ចូរសរសើរព្រះយេហូវ៉ា«នៅកណ្ដាលពួកជំនុំ»
ព្រះយេហូវ៉ាបានរៀបចំឲ្យមានកិច្ចប្រជុំសំរាប់ជនគ្រីស្ទានពិតដើម្បីជួយរាស្ត្រទ្រង់រក្សាឲ្យមានភាពរឹងមាំខាងវិញ្ញាណជានិច្ច។ ដោយទៅកិច្ចប្រជុំជាទៀងទាត់ យើងបង្ហាញកតញ្ញូធម៌ចំពោះព្រះយេហូវ៉ាសំរាប់អ្វីៗដែលទ្រង់រៀបចំ។ ម្យ៉ាងទៀត យើងក៏មានឱកាស«បណ្ដាលឲ្យ [បងប្អូនរបស់យើង]មានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អ» ដែលជាវិធីសំខាន់យើងបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ (ហេព្រើរ ១០:២៤; យ៉ូហាន ១៣:៣៥) ប៉ុន្តែ នៅកិច្ចប្រជុំ តើយើងអាចបណ្ដាលឲ្យបងប្អូនរបស់យើងធ្វើដូច្នេះយ៉ាងដូចម្ដេច?
ចូរថ្លែងប្រាប់ជាចំហ
ស្តេចដាវីឌបានសរសេរអំពីអង្គទ្រង់ថា៖ «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្ដាលពួកជំនុំ ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរនៅក្នុងជំនុំធំ»។ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្ដាលមហាជន»។ «ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិតនៅក្នុងជំនុំធំ មើល! . . . ទូលបង្គំនឹងមិនទប់មាត់ឡើយ»។—ទំនុកដំកើង ២២:២២, ២៥; ៣៥:១៨; ៤០:៩
នៅសម័យសាវ័កប៉ុល ពេលជនគ្រីស្ទានជួបជុំគ្នាដើម្បីថ្វាយបង្គំ ពួកគេក៏បានថ្លែងប្រាប់ពីជំនឿដែលខ្លួនមានទៅលើព្រះយេហូវ៉ាហើយប្រាប់អំពីសិរីរុងរឿងរបស់ទ្រង់ផង។ តាមវិធីនេះ ពួកគេបានលើកទឹកចិត្តគ្នាទៅវិញទៅមកនិងបានបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តល្អ។ នៅសម័យយើងនេះ រាប់រយឆ្នាំក្រោយសម័យរបស់ដាវីឌនិងប៉ុល យើងពិតជា«ឃើញថាថ្ងៃ[នៃព្រះយេហូវ៉ា]ជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) របបលោកីយ៍របស់សាតាំងកំពុងតែសំយុងក្បាលចុះឆ្ពោះទៅរកក្ដីហិនវិនាស ហើយបញ្ហាកំពុងតែមានកាន់តែច្រើនឡើងៗ។ យើង«ត្រូវមានចិត្តស៊ូទ្រាំ»ជាងមុនៗទៅទៀត។ (ហេព្រើរ [ហេប្រឺ] ១០:៣៦, ខ.ស.) តើមានអ្នកណាដែលអាចលើកទឹកចិត្តយើងឲ្យស៊ូទ្រាំដូចបងប្អូនរបស់យើងឬទេ?
សព្វថ្ងៃនេះក៏ដូចជាសម័យមុនៗដែរ ដ្បិតមានការរៀបចំដើម្បីឲ្យអ្នកជឿម្នាក់ៗមានឱកាសថ្លែងប្រាប់ពីជំនឿរបស់ខ្លួន«នៅកណ្ដាលពួកជំនុំ»។ ឱកាសមួយដែលទាំងអស់គ្នាមាននោះ គឺឱកាសឆ្លើយសំនួរដែលសួរដល់អ្នកស្ដាប់នៅឯកិច្ចប្រជុំក្រុមជំនុំ។ កុំបីឲ្យយើងមើលស្រាលដល់ផលប្រយោជន៍ដែលមកពីការឆ្លើយសំនួរនោះឡើយ។ ជាឧទាហរណ៍ ចម្លើយដែលបញ្ជាក់អំពីវិធីឈ្នះឬចៀសវាងបញ្ហានឹងពង្រឹងការតាំងចិត្តរបស់បងប្អូនយើងឲ្យប្រព្រឹត្តតាមគោលការណ៍ព្រះគម្ពីរ។ ចម្លើយដែលពន្យល់នូវបទគម្ពីរដែលបានកត់ទុកក្នុងអត្ថបទតែមិនបានស្រង់ចេញឬការរួមបញ្ចូលចំណុចដែលបានស្រាវជ្រាវដោយខ្លួនឯង ប្រហែលជានឹងលើកទឹកចិត្តបងប្អូនឲ្យមានទម្លាប់ល្អជាងក្នុងការសិក្សាផ្ទាល់ខ្លួន។
ការដឹងថាយើងព្រមទាំងអ្នកឯទៀតនឹងទទួលផលប្រយោជន៍បើយើងឆ្លើយនៅឯកិច្ចប្រជុំនោះ គួរជំរុញស្មរបន្ទាល់ព្រះយេហូវ៉ាគ្រប់រូបឲ្យយកឈ្នះការអៀនខ្មាសឬចិត្តរួញរា។ ជាពិសេស ជាការសំខាន់ដែលអ្នកចាស់ទុំនិងអ្នកងារជំនួយឆ្លើយនៅឯកិច្ចប្រជុំ ពីព្រោះពួកគេមានភារកិច្ចត្រូវនាំមុខក្នុងការទៅកិច្ចប្រជុំនិងការចូលរួមកិច្ចប្រជុំ។ ប៉ុន្តែ បើអ្នកណាម្នាក់ឃើញថាការឆ្លើយសំនួរដែលជាផ្នែកនៃកិច្ចបំរើគ្រីស្ទានគឺជាអ្វីដ៏ពិបាកសំរាប់គាត់ តើគាត់អាចធ្វើយ៉ាងណា?
យោបល់ដើម្បីជួយរីកចំរើន
ចូរចាំថាការឆ្លើយសំនួរទាក់ទងនឹងការថ្វាយបង្គំព្រះយេហូវ៉ា។ បងស្រីម្នាក់ ដែលជាគ្រីស្ទាននៅប្រទេសអាល្លឺម៉ង់បានពន្យល់អំពីទស្សនៈរបស់គាត់ចំពោះចម្លើយរបស់ខ្លួន។ «ចម្លើយទាំងនោះជាវិធីដែលខ្ញុំតបឆ្លើយដោយផ្ទាល់ចំពោះការប៉ុនប៉ងរបស់សាតាំងដើម្បីរាំងស្កាត់មិនឲ្យរាស្ត្រព្រះថ្លែងប្រាប់ពីជំនឿរបស់ខ្លួន»។ នៅក្នុងក្រុមជំនុំដដែលនោះ បងប្រុសម្នាក់ដែលទើបតែទទួលបុណ្យជ្រមុជទឹកប្រាប់ថា៖«ខ្ញុំអធិស្ឋានច្រើនណាស់អំពីការឆ្លើយ»។
ចូររៀបចំឲ្យបានល្អ។ បើអ្នកមិនសិក្សាពត៌មានប្រជុំទុកជាមុន នោះអ្នកនឹងពិបាកឆ្លើយសំនួរ ហើយចម្លើយរបស់អ្នកក៏នឹងមានប្រសិទ្ធភាពតិច។ មានយោបល់ស្តីអំពីការឆ្លើយសំនួរនៅកិច្ចប្រជុំក្រុមជំនុំក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ១៩៩៨ ទំព័រ១។a
មានគោលដៅឆ្លើយយ៉ាងតិចមួយដងរាល់ប្រជុំ។ នេះមានន័យថាត្រូវរៀបចំចម្លើយមួយចំនួន ពីព្រោះបើអ្នកលើកដៃឆ្លើយកាន់តែច្រើន នោះបង្កើនលទ្ធភាពបងប្រុសជាអ្នកដឹកនាំឲ្យហៅអ្នកឆ្លើយ។ អ្នកប្រហែលជាអាចប្រាប់គាត់ទុកជាមុនអំពីសំនួរណាដែលអ្នកបានត្រៀមឆ្លើយ។ នេះអាចជួយបានយ៉ាងច្រើន ជាពិសេសបើអ្នកទើបតែចាប់ផ្ដើមឆ្លើយសំនួរ។ ដោយព្រោះអ្នកប្រហែលជាស្ទាក់ស្ទើរមិនចង់លើកដៃ«នៅក្នុងជំនុំធំ»នោះ ការដឹងថាវគ្គនេះជាវគ្គដែលអ្នកបានត្រៀមឆ្លើយ ហើយដឹងថាអ្នកដឹកនាំនឹងរកមើលដៃរបស់អ្នក នោះនឹងលើកទឹកចិត្តអ្នកឲ្យឆ្លើយ។
ចូរឆ្លើយនៅពេលចាប់ផ្ដើមកិច្ចប្រជុំ។ ការស្ទាក់ស្ទើរមិនជួយធ្វើឲ្យការអ្វីដែលពិបាកទៅជាអ្វីដែលស្រួលធ្វើនោះទេ។ ការឆ្លើយនៅពេលចាប់ផ្ដើមប្រជុំអាចជួយបានច្រើន។ ក្រោយអ្នកបង្ខំខ្លួនលើកដៃឆ្លើយជាលើកដំបូងនោះ អ្នកនឹងភ្ញាក់ផ្អើលណាស់ពេលឃើញថាការឆ្លើយជាលើកទីពីរឬទីបីគឺស្រួលជាងឆ្ងាយ។
ចូរអង្គុយនៅកន្លែងសមរម្យ។ បងប្អូនខ្លះឃើញថាបើអង្គុយនៅខាងមុខសាលប្រជុំ ពួកគេស្រួលឆ្លើយជាង ដ្បិតឥតសូវមានអ្វីបំបែរអារម្មណ៍ទេ ហើយអ្នកដែលដឹកនាំប្រជុំអាចមើលឃើញពួកគេលើកដៃស្រួលជាង។ បើអ្នកសាកអង្គុយនៅខាងមុខ សូមចាំថាអ្នកគួរនិយាយខ្លាំងល្មមឲ្យបងប្អូនទាំងអស់អាចស្ដាប់ឮបាន ជាពិសេសបើក្រុមជំនុំមិនប្រើមីក្រូចល័តទេ។
ចូរស្ដាប់ដោយយកចិត្តទុកដាក់។ នេះនឹងជួយអ្នកមិននិយាយអ្វីដែលអ្នកដទៃទើបតែនិយាយហើយ។ ម្យ៉ាងទៀត ចម្លើយរបស់អ្នកឯទៀតក៏អាចរំឭកអ្នកអំពីបទគម្ពីរឬចំណុចមួយទៀតដែលអ្នកអាចឆ្លើយដើម្បីបញ្ជាក់ថែមទៀតទៅលើចំណុចពួកគេទើបតែលើកឡើងនោះ។ ម្ដងម្កាល ការរៀបរាប់បទពិសោធន៍មួយអាចបញ្ជាក់នូវចំណុចដែលកំពុងត្រូវពិភាក្សា។ ចម្លើយបែបនោះមានប្រយោជន៍ច្រើនណាស់។
ចូររៀនឲ្យឆ្លើយពីចិត្ត។ ការអានចម្លើយពីប្រកាសនវត្ថុតែម្ដង ប្រហែលជាបង្ហាញថាអ្នកបានរកចម្លើយត្រឹមត្រូវឃើញ ហើយនៅដើមដំបូងក៏ប្រហែលជាវិធីល្អដើម្បីធ្លាប់ខ្លួននឹងការឆ្លើយផងដែរ។ ប៉ុន្តែ ការរីកចំរើនរហូតដល់អាចឆ្លើយពីចិត្តបង្ហាញថា អ្នកយល់ពត៌មាននោះ។ យើងមិនចាំបាច់ដកស្រង់ចំៗពីប្រកាសនវត្ថុរបស់យើងនោះទេ។ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនចេះតែសូត្រអ្វីដែលមានក្នុងប្រកាសនវត្ថុរបស់ពួកគេទេ។
កុំនិយាយចាកសាច់រឿង។ ចម្លើយណាដែលមិនទាក់ទងនឹងសាច់រឿង ឬចម្លើយណាដែលបំបែរអារម្មណ៍ចេញពីចំណុចសំខាន់ៗដែលកំពុងត្រូវពិគ្រោះគឺជាចម្លើយមិនសមរម្យ។ នេះបានន័យថា ចម្លើយរបស់អ្នកគួរតែជាប់ទាក់ទងនឹងសាច់រឿងដែលកំពុងត្រូវពិគ្រោះ ទើបអាចជួយជំរុញឲ្យការពិភាក្សានូវគោលចំណុចនោះជាអ្វីដែលពង្រឹងកម្លាំងខាងវិញ្ញាណ។
មានគោលដៅលើកទឹកចិត្តអ្នកឯទៀត។ ដោយសារការលើកទឹកចិត្តជាហេតុសំខាន់មួយដែលយើងឆ្លើយសំនួរ នោះយើងត្រូវតែចៀសវាងពីការនិយាយអ្វីដែលអាចធ្វើឲ្យធ្លាក់ទឹកចិត្ត។ ម្យ៉ាងទៀត កុំឆ្លើយឲ្យអស់សេចក្ដីក្នុងវគ្គដែលគ្មានសល់កន្លែងណាសំរាប់អ្នកឯទៀតឆ្លើយនោះឡើយ។ ចម្លើយវែងៗឬស្មុគស្មាញច្រើនតែមានអត្ថន័យស្រពិចស្រពិលមិនច្បាស់។ ចម្លើយខ្លីអាចមានប្រសិទ្ធភាពខ្ពស់ ហើយក៏នឹងលើកទឹកចិត្តអ្នកថ្មីឲ្យឆ្លើយចម្លើយខ្លីៗដែលពួកគេបានរៀបចំនោះដែរ។
តួនាទីរបស់អ្នកដឹកនាំ
ស្តីអំពីការលើកទឹកចិត្តនោះ អ្នកដឹកនាំមានភារកិច្ចដ៏ធំ។ គាត់បង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះទៅលើចម្លើយនិមួយៗ ដោយស្ដាប់យ៉ាងយកចិត្តទុកដាក់ និងបង្ហាញសុជីវធម៌ដោយមើលមុខអ្នកដែលឆ្លើយសំនួរជាជាងរវល់ធ្វើអ្វីផ្សេងទៀត។ ពិតជាមិនសមរម្យទេ! បើគាត់មិនស្ដាប់ដោយយកចិត្តទុកដាក់ ហើយដោយហេតុនេះគាត់និយាយអ្វីដដែល ដែលគេទើបតែនិយាយ ឬមួយក៏សួរសំនួរដែលគេទើបតែឆ្លើយនោះ។
បើអ្នកដឹកនាំតែងតែយកចម្លើយរបស់អ្នកមកសង្ខេបខ្លឹមសារម្ដងទៀត ដូចជាចម្លើយរបស់ពួកគេគឺមិនគ្រប់គ្រាន់នោះ ក៏នឹងធ្វើឲ្យធ្លាក់ទឹកចិត្តដែរ។ ផ្ទុយទៅវិញ ពិតជាលើកទឹកចិត្តណាស់ នៅពេលអ្វីដែលអ្នកដឹកនាំនិយាយនាំឲ្យមានការពិភាក្សាស៊ីជំរៅជុំវិញចំណុចសំខាន់ណាមួយ។ សំនួរដែលថា៖‹តើយើងអាចអនុវត្តតាមចំណុចនេះក្នុងក្រុមជំនុំរបស់យើងយ៉ាងដូចម្ដេច?› ឬក៏‹ក្នុងវគ្គនេះ តើបទគម្ពីរមួយណាគាំទ្រចម្លើយដែលយើងទើបតែស្ដាប់នោះ?› គឺជាសំនួរដែលបំផុសឲ្យមានចម្លើយដែលលើកទឹកចិត្តនិងមានប្រយោជន៍ច្រើន។
ជាពិសេស អ្នកថ្មីឬអ្នកដែលមានការអៀនខ្មាសគួរទទួលការសរសើរពេលដែលឆ្លើយនោះ។ អ្នកដឹកនាំអាចសរសើរពួកគេពេលនិយាយគ្នាតែពីរនាក់ក្រោយការសិក្សាចប់ហើយ ក្រែងអ្នកឆ្លើយខ្មាសអ្នកដទៃ ហើយដើម្បីមានឱកាសជូនយោបល់នៅពេលណាដែលត្រូវការ។
តាមធម្មតាក្នុងការសន្ទនារបស់យើង កាលដែលមនុស្សម្នាក់និយាយតែម្នាក់ឯងនោះ នេះមិនបានធ្វើឲ្យអ្នកឯទៀតមានទឹកចិត្តចង់ពិភាក្សាផ្លាស់ប្ដូរយោបល់នោះទេ។ ផ្ទុយទៅវិញបែរជាធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាខ្លួនមិនចាំបាច់និយាយនោះទេ។ ពួកគេអង្គុយទ្រាំស្ដាប់ប៉ុណ្ណោះឬក៏មិនស្ដាប់ផងក៏អាចថាបាន។ អ្វីស្រដៀងគ្នានេះក៏ប្រហែលជាអាចកើតឡើងនៅពេលអ្នកដឹកនាំនិយាយច្រើនពេក។ ក៏ប៉ុន្តែ អ្នកដឹកនាំប្រជុំអាចសួរសំនួរបន្ថែមដើម្បីលើកទឹកចិត្តអ្នកស្ដាប់ឲ្យឆ្លើយថែមទៀត និងដើម្បីធ្វើឲ្យពួកគេគិតយ៉ាងជ្រាលជ្រៅថែមទៀតអំពីសាច់រឿងនោះ។ មិនគួរបន្ថែមសំនួរច្រើនពេកទេ។
អ្នកដឹកនាំមិនចាំបាច់ហៅអ្នកដែលលើកដៃមុនគេរាល់តែដងនោះទេ។ បើគាត់ធ្វើដូច្នេះ អ្នកដែលត្រូវការពេលបន្ដិចបន្តួចដើម្បីគិតអំពីចម្លើយនឹងធ្លាក់ទឹកចិត្ត។ ដោយចាំបន្ដិច គាត់នឹងផ្ដល់ឱកាសឲ្យអ្នកដែលមិនទាន់ឆ្លើយឲ្យលើកដៃឆ្លើយដែរ។ គាត់ក៏នឹងបង្ហាញការវិនិច្ឆ័យដោយមិនហៅកូនតូចៗដើម្បីឆ្លើយសំនួរអំពីរឿងដែលពួកគេមិនអាចយល់បាននោះ។
ចុះបើអ្នកណាម្នាក់ឆ្លើយខុស? អ្នកដឹកនាំត្រូវចៀសវាងពីការធ្វើឲ្យអ្នកឆ្លើយអាម៉ាស់មុខ។ សូម្បីតែនៅពេលចម្លើយមួយគឺខុសក៏ដោយ ក៏វានៅតែមានលក្ខណៈខ្លះៗដែលពិតត្រឹមត្រូវដែរ។ ដោយរើសយកយ៉ាងយកចិត្តទុកដាក់នូវខ្លឹមសារណាដែលត្រឹមត្រូវ ឬដោយប្រើពាក្យផ្សេងដើម្បីសួរសំនួរដដែលម្ដងទៀត ឬក៏ដោយសួរសំនួរបន្ថែមទៀត នោះអ្នកដឹកនាំអាចបញ្ជាក់ចម្លើយត្រឹមត្រូវដោយមិនធ្វើឲ្យអ្នកណាអាម៉ាស់មុខទេ។
ដើម្បីលើកទឹកចិត្តឲ្យមានចម្លើយច្រើន យកល្អអ្នកដឹកនាំចៀសវាងពីការសួរសំនួរទូលំទូលាយដូចជា ‹តើអ្នកណាម្នាក់ទៀតមានចម្លើយទេ?› សំនួរថា‹តើអ្នកណាមិនទាន់ឆ្លើយ? សល់តែសំនួរមួយ!› ប្រហែលនេះបានសួរដោយមានបំណងល្អ ប៉ុន្តែ សំនួរនេះនឹងមិនលើកទឹកចិត្តឲ្យឆ្លើយពីចិត្តទេ។ មិនគួរធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខ្លួនមានទោសដោយសារមិនទាន់ឆ្លើយនៅដើមការសិក្សានោះទេ។ ផ្ទុយទៅវិញ ពួកគេគួរទទួលការលើកទឹកចិត្តឲ្យប្រាប់ពីចំណេះខ្លួនដោយសារការឆ្លើយជាវិធីបង្ហាញសេចក្ដីស្រឡាញ់។ ម្យ៉ាងទៀត ក្រោយអ្នកដឹកនាំហៅអ្នកណាម្នាក់ឲ្យឆ្លើយ គឺល្អជាងបើគាត់មិននិយាយថា៖«ក្រោយគាត់ យើងសូមស្ដាប់ចម្លើយរបស់បងប្រុស. . . រួចមកបងស្រី. . . »។ អ្នកដឹកនាំគួរស្ដាប់ចម្លើយមុនសិន រួចមកសម្រេចចិត្តថាតើត្រូវការចម្លើយផ្សេងទៀតឬយ៉ាងណា។
ការឆ្លើយសំនួរគឺជាឯកសិទ្ធិ
ការទៅកិច្ចប្រជុំគ្រីស្ទានជាផ្នែកចាំបាច់នៃការថ្វាយបង្គំ តែការឆ្លើយសំនួរនៅឯកិច្ចប្រជុំគឺជាឯកសិទ្ធិមួយ។ យើងចូលរួមសរសើរព្រះយេហូវ៉ា«នៅកណ្ដាលពួកជំនុំ»ប៉ុនណា យើងកំពុងតែធ្វើតាមគំរូរបស់ដាវីឌនិងស្ដាប់តាមឱវាទរបស់ប៉ុលប៉ុនហ្នឹងដែរ។ ការចូលរួមនៅឯកិច្ចប្រជុំបញ្ជាក់ថាយើងស្រឡាញ់បងប្អូនរបស់យើង និងយើងរួមចំណែកក្នុងក្រុមជំនុំដ៏ធំរបស់ព្រះយេហូវ៉ា។ ក្រៅពីក្រុមជំនុំដ៏ធំរបស់ព្រះ តើមានកន្លែងណាផ្សេងទៀតដែលយើងចង់នៅ ពេលដែល«ឃើញថាថ្ងៃនោះជិតមកដល់ហើយ»ឬ?—ហេព្រើរ ១០:២៥
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៩]
ទាំងការស្ដាប់និងការឆ្លើយគឺសំខាន់នៅកិច្ចប្រជុំគ្រីស្ទាន
[រូបភាពនៅទំព័រ៣១]
អ្នកដឹកនាំត្រូវបង្ហាញចំណាប់អារម្មណ៍ យ៉ាងស្មោះទៅលើចម្លើយនិមួយៗ