី១ ៣:៩) យើងក៏បានត្រូវធានារ៉ាប់រងដែរ ថាព្រះគ្រីស្ទយេស៊ូនឹងគង់ជាមួយយើងក្នុងកិច្ចការនេះ ហើយថាយើងអាចទុកចិត្តលើការគាំទ្រនិងការដឹកនាំពីទេវតាផងដែរ។—ម៉ាថាយ ២៨:២០; វិវរណៈ ១៤:៦
២១. តើក្នុងការជឿស៊ប់អ្វីដែលយើងមិនគួរចុះចាញ់នោះ?
២១ ពីព្រោះលោកណូអេនិងគ្រួសាររបស់លោក បានអនុវត្តជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា នោះពួកគេបានត្រូវសង្គ្រោះពីទឹកជំនន់។ អស់អ្នកដែលអនុវត្តជំនឿស្រដៀងនេះសព្វថ្ងៃ ក៏នឹងបានត្រូវសង្គ្រោះពី‹សេចក្ដីវេទនាជាខ្លាំង›ដែលកំពុងតែមកនេះ។ (វិវរណៈ ៧:១៤) យើងរស់នៅក្នុងគ្រា ដែលពិតជាធ្វើឲ្យរំភើបចិត្តមែន។ ព្រឹត្ដិការណ៍ដ៏សំខាន់ៗគឺមាននៅខាងមុខនេះ! មិនយូរប៉ុន្មានទៀត ព្រះទ្រង់នឹងចាត់វិធានការដើម្បីនាំចូលនូវផ្ទៃមេឃថ្មីនិងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតនោះ។ (ពេត្រុសទី២ ៣:១៣) កុំចុះចាញ់ឲ្យសោះក្នុងការជឿស៊ប់របស់អ្នក ថាអ្វីៗក៏ដោយដែលព្រះមានបន្ទូល នោះទ្រង់អាចធ្វើឲ្យសម្រេចបានដែរ។—រ៉ូម ៤:២១
ចំណុចខ្លះៗដើម្បីនឹកឃើញឡើងវិញ
◻ ហេតុអ្វីក៏ព្រះយេហូវ៉ាមិនកាន់កាប់នឹងសកម្មភាពសព្វគ្រប់របស់មនុស្ស?
◻ តើសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីសម្រេចគោលបំណងរបស់ទ្រង់ បានឃើញជាក់ស្តែងយ៉ាងណាក្នុងការប្រស្រ័យទាក់ទងរបស់ទ្រង់ជាមួយសាសន៍អ៊ីស្រាអែល?
◻ តើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការទតឃើញអនាគត បានសម្ដែងយ៉ាងណាក្នុងសម័យរបស់លោកណូអេ?
◻ តើយើងអាចមានការទុកចិត្តអ្វីលើសេចក្ដីសន្យាទាំងឡាយរបស់ព្រះ?